ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក
គ្រឹះ​ដ៏​មាំមួន


គ្រឹះ​ដ៏​មាំមួន

ការប្រជុំ​ធម្មនិដ្ឋាន ស៊ី.អ៊ី.អែស សម្រាប់​យុវមជ្ឈិមវ័យ• ថ្ងៃ​ទី 2 ខែ វិច្ឆិកា ឆ្នាំ ២០១៤ •​រោង​ឧបោសថ អ័ហ្គឌិន ទីក្រុង​អ័ហ្គឌិន រដ្ឋ​យូថាហ៍

វា​ជា​ការ​រំភើប​មួយ​សម្រាប់​ស៊ីស្ទើរ ហលស្ត្រម និង​ខ្ញុំ​ដើម្បី​មាន​វត្តមាន​ជាមួយ​ប្អូន​ទាំង​អស់​គ្នា​នា​ល្ងាច​នេះ ។ ពេល​យើង​សម្លឹង​មើល​ទៅ​ប្អូន​ដែល​មាន​វត្តមាន​នា​ល្ងាច​នេះ យើង​អាចស្រម៉ៃ​ឃើញ​យុវមជ្ឈិម​វ័យ​នៅ​ជុំវិញ​ពិភព​លោក ទាំង​នៅលីវ និង​រៀបការ​ហើយ ដែល​កំពុង​មើល​ការ​ចាក់​ផ្សាយ​នេះ ។ យើង​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ទូទាំង​កន្លែង​ដែល​មាន​សាសនាចក្រ ។ យើង​បាន​ជួប​ប្អូន និង មនុស្ស​ជាច្រើន​ទៀត​ដែល​ដូច​ប្អូន ។ យើង​បាន​ជួប​យុវមជ្ឈិម​វ័យ ដែល​បាន​ប្រែចិត្ត​ជឿ និង​ប្អូន​ដែល​ប្រឹងប្រែង ប្រែ​ចិត្ត​ជឿ​បន្ថែម​ទៀត ។ យើង​បាន​ជួប​យុវមជ្ឈិម​វ័យ ដែល​បាន​វង្វេង ហើយ​ត្រូវ​បាន​រក​ឃើញ​វិញ—ឬ​បើ​និយាយ​ឲ្យ​ត្រូវ​ទៅ ពួក​គេ​បាន​រក​ឃើញ​ខ្លួនឯង ។ យើង​បាន​ជួប​អ្នក​ដែល​មិន​មែន​ជា​សមាជិក អ្នក​ដែល​ទើប​តែ​ជ្រមុជ​ទឹក​រួច និង​អ្នក​មក​ពី​គ្រួសារ​ដែល​ជា​សមាជិក​សាសនាចក្រ​ជា​ច្រើន​ជំនាន់​មក​ហើយ ។ យើង​សូម​ថ្លែង​ទី​បន្ទាល់​ថា យើង​ទាំងអស់​គ្នាជា​កូនចៅ​របស់​ព្រះ ហើយ​មាន​ឱកាស​ពេញលេញ​ដើម្បី​ទទួល​បាន​ពរជ័យ​នីមួយៗ​នៃ​ភាព​អស់កល្ប ។

តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ខ្ញុំ​អាច​ថ្លែង​ដោយ​ក្លៀវក្លា​ថា «យើង​ស្រឡាញ់​ប្អូនទាំងអស់​គ្នា​!» ដោយ​ការ​សង្កេត​យ៉ាង​ល្អិតល្អន់ អំពី​ពួក​ព្យាការី និង សាវក និង​ដោយ​បាន​ស្គាល់​ពួក​លោក​ដូច​ដែល​ខ្ញុំ​ស្គាល់ ខ្ញុំ​អាច​និយាយ​បាន​ដោយ​ទំនុក​ចិត្ត​ថា ពួកលោក​ខ្វល់​ខ្វាយ​ចំពោះ​ពួក​យុវមជ្ឈិម​វ័យ​នៃ​សាសនា​ចក្រ​យ៉ាង​ខ្លាំង ។ ប្អូន​ទាំង​អស់​គ្នា​មាន​តម្លៃ​សម្រាប់​ពេល​បច្ចុប្បន្ន និង អនាគត ។ យើង​ត្រូវ​ការ​ប្អូន​ទាំងអស់​គ្នា​!

ការ​ប្រជុំ​នេះ​ចាក់ផ្សាយ​ចេញ​ពី​រោង​ឧបោសថ អ័ហ្គឌិន ដែល​បាន​កែលម្អ​យ៉ាង​ស្រស់​ស្អាត ស្ថិត​នៅ​ជាប់​គ្នា​នឹង​ព្រះ​វិហារ​បរិសុទ្ធ​ដ៏​ស្កឹមស្កៃ​នៃ​ទីក្រុង អ័ហ្គឌិន រដ្ឋ យូថាហ៍ ។ ព្រះវិហារ​បរិសុទ្ធ​នោះ និង រោង​ឧបោសថ​នេះ​ ត្រូវ​បាន​ឧទ្ទិស​ឆ្លង​ឡើង​វិញ​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន កាលពី​ប្រាំមួយ​សប្ដាហ៍​មុន​ ។ នេះ​ជាព្រះ​វិហារ​បរិសុទ្ធ​មួយ​ក្នុង​ចំណោម​ព្រះ​វិហារ​បរិសុទ្ធ​ទាំង 143 ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​សាសនាចក្រ ហើយ​រីក​រាល​ដាល​នៅ​ទូ​ទាំង​ផ្ទៃ​ផែនដី ។ នៅ​ពេល​ដែល​ខ្ញុំ​កើត ទើប​តែ​មាន​ព្រះ​វិហារ​បរិសុទ្ធ​ចំនួន​ប្រាំបី​ប៉ុណ្ណោះ នេះ​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ដឹង​ពី​អាយុ​របស់​ខ្ញុំ ឬ​បើ​និយាយ​ឲ្យ​ល្អ​ស្ដាប់​ទៅ ព្រះ​អម្ចាស់​កំពុង​តែ​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។

ដោយ​ប្រើ​ព្រះវិហារ​បរិសុទ្ធ​ជា​រឿង​ប្រៀប​ធៀប ល្ងាច​នេះ​ខ្ញុំ​នឹង​ថ្លែង​អំពី​គ្រឹះ ។ ជាមួយ​នឹង​ការ​គូរប្លង់ និង ការ​សាងសង់​នៃ​ព្រះ​វិហារ​បរិសុទ្ធ​នីមួយៗ កិច្ចការ​ដ៏​សំខាន់​ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ផ្នែក​មួយ​ដែល​យើង​មិនអាច​មើល​ឃើញ​ដោយ​ងាយ​នោះ​ទេ​នៅពេល​ដែល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់—ផ្នែក​នោះ​គឺ​ជា​គ្រឹះ ។ ឧទាហរណ៍ ​រូបភាព​របស់​វិចិត្រករ​​បង្ហាញ​ពី​​ព្រះ​វិហារ​បរិសុទ្ធ​ទីក្រុង ហ្វីឡាឌែព្យា រដ្ឋ ផែន​សីល​វេញ៉ា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាង​សង់ ។ ពេល​បញ្ចប់​ការសាងសង់ អគារ​ដ៏​ស្កឹមស្កៃ​នេះ នឹង​មាន​កម្ពស់ 24.99  ម៉ែត្រ​នៅ​ត្រឹម​ដំបូល និង​ ​59.44 ម៉ែត្រ​នៅ​ត្រឹម​កំពូល​នៃ​ទេវតា​ម៉ូរ៉ូណៃ ។ ដូច​ដែល​ប្អូន​អាច​មើល​ឃើញ​អញ្ជឹង វា​នឹង​អស្ចារ្យ​ក្រៃលែង​! ទោះ​បី​ជា​ធំ និង​សម្បើម​ដូច​អាគារ​នេះ​នៅពេល​សាង​សង់​រួច​រាល់​ក្ដី វានៅ​តែ​ប្រឈម​មុខ​នឹង​ការ​បំផ្លាញ​ដោយ​ខ្យល់ និង​ទឹក​ជ្រាប​ក្រោម​ដី ។ ប្រសិន​បើ​មិន​ដោះ​ស្រាយ​ទេ ស្ថាន​ភាព​ដ៏​អាក្រក់​ទាំងនេះ អាចធ្វើ​ឲ្យ​អគារ​ដ៏​ឧត្តម​នេះ​មាន​ការ​ខូចខាត​យ៉ាង​ដំណំ និង​ថែម​ទាំង​ត្រូវ​បំផ្លាញ​ទៀតផង ។

