ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស


អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស

តើ​វា​មិនជា​ឯកសិទ្ធិ​អស្ចារ្យ​មួយ​ដើម្បី​រីករាយ​នឹង​រាត្រី​ដ៏​ស្រស់ស្អាត​នេះ​ដើម្បី​នៅក្នុង​វត្តមាន​របស់​ព្យាការី​ជាទីស្រឡាញ់របស់​យើង ប្រធាន ថូម៉ាស  អេស ម៉នសុន ទេឬអី ?

គ្រីស្ទម៉ាស់ គឺជា​រដូវ​ដ៏​កម្រ​បំផុត--ជាពេល​យើង​មើល​អ្នកដទៃ​ដោយ​កែវភ្នែក​ថ្មី ជាពេល​ដែល​យើង​បើក​ដួងចិត្ត​បន្ថែម​ទៀត​ទៅកាន់​ភាពស្រស់ស្អាត​ដែលនៅ​ជុំវិញ​យើង ហើយ​ឈោង​ទៅ​ជួយ​អ្នកដទៃ​ដោយ​សណ្ដានចិត្ត​ល្អ និង​ក្ដីមេត្តាករុណា​កាន់តែ​ច្រើន ។

បើ​យើង​ជា​មជ្ឈិមវ័យ​មាន​​សំណាង នោះ​យើង​អាច​នឹក​ឃើញ​ម្ដង​ម្កាល​ ឬ​គិត​មួយ​សន្ទុះ​ អំពី​​អារម្មណ៍​ជា​​កុមារភាព ។

ជា​គំនិត​ដែល​មាននរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​កំពុង​ធ្វើ​អ្វី​មួយ​ពិសេស​សម្រាប់​យើង--និង​ការរំភើប​ចិត្ត​របស់​យើង​អំពី​រឿង​ពិសេស​ដែល​យើង​រៀប​ចំ​ធ្វើ​សម្រាប់​ពួកគេ--​ធ្វើ​ឲ្យដួងចិត្ត​យើង​កក់​ក្ដៅ ហើយ​បំពេញ​ដោយក្ដី​ស្រឡាញ់ និង​ក្ដីរំភើប​នោះ ។ បន្ថែម​ពី​លើ​ពន្លឺ​ដ៏​ចិញ្ចាច​នេះ ការ​តុបតែង​ដ៏​ស្រស់​ត្រកាល ទិដ្ឋភាពសួគ៌ា​​នៃការ​ប្រសូត​របស់ព្រះគ្រីស្ទ​​ ​ធ្វើ​ឲ្យ​យើង​ពុំ​គួរ​ងឿង​ឆ្ងល់​ទេ​ថា​ហេតុអ្វី​គ្រីស្ទ​ម៉ាស់​គឺ​ជា​ពេល​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ក្នុង​ឆ្នាំ​នោះ ។

ប្រាកដ​ណាស់ មាននូវ​តន្ត្រី ។ គ្មាន​អ្វី​គូស​បញ្ជាក់​អំពី​អត្ថន័យ​ដ៏ជ្រាលជ្រៅ និង​អារម្មណ៍​ទន់​ភ្លន់​នៃរដូវកាល ដូចជា​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់​ទេ ។ ទោះ​ជា​ទំនុក​មានភាព​រីករាយ​ អន្លង់អន្លោច ឬ​អាឡោះ​អាល័យ​ក្ដី តែ​មានអ្វី​មួយ​អំពីបុណ្យ​គ្រីស្ទម៉ាស់​ដែល​បំផុស​ឲ្យមានតន្ត្រី​ដ៏​រុង​រឿង ។ ទំនុក​បុណ្យគ្រីស្ទម៉ាស់​ដ៏​អស្ចារ្យ​ទាំងនេះ បាន​ធ្វើ​ឲ្យ​យើង​រីករាយ ហើយ​រំឭក​យើង​អំពី​មូលហេតុ​សម្រាប់​ការរីករាយរបស់​យើង ។​

