ការបង្រៀនអំពីសាសនាដល់យុវវ័យ និងយុវមជ្ឈិមវ័យ - ការពិភាក្សាបញ្ចប់
ផ្នែកទី III ៖ ការពិភាក្សា—ដអអ/គមអ
ប្រធាន អូក ៖ ខ្ញុំរីករាយដែលបានចូលរួមជាមួយនឹង គ្រីស្ទីន សម្រាប់ការពិភាក្សាចុងក្រោយរបស់យើង ។ គាត់គឺជាគ្រូបង្រៀនដែលមានវិជ្ជាជីវៈ និងបទពិសោធន៍—រួមទាំងការបង្រៀនមួយឆ្នាំនៅ ប៊ី.វ៉ាយ.យូ.—ជាអ្នកត្រឡប់មកពីបេសកកម្ម ជា ភរិយា និង ជា ជីដូន ។ គាត់នឹងនិយាយចេញពីបទពិសោធន៍ទាំងនោះ និង ក្នុងនាមជាភរិយារបស់អ្នកបម្រើនៃព្រះអម្ចាស់ ។ គោលបំណងរបស់យើងថ្ងៃនេះ គឺដើម្បីជួយបងប្អូនក្នុងនាមជាគ្រូបង្រៀនខាងសាសនា និងជួយស្វាមីភរិយារបស់បងប្អូនក្នុងតួនាទីគាំទ្រដ៏អស្ចារ្យរបស់ពួកគេផងដែរ ។
ស៊ីស្ទើរ អូក ៖ ប្រធាន អូក អូនមានអំណរគុណណាស់ដែលនៅជាមួយបងនារាត្រីនេះ ។ ហើយខ្ញុំមានអំណរគុណដែលនៅជាមួយគ្រូបង្រៀនទាំងឡាយ ។ បងប្អូនជាអ្នកតំណាងឲ្យគ្រូបង្រៀនដំណឹងល្អទាំងអស់ ហើយបានផ្ដល់ពរជ័យដល់គ្រួសារខ្ញុំ ។ យើងគិតថា បងប្អូនគឺពិសេសណាស់ ។ មិត្តភក្ដិ និងគ្រួសាររបស់យើងផ្ទាល់ជាច្រើននាក់ប្រាថ្នាចង់មានការងារ ដែលបងប្អូនមាននៅពេលនេះ តែពួកគេមិនបានទទួលឯកសិទ្ធិនោះឡើយ ។ ដូច្នេះតាមភាពពិត យើងមើលទៅបងប្អូន កាលព្រះអម្ចាស់បានជ្រើសរើសបងប្អូនផ្ទាល់ ដើម្បីធ្វើជាគ្រូបង្រៀនរបស់បុត្រាបុត្រីទ្រង់ ។ យើងដឹងថា នេះគឺជាគ្រាដ៏ពិបាកដើម្បីបង្រៀន ទាំងកង្វល់រឿងចុះឈ្មោះចូលរៀន បញ្ហាខាងសង្គម និងការប្រឆាំងជាក់ស្តែងដើម្បីកែតម្រូវគោលការណ៍ និងសេចក្ដីពិត ។
ប្រធាន អូក ៖ បងប្អូននឹងចាំថា យើងចាប់ផ្ដើមនិយាយពីអំណាចនៃសេចក្ដីស្រឡាញ់នៅក្នុងទំនាក់ទំនងរបស់យើង ៖ ក្ដីស្រឡាញ់របស់ព្រះ ក្ដីស្រឡាញ់របស់ទ្រង់ចំពោះបុត្រាបុត្រីទ្រង់ ក្ដីស្រឡាញ់របស់យើងចំពោះគ្នា និងអ្វីដែលសំខាន់បំផុតក្នុងគោលបំណងនេះ គឺក្ដីស្រឡាញ់របស់បងប្អូនចំពោះសិស្សរបស់បងប្អូន ។ យើងបានចូលផ្នែកទី II ដែលជាការពិភាក្សាទីមួយ ហើយយើងបានជជែកអំពីអ្វីទាំងនេះ « តើខ្ញុំអាចបង្រៀនអ្វីដែលនឹងមានតម្លៃដ៏ខ្លាំងដែរឬទេ ? » និង « ហេតុអ្វីបានជាវាសំខាន់ដើម្បីបង្រៀនគោលការណ៍ ជាងការបង្រៀនពីវិន័យ ? » និង « តើយើងជួយសិស្សរបស់យើងឲ្យស្វែងរកផ្លូវឆ្លងកាត់គំនិត និងតម្លៃខាងលោកិយដោយរបៀបណា ? »—នៅកណ្ដាលរឿងទាំងអស់នេះ ដោយចែកចាយក្ដីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នា ។