ដោយ​ដឹង​ថា​កម្លាំង​ទាំង​នេះ​នឹង​វាយ​ប្រហារ​ព្រះ​វិហារ​បរិសុទ្ធ​ឥត​ឈប់​ឈរ ទើប​វិស្វករ​បាន​គូរ​ប្លង់ ហើយ​អ្នក​ម៉ៅការ​សំណង់ បាន​ជីក​រណ្ដៅ​​ជម្រៅ 9.75  ម៉ែត្រ នៅ​ក្រោម​ប្លង់មេ​នៃ​អាគារ​ទាំង​មូល ។ រណ្ដៅ​នេះ​ត្រូវ​បាន​ជីក​ចូល​ទៅ​ក្នុង​សិលា​កំណើត​ក្រានីត នៃ​រដ្ឋ ផែនសីលវេញ៉ា ដើម្បី​ផ្ដល់​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ដល់​សំណង់​ដែល​នឹង​សាងសង់​លើ​វា ។ គោល​ជំហរ​បេតុង និង​គ្រឹះ​ត្រូវ​បាន​ចង​ភ្ជាប់​ទៅនឹង​ជើងសិលា​ក្រានីត​ជាមួយ​នឹង​យុថ្កា​ថ្ម ដើម្បី​ទប់ទល់​នឹង​កម្លាំង​ខ្យល់​បក់​ខ្លាំង និង​ទឹក​ជ្រាប​ក្រោម​ដី​ដ៏​មាន​ឥទ្ធិពល ។ យុថ្កា ត្រូវ​បាន​ខួង ជំរៅ​15.24 ទៅ​68.58 ម៉ែត្រ ទៅ​ក្នុង​សិលា​ក្រានីត និង​ត្រូវ​បាន​បន្តឹង​នៅ​ទម្ងន់​17,580 គីឡូក្រាម ក្នុង​មួយ​សង់ទី​ម៉ែត្រ​ការ៉េ ។ យុថ្កា ត្រូវ​បាន​ដាក់​ចន្លោះ 4.57 ម៉ែត្រ ពី​គ្នា នៅ​ទាំង​ពីរ​ទិស ។

ខ្ញុំ​សូម​ផ្ដល់​ពត៌មាន​លម្អិត ដើម្បី​បង្រៀន​ពី​ចំនុច​នេះ​ថា ៖ វា​មិន​ដូច​ជា​ការ​សាង​សង់​អាគារ (ដែល​សម្រាប់​តែ​ប្រើប្រាស់​បណ្ដោះ​អាសន្ន) ក្នុង​ការ​កសាង​ជីវិត​ដែល​គ្មាន​ទីបញ្ចប់ (ហើយ​សង្ឃឹម​ថា​អស់កល្ប​ជានិច្ច) ដែល​ពេល​ខ្លះ​យើង​យក​ចិត្ត​ទុកដាក់​យ៉ាង​តិចតួច​បំផុត​ទៅ​លើ​វិស្វកម្ម និង ការ​សាងសង់​គ្រឹះ​របស់​យើង​នោះ​ទេ ។ ជាលទ្ធផល យើង​ត្រូវបាន​ប៉ះពាល់​យ៉ាង​ខ្លាំង ហើយ​ងាយ​នឹង​ប៉ះ​ទង្គិច​ដោយ​កម្លាំង​គ្រោះថ្នាក់ ។

យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​អាច​មាន​ភាពច្របូកច្របល់—ប្រសិន​បើ​យើង​អនុញ្ញាត​នោះ វា​អាចធ្វើ​ឲ្យ​យើង​ភ្លេច​ថា​យើង​ជា​នរណា​ពិត​ប្រាកដ ។ ប្រធាន ថូម៉ាស  អេស ម៉នសុន ថ្លែង​ថា ៖

«ជីវិត​រមែង​ស្លាប់ គឺ​ជា​រយៈ​ពេល​នៃ​ការ​សាកល្បង ជា​ពេល​មួយ​ដើម្បី​បញ្ជាក់​ខ្លួន​យើង​ថា​មាន​ភាព​សក្ដិសម​ដើម្បី​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វរបិតា​សួគ៌​យើង​វិញ ។ ដើម្បី​ឲ្យ​យើង​ទទួល​បាន​ការ​សាកល្បង យើង​ត្រូវ​ប្រឈម​នឹង​បញ្ហា និង​ការ​លំបាក​ទាំង​ឡាយ ។ បញ្ហា និង​ការ​លំបាក​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់ ហើយ​ព្រលឹង​យើង​អាច​ប្រេះស្រាំ និង​ខ្ទេចខ្ទាំ—វាកើត​ឡើង ប្រសិន​បើ​គ្រឹះ​នៃ​សេចក្ដី​ជំនឿ និង ទី​បន្ទាល់​នៃ​សេចក្ដី​ពិត​របស់​យើង​មិន​បាន​បង្កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ខ្លួន​យើង​ទេ​នោះ ។

«យើង​អាច​ផ្អែក​លើ​សេចក្ដី​ជំនឿ និង​ទី​បន្ទាល់​របស់​អ្នក​ដទៃ បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ។ នៅ​ទីបំផុត យើង​ត្រូវមាន​ភាពរឹងមាំ​ដោយ​ខ្លួន​ឯង ហើយ​ចាក់​គ្រឹះ​យ៉ាងជ្រៅ បើ​មិន​ដូច្នោះ​ទេ​យើង​មិន​អាច​ស៊ូទ្រាំ​នឹង​ព្យុះ​នៃ​ជីវិត ដែលនឹង កើត​មាន​នោះ​ទេ» ។1

ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបរាប់​តាម​វិធី​នេះ ដោយ​មាន​បន្ទូល​ពី​មនុស្ស​ដែល​ស្ដាប់ ហើយ​ដើរ​តាម​ទ្រង់ ៖

«គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ។

«តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង» (លូកា 6:48–49) ។

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ថ្ម ដែល​យើង​ត្រូវ​តែ​សង់​គ្រឹះ​របស់​យើង​លើ ។ ព្រះអម្ចាស់​សំ​ដៅ​លើ​អង្គ​ទ្រង់​ដូច​ជា «ថ្មដា​នៃ​សាសន៍​អ៊ីស្រាអែល» និង​ថ្លែង​ដោយ​អង់​អាច​ថា «អ្នក​ណា ដែល​សង់​នៅ​លើ​ថ្ម​ដា​នេះ នឹង​មិន​ត្រូវ​រលំ​ឡើយ» (គ. និង ស. 50:44) ។

ម៉ូសេ​បាន​ពោល​ថា «ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម» ។ «ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍» (ចោទិយកថា 32:3–4) ។ ដាវីឌ​បាន​ថ្លែង​ថា «ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ …ទ្រង់​ក៏​ជា​ខែល … ជា​ប៉ម​យ៉ាង​ខ្ពស់» (  សាំយ៉ូអែល​ទី 2 22:2–3) ។ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​លោក​ហេណុក​ថា «យើង​ជា​ព្រះ​មែស៊ី ជាស្ដេច​នៃ​ស៊ី​យ៉ូន គឺ​ជា​ថ្មដា​នៃ​ស្ថានសួគ៌» (ម៉ូសេ 7:53) ។ នីហ្វៃ​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់​ថា​ជា «ថ្ម​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល​បង្គំ» ហើយ​ជា «ថ្មនៃ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ» (នីហ្វៃ​ទី 2 4:30, 35) ។ អេសាយ​បាន​ហៅ​ព្រះ​អម្ចាស់​ថា «ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ​ដែល​បាន ដាក់​យ៉ាង​មាំមួន» (អេសាយ 28:16) ។ សាវក​ប៉ុល បាន​ពោល​ថា​ពួក​សាវក និង ពួក​ព្យាការី​ប្រៀប​ដូច​ជា​គ្រឹះ​នៃ​សាសនា​ចក្រ ហើយ «ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» (អេភេសូរ 2:20) ។2

នេះ​មិន​មែន​ជា​គោលលទ្ធិ​ថ្មី​ទេ ។ យើង​ទាំង​អស់​គ្នា​យល់​ពី​វា​ទោះ​នៅ​ក្នុង​បែប​បទ​មួយ ឬ​មួយ​ផ្សេង​ទៀត ។ យើង​ត្រូវ​បាន​បង្រៀន​ដោយ​ឪពុក​ម្ដាយ ក្នុង​ថ្នាក់​បឋមសិក្សា ថ្នាក់​យុវនារី និង​ថ្នាក់/កូរ៉ុម​បព្វជិត​ភាព​អើរ៉ុន ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ដោយ​មិត្ត​ភក្ដិ ដោយ​ថ្នាក់​ដឹក​នាំ​សាសនា​ចក្រ​ប្រចាំ​តំបន់ ដោយ​ព្រះ​គម្ពីរ និង​ដោយ​ពួក​ព្យាការី និង​ពួកសាវក​ដែល​កំពុង​រស់នៅ ។ ដូច្នេះ ហេតុអ្វី​បាន​ជា​វា​មាន​ការ​លំបាក​សម្រាប់​យើង​ក្នុង​ការ​រស់​នៅ​តាម​វា ?

