អំណោយដ៏ឥតខ្ចោះ
នៅរដូវបុណ្យគ្រីស្ទម៉ាស យើងធ្វើពិធីរំឭកអំពីអំណោយទានដ៏ឥតខ្ចោះនៃព្រះរាជបុត្រាសំណប់ របស់ព្រះវរបិតាសួគ៌យើង គឺព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះនៃពិភព លោក ។ សម្រាប់យើងភាគច្រើន រដូវបុណ្យគ្រីស្ទម៉ាស គឺជាគ្រាមួយ ដែលយើងស្វែងរកអំណរនៅក្នុងការផ្ដល់ទៅឲ្យអ្នកដទៃ ។ អ្នក និង ខ្ញុំ បានរៀនពីបទពិសោធន៍ថាការផ្ដល់ឲ្យនោះអាចជាឧបសគ្គមួយ។
នៅក្នុងឆ្នាំ 1970 ខ្ញុំជាឪពុកដែលមានកូនប្រុសតូចបីនាក់ ។ ក៏ដូចជាឪពុកម្ដាយថ្មីថ្មោងជាច្រើនរូប ខ្ញុំបានធ្វើការយ៉ាងខ្លាំងដើម្បីផ្គត់ផ្គង់ដល់គ្រួសារដែលកំពុងធំលូតលាស់ឡើង ។ រយៈពេលពីរថ្ងៃបន្ទាប់ពីបុណ្យគ្រីស្ទម៉ាស ខ្ញុំបានដឹងថា ខ្ញុំចាំបាច់ត្រូវធ្វើដំណើរការងារផ្លូវឆ្ងាយមួយ ដោយទុកឲ្យភរិយារបស់ខ្ញុំ ខាសលីន ថែទាំដល់កូនប្រុសទាំងបី អំឡុងពេលឈប់សម្រាកពីសាលារៀនរបស់ពួកគេ ។ ដោយដឹងថា សុភមង្គលរបស់ពួកគេនឹងអាស្រ័យទៅលើការមានអំណោយបុណ្យគ្រីស្ទម៉ាសល្អៗដើម្បីលេងជាមួយ ខណៈដែលខ្ញុំមិននៅ នោះយើងបានជ្រើសរើសអំណោយរបស់យើងដោយប្រុងប្រយ័ត្ន ។ យើងបានឲ្យឧបករណ៍ស្ទង់អាកាសធាតុមួយដល់កូនប្រុសច្បងដែលមានអាយុប្រាំពីរឆ្នាំ វាជាឧបករណ៍មួយសម្រាប់ទស្សទាយអាកាសធាតុ ។
យើងបានដឹងថា វាតម្រូវឲ្យមានការដាក់ផ្គុំគ្នាខ្លះៗ ។ កូនប្រុសខ្ញុំ និង ខ្ញុំបានអង្គុយចុះដើម្បីរៀបផ្គុំឧបករណ៍ស្ទង់អាកាសធាតុថ្មីស្អាតរបស់គាត់ ។ យើងបានយកចំណែកជាច្រើនផ្នែកចេញមក ហើយបានសិក្សាដោយប្រុងប្រយ័ត្នលើសេចក្ដីណែនាំអំពីការដាក់ផ្គុំដ៏ស្មុគស្មាញនោះ ។
បន្ទាប់ពីរយៈពេលពីរបីម៉ោងក្រោយមក ខ្ញុំបានយល់ច្បាស់ថា ទោះជាយើងបានដាក់ផ្គុំផ្នែកទាំងអស់ដោយត្រឹមត្រូវក្ដី ក៏នៅមានអ្វីមួយដែលខុសប្រក្រតីជាមួយនឹងឧបករណ៍នោះ ក្នុងការធ្វើឲ្យសារធាតុរាវនៅក្នុងឧបករណ៍ស្ទង់អាកាសធាតុរាវរត់ឡើងចុះបាន ។ ខ្ញុំបានព្យាយាមលាក់ភាពសង្ស័យរបស់ខ្ញុំពីកូនប្រុសខ្ញុំ ប៉ុន្តែនៅយប់នោះ បន្ទាប់ពីគាត់បានចូលដេក ខ្ញុំមួរម៉ៅយ៉ាងខ្លាំង ដែលខ្ញុំបានប្រើសៀវភៅកំណត់ហេតុរបស់ខ្ញុំ សរសេរគ្រោងសំបុត្របណ្ដឹងមួយ ផ្ញើរទៅកាន់ក្រុមហ៊ុនដែលផលិតឧបករណ៍ស្ទង់អាកាសធាតុនោះ ។ នេះជាពាក្យខ្លះនៃសំបុត្រនោះ ដែលខ្ញុំរីករាយ ដែលខ្ញុំពុំបានផ្ញើទៅសោះ ៖
