តើមានអ្វីកើតឡើងបន្ទាប់មកទៀត ?
សួស្ដីបុណ្យគ្រីស្ទម៉ាស់ !
នេះជារដូវបុណ្យគ្រីស្ទម៉ាស់ ហើយកុមារបានជួយនាំភាពរីករាយនៃបុណ្យគ្រីស្ទម៉ាស់ចូលមកក្នុងចិត្តយើង ។ យើងនឹងបាត់បង់អ្វីមួយ បើយើងពុំមើលទៅបុណ្យគ្រីស្ទម៉ាស់ ដូចជាកុមារតូចៗនោះ ត្បិតកុមារមើលឃើញពន្លឺ គេស្ដាប់តន្ត្រី ហើយគេដឹងក្លិនដើមគ្រីស្ទម៉ាស់ និងស្ករគ្រាប់ដោយក្ដីសង្ឃឹមដ៏ពិត ។ យើងឃើញពួកគេខំមើលតាមបង្អួចហាងដោយដាក់មុខដ៏តូចច្រឡឹងរបស់គេប៉ះនឹងកញ្ចក់បង្អួចនោះ ពេលគេនឹកគិតពីព្រឹកបុណ្យគ្រីស្ទម៉ាស់ ហើយរាប់ម្រាមដៃមើលថា តើប៉ុន្មានថ្ងៃទៀតទើបដល់ថ្ងៃទី 25 ខែ ធ្នូ ។ ឪពុកម្ដាយក៏រាប់ថ្ងៃដូចគ្នាដែរ ។ ពួកគេគិតរៀបចំជាស្រេចសម្រាប់ព្រឹកបុណ្យគ្រីស្ទម៉ាស់ ត្បិតគេមានផែនការចង់ធ្វើឲ្យកូនខ្លួនភ្ញាក់ផ្អើល ។
កាលខ្ញុំនៅក្មេង ជារឿយៗ ម្ដាយខ្ញុំបានប៉ាក់ជាអ្វីមួយសម្រាប់ខ្ញុំ និងប្អូនស្រីភ្លោះខ្ញុំក្នុងបុណ្យគ្រីស្ទម៉ាស់ ។ គាត់បានដាក់ម៉ាស៊ីនដេរក្នុងបន្ទប់គាត់ ហើយចាប់ផ្ដើមធ្វើគម្រោងនោះមួយខែមុន ហើយបានបិទទ្វារបន្ទប់ជិតពេលគាត់ធ្វើកិច្ចការនេះ ។ លុះថ្ងៃបុណ្យគ្រីស្ទម៉ាស់ជិតមកដល់ គាត់បានខំដេរដល់យប់ជ្រៅ ។ ពេលដេររបស់នោះជិតរួចហើយ---លើកលែងចាំតែឲ្យយើង-លមើលនោះ---នោះគាត់ក៏បានរៀបផែនការមួយ កុំឲ្យយើងដឹងពីវត្ថុភ្ញាក់ផ្អើលរបស់គាត់ ។ ដូច្នេះគាត់ត្រូវឲ្យយើងបិទភ្នែក ។ ម្ដាយយើងបានបិទភ្នែកយើងម្ដងម្នាក់ ហើយនាំយើងចូលទៅក្នុងបន្ទប់ដេកគាត់ ហើយបានឲ្យយើង-លវាដោយបិទភ្នែកជានិច្ច ។ ឥឡូវវាដំណើរការល្អណាស់...លើកលែងតែពេលសំឡេងទូរស័ព្ទរោទិ៍នៅបន្ទប់មួយទៀត ។
ពេលគាត់ចេញទៅ គាត់បានប្រាប់ថា « ម៉ាក់នឹងត្រឡប់មកវិញ កុំលួចមើលឲ្យសោះ » ។ អ្នកប្រហែលជាសួរថា « តើមានអ្វីកើតឡើងបន្ទាប់ទៀត ? »
ខ្ញុំនឹងប្រាប់អ្នក ៖ វាគឺជារ៉ូបពណ៌ក្រហម ។
ខ្ញុំសូមចែកចាយពីរបៀបដែលសំណួរសួរថា « តើមានអ្វីកើតឡើងបន្ទាប់ទៀត? » បង្កប់នូវអត្ថន័យនៃបុណ្យគ្រីស្ទម៉ាស់ដ៏ពិត ។
វាបានកើតឡើងនាថ្ងៃមួយនៅពាក់កណ្ដាលខែធ្នូ ពេល អាម៊ី ចនស្ដុន ជាប្រធានក្រុមកាយឫទ្ធិនៅ ហ្គីលប៊ើត រដ្ឋ អារីស្សូណា បានឈ្លាតឱកាសបង្រៀនដល់ក្មេងប្រុសអាយុប្រាំបីឆ្នាំដ៏សែនរពិសមួយក្រុម ស្ដីពីកំណើតព្រះយេស៊ូវ ។ គាត់ទទួលបានការបំផុសគំនិតឲ្យទុកសកម្មភាពកាយឫទ្ធិ ដែលបានរៀបចំមួយអន្លើរសិន ហើយនិយាយទៅកាន់ពួកគេអំពីបុណ្យគ្រីស្ទម៉ាស់ដំបូងវិញ ។ គាត់បានប្រមូលក្មេងប្រុសទាំងនោះ ឲ្យអង្គុយជុំវិញគាត់លើឥដ្ឋក្នុងបន្ទប់ទទួលភ្ញៀវ ហើយបានអានបទគម្ពីរមួយចំនួន ព្រមទាំងបង្ហាញរូបភាព ស្ដីពីដំណើររឿងដ៏ពិសិដ្ឋរបស់ម៉ារា និង យ៉ូសែប ពួកអ្នកគង្វាលចៀម ផ្កាយ និងការប្រសូតរបស់ព្រះយេស៊ូវក្នុងស្នូក នៅភូមិបេថ្លេហិមផងដែរ ។