ស៊ីស្ទើរ អូក ៖ មែនហើយ ខ្ញុំដឹងថា បងប្អូននៅទីនេះយប់នេះ ដើម្បីក្លាយជាគ្រូបង្រៀនដ៏ល្អបំផុតដែលបងប្អូនអាចធ្វើបាន ហើយនេះជារូបថតចង្កោមសោមួយ ដែលខ្ញុំបានទទួល ។ វាសរសេរថា « ធ្វើជាខ្លួនឯង ។ អ្នកផ្សេងទៀតត្រូវគេយកអស់ហើយ » ។ វាជាសម្ដីដកស្រង់របស់ អូស្ការ វ៉ាល ។ ហើយពេលខ្ញុំបានទទួលវាលើកដំបូង ខ្ញុំគិតថា វាមិនមែនជាការសរសើរនោះទេ ។ តែតាមពិតទៅ វាជាការសរសើរដ៏ល្អបំផុតមួយដែលខ្ញុំបានទទួល ហើយខ្ញុំជូនការសរសើរនេះទៅបងប្អូន ។
ពេលវាទាក់ទងនឹងការបង្រៀនដំណឹងល្អ នោះបងប្អូនគឺជាអ្នកជម្រើសរបស់ព្រះអម្ចាស់ ។ បងប្អូនក៏ជាអ្នកជម្រើសដែរ ហើយបងប្អូនមានគុណសម្បត្តិ កម្លាំង និងទេពកោសល្យដែលពិសេសចំពោះបងប្អូន ។ បងប្អូនក៏ស្ថិតក្នុងទីតាំងពិសេសមួយ ដើម្បីយកឈ្នះលើការផ្ទុយនៃពិភពលោក ហើយបង្រៀនសេចក្ដីពិតដ៏អស់កល្បដែរ ។ ក្នុងនាមជាម្ដាយ លោកយាយ ហើយឥឡូវនេះជាលោកយាយទួតម្នាក់ នោះខ្ញុំទុកចិត្តបងប្អូន ។ ហើយខ្ញុំពឹងពាក់លើបងប្អូនយ៉ាងខ្លាំង ឲ្យបង្រៀនគ្រួសារខ្ញុំនូវគោលការណ៍ត្រឹមត្រូវ ដើម្បីបង្ការពួកគេពីភាពងងឹតដែលនៅជុំវិញខ្លួនពួកគេ ។ និយាយត្រង់ទៅ បងប្អូនផ្ដល់ជាខែលការពារសេចក្ដីអាក្រក់ ហើយបងប្អូនជាចម្លើយចំពោះការអធិស្ឋានរបស់គ្រួសារយើង ។
ប្រធាន អូក ៖ យើងមានអំណរគុណគ្រប់ពេលដែលបងប្អូនជួយដល់គ្រួសាររបស់យើង និងយុវវ័យក្នុងសាសនាចក្រឲ្យយល់ និងឱបក្រសោបអត្តសញ្ញាណដ៏ពិតរបស់ពួកគេ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ អំណោយដ៏អស្ចារ្យបំផុតរបស់បងប្អូនចំពោះពួកយើងទាំងអស់គ្នា គឺការបង្រៀនយុវវ័យ និងមនុស្សវ័យក្មេងនូវគោលការណ៍ត្រឹមត្រូវ និងសេចក្ដីពិតដ៏អស់កល្ប ដើម្បីផ្ដល់ពរជ័យដល់ជីវិតពួកគេ—សេចក្ដីពិតដែលពួកគេអាចតោងជាប់ នៅពេលពួកគេប្រឈមមុខនឹងការសម្រេចចិត្តតែឯង ។ យើងជឿថា វានឹងរៀបចំពួកគេបានល្អបំផុតដើម្បីប្រឈមមុខនឹងពិភពលោកនេះ ។
ស៊ីស្ទើរ អូក ៖ ផ្ទះយើងនៅទល់មុខនឹងព្រះវិហារបរិសុទ្ធសលត៍ លេក ។ ហើយឥឡូវនេះ ពួកគេកំពុងធ្វើការសាងសង់ក្នុងទ្រង់ទ្រាយធំ ។ មានរន្ទា ឡានធំៗ និងឡានស្ទូចនៅគ្រប់កន្លែង ។ យើងមើលសឹងមិនឃើញព្រះវិហារបរិសុទ្ធ ។ គេកំពុងជួសជុលព្រះវិហារបរិសុទ្ធ គឺដូចជាយើងក្នុងសម័យកូវីដ-១៩ នេះដែរ ។ ព្រះវិហារបរិសុទ្ធត្រូវបានគេគ្របបាំង ប៉ុន្ដែនឹងធ្វើឲ្យរឹងមាំ និងស្រស់ស្អាតជាងមុន ។ រាល់ថ្ងៃ ជាងសំណង់ធ្វើការបន្ដិចម្ដងៗដើម្បីពង្រឹង និងធ្វើឲ្យព្រះវិហារបរិសុទ្ធមាំ ។ បីឆ្នាំទៀត វានឹងលេចឡើងមកយ៉ាងស្រស់ស្អាត ឥតខ្ចោះ និងអាចឈរយ៉ាងរឹងមាំជាងមុន ទោះក្នុងកាលៈទេសៈណាក្ដី ។