« កូនប្រុសរបស់យើងពេញចិត្តនឹងឧបករណ៍ស្ទង់អាកាសធាតុគាត់ណាស់ ។ គាត់មានអាយុ ប្រាំពីរឆ្នាំ ហើយមានជំនឿថា អ្វីៗដែលស្អាតច្បាស់ជាដំណើរការល្អ ។ ខ្ញុំសង្ឃឹមថា អាកាសធាតុមិនផ្លាស់ប្ដូរ មុនពេលយើងទទួលបាននូវការឆ្លើយតបពីអ្នក ព្រោះខ្ញុំពុំចង់លបឡើងទៅជាន់ខាងលើ ដើម្បីបញ្ឆោតគាត់ ដោយតម្លើងវាដោយដៃនោះទេ ហើយខ្ញុំពុំចង់ឲ្យគាត់បាត់បង់ជំនឿទៅលើឧបករណ៍ស្ទង់អាកាសធាតុរបស់អ្នកដែរ ... ។ សូមប្រាប់ខ្ញុំពីរបៀបដើម្បីធ្វើឲ្យវាដំណើរការ ។ វាពុំមែនជាបន្ទុករបស់អ្នក ប៉ុន្តែជាបន្ទុកខ្ញុំ ដែលខ្ញុំនឹងរងទុក្ខ លុះត្រាតែអ្នកជួយ » ។
ជំនួយរបស់មនុស្សពុំមកដល់ទាន់ពេលសម្រាប់ឲ្យអំណោយបុណ្យគ្រីស្ទម៉ាសដំណើរការទេ ។ ប៉ុន្តែកូនប្រុសរបស់យើង ឥឡូវជាឪពុកគេ ចងចាំនូវក្ដីស្រឡាញ់ដែលយើងបានចែកចាយ នៅពេលយើងបានជួយគ្នាទៅវិញទៅមក ។ ហើយគាត់នៅតែទទួលអារម្មណ៍សេចក្ដីជំនឿ ដែលយើងមានទៅលើរបៀបរៀបរយនៃការបង្កបង្កើតរបស់ព្រះនៃផែនដី និង បរិយាកាស ដែលធ្វើឲ្យកិច្ចការនៃការទស្សទាយពីអាកាសធាតុអាចកើតមានឡើងបាន ។ ជំនឿនោះពុំបានផុតរលត់ទៅដោយសារការខំប្រឹងប្រែងដោយភ័យបារម្ភរបស់យើង ដើម្បីធ្វើឲ្យឧបករណ៍ស្ទង់អាកាសធាតុដំណើរការនោះទេ ។
យើងបានរៀនពីអ្វីដែលអ្នកដឹងមកពីបទពិសោធន៍របស់អ្នក ៖ ភាពជោគជ័យក្នុងការផ្ដល់ក្ដីអំណរនៅបុណ្យគ្រីស្ទម៉ាស ជាធម្មតាតម្រូវឲ្យមានជំនួយមកពីអ្នកដទៃ ។ វាកម្ររកឃើញមាននៅក្នុងកិច្ចខិតខំតែម្នាក់ឯងនោះណាស់ ។ ការចូលរួមជាមួយអ្នកដទៃ ផ្សាយចេញនូវក្ដីអំណរ ហើយធ្វើឲ្យវាមានភាពយូរអង្វែង ។ ហើយដែលសំខាន់បំផុត ជួយដាស់សេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ អង្គបង្កបង្កើត និង ជាប្រភពនៃសុភមង្គលដ៏យូរអង្វែង អញ្ជើញឲ្យមានសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនៃព្រះ ដែលជាអំណោយទានដ៏ល្អបំផុត លើសអំណោយទានទាំងអស់ ហើយជាប្រភពពិតនៃក្ដីអំណរដ៏ខ្ជាប់ខ្ជួន ។
