សេចក្ដីប្រកាស
ការប្រជុំធម្មនិដ្ឋាន ស៊ី.អ៊ី.អែស សម្រាប់យុវមជ្ឈិមវ័យ• ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ •រោងឧបោសថអ័ហ្គឌិន ទីក្រុងអ័ហ្គឌិន រដ្ឋយូថាហ៍
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងម្នាក់ៗ គឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ដែលហៅ និងបំផុសគំនិតដល់ថ្នាក់ដឹកនាំ ដើម្បីផ្ដល់ជំនួយ និងការដឹកនាំដល់យើង ។ វាគឺជាពរជ័យមួយដ៏ធំដើម្បីជួបជុំគ្នា នៅពេលយើងរៀនមកពីបុគ្គលដែលសិទ្ធិអនុញ្ញាតបង្រៀនដល់ពួកយើង ។ សូមអរគុណដែលមានវត្តមាននាយប់នេះ ។ នៅពេលយើងចាប់ផ្ដើម ខ្ញុំចង់ផ្ដល់នូវការប្រកាសខ្លីៗដ៏សំខាន់ពីរ ។
ការប្រកាសទីមួយ គឺថានៅដើមខែមករា ឆ្នាំ ២០១៥ ការប្រជុំធម្មនិដ្ឋានស៊ី.អ៊ី.អែស នឹងត្រូវបានហៅថាជាការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ។ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកទាំងនេះ នឹងធ្វើឡើងបីដងក្នុងមួយឆ្នាំ--គឺនៅខែមករា ខែឧសភា និងខែកញ្ញា ។ ការផ្លាស់ប្ដូរទាំងនេះ គឺមានបំណងចង់គូសបញ្ជាក់ពីសារៈសំខាន់នៃការចាក់ផ្សាយនីមួយៗ ហើយធ្វើឲ្យប្រាកដថា យុវមជ្ឈិមវ័យម្នាក់ៗ មិនថាអ្នកនៅទីណា ឬស្ថិតនៅក្នុងស្ថានភាពបែបណាទេ អ្នកត្រូវបានអញ្ជើញឲ្យមកចូលរួម ។ យើងសង្ឃឹមថា អ្នកនឹងខិតខំចូលរួមរាល់ការប្រជុំធម្មនិដ្ឋាននីមួយៗ ហើយលើកទឹកចិត្តអ្នកដទៃឲ្យចូលរួមជាមួយអ្នកផងដែរ ដើម្បីអ្នក និងពួកគេអាចមានឱកាសមួយដើម្បីទំនាក់ទំនងគ្នា ស្ដាប់ការប្រឹក្សាមកពីថ្នាក់ ដឹកនាំយើង ហើយទទួលវិវរណៈ និងការដឹកនាំផ្ទាល់ខ្លួន ។ យើងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបព្វជិតភាព ដើម្បីធ្វើឲ្យការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកនេះ ជាព្រឹត្តិការណ៍សំខាន់ក្នុងតំបន់តាមមូលដ្ឋាន ។
សេចក្ដីប្រកាសផ្សេងទៀត ទាក់ទងនឹងថ្នាក់រៀនអំពីសាសនាដែលតម្រូវឲ្យមានសម្រាប់ការបញ្ចប់ការសិក្សា ពីថ្នាក់វិទ្យាស្ថានសាសនា និងសាកលវិទ្យាល័យសាសនាចក្រ ។ គណៈអភិបាលអប់រំសាសនាចក្រ និងក្រុមប្រឹក្សាភិបាលសម្រាប់សាកលវិទ្យាល័យ ប៊ីវ៉ាយយូ, ប៊ីវ៉ាយយូ អៃដាហូ, ប៊ីវ៉ាយយូ ហាវ៉ៃ និងសាកលវិទ្យាល័យពាណិជ្ជកម្មអ៊ិលឌីអែស បានអនុមតិចំពោះវគ្គសិក្សាថ្មីទាំងបួនថា នឹងត្រូវបើកឲ្យរៀននៅដើមសិសិររដូវឆ្នាំ ២០១៥ ។ វគ្គសិក្សាទាំងនេះ គឺ « ព្រះយេស៊ូវ គ្រីស្ទ និងដំណឹងល្អដ៏អស់កល្ប » « ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន » « គ្រឹះនៃការស្ដារឡើងវិញ » និង « គ្រួសារដ៏អស់កល្បជានិច្ច» ។
