សរសើរដល់ព្រះ
សួស្ដីបុណ្យគ្រីស្ទម៉ាស់ បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមអរគុណដល់គណៈប្រធានទីមួយសម្រាប់ឱកាសពិសេសនេះ ដើម្បីចែកចាយអារម្មណ៍ខ្ញុំពីរដូវកាលនៃបុណ្យគ្រីស្ទម៉ាស់ដ៏ពិសិដ្ឋ និងការប្រសូតរបស់ព្រះអម្ចាស់យើង ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំពុំដែលនឿយណាយនូវសារលិខិតពីបុណ្យគ្រីស្ទម៉ាស់ ដែលបានចាប់ផ្ដើមដោយការប្រសូតនៃព្រះឱរស យេស៊ូវក្នុងភូមិបេថ្លេហិម ស្រុកយូដា ឡើយ ។
អេសាយបានពោលពីព្រឹត្តិការណ៍នោះច្រើនជាង 700 ឆ្នាំមុន ថា ៖ « មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល » ។1
ស្តេច បេនយ៉ាមីន បានព្យាករណ៍ថា « ទ្រង់នឹងត្រូវបានហៅថា ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ព្រះវរបិតានៃស្ថានសួគ៌ និងផែនដី ព្រះដែលបង្កើតវត្ថុសព្វសារពើចាប់តាំងពីដំបូងមក ហើយមាតារបស់ព្រះអង្គនឹងត្រូវបានហៅថា ម៉ារា » ។2
ព្យាការីនីហ្វៃបានឮសំឡេងពោលថា « ថ្ងៃស្អែកឡើង យើងនឹងចុះមកឯលោកិយ » ។3
លុះស្អែកឡើង នៅជ្រុងម្ខាងទៀតនៃពិភពលោក ព្រះគ្រីស្ទបានប្រសូត ។ វាច្បាស់ណាស់ថា មាតាទ្រង់ ម៉ារាបានសម្លឹងមើលទៅបុត្រខ្លួនដែលទើបប្រសូត ដែលជាបុត្រាបង្កើតតែមួយគត់របស់ព្រះវរបិតាខាងសាច់ឈាម ដោយក្ដីអស្ចារ្យ ។
នៅលើភ្នំនៃស្រុកយូដា ដែលព័ទ្ធជុំវិញភូមិបេថ្លេហិម លូកា ប្រាប់យើងថា ពួកអ្នកគង្វាលចៀមបាននៅទីវាល ។4 បុរសទាំងនេះពុំមែនជាពួកអ្នកគង្វាលធម្មតាទេ តែជា « មនុស្សសុចវិត ហើយបរិសុទ្ធ » ដែលបានធ្វើជាសាក្សីដល់ព្រះគ្រីស្ទ ។5
« នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ។
« តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្ដីអំណរយ៉ាងអស្ចារ្យដែលសម្រាប់បណ្ដាជនទាំងអស់គ្នា ។
« ត្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នាក្នុងក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។
« នោះស្រាប់តែមានពួកពលបរិវារកកកុញស្ថានសួគ៌មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា
« សួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្ស ដែលជាទីគាត់ព្រះហឫទ័យដល់ទ្រង់ » ។6
