សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ការបង្រៀន​អំពី​សាសនា​ដល់​យុវវ័យ និង​យុវមជ្ឈិមវ័យ - ការពិភាក្សា​ជា​ក្រុម


33:13

ការបង្រៀន​អំពី​សាសនា​ដល់​យុវវ័យ និង​យុវមជ្ឈិមវ័យ - សុន្ទរកថា​បើក

ការពិភាក្សា​ផ្នែកទី II – ប្រធាន​អូក, ឆាត វិប, អ័ដាម ស្ម៊ីធ

ប្រធាន ដាល្លិន អេក អូក ៖ប្អូនប្រុស​វិប រីករាយ​ណាស់​ដែលបាន​នៅ​ជាមួយ​ប្អូន ។ ប្អូនប្រុស ស្ម៊ីធ ។ តោះ​យើង​ចាប់ផ្ដើម ។

បងប្រុស ឆាត វិប ៖មែនហើយ សូម​អរគុណ ។ យើង​រំភើប​ចិត្ត​ដែលបាន​នៅ​ជាមួយ​ប្រធាន​នៅ​ថ្ងៃនេះ ។ ហើយ​សូម​អរគុណ​ចំពោះ​សារលិខិត​ដ៏អស្ចារ្យ​នោះ ។ តាមពិត​ទៅ ការស្ដាប់​នូវ​ការប្រឹក្សា​របស់​ប្រធាន​ធ្វើឲ្យ​យើង​មាន​សំណួរ​ខ្លះៗ ដែល​យើង​ចង់​លើកយក​មក​ជជែក​គ្នា ។ ហើយ​យើង​ចាប់ផ្ដើម​ជាមួយ​សំណួរ​នេះ ​ដោយសារ​ប្រធាន​និយាយ​អំពី​ក្ដីស្រឡាញ់​ចំពោះ​សិស្ស​របស់​យើង ហើយ​ផ្នែក​មួយ​នៃ​ការស្រឡាញ់​សិស្ស​របស់​យើង​គឺជា​ការបង្រៀន​ពួកគេ​អំពី​ដំណឹងល្អ និង​ការជួយ​ពួកគេ​ឲ្យ​យល់ពី​ការណ៍​ទាំងនោះ ដែល​មាន​តម្លៃ​បំផុត ។ តើ​យើង​អាច​ប្រាកដ​ដោយ​របៀប​ណា​ទៅ ថា​ក្នុង​ចំណោម​ការណ៍​ជាច្រើន​ខុសៗ​គ្នា​ដែល​យើង​អាច​បង្រៀន ថា​យើង​ដាក់​អាទិភាព​លើ​អ្វី​ដែល​នឹង​មាន​គុណតម្លៃ​បំផុត​ចំពោះ​សិស្ស​របស់​យើង​នោះ ?

ប្រធាន អូក ៖អ្វី​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​របស់​យើង​ពិសេស​នោះ​គឺ ការទទួល​ខុសត្រូវ​ខាង​វិញ្ញាណ​របស់​យើង ដើម្បី​ស្វែងរក​ការរៀនសូត្រ​មិនមែន​តែ​ដោយ​ការសិក្សា​ប៉ុណ្ណោះ​នោះទេ ប៉ុន្ដែ​ដោយ​សេចក្ដី​ជំនឿ​ផងដែរ ។

បងប្រុស អ័ដាម ស្ម៊ីធ ៖ពេល​ខ្ញុំ​គិត​ពី​ការណ៍​ទាំងឡាយ​ដែល​យើង​អាច​បង្រៀន​សិស្ស​របស់​យើង ដែល​មាន​គុណតម្លៃ​ខ្លាំង​បំផុត​នោះ ខ្ញុំ​ចង់​ចែកចាយ​ការបង្រៀន​មួយ​មកពី​ប្រធាន​អាវរិង ដែល​​ខ្ញុំចង់​ចែកចាយ ។ ប្រធាន អាវរិង បាន​ថ្លែង​ថា « គ្រប់​សេចក្តីពិត​ទាំងអស់​ដែល​អាច​បាន​បញ្ជាក់​នៅក្នុង​បណ្តុំ​បទគម្ពីរ​នេះ តើ​បណ្តុំ​បទគម្ពីរ​មួយ​ណា ដែល​នឹង​ជួយ​សិស្ស​របស់ខ្ញុំ​ឲ្យខិត​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ ហើយ​នាំ​ទៅរក​សេចក្តី​សង្គ្រោះ​បាន ? » រួចហើយ​ប្រធាន អាវរិង បាន​ពោល​ថា « នៅពេល​អ្នក​រៀបចំ​មេរៀន​មួយ សូម​រកមើល​គោលការណ៍​ទាំងឡាយ​ស្តីពី​ការផ្លាស់​ប្រែចិត្ត​ជឿ​ដែល​មាន​នៅក្នុង​នោះ ។ … គោលការណ៍​ផ្លាស់ប្រែ​ចិត្តជឿ​គឺជា​គោលការណ៍​មួយ ដែល​នាំ​ទៅរក​ការគោរព​ប្រតិបត្តិ​តាម​ព្រះទ័យ​របស់​ព្រះ » ។ អ្វី​ដែល​ខ្ញុំ​ទាញ​ចេញពី​ការបង្រៀន​ដ៏អស្ចារ្យ​របស់​ប្រធាន​អាវរិង​នេះ​គឺ​ថា អ្វីៗ​ទាំងឡាយ​ដែល​មាន​គុណតម្លៃ​ខ្លាំង​បំផុត​ចំពោះ​សិស្ស​របស់​យើង នឹង​ភ្ជាប់​ពួកគេ​តាម​របៀប​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ​ទៅនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រូវ​បង្រៀន​អ្វីៗ​ទាំងនោះ ដែល​នឹង​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍ និង​យល់ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ជាពិសេស​សេចក្ដីពិត​ដែល​ទាក់ទង​ទៅនឹង​ភាពពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន និង​ការរស់​ឡើងវិញ​របស់​ទ្រង់—ហើយ​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​តាម​វិធី​ជាក់ស្ដែង​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល ជួយ លួងលោម និង​សម្អាត​ពួកគេ ។ ខ្ញុំ​គិតថា ទាំងនោះ​ជា​រឿង​ដ៏សំខាន់​បំផុត ដែល​យើង​អាច​ផ្ដោតលើ​បាន ។

ប្រធាន អូក ៖វា​មាន​អានុភាព​ខ្លាំង និង​ពិត ។

បងប្រុស វិប៖ សូម​អរគុណ ។ ហើយ​វា​ភ្ជាប់​យ៉ាងល្អ​ទៅនឹង​គំនិត​នៃ​ការធ្វើឲ្យ​ប្រាកដ​ថា ពួកគេ​រៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ—ថា​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ រួចហើយ​មាន​ការបញ្ជាក់​នោះ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ការណ៍​ទាំងឡាយ​ដែល​ពួកគេ​កំពុង​រៀន និង​រស់នៅ​តាម​គឺ​ពិតជា​មកពី​ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌​មែន ។ សូម​អរគុណ ។ ប្រធាន លោក​ក៏​បាន​លើកឡើង​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​យើង​ផងដែរ ។ ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​សេចក្ដីពិត​បន្ថែម​អ្វីខ្លះ ដែល​ទាក់ទង​ទៅនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ឥទ្ធិពល ព្រមទាំង​តួនាទី​របស់​ទ្រង់​នៅក្នុង​ថ្នាក់រៀន​របស់​យើង ដែល​លោក​ចង់​ចែកចាយ​ជាមួយ​យើង ។

ប្រធាន អូក ៖ខ្ញុំ​គិត​ថា គន្លឹះ​នៃ​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ ការទទួល​ទាន​សាក្រាម៉ង់ ។ ដោយសារ​យើង​មាន​ការសន្យា​មួយ​ក្នុង​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ថា យើង​នឹង « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង [ យើង ] ជា​ដរាប » ។ នោះ​គឺជា​មូលដ្ឋាន​គ្រឹះ ។

បងប្រុស វិប ៖ប្រធាន​ដឹង​ទេ ខ្ញុំ​ពេញចិត្ត​ដែល​ប្រធាន​ថ្លែង​ពី​ការណ៍​នេះ ។ ខ្ញុំ​នឹក​ចាំ​ដល់​កាល​ខ្ញុំ​នៅជា​គ្រូបង្រៀន​វ័យក្មេង ខ្ញុំ​បាន​ចំណាយពេល​រាប់ខែ ដើម្បី​សិក្សា​គោលការណ៍​នានា​ដែល​គ្រប់គ្រង​ការយាង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​ខ្ញុំ​គិត​ថា នោះ​ពិតជា​ឱកាស​ដ៏ល្អ​មួយ ដែល​យើង​ទាំងអស់គ្នា​មាន​ដើម្បី​បន្ដ​សិក្សា​ការណ៍​នោះ ។ តែ​ការណ៍​ដ៏សំខាន់​បំផុត​មួយ​ដែល​ខ្ញុំ​រកឃើញ​គឺ អ្វី​ដែល​ប្រធាន​ទើប​មាន​ប្រសាសន៍ ៖ ថា​ការអធិស្ឋាន​សាក្រាម៉ង់​ចែង​ថា បើ​យើង​ចងចាំ​ទ្រង់​ជានិច្ច នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង​យើង ។ ហើយ​វា​មិន​គ្រាន់តែ​នៅ​អំឡុង​ម៉ោង​សាក្រាម៉ង់ ឬ​ថ្ងៃ​អាទិត្យ​នោះទេ ប៉ុន្ដែ​ជានិច្ចកាល—រួមទាំង​នៅក្នុង​ថ្នាក់រៀន​របស់​យើង​ផងដែរ ។ បើ​យើង​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ—កាល​យើង​ចងចាំ​ទ្រង់ ទុក​ទ្រង់​ជា​គំរូ​នៃ​របៀប​រស់នៅ​តាម​ដំណឹងល្អ ហើយ​ទាញយក​ព្រះចេស្ដា និង​ការបង្រៀន​របស់​ទ្រង់—នៅពេល​យើង​ចងចាំ​ទ្រង់ នោះ​យើង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ក្នុង​បទពិសោធន៍​រៀនសូត្រ​នោះ​ហើយ ។ ខ្ញុំ​គិតថា ការទទួល​ខុសត្រូវ ឬ​តួនាទី​ចម្បង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​នៃ​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​អង្គ​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ដូច្នេះ បើ​យើង​ចង់​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​មកក្នុង​ថ្នាក់រៀន​របស់​យើង នោះ​យើង​ផ្ដោតលើ​ការណ៍​ទាំងឡាយ​ដែល​ទ្រង់​នឹង​ថ្លែង​ទីបន្ទាល់ ។ ហើយ​ខ្ញុំ​ស្រឡាញ់​កិច្ចការ​នោះ ។ សូម​អរគុណ ។