គាត់បានអានថា ៖
« ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌ ដែលឈ្មោះថា បេថ្លេហិម ...
« ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបម្រុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ ។ …
« ហើយនាងប្រសូតបានបុត្រាជាចម្បងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ ។
រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាលដែលចាំយាមរក្សាហ្វូងចៀមរបស់ខ្លួននៅឯវាលក្នុងវេលាយប់ ។
« នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង ។
« តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្ដីអំណរយ៉ាងអស្ចារ្យដែលសម្រាប់បណ្ដាជនទាំងអស់គ្នា ។
« ត្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នាក្នុងក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។1
ពេលគាត់និទានពីការប្រសូតរបស់ព្រះយេស៊ូវ គាត់បានសង្កេតឃើញថា ក្មេងប្រុសទាំងនោះស្តាប់ខ្លះអត់ខ្លះ តែមានក្មេងប្រុសម្នាក់ឈ្មោះ ចន បានត្រងត្រាប់ស្ដាប់យ៉ាងខ្លាំង ។ ចន ជាក្មេងរពិសខ្លាំងណាស់ តែពេលគាត់និទានរឿងនោះ ចន បានខំត្រងត្រាប់ស្ដាប់ រួចសួរថា « មែនហើយ តើមានអ្វីកើតឡើងបន្ទាប់ទៀត ? »
ដូច្នេះគាត់បានបន្តនិទានអំពីកុមារភាពរបស់ព្រះយេស៊ូវ ។ គាត់បានពោលថា « ព្រះយេស៊ូវជាក្មេងប្រុសម្នាក់ ដូចជាកូនរាល់គ្នាដែរ ។ ទ្រង់ចូលចិត្តរត់លេង ។ តែទ្រង់ក៏ចម្រើនវ័យឡើង « មានកម្លាំងខាងវិញ្ញាណរឹតតែច្រើនឡើង » ដែរ ។ 2 គាត់បានប្រាប់ពួកគេថា កាលព្រះយេស៊ូវមានអាយុ 12 ឆ្នាំ ទ្រង់បានធ្វើដំណើរជាមួយគ្រួសារទ្រង់ទៅក្រុងយេរូសាឡឹម ។ កាល ម៉ារា និង យ៉ូសែប បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ទើបពួកគេបានដឹងថា បាត់កូនប្រុសខ្លួន ។ រំពេចនោះ ពួកគេបានត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ហើយបានឃើញព្រះយេស៊ូវនៅក្នុងព្រះវិហារបរិសុទ្ធ កំពុងមានបន្ទូលនឹងពួកអ្នកប្រាជ្ញ និងគ្រូបង្រៀនដែលបានចោទសួរទ្រង់ ហើយបទគម្ពីរបានចែងថា ជនដែលស្ដាប់ឮទ្រង់បាន « អស្ចារ្យនៅក្នុងចិត្តពីប្រាជ្ញា ហើយនិងពាក្យចម្លើយរបស់ទ្រង់ » ។3