ភាពពិតនោះ បានដក់ជាប់យ៉ាងជ្រៅនៅក្នុងដួងចិត្តយើង អំឡុងឆ្នាំនារដូវកាលបុណ្យគ្រីស្ទម៉ាស បន្ទាប់ពីការផ្សងព្រេងរបស់យើងជាមួយនឹងឧបករណ៍ស្ទង់អាកាសធាតុនោះ ។
ខ្ញុំបានសម្រេចចិត្តរចនា និង ធ្វើកូនអុកឈើមួយដ៏មានតម្លៃសម្រាប់ភរិយាខ្ញុំ ។ ខ្ញុំត្រូវការជំនួយដ៏សប្បុរសរបស់អ្នកដទៃជាច្រើន ដែលមានឧបករណ៍ និង ជំនាញដែលខ្ញុំមិនចេះ ។ ខ្ញុំបានធ្វើការជាមួយនឹងពួកគេអស់ពេលជាច្រើនសប្ដាហ៍ ។ ខ្ញុំក៏ត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកវិធីដើម្បីផ្ដល់សេចក្ដីស្រឡាញ់ និង សេចក្ដីជំនឿនៅក្នុងដំណឹងល្អនៅក្នុងអំណោយនោះ ។
នៅលើគំរបខ្ញុំបានឆ្លាក់អក្សរកាត់ប្រចាំគ្រួសារយើង ។ នៅខាងមុខ ខ្ញុំបានដាក់បន្ទះពីរ ។ នៅលើបន្ទះមួយ ខ្ញុំបានឆ្លាក់អក្សរដើមឈ្មោះខ្ញុំ ហើយនៅបន្ទះម្ខាងទៀត អក្សរដើមឈ្មោះភរិយាខ្ញុំ ។ ប្រអប់អាចបើកបានតែ តាមរយៈការប្រើកូនសោរពីរផ្សេងគ្នា សោរមួយបើកដោយអក្សរដើមឈ្មោះខ្ញុំ និង សោរមួយទៀតបើកដោយអក្សរដើមឈ្មោះភរិយាខ្ញុំ ។
ឥឡូវយើងប្រើអំណោយនោះ ជាប្រអប់រតនសម្បត្តិគ្រួសារមួយ ។ ដូច្នេះក្នុងបុណ្យគ្រីស្ទម៉ាស យើងដាក់វានៅក្រោមដើមឈើ ហើយដាក់នៅពេញមួយថ្ងៃ ពេលឃើញប្រអប់ វាបានបំពេញក្នុងដួងចិត្ត និង គំនិតយើង នូវក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និង ចំពោះពលិកម្មរបស់ព្រះអង្គសង្គ្រោះ ដែលធ្វើឲ្យមានអាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារដ៏អស់កល្បជានិច្ច ។ ឥឡូវ ប្រអប់មានពេញទៅដោយរូបភាពគ្រួសារ និង ក្រដាសចម្រៀងបុណ្យគ្រីស្ទម៉ាស ដាក់នៅជិតនឹងព្យាណូចាស់ នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់យើង ។ ការបង្កើតអំណោយនោះ បាននាំមកនូវអារម្មណ៍នៃក្ដីស្រឡាញ់ចំពោះគ្រួសារ និង លោកចៅហ្វាយ ។
ម្តងម្កាល ខ្ញុំនៅតែមើលឃើញ និង មានអំណរគុណចំពោះមនុស្សដែលបានជួយខ្ញុំបង្កើតប្រអប់នោះ ។ នៅពេលខ្ញុំជួបពួកគេម្ដងទៀត ខ្ញុំអាចមានអារម្មណ៍អំណរ ដែលយើងបានចែកចាយគ្នានៅពេលបង្កើតអំណោយនៃក្ដីស្រឡាញ់ចំពោះគ្រួសារមួយ និង ជានិមិត្តសញ្ញានៃក្ដីស្រឡាញ់ ដែលយើងចែកចាយសម្រាប់ព្រះអង្គសង្គ្រោះ ។ ខ្ញុំបានមើលឃើញក្ដីអំណរនៅក្នុងទឹកមុខញញឹមនៃមិត្តភក្ដិខ្ញុំ ដូចខ្ញុំ នៅពេលយើងធ្វើប្រអប់ជាមួយគ្នា ។