ប្រធាន អូក ៖ យើង និងសិស្សរបស់យើងអាចដូចជាព្រះវិហារបរិសុទ្ធដែរ ៖ ស្ថិតនៅក្រោមការជួសជុលរាល់ថ្ងៃដើម្បីធ្វើឲ្យយើងកាន់តែរឹងមាំ កាន់តែលះបង់ កាន់តែស្មោះត្រង់—ទោះជានៅក្នុងកាលៈទេសៈពិបាកយ៉ាងណាក្ដី ។ កាលយើងសាងសង់ជាថ្មី ដោយមានពរជ័យដែលបានសន្យា នោះយើងក៏អាចក្លាយជាដំណាក់របស់ព្រះអម្ចាស់បានដែរ ។
មូលហេតុមួយដែលខ្ញុំរីករាយ ដែលមានគ្រីស្ទីននៅក្បែរខ្ញុំនៅក្នុងការបង្រៀននេះគឺថា គាត់ជាចំណែកដ៏សំខាន់ណាស់ដើម្បីមានព្រះវិញ្ញាណនៅក្នុងផ្ទះរបស់យើង ។ ដូចដែលប្រធានណិលសុនបានមានប្រសាសន៍នៅក្នុងសន្និសីទខែមេសាថា « ទីកន្លែងដ៏បរិសុទ្ធបំផុតនៅលើផែនដីនេះគឺគេហដ្ឋាន » ។ យើងទាំងអស់គ្នាត្រូវខំបន្ថែមទៀត ដើម្បីធ្វើឲ្យផ្ទះរបស់យើងជាទីបរិសុទ្ធមួយ ។ « ប្រសិនបើបងប្អូនបានរៀបការរួចហើយ នោះសូមប្រឹក្សាជាមួយភរិយា [ ឬស្វាមី ] របស់បងប្អូនក្នុងនាមជាដៃគូស្មើភាពគ្នានៅក្នុងកិច្ចការដ៏សំខាន់នេះ ។ នៅចន្លោះពេលនេះ និងពេលដែលព្រះអម្ចាស់យាងមកម្តងទៀត យើងទាំងអស់គ្នាត្រូវធ្វើឲ្យគេហដ្ឋានរបស់យើងជាទីកន្លែងស្ងប់ស្ងាត់ និងសុវត្ថិភាព » ។១ ស្វាមី ឬភរិយារបស់យើងមានតួនាទីដ៏សំខាន់ដើម្បីធ្វើឲ្យរឿងនេះកើតឡើងបាន ។
ស៊ីស្ទើរ អូក ៖ មែនហើយ ក្នុងនាមជាភរិយារបស់បុរសដែលត្រូវការព្រះវិញ្ញាណ ដើម្បីបំពេញការហៅបម្រើ និងកិច្ចការរបស់លោក—ហើយវាគឺដូចជាបងប្អូនគ្រប់គ្នាដែរ—ខ្ញុំខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យផ្ទះរបស់យើងជាទីបរិសុទ្ធមួយ និងជាទីនៃក្ដីស្រឡាញ់ ។ ហើយមិនដែលមានពេលសូម្បីតែម្ដង ដែលព្រះវិញ្ញាណបរិសុទ្ធត្រូវការគង់នៅក្នុងផ្ទះយើង ឬថ្នាក់រៀនយើងឡើយ ។ កូវីដ-១៩ ពិតជាបានជួយយើងច្រើន ។ យើងមានពេលច្រើននៅជាមួយគ្នា ។ ហើយស្វាមីខ្ញុំ ក៏ដូចជាស្វាមីរបស់បងប្អូនដែរ ធ្វើការបានល្អបំផុតនៅក្នុងបរិយាកាសដែលមានព្រះវិញ្ញាណ ។ អ្វីដែលខ្ញុំមើល និងអ្វីដែលខ្ញុំអាន និងអ្វីដែលខ្ញុំយកមកក្នុងផ្ទះរបស់យើងគឺសំខាន់ណាស់ ។ ហើយវាមិនគួរមានការទាស់ទែងណាមួយនៅក្នុងផ្ទះរបស់យើងទេ ហើយខ្ញុំព្យាយាមមានភាពវិជ្ជមាន និងផ្ដល់ការគាំទ្រ ។ ខ្ញុំដឹងថា ការគាំទ្ររបស់ខ្ញុំគឺសំខាន់ដើម្បីឲ្យអ្វីៗដំណើរការល្អសម្រាប់គ្រួសារខ្ញុំ និងសម្រាប់ស្វាមីខ្ញុំ ហើយខ្ញុំពិតជាខិតខំណាស់ ហើយខ្ញុំនៅតែព្យាយាមរាល់ថ្ងៃនេះ ។