« តើមានអ្វីកើតឡើងបន្ទាប់មកទៀត ? » ចន បានសួរ ។ អាម៊ី បានប្រាប់ក្មេងប្រុសទាំងនោះពីការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ពីរបៀបទ្រង់ពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ យើងបានអានក្នុងព្រះគម្ពីរប៊ីបថា ទ្រង់បានបង្រៀនដំណឹងល្អដល់ជនក្រីក្រ សម្ដែងអព្ភូតហេតុ ព្យាបាលមនុស្សខ្វាក់ និងអ្នកឈឺ ហើយថែមទាំងបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទៀតផង ។ ទ្រង់បានបង្រៀនថា « ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ [ហើយ] ប្រព្រឹត្តល្អនឹងពួកអ្នកដែលស្អប់អ្នក » ។4
ចន បានចាប់អារម្មណ៍ជាខ្លាំងនូវអ្វីដែលបានប្រាប់ ហើយចង់ដឹងបន្ថែមទៀត ។ ចន ក៏សួរទៀតថា « អញ្ចឹង តើមានអ្វីកើតឡើងទៀត ? » គាត់បានប្រាប់ក្មេងប្រុសទាំងនោះថា មានជនមួយចំនួនបានបដិសេធព្រះយេស៊ូវ ហើយស្អប់ទ្រង់ ។ គេថែមទាំងមានផែនការសម្លាប់ទ្រង់ទៀតផង ។ គាត់បានប្រាប់កុមារតូចៗទាំងនោះស្ដីពីអាហារយប់ថ្ងៃចុងក្រោយ សួនច្បារគែតសេម៉ានី និងរបៀបដែលព្រះយេស៊ូវត្រូវបានគេឆ្កាង រួចហើយបានរស់ឡើងវិញ ។ គាត់អាចដឹងថា រឿងទាំងអស់នេះ គឺជារឿងថ្មីសម្រាប់ ចន ដែលមានចិត្តចង់រៀនបន្ថែមទៀតនោះ ។
រួចគាត់ទទួលអារម្មណ៍បំផុសឲ្យឈប់ រួចហៅឈ្មោះពួកគេម្នាក់ៗ ដោយពោលថា « ព្រះគ្រីស្ទសុគតសម្រាប់កូនគ្រប់គ្នា » ។ ពេលគាត់និយាយទៅក្មេងម្នាក់ៗ ចន បានត្រងត្រាប់ស្ដាប់ ។ រួចគាត់មើលមុខ ចន ហើយពោលថា « ចន ព្រះគ្រីស្ទសុគតសម្រាប់កូន » ។ ចន បានមើលមុខគាត់ រួចសួរទាំងឆ្ងល់ថា « ទ្រង់ពិតជាធ្វើរឿងនោះសម្រាប់ខ្ញុំមែនឬ ? »
អាម៊ី ពោលថា « នៅថ្ងៃនោះក្នុងបន្ទប់ទទួលភ្ញៀវ យើងពោរពេញដោយព្រះវិញ្ញាណ ដែលក្មេងប្រុសតូចម្នាក់ ទើបបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធជាលើកដំបូង » ។ គាត់ពោលថា « ខ្ញុំមិនដឹងថា ចន សុខទុក្ខយ៉ាងណាទេ ព្រោះគ្រួសារ ចន គាត់បានផ្លាស់ទីលំនៅ ។ តែខ្ញុំសូមអធិស្ឋានថា គ្រាប់ពូជដែលបានបណ្តុះក្នុងការប្រជុំក្រុមកាយឫទ្ធិមួយ នៅក្នុងរយៈពេលពីរសប្ដាហ៍មុនបុណ្យគ្រីស្ទម៉ាស់ នឹងដុះលូតលាស់ ហើយនាំពន្លឺដ៏ពេញលេញនៃដំណឹងល្អទៅគាត់នៅថ្ងៃណាមួយ » ។
បន្ទាប់ពីរដូវកាលនេះបានបញ្ចប់ទៅ នោះភ្លើងតាំងសម្រាប់បុណ្យគ្រីស្ទម៉ាស់ត្រូវបានដោះចេញ ក្លិនដើមស្រល់នឹងរសាយបាត់ ហើយចម្រៀងបុណ្យគ្រីស្ទម៉ាស់នឹងឈប់ឮតាមវិទ្យុទៀតហើយ យើងប្រហែលជាសួរដូចជា ចន ដែរ ថា « តើមានអ្វីកើតឡើងបន្ទាប់ទៀត ? »