ថ្ងៃ​នេះ យើង​មានសំណាង​ដើម្បី​មាន​ឱកាស​ស្ដាប់​តន្ត្រី​សួគ៌ា​ដែលបាន​ប្រគុំ​ឡើង​ដោយ​ ក្រុម​តន្ត្រី​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ និង ក្រុមចម្រៀង​រោង​ឧបោសថ​មរមន ។

តន្ត្រីដែល​​បាន​ប្រគុំ​ឡើង​ដោយ​ក្រុម​នេះ គឺទេវភាព​ណាស់ ដែល​ខ្ញុំ​ចូលចិត្ត​ស្រមៃ​ថា​ ជួនកាល​​ពួកទេវតា​សួគ៌ា យាង​មក​ជួបដើម្បីស្ដាប់ និង​ច្រៀង​ជាមួយ​ក្រុមចម្រៀង​នេះ​ ។

Carol of the Bells ( ចម្រៀង​ជួង )

ក្រុមចម្រៀង​ទើប​បាន​ច្រៀង​បទ​គ្រីស្ទម៉ាស​ដ៏​ពិរោះ​បំផុត​មួយ​ដែល​បាន​និពន្ធ​ឡើង ជាទី​មនោរម្យ គឺបទ « Carol of the Bells » ( ចម្រៀង​ជួង ) ដែល​បាន​សម្ដែង​តំបូង​គេ​នៅក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ១៩២១ ។

ពីដើម​ឡើយ វា​ពុំ​មែនជា​បទ​បុណ្យគ្រីស្ទម៉ាស់​នោះទេ ។ វា​ផ្អែក​ទៅលើ​ទំនៀមទម្លាប់​បុរាណ​នៃ​បទ​ចម្រៀង​ពួក​អ៊ុយក្រេន ដែល​​ត្រូវ​បាន​គេ​ស្គាល់ថា​ជា « ​Shchedryk,» ដែល​ជាញឹកញាប់​បាន​បកប្រែ​ថា « អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស » ។

ក្រុមគ្រួសារ​អ៊ុយក្រេន ធ្លាប់​ច្រៀង​ចម្រៀង​នេះ​នៅ​ពេល​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី ។ បទកាព្យ​ដើម​ប្រាប់​អំពី​សត្វ​ត្រចៀកកាំ​ដែល​ហើរ​ចូល​ក្នុងផ្ទះ​គ្រួសារ​មួយ ហើយ​ប្រផ្នូល​នូវ​សំណាង​ល្អ​ដ៏​អស្ចារ្យ​ដែល​នៅ​រង់ចាំ​ពួកគេ​នៅក្នុង​ឆ្នាំ​ខាង​មុខ ។ 1

ខ្ញុំ​ចូលចិត្ត​មនោសញ្ចេតនា​នៃ​រឿង​នោះ ។

ខ្ញុំ​ស្រឡាញ់​សារលិខិត​នៃ​ក្ដីសង្ឃឹម និង​សុទិដ្ឋិនិយម​របស់​វា ។

តើ​នោះ​ពុំ​មែនជា​សារលិខិត​នៃ​បុណ្យគ្រីស្ទម៉ាស់​ទេ​ឬអី ? ទោះជា​ពេល​ដែល​ពិភពលោក​អាច​នឹងមានភាព​​ងងឹត​ខ្លាំង—ជា​ពេល​ដែល​អ្វីៗ​មិន​ដំណើរ​ការ​បានល្អ ជា​ពេល​ដែល​ដួងចិត្ត​របស់​យើង​មានពេញ​ដោយការ​ខកចិត្ត និងក្ដីបារម្ភ នៅ​កណ្ដាល​ភាព​សោកសៅ និង​ក្រៀមក្រំក្ដី --​យើង​​ច្រៀង​អំពី « អំណរ​ដល់លោក » និង « នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ »2 ដោយ​សារ​ព្រះគ្រីស្ទ ដែល​បាន​យាង​មក « បានបំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត » ។3