ប្រធាន អូក ៖ សូមអរគុណ ប្រពន្ធសម្លាញ់ ។ សិស្សរបស់បងប្អូនប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងពីគុណតម្លៃ និងការល្បួងក្នុងពិភពលោកនេះ ។ ព្រះគម្ពីរមរមនបានព្យាករពីការណ៍នេះ ។ យើងរស់នៅក្នុងគ្រាមួយដែល « អស់ទាំងដែនដីនៅលើផែនដីនេះ … នឹងស្រវឹងនឹងអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើម » ។២ វាព្រមានយើងអំពីវិធីសាស្ដ្ររបស់សាតាំងនៅជំនាន់នេះ ។
ឧទាហរណ៍ នៅក្នុង នីហ្វៃទី២ ២៨:២០យើងអានថា សាតាំងនឹង « ញាំញីនៅក្នុងចិត្តទាំងឡាយនៃកូនចៅមនុស្ស ហើយចាក់រុកឲ្យពួកគេមានកំហឹងទាស់នឹងអ្វីដែលជាល្អវិញ » ។ អ្វីទាំងអស់មកពីការខឹងសម្បារនៅតាមផ្លូវ អ្នកធ្វើបាតុកម្ម និងជម្លោះក្នុងគ្រួសារហាក់ដូចជាកើនឡើងកាន់តែខ្លាំង ។ ថ្នាក់រៀនរបស់បងប្អូនអាចជាជម្រកនៃសេចក្ដីសុខសាន្ដ និងសុវត្ថិភាពគេចពីការណ៍នេះបាន ។ វាអាចផ្ដល់ជាគំរូនៃសុជីវធម៌ ដើម្បីស្ដារអារម្មណ៍របស់សិស្សបងប្អូនឡើងវិញ ។
ស៊ីស្ទើរ អូក ៖ ថ្នាក់រៀនរបស់បងប្អូនអាចជាទីសុវត្ថិភាពរបស់ពួកគេ ។ គោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុងថ្នាក់រៀនរបស់បងប្អូន—ជាពិសេសទីបន្ទាល់ដែលបានថ្លែងនៅទីនោះ និងព្រះវិញ្ញាណដែលគង់នៅទីនោះ—អាចបីបាច់ និងការពារសិស្សរបស់បងប្អូនបាន ។
ប្រធាន អូក ៖ នៅក្នុងខទី ២១ សាតាំងនិយាយថា វានឹង « បង្រ្កាប » មនុស្សដទៃ ហើយ « បំពេពួកគេឲ្យបានសុខ » ដោយគំនិតថា « អ្វីៗបានស្រួលទាំងអស់នៅក្រុងស៊ីយ៉ូន » ។៣
ស៊ីស្ទើរ អូក ៖ ការណ៍នេះធ្លាប់បាននិយាយដល់ ប៉ុន្ដែគ្មានទម្រង់បច្ចេកវិទ្យាទំនើបណាដែលបំពេយើងឲ្យបានសុខ ឬធ្វើឲ្យយើងចាប់ចិត្តខ្លាំងដូចជាទូរសព្ទដៃនោះទេ ។ ខ្ញុំចង់ចែកចាយរឿងនេះអំពីគ្រូបង្រៀនថ្នាក់វិទ្យាស្ថានម្នាក់—គាត់មិនអាចដើរបានរយៈពេលពីរឆ្នាំ ។ ហើយគាត់បាននិយាយថា ពេលគាត់ត្រឡប់មកវិញ គាត់បានភ្ញាក់ផ្អើល ។ ការជូនដំណឹងឥតល្ហែរបស់ទូរសព្ទ និងការផ្ញើសារបង្អាក់ការយកចិត្តទុកដាក់របស់សិស្សពីការគិត និងការរៀនសូត្រនៅក្នុងថ្នាក់ ។ ហើយគាត់និយាយថា អ្វីដែលកាន់តែអាក្រក់នោះគឺ វាបំបែកពួកគេគ្នា