អ្នកដឹងមកពីបទពិសោធន៍នានារបស់អ្នក អំឡុងរដូវកាលបុណ្យគ្រីស្ទម៉ាសថា ក្ដីអំណរដែលបានចែករំលែកដូច្នោះ អាចកើតមានមកពីការបង្កើត និង ការផ្ដល់អំណោយនៃក្ដីស្រឡាញ់ដ៏សាមញ្ញ ។ ឧទាហរណ៍ អ្នករាល់គ្នាជាច្រើនបានជួយដល់កុមារម្នាក់ឲ្យយកនំទៅជូនអ្នកទាំងឡាយ ដែលមានអារម្មណ៍ឯកកោ ជាពិសេសនៅបុណ្យគ្រីស្ទម៉ាស ។ ចំពោះអ្នកដែលបានទទួលអំណោយដ៏សមល្មមនេះពីកុមារ វាហាក់ដូចជាមានតម្លៃស្មើរនឹងជ័រល្វីងទេស ។ ហើយកុមារដែលនាំអំណោយដូច្នេះទៅឲ្យ អាចរំឭកពួកគេអំពី ម៉ាហ្គី នាំអំណោយមកពីប៉ែកខាងកើតទៅថ្វាយព្រះអង្គសង្គ្រោះ ។ ទាំងអ្នកផ្ដល់ឲ្យ និងអ្នកទទួល អាចចងចាំអំពីព្រះគ្រីស្ទ និង ទទួលអារម្មណ៍ក្ដីស្រឡាញ់ និង ការដឹងគុណ ។
យុវជន និង យុវនារីក្នុងសាសនាចក្រ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេអាចផ្ដល់អំណោយនៃក្ដីស្រឡាញ់ និង ទីបន្ទាល់នៅក្នុងអាងបុណ្យជ្រមុជទឹក នៃព្រះវិហារបរិសុទ្ធរបស់យើង ។ ការមានព្រះវិហារបរិសុទ្ធច្រើន នៅកាន់តែជិតនឹងយុវវ័យ នោះធ្វើឲ្យមានបទពិសោធន៍នៃការផ្ដល់ឲ្យ មានកាន់តែច្រើនដល់ពួកគេ និង មានកាន់តែញឹកញាប់ ។ ពួកប៊ីស្សព និង អ្នកដឹកនាំយុវវ័យដ៏ឈ្លាសវៃ បានជួយដោយការលើកទឹកចិត្តរបស់ពួកគេ ហើយអ្នកខ្លះបានចូលរួមក្នុងការបម្រើក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងយុវវ័យផ្ទាល់ ។ ពួកគេទាំងអស់គ្នាចែកចាយនៅក្នុងការផ្ដល់ជាពរជ័យនៃការលាងជំរះ និង បរិសុទ្ធភាព ដែលមានឡើងតាមរយៈព្រះអង្គសង្គ្រោះ ចំពោះអ្នកទាំងឡាយដែលពុំអាចទទួលអំណោយនោះបាន ខណៈដែលពួកគេនៅរស់ ។
មានអ្នកផ្សព្វផ្សាយសាសនាក្នុងចំនួនកាន់តែច្រើន បានចូលរួមនឹងព្រះអង្គសង្គ្រោះ និង ដៃគូរបស់ពួកគេ ដើម្បីផ្ដល់អំណោយនៃជីវិតដ៏អស់កល្បជានិច្ច ។ ព្រមជាមួយនឹងការផ្លាស់ប្ដូរអាយុ នៃការចូលបម្រើជាអ្នកផ្សព្វផ្សាយសាសនា នោះមានមនុស្សកាន់តែច្រើន នឹងទទួលអារម្មណ៍ក្ដីអំណរនៃការផ្ដល់ឲ្យ ដែលជាអំណោយពុំអាចកាន់ថ្លៃបាន ។ អ្នកផ្សព្វផ្សាយសាសនា ក៏បានផ្ដល់ព្រះគម្ពីរមរមនទៅមនុស្សគ្រប់រូប ដែលពួកគេជួប ។ វាគឺជាអំណោយនៃក្ដីស្រឡាញ់ និង ទីបន្ទាល់មួយ ដែលបានបង្កើតឡើងតាមរយៈការបំផុសគំនិតរបស់ព្រះ ចំពោះព្យាការីស្មោះត្រង់អស់ជាច្រើនសតវត្សមកហើយនោះ ។ ព្រះអង្គសង្គ្រោះត្រូវការជំនួយរបស់ពួកព្យាការីទាំងនោះ ដើម្បីបង្កើតអំណោយនៃទីបន្ទាល់ក្នុងព្រះគម្ពីរមរមន ហើយទ្រង់ត្រូវការជំនួយរបស់អ្នកផ្សព្វផ្សាយសាសនា ដើម្បីចែកចាយវា ។
ក្រុមគ្រួសារ ក៏ផ្ដល់អំណោយ នៃក្ដីស្រឡាញ់ និង ទីបន្ទាល់ដែលពុំអាចកាត់ថ្លៃបាននៅរដូវបុណ្យគ្រីស្ទម៉ាស តាមរយៈតន្ត្រី ក៏ដូចជាពាក្យសម្ដី ។ កាលពីនៅក្មេង ខ្ញុំនឹងជួបជុំជាមួយគ្រួសារខ្ញុំ នៅជុំវិញព្យាណូម៉ាក វីងលើ របស់យើង ឥឡូវនេះ មានអាយុកាលច្រើនជាងមួយឆ្នាំហើយ ។ ព្យាណូនោះ ដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់យើង នៅជិតនឹងប្រអប់រតនសម្បត្តិ ។ ព្យាណូនៅតែជាកេរពីដូនតាដ៏មានតម្លៃមួយ ដោយសារវាជារបស់សំណប់របស់ម្ដាយខ្ញុំ ដែលជាអំណោយមួយពីស្វាមីរបស់គាត់ ពេលពួកគាត់នៅក្រក្រី ។ ឪពុកម្ដាយខ្ញុំ បានរស់នៅក្នុងភាពក្រីក្រ ហើយសន្សំសំចៃ ។ អំណោយបុណ្យគ្រីស្ទម៉ាស ដែលយើងទទួលបានគឺរមទម្យបំផុត ។ ប៉ុន្តែម្ដាយខ្ញុំមានសម្លេងពិរោះដ៏គ្រលួច ។ គាត់លេងព្យាណូនៅបុណ្យគ្រីស្ទម៉ាស នៅពេលគាត់ដឹកនាំយើងឲ្យច្រៀងបទចម្រៀង និង ទំនុកដម្កើងពិសិដ្ឋដែលយើងចេះ ។
ខ្ញុំពុំដឹងថា គាត់បានគិតថាខ្លួនគាត់ ជាការអញ្ជើញឲ្យយើងចែករំលែកនៅក្នុងអំណោយដ៏យូរអង្វែងនោះដែរឬក៏អត់ទេ ។ ប៉ុន្តែទោះជាខ្ញុំនៅក្មេង ខ្ញុំបានទទួលអារម្មណ៍ក្ដីអំណរដែលពុំអាចថ្លែងបាន នៅក្នុងការច្រៀងចម្រៀងទាំងនោះ ។ តន្ត្រីបន្លឺពេញក្នុងផ្ទះតូចរបស់យើង ដោយអារម្មណ៍សុខសាន្ដ ។ ខ្ញុំអាចដឹងពុំគ្រាន់តែអារម្មណ៍ក្ដីស្រឡាញ់របស់ឪពុក ម្ដាយ និង បងប្អូនប្រុសពីរនាក់របស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែដឹងពីក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំផងដែរ ។
