ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក
ការ​សង្គ្រោះ​ជីវិត​របស់អ្នក


ការ​សង្គ្រោះ​ជីវិត​របស់អ្នក

ការ​ប្រជុំ​ធម្មនិដ្ឋាន​ស៊ីអ៊ីអែស សម្រាប់​មជ្ឈិមវ័យវ័យក្មេង •ថ្ងៃ​ទី14 ខែ​កញ្ញា ឆ្នាំ 2014 • សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់

កាលព្រះយេស៊ូវ និង​ពួកសាវកទ្រង់ មក​ជួបជុំ​គ្នា​នៅ​សេសារា ភីលីព ទ្រង់​បាន​សួរ​ពួកគេ​នូវ​សំណួរ​នេះ​ថា « តើថា​ខ្ញុំ​ជា​នរណា» ?​ 1 ពេត្រុស​បាន​​តប​ដោយ​គោរពយ៉ាង​អស្ចារ្យ​ និង​អំណាច​ថា « ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ »2 ​ខ្ញុំមាន​ចិត្ត​រំភើប​ពេល​អាន​ពាក្យ​ទាំង​នេះ ​ខ្ញុំរំភើប​នឹង​​និយាយ​ពាក្យ​នេះ ។ ប៉ុន្តែ​មិន​យូរប៉ុន្មាន​បន្ទាប់​ពី​គ្រា​ដ៏ពិសិដ្ឋ​នេះព្រះយេស៊ូវ បាន​មាន​បន្ទូល​ទៅពួក​​សាវក​អំពី​សេចក្ដី​ស្លាប់ និង​ការ​រស់ឡើង​វិញ​ដែល​នឹង​មក​ដល់ ហើយ​ពេត្រុស បាន​បដិសេធ​ទ្រង់ ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ពេត្រុស​ទទួលបាន​នូវ​ការ​បន្ទោស​ដ៏​ឈឺ​ចាប់ ដែល​គាត់​ពុំ​សក្ដិសម ឬ​ពុំ « គិត​តាម » រឿង​របស់​ព្រះ​សោះ « គឺ​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ »3 រួច ព្រះយេស៊ូវ « បាន​បង្ហាញ​សេចក្ដីស្រឡាញ់​ដ៏​ច្រើន​ឡើងចំពោះ​អ្នក​នោះ​ដែល [ទ្រង់] បាន​ស្ដី​បន្ទោស » 4 ដោយ​បាន​ណែ​នាំ​ដល់​ពេត្រុស​ និង​បង​ប្អូន​គាត់​ដោយចិត្ត​ទន់ភ្លន់អំពី​ការ​ទទួល​យក​ឈើឆ្កាង​ និង​ការ​បាត់​បង់ជីវិត​របស់​មនុស្ស​ម្នាក់ ដើម្បី​ស្វែងរក​ជីវិត​ពោរពេញ និង​អស់កល្ប​ជានិច្ច ដែល​ទ្រង់​ផ្ទាល់​ គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ។ ចូរ​យើង​មើល ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​នេះ នៅ​ក្នុង​រឿង​វីដេអូ​គម្ពីរ​ប៊ីបមួយ​ ដែល​បាន​ផលិត​ដោយ​សាសនាចក្រ ។

ព្រះយេស៊ូវ ៖ កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួកអាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​បី​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ពេត្រុស ៖ ឱ​ព្រះអម្ចាស់​អើយ ​សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ ។

ព្រះយេស៊ូវ ៖ សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ ។ អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ។ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាន​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ » ។ ត្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកិយ​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរីល្អ​នៃ​ព្រះវរបិតា ជាមួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន ។ 5

ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​អំពី​ការ​ប្រកាសពី​ភាព​ផ្ទុយ​គ្នា​​របស់​ព្រះអម្ចាស់​ថា « អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ នោះនឹង​បាន​ជីវិត​វិញ » ។6 ខ​នេះ​​បង្រៀន​អំពី​គោលការណ៍​ដ៏​មាន​អំណាច ហើយ​ស៊ីជម្រៅ ដែល​យើង​ចាំបាច់​ត្រូវ​យល់ និង​អនុវត្ត ។

សាស្ត្រាចារ្យ​ម្នាក់ បាន​ផ្ដល់​នូវ​ការ​យល់​ដឹង​នេះ​ថា ៖​ « ដូច​ជា​ផ្ទៃ​មេឃ​ខ្ពស់ជាង​ផែនដីដែរ នោះ​កិច្ចការ​ព្រះ​នៅ​ក្នុង​ជីវិត​អ្នក គឺធំជាង​រឿង​ដែល​អ្នក​ចង់ឲ្យ​​គេ​និទានពី​ជីវិត​អ្នក​​ទៅទៀត ។ ជីវិតទ្រង់ គឺ​ធំជាង​ផែនការ គោលដៅ ឬ​ភាព​ភ័យ​ខ្លាច​របស់អ្នក ។ ដើម្បី​សង្គ្រោះ​ជីវិត​អ្នក អ្នក​​ត្រូវ​ទុក​ចោល​រឿង​ជីវិត​អ្នក ហើយ​ពីមួយនាទីទៅមួយនាទី ពី​មួយថ្ងៃទៅមួយថ្ងៃ ចូរ​ថ្វាយ​ជីវិត​អ្នក​ដល់ទ្រង់ » ។ 7

កាល​ខ្ញុំកាន់តែ​គិតពីរឿង​នេះ ខ្ញុំកាន់​តែស្ងើច​ពីភាព​ខ្ជាប់ខ្ជួន​ដែល​ព្រះយេស៊ូវ បាន​ថ្វាយជីវិត​ទ្រង់​ដល់​ព្រះបិតា ពី​ភាពឥតខ្ចោះ​ដែល​ទ្រង់​បាន​លះបង់​ជីវិត​ទ្រង់​តាម​ព្រះទ័យ​របស់ព្រះបិតា--ទោះ​រស់ ឬ​ស្លាប់ក្ដី ។ រឿង​នេះ គឺ​ផ្ទុយ​គ្នាស្រឡះពី​​ឥរិយាបថ និង​មធ្យោបាយ​របស់​សាតាំង ដែល​វា​ត្រូវ​បាន​ទទួល​យក​យ៉ាង​ទូលំទូលាយ​នៅក្នុង​ពិភព​លោកសព្វថ្ងៃ​នេះ ។ នៅក្នុង​ក្រុមប្រឹក្សា​មុនជីវិត​នេះ ​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​បំពេញ​តួនាទី​ជា​ព្រះអង្គសង្គ្រោះនៅ​ក្នុង​ផែនការ​​ដ៏​ទេវភាព​របស់ព្រះវរបិតា ព្រះយេស៊ូវ មានបន្ទូលថា « ព្រះវរបិតា​អើយ សូម​ឲ្យ​ព្រះទ័យ​របស់​ព្រះអង្គ បានសម្រេច ហើយ​សូម​ឲ្យ​សិរី​ល្អ​របស់​ព្រះអង្គ​បាន​ជា​ របស់​ផង​ព្រះអង្គ​ រហូត» ។8 ផ្ទុយ​ទៅ​វិញ លូស៊ីហ្វើរ បាន​ប្រកាស​ថា « មើលចុះ ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ ទូល​បង្គំ ​នឹង​ធ្វើ​ជា​ព្រះរា​ជបុត្រា​របស់​ព្រះអង្គ ហើយ ​ទូល​បង្គំ​ នឹង​ប្រោស​លោះ​មនុស្ស​លោក​ទាំងអស់ ប្រយោជន៍​កុំ​ឲ្យ​ព្រលឹង​ណា​មួយ​ត្រូវ​បាត់ឡើយ ហើយ ទូលបង្គំ នឹង​ប្រព្រឹត្ត​ការ​នោះ​ជា​មិនខាន ហេតុដូច្នោះ​ហើយ សូម​ប្រទាន​ដល់ទូលបង្គំ នូវ​កិត្តិស​របស់​ព្រះអង្គ​ចុះ » ។9