និងពីព្រះវិញ្ញាណ ។ តែខ្ញុំពិតជាជឿថា យើងមានក្ដីសង្ឃឹម ហើយវាស្ថិតលើការសូមឲ្យអ្នកនៅជុំវិញយើងដកទូរសព្ទរបស់ពួកគេទុក ។ ហើយបើអាចធ្វើបាន យើងថែមទាំងអាចលើកទឹកចិត្តឲ្យសន្ទនាអំពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃទូរសព្ទចំពោះមនុស្សដែលយើងស្រឡាញ់ និងបង្រៀនបាន—ហើយអនុញ្ញាតឲ្យសិស្សយើងប្រាប់យើងពីកង្វល់របស់ពួកគេ ហើយស្វែងរកដំណោះស្រាយចំពោះបញ្ហាទូរសព្ទដៃនេះដោយខ្លួនគេ ។ ក្នុងនាមជាឪពុកម្ដាយ យើងពេញចិត្តនឹងធ្វើដូច្នោះ ។ យើងនឹងធ្វើវា ។
ប្រធាន អូក ៖ ឧទាហរណ៍ចុងក្រោយដែលមាននៅក្នុង នីហ្វៃទី២ ២៨:២២គឺថា សាតាំងនឹងបញ្ជោរអ្នកឯទៀតតាមរយៈ « [ ការប្រាប់ ] ពួកគេថា គ្មានស្ថាននរកទេ ហើយ … ខ្ញុំមិនមែនជាអារក្សទេ ដ្បិតគ្មានអារក្សឯណា » ។ ការបង្រៀនរបស់បងប្អូននឹងជួយសិស្សរបស់បងប្អូនឲ្យស្គាល់ការបញ្ជោររបស់សាតាំង និងការកុហកនានាដែលផ្ទុយពីព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ។ មានលទ្ធផលចំពោះឥរិយាបថដែលបានបំផុសដោយសាតាំងនេះ ហើយការបង្រៀនរបស់បងប្អូននឹងផ្ដល់ក្ដីសង្ឃឹម ដែលយើងទទួលបានពីសេចក្ដីមេត្តានៃការប្រែចិត្ត និងការអភ័យទោសដ៏ទេវភាព ។
ស៊ីស្ទើរ អូក ៖ ពិតជាផ្អែមល្ហែមណាស់ ។ ខ្ញុំរៀបការនឹងសាវកម្នាក់ ហើយបានអង្កេតមើលសាវកផ្សេងទៀតយ៉ាងជិតដិត ។ ខ្ញុំដឹងថា អ្នកបម្រើរបស់ព្រះអម្ចាស់មានការគោរពប្រតិបត្តិយ៉ាងខ្លាំង ហើយពួកគាត់ស្វែងរកព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដើម្បីដឹកនាំពួកគាត់ ។ ខ្ញុំក៏ដឹងដែរថា យើងម្នាក់ៗមានការដឹកនាំខាងវិញ្ញាណ ហើយបងប្អូនអាចបង្រៀនសិស្សរបស់បងប្អូនឲ្យស្វែងរកការដឹកនាំនោះ ហើយគោរពប្រតិបត្តិតាម ។
ប្រធាន អូក ៖ ជាចុងបញ្ចប់ នៅក្នុង នីហ្វៃទី២ ២៨:៣២ព្រះអម្ចាស់ប្រកាសថា ទ្រង់នឹង « មេត្តាករុណា » ដល់មនុស្សទាំងអស់ដែល « ប្រែចិត្ត ហើយមករក [ ទ្រង់ ] » ។ ទ្រង់តែងតែឈោងមកលើកស្ទួយ និងសង្គ្រោះយើងជានិច្ច ។ បងប្អូនគឺជាបុគ្គលដែលបង្រៀនការធានាអះអាង និងក្ដីសង្ឃឹមនោះដល់សិស្សរបស់បងប្អូន ។ សូមឲ្យពួកគេដឹងថា ការប្រែចិត្តគឺជាអំណោយទានមួយដ៏ធំបំផុតដែលយើងទទួលបាន ។ បងប្អូនទទួលខុសត្រូវលើការជួយពួកគេឲ្យឈានទៅដល់សក្ដានុពល និងជោគវាសនាដ៏ពេញលេញរបស់ពួកគេក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។
