ឆ្នាំ ២០២០
ការគ្រប់គ្រង​ការប្រតិកម្ម​ចំណី​អាហារ​នៅ​ព្រះវិហារ
ខែ មិថុនា ឆ្នាំ ២០២០


ការគ្រប់គ្រង​ការប្រតិកម្ម​ចំណី​អាហារ​នៅ​ព្រះវិហារ

រូបភាព
nuts in the shape of a skull

រូបថត​រាងលលាដ៍ក្បាល ដោយ រាយអិន ហិនឌ័រ

សកម្មភាព​យុវវ័យ​នៅ​រាត្រី​ដ៏​រងា​មួយ​នៅក្នុង​ខែ មករា ឆ្នាំ ២០១៧ បាន​ផ្លាស់ប្ដូរ​គ្រួសារ​សូរិនសុន​ជារៀង​រហូត ។ កូនប្រុស​របស់​ធែរី និង​ជេនីលីន ថេនន័រ​មាន​អាយុ 14 ឆ្នាំ ។ សកម្មភាព​រួមគ្នា​បាន​ដល់​ទីបញ្ចប់ ។ ថ្នាក់ដឹកនាំ​ម្នាក់​បាន​ផ្ដល់​ចំណី​អាហារ​ចុងក្រោយ ។ ថេនន័រ ដែល​មាន​ប្រតិកម្ម​នឹង​សណ្ដែកដី បាន​យក​នំ​ឃុកឃី​មួយ ហើយ​ញ៉ាំ​វា ។ គាត់​មិនគួរ​ធ្វើ​ដូច្នោះ​ទេ ។ វា​ជា​នំ​ឃុកឃី​សណ្ដែកដី ។

ធែរី​និយាយ​ថា « ជាធម្មតា​គាត់​ប្រុង​ប្រយ័ត្ន​ណាស់ » ។

ថេនន័រ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ—ផ្ទះ​របស់​គាត់​នៅ​មិន​ឆ្ងាយ​ពី​ព្រះវិហារ​ទេ ។ ប៉ុន្តែ​គាត់​បាន​បាត់បង់​ស្មារតី​យ៉ាង​ឆាប់​បន្ទាប់​ពី​មកដល់​ផ្ទះ ។ គាត់​ឈប់​ដក​ដង្ហើម ។ គ្រូពេទ្យ និង​បុគ្គលិក​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បាន​ពុះពារ​ជួយ​គាត់​យ៉ាង​ស្វាហាប់ ។ ប៉ុន្តែ​ជា​អកុសល​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ពុំ​បាន​ជោគជ័យ​ទេ ។

ថេនន័រ​បាន​ស្លាប់​នៅ​យប់​នោះ ដោយសារ​តែ​ការប្រតិកម្ម​ចំណី​អាហារ​របស់​គាត់ ។

បញ្ហា​ទូទាំងពិភពលោក

ប្រហែល​ប្រាំ​ភាគរយ​នៃ​កុមារ​មាន​ប្រតិកម្ម​ចំណី​អាហារ​នៅ​ទូទាំង​ពិភពលោក ។ នៅក្នុង​សហរដ្ឋ ប្រហែល​បួន​ភាគរយ​នៃ​មជ្ឈិមវ័យ និង​រហូត​ដល់​ប្រាំបី​ភាគរយ​នៃ​កុមារ​មាន​ប្រតិកម្ម ដោយ​មាន​ចំនួន​តួលេខ​ប្រហាក់​ប្រហែល​គ្នា​ត្រូវបាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ទាំងឡាយ​ក្នុង​ទ្វីប​អ៊ឺរ៉ុប និង​អាស៊ី ។ នៅក្នុង​វួដ​ដែល​មាន​មជ្ឈិមវ័យ ២០០ នាក់ ចំនួន​នោះ​គឺ​ប្រហែល ៨ នាក់ ហើយ​នៅក្នុង​ថ្នាក់​បឋម​សិក្សា​ដែល​មាន​កុមារ ៥០ នាក់ គឺ​មាន​ប្រហែល​ជា ៤ នាក់ ។

ចំណី​អាហារ​ច្រើន​ជាង ១៧០ ប្រភេទ​ត្រូវបាន​កំណត់​ថា​អាច​ជា​សារធាតុ​ប្រតិកម្ម ប៉ុន្តែ​នៅក្នុង​សហរដ្ឋ​កំណត់ត្រា​ម្ហូប « ចំនួន​៨​ធំៗ » ដែល​មនុស្ស​ភាគច្រើន​មាន​ប្រតិកម្ម​ជាមួយ​នោះ​គឺ ៖ ទឹកដោះគោ ស៊ុត សណ្ដែកដី គ្រាប់​ផ្លែឈើ ស្រូវសាលី សណ្ដែក​សៀង ត្រី និង​សត្វ​ក្នុង​ទឹក​ដែល​មាន​សំបក​រឹង ។ នៅតាម​តំបន់​នានា ចំណី​អាហារ​ផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅក្នុង​បញ្ជី​ដែល​មាន​សារធាតុ​ប្រិតកម្ម​មាន​ដូចជា សណ្ដែក​ឈីកភី​ នៅក្នុង​ប្រទេស​ឥណ្ឌា គ្រាប់​បាក់វីត​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន និង​ពង​អង្ក្រង​នៅក្នុង​ប្រទេស​ថៃ​ភាគ​ខាង​ជើង ។ ទឹកដោះគោ និង​ស៊ុត ជានិច្ចកាល​គឺ​ស្ថិត​នៅក្នុង​ចំណោម​ចំណី​អាហារ​ដែល​មាន​សារធាតុ​ប្រតិកម្ម​ដ៏​ទូទៅ​បំផុត​នៅ​ទូទាំង​ពិភពលោក ។