បើ​និយាយ​ឲ្យ​សាមញ្ញ វាចាំ​បាច់​ត្រូវ​ចេញ​ពី​គំនិត​ទៅ​ដួងចិត្ត និង​ព្រលឹង​របស់​យើង ។ ពេល​ខ្លះ វា​តម្រូវ​ឲ្យ​​ធ្វើ​ច្រើន​ជាង​អ្វី​ដែល​យើងគិត ឬ​សូម្បី​តែ​អ្វី​ដែល​យើង​មាន​អារម្មណ៍—វា​ត្រូវ​តែ​ជា​យើង​ផ្ទាល់។ ទំនាក់​ទំនង​យើង​ជាមួយ​ព្រះ​ជាព្រះ​វរបិតា និង​ផែនការ​ដ៏​អស់កល្ប​របស់​ទ្រង់ ជាមួយនឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​រាជបុត្រា​ទ្រង់ ដែល​ជា​ថ្មដា​យើង ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​យ៉ាង​រឹងមាំ ដូច្នេះ​វា​អាច​ក្លាយ​ជា​ថ្ម​សីមា​នៃ​គ្រឹះ​របស់​យើង ។ ដូច្នេះ អត្តសញ្ញាណ​យើង ក្លាយ​ជា​តួអង្គ​ដ៏​អស់កល្ប​ជា​លើក​ដំបូង​—បុត្រា​បុត្រី​នៃ​ព្រះ—អ្នក​ទទួល​ពរ​ជ័យ​ដោយ​ក្ដី​អំណរ ពី​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​អត្តសញ្ញាណ​សុចរិត​ដទៃ​ទៀត​អាច​សង់​លើ​គ្រឹះ​នោះ​ដោយ​សុវត្ថិភាព ព្រោះ​យើង​នឹង​ដឹង​ថា​មួយ​ណា​អស់កល្ប ហើយ​មួយ​ណា​បណ្ដោះ​អាសន្ន និង​របៀប​ដាក់​អាទិភាព​អត្តសញ្ញាណ​ទាំង​នេះ ។ ហើយ​អត្តសញ្ញាណ​ដទៃ​ទៀត ដែល​មាន​ទាំង​ការ​អនុវត្ត​ទាំង​ឡាយ (អត្តសញ្ញាណ​ខ្លះ​ឲ្យ​តម្លៃ​ខ្ពស់​ដោយ​លោកិយ) យើង​ក៏​នឹង​ត្រូវ​​បោះបង់​ចោល​អត្តសញ្ញាណ​ទាំងនោះ​ដែរ ។

ខ្ញុំ​ស្រឡាញ់​ទំនុកតម្កើង «គ្រឹះ​ដ៏​មាំ​មួន» ជា​ទី​បំផុត ។ ការច្រៀង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​គឺ (មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល) ដោយ​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ។ នៅ​ពេល​អង្គុយ​ចំ​ពីមុខ​ក្រុម​ចម្រៀង​អំឡុង​ពេល​សន្និសីទ ហើយ​ឮ និង​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ព្យ៉ាណូ​ខ្យល់ សូរសំនៀង និង​ទំនុក​ភ្លេង ព្រមទាំង​ទំនុក​បទ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្រោក​ឈរ​ឡើង ហើយ​ច្រៀង​ជាមួយ​ពួកគេ ។ ដោយ​ដឹង​ថា​ខ្ញុំ​នឹង​ត្រូវ​នាំ​ចេញ​ពី​មជ្ឈមណ្ឌល​សន្និសីទ​បើ​ខ្ញុំ​ធ្វើ​ដូច្នោះ ខ្ញុំ​ទប់ចិត្ត​វិញ ។ យើង​បាន​ស្ដាប់​ទំនុក​តម្កើង​ជាទី​ស្រឡាញ់​នេះ​ច្រៀង​កាល​ពី​បួន​សប្ដាហ៍​មុន ក្នុង​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ ព្រឹក​ថ្ងៃ​អាទិត្យ ។ ទំនុកបទ​ដ៏​គួរ​ពេញចិត្ត ជា​ពិសេស​ស្ដាប់​ពាក្យ​នៅ​វគ្គ​ចុង​ក្រោយ ។ គឺ​នៅ​វគ្គ​ទី​ប្រាំពីរ ប៉ុន្តែ​វាត្រូវ​​បាន​ច្រៀង​ជា​វគ្គ​ទី​បួន ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ចូល​រួម​ការ​ប្រជុំ​មួយ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ទី​ក្រុង សល​ឡេក ជាមួយ​នឹង​សមាជិក​នៃ​គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ដែល​បាន​ចាត់​ទៅ​ការិយាល័យ​កណ្ដាល​របស់​សាសនា​ចក្រ ។ យើង​បាន​ច្រៀង វគ្គ​ទាំង​បី​តាម​បទដ្ឋាន​នៃ​ទំនុក​តម្កើង​ដ៏​ពិរោះ​នេះ បញ្ចប់​ត្រឹម​វគ្គ​ទី​បី​ដូច​ដែល​យើង​ច្រៀង​ក្នុង​ការ​ប្រជុំ​សាក្រា​ម៉ង់ ឬ​ការ​ប្រជុំ​ផ្សេងៗ​ទៀត​ជា​ញឹកញាប់ ។ ប៉ុន្តែ​ក្នុង​ឱកាស​នេះ ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ថា «ចូរ​យើង​ច្រៀង​វគ្គ​ទី​ប្រាំពីរ» ។ យើង​បាន​ច្រៀង​ជាមួយ​នឹង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ដ៏​អស្ចារ្យ​ទាំង​នេះ និង​ព្យាការី និង​សាវក​ដែល​កំពុង​រស់​នៅ ៖

ព្រលឹង​ណា​ដែល​ពឹង​ពាក់​ទៅ​លើ​ព្រះ​យេស៊ូវ

ខ្ញុំ​មិន​ព្រម​,​ខ្ញុំ​មិន​អាច​, បោះ​ចោល​ទៅ​ឲ្យ​សត្រូវ

សូម្បី​តែ​, ពួក​នរក​ចង់​បាន​ព្រលឹង​អ្នក

ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​, បោះ​បង់​, ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​,​បោះ​បង់

ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​បោះបង់, ចោល, ​ព្រលឹង​អ្នក​បាន​ឡើយ​!3

តើ​នេះ​ពណ៌នា​អំពី​ប្អូន​ជា​នរណា​ដែរ​ឬ​ទេ ? តើ​វា​យ៉ាង​ហោច​ណាស់​ពណ៌នា​ពី​មនុស្ស​ដែល​ប្អូន​ខិតខំ​ចង់​ក្លាយ​ទៅ​ជា​ដែរ​ឬ​ទេ ? ការ​ប្រឹង​ប្រែង​ដើម្បី​សង់ និង​ការ​ថែទាំ​គ្រឹះ​ខាង​វិញ្ញាណ មិន​ងាយ​ស្រួល​ទេ ។ ដំ​ណើរ​ការ​សាង​សង់ គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់ ហើយ​ការ​ថែទាំ​គឺ​ជា​ការ​ប្រឹង​ប្រែង​ពេញ​មួយ​ជីវិត ។

សម្រាប់​ប្អូន​ដែល​ពិត​ជា​ព្យាយាម យើង​សូម​សរសើរ​ប្អូន​ដោយ​ស្មោះ ហើយយើង​ចង់​ដឹង​ថា​ប្អូន​កំពុង​ធ្វើ​អ្វី ។ សូម​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ចែក​ចាយ​អ្វី​ដែល​ប្អូន​កំពុង​ធ្វើ ដោយ​ប្រើ #cesdevo ហើយ​បំពេញ​ប្រយោគ​ថា «ខ្ញុំ​កំពុង​សង់​គ្រឹះ​ខាង​វិញ្ញាណ​ដោយ …» ការ​ឆ្លើយ​តប​នឹង​ខុសគ្នា​ស្រេច​តាម​ស្ថាន​ភាព​បុគ្គល​ម្នាក់ៗ ហើយ​នោះ​ពុំមែន​ជា​បញ្ហា​ទេ ។ ជា​ថ្មី​ម្ដង​ទៀត ប្រយោគ​ដែល​នឹង​ត្រូវ​បំពេញ​គឺ «ខ្ញុំ​កំពុង​សង់​គ្រឹះ​ខាង​វិញ្ញាណ​ដោយ …» យើង​នឹង​មាន​សេចក្ដី​អំណរ​ដើម្បី​បាន​ដំណឹង​ពី​ប្អូន និង​ត្រូវ​បាន​បង្រៀន​ដោយ​ប្អូន​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​ប្អូន​ទាំង​អស់​គ្នា ។

ប្រសិន​បើ​ប្អូន​មិន​ធ្លាប់​មាន​គ្រឹះ​ដែល​យើង​និយាយ​នេះ​ទេ ឬ​តាម​រយៈ​ការ​ធ្វេស​ប្រហែស បាន​ធ្វើ​ឲ្យ​វា​ប្រេះស្រាំ និង​ខ្ទេចខ្ទាំ វាមិន​យឺត​ពេល​ឡើយ​ក្នុង​ការ​ធ្វើការ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ធ្វើ​ឲ្យ​វា​បាន​ប្រសើរ​ឡើង ។ របៀប​ទាំង​អស់​ដែល​ប្អូន​ត្រូវ​ការ គឺ​មាន​សម្រាប់​ប្អូន ។ ទាំង​នេះ​គឺ​របៀប​ដូច​គ្នា​សម្រាប់​ប្រើ​ក្នុង​ការ​ថែទាំ និង​ការ​បង្កើត​គ្រឹះ ។ ប្អូន​ដឹង​ថា​របៀប​ទាំង​នោះ​ជា​អ្វី​ហើយ ។ វា​រួម​បញ្ចូល​ភាពស្ថិតស្ថេរ ការ​អធិស្ថាន​ដ៏​ស្មោះ ការ​សិក្សា​ដំណឹង​ល្អ​ជា​រៀង​រាល់​ថ្ងៃ​តាម​រយៈ​ព្រះ​គម្ពីរ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រជុំ​ទាំងឡាយ​នៃ​សាសនា​ចក្រ ជាពិសេស ការ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មាន​គោល​បំណង​ពិតប្រាកដ បន្ត​បម្រើ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ហើយ​ព្យាយាម​រក្សា​សេចក្ដី​សញ្ញា ។

