ចូរកុំខ្លាចឡើយ
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងជួបជុំគ្នានាយប់នេះ ដោយសារតែយើងចែកចាយសេចក្ដីស្រឡាញ់ចំពោះបុណ្យគ្រីស្ទម៉ាស និងរដូវបុណ្យគ្រីស្ទម៉ាស ។ តើមានអ្វីផ្សេងទៀតដែលប្រសើរជាងតន្ត្រីបុណ្យគ្រីស្ទម៉ាសដ៏ពិរោះ ការជួបជុំគ្រួសារ និងមិត្តភក្ដិ ស្នាមញញឹមលើផ្ទៃមុខ និងភាពរីករាយដ៏ក្លៀវក្លារបស់កុមារតូចៗក្នុងពេលបុណ្យគ្រីស្ទម៉ាសនោះ ? គ្រីស្ទម៉ាសមានលទ្ធភាពដ៏ទេវភាពដើម្បីនាំយើងជួបជុំគ្នាជាគ្រួសារ មិត្តភក្ដិ និងសហគមន៍ ។ យើងទន្ទឹងចាំធ្វើការផ្លាស់ប្ដូរអំណោយគ្នា ហើយទទួលទានអាហារនៅថ្ងៃបុណ្យដ៏រីករាយនេះ ។
នៅក្នុង ចម្រៀងបុណ្យគ្រីស្ទម៉ាស ដែលបាននិពន្ធដោយអ្នកនិពន្ធជនជាតិអង់គ្លេសឈ្មោះ ឆាលឡេស ឌីកគិន ជាក្មួយរបស់ ស្ក្រូហ្គ បានរៀបរាប់នូវភាពអស្ចារ្យនៃគ្រាដ៏ពិសិដ្ឋនេះដោយឆ្លុះបញ្ចាំងថា « ខ្ញុំតែងតែគិតអំពីគ្រាបុណ្យគ្រីស្ទម៉ាស ពេលវាជិតមកដល់ ជាពេលដ៏ល្អមួយ ៖ ជាពេលមានចិត្តល្អ អភ័យទោស សប្បុរស និងរីករាយ ៖ ជាពេលតែមួយគត់ដែលខ្ញុំដឹង នៅក្នុងប្រតិទិន ពេលបុរសស្ត្រីហាក់ដូចជាបើកដួងចិត្តរបស់ពួកគេដោយសេរី ហើយគិតអំពី [ អ្នកដទៃ ] ។ …ហើយហេតុដូច្នោះហើយ… ខ្ញុំពុំដែលធ្លាប់ទទួលបានប្រាក់មកពីបុណ្យគ្រីស្ទម៉ាសឡើយ ខ្ញុំជឿថា វាល្អដល់ខ្ញុំ ហើយខ្ញុំនឹងបានល្អ ហើយខ្ញុំនិយាយថា ព្រះប្រទានពរ ! » (A Christmas Carol [ឆ្នាំ ១៨៥៨], ៥–៦) ។
ក្នុងនាមជាឪពុក ឥឡូវជាជីតា ខ្ញុំបាននឹកចាំពីបុណ្យគ្រីស្ទម៉ាសដ៏អស្ចារ្យ ពេលខ្ញុំបានមើលកូនៗរបស់ខ្ញុំ ហើយឥឡូវកូនៗរបស់ពួកគេ ប្រារព្ធអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ហើយរីករាយនឹងជួបជុំគ្នាជាការជួបជុំក្រុមគ្រួសាររបស់យើង ។ ខ្ញុំដឹងច្បាស់ថាអ្នកបានមើលឃើញ ដូចខ្ញុំបានមើលឃើញនូវអំណរ និងចិត្តបរិសុទ្ធដែលកូនៗទន្ទឹងចាំ ហើយរីករាយក្នុងបុណ្យដ៏ពិសេសនេះ ។ ការមើលឃើញអំណររបស់ពួកគេ បានរំឭកដល់យើងម្នាក់ៗអំពីភាពរីករាយនៃបុណ្យគ្រីស្ទម៉ាសដែលបានកន្លងផុតទៅជាច្រើននោះ ។ ឌីកគិន បានសង្កេតម្ដងទៀតថា « វាល្អដើម្បីធ្វើជាកុមារតូចៗពេលខ្លះ ហើយគ្មានអ្វីប្រសើរជាងបុណ្យគ្រីស្ទម៉ាសឡើយ នៅពេលដែលព្រះកុមារផ្ទាល់ គឺជាអង្គបង្កើតដ៏មហិទ្ធិឬទ្ធិ » (A Christmas Carol, ទំព័រ ៦៧) ។
ខ្ញុំបានកើតនៅជិតនឹងរដ្ឋ ឡូស អាន់ជើរឡេស ជាកន្លែងដែលគេហដ្ឋានរបស់យើងត្រូវបានហ៊ុំទ័ព្ធទៅដោយចម្ការក្រូច ។ នៅល្ងាចនៃបុណ្យគ្រីស្ទម៉ាសម្ដងៗ ឪពុកម្ដាយរបស់ខ្ញុំបានអញ្ជើញគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងមកផ្ទះរបស់យើងច្រៀងចម្រៀងបុណ្យគ្រីស្ទម៉ាស ហើយទទួលទានអាហារ ។ វាគឺជាទំនៀមទំលាប់ដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ហើយការច្រៀងហាក់ដូចជាបន្ដទៅយ៉ាងយូរ ។ យើងដែលជាកូនៗនឹងច្រៀងយ៉ាងយូរតាមដែលយើងមានអារម្មណ៍ថាត្រូវច្រៀង បន្ទាប់មកយើងនឹងគេចទៅលេងនៅក្នុងចម្ការក្រូច ។