បទបញ្ញត្តិ​របស់ព្រះគ្រីស្ទ ដើម្បី​ធ្វើ​តាម​ទ្រង់ គឺ​ជា​បទបញ្ញត្តិ​មួយ ដើម្បី​​ប្រឆាំង​ទាស់​​នឹង​គំរូ​របស់​សាតាំង និង​ដើម្បី​ឲ្យ​បាត់​ជីវិត​របស់​យើង វា​ជា​ជីវិត​ពិត ជីវិត​ដែល​អាច​ទទួល​នគរ​សេឡេស្ទាល ដែល​ព្រះ​ទត​មើល​ឃើញ​សម្រាប់​យើង​ម្នាក់ៗ ។ ជីវិត​នោះ នឹង​ប្រទាន​ពរ​ដល់​មនុស្ស​គ្រប់​គ្នាដែល​យើង​ជួប ហើយ​នឹង​ធ្វើ​ឲ្យយើង​ជា​ពួកបរិសុទ្ធ​ ។​ ដោយ​ទស្សនៈវិស័យ​ មាន​ដែនកំណត់​បច្ចុប្បន្នរបស់​យើង វា​ជា​ជីវិត​មួយ​ដែលមិន​អាច​យល់បាន ។ ពិត​​ណាស់ « សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ »។ 10

ខ្ញុំ​ចង់​ឲ្យ​យើង​មាន​ការសន្ទនា​ច្រើន​ទៀត រវាង​ព្រះយេស៊ូវ​ និង​ពួកសិស្ស​ទ្រង់ ។ វា​នឹង​ជា​ជំនួយ​ច្រើន​ដើម្បី​មាន​ពន្លឺ​បន្ថែម​ខ្លះ​ទៀត អំពី​អត្ថន័យ ជាក់ស្ដែង​អំពី​ការ​បាត់ជីវិត​​ដើម្បី​ទ្រង់ ហើយ​ដូច្នេះ​រក​មើល​វា ។ ប៉ុន្តែ ពេល​ខ្ញុំ​ពិចារណា​អំពី​វា ខ្ញុំ​ដឹង​ថា បញ្ជា​របស់ព្រះអង្គសង្គ្រោះ​គឺ​ធ្វើឡើង​ពីមុន និង​ក្រោយ​ពេល​ការ​ប្រកាស​របស់ទ្រង់​ វា​ផ្ដល់​ជា​ការដឹកនាំ​ដ៏​មាន​តម្លៃ ។ ចូរ​គិត​អំពីបន្ទូល​ដែលទាក់​ទង​គ្នា​ទាំង​បី​នេះ ។

​ឲ្យលះកាត់​ចិត្ត​ខ្លួន​ឯង​ចោលចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាងទ្រង់​ជា​ប្រចាំ

ដំបូង គឺ​បន្ទូល​របស់ព្រះអម្ចាស់ដែល​បាន​ថ្លែងមុន​ពេល​ទ្រង់​មាន​បន្ទូលថា « អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ » ។11 ដូច​បាន​កត់ត្រា​នៅក្នុង​ដំណឹងល្អ​នីមួយៗដែរ ព្រះយេស៊ូវ បាន​មាន​បន្ទូល​ថា « បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ »។12 លូកា បាន​បន្ថែម​ពាក្យ រាល់​តែ​ថ្ងៃ—« ផ្ទុក… ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ »។13 នៅ​ក្នុងម៉ាថាយ ការ​បក​ប្រែ​របស់​យ៉ូសែប ស៊្មីធ បាន​ពន្លាត​សេចក្ដី​ថ្លែង​នេះ​ជាមួយ​នឹង​និយម​ន័យ​របស់​ព្រះអម្ចាស់ អំពី​អត្ថន័យ ដើម្បី​ផ្ទុក​ឈើ​ឆ្កាង​លើ​ខ្លួន​នោះ​ថា ៖ « ហើយ​ឥឡូវ​សម្រាប់​មនុស្ស​ម្នាក់​ដែល​ផ្ទុក​ឈើ​ឆ្កាង​លើ​ខ្លួន នោះ​គឺ​បាន​បដិសេធ​នូវ​រាល់​សេចក្ដី​អាក្រក់ និង​តណ្ហា​នៃ​លោកិយ​ទាំងអស់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​យើង » ។14

បទបញ្ញត្តិ​នេះ ស្រប​នឹង​ការ​ប្រកាស​របស់​យ៉ាកុប​ថា ៖ « ឯសាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុងកាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ » ។15 វា​គឺ​ជា​ជីវិតប្រចាំ​ថ្ងៃ​មួយ​ដែល​បដិសេធ​នូវ​រាល់​ការ​មិនស្អាត​ទាំងអស់ ខណៈ​ដែល​មានការ​​រក្សា​បទបញ្ញត្តិ​ធំពីរដោយ​វិជ្ជមាន​គឺ​--​ឲ្យ​ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង​ខ្លួន--ដែល​ជា​គ្រឹះ​នៃ​​រាល់​បទបញ្ញត្តិ​ដទៃទៀត ។16 ដូច្នេះ ធាតុ​មួយ​នៃ​ការ​បាត់​ជីវិតយើង ដើម្បី​បាន​ជីវិត​ដែលធំជាង ដែល​ព្រះអម្ចាស់​ទត​ឃើញ​សម្រាប់​យើង គឺ​មាននៅ​ក្នុង​​ការ​ផ្ទុក​ឈើ​ឆ្កាង​របស់ទ្រង់រាល់​ថ្ងៃ ។

អ្នកណា​​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នកនោះ​នៅ​ចំពោះ​ព្រះវរបិតា

សេចក្ដី​ថ្លែងអម​ទីពីរ ឲ្យយោបល់​ថា ការ​រកបាន​ជីវិត​យើងតាមរយៈ​ការបាត់​ជីវិត​ដើម្បី​ទ្រង់ និង​ដំណឹងល្អ​ទ្រង់ តម្រូវ​ឲ្យមាន​ឆន្ទៈ​ធ្វើ​ឲ្យ​ភាព​ជា​សិស្ស​របស់​យើង​ត្រូវ​បាន​គេ​ដឹង​ជា​សាធារណៈ ៖ « ត្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ នៅក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មានសេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរីល្អ​របស់​ព្រះវរបិតា ជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ » ។17

នៅក្នុង​ម៉ាថាយ យើង​អាចរក​ឃើញ​នូវ​សេចក្ដី​ថ្លែងដូច​គ្នា​មួយ​ថា

« អស់​អ្នក​ណា​ដែល​​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ដែរ ។

« តែ​អស់​អ្នក​ណា​ដែលមិន​ព្រម​​​ទទួល​ស្គាល់​​ខ្ញុំ នៅ​មុខ​មនុស្ស​លោកទេ នោះ​ខ្ញុំ​ក៏​មិន​​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ដែរ» ។18