របៀប​ដ៏​សំខាន់​មួយ​ទៀត​គឺ ដំបូន្មាន​របស់​ព្យារី​ដែល​កំពុង​រស់នៅ ។ មាន​បុរស​ដប់​ប្រាំ​រូប​លើ​ផែន​ដី ដែល​បាន​គាំទ្រ​ជា​ព្យារី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ពួក​លោក​កាន់​កូន​សោ​នៃ​បព្វជិត​ភាព​ពី​ព្រះ ។ យើង​ត្រូវ​បាន​បង្រៀន​ដោយ​ពួក​លោក​ជា​ញឹកញាប់ ។ យើង​លើក​ដៃ​ឡើង​ដើម្បី​គាំទ្រ​ពួក​លោក​បីបួន​ដង​ក្នុង​មួយ​ឆ្នាំ ។ យើង​អធិស្ថាន​សម្រាប់​ពួក​លោក​ជា​រៀង​រាល់​ថ្ងៃ ។ ទោះ​ជា​យ៉ាង​ណា ពរ​ជ័យ​ដ៏​អស្ចារ្យ​នៃ​ការ​ទទួល​បាន​សារ​លិខិត​របស់​ពួកលោក អាច​នាំ​ឲ្យ​យើង​ខ្វះ​ការ​ឲ្យ​តម្លៃ​លើ​សារៈ​សំខាន់​នៃ​សារ​លិខិត​នោះ ។​

ប្រធាន ហិនរីប៊ី អាវរិង បាន​ព្រមាន​ថា ៖ «ការ​ស្វែងរក​ផ្លូវ​ទៅ​កាន់​សុវត្ថិភាព​ក្នុង​ដំបូន្មាន​របស់​ព្យាការី​ មាន​ន័យ​ចំពោះ​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ ។ ពេល​ព្យាការី​មាន​ប្រសាសន៍ ចំពោះ​អ្នក​ដែល​មាន​ជំនឿ​មិន​រឹង​មាំ ប្រហែល​ពួកគេ​គិត​ថា​នេះ​គ្រាន់តែ​ជា​ការទូន្មាន​របស់​អ្នក​មាន​ប្រាជ្ញា​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក បើ​ការ​ទូន្មាន​របស់​លោក​ទំនង​ជា​មាន​មាន​ភាពងាយស្រួល និង​សម​ហេតុ​ផល ហើយ​ស៊ី​គ្នា​នឹង​អ្វី​ដែល​គេ​ចង់​ធ្វើ​នោះ ទើប​គេ​ទទួល​យក​វា ។ បើ​មិន​ដូច្នោះ​ទេ គេ​ចាត់​ថា​ជា​ការ​ទូន្មាន​ខុស ឬ​អះអាង​ថា​កាលៈទេសៈ​របស់​គេ​ជា​ករណី​លើក​លែង​ចំពោះ​ការ​ទូន្មាន​នោះ ។

ប្រធាន អាវរិង បាន​បន្ត​ថា ៖ «ការ​យល់​ខុស​មួយ​ទៀត គឺ​ការ​ជឿ​ថា​ជម្រើស​ដើម្បី​ទទួល​យក ឬ មិន​ទទួល​យកការ​ទូន្មាន​នៃ​ព្យាការី​គឺ​មិន​លើស​ពី​ការ​សម្រេច​ចិត្ត​ដើម្បី​ទទួល​យក​ដំបូន្មាន​ល្អ ហើយ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​របស់​វា ឬ​ដើម្បី​ស្ថិត​នៅ​ទីតាំង​ដដែល ។ ប៉ុន្តែ ជម្រើស​នៃ​ការ​មិន​ទទួល​យក​ការ​ទូន្មាន​របស់​ព្យាការី ប្ដូរ​ជំហរ​ដែល​យើង​ឈរ ។ វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ច្រើន» ។4

ដើម្បី​សង់ និង​ថែទាំ​គ្រឹះ​មួយ សូម​ចាំ​គោលការណ៍​ទាំង​បី​នេះ​គឺ ៖ ទស្សនៈ ការតាំងចិត្ត និង​ការលត់ដំ​ខ្លួន ។ ទស្សនៈ គឺ​ជា​សមត្ថភាព​ដើម្បី​មើល​ឃើញ ។ ក្នុង​បរិបទ​ដំណឹង​ល្អ ពេល​ខ្លះ​យើង​ហៅ​ពាក្យ​នេះ​ថា «ទស្សនៈ​វិស័យ​ដ៏​អស់កល្ប» ។ ដូច​យ៉ាកុប​បាន​ពណ៌នា​តាម​ដែល​ឃើញ​ថា «រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ​តាម​ដែល​មាន​នៅ​ពេល​ខាង​មុខ … » (យ៉ាកុប 4:13) ។

ការ​តាំង​ចិត្ត គឺ​ជា​ឆន្ទៈ​ដើម្បី​ធ្វើ​ការ​សន្យា ។ ជា​ញឹក​ញាប់ យើង​ហៅ​ការសន្យា​ទាំងនេះ​ថា «សេច​ក្ដី​សញ្ញា» ។ ជា​ផ្លូវ​ការ យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​អម្ចាស់ តាម​រយៈពិធី​បរិសុទ្ធ​នៃ​បព្វជិត​ភាព ។ សូម​ចាំ​ថា «នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​បព្វ​ជិត​ភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ» (គ និង ស 84:20) ។ ក្រៅ​ពី​ព្រះ​អម្ចាស់ យើង​គួរ​មាន​ឆន្ទៈដើម្បី​ធ្វើ​ការ​តាំង​ចិត្ត​ចំពោះ​ខ្លួន​ឯង ស្វាមី/ភរិយា (ឬ​ដើម្បី​ក្លាយ​ជា​ស្វាមី/ភរិយា) ចំពោះ​មិត្តភក្ដិ និង​មនុស្ស​ដែល​យើង​បម្រើ ។

ការ​លត់​ដំ​ខ្លួន អាច​កំណត់​បាន​ថា​ជា​សមត្ថភាព ដើម្បី​រស់នៅ​ស្ថិតស្ថេរ​ជាមួយ​នឹង​ទស្សនៈ​ដែល​យើង​មាន និង​ជាមួយ​ការ​តាំង​ចិត្ត​ដែល​យើង​បាន​ធ្វើ ។ ការ​អភិវឌ្ឍ​ការ​លត់​ដំ​ខ្លួន​មាន​សារៈ​សំខាន់​ក្នុង​ការ​រីក​ចម្រើន ដោយ​សារ​វា​ភ្ជាប់​ការ​សិក្សា និង​ការ​អនុវត្ត​យ៉ាង​ល្អ​ឥតខ្ចោះ ។ ទីបំផុត ភាពរឹងមាំ​នៃ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង បាន​បង្ហាញ​ដោយ​របៀប​ដែល​យើង​រស់​នៅ ជាពិសេស​ក្នុង​គ្រា​ខកចិត្ត និង​ទុក្ខ​លំបាក ។

ជាច្រើន​ឆ្នាំ​មុន ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​ប្រាប់​ពី​រឿង ការ៉ូលីន ហេមិន​វេ ដែល​កើត​នៅ​ថ្ងៃ​ទី  ២ ខែ មករា ឆ្នាំ 1873 ក្នុង​ទីក្រុង សល​លេក ជា​កូន​ទី​ពីរ​នៃ​កូន​ទាំង 11 នាក់ ៖

«ការ៉ូលីន​បាន​រៀប​ការ​នឹង ចចជ៍ ហាមិន នៅ​អាយុ​ម្ភៃពីរ​ឆ្នាំ ។ ពួក​គេ​មាន​កូន​ប្រាំពីរ​នាក់ ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ស្លាប់​កាល​នៅ​ជា​ទារក ។ បន្ទាប់​មក នៅ​អាយុ​សាមសិប​ប្រាំបួន​ឆ្នាំ ស្វាមី​គាត់​បាន​ស្លាប់ ហើយ​គាត់​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ ។

«បង​ស្រី​របស់​គាត់ ហ្គ្រេស បាន​រៀបការ​នឹង​បង​ប្រុស​ស្វាមី​គាត់​ឈ្មោះ ដាវីឌ ។ ក្នុង​ឆ្នាំ 1919 អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​គ្រុន​ផ្ដាសាយ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដាវីឌ​បាន​ឆ្លង​ជំងឺ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​បន្ទាប់​មក ភរិយា​គាត់ ហ្គ្រេស​បាន​ធ្លាក់​ខ្លួន​ឈឺ ការ៉ូលីន​បាន​ថែរក្សា​ពួកគេ និង​កូនៗ​គេ​ក៏​ដូច​ជា​កូន​គាត់​ផ្ទាល់ ។ នៅ​កណ្ដាល​ទុក្ខ​វេទនា​ទាំង​នេះ ហ្គ្រេស​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ប្រុស​ម្នាក់ ហើយ​គាត់​បាន​ស្លាប់​ក្នុង​រយៈ​ពេល​ពីរ​បី​ម៉ោង​បន្ទាប់ ។ ការ៉ូលីន​បាន​យក​ទារក​ដ៏​តូច​នោះ ទៅ​ផ្ទះ​គាត់ ហើយ​បាន​ចិញ្ចឹម​បីបាច់ និង​បាន​សង្គ្រោះ​ជីវិត​ទារក​នោះ ។ កូន​ស្រី​របស់​គាត់ អានី បាន​ស្លាប់ បី​សប្ដាហ៍​បន្ទាប់​មក ។

«រហូត​មក​ទល់​នឹង​ពេល​នោះ ការ៉ូលីន​បាន​បាត់​បង់ កូន​ពីរ​នាក់ ស្វាមី និង​បង​ស្រី​គាត់ ។ ការ​ឈឺ​ចាប់​គឺ​ហួស​ប្រមាណ ។ គាត់​បាន​ដួល ។ ជា​លទ្ធផល​នៃ​ការ​ដួល​នោះ​បាន​បណ្ដាល​ឲ្យ​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ករណី​ធ្ងន់​ធ្ងរ ។ ប៉ុន្តែ​គាត់​មិន​បាន​បង្អង់​ទេ ។ គាត់​បាន​បន្ត​ថែទាំ​កូន​បង​ស្រី​គាត់ និង​បង​ថ្លៃ​គាត់​ជា​ដែល​ឪពុក​របស់​ក្មេង​នោះ​បាន​មក​មើល​កូន​ប្រុស​តូច​ជា​រៀង​រាល់​ថ្ងៃ ។ ក្រោយ​មក ដាវីឌ ហាមិន និង ការ៉ូលីន បាន​រៀបការ​នឹង​គ្នា ហើយ​មាន​កូន​ដប់បី​នាក់​រួម​គ្នា​ក្នុង​ផ្ទះ​ពួក​គេ ។

«ប្រាំឆ្នាំ​ក្រោយ​មក ដាវីឌ​បាន​ទទួល​រង​មហន្តរាយ ដែល​ផ្ដល់​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​ដែល​សោក​សៅ​ជាមួយ​គាត់ ។ មាន​គ្រា​មួយ គាត់​បាន​ប្រើ​ថ្នាំ​កំចាត់​មេរោគ​ជ្រុល ក្នុង​ការ​រៀប​ចំ​គ្រាប់​ពូជ​សម្រាប់​ដាំ ។ វា​បាន​ជ្រាប​ចូល​ក្នុង​រាង​កាយ​គាត់ ហើយ​ផល​ប៉ះ​ពាល់ គឺ​គួរ​ឲ្យ​ភ័យ​ខ្លាច ។ ស្បែក និង​សាច់ បាន​ធ្លាក់​ចេញ​ពី​ឆ្អឹង​គាត់ ។ អណ្ដាត និង​ធ្មេញ​គាត់ បាន​លាន​ចេញ ។ សារធាតុ​ល្បាយ​នោះ បាន​ស៊ី​គាត់​ទាំង​រស់ ។

«ការ៉ូលីន បាន​ថែរក្សា​គាត់​ក្នុង​ជំ​ងឺ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ ហើយ​ពេល​គាត់​ស្លាប់ ការ៉ូលីន​នៅសល់​កូន​ខ្លួន​ឯង​ប្រាំ​នាក់ និង​កូន​បង​ស្រី​គាត់​ប្រាំបី​នាក់ និង​ដីស្រែ 113.3 ហិចតា ជា​កន្លែង​ដែល​គាត់ និង​កូន​បាន​ភ្ជួរ សាប​ព្រោះ បញ្ចូល​ទឹក និង​ច្រូត​កាត់ ដើម្បី​នាំ​យក​ផល​គ្រប់​គ្រាន់​មក​ផ្គត់​ផ្គង់​តម្រូវ​ការ​ពួក​គេ ។ ក្នុង​ពេល​នោះ គាត់​ក៏​ជា​ប្រធាន​សមាគមន៍​សង្គ្រោះ​ដែរ ជា​តំណែង​ដែល​គាត់​បាន​កាន់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ។

«ខណៈ​ពេល​កំពុង​ថែ​ទាំ​ក្រុម​គ្រួសារ​ដ៏​ធំ​របស់​គាត់ ហើយ​ក្នុង​ការ​ពង្រីក​ជំនួយ​សប្បុរស​ធម៌​ទៅ​អ្នក​ដទៃ គាត់​ដុត​នំបុ័ង​ប្រាំ​បី​ដើម​ក្នុង​មួយ​ថ្ងៃ ហើយ​បោក​ខោអាវ​សែ​សិប​ចាន​ដែក​ក្នុង​មួយ​សប្ដាហ៍ ។ គាត់​ច្រក​ផ្លែ​ឈើ និង​បន្លែ​ចូល​កំប៉ុង​រាប់​តោន និង​មើល​ថែ​មាន់​ក្រាប​ពង​រាប់​ពាន់​ក្បាល ដើម្បី​រក​ប្រាក់​ចំណូល​បន្ដិចបន្តួច ។ ភាព​ខ្លួន​ទី​ពឹង​ខ្លួន គឺ​ជា​បទដ្ឋាន​របស់​គាត់ ។ គាត់​ចាត់​ទុក​ភាព​ខ្ជិល​ច្រអូស​ជា​អំពើ​បាប ។ គាត់​បាន​ថែទាំ​ខ្លួន​ឯង និង​ឈោង​ទៅ​ជួយ​អ្នក​ដទៃ​ទៀត ក្នុង​ស្មារតី​នៃ​សេចក្ដី​សប្បុរស​ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ដែល​គាត់​បាន​ដឹង​មាន​ការ​ស្រេក​ឃ្លាន គ្មាន​សម្លៀក​បំពាក់ ឬ​រងា​នោះ​ឡើង ។

«ក្រោយ​មក គាត់​បាន​រៀប​ការ​នឹង យ៊ូជីន រ៉ូប៊ីន​សុន ដែល​មិន​យូរ​ប៉ុន្មាន ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ។ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ រហូត​ដល់​គាត់​ស្លាប់ ការ៉ូលីន​បាន​ថែរក្សា​គាត់​រាល់​គ្រប់​តម្រូវ​ការ​គាត់ ។

«ទីបំផុត ដោយ​ការ​នឿយ​ហត់ រាង​កាយ​របស់​គាត់​បាន​រង​ការ​ឈឺ​ចាប់​ពី​ឥទ្ធិពល​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​គាត់​បាន​ស្លាប់​នៅ​អាយុ​ហុក​សិប​ប្រាំពីរ​ឆ្នាំ ។ ទម្លាប់​នៃ​ការ​រវាស​រវៃ និង​ការ​ខិត​ខំ​ធ្វើ​ការ ដែល​គាត់​បាន​សាប​ព្រួស​ក្នុង​កូនៗ​គាត់ បាន​តបស្នង​ដល់​ការ​ប្រឹង​ប្រែង​របស់​គេ​ក្នុង​ឆ្នាំ​ទាំង​នោះ ។ ទារក​ដ៏​តូច​របស់​បង​ស្រី​គាត់ ដែល​គាត់​បាន​ចិញ្ចឹម​បីបាច់ តាំង​ពី​នាទី​ដែល​គេ​បាន​ចាប់​កំណើត​មក រួម​ជាមួយ​នឹង​បងប្អូន​ប្រុស/ស្រី​គេ​ផងនោះ បាន​សម្ដែង​ចេញ​ពី​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់ និង​អំណរ​គុណ​ដោយ [ផ្ដល់​ឲ្យ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់] នូវ​បច្ច័យ​ទាន​ដ៏​គួរ​សម​មួយ​ដើម្បី​អាច​សាង​សង់​អាគារ​ដ៏​ស្រស់​ស្អាត​[មួយ] ដែល [យកតាម​ឈ្មោះ​របស់​គាត់]» ។ 5

ការ​មាន​គ្រឹះ​ដ៏រឹង​មាំមួយ គឺជាការ​កាពារ​ដ៏ខ្ពស់​បំផុត ពីការ​វាយ​ប្រហារ​របស់​លោកិយ ។ យើង​គួរ​ស្វែង​រក​ដោយស្មោះ​ត្រង់​នូវ​អ្វី​ដែល​ពួក​សាសន៍​លេមិន ដែល​បាន​បង្រៀន​ដោយ​អាំម៉ូន និង​បង​ប្អូន​លោក​ទទួល​បាន ពេលត្រូវ​បាន​និយាយ​ថាពួក​គេ «បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ [ហើយ]​នោះ​ពួក​គេ​ពុំបោះ​បង់ចោល​សាសនា​ឡើយ» (អាលម៉ា 23:6) ។