ជាពេល​នៃ​សេចក្ដី​សប្បុរស

វា​ត្រឹមត្រូវ​ខ្លាំង​ណាស់ ដែល​បទចម្រៀង​បុណ្យគ្រីស្ទ​ម៉ាស​ជា​ទីស្រឡាញ់​​ដែល​យើង​ទើប​ស្ដាប់​ គឺ​មានចំណង​ជើង​ដើម​ថា « អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស » ។ គ្រីស្ទម៉ាស​គឺ​ជា​ពេល​នៃ​សេចក្ដីសប្បុរស ។

យើង​ពេល​ខ្លះ​បានចំណាយពេល​រាប់ម៉ោង​ស្វែងរក​​អំណោយ​ដ៏​ឥតខ្ចោះ​ដើម្បី​ផ្ដល់​ទៅ​ឲ្យ​មិត្តភក្ដិ និង​ក្រុមគ្រួសារ​របស់​យើង ពេល​ដែល​បាន​បំផុស​គំនិត​ដោយ​អារម្មណ៍នោះ ។ យើង​ព្យាយាម​ស្វែងរក​របៀប​ធ្វើ​ឲ្យ​កាន់តែ​មាន​ប្រយោជន៍ និង​ប្រកប​ដោយ​ក្ដី​រីករាយ ។ យើង​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ចំណាយពេល​ច្រើន​បន្ថែម​ទៀត​នៅជាមួយ​នឹង​អ្នកទាំងឡាយ​ដែល​យើង​ស្រឡាញ់ ។ យើង​បាន​ដឹង​ពី​អ្នកដែល​កំពុងខ្វះខាត​​ច្រើនជាង​មុន ហើយជា​ញឹកញាប់​យើងកាន់តែ​​ខិតខំ​ដើម្បីជួយ​ពួកគេ​ដោយ​ចិត្ត​សប្បុរស ។ អ្វីៗ​ទាំងអស់នេះ គឺជា​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​យើង ប៉ុន្តែ​ជា​សំឡេង​រំពង​ដោយស្មោះ​អំពី​សេចក្ដីសប្បុរស​របស់ព្រះអង្គសង្គ្រោះ​យើង ដែល​យើង​ព្យាយាម​ថ្វាយ​ព្រះ​កិត្តិយស​ដល់ការ​ប្រសូត​របស់ទ្រង់ ។

ប៉ុន្ដែ​យើងទាំង​អស់គ្នា​ដឹង​ថា អារម្មណ៍​​ដែល​ទាក់ទង​នឹង​បុណ្យគ្រីស្ទម៉ាស់ អាច​ត្រូវ​បាន​បិទបាំង​ ហើយ​បាត់​បង់ ដោយ​សារ​តែ​ការ​ខ្វាយ​ខ្វល់​​ក្នុងការ​ដើរ​ទិញ​ឥវ៉ាន់ ការ​ចំណាយប្រាក់ កាលវិភាគ​ដ៏រវល់​ជាច្រើនទៀត ។

ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​បដិសេធ​កម្មវិធី​ដែល​ជាប់ទាក់ទង​នឹង​បុណ្យគ្រីស្ទម៉ាស់​ទេ ដោយ​សារ​តែ​មានសកម្មភាព​មួយចំនួន​គឺជា​អានុស្សារីយ៍​ដ៏​មានតម្លៃ​របស់​ខ្ញុំ​អំពី​បុណ្យគ្រីស្ទម៉ាស់ ដូចជា​ការ​ប្ដូរ​កាដូរ​គ្នា ការ​ដើរ​វង្វេង​នៅក្នុង​ហ្វូង​មនុស្ស​ដ៏ច្រើន និង​ការ​ចូលរួមព្រឹត្តការណ៍​រីករាយ​​ទាំងតូច និងធំ ដែល​នាំ​មនុស្ស​ឲ្យ​មក​ជួបជុំ​គ្នា​នៅ​ក្នុងពេល​នេះ​ ។

