ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
សេចក្ដីអំណរ​ដ៏ពិត​នៃ​បុណ្យគ្រីស្ទម៉ាស់


សេចក្ដីអំណរ​ដ៏ពិត​នៃ​បុណ្យគ្រីស្ទម៉ាស់

បងប្អូនប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​មាន​ក្ដីអំណរ​ខ្លាំង​ណាស់ ដោយ​បាននៅ​​ជាមួយ​នឹង​អ្នក​នា​ល្ងាច​នេះ ខណៈ​​ដែល​យើង​អបអរ​ដល់​ការ​ប្រសូត​នៃ​ព្រះអង្គសង្គ្រោះយើង---គឺ​ព្រះយេស៊ូវគ្រីស្ទ ដោយ​វាចា និង​បទចម្រៀង ។

បុណ្យគ្រីស្ទម៉ាស់​ជា​រដូវកាល​មួយ​ដ៏ស្រស់​ត្រកាល ។ វាក៏ជា​ពេល​មួយ​ដ៏​មមាញឹក​សម្រាប់​យើង​ដែរ ។ ខ្ញុំ​សង្ឃឹម ហើយ​អធិស្ឋាន​ថា យើងនឹង​មិន​វក់វី​នឹង​ភាព​មមាញឹក​នៃ​រដូវកាលនេះ រហូត​ធ្វើ​ឲ្យ​យើង​ផ្ដោតទៅ​លើ​រឿង​ដែល​មិន​សំខាន់ ហើយ​ខក​ខាន​ នឹង​ក្ដីអំណរ​ដ៏សាមញ្ញ​នៃ​ការ​ចងចាំ​ដល់​ការ​ប្រសូត នៃ​ព្រះដ៏បរិសុទ្ធ​នៅភូមិ​បេថ្លេហិមឡើយ ។

ការ​ស្វែង​រក​ក្ដីអំណរ​ពិត​នៃបុណ្យគ្រីស្ទម៉ាស់ ពុំមែន​កើត​ចេញ​ពី​ការប្រញ៉ាប់ប្រញ៉ាល់​ធ្វើកិច្ចការ​ឲ្យ​បាន​ច្រើន​នោះទេ ។ យើង​រកឃើញ​ក្ដីអំណរពិត​នៃបុណ្យគ្រីស្ទម៉ាស់ ពេល​យើង​ផ្ដោត​ដួងចិត្ត​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

ប្រសូត​ក្នុង​ក្រោលសត្វ បាន​ផ្ទំ​នៅ​ក្នុង​ស្នូក ទ្រង់យាង​ពី​ស្ថានសួគ៌​មក​រស់​នៅ​លើ​ផែនដីជា​មនុស្ស​រមែងស្លាប់ ហើយ​ស្ថាបនា​នគរព្រះឡើង ។ ដំណឹងល្អដ៏រុងរឿង​របស់​ទ្រង់​បាន​ផ្លាស់ប្ដូរ​ទស្សនៈនៃ​ពិភពលោក ។ ទ្រង់បាន​រស់ ហើយ​បាន​សុគត​ដើម្បី​យើង ។ ​តើ​យើងអាច​ថ្វាយ​អ្វីដល់ទ្រង់វិញ ?

ខ្ញុំ​ចូល​ចិត្ត​កំណាព្យ​ដែល​និពន្ធដោយ​កវី​ជនជាតិអង់គ្លេស​ឈ្មោះ គ្រីស្ទីណា រ៉ូសែតធី ៖

តើ​ខ្ញុំ​អាច​ថ្វាយអ្វីដល់​ទ្រង់

បើ​ខ្ញុំ​ក្រ​ឥតអ្វីផ្ទឹម?

បើ​ខ្ញុំ​ជាអ្នក​គង្វាល

ខ្ញុំ​នឹង​ថ្វាយ​ជា​ចៀម ។

បើ​ខ្ញុំ​ជា​ហោរា

ខ្ញុំ​​បំពេញតាមផ្នែក​របស់​ខ្ញុំ

ចុះតើ​ខ្ញុំ​អាច​ថ្វាយអ្វីដល់​ទ្រង់ ?

មានតែ​ដួងចិត្ត​ខ្ញុំប៉ុណ្ណោះ ។ 1

ការអបអរ​របស់​យើង​ចំពោះ​បុណ្យគ្រីស្ទម៉ាស់​ គប្បីជា​ការ​ឆ្លុះបញ្ចាំង​មួយ​ពី​ក្ដីស្រឡាញ់ និង​ក្ដីសប្បុរស​ដែល​ព្រះអម្ចាស់​បាន​បង្រៀន ។ ការ​ផ្ដល់អំណោយ​ឥតសំណង នាំ​ឲ្យ​បុណ្យគ្រីស្ទម៉ាស់​ កាន់តែ​មាន​ភាព​រីករាយ ។ យើង​មាន​ចិត្ត​សប្បុរស​ចំពោះ​គ្នា​ច្រើន​ជាងមុន ។ យើង​ឈោងដៃទៅ​ជួយ​ជន ​ដែល​សោកសៅ​ដោយ​ក្ដីស្រឡាញ់ ។ ចិត្ត​យើង​មាន​ភាពទន់ភ្លន់ ។ យើង​អត់ទោស​ឲ្យ​សត្រូវ នឹក​ចាំពីមិត្តភក្ដិ ហើយ​គោរពតាម​ព្រះ ។ វិញ្ញាណបុណ្យគ្រីស្ទម៉ាស់ បំភ្លឺ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់ ហើយពេលយើង​មើល​ទៅ​ជីវិត​ដ៏​មមាញឹក​ក្នុង​ពិភពលោកនេះ ​យើង​កាន់តែមាន​ការចាប់អារម្មណ៍ទៅលើ​មនុស្ស​ច្រើន​ជាង​វត្ថុ​ទាំងឡាយ ។ ដើម្បី​យល់​ពី​អត្ថន័យ​ពិត​ពី​វិញ្ញាណ​នៃ​​គ្រីស្ទម៉ាស់ យើង​ត្រូវ​លុប​ពាក្យ​ខាង​ក្រោយ​ចេញ ហើយ​វានឹង​ក្លាយ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ។