ស៊ីស្ទើរ អូក ៖ ហើយសូមកុំភ្លេចពីជំនួយដ៏មហិមាដែលអាចប្រើប្រាស់តាមចិត្តយើង ដើម្បីយកឈ្នះលើសេចក្ដីអាក្រក់បែបនោះបាន ។ នៅក្នុង អាលម៉ា ៣១:៥យើងរៀនថា « ការផ្សាយព្រះបន្ទូល [ របស់ព្រះ ] មានបណ្តាការដ៏ធំក្នុងការដឹកនាំប្រជាជនឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវ—មែនហើយ វាមានប្រសិទ្ធភាព [ យ៉ាងខ្លាំងក្លា ] ទៅលើគំនិតមនុស្សច្រើន ជាងផ្លែដាវ »—ឬខ្ញុំសូមបន្ថែមថា ទូរសព្ទដៃទៅទៀត ។ បងប្អូនគឺជាគ្រូបង្រៀននៃព្រះបន្ទូលនោះ ហើយបងប្អូនមានអំណាច និងការសន្យានោះ ។
ប្រធាន អូក ៖ សូមដាក់ព្រះអង្គសង្គ្រោះនៅកណ្ដាលនៃការបង្រៀនសិស្សរបស់បងប្អូន ហើយបងប្អូននឹងមានអំណាចនោះ ។ ក្នុងនាមជាគ្រូបង្រៀនដំណឹងល្អ ដោយមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នោះបងប្អូនកំពុងធ្វើការណ៍នេះ ហើយបងប្អូនអាចធ្វើបានកាន់តែមានប្រសិទ្ធភាពថែមទៀតផង ។ កាលដែលបងប្អូនខិតកាន់តែជិតព្រះគ្រីស្ទ នោះសិស្សរបស់បងប្អូននឹងខិតកាន់តែជិតបងប្អូន និងទ្រង់ដែរ ។ សមត្ថភាពរបស់បងប្អូន ដើម្បីបង្រៀនសេចក្ដីពិតដែលពួកគេត្រូវការ នឹងកើនឡើង ហើយសមត្ថភាពបងប្អូនដើម្បីស្រឡាញ់ពួកគេ និងដឹងពីសេចក្ដីត្រូវការរបស់ពួកគេនឹងត្រូវបានពង្រីកផងដែរ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ បន្ថែមពីលើអ្វីដែលខ្ញុំបាននិយាយពីដើមមក ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ—ជាព្រះអង្គសង្គ្រោះរបស់យើង ព្រះប្រោសលោះរបស់យើង ជាព្រះសិរនៃសាសនាចក្រនេះ ។ បងប្អូនគឺជាអ្នកបម្រើរបស់ទ្រង់ ។ យើងរួមសាមគ្គីគ្នាក្នុងការបង្រៀនគោលការណ៍ដ៏ពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមផ្ដល់ពរជ័យដល់បងប្អូន—ក្នុងនាមជាអ្នកបម្រើរបស់ទ្រង់ ជាគ្រូបង្រៀនរបស់ទ្រង់ និងជាឪពុក ជាម្ដាយក្នុងក្រុងស៊ីយ៉ូន ជាអ្នកបម្រើដ៏ស័ក្ដិសមរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ—ដើម្បីបំពេញតាមការទទួលខុសត្រូវរបស់បងប្អូន កាន់តាមព្រះបញ្ញតិ្តរបស់ទ្រង់ ជាគំរូដ៏អស្ចារ្យនៃសេចក្ដីសុចរិត និងការបង្រៀនគោលការណ៍ដ៏ពិត ។ ហើយខ្ញុំសូមផ្ដល់ពរជ័យបងប្អូនដល់ចុងបញ្ចប់នោះ កាលខ្ញុំថ្លែងទីបន្ទាល់អំពីសេចក្តីពិតនៃការណ៍ដែលបងប្អូនបានរៀនសូត្រនាថ្ងៃនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។