ប្រតិកម្ម​កើតឡើង​នៅពេលដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ហួស​ទៅនឹង​សារធាតុ​មួយ ដែល​វា​ដឹង​ថា​ជា​គ្រោះថ្នាក់​មួយ ។ ប្រតិកម្ម​ធ្ងន់ធ្ងរ​បំផុត​គឺ​អាណាហ្វីឡាក់ទិច ដែល​ជា​ការឆ្លើយតប​ជា​ប្រព័ន្ធ​យ៉ាង​ឆាប់​រហ័ស ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន ។ រោគសញ្ញា​ទាំងឡាយ​អាច​រួមមាន​រមួលក្រពើ ឬ​រមាស់​នៅក្នុង​មាត់ ហើម​បបូរ​មាត់ មុខ អណ្ដាត ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ ចង្អោរ ឬ​ក្អួត ពិបាក​ដក​ដង្ហើម ជីបចរ​ដើរ​លឿន ហើយ​វិលមុខ និង​ស្លុត ។

វេជ្ជ. ចនណាថាន អូលសុន ជា​វេជ្ជបណ្ឌិត​ផ្នែក​ប្រតិកម្ម ហើយ​ជា​សមាជិក​សាសនាចក្រ បាន​ចង្អុល​បង្ហាញ​ថា « បើ​វា​មិន​ធ្ងន់ធ្ងរ​ជាង ក៏​វា​ធ្ងន់ធ្ងរ​ដូច​ជា​មនុស្ស​ម្នាក់​ដាច់​សរសៃ​ឈាម ឬ​គាំង​បេះដូង​នៅក្នុង​ព្រះវិហារ​អញ្ចឹង » ។ « មនុស្ស​ម្នាក់​ដែល​មាន​ប្រតិកម្ម​អាច​ស្លាប់​លឿន​ជាង​មនុស្ស​ម្នាក់​ដែល​គាំង​បេះដូង » ។

ថ្វីបើ​ការព្យាបាល​ដែល​អាច​មាន​បង្ហាញ​ពី​សក្តានុពល ក៏​ឥឡូវ​នេះ​ពុំមាន​ការព្យាបាល​ឲ្យ​ជា​ដាច់​សម្រាប់​ការប្រតិកម្ម​ចំណី​អាហារ​ឡើយ ។ វេជ្ជ. អូលសុន មាន​ប្រសាសន៍​ថា បទដ្ឋាន​នៃ​ការថែទាំ​បន្ត​ជា « ការចៀសវាង​សារធាតុ​ដែល​ប្រតិកម្ម និង​ការស្គាល់ ព្រមទាំង​ការព្យាបាល​អាណាហ្វីឡាក់ទិច » ។

រូបភាព
dairy products

ចំណី​អាហារ​ជា​ក្តី​ស្រឡាញ់

ជា​ញឹកញាប់​ចំណី​អាហារ​ជា​រឿង​សំខាន់​សម្រាប់​ការជួបជុំ ។ វា​តំណាង​ឲ្យ​វប្បធម៌ ប្រពៃណី និង​ថ្ងៃ​បុណ្យ ។ ចំណី​អាហារ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​ថាមពល​ដល់​រាងកាយ​យើង ប៉ុន្តែ​វា​ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បីបាច់​ព្រលឹង​យើង​ផងដែរ គឺ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ក្ដីកង្វល់ ហើយ​ទាក់ទាញ​ឲ្យ​មនុស្ស​ជួបជុំ​គ្នា និង​ភ្ជាប់​ទំនាក់ទំនង​គ្នា ។