ភរិយារបស់ខ្ញុំ ខាស៊ី និង ខ្ញុំក៏បានមានគ្រួសាររបស់យើងនៅរដ្ឋកាលីហ្វូញ៉ាភាគខាងត្បូងផងដែរ នៅជិតនឹងឆ្នេរសមុទ្រ ។ គ្រីស្ទម៉ាសនៅទីនោះ ត្រូវបានចាត់ទុកដូចជាដើមដូងដែលរេរាំតាមខ្យល់ជំនោរ ។ ជារៀងរាល់ឆ្នាំ កូនៗរបស់យើងទន្ទឹងចាំចុះទៅកំពង់ផែដើម្បីមើលការបណ្ដែតប្រទីបបុណ្យគ្រីស្ទម៉ាសប្រចាំឆ្នាំ ។ មានប្រទីបស្អាតៗរាប់រយ បំភ្លឺដោយពន្លឺគ្រប់ពណ៌ចម្រុះ បណ្ដែតនៅជុំវិញផែនៅពេលដែលយើងមើលដោយស្ងើចអស្ចារ្យ ។
ឥឡូវ យើងរស់នៅក្នុងទីក្រុងសលត៍ លេក ខាស៊ី និងខ្ញុំបានបង្កើតទំនៀមទំលាប់មួយក្នុងការនាំកូនៗ និងចៅៗរបស់យើងកន្លែងផលិតកម្មក្នុងស្រុកដែលសម្ដែង ចម្រៀងបុណ្យគ្រីស្ទម៉ាសមួយ ។ជារៀងរាល់ឆ្នាំ នៅពេលយើងមើល អ៊ីប៊ែនណេហ្សឺ ស្ក្រូហ្គ ឆ្លងកាត់ការផ្លាស់ប្រែដ៏អស្ចារ្យរបស់គាត់ពីមនុស្សមិនរាប់រកអ្នកដទៃដែលគ្មានចិត្ត មកជាអ្នកជិតខាងដ៏រីករាយម្នាក់ដែលមានពេញដោយក្ដីអំណរបុណ្យគ្រីស្ទម៉ាស នោះយើងមានអារម្មណ៍ថាចង់ផ្លាស់ប្ដូរឥរិយាបទដែលយើងមានដូចជា ស្ក្រូហ្គ នៅក្នុងខ្លួនយើង ។ យើងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើបានល្អប្រសើរបន្ដិច ដើម្បីធ្វើតាមគំរូនៃសេចក្ដីសប្បុរសរបស់ព្រះអង្គសង្គ្រោះចំពោះមនុស្សគ្រប់រូប ។
អារម្មណ៍នៃរដូវបុណ្យគ្រីស្ទម៉ាសដែលធ្វើឲ្យមានការផ្លាស់ប្រែ ត្រូវបានចាក់ឬសនៅក្នុងព្រះចេស្ដាប្រោសលោះនៃព្រះយេស៊ូវគ្រីស្ទដើម្បីផ្លាស់ប្ដូរជីវិតរបស់យើងឲ្យកាន់តែល្អប្រសើរ ។ ដំណើររឿងជាទីស្រឡាញ់នៃការប្រសូតរបស់ព្រះរាជបុត្រានៃព្រះដែលបានកើតឡើងជាងពីរពាន់ឆ្នាំកន្លងទៅនៅក្នុងភូមិបេថ្លេហិម ត្រូវបានកត់ត្រានៅក្នុងគម្ពីរលូកា ៖
« នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី ។ …
« មនុស្សទាំងអស់ក៏ទៅឯស្រុកកំណើតរៀងខ្លួន ដើម្បីចុះបញ្ជី
« ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌ ដែលឈ្មោះថា បេថ្លេហិម …
« ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ
« កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់
« ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។
«រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាលដែលចាំយាមរក្សាហ្វូងចៀមរបស់ខ្លួននៅឯវាលក្នុងវេលាយប់ ។
«នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំង ។
«តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសម្រាប់បណ្តាជនទាំងអស់គ្នា ។
«ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នាក្នុងក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ។
«ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយរុំនឹងសំពត់ផ្តេកនៅក្នុងស្នូក ។
«នោះស្រាប់តែមានពួកពលបរិវារកកកុញស្ថានសួគ៌មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា
« សួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្ស ដែលជាទីគាត់ព្រះហឫទ័យដល់ទ្រង់ » (លូកា ២:១, ៣–១៤) ។
ទេវតាបានដឹងអំពីភាពភ័យខ្លាចរបស់ពួកអ្នកគង្វាល នៅពេលទ្រង់បង្ហាញកាយដល់ពួកគេ ដោយប្រាប់ពួកគេថា « កុំខ្លាចឡើយ » ។ សិរីល្អដ៏អស្ចារ្យរបស់ព្រះ ដែលបានបញ្ចេញរស្មីមកពីសារទូតសួគ៌ាដោយពុំបានរំពឹងទុកនោះ ពិតជាធ្វើឲ្យដួងចិត្តរបស់ពួកគេភ័យខ្លាចណាស់ ។ ប៉ុន្តែដំណឹងល្អដែលទេវតាបាននាំមកចែកចាយនោះ គឺគ្មានអ្វីគួរឲ្យភ័យខ្លាចទេ ។ ទ្រង់បានមកប្រកាសអំពីអព្ភូតហេតុមួយ ដើម្បីនាំដំណឹងល្អដ៏សំខាន់ ប្រាប់ដល់ពួកគេថា ការប្រោសលោះមនុស្សលោកពិតជាបានចាប់ផ្ដើមឡើងហើយ ។ គ្មានសារលិខិតណាផ្សេងទៀតពីមុន ឬបន្ទាប់ពីនោះ នាំមកនូវការស្វាគមន៍ដ៏រីករាយជាងនោះទេ ។ បុត្រសំណព្វតែមួយគត់របស់ព្រះបិតា បានចាប់ផ្ដើមដំណើរជីវិតរមែងស្លាប់របស់ទ្រង់ ៖ « ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ ទាំងនេះ គឺជាដំណឹងល្អដ៏ពិតនៃអំណរដ៏មហិមា ។
យើងម្នាក់ៗជួបនឹងព្រឹត្តការណ៍ជាច្រើនក្នុងជីវិតយើង ពេលអំណរដ៏មហិមាដែលទេវតាបានសន្យា អាចហាក់ដូចជាមិនអាចទទួលយកបាន ។ យើងទាំងអស់គ្នា ស្ថិតនៅក្រោមភាពទន់ខ្សោយ និងការលំបាកនៃជីវិត--ជំងឺ ការបរាជ័យ បញ្ហា ការខកចិត្ត និងទីបំផុត គឺសេចក្ដីស្លាប់ ។ ទន្ទឹមនឹងពេលដែលមនុស្សជាច្រើនត្រូវបានប្រទានពរឲ្យរស់ដោយមានសុវត្ថិភាពខាងរូបកាយ ក៏មានអ្នកផ្សេងទៀតពុំមានសព្វថ្ងៃនេះដែរ ។ មនុស្សជាច្រើនបានជួបនឹងការលំបាកដ៏ធំក្នុងការបំពេញតាមតម្រូវការនៃជីវិត និងរូបកាយ និងសតិអារម្មណ៍ ។
ប៉ុន្តែ មិនថាការលំបាកក្នុងជីវិតមានយ៉ាងណាទេ សារលិខិតរបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗ គឺនៅថ្ងៃនេះដូចគ្នានឹងថ្ងៃដែលពួកអ្នកគង្វាលបានទន្ទឹងចាំមើលកាលពីពីរពាន់ឆ្នាំកន្លងទៅផងដែរ ៖ « ចូរកុំខ្លាចឡើយ » ។ ប្រហែលជាពាក្យបង្គាប់របស់ទេវតាថាកុំខ្លាចឡើយ មានជាប់ទាក់ទងនឹងយើងយ៉ាងខ្លាំងសព្វថ្ងៃនេះ ជាងគ្រាដែលទ្រង់រម្ងាប់ភាពភ័យខ្លាចរបស់ពួកអ្នកគង្វាលនារាត្រីបុណ្យគ្រីស្ទម៉ាសដំបូងនោះ ។ តើទ្រង់អាចនឹងចង់មានន័យប្រាប់យើងឲ្យយល់ថា ដោយសារព្រះអង្គសង្គ្រោះ ទើបភាពភ័យខ្លាចនឹងគ្មានជ័យជំនះផងដែរឬ ? ដើម្បីពង្រឹងដល់យើងថា ចុងបញ្ចប់នៃភាពភ័យខ្លាច គឺពុំត្រូវបានដោះសារឡើយ ? ដើម្បីរំឭកយើងថា គ្មានបញ្ហានៅលើផែនដីណា នឹងមានជារៀងរហូត ដែលគ្មានគ្នាយើងណាម្នាក់ពុំអាចទទួលការប្រោសលោះនោះឡើយ ?