សូមសញ្ជឹងគិតពីទិដ្ឋភាពនោះក្នុងស្រុកយូដា ។ ផ្ទៃមេឃដ៏ភ្លឺចែងចាំងដោយពន្លឺនៃផ្កាយមួយដ៏ភ្លឺត្រចះត្រចង់ ហើយក្រុមចម្រៀងពីស្ថានសួគ៌បានអបអរដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។ រួចពួកអ្នកគង្វាលបានទៅ « ជាប្រញាប់ » 7 ដើម្បីមើលព្រះឱរសផ្ដេកនៅក្នុងស្នូក ។ ហើយក្រោយមកពួកគេ « បានរ៉ាយរ៉ាប់ » 8 ពីអ្វីដែលគេបានឃើញ ។
នៅបុណ្យគ្រីស្ទម៉ាស់រៀងរាល់ឆ្នាំ យើងធ្វើជាការសាក្សីបន្ថែមទៀតថា ព្រះយេស៊ូវគ្រីស្ទ ជាបុត្រានៃព្រះដ៏មានព្រះជន្មរស់ បានយាងមកកាន់ផ្នែកមួយនៃផែនដី ដែលយើងហៅថា ដែនដីបរិសុទ្ធ ។
ពួកអ្នកគង្វាលបានដើរចូលទៅដោយគារវភាព ដើម្បីថ្វាយបង្គំដល់ស្ដេចនៃអស់ទាំងស្ដេច ។ តើយើងនឹងថ្វាយបង្គំទ្រង់បែបណាដែរ ក្នុងរដូវកាលនេះ ? ជាការដើរទិញរបស់មិនចេះចប់នោះមែនទេ ? ជាការមមាញឹកក្នុងការតុបតែងផ្ទះយើងមែនទេ ? តើហ្នឹងជារបៀបដែលយើងថ្វាយបង្គំទ្រង់ឬ ? ឬថា យើងនឹងនាំយកសន្តិភាពទៅកាន់ដួងចិត្តដែលសោកសៅ ធ្វើល្អដល់ជនដែលត្រូវការព្រះចេស្ដាទ្រង់ សរសើរដល់ព្រះ ដោយព្រមធ្វើអ្វីដែលទ្រង់សុំឲ្យយើងធ្វើវិញ ? ព្រះយេស៊ូវបានបន្ទូលដោយសាមញ្ញថា ៖ « ចូរមកតាមខ្ញុំ » ។9
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលស្ដារឡើងវិញ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ បានជះឥទ្ធិពលដល់ពួកអ្នកជឿជុំវិញពិភពលោក ។ ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវការលះបង់នៃជន ដែលបានទទួលយកបន្ទូលដ៏ពិសិដ្ឋរបស់ទ្រង់ ចាប់តាំងពីកោះទាំងឡាយ រហូតដល់ប្រជាជាតិដ៏ធំក្នុងប្រទេសរុស្សី ។
ដូនតាខ្ញុំខ្លះ ស្ថិតក្នុងចំណោមពួកបរិសុទ្ធសម័យមុន ដែលបានប្រមូលផ្ដុំគ្នាទៅទីក្រុងស៊ីយ៉ូន ។ មានស្ត្រីម្នាក់ឈ្មោះ ហានណា ឡាស ខនណាប៊ី បានមករស់នៅក្នុងទីក្រុង ស្ពែននីស ហ្វក រដ្ឋ យូថាហ៍ ។ នៅគ្រាដ៏លំបាកទាំងនោះ ពេលខ្លះការអបអរបុណ្យគ្រីស្ទម៉ាស់ គឺមានតែផែ្លក្រូច ឬតុក្កតាឈើ ឬជាកូនក្រមុំធ្វើពីក្រណាត់---តែពុំមែនជានិច្ចកាលនោះទេ ។ ហានណា បានសរសេរពីថ្ងៃទី 25 ខែ ធ្នូ ឆ្នាំ 1856 ថា ៖
« យប់មុនបុណ្យគ្រីស្ទម៉ាស់បានចូលមកដល់ ហើយកូនៗខ្ញុំបានព្យួរស្រោមជើងវែងខ្លួនដោយជំនឿ ទាំងងឿងឆ្ងល់ថា តើ [វា] នឹង [មាន] របស់នៅក្នុងនោះដែរទេ ។ ខ្ញុំបានប្រាប់គេថា គេនឹងបានអ្វីដែលគេចង់បាន ដោយខំលាក់បាំងនូវភាពសោកសៅដែលខ្ញុំមានក្នុងចិត្ត ហើយគេបានដេកលក់ ដោយការទន្ទឹងរង់ចាំថ្ងៃស្អែកដោយក្ដីរីករាយ ។