អត្ថន័យ​ដ៏​​ច្បាស់​មួយ​ ហើយ​ខ្សឹកខ្សួល​​អំពី​ការ​បាត់ជីវិតអ្នក​ ដោយព្រោះ​តែ​​​ថ្លែងប្រាប់​​ពី​ព្រះគ្រីស្ទ គឺជា​ការ​បាត់​ជីវិតខាង​រូបកាយពិត​មែន ដើម្បី​គាំទ្រ និង​ការពារ​ជំនឿ​​អ្នកលើទ្រង់ ។ យើង​ធ្លាប់កត់​សម្គាល់​​ច្រើនហើយ ចំពោះ​ការ​គិត​អំពី​តម្រូវ​ការ​ដ៏​ខ្លាំង​នេះ ដូច​វា​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​យើង​បាន​អាន​អំពី​ការធ្វើ​ទុក្ករកម្មកាលពី​អតីតកាល រួមទាំងដល់​​ពួកសាវកពី​​បុរាណ​ភាគ​ច្រើនដែរ ។​ ប៉ុន្តែ​ ឥឡូវនេះ យើង​ឃើញ​ថាអ្វី​ដែល​មាន​កាល​ពីប្រវត្តិសាស្ត្រ កំពុង​កើត​មាន​ក្នុងពេល​បច្ចុប្បន្ន ។ សារព័ត៌មាន បាន​រាយការណ៍​មក​ពី​ប្រទេស​អ៊ីរ៉ាក់ និងស៊ីរី អំពី​ពួកគ្រីស្ទាន​រាប់​រយ​នាក់ និង​ មួយចំនួន​តូច​ទៀត ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះសម្បែង​ពួកគេ ឬ​ត្រូវ​បាន​សម្លាប់ ដោយ​ពួក​​​ឧទ្ទាម​​អ៊ីស្លាម​ក្នុង​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ។ ពួក​ភេរវករ តម្រូវ​ឲ្យ​ពួក​គ្រីស្ទាន​ទាំង​នេះ ផ្លាស់​ប្រែ​ជា​ពួក​អ៊ីស្លាម ឬ​ត្រូវចាក​ចោល​ភូមិស្រុក​ពួកគេ ឬ​ត្រូវ​ស្លាប់ ។ ពួក​គ្រីស្ទាន នឹង​មិន​ព្រម​បដិសេធ​ទ្រង់ ដែល​ពួកគេ​ថ្វាយ​បង្គំ​ទេ ដូច្នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​រត់​ភៀស​ខ្លួន ហើយ​មួយ​ចំនួន​ត្រូវ​គេ​សម្លាប់ ។19 ពិត​​ណាស់ ព្រលឹង​ទាំង​នោះ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​​ដែល​ព្រះអង្គ​សង្គ្រោះ នឹង​ពុំ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះជន​ទាំង​នោះ នៅ​ចំពោះ​ព្រះវរបិតា​ទ្រង់ នៅ​ថ្ងៃ​​នៃ​ការ​ជំនុំ​ជំរះ​នា​ពេល​អនាគតដែរ ។ យើង​ពុំ​ដឹង​ថានឹងមាន​​អ្វីកើត​ឡើ​ងនៅ​​អនាគត​ទេ ប៉ុន្តែ​បើ​យើង​ណា​ម្នាក់​ នឹងជួប​នូវ​​ការបាត់​ជីវិត​យើង​ពិត ដើម្បី​​លោក​ចៅហ្វាយ នោះ​ខ្ញុំ​ទុកចិត្ត​ថា យើង​នឹង​បង្ហាញ​​ភាព​ក្លាហាន និង​ភក្ដីភាព​ដូចគ្នា​នេះ​ដែរ ។

ប៉ុន្តែ​ជា​ទូទៅ (​ហើយ​ពេល​ខ្លះ កាន់តែ​ពិបាក ) ​ការ​អនុវត្តតាម​​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ ​ វា​ទាក់ទង​នឹង​ការ​រស់នៅ​ក្នុង​ជីវិតប្រចាំថ្ងៃ​​របស់​យើង ។ វា​ទាក់ទង​នឹង​សម្ដី​ដែល​យើង​និយាយ គំរូ​ដែល​យើងធ្វើ ។ ជីវិត​យើង គួរ​តែ​ទទួល​ប្រាប់​ពី​ព្រះគ្រីស្ទ ហើយ​រួម​នឹង​ពាក្យ​សម្ដី​យើងថ្លែងពី​សេចក្ដីជំនឿ​​ និង​ការ​លះបង់​របស់យើង​ចំពោះ​ទ្រង់ ។ ហើយ​ទីបន្ទាល់នេះ ត្រូវ​តែ​បាន​ការ​ពារ​ដោយ​ម៉ឺង​ម៉ាត់​ចំពោះ​ការ​រិះគន់ ការ​រើសអើង ឬ​ការ​និយាយ​អាក្រក់​ពី​មនុស្ស​ដែល​ទាស់​នឹង​ទ្រង់ « ក្នុង​ដំណ​មនុស្ស​កំផិត និង​មាន​បាប​នេះ » ។ 20

នៅ​គ្រា​​មួយ​ទៀត ព្រះអម្ចាស់ បាន​បន្ថែម​សេចក្ដី​ថ្លែង​ដ៏អស្ចារ្យ​នេះ អំពី​ភក្ដីភាព​របស់​យើង​ចំពោះ​ទ្រង់​ថា ៖

« កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដីមេត្រីនៅ​ផែនដី​ឡើយ ៖ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ជា​ដាវ​វិញ។

« ត្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូនស្រីទាស់​នឹង​ម្ដាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក ។

« ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង ។

« អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ ឬ​កូន​ស្រី ជាជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ ។

« អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្ន​កនោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ » ។21

ការទ្រង់​មាន​បន្ទូល​ទ្រង់​​​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ជា​ដាវ​វិញ ដំបូង​​ វា​ហាក់ដូចជា​​ផ្ទុយពី​បទគម្ពីរ​ដែល​ថា ព្រះគ្រីស្ទ គឺ​ជា​ « ​ម្ចាស់​នៃ​​មេត្រីភាព » 22និង​ការ​ប្រកាស​នៅ​ថ្ងៃ​កំណើត​ទ្រង់​ថា « សួរ​ស្ដី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខសាន្ដ​នៅផែនដី នៅ​កណ្ដាល​មនុស្ស »។23 និង​​សេចក្ដី​យោង​ដែល​គេ​ស្គាល់​ច្បាស់ ដូចជា « ខ្ញុំ​ទុក​សេចក្ដី​សុខ​នឹង​អ្នករាល់គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ខ្ញុំ​ដល់​អ្នករាល់គ្នា» 24 « វា​គឺ​ជា​ការ​ពិត​ដែល​ថា ព្រះគ្រីស្ទ យាងមក​ដើម្បី​នាំ​ភាពសុខសាន្ដ --ភាព​សុខសាន្ដ​រវាង​អ្នក​អ្នក​ជឿ និង​ព្រះ ហើយ​សេចក្ដី​សុខសាន្ដ​នៅ​ក្នុង​ចំណោម​មនុស្ស ។ ប៉ុន្តែ​លទ្ធផល​ដែល​ចៀស​មិន​រួច​នៃ​ការ​យាង​មក​របស់ព្រះគ្រីស្ទ គឺ​ជម្លោះ --​រវាងអ្នក​ជឿ​​ព្រះគ្រីស្ទ និង​អ្នក​ជំទាស់ទ្រង់ រវាង​ពន្លឺ និង​ភាព​​ងងឹត រវាង​កូន​របស់ព្រះ និង​កូន​របស់អារក្ស ។ ជម្លោះ​នេះក៏​អាច​កើត​ឡើង​​រវាងសមាជិក​ក្នុង​គ្រួសារដែរ » ។25

ខ្ញុំ​ជឿជាក់​​ថា អ្នកមួយចំនួន​ក្នុង​ចំណោម​អ្នក​ស្ដាប់​របស់​យើង​ទូទាំង​ពិភពលោក​នា​ល្ងាច​នេះ ធ្លាប់​​ជួប​នូវ​​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ អ្នក​បាន​ត្រូវ​ឪពុក និង​ម្ដាយ​ បងប្អូន​ប្រុស​ស្រី បដិសេធ និងឈប់រាប់រក នៅពេល​អ្នក​ទទួល​យក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ក្នុង​សេចក្ដី​សញ្ញា​របស់ទ្រង់ ។ ប៉ុន្តែ​ ក្ដី​ស្រឡាញ់​ដ៏ធំ​របស់​អ្នក​ចំពោះ​ព្រះគ្រីស្ទ តម្រូវ​ឲ្យ​លះបង់​ទំនាក់ទំនងដែល​អ្នក​ស្រឡាញ់​​ជា​ទីបំផុត​ ហើយ​អ្នក​បាន​បង្ហូរ​ទឹក​ភ្នែក​ជាច្រើន ។ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​ពុំ​ស្រាក​ស្រាន្ដ​ផ្ទាល់​របស់អ្នក អ្នក​កាន់​ដោយ​ខ្ជាប់ខ្ជួន​នៅក្រោម​ឈើ​ឆ្កាង​នេះ ដោយ​បង្ហាញ​ខ្លួន​អ្នក​ថា អ្នក​ពុំខ្មាស​អំពី​ព្រះរាជបុត្រា​នៃ​ព្រះឡើយ ។