ប្រធាន អូក ៖ហើយ​ប្រធាន​ណិលសុន​បាន​បញ្ជាក់ពី​សារៈសំខាន់​នៃ​ការណ៍​នោះ កាលពីពេល​ថ្មីៗ​នេះ​តាម​ពាក្យពេចន៍​ទាំងនេះ ។ លោក​បាន​ថ្លែង​ថា « នៅពេល​ខាងមុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេនោះ » ។​

បងប្រុស វិប៖ សូម​អរគុណ ។ មែនហើយ ខ្ញុំ​ពិតជា​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​បាន​ថ្លែង ហើយ​វា​នាំឲ្យ​ខ្ញុំ​សួរ​សំណួរ​នេះ ៖ យើង​បាន​ជជែកគ្នា​បន្ដិចហើយ​អំពី​អ្វី​ដែល​គ្រូបង្រៀន​ត្រូវ​ដាក់​អាទិភាព តាម​របៀប​មួយ​ដែល​នឹង​យាង​​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​យើង​ជួយ​សិស្ស​របស់​យើង​ឲ្យ​ដាក់​អាទិភាព​លើ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ?

ប្រធាន អូក ៖កាល​ខ្ញុំ​គិត​អំពី​រឿង​នោះ​នៅ​ជំនាន់​នេះ គ្រា​ដែល​មាន​ឥទ្ធិពល​ខាង​លោកិយ​យ៉ាង​ខ្លាំង​នៅជុំវិញ​ខ្លួន​យើង និង​សិស្ស​របស់​យើង នោះ​ខ្ញុំ​គិត​ថា យើង​ត្រូវ​ចងចាំ​ថា អ្វីៗ​ក្នុង​ពិភពលោក​នេះ—របស់​របរ​ដែល​ពិភពលោក​នេះ​ឲ្យ​តម្លៃ មិន​ថា​អ្វី​នោះទេ—វា​មាន​តម្លៃ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ ពេលវេលា​កន្លង​ទៅ វា​មាន​សារៈសំខាន់​តិចទៅៗ តិចជាង​គោលការណ៍​ដែល​ចាំបាច់ ដើម្បី​រៀនពី​គោលបំណង​នៃ​ជីវិត​នេះ និង​ជោគវាសនា​របស់​យើង​នៅក្នុង​ភាពអស់កល្ប ។ តើ​ប្អូន​នឹង​បន្ថែម​អ្វីខ្លះ​ត្រង់​ចំណុច​នេះ ប្អូនប្រុស ស្ម៊ីធ ?

បងប្រុស ស្ម៊ីធ ៖ប្រធាន អូក កាលដែល​ប្រធាន​បង្រៀន​ពី​ការណ៍​នេះ ស្រាប់តែ​មាន​ខគម្ពីរ​មួយ​ដែល​លេចឡើង​ក្នុង​គំនិត​ខ្ញុំ នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើការ​អធិស្ឋាន​ដ៏ពិសិដ្ឋ មុនពេល​ទ្រង់​យាងចូល​សួនច្បារ​គែតសេម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ថា « នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏ជា​ព្រះ​ពិត​តែ ១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។​ ខ្ញុំ​គិត​ថា បើ​យើង​ជួយ​សិស្ស​របស់​យើង​ឲ្យ​យល់​ថា ពួកគេ​ត្រូវ​កំណត់​ថា តើ​ពួកគេ​នឹង​ចំណាយ​ពេលវេលា​របស់​ខ្លួន​នៅ​កន្លែង​ណា ហើយ​តើ​ពួកគេ​គួរ​យកចិត្ត​ទុកដាក់​ត្រង់​ណា តើ​ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង និង​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ? ហើយ​ខ្ញុំ​សូម​បញ្ចូល​គំនិត​មួយ​ទៀត​ទៅក្នុង​ការណ៍​នេះ គឺជា​អ្វីមួយ​ដែល​ប្រធាន​បាន​បង្រៀន​យើង​នៅក្នុង​សន្និសីទ​ទូទៅ​នាពេល​ថ្មីៗ​នេះ ប្រធាន​អូក ហើយ​ការណ៍​នោះ​គឺ​ត្រូវ​សួរ​សំណួរ​ថា « តើ​ការណ៍​នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ? » ហើយ​សូម​គិត​ដល់​សំណួរ​នោះ​នៅក្នុង​បរិបទ​នេះ « តើ​ការណ៍​នេះ​ដឹកនាំ​ខ្ញុំ​ទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ? តើ​ការណ៍​នេះ​ដឹកនាំ​ខ្ញុំ​ឲ្យ​បំពេញ​តាម​អត្តសញ្ញាណ ឬ​គោលបំណង​ដ៏ទេវភាព​របស់​ខ្ញុំ​ដែរ​ឬទេ ? » ហើយ​ខ្ញុំ​គិត​ថា វា​នឹង​ផ្ដល់​តម្រង​មួយ​ដ៏មាន​អានុភាព​សម្រាប់​ពួកយើង​ម្នាក់ៗ ។ ហើយ​យើង​អាច​ជួយ​សិស្ស​របស់​យើង​ឲ្យ​យល់​ផងដែរ​ពី​តម្រង​នេះ​នៅក្នុង​ជម្រើស​របស់​ពួកគេ ដើម្បី​ចំណាយ​ពេល​របស់​ពួកគេ​នៅ​កន្លែង​ណាមួយ និង​អ្វី​ដែល​ពួកគេ​មើល ឬ​ស្ដាប់ ឬ​សម្លឹង​មើល ។ ពួកគេ​ត្រូវតែ​ធ្វើការ​ជ្រើសរើស​ដោយ​ខ្លួនឯង ។ ប៉ុន្ដែ បើ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​សួរ​ថា « តើ​ការណ៍​នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ហើយ​តើ​វា​នឹង​ដឹកនាំ​ខ្ញុំ​ឲ្យទៅ​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ? »

ប្រធាន អូក ៖អូ ចំណុច​នេះ​សំខាន់​ខ្លាំងណាស់ ហើយ​វា​រឹតតែ​សំខាន់​ទៅទៀត​ដើម្បី​ដឹង​ថា តើ​សិស្ស​របស់​យើង​ទាំងអស់​បាន​យល់ពី​គោលការណ៍​នោះ​ដែរ​ឬអត់ ។

បងប្រុស វិប ៖ហើយ​ដើម្បី​ឲ្យ​គ្រូបង្រៀន​គូស​បញ្ជាក់​ពី​ការណ៍​នោះ និង​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​ទាំងនោះ ដើម្បី​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យមក​បញ្ជាក់​ពី​សារៈសំខាន់​នេះ—មិនមែន​គ្រាន់តែ​សេចក្ដីពិត​ពេញលេញ​នោះទេ ប៉ុន្ដែ​ជា​សារៈសំខាន់​នៃ​គោលការណ៍​ទាំងនោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ បើ​ខ្ញុំ​អាច ខ្ញុំ​ចង់​បន្ថែម​ផងដែរ វាជា​គំនិត​នៃ​ភាពទាក់ទង​គ្នា ។ ខ្ញុំ​គិត​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​អញ្ជើញ​សិស្ស​ឲ្យ​រកឃើញ​ភាពទាក់ទង​គ្នា​នៃ​គោលការណ៍​ទាំងនោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពេលខ្លះ ខ្ញុំ​គិត​ថា យើង​និយាយ​អំពី​រឿង​ទាំងនេះ​ដើម្បី​តែ​ប្រជែង​នឹង​ពេលវេលា ឬ​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ ។ ហើយ​ពេលខ្លះ យើង​ពិតជា​ត្រូវ​ដាក់​អាទិភាព​លើ​អ្វី​ដែល​មាន​តម្លៃ​បំផុត ។ តែ​ខ្ញុំ​គិត​ថា យើង​ក៏អាច​ជួយ​ពួកគេ​ឲ្យ​យល់ពី​របៀប​ដែល​ដំណឹងល្អ​ដើរ​តួនាទី​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ផងដែរ ។ ឧទាហរណ៍ ខ្ញុំ​បាន​រៀន កាល​ខ្ញុំ​នៅជា​សិស្ស​ថា បើ​ខ្ញុំ​រក្សា​ថ្ងៃឈប់​សម្រាក​ទុកជា​បរិសុទ្ធ ហើយ​បើ​ខ្ញុំ​សិក្សា​ព្រះគម្ពីរ​ពីមុន​ខ្ញុំ​សិក្សា​អ្វីផ្សេង នោះ​ខ្ញុំ​ពិតជា​សិស្ស​ដ៏ប្រសើរ​ម្នាក់ ជាជាង​ព្យាយាម​បំបែក​ការណ៍​ទាំងនោះ ហើយ​និយាយ​ថា « ខ្ញុំ​នឹង​ចំណាយ​ពេល​លើ​រឿង​ខាង​វិញ្ញាណ រួចហើយ​ខ្ញុំ​នឹង​ចំណាយ​ពេល​លើ​រឿង​ខាង​លោកិយ » ។ ប៉ុន្ដែ​នៅគ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ខ្ញុំ ពេល​ខ្ញុំ​ដាក់​បញ្ចូល​ព្រះវរបិតាសួគ៌—ពេល​ខ្ញុំ​យាង​ព្រះវិញ្ញាណ​របស់​ទ្រង់​ឲ្យ​ជួយ​ខ្ញុំ—ពេលនោះ ទោះជា​រឿង​ដែល​សិស្ស​របស់​យើង​អាច​មើលទៅ​ថា​ជា​រឿង​ខាង​សាច់ឈាម​ជាង​ក្ដី ក៏​ពួកគេ​មើលឃើញ​ពី​ភាពទាក់ទង​គ្នា​នៃ​ដំណឹងល្អ​នៅក្នុង​អ្វីៗ ដែល​ពួកគេ​ព្យាយាម​ដើម្បី​សម្រេច​បាន​នៅក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ ។ ជាជាង​ការប្រជែង​នឹង​ពេលវេលា​របស់​ពួកគេ នោះ​ពួកគេ​ដាក់​វា​ចូលគ្នា ។