គ្មាន​កន្លែង​ណា​ដែល​រឿងនេះ​ពិត​ជាង​នៅក្នុង​ព្រះវិហារ​នោះទេ ។ ចំណី​ត្រូវបាន​ចែកចាយ​នៅក្នុង​ថ្នាក់​ដើម្បី​ជំរុញ​ឲ្យ​មាន​ការចូលរួម ឬ​ដើម្បី​ពង្រឹង​ដល់​មេរៀន​មួយ ។ ការញ៉ាំ​អាហាររួមគ្នា ការប្រកួត​ស៊ុប​ឈីលលី និង​សកម្មភាព​ផ្សេងៗ​របស់​វួដ ផ្ដល់​មូលហេតុ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ជួបជុំ និង​ទំនាក់ទំនង​គ្នា​ខាង​សង្គម ។ យើង​ធ្វើ​ម្ហូប​សម្រាប់​ម្ដាយ​ដែល​ទើប​សម្រាល​កូន​ហើយ និង​សម្រាប់​បុណ្យ​សព ទុក​ជា​ការបម្រើ​ដែល​ចេញ​ពី​ចិត្ត ។ យើង​ទុក​ចំណី​នៅ​នឹង​មាត់ទ្វារ​ដើម្បី​ប្រាប់​ថា​យើង​គិត​ពី​អ្នក ។

សូម្បី​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​ចំណី​ដល់​មនុស្ស ៥០០០ នាក់ ដែល​បាន​ប្រមូល​ផ្ដុំ​ដើម្បី​ស្ដាប់​ទ្រង់ ។

ឧទាហរណ៍​ទាំងនេះ​ជួយ ​បង្ហាញ​ពី​មូលហេតុ​ដែល​ការប្រតិកម្ម​ចំណី​អាហារ​អាច​ពិបាក​នឹង​គ្រប់គ្រង​ណាស់ ហើយ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ខ្លះ​ដើម្បី​យល់—ហើយ​ជាពិសេស—សូម្បី​តែ—នៅ​ព្រះវិហារ ។ ជា​ញឹកញាប់ ចំណី​អាហារ​ជា​ក្តី​ស្រឡាញ់ ។ ប៉ុន្តែ​បើ​សមាជិក​វួដមើល​ទៅការ​ប្រតិកម្ម​ម្ហូប​អាហារ​ជា​ឱកាស​ដើម្បី​ផ្ដល់​ការងារ​បម្រើ នោះ សូម​ធ្វើ​ចម្រុះ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ប្រតិកម្មចំណីអាហារ ហើយ​សូម្បី​តែ កង្វះ​ម្ហូប​អាហារ​ក៏​អាច​ជា​ការបង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ផងដែរ ។

រូបភាព
taking the sacrament

ធ្វើ​ឲ្យ​សាក្រាម៉ង់​ពិសិដ្ឋ—ហើយ​មាន​សុវត្ថិភាព

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖ « សាក្រាម៉ង់​នៃ​យប់ចុង​ក្រោយ​របស់​ព្រះអម្ចាស់ [ គឺ ] ពិសិដ្ឋ ទទួល​ស្គាល់​ចំណុច​ប្រសព្វ​នៃ​បទពិសោធន៍​ថ្វាយបង្គំ​ប្រចាំ​សប្ដាហ៍​របស់​យើង ។ …

« … ម៉ោង​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​ឡើង​នោះ​គឺ​ជា​ម៉ោង​ដ៏​ពិសិដ្ឋ​បំផុត​នៅក្នុងសប្តាហ៍​របស់​យើង » ។

ទោះ​ជា​យ៉ាង​ណា ដូច​ដែល​បាន​កត់ចំណាំ​នៅក្នុង​គោលការណ៍​ណែនាំ​ដែល​បាន​បោះពុម្ព​ថ្មីៗ​របស់​សាសនាចក្រ​ស្ដី​អំពី​ការហ្វឹកហ្វឺន​ពី​ប្រតិកម្ម​ចំណី​អាហារ និង​ការចម្លង​មេរោគ « ការប្រតិកម្ម​ចំណី​អាហារ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​សុខភាព​ផ្លូវចិត្ត​របស់​បុគ្គល​ម្នាក់ … និង​លទ្ធភាព​ក្នុង​ការចូលរួម​ក្នុង​ការប្រជុំ និង​សកម្មភាព​របស់​សាសនាចក្រ » ។១០

គោលការណ៍​ណែនាំ​របស់​សាសនាចក្រ​ស្ដី​អំពី​ប្រតិកម្ម​ចំណី​អាហារ រួម​មាន​នូវ​ការណែនាំ​លើ​ការផ្ដល់​នំប៉័ង​សាក្រាម៉ង់​ដោយ​សុវត្ថិភាព ក៏​ដូចជា​របៀប​ដើម្បី​ចៀសវាង​កុំ​ឲ្យ​នំប៉័ង​ទាំងនោះ​ប៉ះគ្នា​នៅលើ​តុ​សាក្រាម៉ង់ ។ ( ព័ត៌មាន​លម្អិត​អាច​រក​បាន​នៅ disability.ChurchofJesusChrist.org ) ។ ការធ្វើតាម​គោលការណ៍​ណែនាំ​នេះ អាច​ធានា​បាន​នូវ​បទពិសោធន៍​សាក្រាម៉ង់​ដ៏​មាន​សុវត្ថិភាព​មួយ​សម្រាប់​សមាជិក​ភាគច្រើន ។