ប្រហែលជាបីឆ្នាំមុន មានសមាជិកសាសនាចក្រម្នាក់ បានឲ្យព្រះគម្ពីរមរមនមួយក្បាលនឹងមិត្តម្នាក់ជាពួកអាមីស នៅរដ្ឋអូហៃអូ ។  មិត្តនោះបានចាប់ផ្ដើមអាន ព្រះគម្ពីរនោះ ហើយពុំអាចដាក់វាចុះពីដៃឡើយ។ អស់​រយៈពេល​បី​ថ្ងៃ គាត់ មិន​ចង់​បាន​អ្វី​ទេក្រៅ​ពីអានព្រះ​​គម្ពីរមរមន ។ គាត់ និងភរិយា បានជ្រមុជទឹក ហើយក្នុងរង្វង់ប្រាំពីរខែ នោះមានគូស្វាមីភរិយាពួកអាមីស បីគូរ  បានប្រែចិត្តជឿ ហើយបានជ្រមុជទឹកជាសមាជិកសាសនាចក្រ ។  កូនៗពួកគេ បានជ្រមុជទឹកនៅប៉ុន្មានខែបន្ទាប់មក ។  គ្រួសារទាំងបីនេះ បានសម្រេចចិត្តរស់នៅក្នុងសហគមន៍ពួកគេ ហើយបន្ដជីវិតខ្លួនជាពួកអាមីស ទោះជាពួកគេបានចាកចេញពីជំនឿអាមីសក្ដី ។ ប៉ុន្តែ​ ជា​លទ្ធផល​នៃ​ការ​ទទួលបុណ្យជ្រមុជទឹក​នោះ ពួកគេ​ត្រូវ​បាន​ស្ថិត​នៅក្រោម « ការ​គេចមុខ » ពី​សំណាក់​អ្នកជិត​ខាងខ្លួន​ដ៏​ជិតស្និទ្ធ​ជា​ពួក​អាមីស ។ ការ​គេច​មុខ មានន័យថា​គ្មាន​នរណា​ម្នាក់ក្នុង​សហគមន៍​អាមីស នឹង​និយាយ​រក​ពួកគេ ធ្វើ​ការ​ជាមួយពួកគេ ធ្វើជំនួញ​នឹង​ពួកគេ ឬ​ទាក់ទង​នឹង​ពួកគេឡើយ ។ រឿង​នេះ ​រួម​មាន​ទាំង​មិត្តភក្ដិ និង​​សមាជិក​គ្រួសារ​ផងដែរ ដូចជា --បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ និង​ជីដូនជីតា ។

ដើមឡើយ ពួកបរិសុទ្ធអាមីស ទាំងនេះមានអារម្មណ៍ឯកោ និងឃ្លាតឆ្ងាយពីគេ សូម្បីតែកូនៗពួកគេ ក៏ជួបនឹងការគេចមុខ ហើយដកខ្លួនចេញពីសាលាអាមីសរបស់ពួកគេដែរ ដោយសារតែពិធីបុណ្យជ្រមុជទឹក និងសមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរបស់ពួកគេនោះ ។ កូនៗពួកគេ បានស៊ូទ្រាំនឹងការគេចមុខពីលោកតាលោកយាយ និងបងប្អូនជីដូនមួយ និងអ្នកជិតខាងខ្លួនដ៏ជិតស្និទ្ធ ។ សូម្បីតែកូនធំៗមួយចំនួនក្នុងគ្រួសារអាមីសទាំងនេះ ដែលពុំបានទទួលដំណឹងល្អ ក៏នឹងមិននិយាយ ឬទទួលស្គាល់​ឪពុកម្ដាយរបស់ពួកគេដែរ ។ ក្រុម​គ្រួសារទាំង​នេះ បានពុះពារ​យកឈ្នះឥទ្ធិពល​នៃ​ការ​គេច​មុខ​ក្នុង​​សង្គម និង​សេដ្ឋកិច្ច ប៉ុន្តែ​ពួកគេ​បាន​ជោគជ័យ ។

ជំនឿ​ពួកគេ​នៅ​រឹងមាំ ។ សោកនាដកម្ម និង​ការ​ជំទាស់​នៃ​ការ​គេចមុខ បានបណ្ដាល​ឲ្យ​ពួកគេ​ឈរ​ខ្ជាប់​ខ្ជួន និង​រឹងមាំ ។ ​ក្នុង​រយៈពេលមួយ​ឆ្នាំ ​បន្ទាប់​ពី​បានជ្រមុជទឹក ក្រុមគ្រួសារ​​ទាំងនេះ​បាន​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​បន្ដចូល​រួម​ព្រះវិហារបរិសុទ្ធ​ដោយ​ស្មោះ​ត្រង់​រាល់​សប្ដាហ៍ ។ ពួកគេ​រក​បាន​កម្លាំង តាមរយៈ​ការ​ទទួល​ពិធីបរិសុទ្ធ​នានា និង​ការចុះ និង​ការ​គោរពដល់​សេចក្ដីសញ្ញាទាំងឡាយ ។ ពួកគេ​ទាំងអស់​សកម្មក្នុង​ក្រុម​សាសនាចក្ររ​បស់ពួកគេ ហើយ​បន្ដ​រក​វិធី​​ចែកចាយ​ពន្លឺ និង​ចំណេះ​ដឹង​ដំណឹងល្អជាមួយ​នឹង​គ្រួសារ​សាច់ញាតិ​ និង​សហគមន៍ពួកគេ តាមរយៈ​ទង្វើ​ល្អ និង​ការ​បម្រើ ។

មែនហើយ តម្លៃ​នៃ​ការ​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាច​នឹង​មានតម្លៃ​ខ្ពស់​ណាស់ ប៉ុន្តែ​ការ​ដាស់តឿន​ឲ្យ​ដាក់ព្រះគ្រីស្ទ​លើស​ជាង​អ្វីៗ​ផ្សេងទៀត ទោះ​ជា​គ្រួសារ​ជិតស្និទ្ធ​បំផុត​របស់យើង ក៏អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​អាច​នឹង​កើត​នៅក្នុង​សេចក្ដីសញ្ញា​ផងដែរ ។ យើងភាគ​ច្រើន បាន​ក្លាយ​ជា​សមាជិក​​សាសនាចក្រ ប្រហែល​ជា​តាំង​ពី​នៅ​ក្មេង​ ដោយ​គ្មាន​ការ​ផ្ទុយ ។ ឧបសគ្គ​ដែល​យើង​អាចជួប​គឺ​ការ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​ទ្រង់ នៅ​​ចំពោះឪពុក​ម្ដាយ ឪពុក​ម្ដាយ​ក្មេក បងប្អូន​ប្រុសស្រី ឬ​​កូនៗ​របស់យើង ដែល​មាន​ទង្វើ ជំនឿ ឬ​ជម្រើស​នានា​ ដែល​វា​មិន​អាច​​គាំទ្រ​ទាំង ទ្រង់ផង និង​ពួកគេផង​នោះ​ទេ​ ។ វា​ពុំ​មែន​ជា​សំណួរ​អំពី​ក្ដី​ស្រឡាញ់ទេ ។ យើង​អាច ហើយ​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​ព្រះយេស៊ូវ​​ស្រឡាញ់​យើង ។ ដូច​ទ្រង់​មាន​បន្ទូលថា « គេនឹង​ដឹង​ថា អ្នករាល់គ្នា​ជា​សិស្ស​របស់ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង » ។26 ប៉ុន្តែ ព្រះអម្ចាស់ រំលឹក​យើង​ថា « អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី​ជាជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ » ។27 ដូច្នេះទោះ​ជា​ក្ដី​ស្រឡាញ់​​​គ្រួសារ​បន្ដ​មាន​ក្ដី ក៏​ទំនាក់ទំនង​អាច​ត្រូវ​បាន​រំខាន យោង​តាម​ស្ថានភាព​នានា សូម្បី​តែ​ពេល​ខ្លះ​ការ​​គាំទ្រ ឬការ​ស៊ូទ្រាំត្រូវឈប់​បណ្ដោះ​អាសន្ន​ ដោយ​ព្រោះ​ក្ដីស្រឡាញ់​ដ៏​ធំ​របស់​យើង ។

