ការបង្រៀនអំពីសាសនាដល់យុវវ័យ និងយុវមជ្ឈិមវ័យ - សុន្ទរកថាបើក
ប្រធាន ដាល្លិន អេក អូក
ផ្នែកទី I
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ
យើងមានមោទនភាពដែលបានមកចូលរួមក្នុងការជួបជុំគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន និងគ្រូបង្រៀនខាងសាសនានេះនៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យរបស់យើង ។ យើងរីករាយ ដែលស្វាមីភរិយារបស់បងប្អូនមកជាមួយបងប្អូន ហើយពួកគាត់គឺសំខាន់ណាស់ចំពោះការទទួលខុសត្រូវដ៏ពិសិដ្ឋក្នុងការបង្រៀនរបស់បងប្អូន ។ យើងមានអារម្មណ៍ទទួលខុសត្រូវមួយ ដើម្បីថ្លែងទៅកាន់បងប្អូននៅគ្រាដ៏ពិសេស និងលំបាកនេះ—នៅក្នុងគ្រាដែលមានជំងឺរាតត្បាតទូទាំងពិភពលោក ។
ដូចអភិបាលផ្នែកអប់រំ ផល វី ចនសុន បានប្រាប់បងប្អូនហើយ ក្រោយពីសុន្ទរកថាបើកដ៏ខ្លីរបស់ខ្ញុំ នោះយើងនឹងមានការពិភាក្សាពីរផ្សេងគ្នាអំពីតុល្យភាពនៃកម្មវិធីរបស់យើង ។
ខ្ញុំសូមចាប់ផ្ដើមដោយថ្លែងពីអំណាចនៃសេចក្ដីស្រឡាញ់ ។ ហេតុអ្វីការស្រឡាញ់ព្រះគឺជាបញ្ញត្តិយ៉ាងសំខាន់ទីមួយ ? វាសំខាន់ទីមួយ ដោយសារវាគឺជាគ្រឹះនៃការយល់ដឹង និងការធ្វើតាមផែនការព្រះ និងព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងគឺជាគោលការណ៍ដំណឹងល្អដ៏សំខាន់ ហើយចាំបាច់ចំពោះអ្វីដែលមានឥទ្ធិពលលើយើង និងចាំបាច់ចំពោះអ្វីដែលយើងត្រូវចងចាំ ។ ព្រះស្រឡាញ់បងប្អូនក្នុងនាមជាគ្រូបង្រៀនរបស់ទ្រង់ ។ ថ្នាក់ដឹកនាំរបស់ទ្រង់ស្រឡាញ់បងប្អូនក្នុងនាមជាគ្រូបង្រៀននៃផែនការ និងព្រះបន្ទូលរបស់ទ្រង់ ។ ហើយបងប្អូនស្រឡាញ់សិស្សរបស់បងប្អូន ។ អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី បានសង្ខេបសេចក្ដីនេះទៅជាប្រយោគមួយ នៅក្នុងសុន្ទរកថាទៅកាន់គ្រូបង្រៀនជាច្រើនឆ្នាំកន្លងទៅថា « គ្មានរបៀបណាដើម្បីបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់ព្រះ ប្រសើរជាងការបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់បុត្រាបុត្រីរបស់ទ្រង់ ជាពិសេសគឺ … សិស្សរបស់បងប្អូនឡើយ » ។១
ឪពុករបស់ខ្ញុំបានស្លាប់ទៅជាង ៨០ ឆ្នាំហើយ ។ តើអ្វីទៅដែលខ្ញុំចងចាំខ្លាំងបំផុតអំពីទំនាក់ទំនងរបស់ពួកយើង ? តើការបង្រៀនរបស់គាត់ឬ ? តើការប្រៀនប្រដៅរបស់គាត់ចំពោះខ្ញុំឬ ? មិនមែនទេ អ្វីដែលខ្ញុំចងចាំខ្លាំងបំផុតគឺ គាត់ស្រឡាញ់ខ្ញុំ ។
ដូចគ្នាដែរ ខ្ញុំជឿថា អ្វីដែលសិស្សរបស់បងប្អូននឹងចងចាំខ្លាំងបំផុតគឺ អារម្មណ៍របស់ពួកគេអំពីក្ដីស្រឡាញ់របស់បងប្អូនចំពោះពួកគេ ។ ពួកគេនឹងចងចាំពីរបៀបដែលបងប្អូនបានជួយពួកគេប្រកបដោយក្ដីស្រឡាញ់ ដើម្បីរៀនដំណឹងល្អ ស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណ និងអនុវត្តដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។ សេចក្ដីស្រឡាញ់គឺជាអំណាចជម្រុញចិត្តក្នុងការបង្រៀន ។
