ការបង្រៀនយុវវ័យ និងកុមារតូចៗ
ការដោះស្រាយជាមួយនឹងសោកនាដកម្ម
មិនយូរមិនឆាប់ កុមារនឹងជួបនូវសោកនាដកម្ម ទោះបីវានៅជិតផ្ទះ ឬនៅឆ្ងាយពីផ្ទះក្តី ។ ប៉ុន្តែ « ទោះបីជាពេលដែលពិភពលោកស្ថិតនៅក្នុងភាពចលាចលនៅជុំវិញខ្លួនអ្នកក្ដី ក៏អ្នកអាចទទួលបានពរជ័យនៃភាពសុខសាន្តនៅក្នុងចិត្តដែរ » ។១ នេះជារបៀបមួយចំនួនដែលអ្នកអាចធ្វើដើម្បីជួយកុមារឲ្យទទួលភាពសុខសាន្តនោះ ។
ស្ថេរភាព
នៅពេលសោកនាដកម្មអ្វីមួយកើតឡើង កុមារអាចមានអារម្មណ៍ថា ជីវិតរបស់ពួកគេដូចជាពុំមានតុល្យភាពទេ ។ ចូរធ្វើជាគំរូនៃភាពខ្ជាប់ខ្ជួនដល់ពួកគេ ។ ចូរនិយាយដោយរម្ងាប់អារម្មណ៍ និងដោយទំនុកចិត្តអំពីបញ្ហានោះ ។ ចូរបន្តធ្វើកិច្ចការដែលអ្នកធ្វើតាមដែលអាចធ្វើទៅបាន ។ ធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នកដើម្បីធ្វើរាត្រីជួបជុំក្រុមគ្រួសារ សិក្សាព្រះគម្ពីរ អធិស្ឋាន និងទម្លាប់ផ្សេងទៀតជាមួយគ្រួសារ ។ យូរៗទៅ កុមារអាចរៀនថា ទោះបីពេលជីវិតរបស់ពួកគេមានការរំខានក្តី ដំណឹងល្អនាំមកនូវទស្សនវិស័យ ហើយជីវិតនៅតែបន្តទៅមុខ ។
ការគោរព
បង្ហាញការគោរពដល់ផ្លូវអារម្មណ៍របស់កុមារ ។ សូមស្តាប់កុមារ ហើយទទួលស្គាល់អារម្មណ៍ពួកគេ ។ សូមបង្ហាញពួកគេថា អ្នកកំពុងចាត់ទុកកង្វល់របស់ពួកគេជារឿងសំខាន់ ។ កុំបង្ខំពួកគេឲ្យនិយាយ ប្រសិនបើពួកគេត្រូវការពេលវេលា ប៉ុន្តែទុកឲ្យពួកគេដឹងថា អ្នកមានពេល ពេលពួកគេត្រៀមខ្លួនរួចរាល់ដើម្បីនិយាយ ។ សូមឆ្លើយសំណួរដោយស្មោះត្រង់ តាមរបៀបដែលពួកគេយល់បាន ។ សូមឲ្យកុមារដឹងថា ពួកគេអាចនិយាយជាមួយអ្នកជានិច្ចអំពីការភ័យខ្លាច និងក្តីបារម្ភរបស់ពួកគេ ។
ការណែនាំ
កូនរបស់អ្នកអាចសួរថា « ហេតុអ្វីព្រះទុកឲ្យរឿងអាក្រក់កើតឡើង ? » សូមពន្យល់ថា ទាំងគ្រាល្អ និងគ្រាអាក្រក់គឺជាផ្នែកមួយនៃជីវិតរបស់យើង ហើយជាផ្នែកមួយនៃផែនការអស់កល្បរបស់ព្រះ ។ ទ្រង់អនុញ្ញាតឲ្យមនុស្សម្នាក់ធ្វើការជ្រើសរើសរៀងៗខ្លួន ហើយជួនកាលមនុស្សជ្រើសរើសមិនល្អ ដែលបណ្តាលឲ្យមានការរងទុក្ខ ។ ជួនកាល