សមាជិក​ដែល​មានប្រតិកម្ម​ចំណី​អាហារ​អាច​ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​ពួកគេអំពី​ការ​សម្រប​សម្រួល​នានា​ដែល​អាច​សមរម្យ​សម្រាប់​ពិធី​សាក្រាម៉ង់ ។ សមាជិក​អាច​ផ្ដល់​នំប៉័ង​ដែល​មិន​មាន​សារធាតុ​ប្រតិកម្ម​របស់​គេ​ផ្ទាល់​ដោយ​ដាក់​នៅក្នុង​ថង់​ផ្លាស្ទិក​បិទជិត​មួយ ។

ជាងនោះ​ទៀត គ្រួសារ​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ ប្រឈម​នឹង​ឧបសគ្គ​នានា ពេល​ដែល​អ្នក​ដទៃ​ទៀត​យក​ម្ហូប ឬ​ចំណី​មកក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ ដោយសារ​ប្រតិកម្ម​ខ្លះ​អាច​កើតឡើង​បាន​ដោយ​គ្រាន់តែ​ការដក​ដង្ហើម​ចូល ឬ​ការប៉ះ​សារធាតុ​ប្រតិកម្ម​នោះ គ្រួសារ​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ​សម្រប​សម្រួល​ការប្រជុំ​សាក្រាម៉ង់​ដោយ​ការប្ដូរ​កន្លែង​អង្គុយ ឬ​ប្ដូរ​ទៅកាន់​ច្រកដើរ​ចូល​វិញ​ពេល​មាន​ចំណី​អាហារ​ដែល​មាន​សារធាតុ​ប្រតិកម្ម​លើក​មក ។

នៅក្នុង​ការប្រជុំ​ហ្វឹកហ្វឺន ខែ មេសា ឆ្នាំ ២០១៥ ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​យោបល់​ថា « គោលដៅ​ចម្បង​របស់​យើង​គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​បទពិសោធន៍​ខាង​វិញ្ញាណ និង​ពង្រឹង​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការគោរព​ប្រតិបត្តិ​ថ្ងៃ​បរិសុទ្ធ » ។ លោក​បាន​បន្ថែម​ថា « ប្រាកដ​ណាស់ យើង​អាច​រំពឹង​ថា ទូរសព្ទ និង​អាយភែត ល្បែង និង​ចំណី​អាហារ​អាច​ត្រូវបាន​ទុក​មួយ​ឡែក​សម្រាប់​រយៈពេល​មួយ​ម៉ោង​ដ៏​មាន​តម្លៃ​ចេញពី ១៦៨ ម៉ោង​នៅក្នុង​មួយ​សប្ដាហ៍​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ដែល​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។១១

សម្រាប់​មូលហេតុ​ផ្សេងៗ មិនមែន​មនុស្ស​គ្រប់​គ្នា​អាច​ទុក​ចំណី​អាហារ​មួយ​ឡែក​អំឡុង​ពេល​នៅ​ព្រះវិហារ​នោះ​ទេ ។ ប៉ុន្តែ​ជាមួយ​នឹង​កាលវិភាគ​ដែល​កាន់តែ​ខ្លី​ជាងមុន ប្រហែល​ជា​ពួកយើង​អាច​ពិចារណា​ពី​យោបល់​របស់​ប្រធាន​បាឡឺដ ហើយ​វាយតម្លៃ ប្រសិនបើ​អ្នក​ត្រូវ​យក​ចំណី​អាហារ​មក​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ។

ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក

ខណៈ​ដែល​ផលប៉ះពាល់​ខាង​រាងកាយ​នៃ​ការប្រតិកម្ម​ចំណី​អាហារ​អាច​មាន​ភាពធ្ងន់ធ្ងរ នោះ​ផលប៉ះពាល់​ខាង​វិញ្ញាណ​អាច​មាន​ឥទ្ធិពល​ដូច​គ្នា​ផងដែរ—ទាំង​ល្អ និង​អាក្រក់ ។

កូនស្រី​របស់​ហ្វ្រេនសេសខា​មាន​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ​យ៉ាង​ធ្ងន់ធ្ងរ ។ ពេល​កូនស្រី​នាង​នៅក្នុង​ថ្នាក់​បឋម​សិក្សា គ្រូបង្រៀន​ម្នាក់​របស់​នាង​ចូលចិត្ត​យក​នំ​ខាប់ខេក​ធ្វើ​នៅ​ផ្ទះ​មកកាន់​ថ្នាក់​សម្រាប់​ខួប​កំណើត ។ ហ្វ្រេនសេសខា​បានសុំ​យក​នំខាប់ខេក​ដែល​មាន​សុវត្ថិភាព​មក​ពេលណា​ដែល​មាន​ខួប​កំណើត ។ គ្រូបង្រៀន​នោះ​បាន​បដិសេធ ហើយ​បាន​ឲ្យ​ក្មេងស្រី​អាយុ​ប្រាំមួយ​ឆ្នាំ​នោះ​ទៅ​អង្គុយ​នៅ​ផ្លូវដើរ​ក្នុង​ព្រះវិហារ​វិញ ពេល​ចែកចាយ​នំ​ខួប​កំណើត ។