« ដោយគ្មានស្ក ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើអ្វីនោះទេ ។ ប៉ុន្តែគេមិនត្រូវទទួលការខកចិត្តឡើយ ។ រួចខ្ញុំបានគិតពីផ្លែឃ្លោកមួយចំនួននៅក្នុងផ្ទះ ដែលខ្ញុំបានយកទៅស្ងោរ រួចចម្រាញ់យកទឹក រំងាស់ទុកពីរបីម៉ោង វានឹងក្លាយជាទឹកស្ក ។ ដោយមានទឹកស្កនេះ និងគ្រឿងទេសតិចតួច ខ្ញុំបានធ្វើជាម្សៅនំប៉័ង ដោយកាត់វាជារាងផ្សេងៗ ហើយដុតវាលើខ្ទះ (ខ្ញុំគ្មានជើងក្រានដុតនំទេ) រួចខ្ញុំដាក់នំទាំងនោះពេញស្រោមជើងវែងរបស់ពួកគេ ជានំដែលបានធ្វើឲ្យពួកគេរីករាយ » 10
អត្ថន័យពិតនៃរឿងនេះ គឺជារឿងដំណាលពីម្ដាយម្នាក់ ដែលបានធ្វើការពេញមួយយប់ ទាំងគ្មានជើងក្រានទៀតផង ។ តែគាត់បានតាំងចិត្តធ្វើឲ្យកូនគាត់រីករាយ ដើម្បីពង្រឹងជំនឿពួកគេ ដើម្បីបញ្ជាក់ថា ក្នុងផ្ទះពួកគេ « មានភាពរីករាយ និងក្ដីសុខ ! »11 តើនេះពុំមែនសារលិខិតនៃបុណ្យគ្រីស្ទម៉ាស់ទេឬ ?
ប្រធាន ម៉នសុន បង្រៀនថា ៖ « ឱកាសនានារបស់យើង ដើម្បីធ្វើការលះបង់ខ្លួន គឺគ្មានទីបញ្ចប់ឡើយ តែក៏ពុំមានជានិច្ចដែរ ។ យើងគួរជួយអ្នកដទៃឲ្យមានអារម្មណ៍រីករាយ ។ យើងគួរប្រើពាក្យល្អៗដល់អ្នកដទៃ ។ យើងគួរផ្ដល់អំណោយដល់អ្នកដទៃ » ។12
ពេលណាយើងធ្វើការរួមនឹងព្រះអម្ចាស់---ធ្វើអ្វីដែលទ្រង់បញ្ជា ហើយបំផុសគំនិតដល់មនុស្សជុំវិញយើង---យើងកំពុងធ្វើជាសាក្សីថា ទ្រង់មានព្រះជន្មរស់ ហើយថា ទ្រង់ស្រឡាញ់យើង មិនថាយើងមានការលំបាកបែបណានៅក្នុងជីវិតនេះទេ ។
មនុស្សដ៏អស្ចារ្យម្នាក់ទៀតនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ គឺអ្នកប្រែចិត្តជឿ ជនជាតិស្កុតឡេន ឈ្មោះ ចន ម៉ែនស្សីស ម៉ាក់ហ្វាលែន ។ គាត់ចូលសាសនាចក្រជាមួយម្ដាយមេម៉ាយ និងប្អូនប្រុសគាត់ ហើយពួកគាត់បីនាក់ បានធ្វើដំណើរទៅទីក្រុងសលត៍ លេក ក្នុងឆ្នាំ 1852 ។ គាត់មានអាយុ 18 ឆ្នាំ ។ នៅក្នុងជីវិតគាត់ គាត់បានក្លាយជាអ្នកវាស់ដី អ្នកសង់អគារ ថែមទាំងជាចៅក្រមក្នុងស្រុក តែមនុស្សទូទៅស្គាល់គាត់ដោយសារតន្ត្រីរបស់គាត់ ។
គាត់បានរៀបចំក្រុមចម្រៀងដំបូងរបស់គាត់នៅក្រុង សេដា ហើយនាំក្រុមចម្រៀងគាត់ច្រៀងពេញភាគខាងត្បូងរដ្ឋយូថាហ៍ ។ បន្ទាប់ពីការនៅ សេន ចច អែលឌើរ អ៊ីរ៉ាស្ទឹស ស្នូ ជាសាវក និងជាអ្នកដឹកនាំជនភៀសខ្លួន បានលើកទឺកចិត្តគាត់ឲ្យផ្លាស់ទៅសហគមយូថាហ៍ភាគខាងត្បូង ហើយនាំយកគ្រួសារ និងតន្ត្រីរបស់គាត់ទៅជាមួយផង ។