អំណោយដ៏ផ្អែមល្ហែមបំផុតដែលបានប្រទាននៅបុណ្យគ្រីស្ទម៉ាស នឹងជាអំណោយមួយដែលព្រះអង្គសង្គ្រោះផ្ទាល់បានប្រទានដល់យើងជានិច្ចនោះគឺ ៖ ភាពសុខសាន្ដដ៏ឥតខ្ចោះរបស់ទ្រង់ ។ ទ្រង់មានបន្ទូលដូចនេះ ៖ « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ( យ៉ូហាន ១៤:២៧) ។ ទោះបីជានៅក្នុងពិភពលោកមួយដែលភាពសុខសាន្ដហាក់ដូចជានៅដ៏សែនឆ្ងាយក្ដី ក៏អំណោយនៃភាពសុខសាន្ដរបស់ព្រះអង្គសង្គ្រោះ អាចមាននៅក្នុងដួងចិត្តយើង មិនថាស្ថានភាពរបស់យើងជាយ៉ាងណាទេ ។ ប្រសិនបើយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យដើរតាមទ្រង់ នោះភាពភ័យខ្លាចនឹងរលាយបាត់ទៅជារៀងរហូត ។ អនាគតរបស់យើងនឹងមានសុវត្ថិភាព ។ ទាំងនេះជា « ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្ដីអំណរយ៉ាងអស្ចារ្យដែលសម្រាប់បណ្ដាជនទាំងអស់គ្នា » ។ ព្យាការី អេសាយ បានរំឭកយើងថា « កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃឯង ៖ យើងនឹងចម្រើនកម្លាំងដល់ឯង អើ យើងនឹងជួយឯង … យើងនឹងទ្រឯង ដោយដៃស្ដាំដ៏សុចរិតរបស់យើង » ( អេសាយ ៤១:១០ ) ។
ដោយសារតែព្រះអង្គសង្គ្រោះបានប្រសូតមកតាំងពីពីរពាន់ឆ្នាំកន្លងទៅនៅភូមិបេថ្លេហិម ទើបមានក្ដីសង្ឃឹម--អ្វីៗដ៏ច្រើនសន្ធឹកទៀត ។ មានការប្រោសលោះ ការរំដោះ ជ័យជំនះ និងជោគជ័យ ។ « កំហុសនឹងបរាជ័យ ភាពត្រឹមត្រូវនឹងមានជ័យជំនះ » (« I Heard the Bells on Christmas Day, » Hymns, លេខ ២១៤) ។ វាពុំគួរភ្ញាក់ផ្អើលទេ ដែលក្រុមចម្រៀងពួកទេវតាបានលេចមកភ្លាមៗនោះ ជាការគូសបញ្ជាក់ពីស្ថានសួគ៌ដល់ការប្រកាសរបស់ទេវតាអំពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ដោយច្រៀងបទ « សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ » ។ គ្មានសារលិខិតណាដែលអាចមានការអះអាងខ្លាំងជាងនេះទេ ។ គ្មានសារលិខិតណាដែលមាននៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ខ្លាំងជាងនេះទេ ។
សូមឲ្យរដូវនេះជាក្ដីសុខសាន្ដ និងអំណរចំពោះយើងទាំងអស់គ្នា « ដ្បិតនៅថ្ងៃ [នេះ] មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់ [យើង] នៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។