ប្រធាន ដេវីឌ អូ មិកឃេ បាន​ថ្លែងថា ៖ « សុភមង្គល​ពិត កើត​ចេញ​ពី​ការ​ធ្វើ​ឲ្យ​អ្នកដទៃ​រីករាយ​ប៉ុណ្ណោះ---ជា​ការ​អនុវត្តដ៏សំខាន់​នៃ​គោលលទ្ធិ​របស់​ព្រះអម្ចាស់ ស្ដីពី​ការលះបង់ជីវិត ​ដើម្បី​ទទួល​បាន​វាវិញ ។ និយាយ​ឲ្យ​ខ្លីទៅ វិញ្ញាណ​នៃ​បុណ្យគ្រីស្ទម៉ាស់ ​ជា​វិញ្ញាណ​នៃ​ព្រះគ្រីស្ទ ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ​ក្នុង​ក្ដី​ស្រឡាញ់​ និង​មិត្តភាពជា​បងប្អូន ហើយ​វាបំផុស​យើង​ឲ្យ​ធ្វើ​ការ​បម្រើ​ដោយ​សប្បុរស ។

« វា​ជាវិញ្ញាណ​នៃ​ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាការប្រតិបត្តិ​ដែល​នឹង​នាំមកនូវ ‹ក្ដី​សុខដល់​ផែនដី› ដោយ​សារ​វា​មាន​ន័យ​ថា---សូម​ក្ដីសុខ​ មាន​ដល់មនុស្ស​លោក » ។ 2

សូម​ឲ្យ​យើងធ្វើ​ដូចជា​ព្រះគ្រីស្ទបាន​ធ្វើ ។ ការ​លះបង់ខ្លួន​​ឯង ​ជា​អំណោយ​មួយ​ដ៏​បរិសុទ្ធ ។ យើង​ធ្វើ​ទុក​ជា​ការ​ចងចាំ​មួយ​នូវ​រាល់អ្វី​ ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​ ។ សូម​ឲ្យ​យើង​ផ្ដល់​អំណោយ​ដែលមានតម្លៃ​អស់កល្ប​ រួមនឹង​អំណោយ​ដែល​អាច​បាក់បែក ឬ​បំភ្លេច​ចោល​នៅ​ថ្ងៃ​ណា​មួយ​ផងដែរ ។ តើពិភពលោក​នេះ ប្រសើរឡើង​បែបណាទៅ បើ​យើង​ផ្ដល់​អំណោយ​នៃ​ការ​យល់​ចិត្ត និង​ក្ដីមេត្តា នៃ​ការ​បម្រើ​ និង​មិត្តភាព នៃ​ក្ដីសប្បុរស​ និង​ភាពទន់ភ្លន់​នោះ ។

ខណៈដែលបុណ្យគ្រីស្ទម៉ាស់​នេះ​រុំព័ទ្ធយើង​ដោយ​សិរីទាំងឡាយ សូម​ឲ្យ​យើង​ស្វែងរក​ពន្លឺ​ផ្កាយ​​មួយ ដើម្បី​ដឹកនាំ​ក្នុងការ​អបអរ​ដល់​ការ​ប្រសូត​របស់​ព្រះអម្ចាស់ ដូចជា​ពួកហោរា​ដែរ ។ សូម​ឲ្យ​យើងធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិមដោយ​ព្រះវិញ្ញាណ ដោយ​យក​ទៅ​ជាមួយ​យើង​នូវ​ចិត្តទន់ទាប ហើយ​ខ្វល់ខ្វាយ ជា​អំណោយ​ថ្វាយ​ដល់​ព្រះគ្រីស្ទ ។

បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​ ខ្ញុំ​សង្ឃឹម​ថា​អ្នកគ្រប់គ្នានឹង​មាន​បុណ្យគ្រីស្ទម៉ាស់​ដ៏​រីករាយ ។ នេះ​ជាក្ដីសង្ឃឹម និង​ការអធិស្ឋាន​​ខ្ញុំ ក្នុង​ព្រះនាមពិសិដ្ឋ​នៃ​ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. នៅ​ក្នុង Jack M. Lyon and others, eds., Best-Loved Poems of the LDS People ( ឆ្នាំ 1996 ) ទំព័រ 166–67 ។

  2. ដេវីឌ អូ មិកឃេ Gospel Ideals ( ឆ្នាំ 1953 ) ទំព័រ 551 ។