ម៉ារី អាន ប្រាត្ត បានរៀប​ការនឹង ប៉ាលី  ភី ប្រាត្ត ក្នុងឆ្នាំ 1837 ។ លើ​ការ​ផ្លាស់​ប្ដូរ​ទៅមិស​សួរី ជាមួយ​នឹង​ពួក​បរិសុទ្ធ​ផ្សេង​ទៀត ពួកគេ​បាន​ស៊ូទ្រាំ​ការធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​រន្ធត់ ។ ពេល ប៉ាលី បាន​នាំទៅ​ជាមួយ​នឹង​ព្យាការី យ៉ូសែប ដោយ​មនុស្ស​កំណាច នៅទី​ក្រុងហ្វា​វែស រដ្ឋ មិសសួរី ម៉ារី អាន បាន​ឈឺ​ធ្ងន់​ដេក​នឹង​កន្ទេល ខណៈពេល​កំពុង​ថែទាំ​កូនតូច​ពីរនាក់ ។

ក្រោយ​មក ម៉ារី អាន បាន​ទៅសួរ​សុខទុក្ខ​ស្វាមី​គាត់​នៅ​ក្នុងគុក លីប៊ើធី ហើយ​នៅ​ជាមួយ​គាត់​មួយ​រយៈ ។ គាត់​បាន​សរសេរ​ថា «ខ្ញុំ​បាន​ចែក​រំលែក​គុក​ងងឹត​គាត់ ដែល​សើម ងងឹត ជា​កន្លែង​កខ្វក់ គ្មាន​ខ្យល់​ចេញ​ចូល គ្រាន់​តែ​មាន​ចំរឹង​ដែក​តូច​មួយ​នៅ​ផ្នែក​ម្ខាង ។ យើង​បាន​តម្រូវ​ឲ្យ​ដេក ក្នុងនេះ» ។

បន្ទាប់​ពី​ផាលី​ត្រូវ​បាន​ដោះលែង​ពីគុក ម៉ារី អាន និងស្វាមី​គាត់ បាន​ទៅ​បម្រើ​បេស​កកម្ម​នៅទី​ក្រុង ញូវយ៉ក និង ប្រទេស​អង់គ្លេស ហើយ​ក្នុង​ចំណោម​អ្នក​ដែល​បានធ្វើ «ការ​ប្រមូល​ផ្ដុំ​នឿយ​ហត់​ចុង​ក្រោយ​ទៅ រដ្ឋ​យូថាហ៍» ដូច​ដែល​គាត់​បាន​ពណ៌នា​វា ។ នៅ​ទី​បញ្ចប់ ប៉ាលី បាន​ស្លាប់​ការ​ស្លាប់​របស់​ទុក្កបុគ្គល ពេល​កំពុង​បម្រើ​បេស​កកម្ម​មួយ​ផ្សេង​ទៀត ។

ទោះ​បីជា​ក្នុង​ជីវិត​ច្របូក​ច្របល់​នេះ ម៉ារី អាន ប្រាត នៅតែ​បន្ត​ស្មោះ​ត្រង់ ។ គាត់​បាន​ថ្លែង​ដោយ​មាន​អំណាច​ថា «ខ្ញុំ​បាន​ជ្រមុជ​ទឹក នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះយេ​ស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ… ត្រូវ​បាន​ជឿ​លើ​ភាព​ពេញ​លេញ​នៃ​សេចក្ដី​ពិត​នៃ​គោល​លទ្ធិ ដោយ​ការ​បង្រៀន​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឮ ហើយ​ខ្ញុំ​បាន​និយាយ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ថា ប្រសិន​បើ​មាន​ចំនួន​តែ​បី​ដែល​កាន់​ខ្ជាប់​នឹង​សេចក្ដី​ជំនឿ ខ្ញុំ​នឹង​ក្លាយ​ជា​មួយ​ក្នុង​ចំនួន​នោះ ហើយ​តាម​រយៈ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដែល​ខ្ញុំ​បាន​ស៊ូទ្រាំ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ដដែល ដួង​ចិត្ត​ខ្ញុំមិន​ដែល​ធ្លាប់​ងាក​រេ​ពី​ការ​តាំង​ចិត្ត​នោះ​ទេ»។ 6

ប្រធាន​បទ​ដែល​យើង​កំពុង​ពិភាក្សា​នៅយប់​នេះ គឺ​មាន​ភាពផ្ទាល់​ខ្លួន​ណាស់ ។ យើង​អាច​ត្រូវ​បាន​បង្រៀន​ដោយ​អ្នក​ដទៃ ។ យើង​អាច​សង្កេត​ពី​អ្នក​ដទៃ ។ យើង​អាច​សិក្សា​ពី​កំហុស និង​ភាព​ជោគ​ជ័យ​នៃ​អ្នក​ដទៃ ។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​វា​សម្រាប់​យើង​បាន​ទេ ។ គ្មាន​នរណា​ម្នាក់​អាច​សង់​ឲ្យ​យើង​នូវ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​បាន​នោះ​ទេ ។ ដោយ​ហេតុ​នេះ យើង​ជា​អ្នក​ម៉ៅ​ការ​សំណង់​ដោយ​ខ្លួន​យើង​ផ្ទាល់ ។

ដូច​ហេលេមិន​បាន​បង្រៀន​ដោយ​អនុភាព​ថា « ចូរចងចាំចុះ ចូរចងចាំចុះថា គឺ​នៅលើ​សិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះ​គ្រីស្ទជា ព្រះ​រាជ​បុត្រានៃព្រះ ដែល​កូន​ត្រូវសង់គ្រឹះរបស់កូន ដើម្បី​កាលណាអារក្ស​បញ្ចេញខ្យល់​ដ៏​ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញ​របស់វា​នៅ​ក្នុង​ខ្យល់គួច មែន​ហើយ កាលណាព្រិល និង ខ្យល់​ព្យុះ​កំណាចទាំងអស់​របស់វា បោកបក់មកលើកូន នោះវា​នឹងគ្មានអំណាចមកលើកូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុងជង្ហុក​នៃ​សេចក្តី​វេទនា និងទុក្ខលំបាក ដ៏មិន​ចេះចប់​មិនចេះ​ហើយ ពីព្រោះ​មកពី​សិលាដែលកូន​បានសង់​នៅ​លើ​នោះ ដែលជា​គ្រឹះដ៏​ខ្ជាប់​ខ្ជួនមួយជាគ្រឹះ​មួយ បើសិន​ណាមនុស្ស​សង់នៅលើនោះ នោះពួកគេ មិនអាច​រលំ​បាន​ឡើយ» (ហេលេមិន 5:12)។

បទ​ពិសោធន៍​នៃ​ការ​សង់​គ្រឹះ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ កើត​មាន​ជាង 36 ឆ្នាំ​មក​ហើយ ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ដានី និង​ខ្ញុំ បាន​ផ្លាស់​ទៅ​ទីក្រុង ហូណូលូលូ (ទី​កន្លែង​ដែល​ខ្ញុំ​បាន​កើត និង​ធំធាត់​ឡើង) ដើម្បី​ចាប់​ផ្ដើម​ដំណាក់​កាល​បន្ទាប់​នៃ​ជីវិត​ពួក​យើង ។ វា​បាន​ក្លាយ​ជា​ដំណាក់​កាល​ដ៏​យូរ​អង្វែង—27 ឆ្នាំ ។ មាន​តែ​ការ​ហៅ​ពី​ព្យាការី​មួយ​គត់ ដែល​បណ្ដាល​ឲ្យ​យើង​ចាក​ចេញ​ពី​រដ្ឋ ហាវ៉ៃ ។

ព្រះវិហារ​បរិសុទ្ធ​នៅ​រដ្ឋ ហាវ៉ៃ ដែល​សព្វថ្ងៃ​ស្គាល់​ថា​ជា ព្រះ​វិហារ​បរិសុទ្ធ ទីក្រុង ឡា​អ៊ី​អេ រដ្ឋ ហាវ៉ៃ ដោយ​សារ​មាន​ព្រះ​វិហារ​បរិសុទ្ធ​ពីរ​នៅ​ហាវ៉ៃ វា​ជា​ព្រះវិហារ​បរិសុទ្ធ​ទី​មួយ​ដែល​ត្រូវ​បាន​ឧទ្ទិសឆ្លង​ដោយ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត នៅ ថ្ងៃ​បុណ្យ​អំណរគុណ​ព្រះ ថ្ងៃ​ទី  27 ខែ វិច្ឆិកា ឆ្នាំ 1919 (យ៉ាង​ត្រឹមត្រូវ) ។ វា​ជា​ព្រះ​វិហារ​បរិសុទ្ធ​ទីមួយ​ដែល​បាន​សាង​សង់​នៅ ក្រៅ​រដ្ឋ យូថាហ៍ លើក​លែង​តែ​ព្រះ​វិហារ​បរិសុទ្ធ​ខឺត​ឡង់ និង​ណៅវូ ។ ជិត​ប្រាំ​មួយ​ទសវត្សរ៍ វា​បាន​បម្រើ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ ហាវ៉ៃ និង​សម្រាប់​ភាគ​ច្រើន​នៃ​ពេល​នោះ វា​បាន​បម្រើ​ដល់​អ្នក​ដែល​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ី ។ នៅ​ពាក់​កណ្ដាល​ឆ្នាំ 1970 វា​មាន​តម្រូវ​ការ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​បិទ ពង្រីក និង​កែលម្អ ។ ជា​លទ្ធផល ព្រះវិហារ​បរិសុទ្ធ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី  13 ខែ មិថុនា ឆ្នាំ 1978 ។

