អ្នកទទួលល្អ និង អ្នកទទួលដែលពេញដោយអំណរគុណ
នេះគឺជាវេលាមួយដ៏អស្ចារ្យប្រចាំឆ្នាំ ! នៅពេលខ្ញុំឮតន្ដ្រីដ៏ពិរោះ ឃើញភ្លើងពណ៌ ហើយប៉ះនឹងខ្យល់ត្រជាក់ នោះខ្ញុំនឹកចាំយ៉ាងច្បាស់ពីឱកាសជាច្រើនពេញមួយជីវិតខ្ញុំ នៅពេលវិញ្ញាណបុណ្យគ្រីស្ទម៉ាស់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ និង បានបំផុសគំនិតខ្ញុំ ។
ដូចជាអ្នករាល់គ្នាដែរ ខ្ញុំឃើញថាអនុស្សាវរីយដ៏ផ្អែមល្ហែម និង រស់រវើកបំផុតក្នុងពេលគ្រីស្ទម៉ាស់មកពីកុមារភាពរបស់ខ្ញុំ ។ ទោះបីជាខ្ញុំធំឡើងនៅក្នុងស្ថានភាពក្រីក្រក្ដី ក៏ឪពុកម្ដាយខ្ញុំចង់ឲ្យពេលគ្រីស្ទម៉ាស់ជាពេលមួយនៃក្ដីអំណរ និង អស្ចារ្យសម្រាប់កូនៗរបស់គាត់ដែរ ។ ពួកគាត់បានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យបុណ្យគ្រីស្ទម៉ាស់ជាពេលមួយដ៏ពិសេសសម្រាប់គ្រួសារយើង ។
យើងជាកូនៗបានធ្វើអំណោយឲ្យគ្នាទៅវិញទៅមក ។ មានឆ្នាំមួយនោះ ខ្ញុំចាំថាបានគូសរូបមួយជាអំណោយបុណ្យគ្រីស្ទម៉ាស់សម្រាប់បងស្រីខ្ញុំ ។ វាមិនមែនជាគំនូរដ៏ស្អាតមួយទេ តែគាត់ចាត់ទុកវាដូចជារតនសម្បត្តិមួយ ។ ខ្ញុំពិតជាស្រឡាញ់គាត់ចំពោះការណ៍នេះខ្លាំងណាស់ ! មានឆ្នាំមួយទៀត បងប្រុសខ្ញុំដែលមានអាយុលើសខ្ញុំ 12 ឆ្នាំបានឲ្យអំណោយដ៏មានតម្លៃមួយដល់ខ្ញុំ ។ គាត់បានរើសឈើមួយដុំនៅឯសួនច្បារក្បែរផ្ទះយើង ហើយឆ្លាក់វាជាកាំបិតលេងតូចមួយ ។ វាសាមញ្ញ គ្មានក្បាច់ក្បូរអ្វីល្អទេ តែអូ៎ ! ខ្ញុំស្រឡាញ់អំណោយនោះណាស់ ដោយសារវាចេញពីចិត្តគាត់ !
តើវាមិនមែនជាក្ដីអំណរនៃបុណ្យគ្រីស្ទម៉ាស់ដ៏អសា្ចរ្យមួយទេឬ ដែលបានឃើញក្មេងតូចៗមានទឹកមុខរីករាយ នៅពេលពួកគេយកដៃទទួលអំណោយខ្ចប់រួចមួយដែលសម្រាប់តែពួកគេនោះ ?