​ភាព​ពិត វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់អ្នក​ដែល​យើង​ស្រឡាញ់--វិធី​ល្អ​បំផុត​ដើម្បី​ស្រឡាញ់​ពួកគេ​គឺ--បន្ដ​ដាក់​ព្រះអង្គសង្គ្រោះ​មុន​គេ ។ បើ​យើង​ដក​ខ្លួន​យើង​ចេញ​ពី​ព្រះអម្ចាស់ ដោយ​សារ​អាណិត​ដល់​មនុស្ស​ជា​ទីស្រឡាញ់ ដែល​កំពុង​រងទុក្ខ ឬ​បាក់ទឹកចិត្ត នោះ​យើង​នឹង​បាត់បង់​មធ្យោបាយ​ ដែល​យើង​អាច​ជួយ​ពួកគេ​ហើយ ។ ប៉ុន្តែ​ បើ​យើង​បន្ដ​ចាក់ឫស​ឲ្យ​​រឹងមាំ​ក្នុង​ជំនឿទៅ​លើ​ព្រះគ្រីស្ទ នោះ​យើង​នឹង​ស្ថិត​ក្នុង​ទីតាំងមួយ ដែ​លអាច​ទទួលបានជំនួយ និង​ផ្ដល់​ជំនួយ​ដ៏​ទេវភាព។ បើ ( ឬ​ខ្ញុំ​គួរ​និយាយ​ថា​ពេល ) គ្រា​នោះ​មកដល់ ដែល​សមាជិក​គ្រួសារ​ជា​ទីស្រឡាញ់​របស់​យើង ចង់​ងាកយ៉ាង​ខ្លាំង​​ទៅ​រក​ប្រភព​ពិត​ និង​យូរអង្វែង​ឲ្យ​ជួយ នោះ​ពួកគេ​នឹង​ដឹង​ថា នរណា​ដែល​ពួកគេ​ទុកចិត្ត ដើម្បី​ធ្វើ​ជា​ដៃគូ និង​ដឹកនាំ ។ ក្នុង​ពេល​នេះ ដោយ​មាន​​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ នោះ​យើង​​អាច​ធ្វើ​ការ​បម្រើ​ដ៏​ខ្ជាប់ខ្ជួន​មួយ ដើម្បីសម្រាល​ការ​ឈឺចាប់​នៃ​ការ​ធ្វើ​ជម្រើស​មិនល្អ ហើយ​​រុំ​របួសឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ។ បើ​មិនដូច្នោះ​ទេ យើង​ពុំ​បាន​បម្រើ​មនុស្ស​ដែល​យើង​ស្រឡាញ់ ឬ​​ខ្លួនឯង​ឡើយ ។

​មនុស្ស​ណា​នឹង​បាន​លោកិយ​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ?

ធាតុទីបីនៃការបាត់ជីវិតយើងដើម្បីព្រះអម្ចាស់ ដែលខ្ញុំចង់និយាយគឺ មាននៅក្នុងបន្ទូលរបស់ព្រះអម្ចាស់ថា ៖

« ហើយអ្នកដែលបាត់ជីវិតក្នុងលោកិយនេះ ដោយព្រោះខ្ញុំ នឹងរកបានជីវិតវិញនៅក្នុងពិភពខាងមុខ ។

« ហេតុដូច្នោះ​ហើយ ចូរ​លះបង់​លោកិយ ហើយ​សង្គ្រោះ​ព្រលឹង​អ្នក ត្បិត​​បើ​មនុស្ស​ណា​នឹង​បាន​លោកិយ​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ? ឬ តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? » 28

​ដូច​បាន​ផ្ដល់​ឲ្យ​នៅក្នុង​ការ​បក​ប្រែ​របស់​យ៉ូសែប ស្ម៊ីធ​ថា « ត្បិត​តើ​មនុស្ស​នឹង​បាន​ប្រយោជន៍អ្វី​ដល់ខ្លួន បើ​គាត់​ទទួលបាន​លោកិយទាំង​មូល តែ​គាត់​ពុំទទួល​បាន អ្នក​ដែល​ព្រះ​បាន​តែងតាំង ហើយ​គាត់​បាត់​ព្រលឹង​ខ្លួន ហើយ​ខ្លួន​គាត់​ត្រូវ​បណ្ដេញ​ចេញ​នោះ ?» 29

ដើម្បី​និយាយ​ថា ការ​បោះបង់​លោកិយ ដើម្បី​ទទួល​បាន « អ្នក​…ដែល​ព្រះបាន​តែងតាំង » គឺ​ជា​ការ​ជំទាស់​នឹង​ពិភពលោក​សព្វថ្ងៃ គឺ​ជាក់​ស្ដែង ។ អាទិភាព និង​ចំណាប់អារម្មណ៍ ដែល​យើង​ឃើញ​បង្ហាញ​នៅជុំវិញ​យើង​ជា​ញឹកញាប់បំផុត​ (​ហើយ​ពេល​ខ្លះ​នៅក្នុង​ខ្លួន​យើង ) គឺ​ជា​ភាព​អត្មានិយមយ៉ាង​ខ្លាំង​ដូចជា ៖ ការ​ស្រេក​ឃ្លាន​ឲ្យគេ​ទទួលស្គាល់ខ្លួន ការទទូច​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ម្នាក់ ( រួមទាំង សិទ្ធិ​ពុំមាន​ការ​អាក់អន់ចិត្ត) ​ការ​ចង់​បាន​ប្រាក់កាស វត្ថុ និង​អំណាច​ដ៏​សន្ធឹក អារម្មណ៍​ដែល​ចង់​ឲ្យ​ជីវិត​ទទួលបាន​ភាព​សុខស្រួល ហើយ​រីករាយ គោលដៅ​​កាត់បន្ថយ​ទំនួល​ខុសត្រូវ​ឲ្យ​នៅ​តិច​បំផុត ហើយ​ចៀសវាង​ធ្វើការ​លះបង់​ផ្ទាល់​ខ្លួន​ណា​មួយរួមគ្នា​​សម្រាប់​សេចក្ដី​ល្អ​នៃ​មនុស្ស​ម្នាក់ជាដើម នេះ​ជា​ឧទាហរណ៍​មួយចំនួន​ប៉ុណ្ណោះ។

នេះ​ពុំ​មែន​មាន​ន័យ​​ថា យើងនឹង​ពុំ​ស្វែងរក​ភាព​ជោគជ័យ​ ​ជាភាព​ល្អ​ប្រសើរ​ក្នុង​​កិច្ច​ប្រឹងប្រែង​​មានភាពសក្ដិសម រួម​ទាំង ការអប់រំ និង​ការងារ​ដែលមាន​កិត្តិយសនោះ​ទេ។​ កាលពី​ដើម​ឆ្នាំ​នេះ ជែត រ៉ូប៊ិនហ្វីល និង អាមី ឆាវ ដែល​ជា​ប្ដី​ប្រពន្ធ សាស្ត្រាចារ្យ​សាលាច្បាប់ យ៉េល បាន​បោះពុម្ព​សៀវភៅ​មួយក្បាល​ ដែល​មាន​ចំណង​ជើង​ថា The Triple Package: How Three Unlikely Traits Explain the Rise and Fall of Cultural Groups in America. (កញ្ចប់​ទាំងបី៖ របៀប​ដែលលក្ខណៈ​ពុំ​ដូច​គ្នា​បី​យ៉ាង ពន្យល់​ពី​ការឡើងចុះ​នៃ​ក្រុម​វប្បធម៌​នៅក្នុង​អាមេរិក ។​ និក្ខេបបទ​ពួកគេ​គឺ​ថា ក្រុម​មួយចំនួននៅ​អាមេរិក ធ្វើ​ល្អ​ជាង​អ្នក​ផ្សេង​ទៀត ផ្អែក​លើ​លក្ខណៈ​វប្បធម៌​បីយ៉ាង ដូច​បាន​ពិពណ៌នា​នៅក្នុងសៀវភៅនោះ​ ដែលវាធ្វើ​ឲ្យ​ក្រុមទាំង​នេះ​ល្អ​ប្រសើរ ។​ ឆាវ និង រ៉ូប៊ីន​ហ្វីល បានសម្គាល់ ពួក​មរមន ពួក​យូដា ពួកអាស៊ី អន្ដោប្រវេសន៍​ជនជាតិ​អាហ្វ្រិក​ខាងលិច អាមេរិកកាំង​ស្បែកក្រហម និង​អាមេរិកកាំង​ស៊ូបាន ជា​ក្រុម​ជាច្រើន​នៅក្នុង​ប្រទេស​អាមេរិក​សព្វ​ថ្ងៃ ដែល​មាន​លក្ខណៈ​ទាំង​នេះ ។30

បើ​ប្រៀបធៀប​ក្រុម​ទាំង​នេះ​ជាមួយ​នឹង​សង្គម​អាមេរិក​ទូទៅ​ក្នុង​រង្វាស់​​ដូចជា « ចំណូល, ភាព​ជោគជ័យ​ក្នុងការ​សិក្សា, ភាពជាអ្នកដឹកនាំសារជីវកម្ម ភាព​ជោគជ័យ​ផ្នែក​វិជ្ជាជីវៈ និង​រង្វាស់​សម្មត់​ដទៃទៀត » នោះ ​ឆាវ និង​រ៉ូប៊ីន​ហ្វីល បានថ្លែងថា ៖

