យុវមជ្ឈិមវ័យ
រៀនមានភាពរីករាយពេលខ្ញុំនៅលីវ
ខ្ញុំបានដឹងថា ខ្ញុំមានទស្សនៈខុសឆ្គងអំពីការណាត់ជាគូ ។
រចនារូបភាពដោយ ចូស៊ី ផតធីឡូ
« ហេតុអ្វីមនុស្សគ្រប់គ្នាផ្សេងទៀតណាត់ជាគូ ហើយមានភាពរីករាយ ? »
« ហេតុអ្វីខ្ញុំមិនទាន់រៀបការ ? »
« តើមានអ្វីខុសឆ្គងអំពីខ្ញុំឬ ? »
យុវមជ្ឈិមវ័យភាគច្រើនបំផុតប្រហែលជាបានសួរខ្លួនឯងនូវសំណួរទាំងនេះយ៉ាងហោចណាស់ម្ដង ! ឧបសគ្គនៃការស្វែងរកដៃគូអស់កល្ប អាចធ្វើឲ្យសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមចុះខ្សោយ សូម្បីតែចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏មានចិត្តឧទ្ទិសភាគច្រើនក៏ដោយ ។ មែនហើយ ក្នុងករណីរបស់ខ្ញុំផងដែរ ការណាត់ជាគូគឺពិបាកខ្លាំងណាស់ ។
អាពាហ៍ពិពាហ៍តែងតែហាក់បីដូចជាការផ្សងព្រេងដ៏ធំមហិមាមួយចំពោះខ្ញុំ ហើយខ្ញុំបានទន្ទឹងរង់ចាំវាតាំងពីនៅក្មេង ។ ប៉ុន្តែខ្ញុំបានបាក់ទឹកចិត្ត ពេលវាហាក់បីដូចជាខ្ញុំកំពុងតែបរាជ័យក្នុងការណាត់ជាគូអំឡុងពេលរៀននៅមហាវិទ្យាល័យ ។ ទោះបីជាខ្ញុំបានទៅការណាត់ជាគូជាច្រើន បានមានចំណងទាក់ទងប្រាកដប្រជាមួយចំនួន ហើយបានជួបនឹងស្ត្រីដ៏មានជោគជ័យ និងគួរឲ្យចាប់អារម្មណ៍ក្ដី ក៏ខ្ញុំមិនបានរៀបការដែរ ។ ហើយចំពោះខ្ញុំ ចំណងទាក់ទងបរាជ័យទាំងនោះធ្វើឲ្យមានអារម្មណ៍ថាជាសញ្ញាមួយដែលថា ខ្ញុំអន់ជាងគេ ឬមិនមានភាពទាក់ទាញ ។
អារម្មណ៍របស់ខ្ញុំចំពោះភាពនៅលីវរបស់ខ្ញុំកាន់តែអាក្រក់ថែមទៀត បន្ទាប់ពីការបែកគ្នាមួយចំនួន ពេលខ្ញុំបានចាប់ផ្ដើមអាជីពការងាររបស់ខ្ញុំ ។ វាងាយស្រួលសម្រាប់ខ្ញុំដើម្បីសួរថា តើមានអ្វីខុសឆ្គងជាមួយខ្ញុំ ហើយមានអ្វីត្រឹមត្រូវជាមួយនឹងគ្រប់គ្នាផ្សេងទៀតដែលបានរៀបការ ។ ពររបស់លោកអយ្យកោរបស់ខ្ញុំ ជាមួយនឹងពរជ័យបព្វជិតភាពមួយចំនួន បានបញ្ជាក់យ៉ាងខ្លាំង និងជាក់លាក់ថា ខ្ញុំនឹងបានផ្សារភ្ជាប់នៅក្នុងជីវិតរមែងស្លាប់នេះទៅនឹងស្ត្រីសុចរិតម្នាក់ ។ ចុះតើហេតុអ្វីវាមិនកើតឡើង ?