ប្រធាន អូក ៖ហើយ​យើង​ចងចាំ​ថា ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា ទ្រង់​មិន​ដែល​ប្រទាន​ព្រះបញ្ញត្តិ​ខាង​សាច់ឈាម​ឡើយ ។ រាល់​ព្រះបញ្ញាត្តិ និង​ការណែនាំ​ទាំងអស់​របស់​ទ្រង់​គឺជា​រឿង​ខាង​វិញ្ញាណ ។

បងប្រុស ស្ម៊ីធ ៖គំនិត​មួយ​ទៀត​ដែល​ខ្ញុំ​មាន នៅពេល​លោក​កំពុង​តែ​លើកឡើង​ពី​រឿង​នេះ​គឺ​ថា—យ៉ាង​ហោចណាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​របស់​យើង—ក៏មាន​កម្មវិធី​កុមារ និង​យុវវ័យ​របស់​សាសនាចក្រ​ដែរ ។ នោះ​ជា​របៀប​ដ៏មាន​អានុភាព​មួយ​ដើម្បី​ធ្វើឲ្យ​ដំណឹងល្អ​ទាក់ទង​នឹង​យើង ហើយ​ដាក់​គោលដៅ​ជាក់ស្ដែង​ដើម្បី​អនុវត្ត​តាម​ដំណឹងល្អ ដើម្បី​ជួយ​យើង​ក្នុង​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​របស់​យើង ដើម្បី​ព្យាយាម​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន អូក ៖ ពិតណាស់ ។ ឥឡូវ​នេះ ខ្ញុំ​ចង់​សួរ​សំណួរ​មួយ​ទៅ​បុរស​ពីរនាក់ ដែល​ជា​គ្រូបង្រៀន​សាសនា​ដែល​មាន​វិជ្ជាជីវៈ ៖ តើ​លោក និង​សហការី​របស់​លោក​បាន​រៀន​អ្វីខ្លះ អំពី​ការបង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំឡុងពេល​ជំងឺ​រាតត្បាត ដែល​យើង​ទាំងអស់​គ្នា​កំពុងតែ​ដក​ពិសោធន៍​នេះ ?

បងប្រុស ស្ម៊ីធ ៖ដំបូង ខ្ញុំ​សូម​និយាយ​ថា យើង​បាន​រៀន—ខ្ញុំ​គិត​ថា យើង​ត្រូវបាន​រំឭក ហើយ​វា​ត្រូវបាន​គូស​បញ្ជាក់—ថា​យើង​មាន​គ្រូបង្រៀន​ដ៏អស្ចារ្យ ថា​ពួកគេ​ពិតជា​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​សិស្ស ហើយ​ពួកគេ​បាន​ធ្វើ​អ្វីៗ​លើសពី​ការរំពឹង​ទុក ហើយ​យើង​ពិតជា​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ។ ខ្ញុំ​គិត​ផងដែរ​ថា ជំងឺ​រាតត្បាត​នេះ​បាន​សង្កត់ធ្ងន់​លើ​ធាតុ​នៃ​ការងារ​បម្រើ ដែល​មាន​នៅក្នុង​ការបង្រៀន​ដំណឹងល្អ ។ ខ្ញុំ​គិត​ថា យើង​បាន​មាន​ការប្រសើរ​ឡើង​ខាង​ការស្ដាប់​សិស្ស ខាង​ការកំណត់​ពី​តម្រូវការ និង​សមត្ថភាព​របស់​ពួកគេ ហើយ​បំពេញ​តាម​តម្រូវការ​នោះ ហើយ​ស្រឡាញ់​ពួកគេ​ជា​ពួកគេ ហើយ​ស្វែងរក​វិធី​ច្នៃ​ប្រឌិត​ផ្សេងៗ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មក​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ក៏គិត​ដែរ​ថា នៅក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ ជាពេល​ដែល​មាន​ការលំបាក​ជាច្រើន យើង​ឃើញ​ថា ជំនួយ​ដ៏ទេវភាព​បាន​ជួយ​ដល់​គ្រូបង្រៀន ដែល​ពិតជា​ព្យាយាម​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​សិស្ស​របស់​ពួកគេ ហើយ​ធ្វើ​អស់ពី​សមត្ថភាព​របស់​ពួកគេ ។

បងប្រុស វិប ៖ខ្ញុំ​គិត​ថា លោក​និយាយ​បាន​ល្អ​ខ្លាំងណាស់ ។ ខ្ញុំ​គ្រាន់តែ​ចង់​ថ្លែង​អំណរគុណ និង​បន្ថែម​នូវ​ការកោត​សរសើរ​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ លោក​ដឹង​ទេ យើង​មាន​គ្រូបង្រៀន​ដែល​កំពុង​ព្យាយាម​បង្រៀន​ដោយ​ផ្ទាល់ និង​កំពុង​រៀន​ដើម្បី​បង្រៀន​តាម​អនឡាញ ។ ពួកគេ​ពាក់​ម៉ាស ដែល​ពេលខ្លះ​វា​មិន​ស្រួល​នោះ​ទេ ។ ពួកគេ​ប្រថុយ​ប្រថាន​នៅពេលខ្លះ ហើយ​ធ្វើ​វា​ប្រកប​ដោយ​ក្ដីស្រឡាញ់​ដ៏ធំធេង​សម្រាប់​សិស្ស​របស់​ពួកគេ និង​សម្រាប់​ព្រះវរបិតា​សួគ៌​ជាមួយ​នឹង​ការតាំងចិត្ត​ដ៏មុតមាំ​បែប​នោះ ។ ខ្ញុំ​គ្រាន់តែ​ចង់​ថ្លែង​អំណរគុណ​ដល់​បងប្អូន សម្រាប់​ការលះបង់ និង​កិច្ចខិតខំ​ទាំងអស់ ដើម្បី​ធ្វើ​វា​អំឡុង​គ្រា​ដ៏លំបាក​ខ្លាំង​នេះ ។

ប្រធាន អូក ៖ខ្ញុំ​សូម​ចូលរួម​ផងដែរ ជំនួស​មុខ​ឲ្យ​គណៈប្រធាន​ទីមួយ ខ្ញុំ​សូម​អរគុណ​ដល់​អ្វី​ដែល​លោក​ទើប​បាន​មាន​ប្រសាសន៍​នេះ ។ យើង​ស្រឡាញ់​បងប្អូន​ប្រុសស្រី​ទាំងអស់​គ្នា ដែល​បង្រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់​យើង នៅក្នុង​ការបង្រៀន​ខាង​សាសនា នៅក្នុង​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ ។

បងប្រុស វិប ៖សូម​អរគុណ វា​មាន​អត្ថន័យ​ខ្លាំងណាស់ ។ សំណួរ​មួយ​ទៀត​ដែល​ខ្ញុំ​រំភើប​ចង់​សួរ​ប្រធាន ដោយសារ​តែ​អ្វីមួយ​ដែល​ប្រធាន​បាន​បង្រៀន​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀត ៖ ហេតុអ្វី​បានជា​វា​សំខាន់ ដែល​យើង​ត្រូវ​បង្រៀន​គោលការណ៍ ហើយ​មិនមែន​ច្បាប់​វិន័យ ?

ប្រធាន អូក ៖ខ្ញុំ​រីករាយ​ដែល​លោក​បានសួរ​សំណួរ​នេះ ។ វា​ជា​សំណួរ​មួយ​ដែល​ខ្ញុំ​ពេញចិត្ត ។ នៅក្នុង​កូឡោន​ដ៏សំខាន់​មួយ​នៅក្នុង​សារព័ត៌មាន Church Newsបងប្រុស ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​របស់​យើង បាន​ថ្លែង​អំពី​ប្រធានបទ​នេះ​ដូច្នេះ ៖ « ទីមួយ ជារឿយៗ ច្បាប់​វិន័យ​មាន​កម្រិត​ត្រឹម​ស្ថានភាព​ជាក់លាក់​មួយ ឬ​ប្រហែល​ពីរបី ខណៈដែល​ជាទូទៅ​គោលការណ៍​មាន​ការអនុវត្ត​ទូលំទូលាយ​ខ្លាំង​ជាង ។ ទីពីរ គោលការណ៍​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ ដែល​ធ្វើឲ្យ​សិទ្ធិ​ជ្រើសរើស​មាន​ដល់​កម្រិត​អតិបរមា ខណៈ​ច្បាប់​វិន័យ​ទំនង​ជា​ធ្វើ​ឲ្យ​សិទ្ធិ​ជ្រើសរើស​ធ្លាក់​ដល់​កម្រិត​អប្បបរមា តាមរយៈ​ការដាក់​កំហិត ពេលខ្លះ​ថែមទាំង​ដឹកមុខ​ជម្រើស​របស់​យើង​ទៀតផង » ។ ខ្ញុំ​សូម​បន្ថែម​ត្រង់​នេះ​ថា ព្រះអង្គ​សង្គ្រោះ​ដាក់​ជំនួស​ក្រឹត្យវិន័យ​ម៉ូសេ ដែល​ដឹកនាំ​តាម​ច្បាប់​វិន័យ ដោយ​ច្បាប់​ជាន់ខ្ពស់​របស់​ព្រះគ្រីស្ទ ដែល​ដឹកនាំ​តាម​គោលការណ៍ ។ បងប្រុស​ខាលីស្ទើរ​បាន​បរិយាយ​អំពី​គោលការណ៍​នោះ​ដូច​តទៅ​នេះ ។ លោក​ពោល​ថា « គោលការណ៍​ត្រូវគ្នា​នឹង​ច្បាប់​ជាន់ខ្ពស់ រីឯ​ច្បាប់​វិន័យ​ត្រូវ​នឹង​ច្បាប់​ជាន់ទាប ។ ការផ្ដោត​ដ៏ឥត​ឈប់ឈរ​របស់​យើង​គួរតែ​ជា ការបង្រៀន​គោលការណ៍​ខាង​គោលលទ្ធិ ។ ហេតុអ្វី​ទៅ ? ពីព្រោះ​គោលការណ៍​មាន​សមត្ថភាព​យ៉ាង​មហិមា​ដើម្បី​លើកស្ទួយ​យើង​ទៅ​កម្រិត​សេឡេស្ទាល ហើយ​នៅ​ទីបញ្ចប់ គោលការណ៍—មិនមែន​ច្បាប់​វិន័យ​ទេ—ដែល​នឹង​គ្រប់គ្រង​នៅក្នុង​នគរ​សេឡេស្ទាល » ។​ នោះ​ជា​ចុងបញ្ចប់​នៃ​សម្ដី​ដកស្រង់​នេះ ។