វគ្គសិក្សាថ្មីទាំងនេះ មានបំណងធ្វើជាសិលាគន្លឹះនៃបទពិសោធន៍ការអប់រំខាងសាសនារបស់អ្នក ។ វគ្គសិក្សាទាំងនេះ នឹងផ្ដោតលើបទគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីថ្ងៃចុងក្រោយ ដោយផ្ដោតលើព្រះអង្គសង្គ្រោះ គោលលទ្ធិរបស់ទ្រង់ និងព្រឹត្តិការណ៍សំខាន់នៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។ នៅពេលអ្នកសិក្សាបទដ្ឋានព្រះគម្ពីរទាំងស្រុង បទគម្ពីរទាំងនោះនឹងមានភាពប្រទាក់ក្រឡាគ្នា ដោយជួយអ្នកឲ្យអភិវឌ្ឍការចេះដឹងផ្នែកដំណឹងល្អកាន់តែខ្លាំង ហើយកាន់តែយល់បានពេញលេញ និងមានអំណរគុណចំពោះ គម្ពីរនីមួយៗ នៃបទដ្ឋានព្រះគម្ពីរ ។ ថ្នាក់រៀនទាំងនេះ នឹងស្ថាបនាពីលើបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងសាសនាចក្រកាលពីមុនៗរបស់អ្នករួមជាមួយនឹងការសិក្សាដំណឹងល្អ ។ វានឹងជួយអ្នកឲ្យអនុវត្តគោលការណ៍ដំណឹងល្អ តាមរបៀបដែលត្រូវទៅនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នក ។
ខ្ញុំក៏អាចកត់ចំណាំផងដែរថា រាល់វគ្គសិក្សាបទគម្ពីរថ្មីៗ និងថ្នាក់ខាងសាសនាដទៃទៀត នឹងបន្ដបើកនៅសាកលវិទ្យាល័យ និងថ្នាក់វិទ្យាស្ថានសាសនារបស់យើង ។ វគ្គសិក្សាថ្មីៗទាំងនេះ នឹងតម្រូវឲ្យសិស្សថ្មីទាំងអស់សិក្សា និងសម្រាប់សិស្សដែលបន្ដការសិក្សាផងដែរ ។ យើងសង្ឃឹមថា អ្នករាល់គ្នាម្នាក់ៗ នឹងពិចារណាអំពីការចូលរៀនថ្នាក់ទាំងនេះ ហើយខិតខំដើម្បីបញ្ចប់ការសិក្សា មកពីសាកលវិទ្យាល័យ ឬថ្នាក់វិទ្យាស្ថានសាសនារបស់សាសនាចក្រ ។ បើសិនជាអ្នកបានបញ្ចប់តម្រូវការសម្រាប់ការបញ្ចប់ការសិក្សារួចហើយ សូមពិចារណាចូលរៀនថ្នាក់ទាំងនេះ ដូចជាការបន្ដការសិក្សាដំណឹងល្អរបស់អ្នក តាមរយៈការចូលរួមក្នុងថ្នាក់រៀនសាសនានៅសាកលវិទ្យាល័យសាសនាចក្រ និងថ្នាក់វិទ្យាស្ថាន ។ នៅថ្ងៃខាងមុខ អ្នកនឹងអាចរៀនច្រើនទៀតអំពីថ្នាក់ថ្មីទាំងនេះ ដោយចូលទៅកាន់ education.lds.org}។
ខ្ញុំជឿជាក់ថា នៅពេលអ្នកចូលរួមក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោក និងថ្នាក់សាសនា នោះអ្នកនឹងយល់ដឹងពីបទគម្ពីរកាន់តែច្រើន អ្នកនឹងចូលរួមនឹងអ្នកដទៃ ដែលនឹងលើកស្ទួយ ហើយបំផុសគំនិតអ្នក ហើយអ្នកនឹងពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យវាដូច្នោះសម្រាប់អ្នករាល់គ្នាម្នាក់ៗ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2014 ដោយ Intellectual Reserve, Inc។ រក្សាសិទ្ធិគ្រប់យ៉ាង។ អនុមតិជាភាសាអង់គ្លេស ៖ 1/14 ។ អនុមតិឲ្យបកប្រែ ៖ 1/14 ។ ការបកប្រែនៃ « Announcement.» Cambodian PD10052175 258