ខ្ញុំបានចាប់ផ្ដើមឆ្ងល់ថា « តើខ្ញុំបានធ្វើអ្វីដែលធ្វើឲ្យខ្ញុំធ្លាក់ចេញពីផែនការរបស់ព្រះសម្រាប់ខ្ញុំឬ ? »
នៅទីបំផុត បន្ទាប់ពី « ការប្រយុទ្ធ » ពីមុខព្រះអស់ជាច្រើនឆ្នាំតាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការចូលរួមនៅព្រះវិហារបរិសុទ្ធ ខ្ញុំបានទទួលវិវរណៈទាក់ទងនឹងស្ថានភាពរបស់ខ្ញុំតាមរយៈមិត្តភក្ដិ និងទីប្រឹក្សារបស់ខ្ញុំ ប្រេដ ( ឈ្នោះត្រូវបានផ្លាស់ប្ដូរ ) ។ អំឡុងការប្រជុំក្រុមប្រឹក្សាមួយ គាត់បាននិយាយថា ៖ « សុភមង្គលរបស់អ្នកអាស្រ័យទៅលើខ្លួនអ្នក—មិនមែនលើអ្នកណាម្នាក់ផ្សេងទៀតនោះទេ ។ ពេលអ្នកមានភាពរីករាយកាលអ្នកនៅលីវ នោះអ្នកអាចមានភាពរីករាយនៅក្នុងកាលៈទេសៈណាក៏បាន » ។ ដូចគ្នានោះដែរ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អំណរដែលយើងមាននោះ វាមានឥទ្ធិពលតិចតួចមកពីកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងមកពីអ្វីដែលជីវិតយើងផ្តោតទៅលើ » ( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។
ទស្សនៈរបស់ខ្ញុំទាំងមូលបានផ្លាស់ប្ដូរ កាលដែលព្រះវិញ្ញាណបានបំផុសយ៉ាងខ្លាំងនូវពាក្យពេចន៍ទាំងនេះដល់ព្រលឹងខ្ញុំ ។ ហើយខ្ញុំបានដឹងថា ខ្ញុំតែងតែបានណាត់ដើរលេងជាគូដើម្បីបំពេញសេចក្តីត្រូវការមួយ—ក្នុងករណីរបស់ខ្ញុំ សេចក្ដីត្រូវការនោះគឺដើម្បីរៀបការ គ្រាន់តែដើម្បីមិនឲ្យខ្ញុំនៅឯកោទៀត ។
ការណ៍នេះពិតជាមិនមែនជារបៀបមួយដែលនឹងដឹកនាំទៅកាន់ដៃគូអស់កល្បដ៏ពោរពេញដោយក្ដីស្រឡាញ់នោះទេ ។ តាមរយៈប្រេដ ព្រះអម្ចាស់បានបង្រៀនខ្ញុំដោយទន់ភ្លន់ថា ផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីទ្រង់មិនមែនសម្រាប់ឲ្យពួកគេរៀបការដោយផ្អែកលើសេចក្ដីត្រូវការ ឬសម្ពាធវប្បធម៌ និងការភ័យខ្លាចនោះទេ ។ អាពាហ៍ពិពាហ៍គឺផ្អែកលើសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ។ បន្ទាប់មកទ្រង់បានបង្រៀនខ្ញុំថា ស្ថានភាពនៅលីវរបស់ខ្ញុំអាចបន្តបង្រៀនខ្ញុំឲ្យរស់នៅក្នុងជីវិត ហើយស្វែករកអាពាហ៍ពិពាហ៍ដោយផ្អែកលើសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ មិនមែនដោយភាពងាយស្រួលនោះទេ ។ ស្វែងរកអាពាហ៍ពិពាហ៍ដោយហេតុផលត្រឹមត្រូវ ។
តាមរយៈបទពិសោធន៍នេះ ខ្ញុំបានរៀនសេចក្ដីពិតបីយ៉ាងដែលខ្ញុំគិតដល់ពេលណាដែលខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តអំពីការណាត់ជាគូ ៖