ទោះជាយ៉ាងណា នៅពេលយើងចាស់ទៅ សមត្ថភាពយើងក្នុងការទទួលអំណោយដោយការរីករាយ និង អំណរគុណដូចគ្នានោះហាក់ដូចជាថមថយ ។ ពេលខ្លះ មនុស្សថែមទាំងមានអារម្មណ៍ថា ពួកគេមិនអាចទទួលអំណោយ ឬ ក៏ការសរសើរដោយគ្មានអារម្មណ៍ខ្មាស់អៀន ឬ អារម្មណ៍ថាពួកគេជំពាក់អ្វីមួយចំពោះអ្នកឲ្យនោះ ។ ពួកគេគិតខុសថា របៀបតែមួយគត់ដើម្បីឆ្លើយតបនឹងការទទួលអំណោយមួយគឺដោយ ការផ្ដល់អ្វីមួយទៅវិញដែលមានតម្លៃថ្លៃជាង ។មនុស្សផ្សេងទៀតនឹកមិនឃើញពីសារៈសំខាន់នៃអំណោយនោះទេ – ដោយការផ្ដោតលើលក្ខណៈខាងក្រៅ ឬ តម្លៃវា ហើយមិនបានដឹងពីអត្ថន័យបង្កប់នៃអំណោយពីអ្នកដែលឲ្យដោយចិត្តស្មោះនោះ ។
នេះបានរំឭកខ្ញុំពីព្រឹត្តិការណ៍ដែលបានកើតឡើង អំឡុងពេលយប់ចុងក្រោយនៃជីវិតរបស់ព្រះសង្គ្រោះ ។ ទ្រង់បានប្រមូលសាវកសំណព្វរបស់ទ្រង់មកជុំវិញទ្រង់ កាច់នំប៉័ងចែកពួកគេ ហើយបានណែនាំពួកគេជាលើកចុងក្រោយដ៏មានតម្លៃជាខ្លាំង ។ តើអ្នកចាំទេថា នៅពេលកំពុងបរិភោគអាហារ ព្រះយេស៊ូវបានក្រោកពីតុ ចាក់ទឹកដាក់ក្នុងចានក្លាំ ហើយចាប់ផ្ដើមលាងជើងរបស់សាវកទ្រង់ទេ ?
នៅពេលទ្រង់មកជិត ស៊ីម៉ូន ពេត្រុស ជាអ្នកនេសាទបានបដិសេធថា « ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ » ។ ព្រះសង្គ្រោះបានកែតម្រូវគាត់ដោយស្រទន់ថា ៖ « បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ » ។ 1
ខ្ញុំច្បាស់ថា ពេត្រុសបានគិតថា គាត់មានហេតុផលសមរម្យដើម្បីបដិសេធអំណោយបម្រើនេះ ហើយមានអារម្មណ៍ថាគាត់កំពុងតែធ្វើរឿងត្រឹមត្រូវ ។ ប៉ុន្ដែនៅពេលនោះ គាត់មិនបានយល់ច្បាស់ពីសារៈសំខាន់ខាងវិញ្ញាណនៃអ្វីដែលព្រះយេស៊ូវកំពុងផ្ដល់ដល់គាត់ឡើយ ។
ពេលបុណ្យគ្រីស្ទម៉ាស់ យើងនិយាយច្រើនអំពីការផ្តល់ឲ្យ ហើយយើងទាំងអស់គ្នាដឹងថា « ដែលឲ្យ នោះបានពរជាជាងទទួល » 2 ប៉ុន្ដែខ្ញុំឆ្ងល់ថា ពេលខ្លះយើងមិនយកចិត្តទុកដាក់ ឬ ថែមទាំងមិនឲ្យតម្លៃដល់សារៈសំខាន់នៃការធ្វើជាអ្នកទទួលល្អ ។
នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ជាច្រើនឆ្នាំកន្លងទៅ ក្មេងស្រីម្នាក់បានទទួលគ្រឿងធ្វើអង្កាំយ៉ាងស្អាតមួយ ។ ឪពុកក្មេងស្រីនោះបានសុំថា នាងគួរធ្វើអ្វីមួយសម្រាប់សាច់ញាតិនាងម្នាក់ដែលបានមកចូលរួមក្នុងកម្មវិធីគ្រួសារនោះ ។
ក្មេងស្រីនោះរីករាយយ៉ាងខ្លាំង ហើយនាងចាប់ធ្វើអ្វីមួយដែលនាងគិតថានឹងក្លាយជាអំណោយដ៏ល្អឥតខ្ចោះមួយ ។ នាងបានរើសមនុស្សដែលនាងចង់ឲ្យ – គឺអ្នកមីងចំណាស់ម្នាក់ដែលជាធម្មតាមានទឹកមុខមិនសប្បាយ និង អត្តចរិតមិនល្អ ។
ក្មេងស្រីតូចនោះបានគិតថា « ប្រហែលបើខ្ញុំធ្វើខ្សែដៃមួយឲ្យគាត់ ខ្ញុំនឹងធ្វើឲ្យគាត់សប្បាយចិត្ត » ។