ប្រធាន​នៃ​សាសនា​ចក្រ ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាន​ធ្វើ​ជា​អធិបតី​នៅ​ការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ​នេះ ។ ដោយ​មាន​ទី​ប្រឹក្សា​ទី​មួយ និង​ទី​ពីរ​របស់​លោក​គឺ អិន  អេលឌិន ថែនណឺ និង ម៉ារ៉ុន  ជី រ៉មនី ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង​អ្នក​សមាជិក​ដទៃ​ទៀត​នៃ​ពួក​ដប់​ពីរ​នាក់ និង​ពួក​ចិតសិប​នាក់ ក៏​មាន​វត្តមាន​ផង​ដែរ ។ វាមិន​ដូច​ជា​អ្វី​ដែល​ប្អូន​អាច​ឃើញ​ក្នុង​សាសនា​ចក្រ​ដ៏​មាន​ទំហំ​ធំ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ដែល​មាន​ពួកបងប្អូន​ប្រុស​ជាន់​ខ្ពស់ មាន​វត្កមាន​រួម​គ្នា​ក្នុង​ព្រឹត្តិការណ៍​មួយ​ឆ្ងាយ​ពី​ការិយាល័យ​កណ្ដាល​របស់​សាសនា​ចក្រ​នោះ ។ ប៉ុន្តែ វា​ជា​ពរ​ជ័យ​របស់​យើង​ក្នុង​ឆ្នាំ 1978 ។

នៅ​ពេល​នោះ​ខ្ញុំ​ជា​អ្នក​ដឹក​នាំ​បព្វជិតភាព​វ័យ​ក្មេង​ម្នាក់ ហើយ​ត្រូវ​បាន​សូម​ដោយ​គណៈ​កម្មការ​សម្រប​សម្រួល​ការ​ឧទ្ទិស​ឆ្លង​ឡើង​វិញ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​សុវត្ថិភាព​មូល​ដ្ឋាន និង​រៀបចំ​ការ​ដឹក​ជញ្ជូន​សម្រាប់ ប្រធាន ឃឹមបឹល និង​អ្នក​អម​ដំណើរ​ជាមួយ​លោក ។ ខ្ញុំ​មិន​ចង់​និយាយ​បំផ្លើស​ការ​ទទួល​ខុសត្រូវ​របស់​ខ្ញុំ​ទេ វា​គ្រាន់​តែ​ជា​ការ​គាំទ្រ​ខាង​ក្រោយ​ឆាក ។ ទោះ​ជា​យ៉ាង​ណា អ្វី​ដែល​កិច្ច​ការ​របស់​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ គឺ​ការ​នៅ​ជិត​ប្រធាន ឃឹមបឹល ។ សម្រាប់​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍ ដែល​រួម​បញ្ចូល​បី​ថ្ងៃ​នៃ​សម័យ​ការ​ឧទ្ទិសឆ្លង​ព្រះ​វិហារ​បរិសុទ្ធ​ឡើង​វិញ ការ​ជួប​ប្រជុំ​ដ៏​ឧឡារិក និង សន្និសីទ​ប្រចាំ​តំបន់​ដ៏​ធំ ខ្ញុំ​បាន​សង្កេត​ប្រធាន នៃ​សាសនា​ចក្រ​យ៉ាង​ជិត ។ ខ្ញុំ​បាន​មើល​លោក​បង្រៀន ថ្លែង​ទី​បន្ទាល់ និង​ព្យាករណ៍ ដោយ​សិទ្ធិ​អំណាច និង​ចេស្ដា ។ ខ្ញុំ​បាន​ឃើញ​ការ​ខិតខំ​ដែល​មិន​ចេះ​នឿយ​ហត់​របស់​លោក​ដើម្បី​បង្រៀន​ដល់ «អ្នក» ដែល​សូម​ជួប​លោក​ជា​ឯក​ជន ជាមួយ​បុគ្គល ដែល​លោក​សម្គាល់​ក្នុង​ការ​ប្រជុំ ឬ​តាម​ផ្លូវ ។ ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី​អំពី​លោក​ដោយ​ឥតឈប់ឈរ​ថា​លោក​ត្រូវ​បាន​ប្រើ​ជា «គ្រឿង​ឧបករណ៍​មួយ នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ» (អាលម៉ា 17:9)។ ខ្ញុំ​ស្ងើច​សរសើរ​លោក​យ៉ាង​ខ្លាំង​!

នៅ​សប្ដាហ៍​បញ្ចប់ យើង​ទាំង​អស់​គ្នា​បាន​ទៅ​អាកាសយានដ្ឋាន ជូន​ដំណើរ​ប្រធាន ឃឹមបឹល និង​សហការី​របស់​លោក ។ ខ្ញុំ​សូម​លើកឡើង​ពី​តួនាទី​មាន​ដែន​កំណត់ និង​ការ​គាំ​ទ្រ​របស់​ខ្ញុំ​ម្ដង​ទៀត ខ្ញុំ​សូម​ចែក​ចាយ​ដូច​ខាង​ក្រោម ៖ ប្រធាន ឃឹមបឹល​បាន​មក​ឯ​ខ្ញុំ ដើម្បី​អរគុណ​សម្រាប់​ការ​ខិត​ខំ​ដ៏​តិច​តួច​របស់​ខ្ញុំ ។ រាង​កាយ​លោក​មិន​ខ្ពស់​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​ធំ​ជាង​លោក ។ លោក​បាន​ចាប់​ខ្ញុំ​ដោយ​ក​អាវ ហើយ​កន្ត្រាក់​ខ្ញុំ​ចុះ​យ៉ាង​ខ្លាំង​ឲ្យ​ស្មើ​នឹង​កម្ពស់​លោក ។ បន្ទាប់​មក លោក​បាន​ថើប​ថ្ពាល់​ខ្ញុំ ហើយ​អរគុណ​ខ្ញុំ ។ បន្ទាប់​ពី​បាន​ដើរ​ចេញ​ពីរ​បី​ជំហាន ប្រធាន ឃឹមបឹល បាន​ត្រឡប់​មកវិញ ។ លោក​បាន​ចាប់​ខ្ញុំ​ដូច​មុន ហើយ​ទាញ​ខ្ញុំ​ចុះ​ម្ដង​ទៀត ។ ម្ដង​នេះ លោក​បាន​ថើប​ខ្ញុំ​លើ​ថ្ពាល់​ម្ខាង​ទៀត ហើយ​ប្រាប់​ខ្ញុំ​ថា លោក​ស្រឡាញ់​ខ្ញុំ ។ ហើយ​លោក​ក៏​ចាក​ចេញ​ទៅ ។

មុន​ឆ្នាំ​នោះ ប្រវត្តិ​របស់​ប្រធាន​ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល ដែល​សរសេរ​ដោយ​កូន​ប្រុស និង​ចៅ​ប្រុស​របស់​លោក ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ ។ ក្នុង​ពេល​នោះ ខ្ញុំ​បាន​ទទួល ហើយ​អាន​វា ឃើញ​ថា​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​បទ​ពិសោធន៍​ដ៏​ផ្ទាល់​ខ្លួន​នេះ​ជាមួយ ស្ពែនស៊ើរ វូលលី ឃឹមបឹល ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ពី​អាកាសយានដ្ឋាន​វិញ ហើយ​ទាញ​យក​សៀវ​ភៅ​ដ៏​មាន​ទំហំ​ក្រាស់​ពី​ធ្នើ​បណ្ណាល័យ​យើង មាន​អារម្មណ៍​ប្រាថ្នា​យ៉ាង​ខ្លាំង ដើម្បី​អាន​វា​ម្ដង​ទៀត ។ ក្នុង​ពេល​ជា​ច្រើន​ថ្ងៃ​បន្ទាប់​មក​ទៀត រាល់​ពេល​ដែល​ខ្ញុំ​ដឹង​ខ្លួន បើ​គ្មាន​អ្វី​ផ្សេង​ទេ ខ្ញុំ​មាន​កាតព្វកិច្ច​អាន និង​ជញ្ជឹង​គិត​ពី​វា ។ អ្នក​ឃើញ​ថា​ខ្ញុំ​កំពុង​បាន​អាន​អំពី មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ។ ខ្ញុំ​កំពុង​បាន​អាន​អំពី មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ដឹង​ថា​បាន​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​កំពុង​បាន​អាន​អំពី​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​លោក​សូម គឺ​ដើម្បី​សេចក្ដី​ប្រសើរ​បំផុត​សម្រាប់​ខ្ញុំ ។