បាទ មានមូលហេតុ​ជាច្រើន​ដើម្បីរីករាយ​នឹង​រឿង​ទាំងនេះ ។ ប៉ុន្តែប្រាកដ​ណាស់ ​​នៅមាន​យ៉ាង​ច្រើន​ថែមទៀត ។

ហេតុដូច្នោះ​ហើយ ខ្ញុំ​សូមអញ្ជើញ​យើង​ម្នាក់ៗ​ឲ្យរកគ្រា​ស្ងប់ស្ងាត់​ក្នុងព្រលឹង​​របស់​យើង​មួយ ដើម្បី​ទទួលស្គាល់ និង​ថ្វាយ​នូវ​ការ​ដឹងគុណ​ដោយអស់ពីចិត្ត​​ទៅ​ដល់ « អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស » នៅអំឡុង​រដូវ​បុណ្យគ្រីស្ទម៉ាស់​នេះ ។

ចូរ​​យើង​ពិចារណា​អំពី​ក្ដីមេត្តា​ និង​ព្រះគុណ​​ជាទីស្រឡាញ់ និង​គ្មាន​កំណត់​របស់​ព្រះវរបិតាសួគ៌​យើង ។

នៅពេល​យើង​ដើរ​ទិញ​អំណោយ--​នៅពេល​យើង​ផ្ដល់ ហើយ​ទទួល​អំណោយ--​សូម​ឲ្យ​យើង​ចំណាយពេល​សញ្ជឹងគិត​ដោយ​ស្ងាត់ស្ងៀម​អំពី​អំណោយ​ដ៏​សន្ធឹក​ដែលព្រះ​បាន​ចាក់​ស្រោច​មកលើ​យើង ដែលជា​កូនចៅ​របស់ទ្រង់ ។

អំណោយ​នៃ​ការ​ដឹងគុណ

ខ្ញុំ​គិត​ថា​វា​ជា​ធម្មជាតិ​មនុស្ស​ដែល​មិន​សូវ​ឲ្យ​តម្លៃ​--​ទោះជា​រឿងដែល​មាន​តម្លៃខ្លាំង​ក្ដី ។ នេះគឺជា​មេរៀនមួយ ដែល​យើងរៀនមកពី​រឿង​មនុស្ស​ឃ្លង់​ដប់នាក់​​នៅជំនាន់​របស់ព្រះយេស៊ូវ ។ ដែល​ត្រូវ​បាន​រងទុក្ខ​​ដោយ​ជំងឺ​ដ៏​ភ័យ​រន្ធត់ ដែល​បំបែក​ពួកគេ​ចេញ​ពីមិត្តភក្ដិ គ្រួសារ និង​ជីវិត​ផ្ទាល់ ដែល​មនុស្ស​ឃ្លង់​រងទុក្ខ​ទាំងនេះ​បាន​ទូលអង្វរ​សុំ​ការ​ព្យាបាល​មកពីព្រះរាជបុត្រា​នៃ​ព្រះ ។

ដូច​អ្នកបាន​ដឹង​ហើយ បន្ទាប់ពី​អព្ភូតហេតុ​ដ៏រុងរឿងនេះ មនុស្ស​ឃ្លង់​ប្រាំបួន​នាក់​បាន​ចេញ​ទៅ​ដោយ​រីករាយ​នឹង​សំណាង​ល្អ​របស់ពួកគេ ។

មាន​តែ​មួយគត់​ប៉ុណ្ណោះ​ត្រឡប់មក​វិញ ។

ម្នាក់​ក្នុង​ចំណោម​ដប់នាក់ បាន​ចំណាយពេល​មក​​បង្ហាញ​​នូវការ​ដឹងគុណ ។ មាន​តែ​ម្នាក់​ក្នុង​ចំណោម​ដប់នាក់ « កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរដំកើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង គាត់​ទំលាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះបាទ​ព្រះយេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ទ្រង់​ផង » ។