ដូច្នេះហើយ នាងបានរើសអង្កាំមួយៗដោយប្រុងប្រយ័ត្ន ហើយបានខំអស់ពីចិត្តដើម្បីធ្វើអំណោយដ៏ពិសេសនេះសម្រាប់មីងនាង ។
នៅពេលនាងធ្វើហើយ នាងបានទៅជួបមីងនាង ដាក់ខ្សែដៃនោះក្នុងដៃគាត់ ហើយប្រាប់គាត់ថានាងបានរចនាវា ហើយធ្វើវាសម្រាប់គាត់ ។
គ្រប់គ្នានៅក្នុងបន្ទប់បានស្ងាត់ នៅពេលអ្នកមីងនោះចាប់ខ្សែដៃដោយម្រាមដៃ និង មេដៃគាត់ដូចជាគាត់កំពុងកាន់ខ្យងស្អិតមួយខ្សែ ។ គាត់មើលអំណោយនោះ ដោយភ្នែកសម្លឹងព្រឹមៗ ហើយច្បូតច្រមុះគាត់ ហើយក៏ទម្លាក់ខ្សែដៃនោះទៅក្នុងដៃក្មេងស្រីនោះវិញ ។ បន្ទាប់មក គាត់បានចេញពីក្មេងស្រីនោះ ដោយគ្មាននិយាយអ្វីមួយម៉ាត់ ហើយក៏និយាយរកអ្នកផ្សេងទៀត ។
ក្មេងស្រីនោះខ្មាស់គេមុខឡើងក្រហម ។ ដោយអន់ចិត្តជាខ្លាំង នាងបានដើរចេញពីបន្ទប់ដោយស្ងាត់ៗ ។
ឪពុកម្ដាយនាងចង់លួងលោមនាង ។ ពួកគេព្យាយាមជួយនាងឲ្យយល់ថា ខ្សែដៃនោះស្អាត – ដោយមិនខ្វល់ពីប្រតិកម្មដ៏អាក្រក់របស់មីងនាងទេ ។ ប៉ុន្ដែក្មេងស្រីនោះនៅតែមិនសប្បាយចិត្ត រាល់ពេលដែលនាងបានគិតដល់រឿងនេះ ។
ច្រើនទសវត្សរ៍កន្លងទៅ ក្មេងស្រីនោះ – ឥឡូវនេះ នាងគឺជាអ្នកមីងម្នាក់ – នៅតែចាំដោយក្រៀមក្រំតិចតួចពីថ្ងៃនោះ ពេលដែលអំណោយកាលពីកុមារភាពរបស់នាងត្រូវគេបដិសេធ ។
គ្រប់អំណោយទាំងអស់ដែលបានផ្ដល់ឲ្យយើង – ជាពិសេសអំណោយមួយដែលចេញពីចិត្ត – គឺជាឱកាសមួយដើម្បីកសាង ឬ ពង្រឹងចំណងនៃក្ដីស្រឡាញ់ ។ នៅពេលយើងជាអ្នកទទួលល្អ និង អ្នកទទួលដែលពេញដោយអំណរគុណ នោះយើងធ្វើឲ្យទំនាក់ទំនងយើងស៊ីជម្រៅជាមួយនឹងអ្នកទទួលអំណោយ ។ តែនៅពេលយើងមិនបានកោតសរសើរ ឬ ថែមទាំងបដិសេធអំណោយនោះតាមរបៀបណាមួយ នោះយើងមិនគ្រាន់តែធ្វើឲ្យអ្នកទាំងឡាយដែលបានចែកចាយជាមួយយើងនោះឈឺចាប់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យខ្លួនយើងរងការឈឺចាប់ដែរ ។
ព្រះសង្គ្រោះបានបង្រៀនថា ដរាបណាយើង « មិនត្រឡប់ដូចជាកូនតូចនេះ នោះ [ យើង ] នឹងចូល … នគរស្ថានសួគ៌ពុំបានឡើយ » ។3
នៅពេលយើងឃើញពីក្ដីរំភើប និង ភាពអស្ចារ្យរបស់ក្មេងៗនៅរដូវគ្រីស្ទម៉ាស់នាឆ្នាំនេះ ប្រហែលយើងអាចរំឭកខ្លួនយើងឲ្យរកឃើញម្ដងទៀត និង ជួយសុំការទាមទារការចែករំលែកដ៏មានតម្លៃ និង អស្ចារ្យរបស់ក្មេងៗ – គឺសមត្ថភាពដើម្បីទទួលដោយទឹកចិត្តស្មោះស និង ដោយអំណរគុណ ។
ដោយដឹងថា ព្រះសង្គ្រោះគឺជាគំរូដ៏ឥតខ្ចោះរបស់យើង គឺមិនត្រឹមតែការឲ្យដោយសប្បុរសទេ ប៉ុន្ដែសម្រាប់ការទទួលដ៏អស្ចារ្យផងដែរ ។ នៅពេលទ្រង់នៅភូមិបេថានី ជិតចុងបញ្ចប់នៃការបម្រើខាងសាច់ឈាមទ្រង់ នោះមានស្ដ្រីម្នាក់មកឯទ្រង់ដោយកាន់ដបថ្មកែវដាក់ប្រេងទេពិ្វរូសុទ្ធមានតម្លៃណាស់ ។ នាងត្រូវបានអនុញ្ញាតឲ្យចាក់ប្រេងលើព្រះសិរទ្រង់ជាមួយអំណោយដ៏មានតម្លៃនេះ ។