បងប្រុស វិប ៖ខ្ញុំ​ក៏​ស្ញប់ស្ញែង​ចំណុច​នេះ​ខ្លាំង​ផងដែរ ។ មាន​អត្ថប្រយោជន៍​មួយ​ទៀត​ទៅលើ​ចំណុច​នេះ ។ ខ្ញុំ​ទើបបាន​ជួប​នឹង​គ្រូបង្រៀន​មួយ​ក្រុម​ថ្មីៗ​នេះ ដែល​ប្រាប់​ខ្ញុំ​ថា នៅក្នុង​ថ្នាក់រៀន​របស់​ពួកគេ វា​ហាក់​ដូចជា​មាន​ការកើន​ឡើង—ពួកគេ​ប្រើ​ពាក្យ « ការទាស់​ទែង​គ្នា » ពេល​សិស្ស​សួរ​សំណួរ​ច្រើន ហើយ​មាន​ទស្សនៈ និង​ការយល់ដឹង​ខុសៗ​គ្នា ។ ហើយ​ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ប្រធាន​ទើប​បាន​បង្រៀន​យើង​នេះ ដោយសារ​វា​នាំខ្ញុំ​ត្រឡប់​ទៅ​ការសន្ទនា​នោះ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា របៀប​មួយ​ដែល​យើង​ដោះស្រាយ​ការណ៍​នោះ គឺ​មិនមែន​តាមរយៈ​ការបង្រៀន​ការអនុវត្ត​នោះទេ ព្រោះ​ពួកគេ​នឹង​ជជែក​វែកញែក​ពី​ការអនុវត្ត​របស់​ពួកគេ​តាម​កាលៈទេសៈ​របស់​ពួកគេ ប៉ុន្ដែ​តាមរយៈ​ការបង្រៀន​គោលការណ៍​ដំណឹងល្អ​វិញ ។ ការទៅ​ប្រធានបទ​ពីដំបូង—ការបង្រៀន​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បង្រៀន​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​អនុញ្ញាត​ឲ្យ​មាន​ការអនុវត្ត​ផ្ទាល់ខ្លួន ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន អូក ៖ និយាយ​បាន​ល្អ​ណាស់ ។

បងប្រុស វិប ៖ខ្ញុំ​គិត​ថា នោះ​ជា​រឿង​ជាក់ស្តែង និង​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​អ្វី​ដែល​យើង​ព្យាយាម​ធ្វើ ប្រធាន ។ សូម​អរគុណ ។ ប្អូនប្រុស ស្ម៊ីធ តើ​ប្អូន​ចង់​បន្ថែម​អ្វីខ្លះ​ត្រង់​ចំណុច​នេះ ?

បងប្រុស ស្ម៊ីធ ៖មែនហើយ ខ្ញុំ​គិត​ថា វា​ស្រដៀងគ្នា​នឹង​អ្វី​ដែល​លោក​បាន​សង្កត់ធ្ងន់​ដែរ បងប្រុស​វិប ។ ដូចគ្នា​ដែរ តាមរយៈ​ការបង្រៀន​គោលការណ៍​ជំនួសឲ្យ​ការអនុវត្ត នោះ​យើង​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ក្នុងនាម​ជា​ភ្នាក់ងារ​ម្នាក់​ក្នុង​ដំណើរការ​រៀនសូត្រ នៅក្នុង​ការរីក​ចម្រើន​របស់​ពួកគេ​ផ្ទាល់—ដើម្បី​ឲ្យ​ពួកគេ​ទទួលយក​គោលការណ៍​មួយ អាច​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន អាច​សិក្សា​ពី​វា​បន្ថែម​ទៀត​សម្រាប់​ខ្លួន​ពួកគេ ហើយ​កំណត់​ពី​ជំហាន​ដ៏ល្អ​បំផុត​ដើម្បីឲ្យ​ពួកគេ​បោះ​ទៅមុខ កាលដែល​ពួកគេ​អនុវត្ត​តាម​គោលការណ៍​នោះ​ចំពោះ​កាលៈទេសៈ​ផ្ទាល់ខ្លួន ។

បងប្រុស វិប៖ សូម​អរគុណ ។ បន្ទាប់មក សំណួរ​តាមដាន​សាមញ្ញ​មួយ​គឺ​ថា « ដោយ​មាន​ឥទ្ធិពល​ទាំងអស់​នេះ—ដោយ​មាន​សំឡេង​ទាំងឡាយ​ក្នុង​ពិភពលោក​នេះ—តើ​យើង​ជួយ​សិស្ស​របស់​យើង​ឲ្យ​ស្វែងរក​ផ្លូវ​ឆ្លងកាត់​ឥទ្ធិពល​ដ៏ច្រើន​នេះ​នៅក្នុង​សង្គម​តាម​របៀប​ណា​ទៅ ? »

ប្រធាន អូក ៖យើង​ត្រូវ​យល់​ថា អារក្ស​គឺជា​បិតា​នៃ​សេចក្ដី​កុហក—ព្រះគម្ពីរ​ចែង​ថា​វាជា « អ្នក​កុហក​ចាប់តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ »​ គម្ពីរ​បាន​សរសេរ​ថា ។ ការថ្លែង​ពាក្យ​កុហក​ដ៏ឆ្លាតវៃ​របស់​វា គឺ​ការលាយឡំ​ពាក្យ​កុហក​នោះ​ជាមួយ​នឹង​ការពិត ។ ដូច្នេះហើយ វា​ទាក់ទាញ និង​ចម្លង​ឲ្យ​មនុស្ស​ល្អៗ​ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​ការលាយឡំ​ការពិត និង​ការកុហក​របស់​វា​នេះ ។ ជាលទ្ធផល នៅក្នុង​ចំណោម​រឿង​ដ៏មាន​តម្លៃ​បំផុត ដែល​យើង​អាច​ព្យាយាម​រៀនសូត្រ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ គឺ​ការបង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ដឹង​ថា​អ្វី​គឺ​ពិត—និង​អ្វី​ដែល​មិន—ពិត ។

បងប្រុស ស្ម៊ីធ ៖តាម​របៀប​ស្រដៀង​គ្នា​នេះដែរ នៅក្នុង​ការលាយឡំ​ការពិត និង​ការកុហក​នេះ អារក្ស​ក៏ដក​ចេញ​សេចក្ដីពិត​ពី​បរិបទ​ដ៏អស់កល្ប និង​ពី​ទីតាំង​ដើម​របស់​វា​នៅក្នុង​ផែនការ​របស់​ព្រះ​ផងដែរ ។ វា​បង្កើន​លទ្ធភាព​ឲ្យ​សេចក្ដីពិត​អាច​អនុវត្ត​ខុស ឬ​យល់​ខុស ។ ឧទាហរណ៍ ទើបតែ​ពីរ​បី​នាទី​មុន​នេះ ប្រធាន​អូក ប្រធាន​បាន​បង្រៀន​យើង​យ៉ាង​ល្អ​អំពី​គោលការណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ទីតាំង​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​ផែនការ​របស់​ព្រះ—សារៈសំខាន់​ដើម្បី​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​យើង—ក្ដី​ស្រឡាញ់​នោះ​ពិតជា​កម្លាំង​ជំរុញ​ដល់​ព្រះរាជបំណង​របស់​ព្រះវរបិតាសួគ៌ ដើម្បី​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប ដែល​យើង​ដឹង​ថា វា​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​របស់​ព្រះ ។ ហើយ​វា​ជា​ក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ដែល​ជំរុញ​ឲ្យ​យើង​ស្រឡាញ់ និង​បម្រើ​ដល់​អ្នកដទៃ​ដោយ​មិន​គិត​ពី​ខ្លួនឯង ។ មែនហើយ ពេល​អារក្ស​បំបែក​គោលការណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​បរិបទ​របស់​វា​បាន​ដោយ​ជោគជ័យ នោះ​វា​ងាយ​នឹង​យល់ខុស​ណាស់ ។ ហើយ​នរណាម្នាក់​ដែល​យល់ខុស​អំពី​សេចក្ដី​ស្រឡាញ់ អាច​នឹង​ពួតដៃ​គ្នា​ក្នុង​បុព្វហេតុ​ខុសឆ្គង​នេះ ។ ពួកគេ​ថែមទាំង​អាច​ឃើញ​ថា ខ្លួនគេ​កំពុង​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ និង​ព្យាការី​របស់​ទ្រង់​ទៀតផង ដោយសារ​ការបំបែក​សេចក្ដីពិត​នោះ​ចេញពី​បរិបទ​ដ៏អស់កល្ប​របស់​វា ដែល​អាច​ដឹកនាំ​ទៅរក​ការក្លែង​បន្លំ ឬ​ការយល់​ខុស​បរិបទ ។ ហើយ​អារក្ស​ធ្វើ​ការណ៍​នោះ​ជាមួយ​នឹង​គោលការណ៍​ជាច្រើន​ទៀត ។

ប្រធាន អូក ៖យើង​ឃើញ​ភស្ដុតាង​ជាច្រើន​អំពី​ការណ៍​នោះ​ក្នុង​ពិភពលោក​ជុំវិញ​យើង​នេះ មែន​ទេ ? ប្អូនប្រុស វិប ក្នុងនាម​ជា​គ្រូបង្រៀន តើ​ប្អូន​ឆ្លើយ​តប​នឹង​សំណួរ​ទាក់ទង​នឹង​កង្វល់​របស់​សិស្ស​នាពេល​ថ្មីៗ​នេះ​ឲ្យ​បាន​ល្អ​យ៉ាង​ដូចម្ដេច​ទៅ ដូចជា​សំណួរ​ទាក់ទង​នឹង​ប្រធានបទ​ប្រវត្តិ​សាសនាចក្រ បញ្ហា​សហគមន៍​ភេទ​ខ្ទើយ សំណួរ​អំពី​របៀប​ដើម្បី​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​នេះ ជាដើម ? មាន​សំណួរ​ច្រើន​រាប់​មិន​អស់ ។ តើ​ប្អូន​ឆ្លើយនឹង​សំណួរ​ទាំងនោះ នៅក្នុង​បរិបទ​ថ្នាក់រៀន​ខាង​សាសនា​របស់​យើង​នេះ​យ៉ាង​ដូចម្ដេច​ទៅ ?