ហ្វ្រេនសេសខា​បាន​រំឭក​ថា « វា​គួរ​ឲ្យ​ឈឺចាប់​ណាស់ » ។ « ជំនួស​ឲ្យ​ការបង្រៀន​កុមារ​ដទៃទៀត​ឲ្យ ‹ ធ្វើ​ដូច​ព្រះយេស៊ូវ › ហើយ​ខ្វល់ខ្វាយ​គ្រប់គ្រាន់​ដើម្បី​រាប់​បញ្ចូល​មនុស្ស​គ្រប់​គ្នា នាង​បាន​បង្រៀន​ពួកគេ​ឲ្យ​ដក​មនុស្ស​ចេញ​វិញ » ។

ការបញ្ចូល និង​ការដកចេញ​ជា​ប្រធានបទ​ទូទៅ​ពេល​អ្នក​និយាយ​ជាមួយ​នឹង​គ្រួសារ​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ ។ កូនប្រុស​អាយុ​ប្រាំបួន​ឆ្នាំ​របស់ស៊ីនធៀ ដែល​មាន​ប្រតិកម្ម​ជាមួយ​សណ្ដែកដី និង​គ្រាប់​ផ្លែឈើ បាន​គិត​ថា​នឹង​ចូលរួម​ការបោះជំរុំ​ពេលថ្ងៃ​មួយ ។ ទោះជា​យ៉ាង​ណា នៅ​ព្រឹក​នៃ​ការបោះជំរុំ​នោះ ថ្នាក់ដឹកនាំ​ម្នាក់​បាន​ទូរសព្ទ​មក​ស្នើ​សុំ​មិន​ឲ្យ​គាត់​ចូលរួម ។ ពួកគេ​មិន​អាច​ផ្ដល់​ការសម្រប​សម្រួល​សម្រាប់​ប្រតិកម្ម​ចំណី​អាហារ​របស់​គាត់​បាន​ទេ ។

ស៊ីនធៀ​បាន​រំឭក​ថា « ខ្ញុំ​បាន​ដាក់​ទូរសព្ទ​ចុះ ហើយ​យំ​ ជា​មួយ​ទឹកភ្នែក​ដែល​ពេញ​ដោយ​ភាពសោកសៅ ចេញ​អស់​ពី​ចិត្ត​ខ្ញុំ ចំពោះ​កូនប្រុស​ខ្ញុំ​ដែល​ត្រូវបាន​គេ​មិន​រាប់​បញ្ចូល​ម្ដង​ទៀត » ។

ខាធី អែឌណា ស្ទីដ ជា​អ្នក​គ្រប់គ្រង​ជំនាញ​ខាង​ពិការភាព​សម្រាប់​សាសនាចក្រ កត់សម្គាល់ ៖ « ព្រះអង្គ​សង្គ្រោះ​ទុកចោល​ចៀម ៩៩ ហើយ​ទៅរក​ចៀម​មួយ​ដែល​បាត់ ។ យើង​ត្រូវតែ​ចាំ​ពី​គំរូ​នោះ—ដើម្បី​មើលឃើញ​ពី​ចៀម​មួយ ហើយ​យល់​ពី​ចៀម​មួយ​នោះ » ។

រូបភាព
girl standing outside of classroom

យើង​អាច​ជួយ​បាន

មាន​អ្វីៗ​ជា​ច្រើន​ដែល​សមាជិក​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ និង​គ្រួសារ​វួដ​របស់​ពួកគេ​អាច​ធ្វើ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ធ្វើ​ឲ្យ​ការចូលរួម​នៅ​ព្រះវិហារ​មាន​សុវត្ថិភាព និង​ រាប់​បញ្ចូល ។

តើ​ក្រុម​គ្រួសារ​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ​អាច​ធ្វើ​អ្វី​ខ្លះ ?

ក្រុម​គ្រួសារ​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ​អាច​ពន្យល់​ពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ទៅកាន់​ថ្នាក់​ដឹកនាំ និង​គ្រូ—ហើយ​ធ្វើ​ការទាក់ទង​ម្ដងទៀត​ពេល​មាន​ការផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ និង​គ្រូ ។ ពួកគេ​អាច​ផ្ដល់​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព ហើយ​ជួយ​ដាក់ផែនការ​បញ្ជី​មុខ​ម្ហូប និង​សកម្មភាព​នានា ។ ពួកគេ​អាច​ផ្ដល់​ការហ្វឹកហ្វឺន​អំពី​របៀប​ងាយៗ​ជួយ​សង្រ្គោះជីវិត និង​ផែនការ​សង្គ្រោះ​បន្ទាន់ ។ ពួកគេ​នឹង​យល់​ពេល​សមាជិក​បង្ហាញ​ពី​ការភ័យ​ខ្លាច ឬ​ភាពស្ទាក់ស្ទើរ ប៉ុន្តែ​ពួកគេ​នឹង​ប្រាប់​ដល់​សមាជិក​ដោយ​អត់ធ្មត់ ហើយ​ធ្វើការ​រួម​គ្នា​ដើម្បី​ស្វែងរក​ជម្រើស​ដែល​មាន​សុវត្ថិភាព និង​រាប់​បញ្ចូល ។ ពួកគេ​គួរ​ស្នើសុំ​ដំណោះស្រាយ​សម​ហេតុផល​ដែល​វួដ​អាច​ផ្ដល់ និង​គាំទ្រ​បាន ។