-
តម្លៃរបស់អ្នកមិនអាស្រ័យទៅលើស្ថានភាពរៀបការ ឬនៅលីវរបស់អ្នកនោះទេ ។ អេសាយបានបង្រៀនថា « គំនិត [ របស់ទ្រង់ ] មិនមែនដូចជាគំនិត [ របស់យើង ] ទេ » ( អេសាយ ៥៥:៨ ) ។ ខ្ញុំបានគិតថា ការនៅលីវគឺជាការឆ្លុះបញ្ជាំងពីការខ្វះតម្លៃរបស់ខ្ញុំ ។ ទោះជាយ៉ាងណា ព្រះបានជួយខ្ញុំឲ្យឃើញថា ការនៅលីវគឺជាការរៀបចំខ្ញុំសម្រាប់អាពាហ៍ពិពាហ៍មួយដែលកាន់តែប្រសើរជាងដែលខ្ញុំអាចមាន ប្រសិនបើខ្ញុំរៀបការទៅតាមពេលវេលារបស់ខ្ញុំនោះ ។ វាមិនមានអ្វីទាក់ទងនឹងតម្លៃរបស់ខ្ញុំនោះទេ ។
-
ការរៀបចំកម្ចាត់ចោលនូវការអន្ទះសា និងការព្រួយចិត្ត ។ ព្រះអម្ចាស់ប្រាប់យើងថា « បើសិនជា [ យើង ] បានប្រុងប្រៀបទុកជាស្រេច នោះ [ យើង ] នឹងមិនត្រូវខ្លាចឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣០ ) ។ ការស្វែងរក ហើយបន្ទាប់មកធ្វើតាមព្រះរាជឆន្ទៈរបស់ព្រះ បានជួយខ្ញុំឲ្យទម្លាក់ចោលការភ័យខ្លាច និងការធុញថប់ពីមុនមកទាក់ទងនឹងស្ថានភាពអាពាហ៍ពិពាហ៍របស់ខ្ញុំ ។ វាក៏បានជួយខ្ញុំឲ្យផ្ដោតលើការរៀបចំខ្លួនឯងសម្រាប់អ្វីក៏ដោយដែលនឹងចូលមកតាមផ្លូវរបស់ខ្ញុំនៅពេលអនាគតផងដែរ ។
-
មានអំណរនៅក្នុងការនៅលីវ ។ ការនៅលីវបានផ្ដល់ពរដល់ខ្ញុំជាមួយនឹងឱកាសក្នុងការធ្វើដំណើរដ៏រំភើប ការអភិវឌ្ឍការងារ និងមធ្យោបាយដើម្បីបម្រើនៅក្នុងសាសនាចក្រ ។ ខណៈដែលខ្ញុំនៅតែមានបំណងប្រាថ្នាយ៉ាងជ្រាលជ្រៅដើម្បីរៀបការ ហើយមានកូនចៅ ព្រះបានជួយខ្ញុំឲ្យពេញចិត្តពីអ្វីៗជាច្រើនដែលត្រូវធ្វើនៅក្នុងនគររបស់ទ្រង់ឥឡូវនេះ ថ្វីបើខ្ញុំមានដៃគូនៅក្បែរខ្ញុំ ឬអត់ក៏ដោយ ។
ខ្ញុំនៅតែមិនទាន់រៀបការ ! ភរិយារបស់ខ្ញុំមិនទាន់ចេញមកទេ ទោះជានៅពេលនេះខ្ញុំបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំអំពីការណាត់ជួបជាគូ និងអាពាហ៍ពិពាហ៍ ហើយខ្ញុំដឹងថា ពេលខ្លះខ្ញុំនឹងនៅតែមានភាពតានតឹងជាមួយនឹងការណាត់ជួបជាគូនៅពេលអនាគត ។ ប៉ុន្តែការភ័យខ្លាច និងការថប់បារម្ភជាច្រើនអំពីស្ថានភាពអាពាហ៍ពិពាហ៍របស់ខ្ញុំបានបាត់អស់ទៅហើយ ។ ហើយឥឡូវនេះខ្ញុំដឹងថា វាមិនថ្វីទេដើម្បីនៅលីវ ខណៈដែលព្រះអម្ចាស់ និងខ្ញុំធ្វើការរួមគ្នាដើម្បីបំពេញការសន្យា និងពរជ័យដ៏អស់កល្បទាំងឡាយ ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ—ទាំងនៅក្នុងជីវិតរមែងស្លាប់នេះ និងនៅក្នុងភាពអស់កល្បជានិច្ច ។