បងប្រុស វិប ៖នោះ​ពិតជា​សំណួរ​ដ៏ល្អ និង​ជា​អ្វីមួយ​ដែល​គ្រូបង្រៀន​ជួប​ជាញឹកញាប់ ។ ខ្ញុំ​ចង់​ចាប់ផ្ដើម​ដោយ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​សាវក​ប៉ុល​បាន​ណែនាំ​យើង​ឲ្យ​បង្រៀន ឬ​និយាយ​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ។ ពិតណាស់ យើង​ត្រូវ​បង្រៀន​ដំណឹងល្អ ។ យើង​ត្រូវ​បង្រៀន​ពី​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​សម័យ​ទំនើប ។ យើង​ត្រូវ​បង្រៀន​សេចក្ដីពិត ។ វា​មិនមាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​ត្រូវ​បង្រៀន​អ្វី​ដែល​មិន​ពិត​នោះ​ទេ ហើយ​ការណ៍​នោះ​ក៏​មិន​ដឹកនាំ​ទៅរក​សុភមង្គល​នោះដែរ ។ ប៉ុន្ដែ​ផ្នែក​ម្ខាង​ទៀត​នៃ​ការណ៍​នោះ—ខ្ញុំ​គិត​ថា វា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ៖ នៅពេល​លោក​និយាយ​ថា ឲ្យ​ធ្វើ​ការណ៍​នោះ​ដោយ​សេចក្ដី​ស្រឡាញ់ ដូច​ប្រធាន​បាន​លើកឡើង​ម្ដងទៀត​នា​រាត្រី​នេះ ។ ខ្ញុំ​គិត​ថា វា​សំខាន់​ដើម្បី​ចាប់ផ្ដើម​ដោយ​មាន​ទំនាក់ទំនង ។ មាន​ការស្រាវជ្រាវ​ជាច្រើន​ដែល​បាន​ធ្វើឡើង ដែល​បង្ហាញ​យើង​យ៉ាងច្បាស់​ថា ដើម្បី​ឲ្យ​សិស្ស​រៀនសូត្រ វា​ពឹងផ្អែក​ខ្លាំង​ទៅលើ​ទំនាក់ទំនង ។ ហើយ​សម្រាប់​ខ្ញុំ ទំនាក់ទំនង​ទាំងនោះ​ចាប់ផ្ដើម​ជាមួយ​នឹង​គ្រូបង្រៀន ដែល​ស្ម័គ្រចិត្ត​ស្ដាប់—ដើម្បី​យល់ច្បាស់​ពី​សិស្ស និង​ស្ថានភាព​របស់​ពួកគេ ហើយ​មាន​ចិត្ត​មេត្តា​ដើម្បី​ព្យាយាម​យល់ពី​តម្រូវការ​របស់​ពួកគេ ។ ខ្ញុំ​គិត​ថា វា​ក៏សំខាន់​ផងដែរ​ដើម្បី​ទទួល​ស្គាល់​ថា មនុស្ស​គ្រប់គ្នា​មាន​អ្វីមួយ​ដែល​អាច​ចូលរួម​ចំណែក​បាន ដែល​យើង​ឲ្យតម្លៃ—ថា​យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​ត្រូវការ​បទពិសោធន៍​របស់​គ្នា​ដើម្បី​រៀនសូត្រ​ពីគ្នា ។ ដូច្នេះ មាន​ចម្លើយ​ជាច្រើន​ដែល​ត្រូវ​ថ្លែង​អំពី​សំណួរ​នេះ ហើយ​ខ្ញុំ​ពេញចិត្ត​សំណួរ​នេះ ។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ វា​គឺ​អំពី​ការថ្លែងពី​សេចក្ដី​ពិត​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ការណ៍​នោះ​មាន​ន័យ​ថា ទំនាក់ទំនង​ដែល​ជួយ​មនុស្ស​ឲ្យ​ទុកចិត្ត​គ្នា និង​រៀន​ពីគ្នា ហើយ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យមក​រួមគ្នា​ក្នុង​បទពិសោធន៍​នោះ ។

ប្រធាន អូក ៖អ្វី​ដែល​ប្អូន​បាន​និយាយ​អំពី​ទំនាក់ទំនង​រំឭក​ខ្ញុំ​អំពី​ការអាន​សុន្ទរកថា​ដ៏អស្ចារ្យ​មួយ​នាពេល​ថ្មីៗ​នេះ ដោយ​ប្រធាន​ក្រុម​យុវជន​ទូទៅ​របស់​យើង ស្ទេវីន ជេ ឡាន់ នៅ​សន្និសីទ​ស្ដ្រី ប៊ី.វ៉ាយ.យូ. នាពេល​ថ្មីៗ​នេះ ។ គាត់​បាន​រៀបរាប់—សំដៅ​ទៅលើ​ទំនាក់ទំនង ថាជា​ឥទ្ធិពល​ដែល​ជំរុញ​ឲ្យ​យើង​អាច​ជួយ​បាន នៅក្នុង​ជីវិត​របស់​អស់​អ្នក​ដែល​ស្វែងរក​គំរូ​ល្អ និង​អ្នកបង្ហាត់ ។ គាត់​បាន​ថ្លែង​ថា អ្នកស្រាវជ្រាវ​របស់​យើង​បាន​រកឃើញ​ថា ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យុវវ័យ អិល.ឌី.អេស. អាស្រ័យ​យ៉ាងខ្លាំង​លើ​គុណភាព​នៃ​ទំនាក់ទំនង​របស់​ពួកគេ រួមមាន​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្ដាយ មិត្ត​វ័យ​ស្រករគ្នា និង​គ្រូបង្រៀន ។ ហើយ​ទំនាក់ទំនង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ទាំងនោះ​អភិវឌ្ឍ​បាន​ល្អបំផុត​នៅក្នុង​ថ្នាក់​សិក្ខាសាលា ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់​កូរ៉ុម ជា​កន្លែង​ដែល​ពួកគេ​នឹង​មក​គោរព និង​ស្រឡាញ់​ដល់​ថ្នាក់ដឹកនាំ និង​មិត្ត​ពួកបរិសុទ្ធ​របស់​ពួកគេ ។ 6 នោះ​ជា​ចុងបញ្ចប់​នៃ​សម្ដី​ដកស្រង់​នេះ ។ ខ្ញុំ​សន្និដ្ឋាន​ថា អ្វីៗ​ទាំងអស់​គឺ​ដោយសារ​ការលើកស្ទួយ​យ៉ាងខ្លាំង​អំពី​សារៈសំខាន់​នៃ​ការស្រឡាញ់​របស់​គ្រូបង្រៀន និង​ការធ្វើការ​ជាមួយ​នឹង​សិស្ស​របស់​ពួកគេ ។ ទំនុកចិត្ត​ដែល​កើតឡើង​តាម​របៀប​នេះ នឹង​ជា​ឥទ្ធិពល​បង្ហាត់​បង្រៀន​មួយ ដែល​នឹង​ពង្រឹង​ពួកគេ​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ដែល​ធ្វើឲ្យ​ពួកគេ​អំពល់​ចិត្ត​បាន ។