« បើ​មាន​ក្រុម​មួយ​ក្នុង​ប្រទេ​សអាមេរិក ដែល​សព្វ​ថ្ងៃ​នេះ មាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នោះ គឺ​ជា​ពួកមរមន ។  …

« ហេតុនោះ ប្រូតេស្ដង់ មាន​ប្រមាណ​ជា​ 51  ភាគរយ​នៃ​ចំនួន​ប្រជាជនអាមេរិក រីឯពួកមរមន​មាន​ 5​ ទៅ 6 លាន​នាក់​នៃ​​ជនជាតិអាមេរិកកាំងត្រូវ​ជា​ 1,7  ភាគ​រយប៉ុណ្ណោះ ។ « តែ​តួ​លេខ​គួរ​ឲ្យភ្ញាក់​ផ្អើ​ល​មួយ បាន​ឡើង​ទៅ​ដល់កំពូល​នៃ​ផ្នែក​​នយោបាយ និង​សាជីវកម្ម​របស់​អាមេរិកកាំង ។31

ជោគជ័យ​ជាក់លាក់​ គឺ​សម​នឹង​ទទួល ប៉ុន្តែ​បើ​យើង​សង្គ្រោះ​​ជីវិត​​យើង នោះ​យើង​ត្រូវ​តែ​ចងចាំ​ជានិច្ច​ថា វា​ពុំមែន​ជា​គោលដៅ​​ចុងបញ្ចប់​ទេ ប៉ុន្តែវា​ជា​មធ្យោបាយ​ដើម្បី​ទៅ​ដល់​គោលដៅ​កាន់តែ​ខ្ពស់ ។ ដោយ​​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ យើង​ត្រូវ​តែ​មើល​​ភាព​ជោគជ័យ​ខាង​​​នយោបាយ អាជីវកម្ម ការសិក្សា និង​ទម្រង់​ស្រដៀង​គ្នានេះ ពុំ​​គ្រាន់​តែ​ជា​ការ​កំណត់​ពី​យើង​នោះ​ទេ ប៉ុន្តែ​​យើង​មើល​វា​ជា​ការ​ធ្វើ​ឲ្យ​យើង​អាច​ធ្វើ​ការ​បម្រើ​ដល់ព្រះ និង​បងប្អូន​យើង-- ដោយ​ចាប់​ផ្ដើម​នៅ​ក្នុង​ផ្ទះ ហើយ​លាត​សន្ធឹង​ក្នុង​ពិភពលោក​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ការ​អភិវឌ្ឍ​ខ្លួន មាន​តម្លៃ​ ពេល​​វាជាផ្នែក​នៃ​ការ​​អភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ។ ក្នុង​ការ​វាស់វែង​ពីភាព​​ជោគជ័យ យើង​ទទួល​ស្គាល់​នូវ​សេចក្ដីពិត​ដ៏អស្ចារ្យ ដែល​ជា​គ្រឹះ​នៃ​អ្វីៗ​ទាំងអស់-- ថា​ជីវិត​យើង​គឺ​ជា​របស់​ផង​ព្រះ ជា​ព្រះវរបិតាសួគ៌​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះប្រោសលោះ​យើង ។ ភាព​ជោគជ័យ​មានន័យថា ការ​រស់នៅ​ស្រប​​តាម​ឆន្ទៈ​របស់ទ្រង់​ទាំងពីរ​អង្គ ។

ជា​ការ​ផ្ទុយ​ទៅនឹង​ជីវិត​ដែលឃើញ​តែ​ពី​ការ​សរសើរ​ នោះ​ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាន​ផ្ដល់​នូវ​ការ​បង្ហាញ​ដ៏​សាមញ្ញមួយ​នៃ​របៀប​ដែលកាន់តែ​អស្ចារ្យ ៖

« ការបម្រើដល់អ្នកដទៃធ្វើឲ្យជីវិតនេះមានភាពស៊ីជម្រៅ ហើយផ្អែមល្ហែម កាលយើងកំពុងត្រៀមខ្លួនទៅរស់នៅក្នុងពិភពដែលប្រសើរជាង  … ។ នៅពេលយើងចូលរួមក្នុងការបម្រើដល់បងប្អូនយើង គឺយើងត្រូវជួយពួកគេឲ្យអស់ពីចិត្ត ដោយដាក់បញ្ហាផ្ទាល់ខ្លួនក្នុងទស្សនៈវិស័យមួយថ្មីវិញ ។ នៅពេល​យើងធ្វើ​ឲ្យ​​​​ខ្លួនឯងខ្វល់​ខ្វាយ​ច្រើន​​ពី​អ្នកដទៃ នោះ​យើង​មិនសូវ​ខ្វល់​ពី​ខ្លួនឯង​ទេ ! នៅ​ក្នុង​ចំណោម​អព្ភូតហេតុ​នៃ​ការ​បម្រើ នោះ​មាន​ការ​សន្យា​របស់​ព្រះយេស៊ូវថា តាមរយៈការ​បាត់​ជីវិត​​យើងផ្ទាល់​ នោះ​យើង​នឹង​បាន​ជីវិត​យើង​មកវិញ‌! [សូមមើល ម៉ាថាយ 10:39] ។

« យើង​ពុំ​គ្រាន់​តែ​ ‘រក’ ឃើញ​ថាខ្លួន​ឯង​ទទួល​បាន​​ការ​ណែនាំ​ដ៏ទេវភាព​ក្នុង​ជីវិត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាលណា​យើង​បម្រើ​បងប្អូន​យើង​តាមរ​បៀប​សមរម្យ​កាន់តែ​ច្រើន នោះយើង​នឹង​ផ្ដល់​អាហារ​​កាន់​តែ​ច្រើន​ដល់​​ព្រលឹង​យើង ។ …យើង​កាន់​តែ​ឯករាជ្យ​​ នៅពេល​យើង​បម្រើ​អ្នកដទៃ--ពិតណាស់ វា​ងាយ​ស្រួល​ជាង​ដើម្បី ‘រក’ ជីវិត​យើង ដោយ​សារ​មានរឿង​ជាច្រើន​អំពី​ខ្លួន​យើង !» 32

ឧទាហរណ៍​នៃការ​បាត់ជីវិត​ខ្លួន​នៅក្នុង​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ឧទាហរណ៍​មួយ​ចំនួន​អំពី​អត្ថន័យ​​​នៃ​បាត់ជីវិត​​ក្នុង​ព្រះគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ក្នុង​ជីវិត​ប្រចាំថ្ងៃ រួចនឹង​រក​បាន​ជីវិត​ពិត (ហើយ​នៅ​ទីបញ្ចប់​គឺ​ជីវិត​ដ៏អស់កល្បជានិច្ច) ។

កាល​ប្រធាន ហិនរី  ប៊ី អាវរិង ​ជា​ប្រធានសាកលវិទ្យាល័យ រីកស៍ ដែល​ឥឡូវ​ជា​​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់--អៃដាហូ នៅក្នុងខែ មិថុនា ឆ្នាំ 1976 ជាពេល​ដែល​​​ទំនប់ទឹក តេតុន​ ​ទើបសាង​សង់​បញ្ចប់ នៅ​មិន​ឆ្ងាយប៉ុន្មាន​ពី រីកប៊ើហ្គ ត្រូវ​បាន​រលំ។​ « ទឹក​ប្រាំបីលានគីប បាន​គម្រាម​កំហែង​ដល់ទីក្រុង​រីកប៊ើហ្គ ក្នុង​ល្បឿន សែសិប ម៉ែល​ក្នុងមួយម៉ោង ដោយ​បាន​បំផ្លាញនូវអ្វីៗ​ជាច្រើន​ » ។33 មនុស្ស​ជា​ច្រើន​នៅក្នុង​សហគមន៍នោះ​បាន​ឆ្លើយ​តប​ដោយ​អង់អាច ជួយ​ដល់​អ្នកដទៃ ទោះ​ជា​ផ្ទះ​ និងទ្រព្យ​សម្បត្តិ​ពួក​គេ​ផ្ទាល់​ត្រូវ​បានទឹក​ជំនន់​​​បំផ្លាញ​​ក្ដី ។ ប៉ុន្តែ​ មាន​មួយចំនួន​តូច ​បាន​បោះបង់​​ចោលគ្រួសារ​ខ្លួន ហើយបានរត់​យក​រួចតែ​ខ្លួនឯង ។