ក្នុងឆ្នាំ 1869 ជាគ្រាមួយដ៏លំបាក ហើយ អែលឌើរ ស្នូ បានសុំបងប្រុស ម៉ាក់ហ្វាលែន ឲ្យសម្ដែងកម្មវិធីបុណ្យគ្រីស្ទម៉ាស់ ដើម្បីជួយមនុស្សទូទៅឲ្យមានចិត្តរីករាយ ។ បងប្រុស ម៉ាក់ហ្វាលែន ចង់និពន្ធបទចម្រៀងថ្មីសម្រាប់កម្មវិធីនោះ ។ ទោះគាត់ខំនិពន្ធយ៉ាងណាក្ដី ក៏គាត់នៅតែគ្មានគំនិតអ្វីសោះ ។ គាត់បានអធិស្ឋានម្ដងហើយម្ដងទៀត សុំការបំផុសគំនិត ។ នាយប់មួយ គាត់បានដាស់ភរិយាគាត់ ហើយស្រែកឡើងថា « បងនឹកឃើញពីទំនុកច្រៀងមួយហើយ ហើយបងគិតថា បងក៏នឹកឃើញពីទំនុកភ្លេងដែរ » ។ គាត់បានប្រញាប់ប្រញាល់ទៅព្យាណូខ្យល់តូចរបស់គាត់ ហើយលេងបទនោះ ព្រមទាំងនិពន្ធនូវទំនុកច្រៀង ខណៈដែលភរិយាគាត់កាន់ចង្កៀងបំភ្លឺឲ្យគាត់ ។ នេះជាទំនុកច្រៀងនៃបទចម្រៀងដែលគាត់បាននឹកឃើញ ៖
« ឆ្ងាយ ឆ្ងាយ នៅលើទីវាលទំនាបយូដា » ។
ពួកគង្វាលចៀមច្រៀងបទដ៏ពិរោះអស្ចារ្យ
សរសើរដល់ព្រះ
សរសើរដល់ព្រះ
សរសើរដល់ព្រះ ដ៏ខ្ពស់បំផុត ។
សូមក្ដីសុខមានដល់មនុស្សលោក !
សូមក្ដីសុខមានដល់មនុស្សលោក ។ 13
បងប្រុស ម៉ាក់ហ្វាលែន មិនដែលទៅស្រុកយូដា ហើយឃើញទីវាលទំនាប ដែលស្រដៀងគ្នានឹងជើងភ្នំពាសពេញដោយថ្មឡើយ ប៉ុន្តែសារលិខិតដែលបំផុសគំនិតក្នុងចម្រៀងគាត់នោះ បានផុសចេញពីដួងចិត្តគាត់ ទុកជាសាក្សីមួយពីការប្រសូតរបស់ព្រះគ្រីស្ទនៅភូមិបេថ្លេហិម ស្រុកយូដា ជាការចាប់ផ្ដើមមួយដែលបានផ្លាស់ប្ដូរពិភពលោកនេះជារៀងរហូត ។14
ខ្ញុំសូមថ្លែងទីបន្ទាល់ខ្ញុំថា ព្រះវរបិតាយើងមានព្រះជន្មរស់ ។ ផែនការសុភមង្គលរបស់ទ្រង់ បានប្រទានពរយ៉ាងធំធេងដល់ជីវិតកូនចៅទ្រង់ម្នាក់ៗនៅគ្រប់ជំនាន់ ។ ខ្ញុំដឹងថា ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ជាព្រះឱរសប្រសូតនៅភូមិបេថ្លេហិម គឺជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះនៃពិភពលោក ហើយថា ប្រធាន ថូម៉ាស អេស ម៉នសុន ជាព្យាការីរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ ។ ពាក្យសរសើរតម្កើងទាំងនេះ បង្ហាញពីសេចក្ដីពិតដល់ខ្ញុំ ៖ « សរសើរដល់ព្រះដ៏ខ្ពស់បំផុត សូមក្ដីសុខសាន្តមានដល់មនុស្សលោក » ។15
ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។