ភាពដ៏អស្ចារ្យនៃបុណ្យគ្រីស្ទម៉ាស់គ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ ។ វារំឭកយើងថា ព្រះឱរសដែលបានប្រសូតក្នុងភូមិបេថ្លេហិម បានប្រទានឲ្យយើងនូវគោលបំណងសម្រាប់ការរស់នៅ ហើយអ្វីដែលកើតឡើងបន្ទាប់ទៀតចំពោះយើង គឺអាស្រ័យទៅលើរបៀបដែលយើងទទួលយក ហើយដើរតាមព្រះអង្គសង្គ្រោះរបស់យើងវិញទេតើ ។ យើងអញ្ជើញព្រះវិញ្ញាណទ្រង់ចូលមកក្នុងជីវិតយើងជារៀងរាល់ថ្ងៃ ។ យើងឃើញពន្លឺក្នុងខ្លួនអ្នកដទៃ យើងស្ដាប់ឮក្ដីអំណរពីសំឡេងកុមារដែលនាំក្ដីសង្ឃឹម និងចង់បានសម្រាប់អនាគត ។ យើងស្វែងរកឱកាសជួបជុំគ្នា ធ្វើការបម្រើ និងលើកស្ទួយ ខណៈយើងរៀនពីអត្ថន័យពិតនៃការស្គាល់ព្រះអង្គសង្គ្រោះយើង ។ ក្នុងជីវិតយើង យើងនឹងឃើញថា យើងទន្ទឹងរង់ចាំថ្ងៃ ដែលយើងបានទទួលអារម្មណ៍យ៉ាងខ្លាំងពីព្រះចេស្ដាទ្រង់---ឧទាហរណ៍ កំណើតកូន បុណ្យជ្រមុជទឹកកូន ការចេញទៅផ្សាយសាសនា ការរៀបការក្នុងព្រះវិហារបរិសុទ្ធ និងការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ។ តាមរយៈលក្ខណៈដូចជាព្រះគ្រីស្ទ និងជំនឿដូចកូនក្មេង យើងស្វែងរកទ្រង់ ហើយយើងដឹងពីព្រះចេស្ដាទ្រង់ ។
« បើអ្នករាល់គ្នាមិនផ្លាស់គំនិត...ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ » ។5
វាជាផែនការមួយដ៏ប្រពៃ ផែនការនេះ ព្រះវរបិតាយើងបានបង្កើតឡើង តាមរយៈព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាចត្រឡប់ទៅរស់នៅនឹងទ្រង់ ហើយរីករាយនូវរាល់អ្វីៗដែលទ្រង់មាន ពីព្រោះវាជាចម្លើយដ៏សំខាន់បំផុតចំពោះសំណួរថា « តើមានអ្វីកើតឡើងបន្ទាប់ទៀត ? » ព្រះអង្គសង្គ្រោះមានបន្ទូលថា « អ្នកណាដែលទទួលយើង ឈ្មោះថាទទួលព្រះវរបិតាយើងដែរ ហើយអ្នកណាដែលទទួលព្រះវរបិតាយើង ឈ្មោះថាទទួលនគររបស់ព្រះវរបិតាយើងដែរ ហេតុដូច្នេះហើយ គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាន នោះនឹងត្រូវបានប្រទានដល់អ្នកនោះដែរ » ។6
ការរៀបចំខ្លួនជាស្រេចដើម្បីទទួលទ្រង់ ផ្ដល់នូវអត្ថន័យថ្មីទាំងស្រុង ចំពោះការរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទី 25 ខែ ធ្នូ ។
ចន មិនថាអ្នកនៅទីណាទេ ពួកសាវកដែលនៅរស់បានថ្លែងថា ៖ « យើងសូមធ្វើទីបន្ទាល់ជាឱឡារិកថា ឆាកជីវិត [របស់ព្រះអង្គសង្គ្រោះយើង] ដែលជាកត្តាដ៏សំខាន់នៃប្រវត្តិសាស្ត្រមនុស្សលោក ពុំមែនចាប់ផ្ដើមនៅភូមិបេថ្លេហិម ឬបញ្ចប់នៅភ្នំកាលវ៉ារី នោះទេ ។ ទ្រង់ជាបុត្រច្បងរបស់ព្រះវរបិតា ជាព្រះរាជបុត្រាបង្កើតតែមួយគត់ខាងសាច់ឈាម ជាព្រះប្រោសលោះនៃពិភពលោក » ។7
ចន អំណោយរបស់ទ្រង់ចំពោះយើងគឺជាអ្វីដែលកើតឡើងបន្ទាប់ទៀត ។
វាជាការពិត ហើយទ្រង់បានធ្វើវាសម្រាប់អ្នក ។ ខ្ញុំសូមថ្លែងពីសេចក្ដីពិតដ៏អស្ចារ្យនេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។