អ្នកខ្លះដែលបានឃើញព្រឹត្តិការណ៍នេះបានខឹង ។ ពួកគេនិយាយថា « ហេតុអ្វីក៏ខ្ជះខ្ជាយលុយ » ។ ប្រេងនោះពិតជាថ្លៃខ្លាំងណាស់ ។ វាអាចលក់បាន ហើយផ្ដល់លុយទៅឲ្យអ្នកក្រ ។ ពួកគេឃើញតែតម្លៃអំណោយខាងសាច់ឈាម ហើយបានភ្លេចទាំងស្រុងពីសារៈសំខាន់ខាងវិញ្ញាណដ៏អស្ចារ្យរបស់អំណោយនោះ ។
ប៉ុន្ដែព្រះសង្គ្រោះបានយល់ពីនិមិត្តសញ្ញា និង ការបង្ហាញក្ដីស្រឡាញ់នៅក្នុងអំណោយនោះ ហើយទ្រង់បានទទួលវាដោយអំណរ ។
ទ្រង់បានមានបន្ទូលទៅអ្នកដែលរអ៊ូនោះថា « កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ ? … នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់នឹងលាបខ្លួនខ្ញុំជាការសម្រាប់កប់ខ្មោចខ្ញុំ » ។ 4
បងប្អូនប្រុសស្រីរបស់ខ្ញុំ មិត្តជាទីស្រឡាញ់របស់ខ្ញុំ តើយើងជាអ្នកទទួលប្រភេទណា ? តើយើងទទួលអំណោយ ជាការបង្ហាញក្ដីស្រឡាញ់ដូចជាព្រះអង្គសង្គ្រោះទេ ?
នៅក្នុងជំនាន់របស់យើង ព្រះសង្គ្រោះបានមានបន្ទូលថា « អ្នកណាដែល [ ទទួល ] គ្រប់ទាំងអស់ដោយអំណរអរគុណ នោះនឹងត្រូវបានធ្វើឲ្យរុងរឿង » 5 ហើយ « ផលបរិបូរនៃផែនដីជារបស់ផង [ ពួកគេ ] ហើយ » ។ 6
ខ្ញុំសង្ឃឹមថា បុណ្យគ្រីស្ទម៉ាស់នេះ និង គ្រប់ថ្ងៃនិមួយៗពេញមួយឆ្នាំនេះ យើងនឹងគិតជាពិសេសអំពីអំណោយជាច្រើនដែលយើងបានទទួលពីព្រះបិតាសួគ៌ជាទីស្រឡាញ់យើង ។ ខ្ញុំសង្ឃឹមថា យើងនឹងទទួលអំណោយទាំងនេះដោយភាពអស្ចារ្យ អំណរគុណ និង ក្ដីរីករាយក្នុងនាមបុត្រម្នាក់ ។
អារម្មណ៍ខ្ញុំញាប់ញ័រ និង ល្អសប្បុរសពេលខ្ញុំគិតពីអំណោយពីព្រះបិតាដ៏ជាទីស្រឡាញ់ រុងរឿង និង សប្បុរសដែលគង់នៅស្ថានសួគ៌បានប្រទានដល់យើង ៖ ជាព្រះវិញ្ញាណបរិសុទ្ធដែលពុំអាចប្រាប់បាន, អព្ភូតហេតុនៃការអភ័យទោស, វិវរណៈ និង ការណែនាំផ្ទាល់ខ្លួន, ក្ដីសុខសាន្ដរបស់ព្រះសង្គ្រោះ, ភាពពិត និង ការលួងលោមថាក្ដីស្លាប់បានចាញ់ហើយ និង មានជាអ្វីៗជាច្រើនទៀតដែលបានឈ្នះ ។
អ្វីដែលសំខាន់បំផុតនោះ គឺព្រះបានប្រទានដល់យើងនូវអំណោយជាព្រះរាជបុត្រាសំណព្វតែមួយគត់របស់ទ្រង់ ដែលបានពលីព្រះជន្មរបស់ទ្រង់ « ដើម្បីឲ្យអ្នកណាដែលជឿដល់ទ្រង់ នោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។ 7
តើយើងបានទទួលអំណោយទាំងនេះ ដោយការដឹងគុណដ៏រាបសា ដោយក្ដីអំណរឬទេ ? ឬ តើយើងបានបដិសេធដោយសារតែអំនួត ឬ គំនិតខុសឆ្គងថាយើងឯករាជ្យពីព្រះហើយ ? តើយើងមានអារម្មណ៍ពីក្ដីស្រឡាញ់របស់ព្រះបិតាក្នុងអំណោយទាំងនេះទេ? តើយើងបានទទួលវាតាមរបៀបដែលពង្រឹងទំនាក់ទំនងយើងជាមួយនឹងអ្នកឲ្យដ៏អស្ចារ្យ ទេវភាពនេះទេ ? ឬ តើយើងត្រូវគេបង្អាក់មិនឲ្យចំណាំអ្វីដែលព្រះបានប្រទានដល់យើងរាល់ថ្ងៃនេះឬទេ ?