ការបង្ហាញ​​​នូវ​ការ​ដឹងគុណ​ដ៏​បរិសុទ្ធ​ដោយ​រាបសារ​ដូច្នេះ ហាក់ដូចជា​មាន​ដោយ​កម្រ​នៅសព្វ​ថ្ងៃ​នេះ ដូច​​នៅ​ក្នុង​រឿង​នេះដែរ ។​ ប៉ុន្តែ​​នៅពេល​ពួកគេ​បានធ្វើ​ដូច្នោះ ពួកគេ​បាន​ប៉ះ​ដល់ដួងចិត្ត​យើង ហើយ​បំផុសគំនិត​យើង​ឲ្យ​រាប់​នូវពរជ័យ​របស់​យើង ។

គំរូ​មួយ​ដែល​ខ្ញុំបាន​រៀន​​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​អាហ្វ្រិក ។ ដោយសារ​តែ​ពិការភាព បុរស​នេះ​ពុំ​អាច​ដើរ​បានឡើយ ។ គាត់​ត្រូវ​បង្ខំ​​ឲ្យ​ចំណាយ​ពេល​របស់​គាត់ភាគច្រើន​នៅក្នុង​ផ្ទះ​របស់​ឪពុក​ម្ដាយ​គាត់ ។ គាត់​ពុំ​អាច​ធ្វើការ​បាន គាត់​ពុំ​អាច​ចេញទៅ​ក្រៅ​ជាមួយ​មិត្តភក្ដិ​បាន គាត់​មិនអាច​ធ្វើ​អ្វី សូម្បី​តែ​រឿង​សាមញ្ញ​ៗ​ដែល​យើង​មិនឲ្យ​តម្លៃ​ប៉ុន្មាន​ទេ​នោះ។

បន្ទាប់មក​គាត់​បាន​ស្ដាប់​ឮ​អ្វីមួយ​ដ៏អស្ចារ្យ ! សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​កំពុង​នាំ​​រទេះ​រុញ​មក​ក្នុងព្រឹត្តការណ៍​មួយ​ដែល​នៅ​មិន​ឆ្ងាយពី​ផ្ទះគាត់ ។

គាត់​បាន​សុំ​ឲ្យ​មិត្ត​ម្នាក់​នាំ​គាត់​ទៅ​ក្នុងព្រឹត្តការណ៍​នោះ នៅទីនោះ​គាត់​បាន​មើល​​ឃើញ​បុរស ស្ត្រី និង​កុមារ​ពិការ​ជាច្រើន​នាក់ ត្រូវបាន​លើក​ឡើង​ជិះរទេះ​រុញ​ថ្មី​ស្រឡាង ។

អូ៎ គាត់​ចង់​អង្គុយនៅលើ​រទេះ​រុញ​មួយ​ណាស់ ! វា​នឹង​ផ្លាស់ប្ដូរជីវិត​របស់គាត់​មួយ​រយៈ​ បើគាត់​អាច​ជិះ​រទេះ​រុញ​នោះ ដោយ​ប្រើ​កម្លាំង​គាត់​ផ្ទាល់នោះ !

គាត់​បាន​រង់ចាំ​នៅ​ក្នុងជួរ ដែល​ទីបំផុត ដល់វេន​របស់គាត់ ។

បុរស​ពីរនាក់​បាន​លើក​គាត់​ឡើង​ដាក់លើរទេះ​រុញ នោះ​ជា​ពេល​ដំបូង​ក្នុងជីវិត​របស់គាត់ ដែលគាត់​អាច​ធ្វើចលនា !