តើ​សមាជិក​វួដ​​អាច​ធ្វើ​អ្វី​បាន​ខ្លះ ?

សមាជិក​វួដ​អាច​ព្យាយាម​យល់​ពី​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ ។ សមាជិក​វួដ​គួរតែ​ធ្វើតាម​ការណែនាំ​ពី​ឪពុកម្ដាយ​អំពី​ការផ្ដល់​ចំណី​អាហារ​ដល់​កុមារ​ម្នាក់ ។ ប្រសិន​បើ​ចំណី​អហារ​ជា​ការចាំបាច់​សម្រាប់​សកម្មភាព ឬ​មេរៀន​មួយ គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​អាច​សួរ​បុគ្គល​ទាំងឡាយ និង​ឪពុក​ម្ដាយ​ថាបើ​ចំណី​អាហារ​នោះ​មាន​សុវត្ថិភាព​ឬ​ទេ ។ សមាជិក​វួដ​អាច​អញ្ជើញ​បុគ្គល​ទាំងឡាយ និង​ឪពុក​ម្ដាយ​ឲ្យ​ចូលរួម និង​ដោះស្រាយ​បញ្ហា​តាម​កាលៈទេសៈ​ចាំបាច់ ។

ស៊ូសាន​មាន​ប្រតិកម្ម​ចំណី​អាហារ​មួយ​ចំនួន ។ នាង​មាន​ការរំជួល​ចិត្ត​ជា​ពិសេស​ដោយ​ការគិតគូរ​របស់​ពួកសង្ស​នៅក្នុង​វួដ​របស់​នាង ពេល​ពួកគេ​រៀបចំ​សាក្រាម៉ង់ ។ នាង​និយាយ​ថា « ខ្ញុំ​មាន​ចិត្ត​រាបទាប​ជា​ខ្លាំង​ដោយសារ​ពួក​យុវជន​ដែល​បាន​ធ្វើ​ឲ្យ​ការទទួល​សាក្រាម៉ង់​របស់​ខ្ញុំ​មាន​សុវត្ថិភាព » ។

នៅ​ថ្ងៃ​អាទិត្យ​មួយ សាក្រាម៉ង់​ពុំ​ត្រូវបាន​ចែក​ដល់​នាង​ទេ ។ ពួក​សង្ឃ​ដែល​រៀបចំ​វា​បាន​កត់សម្គាល់​ឃើញ​ថា នំប៉័ង​របស់​នាង​ប៉ះ​នឹង​នំប៉័ង​ផ្សេង​ទៀត​នៅលើ​តុ ។

ស៊ូសាន​និយាយ​ថា « ពួកគេ​បាន​មករក​ខ្ញុំ​បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់ បានពន្យល់​ពី​អ្វី​ដែល​បាន​កើតឡើង ហើយ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​បាន​ទទួល​ការអនុញ្ញាត​ពិសេស​ពី​ប៊ីស្សព​ដើម្បី​ផ្ដល់​សាក្រាម៉ង់​ ដល់​ខ្ញុំ​នៅក្នុង​ថ្នាក់​រៀន » ។ « ខ្ញុំ​បាន​យំ​នៅពេល​ ដែល​ពួកគេ​បាន​ប្រសិទ្ធិពរ និង​ចែក​សាក្រាម៉ង់​ នៅក្នុង​បន្ទប់​ដ៏​តូច​នោះ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ ក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ខ្លាំង និង​ព្រះរាជ​ តំរិះ​របស់​ទ្រង់​ថាតើ​ខ្ញុំ​មាន​ការលំបាក​យ៉ាង​ណា​ជាមួយ​នឹង​បញ្ហា​នេះ » ។

ស៊ូសាន​និយាយ​ថា « ការបង្ហាញ​ពី​ឆន្ទៈ​ដើម្បី​ធ្វើ​ឲ្យ​មាន​បរិយាកាស​ដែល​មាន​សុវត្ថិភាព​នៅ​ព្រះវិហារ​សម្រាប់​មនុស្ស​ដែល​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ ក៏​ជា​ការបង្ហាញ​ពី​ឆន្ទៈ​ដើម្បី​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក​ផងដែរ » ។