ប្រធាន អាវរិង ជាអ្នក​ដែល​បានជួយ​ដឹកនាំ​​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ការ​​ជួយ​សង្គ្រោះ​ដ៏​ធំ​មួយ​ លោក​ចង់​យល់​ពីការ​សន្មត់អំពី « ភាព​ខុសគ្នា​រវាង​ការ​ឆ្លើយតប​ដោយអង់អាច​របស់មនុស្ស​មួយចំនួន… និង​ការ​លាក់​ពុត​របស់​មនុស្ស​ដទៃទៀត ។ … លោក​បានអនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​​តូច​មួយ តែ​ជា​ការ​សិក្សា​ដ៏​សំខាន់​ខាង​វិទ្យាសាស្ត្រ ។ ក្រោយ​មកលោក​​បាន​ប្រាប់​ដល់​ថ្នាក់​​ពួក​រៀម​ច្បង​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ថា ‘ មាន​តែ​រឿង​មួយគត់ដែល​យើង​អាច​រក​ឃើញ’ ។

«‘ជន​​ដែល​ជា​វិវរបុរស ​ជាមនុស្ស​ដែល​តែងតែចងចាំ ហើយរក្សា​ការ​សន្យា​ទាំងឡាយ​ក្នុង​រឿង​តូច​តាច ជារឿង​ប្រចាំ​ថ្ងៃ … ជា​ការសន្យាមួយ​ដើម្បី​បោស​សំអាត​ក្រោយពី​ការហូបអាហារពេល​ល្ងាច​មួយ​នៅ​ព្រះវិហារ ឬការ​​ចេញ​ទៅ​ធ្វើ​គម្រោង​នៅថ្ងៃ​សៅរ៍​​ដើម្បី​ជួយ​ដល់​អ្នកជិត​ខាង ។

«‘ជនដែល​​បោះបង់​គ្រួសារ ពេល​​មាន​ការ​លំបាក ​ជា​រឿយៗ​គេ​ទុកចោល​កាតព្វកិច្ចខ្លួន កាល​វា​មិន​សូវ​លំបាក ។​ ពួកគេ​មាន​គំរូ​នៃ​ការ​បរាជ័យ​ដើម្បី​រក្សា​​សម្ដី​ខ្លួន​​ក្នុង​ការ​ធ្វើ​រឿង​តូចៗ កាល​​ការ​លះបង់នោះ​មិនសំខាន់​ចំពោះ​ពួកគេ ហើយ​ការ​ធ្វើ​អ្វី​ដែល​ពួកគេ​ថា​នឹង​ធ្វើ​មាន​ភាពងាយ​ស្រួល​ពេក ។ ពេល​ថ្លៃ​ខ្ពស់ ពួកគេ​ពុំបង់​ថ្លៃ​ទេ’» ។34

ស៊ិស្ទើរ គ្រីស្តូហ្វឺសិន និង​ខ្ញុំ មាន​មិត្ត​ម្នាក់ ដែល​យើង​បានស្គាល់​កាល​​រៀន​នៅ​សាលា​ច្បាប់ ជា​សមាជិក​ម្នាក់​ក្នុង​វួដយើង នៅ​ឌូហាំ ខូរ៉ូលៃណា​ខាង​ជើង ។ គាត់ និង​ស្វាមី គឺ​ជា​គូស្វាមីភរិយា​ដ៏​ល្អ ព្រមទាំង​មាន​កូន​តូចៗ ។ គាត់​មាន​ពរ​ដោយ​មាន បញ្ញា មានភាព​ទាក់ទាញ និង​បុគ្គលិកលក្ខណៈ​ដ៏ភ្លឺស្វាង ។ មនុស្ស​គ្រប់គ្នា សរសើរ និង​ពេញចិត្ត​នៅ​ជិត​គាត់ ។ លុះ 25 ឆ្នាំ​ក្រោយមក ពេល​គាត់​នៅ​មាន​អាយុ 40 ឆ្នាំ​ គាត់​បានធ្លាក់ខ្លួន​​ឈឺ​ដោយ​ជំងឺ​មហារីក​ក្រពះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​វាបាន​រាលដាល​ដល់​ថ្លើម និង​សួត​ផងដែរ ។ ដោយ​មិនគិតអំពី​ការឈឺចាប់ និងភាព​​តក់ស្លុត កាល​​ជីវិតគាត់​ជិត​ផុត​រលត់​ទៅ នោះគាត់បាន​សរសេរ​ពាក្យ​ដ៏​ទន់ភ្លន់​ដល់​គ្រួសារ និងមិត្តគាត់​ ជា​អ្នកដែល​គាត់​​មាន​ការ​សោក​ស្ដាយ​ណាស់​ដែលត្រូវ​លា​ចាក​ទៅ ថា ៖ « ផែនការ​ [ព្រះ] គឺ​ទេវភាព ហើយ​កំពុង​តែ​ដំណើរ​ទៅ​មុខ​ដូច​ដែល​ទ្រង់​បាន​ដាក់​ផែនការ ។ ចាប់​តាំង​ពី​ខ្ញុំ​បាន​ជ្រើសរើស​ឆ្លងកាត់​ការ​សាកល្បង​នេះ ខ្ញុំ​ដឹង​ថា វា​ច្បាស់​ជា​សម្រាប់​សេចក្ដី​ល្អ​ដ៏​ និង​ក្ដី​អំណរ​ដ៏​ខ្ពស់​បំផុត​របស់​ខ្ញុំ ។ ពរជ័យខាង​វិញ្ញាណ​បាន​មាន​មក​ដល់​ខ្ញុំ​រួច​ហើយ ហើយ​ខ្ញុំ​បាន​ដឹង​មុន​ពីទីបញ្ចប់​ដែល​ខ្ញុំ​នឹង​ជួប ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួនជួប​នឹង​ព្រះអង្គសង្គ្រោះ ។ ព្រះចេស្ដា​ទ្រង់ គឺ​មាន​នៅលើ​ផែនដីនេះ ។ មិន​ខុស​ទេ ។  … ការសាកល្បង​មាន​ច្រើន ហើយ​ធ្ងន់ធ្ងរ​នៅ​បច្ចុប្បន្ននេះ ។ មនុស្ស​គ្រប់​រូប​ហាក់​ដូចជា​កំពុង​រងទុក្ខ​​នឹង​ការ​សាកល្បង​ផ្ទាល់​ខ្លួន ។ ចូរ​មើល​ទៅ​ព្រះអម្ចាស់ ហើយ​ទទួល​ជំនួយ​ទ្រង់ ។ ចូរ​ទទួល​យក​រឿង​ទាំង​នោះ ដែល​ជា​របស់​អ្នក ហើយ​ការ​ឈឺ​ចាប់​នឹង​ដក​ចេញ​ពី​អ្នក រួច​ក្ដី​សុខសាន្ដ​នឹង​មកដល់ » ។