បងប្រុស វិប៖ សូម​អរគុណ ។ មែនហើយ ខ្ញុំ​គិត​ថា វា​ពិតជា​សំខាន់​ខ្លាំងណាស់​ចំពោះ​អ្វី​ដែល​យើង​ព្យាយាម​សម្រេច​ឲ្យ​បាន ៖ គឺ​ការកសាង​ទំនាក់ទំនង ។ ហើយ​ចេញពី​អ្វី​ដែល​ប្រធាន​ទើប​បាន​ចែកចាយ​ជាមួយ​យើង យើង​អាច​ធ្វើ​អ្វីមួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​ផ្សេងទៀត ។ ប្រធាន​បាន​លើក​ឡើង​ពី​កម្មវិធី​អភិវឌ្ឍ​យុវវ័យ ។ យើង​អាច​ប្រាប់​ពួកគេ​ឲ្យ​ទៅរក​ថ្នាក់ដឹកនាំ​យុវវ័យ​របស់​ពួកគេ ទៅរក​ប៊ីស្សព​របស់​ពួកគេ ទៅរក​ថ្នាក់ដឹកនាំ​ក្រុម​យុវនារី​របស់​ពួកគេ ។ យើង​អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ឪពុក​ម្ដាយ​ពួកគេ​បាន តាមរយៈ​ការនិយាយ​អំពី​ក្រុមគ្រួសារ​របស់​យើង ហើយ​បង្វែរ​ពួកគេ​ទៅរក​ឪពុក​ម្ដាយ​របស់​ពួកគេ ។ ខ្ញុំ​គិត​ថា អ្វី​ទាំងអស់​នោះ​ពិតជា​សំខាន់​ខ្លាំងណាស់—មិនមែន​គ្រាន់តែ​នៅក្នុង​ការបង្កើត​ទំនាក់ទំនង​របស់​យើង​ជាមួយ​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​មនុស្ស ដែល​នឹង​ដឹកនាំ​ពួកគេ​ទៅកាន់​ទិសដៅ​ត្រឹមត្រូវ​ផងដែរ ។ សូម​អរគុណ ដែល​ប្រធាន​បាន​និយាយ​ពី​ចំណុច​នោះ ។ ដូច្នេះ​ចេញពី​ត្រង់​នេះ តើ​យើង​អាច​និយាយ​បន្ដិច​ទៀត​អំពី​របៀប ដែល​យើង​បង្រៀន​គោលការណ៍​គ្រឹះ​ទាំងនេះ​តាម​របៀប​មួយ ដែល​មិន​ប្រមាថ ឬ​បណ្ដេញ​មនុស្ស​វ័យក្មេង​ចេញពី​ដំណឹងល្អ​បាន​ដែរ​ឬទេ ។ តាមពិត​ទៅ ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​ខ្លី​មួយ​ដើម្បី​ព្រាង​សំណួរ ដែល​មាន​ក្នុង​គំនិត​ខ្ញុំ ។ ជា​ថ្មី​ម្តងទៀត ទើបតែ​សប្ដាហ៍​មុន​នេះ គ្រូបង្រៀន​ម្នាក់​បាន​ទូរសព្ទ​មកខ្ញុំ ហើយ​និយាយ​ថា ឪពុក ឬ​ម្ដាយ​ម្នាក់​បាន​ដក​កូនស្រី​គាត់​ចេញពី​ថ្នាក់​សិក្ខាសាលា ដោយសារ​គាត់​បាន​បង្រៀនពី​គោលការណ៍​មួយ​ចំនួន​អំពី​គ្រួសារ និង​សារៈសំខាន់​នៃ​គ្រួសារ ។ ហើយ​ឪពុក ឬ​ម្ដាយ​នេះ​បាន​ឈឺចាប់ ដោយសារតែ​ភាពច្របូកច្របល់​របស់​ពួកគេ​ និង​គ្រួសារ​របស់​ពួកគេ ហើយ​មិន​ចង់ឲ្យ​កូន​គាត់​រៀន​ពី​តួនាទី​ដ៏សំខាន់​នៃ​គ្រួសារ​ទេ—ទោះជា​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ក្ដី ។ គ្រូបង្រៀន​រូបនេះ​ពិតជា​សោកស្ដាយ​ខ្លាំងណាស់ ដែល​បាត់បង់​សិស្ស​របស់​គាត់ ហើយ​បាន​សួរ​ថា « តើ​ខ្ញុំ​បង្រៀន​សេចក្ដីពិត​តាម​របៀប​ណា​ទៅ ? តើ​ខ្ញុំ​ដោះស្រាយ​រឿងនេះ​ដោយ​របៀប​ណា​ទៅ ដើម្បី​កុំឲ្យ​យើង​បណ្ដេញ​មនុស្ស​ចេញ ប៉ុន្ដែ​យើង​ត្រូវ​បង្រៀន​ដំណឹងល្អ​ដ៏បរិសុទ្ធ​នេះ​ដល់​សិស្ស​របស់​យើង ? »

ប្រធាន អូក ៖ពិតជា​ឧទាហរណ៍​ដ៏អស្ចារ្យ​មួយ ។ ប្អូនប្រុស ស្ម៊ីធ តើ​ប្អូន​ចង់​និយាយ​អ្វីខ្លះ​ទាក់ទង​នឹង​ប្រធានបទ​នោះ ?

បងប្រុស ស្ម៊ីធ ៖មែនហើយ ខ្ញុំ​បាន​គិត​ម្ដងទៀត—ខ្ញុំ​ដឹង​ថា យើង​ទើបតែ​បាន​និយាយ​អំពី​ទំនាក់ទំនង ។ តែ​ខ្ញុំ​គិត​ដល់​សិស្ស​ដែល​ទុកចិត្ត​លើ​គ្រូបង្រៀន—ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​គ្រូបង្រៀន​របស់​ពួកគេ—ពួកគេ​នឹង​បើក​ចិត្ត​របស់​គេ ។ ជញ្ជាំង​ការពារ​អាច​កើតឡើង​នៅពេល​ខ្លះ បើ​យើង​បង្រៀន​គោលគំនិត​មួយ ដែល​មិន​មែនជា​ស្ថានភាពពិត​របស់​សិស្ស​នោះ ។ ហើយ​អ្វីមួយ​ដែល​បំបែក​ជញ្ជាំង​ការពារ​នោះ​បាន គឺ​បើ​សិស្ស​នោះ​ស្រឡាញ់ និង​ទុកចិត្ត​លើ​គ្រូបង្រៀន​របស់​ពួកគេ ។ ជាថ្មី​ម្ដងទៀត វា​ពិតជា​សំខាន់​ខ្លាំងណាស់ ។ ខ្ញុំ​ចង់​សង្កត់ធ្ងន់​លើ​មតិយោបល់​នេះ​ទៅកាន់​សំណួរ​មុន​នេះ—ការកសាង​ទំនាក់ទំនង​ជាមួយ​នឹង​សិស្ស ។

ប្រធាន អូក ៖ ពិតណាស់ ។ ហើយ​ខ្ញុំ​គិត​ថា វា​សំខាន់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​យើង​យល់​ថា យើង​មិនមាន​កាតព្វកិច្ច​ដើម្បី​យល់ព្រម​នឹង​អ្វី​គ្រប់យ៉ាង​ដែល​មាន​នៅ​ចំពោះ​មុខ​យើង​នោះទេ—មិន​ថា​ជា​សិស្ស ឬ​ឪពុក​ម្ដាយ​សិស្ស ឬ​អ្នកដទៃ​នៅក្នុង​សង្គម​នេះ​នោះទេ ។ យើង​មិន​ចាំបាច់​បញ្ជាក់​ពី​ជំនឿ​ទាំងអស់​នៅក្នុង​ទីផ្សារ​គំនិត​នោះទេ ។ យើង​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការបង្រៀន​សេចក្ដីពិត ។ ប៉ុន្ដែ​ក្នុង​ការធ្វើ​ដូច្នោះ យើង​ត្រូវតែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ថា យើង​មិន​ដកថយ​ពី​ទំនួល​ខុសត្រូវ​របស់​យើង ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​ព្រះអង្គ​សង្គ្រោះ ដើម្បី​ស្រឡាញ់​អ្នកជិតខាង​របស់​យើង​នោះទេ ។ មិន​ថា​យើង​ធ្វើអ្វី​នោះទេ វា​ត្រូវតែ​នៅក្នុង​បរិបទ​នៃ​សេចក្ដី​ស្រឡាញ់ ដើម្បី​កុំឲ្យ​យើង​ប្រឈមមុខ​នឹង​បុគ្គល​ម្នាក់ ប៉ុន្ដែ​យើង​ផ្ដល់​ការបង្រៀន​របស់​យើង ដើម្បី​ឲ្យ​ការបង្រៀន​នោះ​ប្រឈមមុខ​នឹង​ជំនឿ​ដែល​ខុសឆ្គង​វិញ ។ ព្រិកហាំ យ៉ង់ ដែល​ជា​បុគ្គល​ប្រឈមមុខ​ដ៏​ខ្លាំង​ម្នាក់ បាន​ធ្វើ​ការបែងចែក​យ៉ាង​ច្បាស់​លាស់​ដែល​ខ្ញុំ​បាន​អាន​ថ្មីៗ​នេះ​នៅក្នុង​ការបង្រៀន​របស់—ឬ​សេចក្ដី​ថ្លែង​របស់ ព្រិកហាំ យ៉ង់ ។ នៅក្នុង​សុន្ទរកថា​មួយ​របស់​លោក លោក​បាន​ថ្លែង​ដូច្នេះ—ហើយ​ខ្ញុំ​ដកស្រង់ ៖ « វា​មិន​ដែល​ផ្លាស់ប្ដូរ​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​បុគ្គល​ម្នាក់ៗ​ទេ ទោះជា​បុរស ឬ​ស្ដ្រី​ក្ដី មិន​ថា​ពួកគេ​ជឿ​ដូច​ខ្ញុំ​ជឿ​ឬអត់​នោះទេ ។ តើ​អ្នក​អាច​រស់នៅ​ក្នុងនាម​ជា​អ្នកជិតខាង​ជាមួយ​ខ្ញុំ​បានទេ ? ខ្ញុំ​អាច​រស់នៅ​ជាមួយ​អ្នក​បាន ហើយ​ខ្ញុំ​មិនមាន​កង្វល់​អ្វី​ជាក់លាក់​ថា​តើ​អ្នក​ជឿ​ដូច​ខ្ញុំ​ឬអត់​នោះទេ » ។​ នោះ​ជា​ចុងបញ្ចប់​នៃ​សម្ដី​ដកស្រង់​នេះ​មកពី ព្រិកហាំ យ៉ង់ ។ ខ្ញុំ​គិតថា នោះ​ជា​ប្រភព​ដែល​មិនបាន​រំពឹង​ទុក​មួយ ដើម្បី​មាន​ការប្រកាស​ដ៏​បើក​សម្ដែង​បែប​នេះ​ស្ដីពី​ការពិត​ដែល​ថា យើង​អាច​រស់នៅ​ជាមួយ​អ្នក​ដែល​យើង​មិន​យល់ស្រប​ជាមួយ​ប្រកប​ដោយ​ក្ដីស្រឡាញ់​បាន ។

បងប្រុស វិប ៖មែនហើយ ការបង្រៀន​នេះ​គឺ​ទាន់ពេល​សម្រាប់​គ្រូបង្រៀន​របស់​យើង​នាពេល​នេះ​ណាស់ ។ ខ្ញុំ​គិត​ថា វា​គឺជា​គុណលក្ខណៈ​ដ៏សំខាន់​បំផុត​មួយ​របស់​សិស្ស​ព្រះអង្គ​សង្គ្រោះ​នៅ​សព្វថ្ងៃ​នេះ ៖ ការអាច​មិន​យល់ស្រប ហើយ​បន្ដ​ស្រឡាញ់​មនុស្ស​ទូទៅ ហើយ​ស្មោះត្រង់​នៅក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ទាំងនោះ ទោះបីជា​មាន​ការមិន​យល់ស្រប​ខាង​ជំនឿ​ក្ដី ។