កូនស្រី​របស់​ហ្វ្រេនសេសខា​ជា​យុវនារី​ឥឡូវនេះ ។ ប្រធាន​យុវនារី​របស់​នាង​បាន​ទទួល​ការបំផុស​គំនិត​ឲ្យ​ជួយ​សម្រាល​បន្ទុក​របស់​គ្រួសារ​នេះ ។ នាង​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ត្រូវតែ​ធ្វើ​អ្វី​ដែល​ត្រូវធ្វើ ដើម្បី​ប្រាកដ​ថា​នាង​មិនត្រូវ​បាន​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​សុវត្ថិភាព និង​ការថ្វាយ​បង្គុំ​របស់​នាង » ។ « ខ្ញុំ​បាន​អធិស្ឋាន​អំពី​របៀប​ដែល​យើង​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​នេះ ហើយ​បាន​ទទួល​អារម្មណ៍​យ៉ាង​កក់ក្តៅ​ថា យើង​ត្រូវតែ​ឱបក្រសោប​គ្រួសារ​នេះ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ត្រូវបាន​រាប់​បញ្ចូល​ទាំងស្រុង » ។

ថ្នាក់ដឹកនាំ​យុវវ័យ​បាន​ទទួលយក​ការអញ្ជើញ​ឲ្យ​ដាក់​ផែនការ​សម្រាប់​សន្និសីទ​យុវវ័យ​ឆ្លង​យប់​មួយ ដែល​កូនស្រី​របស់​ហ្វ្រេនសេសខា​អាច​ចូលរួម​ដោយ​សុវត្ថិភាព ។ ហ្វ្រេនសេសខា​បាន​ជួយ​រៀប​ផែនការ​បញ្ជី​មុខ​ម្ហូប និង​ទៅទិញ​ម្ហូប ។ កម្លាំង​របស់​យុវជន​បាន​ជួយ​លាង​សម្អាត​ចង្ក្រាន​អាំង​សាច់មុន​ពេល​ពួកគេ​ចម្អិន​លើ​វា ។

ហ្វ្រេនសេសខា​និយាយ​ថា « វាគឺជា​រឿង​ដ៏​អស្ចារ្យ ! » « ខ្ញុំ​បាន​យំ ហើយ​ ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាមរយៈ​សកម្មភាព​ដ៏​សប្បុរស និង​រាប់​បញ្ចូល​របស់​ពួកគេ ។ កូនស្រី​ខ្ញុំ​ក៏​មាន​អារម្មណ៍​បែប​នោះ​ដែរ » ។

រូបភាព
people talking

កិច្ចការ​របស់​ព្រះ​បាន​បើក​សម្ដែង​ឡើង

គ្រួសារ​របស់​ថេនន័រ​បាន​ឃើញ​អព្ភូតហេតុ​ជាច្រើន ទាំង​ធំ ទាំង​តូច តាំង​ពី​បាន​បាត់បង់​កូនប្រុស​របស់​ពួកគេ​មក ។ ពួកគេ​សង្ឃឹម​ឲ្យ​មាន​នូវ​ការយល់ដឹង​កើនឡើង​អំពី​ប្រតិកម្ម​ចំណី​អាហារ គឺ​ជា​អព្ភូតហេតុ​មួយ​ក្នុង​ចំណោម​នោះ ។

ធែរី ឪពុក​របស់​ថេនន័រ​និយាយ​ថា « មិនមែន​ថា​ក្មេង​ទាំងនេះ​ដែល​មាន​ប្រតិកម្ម​ចំណី​អាហារ​ពុំ​មាន​ការទទួល​ខុសត្រូវ​នោះ​ទេ ។ មិនមែន​ថា​ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​នោះ​ទេ ។ ប៉ុន្តែ​ពួកគេ​ជា​ក្មេងៗ » ។ « វា​គ្រាន់តែ​អ្នក​មិន​បាន​ប្រុងប្រយ័ត្ន​តែ​មួយ​វិនាទី​ប៉ុណ្ណោះ » ។

ប៉ុន្តែ​ការផ្ដល់​ការងារ​បម្រើ​អាច​ជួយ​​ការពារ​ពួកគេ​បាន ។ វេជ្ជ. អូលសុន និយាយ​ថា « និយមន័យ​នៃ​ការងារ​បម្រើ មានន័យ​ថា ការឆ្លើយតប​ដល់​តម្រូវការ​របស់​អ្នក​ដទៃ​ទៀត » ។ « អ្វី​គ្រប់យ៉ាង​អំពី​ព្រះវិហារ​គឺ​ផ្អែក​លើ​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​រាងកាយ​របស់​ពួកគេ​ត្រូវបាន​បំពេញតាម » ។