តាម​រយៈ​បទ​ពិសោធន៍​ដ៏​រំភើប​នោះ ខ្ញុំ​បាន​មាន​បទពិសោធន៍​មួយ​ផ្សេង​ទៀត ។ មួយ​នេះ គឺ​ផ្ទាល់​ខ្លួន​ពេក​ដែល​ខ្ញុំ​មិន​អាច​ចែក​ចាយ​បាន តែ​តាម​រយៈវា ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់​អៀន​ជា​ខ្លាំង ។ ខ្ញុំ​យល់​ថា ខ្ញុំ​មិន​មាន​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​គោរព​ដូច​គ្នា​នោះ សម្រាប់​អ្នក​ដែល​សំខាន់​បំផុត ជា​សមាជិក​នៃ​ក្រុម​ព្រះ ហើយ​ជា​ពិសេស សម្រាប់​ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​អង្គ​សង្គ្រោះ និង​ព្រះ​ដ៏​ប្រោស​លោះ ។ វា​បាន​ជម្រុញ​ខ្ញុំ​ឲ្យ​សិក្សា «ប្រវត្តិ» របស់​ទ្រង់ ហើយ​តាម​រយៈ​ការ​អធិស្ថាន និង​ការ​តម​អាហារ និង​ការ​ពិចារណា​ដើម្បី​ដឹង​ថា​ខ្ញុំ​កំពុង​បាន​អាន​ពី​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ។ ខ្ញុំ​កំពុង​បាន​អាន​អំពី មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ដឹង​ថា​បាន​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​កំពុង​បាន​អាន​អំពី​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​ទ្រង់​សូម គឺ​ដើម្បី​សេចក្ដី​ដ៏​ប្រសើរ​បំផុត​សម្រាប់​ខ្ញុំ ។

មិត្ត​វ័យ​ក្មេង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ចំណេះ​ដឹង​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ក្នុង​ជីវិត​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​សូម​បន្ថែម​ដោយ​ឥត​រុញរា​ថា វាមិន​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ឥតខ្ចោះ ហើយ​វា​មិន​ចាំ​បាច់​ធ្វើ​ឲ្យ​ជីវិត​ងាយ​ស្រួល​នោះ​ទេ ។ នោះ​វា​នឹង​មាន​ភាព​ផ្ទុយ​គ្នា​ពី​ផែន​ការ​របស់​ព្រះ ។ ប៉ុន្តែ​អ្វី​ដែល​វា​បាន​ផ្ដល់​គឺ គ្រឹះ​នៃ​សេចក្ដី​សង្ឃឹម—«ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏ ឥត​ខ្ចោះ» (នីហ្វៃទី ​2 31:20) ។ ពុំ​ធ្លាប់​មាន​គំនិត​នៃ​ការ​បោះបង់ ឈប់ ឬ​ដក​ថយ​ឡើយ ។ សូម​ឲ្យ​ប្អូន​មាន​បទ​ពិសោធន៍​ស្រដៀង​គ្នា​នេះ​ដែរ ។

ទោះ​បី​ជា​អស្ចារ្យ​ដូច​ជា​ប្អូន​ទាំង​អស់​គ្នា ក្នុង​ក្រុម​ជំនុំ​នៃ​ទំហំ​នេះ​ក្ដី ក៏​មាន​សេចក្ដី​អំណរ និង​សេចក្ដី​ឈឺ​ចាប់​ច្រើន ។ ប្អូន​ម្នាក់ៗ​អាច​មាន​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ពី​ទម្ងន់​បន្ទុក​ដ៏​ធ្ងន់​នៃ​ជីវិត ។ ប្រហែល​ជា​រឿង​រាវ​ក្នុង​គ្រួសារ​របស់​ប្អូន​មិន​ដូច​អ្វី​ដែល​ប្អូន​ប្រាថ្នា ។ ប្រហែល ប្អូន​កំពុង​ពុះពារ​ជា​មួយ​ក្ដីជំនឿ​ប្អូន ។ ប្រហែលជា​ប្អូន​កំពុង​រក​ផ្លូវ​ដោះ​ស្រាយ​ជាមួយ​អតីតកាល—អាច​ជា​អ្វី​មួយ​ដែល​ប្អូន​បាន​ធ្វើ ឬ​អ្វី​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ចំពោះ​ប្អូន​ដោយ​អយុត្តិ​ធម៌ ។ ប្អូន​មួយ​ចំនួន មាន​ឧបសគ្គ​ខាង​ផ្លូវ​កាយ ផ្លូវ​អារម្មណ៍ ឬ​ផ្លូវ​ចិត្ត ដែល​ហាក់​ដូច​ជា​ច្រើន​ពេក​ដើម្បី​ស៊ូទ្រាំ ។ ទោះ​ប្អូន​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ ការ​មាន​គ្រឹះ​ដ៏​មាំមួន នឹង​សម្រាល​បន្ទុក​របស់​ប្អូន ។ ជាមួយ​នឹង​សារ​លិខិត​នៃ​ទំនុក​តម្កើង​ដែល​ត្រូវ​បាន​ច្រៀង​ជា​ញឹក​ញាប់ «ខ្ញុំ​ជា​កូន​របស់​ព្រះ» 7 ក្នុង​ដួង​ចិត្ត និង​ព្រលឹង​ប្អូន ដែល​មិននៅ​ត្រឹម​តែ​បបូរមាត់ ហើយ​បន្ត​ផ្អែក​លើ​ដង្វាយ​ធួន​នៃ​ព្រះ​អង្គ​សង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​អាច​មាន​ភាព​សុខ​សាន្ត និង​ការ​លួង​លោម​ចិត្ត ទោះ​ជា​នៅ​ក្នុង​ពេល​វេលា​ដ៏​លំ​បាក​បំផុត​ក៏​ដោយ ។

ថ្ងៃ​នេះ អាច​ជា​ថ្ងៃ​ដ៏​សំខាន់ ក៏​អាច​ជា​ថ្ងៃ​នៃ​ប្រវត្តិ​សាស្ត្រ​ក្នុង​ជីវិត​យើង​ដែរ ។ វា​អាច​ជា​ថ្ងៃ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​យក​គោលការណ៍​នៃ​ការ​ខិត​ខំ ដើម្បី​សង់ ឬ​ពង្រឹង​គ្រឹះ​របស់​យើង ។ សម្រាប់​ពួក​យើង​មួយ​ចំនួន វា​ប្រហែល​ជា​ការ​លះបង់​ទម្លាប់​នៃ​ការ​ញៀន​ខ្លះ ឬ​ទង្វើ​គួរ​ឲ្យ​ស្អប់ខ្ពើម ដែល​ល្មើស​នឹង​ព្រះ ។ សម្រាប់​ប្អូន​ដទៃ​ទៀត វា​អាច​ជា​ការ​រៀបចំ​អទិភាព​ឡើង​វិញ​ក្នុង​ជីវិត​យើង ហើយ​ឲ្យ​សេចក្ដី​ស្រឡាញ់​យើង​ចំពោះ​ព្រះ​ដ៏​ធំ​បំផុត ។ វា​សក្ដិ​សម​នឹង​តម្លៃ​គ្រប់​យ៉ាង ។ ពិតណាស់ វា​ជា​កិច្ច​ការ​ដ៏​សំខាន់​នៃ​ជី​វិត​យើង ។

ដោយ​ផ្ទាល់​ខ្លួន និង​រៀង​ៗខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដល់​អ្នក​ស្ដាប់​ដ៏​ច្រើន ខ្ញុំ​សូម​ប្រកាស​ពី​សាក្សី​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេស៊ូវ ជា​ថ្ម​ជ្រុង​នៃ​សាសនាចក្រ និង​ជា​ថ្មដា​នៃ​ជី​វិត​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​នៃ​សិទ្ធិ​អំណាច​របស់​ទ្រង់ និង​នៃ​បេសក​កម្ម​របស់​ទ្រង់ ហើយ​ជា​ពិសេស នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​អាច​មក​កាន់​ទ្រង់ មិន​ថា​ស្ថាន​ភាព​អតីត​កាល ឬ​បច្ចុប្បន្ន​របស់​យើង​យ៉ាង​ណា​នោះ​ទេ​(សូម​មើល មរ៉ូណៃ 10:32) នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. ថូម៉ាស  អេស ម៉នសុន «How Firm a Foundation» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ  62 ។

  2. បញ្ជី​បទ​គម្ពីរដក​ស្រង់​ចេញពី រ៉ូបើត ជេ ម៉ាថាយ “I Have a Question,” Ensign,ខែ មករា ឆ្នាំ 1984 ទំព័រ 52

  3. «គ្រឹះ​ដ៏​មាំមួន» ទំនុក​តម្កើង ទំព័រ 6 ។

  4. ហិនរី  ប៊ី អាវរិង (“Finding Safety in Counsel,” Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ  25) ។

  5. ហ្គរដុន  ប៊ី ហ៊ិងគ្លី «Five Million Members—a Milestone and Not a Summit»Ensign, ខែ ឧសភា ឆ្នាំ 1982, ទំព័រ 45–46.

  6. ដំណើរ​រឿង​របស់ ម៉ារី អាន ប្រាត ដកស្រង់​ចេញពី Sheri Dew, Women and the Priesthood: What One Mormon Woman Believes (ឆ្នាំ 2013),ទំព័រ 94–95; សូមមើល​ផងដែរ Edward  W. Tullidge, The Women of Mormondom (ឆ្នាំ 1877),ទំព័រ 406–7.

  7. « ខ្ញុំជាកូន​របស់ព្រះ »ទំនុកដំកើង ទំព័រ 58 ។

បោះពុម្ព