ប្រធាន អូក ៖ផ្នែក​មួយ​ទៀត​មួយ​នៃ​ការណ៍​នេះ​គឺ​ថា យើង​ត្រូវ​ខិតខំ​ដើម្បី​ឲ្យ​ការស្រឡាញ់ និង​ការទទួល​យក​របស់​យើង—ទោះជា​យើង​បណ្ដោយ​តាម​អ្នក​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ក្ដី—មិន​ត្រូវបាន​គេ​យល់ថា​ជា​ការអនុម័ត​នោះទេ ។ វា​ជា​រឿង​ដ៏ពិបាក​មួយ​ដើម្បី​ធ្វើ​នៅពេល​ខ្លះ ។ ហើយ​យើង​មើលឃើញ​វា​នៅក្នុង​ពិភព​នយោបាយ និង​ទំនាក់ទំនង​សាធារណៈ ចេញពី​ប្រភព​ខុសៗ​គ្នា​ជាច្រើន ដែល​បាន​ខកខាន​មិនបាន​ទទួល​ស្គាល់​ការណ៍​នេះ ។ ជា​រឿយៗ មនុស្ស​ទំនង​ជា​សន្មត​ថា យើង​បាន​អនុមតិ​តាម​អ្វី​មួយ ដោយសារ​យើង​ស្រឡាញ់​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​វា ។

បងប្រុស វិប ៖ការណ៍​ទាំងអស់​នេះ​ពិតជា​ត្របាញ់​ចូលគ្នា មែនទេ ? វា​ត្រឡប់​ទៅ​ទំនាក់ទំនង ហើយ​វា​ត្រឡប់​ទៅ​ការស្ដាប់ និង​ចិត្ត​មេត្តា ។ ប៉ុន្ដែ វា​ក៏​ត្រឡប់​ទៅ​ការបង្រៀន​គោលការណ៍​ផងដែរ ។ វា​ត្រឡប់​ទៅ​ប្រធានបទ​ពីដំបូង មូលហេតុ​ដែល​យើង​ជឿ​អ្វី​ដែល​យើង​ជឿ ដោយ​ផ្អែកលើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​ចង​ការណ៍​ទាំងនោះ​ចូលគ្នា ហើយ​ដើរ​លើ​ផ្លូវ​ដ៏ពិបាក​ដែល​ប្រធាន​បាន​រៀបរាប់​នោះ ។

ប្រធាន អូក ៖ហើយ​ខ្ញុំ​គិត​ថា វា​ក៏ចងគ្នា​ត្រឡប់​ទៅ​ព្រះបញ្ញតិ្ត​ទីមួយ​ដ៏ធំ ឲ្យ​ស្រឡាញ់​ព្រះ​ផងដែរ រួចហើយ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។​ ហើយ​បន្ទាប់មក​ព្រះបញ្ញត្តិ​ទីពីរ ឲ្យ​ស្រឡាញ់​អ្នកជិតខាង​របស់​យើង ។ ការពិត​ដែល​ថា យើង​ស្រឡាញ់​អ្នកជិតខាង​យើង មិន​មាន​ន័យ​ថា យើង​មិន​ស្រឡាញ់​ព្រះ​មុន និង​មិន​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​មុន​នោះទេ ។

បងប្រុស វិប៖ សូម​អរគុណ ។

បងប្រុស ស្ម៊ីធ ៖ខ្ញុំ​ដក់​ជាប់​ចិត្ត​នូវ​ស្ថានភាព​មួយ ដែល​គ្រូបង្រៀន​ម្នាក់​ថ្លែងពី​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ការពារ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ដោយ​ចិត្ត​ក្លៀវក្លា—ប៉ុន្ដែ​ក៏​ស្រឡាញ់​សិស្ស​របស់​គាត់​ផងដែរ ដើម្បី​ឲ្យ​សិស្ស​របស់​គាត់​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​សិស្ស​ទុកចិត្ត និង​ស្រឡាញ់​គ្រូបង្រៀន​វិញ ។ ដូច្នេះ ប្រហែល​មាន​សិស្ស​ម្នាក់​ដែល​មិន​យល់ស្រប​នឹង​ធាតុ​មួយ​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ—ឬ​និយាយ​ថា​គោលការណ៍​មួយ​នៃ​ដំណឹងល្អ ប្រហែល​វា​ល្អ​ជាង—ប៉ុន្ដែ​ពួកគេ​នៅតែ​មករៀន​ដដែល ។ ហើយ​ពួកគេ​នៅតែ​មក​ថ្នាក់​វិទ្យាស្ថាន ឬ​ថ្នាក់​សិក្ខាសាលា ដោយសារ​ពួកគេ​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​អាច​សាង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​បរិយាកាស​នោះ​បាន ។ ដូច្នេះ​ខ្ញុំ​គិត​ថា តុល្យភាព​ដែល​យើង​កំពុង​ជជែក​គ្នា​នេះ គឺ​សំខាន់​ណាស់​ដើម្បី​គូស​បញ្ជាក់​ថា ការការពារ​សេចក្ដីពិត​ដោយ​ក្លៀវក្លា ហើយ​ស្រឡាញ់​អ្នក​ដែល​អាច​មិន​យល់ស្រប​នឹង​សេចក្ដីពិត​នោះ ដើម្បី​ឲ្យ​ថ្នាក់រៀន ឬ​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន​អាច​ជា​ទី​ដ៏មាន​សុវត្ថិភាព​មួយ​សម្រាប់​សិស្ស ។

ប្រធាន អូក ៖ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ចង់​និយាយ​ថា ទស្សនិកជន​របស់​យើង​ដែល​ពាក់ព័ន្ធ​ក្នុង​ថ្នាក់​វិទ្យាស្ថាន និង​ការបង្រៀន​ខាង​សាសនា​នៅ​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ​មាន​ឧបសគ្គ​ខ្លាំងជាង ទាក់ទង​នឹង​ប្រធានបទ​ពិសេស​នេះ ។ ដោយសារ​សិស្ស​ដែល​ធំ​ពេញវ័យ​នៅក្នុង​ថ្នាក់ សិស្ស​ទាំងនោះ​បម្រុង​តែគិត​ពី​ខ្លួនគេ​ជាង ហើយ​ប្រឈមមុខ​ខ្លាំង​ជាង​សិស្ស​នៅក្នុង​ថ្នាក់​សិក្ខាសាលា ឧទាហរណ៍ ។ ប៉ុន្ដែ​គោលការណ៍​គឺ​ដូចគ្នា ។ ការអនុវត្ត​គឺខុសគ្នា​ទៅតាម​មជ្ឈដ្ឋាន​នានា និង​ភាពធំ​ពេញវ័យ​របស់​បុគ្គល​នោះ ប៉ុន្ដែ​គោលការណ៍​គឺ​វា​ដូច​ជា​អ្វី​ដែល​យើង​បាន​ពិភាក្សា​គ្នា​នេះ ។

បងប្រុស វិប៖ សូម​អរគុណ ។

ប្រធាន អូក ៖នេះ​ជា​សំណួរ​មួយ​ដែល​ផ្លាស់ប្ដូរ​ប្រធានបទ​បន្ដិច ប៉ុន្ដែ​វា​ទាក់ទង​ទៅនឹង​ជំនាន់​របស់​យើង ៖ តើ​យើង​អាច​បញ្ចុះបញ្ចូល​សិស្ស​របស់​យើង​ឲ្យ​ដាក់​ទូរសព្ទ​របស់​ពួកគេ​ឲ្យឆ្ងាយ អំឡុង​ពេល​យើង​កំពុង​តែ​ព្យាយាម​បង្រៀន​ពួកគេ​យ៉ាង​ដូចម្ដេច​ទៅ ?

បងប្រុស វិប ៖តាមពិត​ទៅ នេះ​ជា​សំណួរ​ដ៏អស្ចារ្យ​មួយ ដែល​ពិតជា​ភ្ជាប់​នឹង​ការប្រឈមមុខ​ក្នុង​ថ្នាក់ ឬ​ការខ្វែង​គំនិត​គ្នា​នៅក្នុង​ថ្នាក់រៀន ដោយសារ​ពេលខ្លះ នោះ​ជា​អ្វី​ដែល​វា​ត្រូវបាន​បង្កើត​មក ត្រូវ​ទេ ? អញ្ចឹង–ប្អូនប្រុស ស្ម៊ីធ ?

បងប្រុស ស្ម៊ីធ ៖មែនហើយ ខ្ញុំ​គិត​ថា ប្រាកដជា​មាន​ពេល​ខ្លះ​នៅក្នុង​បរិយាកាស​រៀនសូត្រ ដែល​សិស្ស​ត្រូវ​បិទ​ទូរសព្ទ ហើយ​ទុក​វា​ឲ្យ​ឆ្ងាយ​ពី​ខ្លួនគេ ។ ខ្ញុំ​គិត​ថា រឿង​ដ៏ល្អ​បំផុត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ធ្វើការណ៍​នេះ​បាន គឺ​ការឲ្យ​សិស្ស​ចូលរួម និង​ការបង្រៀន​ដ៏ទាក់ទាញ ។ អែលឌើរ បាឡឺដ—ឬ​ប្រធាន​បាឡឺដ—ធ្លាប់​ប្រាប់​យើង​ឲ្យ​ប្រាកដ​ថា ការបង្រៀន​របស់​យើងមាន​ភាពទាក់ទាញ ។ តែ​ខ្ញុំ​ក៏គិត​ដែរ​ថា មាន​ពេលខ្លះ​ដែល​យើង​អាច​អញ្ជើញ​អ្នករៀន​ឲ្យ​ប្រើ​ទូរសព្ទ​របស់​ពួកគេ​នៅក្នុង​បទពិសោធន៍​រៀនសូត្រ ។ ជាមួយ​នឹង​ធនធាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ នោះ​យើង​ប្រាកដ​ជា​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​បទពិសោធន៍​រៀនសូត្រ​នៅពេល​ខ្លះ តាមរយៈ​ការប្រើប្រាស់​មាតិកា​នៅលើ​ទូរសព្ទ ដែល​វា​ជួយ​សាង​សេចក្ដី​ជំនឿ ។ ហើយ​ខ្ញុំ​គិត​ថា វា​អាច​មាន​ពរជ័យ​ផងដែរ—ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ពួកគេ​នៅក្រៅ​ថ្នាក់រៀន—ថា​ពួកគេ​អាច​ចាប់ផ្ដើម​មើលទៅ​ឧបករណ៍​នេះ​ថាជា​អ្វីមួយ​ល្អ ជាជាង​គ្រាន់តែ​ជា​ឧបករណ៍​លេងហ្គេម ឬ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម—ឬ​សម្រាប់​មនុស្ស​មួយ​ចំនួន ជា​ប្រភព​នៃ​ការល្បួង ។ ហើយ​ពួកគេ​អាច​រៀន​ថា នៅពេល​ខ្លះ ឧបករណ៍​ដដែល​នោះ​អាច​ប្រើ​ដើម្បី​សាង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ ខ្ញុំ​គិត​ថា វា​តម្រូវ​ឲ្យមាន​ការបំផុស​គំនិត​ពី​គ្រូបង្រៀន—និង​តុល្យភាព ។ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ស្វែងរក​ឱកាស​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​នេះ និង​យល់ច្បាស់​ពី​ពេលវេលា​ដែល​វា​ចាំបាច់​ត្រូវ​បិទ និង​ដាក់​មួយ​អន្លើរ​ផងដែរ ។