ខ្ញុំបានដឹងថា ក្ដីស្រឡាញ់ដែលខ្ញុំមាននៅគ្រានោះ គឺជាអ្វីមួយដែលខ្ញុំបានទទួលបទពិសោធន៍មុនជីវិតនេះ នៅក្នុងពិភពជាវិញ្ញាណ ។ ខ្ញុំចង់បានវាលើសអ្វីៗទាំងអស់ ដើម្បីមាននៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំនាថ្ងៃមួយ ។ ហើយខ្ញុំចង់រស់នៅតាម ដើម្បីខ្ញុំអាចត្រឡប់ទៅជាគ្រួសារខ្ញុំផ្ទាល់ ទៅកាន់ផ្ទះសួគ៌ារបស់យើង ជាកន្លែងដែលខ្ញុំដឹងថាព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះកំពុងរង់ចាំ ។ ឥឡូវនៅពេលខ្ញុំមើលហិបរតនសម្បត្តិ និង ព្យាណូនោះ ការនឹកចាំពីក្ដីស្រឡាញ់ជាមួយគ្រួសារខ្ញុំ និង ក្ដីស្រឡាញ់មកពីព្រះអង្គសង្គ្រោះ បានចាក់ស្រោចមកលើខ្ញុំ ។
នៅពេលយើងច្រៀងនៅក្នុងក្រុមចម្រៀង ក្រុមគ្រួសារ និង ថ្នាក់រៀន ហើយនៅពេលយើងស្ដាប់ជុំគ្នានាយប់នេះ ចម្រៀងបុណ្យគ្រីស្ទម៉ាស រំឭកយើងអំពីសម្រែកនៃក្ដីអំណររបស់យើង នៅពេលយើងដឹងថា យើងអាចមកកាន់ពិភពលោកនេះ ហើយនឹងមានព្រះអង្គសង្គ្រោះមួយ ដើម្បីប្រោសលោះដល់យើង ។ ថ្ងៃណាមួយ យើងនឹងច្រៀងចម្រៀងទាំងនោះដោយពលបរិវារនៃស្ថានសួគ៌ ។
ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណនឹងប្រទានពរដល់យើង បុណ្យគ្រីស្ទម៉ាសនេះ និង ឆ្នាំបន្ទាប់ៗ ដោយព្រះចេស្ដាដើម្បីផ្ដល់អំណោយផ្សេងទៀតនៃក្ដីស្រឡាញ់ និង ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ខ្ញុំដឹងថា ព្រះវិញ្ញាណអាចដឹកនាំយើងម្នាក់ៗតាមរបៀបជាច្រើន និង សាមញ្ញៗ ដើម្បីផ្ដល់ក្ដីស្រឡាញ់ ក្ដីជំនឿ និង ក្ដីអំណរដល់អ្នកដទៃ នៅក្នុងរដូវនៃក្ដីអំណរនេះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ គឺពិតជាព្រះរាជបុត្រានៃព្រះ ហើយជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ ទ្រង់គឺជាអំណោយទានដ៏ឥតខ្ចោះ មកពីព្រះវរបិតាជាទីស្រឡាញ់របស់យើង ។ នៅក្នុងរដូវកាលនេះ ព្រះអង្គសង្គ្រោះយើង អញ្ជើញយើងឲ្យចូលរួមនឹងទ្រង់ និង អ្នកដទៃ ដើម្បីផ្ដល់នូវអំណោយទាននៃក្ដីអំណរដែលពុំអាចកាត់ថ្លៃបាន ។ ខ្ញុំអធិស្ឋានសុំឲ្យយើងនឹងចូលរួម នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។