សារ៉ុន អូប៊ែង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ថា « ព្រះគ្រីស្ទ​បាន​ប្រាប់​ដល់​ពួក​នីហ្វៃ​ដោយ​ទន់ភ្លន់​ថា ‹ យើង​មិន​បាន​បញ្ជា​នរណា​មួយ​ក្នុង​ពួក​អ្នក​ឲ្យ​ចេញ​ទៅ​ឡើយ › ។ … វា​គឺជា​តម្រូវការ​ដ៏​ខ្ជាប់ខ្ជួន​មួយ​របស់​ពួក​សិស្ស​គ្រីស្ទាន និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ដល់​គ្នា​ទៅវិញ​ទៅមក » ។១២

សម្រាប់​ហ្វ្រេនសេសខា បន្ទាប់​ពី​ការលំបាក​ផ្ទាល់ខ្លួន​ដើម្បី​យល់​ពី​មូលហេតុ​ដែល​កូន​នាង​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការប្រតិកម្ម​ចំណី​អាហារ នាង​បាន​យល់​ដឹង​ថា « ជួនកាល​ព្រះ​ព្យាបាល​មនុស្ស​ម្នាក់​ដែល​មាន​ពិការភាព ដើម្បី​បង្ហាញ​នូវ​កិច្ចការ​ដ៏​រុងរឿង​របស់​ទ្រង់ ហើយ​ពេលខ្លះ​ទៀត​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​បន្ត​មាន​ពិការភាព ដោយសារ​ទ្រង់​ចង់​បង្ហាញ​កិច្ចការ​របស់​ទ្រង់​នៅក្នុង​របៀប​ដែល​អ្នកដទៃ​ទៀត​ប្រព្រឹត្តិ​ចំពោះ​បុគ្គល​នោះ ។ ព្រះ​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​នូវ​ឱកាស​ដើម្បី​រៀន​មាន​សណ្ដាន​ចិត្ត​ល្អ និង​រៀន​ក្លាយ​ដូច​ជា​ទ្រង់ ដោយ​ការអនុញ្ញាត​ឲ្យ​យើង​ក្លាយ​ជា​អព្ភូតហេតុ​មួយ សម្រាប់​នរណា​ម្នាក់​នៅក្នុង​ការរងទុក្ខ​របស់​ពួកគេ » ។

កំណត់​ចំណាំ

  1. សូមមើល « Food Allergies: Global Burden, Causes, Treatment, Prevention and Public Policy » ( ការសិក្សា​មតិ​ទូទៅ​ដោយ U.S. Institute of Medicine ឆ្នាំ ២០១៧ ) National Academies of Science ។

  2. សូមមើល Wenyin Loh and Mimi L. K. Tang, “The Epidemiology of Food Allergy in the Global Context,” International Journal of Environmental Research and Public Health, វ៉ុល ១៥ លេខ ៩ ( ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ ) ទំព័រ ២០៤៣ ncbi.nlm.nih.gov/pmc/articles/PMC6163515 ។

  3. សូមមើល Alison Joanne Lee, Meera Thalayasingam, and Bee Wah Lee, “Food Allergy in Asia: How Does It Compare?” Asia Pacific Allergy, វ៉ុល ៣ លេខ ១ ( ខែ មករា ឆ្នាំ ២០១៣ ) ទំព័រ ៣–១៤ ncbi.nlm.nih.gov/pmc/articles/PMC3563019/; FARE: Food Allergy Research & Education ។ “Food Allergy Facts and Statistics for the U.S.,” foodallergy.org/sites/default/files/migrated-files/file/Final-FARE-Food-Allergy-Facts-Statistics.pdf. ការប្រតិកម្ម​ចំណី​អាហារ​ខ្លះ​បាត់​ទៅវិញ ឬ​ខ្សោយ​ជាង​ពេល​ធំឡើង ដែល​មាន​ភាគរយ​នៃ​ការប្រតិកម្ម​នៅក្នុង​វ័យ​កុមារ​មាន​ច្រើន​ជាង​មជ្ឈិមវ័យ ។

  4. សូមមើល FARE, “Food Allergy Facts and Statistics for the U.S” ។

  5. សូមមើល Loh and Tang, “The Epidemiology of Food Allergy in the Global Context” ។

  6. សូមមើល “Signs and Symptoms,” anaphylaxis.org.uk/hcp/what-is-anaphylaxis/signs-and-symptoms ។

  7. សូមមើល Mayo Clinic, “Food allergy,” mayoclinic.org ។

  8. សូមមើល ម៉ាកុស ៦:៣៧–៤៤; លូកា ៩:១០–១៧ ។

  9. ជែហ្វ្រី អ័រ ហូឡិន « នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៥, ៤៦ ។

  10. Food Allergies,” នៅក្នុង​ផ្នែក Policies and Guidelines នៃ disability.ChurchofJesusChrist.org ។

  11. អិម. រ័សុល បាឡឺត នៅក្នុង « April 2015: Sabbath Day Observance » ( វីដេអូ ) ChurchofJesusChrist.org/media-library ។

  12. សារ៉ុន អូប៊ែង « ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅក្នុង​ភាពងងឹត » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៤ ការសង្កត់ន័យ​ត្រូវបាន​បន្ថែម ។

បោះពុម្ព