មានស្ត្រី​ម្នាក់​ជា​យុវមជ្ឈិមវ័យបាន​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​ពេញ​ម៉ោង រួច​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ ហើយ​បាន​ចូលរួម​នៅក្នុង​ការ​ចុះ​​ស្ដារ​ការងារដ៏​មាន​កិត្យានុភាព ហើយ​សិក្សាកម្មវិធី​សាលា​ទាំង​នៅ​ផ្ទះ និង​នៅ​បរទេស ។ គាត់​បាន​បង្កើត​សមត្ថភាព​មួយ​ទាក់ទង និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​មក​ពី​​ស្ទើរ​តែ​គ្រប់​​ប្រព័ន្ធ​​​ជំនឿ សម្ព័ន្ធ​នយោបាយ និង​ជាតិសាសន៍ ហើយ​គាត់​បារម្ភ​ថា ការ​ពាក់​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង​ពេញ​មួយថ្ងៃ រាល់ថ្ងៃ​អាច​ក្លាយ​ទៅ​ជា​វត្ថុ​សំគាល់​មួយ​ ដែល​អាច​រារាំង​ដល់​លទ្ធភាព​ពិសេស​របស់គាត់ដើម្បី​បង្កើត​ទំនាក់ទំនង ។ ​ ពេល​គាត់​នៅក្នុង​បេសកកម្ម​បាន​ប្រហែល​ជា​ពីរបី​សប្ដាហ៍ គាត់​បាន​សរសេរ​មក​ផ្ទះ​អំពី​បទពិសោធន៍​សាមញ្ញ តែ​ប្រកប​ដោយ​អត្ថន័យ​មួយ​ថា ៖ « ស៊ិស្ទើរ លី និង​ខ្ញុំ បាន​ជួយរឹត​​សន្លាក់​ឆ្អឹង​ដៃ​​ឲ្យ​ស្ត្រីជរាម្នាក់--​យើង​អង្គុយ​នៅ​ម្ខាង​ម្នាក់--ខណៈដែល​យើង​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់គាត់ ។​ គាត់​ពុំ​ចង់​ស្ដាប់​សារលិខិត​អ្វី​ទេ ប៉ុន្តែ​គាត់ចូលចិត្ត​ឲ្យ​យើង​ច្រៀង ។​ អរគុណ​ចំពោះ​ស្លាក​ឈ្មោះ​ខ្មៅអ្នក​ផ្សព្វផ្សាយ​សាសនា​នោះ ដែល​បាន​ផ្ដល់​ជា​អជ្ញាបណ្ណ​ដល់​ខ្ញុំ ដើម្បី​​មាន​បទពិសោធន៍​ដ៏ស្និទ្ធ​ស្នាល​​នឹង​មនុស្ស​ដទៃទៀត » ។

តាម​អ្វី​ដែល​លោក​បាន​រងទុក្ខ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​រៀន​​ដើម្បី​បាត់ជីវិត​លោក​ក្នុង​ការ​បម្រើ​របស់​លោកចៅ​ហ្វាយ និង​មិត្ដ​របស់​លោក ។ ម្ដងនោះ លោកបានថ្លែងថា « ខ្ញុំបានប្រាប់ខ្លួនឯងថា ៖ នៅពេលព្រះអម្ចាស់បញ្ជា, ចូរធ្វើតាម »។35 ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា នឹងរីករាយ​ដើម្បី​ផ្គូរផ្គង​នឹង​​កម្រិត​នៃ​ភាព​ស្មោះត្រង់​របស់​លោក។ ទោះ​ជា​យ៉ាង​ណា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​រង​ទុក្ខ​អស់​រាប់​ខែ​នៅក្នុង​គុក​​នៅ​លីប៊ឺធី រដ្ឋ​មីសសួរី ជា​ការ​រងទុក្ខ​ខាង​រាងកាយ តែ​ប្រហែល​ជា​វា​ជា​ការ​រងទុក្ខ​ខាង​សតិអារម្មណ៍ និង​វិញ្ញាណ​ច្រើន​ជាង ពេល​ដែល​លោក​មិន​អាច​ជួយ​ដល់​ភរិយា និង​កូនៗជាទីស្រឡាញ់ ព្រមទាំង​ពួក​បរិសុទ្ធ​ ខណៈដែល​ពួកគេ​ត្រូវ​បានគេ​បំពាន ហើយ​បៀតបៀន​នោះ ។ វិវរណៈ និង​ការ​ដឹកនាំ​របស់​លោក បាន​នាំ​ពួកគេ​ទៅ​កាន់​រដ្ឋ​មីសសួរី ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ហើយ​ឥឡូវ​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែងពួកគេ​នៅ​ក្នុង​រដូវ​រងារឲ្យ​ដើរ​​ឆ្លង​កាត់​រដ្ឋ​ទាំង​មូល ។ ក្រៅពី​នោះ កាល​កំពុង​ជាប់ឃុំ​ក្នុង​គុគនោះ លោក​បាន​សរសេរ​សំបុត្រ​មួយដ៏​បំផុស​គំនិត ទៅ​កាន់​សាសនាចក្រ​អំពី​អត្ថបទ​ដ៏​លើក​តម្កើង និង​​ថ្លៃថ្នូ​បំផុត​មួយ ដែល​ឥឡូវ​ត្រូវ​បាន​ដាក់​ចូល​ក្នុងកណ្ឌ 121,​122 និង ​123 នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដោយ​បញ្ចប់នឹង​​ពាក្យ​ទាំង​នេះ​ថា « ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅក្នុង​អំណាច​យើង ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់ថា នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។36

ប្រាកដ​ណាស់ ការ​បង្ហាញ​ដ៏​ល្អ​បំផុត​អំពី​ការ​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់ ដោយ​ការ​បាត់​ជីវិត​គឺ​ដូច​នេះ ៖ « ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើសិនជា​ពែង​នេះ​កន្លងហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូល​បង្គំ​ទទួល នោះ​សូម​តាម​ព្រះហឬទ័យ​ទ្រង់​ចុះ » ។37 ក្នុង​ការ​លះបង់​ព្រជន្ម​ទ្រង់ ព្រះគ្រីស្ទ​ពុំ​គ្រាន់​តែ​សង្គ្រោះ​ព្រះជន្ម​​ទ្រង់​ផ្ទាល់​ប៉ុណ្ណោះទេ តែ​ទ្រង់ក៏​​បាន​សង្គ្រោះ​ជីវិត​​យើងរាល់​គ្នា​ផងដែរ។ ទ្រង់​បាន​ធ្វើ​ឲ្យ​វា​អាច​កើត​ឡើង​បាន​សម្រាប់​យើង ដើម្បី​ផ្លាស់​ជីវិត​រមែង​ស្លាប់​ដែល​មាន​កម្រិត ហើយ​ឥតន័យ​នៅ​ចុង​បញ្ចប់​នោះ ឲ្យ​ទៅ​ជា​ជីវិត​ដ៏​អស់កល្បវិញ ។

ទីបន្ទាល់

បាវចនានៃជីវិតរបស់ព្រះអង្គសង្គ្រោះគឺ​ថា « ខ្ញុំនឹងធ្វើនូវរឿងទាំង​ឡាយណាដែលសព្វព្រះទ័យ [ព្រះវរបិតា] ជានិច្ច » ។38 ខ្ញុំ​អធិស្ឋាន​សុំ​ថា អ្នក​នឹង​ធ្វើឲ្យបាវចនា​នេះ ជា​បាវចនា​នៃ​ជីវិត​របស់​អ្នក ។ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ជីវិតខ្លួនឯង​ហើយ ។

​មិត្ត​វ័យ​ក្មេង​ជា​ទីស្រឡាញ់ សូម​រីករាយ​នៅរាល់​ការ​ព្យាយាម និង​ជ័យ​ជំនះ​របស់​អ្នក ដើម្បីដាក់​ទ្រង់​ជាមុន ។ ចូរ​រៀន​ចង់​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ ។ ចូរសារភាព ហើយ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​អ្នក ។ ចូរ​កុំ​ខ្មាស់​អៀន​ពី​ព្រះគ្រីស្ទ ឬ​ដំណឹងល្អ​​ទ្រង់ ហើយ​ត្រូវ​មាន​ឆន្ទៈ​លះបង់​​នូវ​រឿង​ដែល​រីករាយ ទំនាក់ទំនង​រីករាយ និង​សូម្បី​តែ​ជីវិត​ផ្ទាល់ខ្លួន​ដើម្បី​​ទ្រង់ ។ ប៉ុន្តែ​កាល​​អ្នក​នៅ​មាន​ជីវិត ចូរ​ធ្វើ​ឲ្យ​ជីវិត​អ្នក​ជា​ការ​ថ្វាយ ។ សូម​ទទួល​យក​ឈើឆ្កាង​ទ្រង់​​រាល់​ថ្ងៃ​ក្នុង​ការ​គោរពប្រតិបត្តិ និង​ការ​បម្រើ ។ ទាំង​នេះ គឺ​ជា​ការ​អនុវត្ត និង​ផល​ផ្លែ​នៃ​សេចក្ដីជំនឿ​យើង នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

© 2014 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិ​គ្រប់យ៉ាង ។ អនុមតិ​ជា​ភាសា​អង់គ្លេស ៖ 1/14 ។ អនុមតិ​ឲ្យ​បកប្រែ ៖ 1/14 ។ ការ​បកប្រែ​នៃ «​Saving Your Life » Cambodian ។ PD10051044 258

បោះពុម្ព