សោកនាដកម្មពុំមែនជាកំហុសរបស់បុគ្គលណាឡើយ ប៉ុន្តែវាជាផ្នែករបស់ធម្មជាតិ ។ មិនថាមានអ្វីកើតឡើងទេ ព្រះវរបិតាសួគ៌តែងគង់នៅទីនោះសម្រាប់យើងជានិច្ច ។ ជាមួយនឹងជំនួយរបស់ទ្រង់ យើងអាចរៀន និងរីកចម្រើន សូម្បីតែបទពិសោធន៍នោះឈឺចាប់ក្តី ។ យើងអាចងាកទៅរកទ្រង់ដើម្បីស្វែងរកភាពសុខសាន្ត ។
ភាពក្លាហាន
សូមបង្ហាញកុមារថា ពួកគេមានអំណាចដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរមួយ តាមរយៈការផ្តល់របៀបមួយដើម្បីឲ្យពួកគេជួយ ។ ឧទាហរណ៍ ពួកគេអាចប្រមូលការបរិច្ចាគសម្រាប់ជនរងគ្រោះដោយគ្រោះធម្មជាតិ ទៅសួរសុខទុក្ខមិត្តភក្តិដែលមានជំងឺ ឬរងរបួសនៅមន្ទីរពេទ្យ លួងលោមនរណាម្នាក់ដែលកំពុងបាត់បង់សមាជិកគ្រួសារ ឬអធិស្ឋានសម្រាប់អ្នកដែលកំពុងជួបការលំបាក ។ យើងពុំអាចជួសជុលអ្វីគ្រប់យ៉ាងឡើយ ប៉ុន្តែយើងមានសមត្ថភាពដើម្បីធ្វើកិច្ចការបានច្រើន ហើយ « យើងធ្វើការសម្រាប់ភាពសុខសាន្ត ពេលយើងជួយរំសាយទុក្ខរបស់មនុស្សម្នាក់ទៀត » ។២
លួងលោម
សូមរំឭកកូនរបស់អ្នកថា ព្រះស្រឡាញ់ពួកគេ ហើយអ្នកក៏ស្រឡាញ់ពួកគេដែរ ។ កុំសន្យាកុហកថា គ្មានអ្វីអាក្រក់នឹងកើតឡើងចំពោះពួកគេឡើយ ប៉ុន្តែសូមអះអាងពួកគេថា ពួកគេមានសុវត្ថិភាពក្នុងពេលនេះ ហើយអ្នកនឹងធ្វើអស់ពីសមត្ថភាពដើម្បីការពារពួកគេ ។ សូមធានាអះអាងនឹងពួកគេថា ព្រះវរបិតាសួគ៌នឹងជួយពួកគេឲ្យរួចផុតពីការសាកល្បងដែលកើតមាននៅក្នុងជីវិតពួកគេ ។
ពេលអ្នកឃើញថា អ្នកកើតទុក្ខដោយសារតែសេចក្តីវេទនានោះ សូមចាំថា នៅទីបំផុត សេចក្តីល្អនឹងមានជ័យជម្នះលើសេចក្តីអាក្រក់ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បានបង្រៀនថា « យើងកំពុងធ្វើសង្គ្រាមជាមួយអំពើបាប…ប៉ុន្តែយើងពុំត្រូវអស់សង្ឃឹមឡើយ ។ វាគឺជាសង្គ្រាមដែលយើងអាច ហើយនឹងឈ្នះបាន ។ ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើងបានប្រទានដល់យើងនូវឧបករណ៍ទាំងឡាយដែលយើងត្រូវការ ដើម្បីអាចឈ្នះបាន ។ ទ្រង់គង់នៅឯចង្កូតនាវា ។ យើងពុំត្រូវខ្លាចឡើយ » ។៣