ប្រធាន អូក ៖យោបល់​របស់​ប្អូន​ថា កុំឲ្យ​យើង​ធ្វើជា​សត្រូវ​នឹង​ទូរសព្ទ​ដៃ រំឭក​ខ្ញុំ​ពី​បទពិសោធន៍​ពីមុន​មួយ—ត្រឡប់​ទៅ ១០ ឬ ១៥ ឆ្នាំ​មុន—ពេល​ខ្ញុំ​ចូល​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​មួយ ដែល​មាន​យុវជន និង​យុវនារី​អាយុ​ថ្នាក់​សិក្ខាសាលា ។ ហើយ​ខ្ញុំ​បាន​ទៅ​ដោយ​មាន​ឥរិយាបថ​ជា​សត្រូវ​នឹង​ទូរសព្ទ​ដៃ ។ ប៉ុន្តែ​ពេល​ខ្ញុំ​ក្រឡេក​មើល​ជុំវិញ​ថ្នាក់ ដែល​មាន​សិស្ស​ប្រហែល​បួនដប់​នាក់ ខ្ញុំ​ដឹងខ្លួន​ថា មាន​ព្រះគម្ពីរ​តែមួយ​ក្បាល​ប៉ុណ្ណោះ​នៅក្នុង​ថ្នាក់រៀន​ទាំងមូល ។ គ្រប់គ្នា​បាន​អាន​ព្រះគម្ពីរ​នោះ ហើយ​តាមដាន​មេរៀន​នៅលើ​ទូរសព្ទ​ដៃ ។ នោះជា​ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​ឃើញ​ថា វា​មិន​ទាក់ទង​នឹង​ការហាមឃាត់​នោះទេ ប៉ុន្ដែ​ជា​តុល្យភាព​ទៅវិញ​ទេ ។

បងប្រុស វិប ៖ប្រធាន​និយាយ​បាន​ល្អណាស់ សូម​អរគុណ ។ មែនហើយ ប្រធាន យើង​រីករាយ​ណាស់​ដែល​បាន​នៅ​ជាមួយ​នឹង​លោក សូម​អរគុណ​សម្រាប់​ការទូន្មាន​របស់​ប្រធាន​នៅ​ថ្ងៃនេះ ហើយ​យើង​ស្នើ​ថា យើង​គួរតែ​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​ចែកចាយ​ចំណាប់​អារម្មណ៍​នៃ​ទីបន្ទាល់​ដែល​យើង​ចង់​ចែកចាយ ប្អូនប្រុស ស្ម៊ីធ សូម​ប្អូន​ចាប់ផ្ដើម​មុន បន្ទាប់មក ខ្ញុំ​រីករាយ​ថ្លែង​បន្ដ ហើយ​ទុកពេល​សល់​ទាំង​ប៉ុន្មាន​ដល់​ប្រធាន ។

បងប្រុស ស្ម៊ីធ ៖សូម​អរគុណ ។ កាល​ខ្ញុំ​គិត​អំពី​ឱកាស​ដ៏ពិសិដ្ឋ​របស់​យើង​ដើម្បី​បង្រៀន​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ និង​អ្នក​នៅក្នុង​ស្ថាប័ន ស៊ី.អ៊ី.អេស. របស់​យើង នោះ​ខ្ញុំ​គិត​ដល់​ការបង្រៀន​ដោយ​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន ។ លោក​បាន​ពោល​ថា « វិញ្ញាណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មួយ​ចំនួន [ របស់​ព្រះ ]—ប្រហែល​ជា … ក្រុម​ដ៏ល្អ​បំផុត​របស់​ទ្រង់ … ត្រូវ​បាន​បញ្ជូន​មកកាន់​ផែនដី​នេះ​ក្នុង​ពេល​ដ៏មាន​តម្លៃ​នេះ ។ … [ ពួកគេ ] គឺជា​មនុស្ស​ល្អបំផុត​ដែល​ព្រះអម្ចាស់ ធ្លាប់បាន​បញ្ជូន​មក​កាន់​ពិភពលោក​នេះ » ។​ ហើយ​ខ្ញុំ​ចង់​ចែកចាយ​ជំនឿស៊ប់​របស់​ខ្ញុំ​ថា មនុស្ស​វ័យក្មេង​ដែល​យើង​មាន​ឱកាស​ប្រាស្រ័យ​ទាក់ទង​ជាមួយ គឺ​ពិតជា​អ្នក​ដែល​ព្យាការី​របស់​ព្រះ​បង្រៀន​យើង​ថាជា​មនុស្ស​ល្អបំផុត ។ ហើយ​យើង​មាន​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​មួយ ដើម្បី​ថ្លែង​ទីបន្ទាល់​ចំពោះ​ពួកគេ​អំពី​ភាពពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ និង​ការរស់​ឡើងវិញ​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នៅ​ថ្ងៃនេះ​អំពី​ភាពពិត​នៃ​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ថា​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ថា​យើង​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី អ្នកមើល​ឆុត និង អ្នកទទួល​វិវរណៈ​ដែល​នៅរស់​របស់​ទ្រង់ ហើយ​ថា​យើង​ចូលរួម​នៅក្នុង​បុព្វហេតុ​របស់​ទ្រង់ កាល​យើង​បង្រៀន​យុវវ័យ​នៅក្នុង​ជំនាន់​ចុងក្រោយ​នេះ ។ ហើយ​ខ្ញុំ​សូម​ចែកចាយ​ទីបន្ទាល់​នេះ​ជាមួយ​នឹង​បងប្អូន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បងប្រុស វិប ៖អាម៉ែន ។ ខ្ញុំ​គ្រាន់តែ​ចង់​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​ផងដែរ អំពី​ភាពពិត​នៃ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង និង​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក​នេះ—ថា​នេះ​គឺជា​សាសនាចក្រ និងជា​នគរ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។ ហើយ​ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង ដែល​អាច​ចំណាយ​ពេលវេលា​រាល់ថ្ងៃ​ក្នុង​ជីវិត​ខ្ញុំ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ និង​បង្រៀន​មនុស្ស​ដទៃ​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ខ្ញុំ​មាន​អំណរគុណ​ដល់​អ្នក​ដែល​បាន​បង្រៀន​ខ្ញុំ និង​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​តាមរយៈ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​បាន​រួម​ចំណែក​មួយ​ក្នុង​កិច្ចការ​នេះ ជាមួយ​នឹង​បងប្អូន​នៅក្នុង​ការបង្រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​យ៉ាងខ្លី​ថា កាល​ខ្ញុំ​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​យើង​ដែល​គង់នៅ​ស្ថានសួគ៌ នោះ​ជារឿយៗ យើង​តែងតែ​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏ខ្លាំង​របស់​ព្រះវរបិតាសួគ៌​ចំពោះ​សិស្ស​របស់​យើង ។ តែ​ខ្ញុំ​គ្រាន់តែ​ចង់​បន្ថែម​ថា ខ្ញុំ​ដឹង​ថា ព្រះវរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថានសួគ៌​ស្រឡាញ់​បងប្អូន ថា​ទ្រង់​អរ​ព្រះទ័យ​ដែល​បងប្អូន​ចង់​ចំណាយ​ពេល​ក្នុង​ជីវិត​បងប្អូន​ដើម្បី​បង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​ថា​ទ្រង់​ស្រឡាញ់​ក្រុមគ្រួសារ​របស់​បងប្អូន ហើយ​ថា​កាល​បងប្អូន​បន្ដ​បម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​ការបង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន និង​គ្រួសារ​បងប្អូន កាល​បងប្អូន​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ តាមរយៈ​ការបង្រៀន និង​ទីបន្ទាល់ និង​គំរូ​របស់​បងប្អូន ។ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន និង​អ្វី​ដែល​បងប្អូន​ធ្វើ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

ប្រធាន​អូ ៖ អាម៉ែន ។ ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ខ្ញុំ​ទៅនឹង​ទីបន្ទាល់ ដែល​បាន​ថ្លែង​ដោយ​អ្នកបម្រើ​ដ៏អស្ចារ្យ​ទាំងនេះ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា តាមរយៈ​ព្រះចេសា្ដ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ថា​នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ ហើយ​ថា​បងប្អូន​គឺជា​អ្នកបម្រើ​របស់​ទ្រង់ ជា​គ្រូបង្រៀន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​នៃ​ស្ថានសួគ៌​ដល់​បងប្អូន​រាល់គ្នា កាលដែល​បងប្អូន​បម្រើ​ព្រះអម្ចាស់ និង​កាលដែល​បងប្អូន​បន្ដ​ទៅមុខ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​បងប្អូន ទៅ​កាន់​ជោគវាសនា​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​បុត្រា​បុត្រី​ដ៏ស័ក្ដិសម​របស់​ទ្រង់ ៖ ជីវិត​ដ៏អស់កល្ប​ជានិច្ច ។ ហើយ​ខ្ញុំ​សូម​ធ្វើ​កិច្ចការ​នេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

ទាំងអស់​គ្នា ៖អាម៉ែន ។