យើងដឹងថា « ព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ » 8 ប៉ុន្ដែតើទ្រង់មិនស្រឡាញ់ដល់អ្នកទទួលល្អ ពេញដោយអំណរ និង រីករាយទេឬអ្វី ?
« ត្បិតតើមានប្រយោជន៍អ្វីដល់មនុស្ស បើសិនជាបានប្រទានអំណោយទានមកលើគេ ហើយគេពុំទទួលយកអំណោយទានសោះ ? មើលចុះ អ្នកនោះពុំត្រកអរចំពោះអ្វីដែលបានប្រទានដល់គេ ឬ ក៏ត្រកអរចំពោះម្ចាស់ដែលប្រទានអំណោយទាននោះដែរ » ។ 9
មិនថាយើងបានស្គាល់បុណ្យគ្រីស្ទម៉ាស់ 9 ឬ 90 លើកទេ នោះយើងទាំងអស់គ្នានៅតែជាជាកូនចៅ– គឺយើងទាំងអស់គ្នាជាកូនចៅរបស់ព្រះបិតាសួគ៌យើង ។
ហេតុដូច្នេះហើយ យើងអាចស្គាល់រដូវគ្រីស្ទម៉ាស់នេះដោយក្ដីអស្ចារ្យ និង រីករាយក្នុងនាមជាបុត្រម្នាក់ ។ យើងអាចនិយាយថា « បេះដូងខ្ញុំហូរហៀរទៅដោយសេចក្ដីអំណរ ហើយខ្ញុំនឹងអររីករាយនៅក្នុងព្រះរបស់ខ្ញុំវិញ » 10– គឺជាអ្នកប្រទានអំណោយល្អៗទាំងអស់ ។
ជាមួយអ្នក និង ជាមួយអ្នកទាំងអស់ណាដែលចង់ធ្វើតាមព្រះគ្រីស្ទដ៏រាបសា នោះខ្ញុំសូមនិយាយឮៗសរសើរដល់ព្រះដ៏មានមហិទ្ធិឫទ្ធិរបស់យើង ចំពោះការប្រទានព្រះរាជបុត្រាទ្រង់ដល់យើងដែលជាអំណោយដ៏មានតម្លៃ ។
រដូវបុណ្យគ្រីស្ទម៉ាស់នេះ និង រហូតតទៅ ខ្ញុំសូមអធិស្ឋានថា យើងនឹងឃើញអំណោយទានដ៏អស្ចារ្យនៃការប្រសូតរបស់ព្រះបុត្រានៃព្រះតាមរយៈការគិតដ៏បរិសុទ្ធរបស់ក្មេងតូច ។ ខ្ញុំអធិស្ឋានថា បន្ថែមលើការប្រទានអំណោយល្អនេះ យើងនឹងខំក្លាយជាអ្នកទទួលល្អ និង អ្នកទទួលដែលពេញដោយអំណរគុណ ។ នៅពេលយើងធ្វើដូច្នោះ អារម្មណ៍នៅរដូវនេះនឹងបណ្ដាលឲ្យចេតនាល្អរបស់យើងដុះឡើង ហើយពង្រីកក្ដីអំណរយើងដោយគ្មានកំណត់ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