ខ្ញុំធ្លាប់ជាសិស្សថ្នាក់សិក្ខាសាលាកាលពី ៧០ ឆ្នាំមុន ។ តើខ្ញុំចងចាំអ្វីខ្លាំងបំផុតអំពីគ្រូបង្រៀនថ្នាក់សិក្ខាសាលាពីររូបរបស់ខ្ញុំនៅក្រុង វើរណល រដ្ឋ យូថាហ៍ ? ខ្ញុំមិនចាំសូម្បីតែមេរៀនដែលខ្ញុំបានបានបង្រៀនក្នុងថ្នាក់នោះផង ប៉ុន្ដែខ្ញុំចាំថា ពួកគាត់ទាំងពីរនាក់ស្រឡាញ់ខ្ញុំ ហើយយកចិត្តទុកដាក់នឹងខ្ញុំជាបុគ្គលម្នាក់ ។
សេចក្ដីស្រឡាញ់មានអំណាច ៖ អំណាចដើម្បីយល់ពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អំណាចដើម្បីយល់ពីផែនការនៃសេចក្ដីសង្គ្រោះ និងអំណាចដើម្បីពន្យល់ពីព្រះបញ្ញត្តិរបស់ព្រះ ។
បើយើងមិនយល់ពីសេចក្ដីស្រឡាញ់ទេ នោះអ្វីៗផ្សេងទៀតអំពីដំណឹងល្អនឹងផ្ទុយ ឬចុះខ្សោយដោយសារការល្បួងរបស់អារក្ស និងអំណាចនៃគុណតម្លៃក្នុងពិភពលោកនេះ ព្រមទាំងមនុស្សខាងលោកិយដែលនៅជុំវិញយើងដែរ ។
ប្រធានបទទីពីររបស់ខ្ញុំគឺ ទំនាក់ទំនងរបស់បងប្អូនទៅនឹងប្រធានបទដំណឹងល្អដែលបងប្អូនបង្រៀន ។
នៅក្នុងការបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅ នោះវាធម្មតា និងញឹកញាប់ដែលគេអនុញ្ញាតឲ្យមានគ្រូបង្រៀន ដែលចាត់ទុកខ្លួនគេថាជាអ្នកជំនាញខាងមុខវិជ្ជានោះ ។ តែការណ៍នេះមិនអនុញ្ញាតនៅក្នុងការបង្រៀនគោលការណ៍ដំណឹងល្អនោះទេ ។ យើងពុំមានសិទ្ធិអំណាចលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទទេ ។ សិទ្ធិអំណាចនេះគឺជាព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គមួយនៅក្នុងក្រុមព្រះ ដែលមានមុខងារដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ហើយដឹកនាំយើងទៅរកសេចក្ដីពិត ។ ទ្រង់បំភ្លឺដល់ការបង្រៀនរបស់យើង ។ ហេតុដូច្នេះហើយ មិនដូចជាគ្រូបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅឡើយ យើងមិនគួរយកមុខមាត់សម្រាប់គំនិត ដែលបញ្ជាក់ពីសេចក្ដីពិតដ៏អស្ចារ្យនៃដំណឹងល្អនោះទេ ។ យើងមិនគួរធ្វើសកម្មភាពនៅក្នុងថ្នាក់រៀន ឬកន្លែងផ្សេងទៀតតាមរបៀបមួយ ដែលជ្រៀតជ្រែកដល់សេចក្តីជំនឿ ឬ ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទយើងឡើយ ។ យើងមិនគួរបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើប្រធានបទណាមួយ ដែលយើងកំពុងបង្រៀនឡើយ ។
យើងបង្រៀនចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងដោយសេចក្ដីស្រឡាញ់ចំពោះបុត្រាបុត្រីរបស់ទ្រង់ ដែលជាសិស្សរបស់យើង ។ យើងមានទឹកចិត្តបង្រៀន ដោយសារការតាំងចិត្តរបស់យើងដើម្បីបង្កើនសមត្ថភាពរបស់ពួកគេដើម្បីស្ដាប់ និងធ្វើតាមទ្រង់ ដែលជាព្រះអង្គសង្គ្រោះរបស់យើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង ហើយអធិស្ឋានសូមឲ្យពរជ័យរបស់ទ្រង់កើតមានដល់ពួកយើង កាលយើងឈានទៅមុខ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