ដំបូងឡើយ គាត់បាន​ធ្វើចលនា​ដោយ​ស្ទាក់ស្ទើរ​បន្ដិច ។ ប៉ុន្តែ​នៅពេល​គាត់​ស៊ាំ​នឹង​រទេះរុញ​នោះ គាត់ទៅ​​កាន់តែ​លឿន ។

គាត់​បាន​បត់ បង្វិល​ជុំវិញ ហើយ​បង្កើត​ល្បឿន ។ គាត់​បាន​លើក​ដៃ​ទាំង​ពីរ​ឡើង​បក់ដៃ​ទៅ​មិត្ត​របស់គាត់​ ពេល​គាត់​បាន​ទៅលឿន​ហួស​មិត្ត​នោះ ។

គាត់​បានទៅលឿន​ដូចហោះ!

ទឹក​មុខ​របស់គាត់​បង្ហាញ​នូវ​​អំណរ ។

ទោះជា​យ៉ាង​ណា​ក៏ដោយ បន្ទាប់ពី​មួយ​សន្ទុះ​មក គាត់​បាន​ជិះ​រទេះ​នោះ​ទៅ​កន្លែង​ដែល​គាត់​បាន​ទទួល​វា ដោយ​មានទឹក​មុខ​សោកសៅ​នៅ​ស្ងៀម​​ដូចគាត់​មាន​ពេល​ត្រៀម​ខ្លួន​មក​ទទួល​រទេះ​នេះ ។

មិត្ត​របស់គាត់​បាន​សួរ​ថា « តើ​មានរឿង​អី​ហ្នឹង ? »

បុរស​នោះ​ញញឹម ហើយ​ញាក់ស្មា ។ គាត់​និយាយ​ថា « ឥឡូវ​ដល់វេន​អ្នកថ្មី​ហើយ » ។

អ្នកផ្សព្វផ្សាយសាសនា​ខាង​ផ្នែក​​សប្បុរសធម៌​របស់សាសនាចក្រ បាន​លុត​ជង្គង់​ចុះ​នៅជិត​គាត់ ហើយ​និយាយ​ថា « រទេះ​រុញ​នេះ​ជា​របស់​អ្នក​ហើយ » ។

បុរស​នោះ​ពុំ​ជឿទេ ។ គាត់បាន​គិត​ស្មាន​ថា ព្រឹត្តការណ៍​នេះ​គឺ​គ្រាន់តែ​សម្រាប់​បង្ហាញ​ការ​ជិះ​រទេះ​រុញ​មាន​អារម្មណ៍​យ៉ាងណា​​ប៉ុណ្ណោះ ។

គាត់បាន​សួរ​ថា « វាពិតជា​របស់​ខ្ញុំ​មែនឬ ? »

« បាទ » ។

« ប៉ុន្តែ​ខ្ញុំ​គ្មាន​ប្រាក់​ទេ » ។

« វា​ជា​របស់​អ្នក ។ វាជា​អំណោយមួយមកពី​មនុស្ស​ដែល​ស្រឡាញ់​អ្នក » ។

នៅពេល​គាត់​បានដឹង​ពិត​ប្រាកដ​អំពី​អ្វី​ដែល​បានកើត​ឡើង បុរស​រាបសារ​រូបនេះ បាន​មើល​ទៅ​មិត្ត​របស់គាត់ ។

គាត់​បាន​ក្រឡេក​មើល​ទៅ​អ្នក​ផ្សព្វផ្សាយសាសនា ។

គាត់​បាន​ព្យាយាម​ទប់ទឹកភ្នែក ប៉ុន្តែ​ទប់​មិន​បាន​សោះ ។ ហើយពេល​គាត់​យំ គាត់​បាន​សើច​ដោយ​អំណរចេញពី​ចិត្ត​គាត់ទាំងស្រុង ។

មិត្ត​របស់គាត់ និង​អ្នក​ផ្សព្វផ្សាយសាសនា​បាន​យំ​ជាមួយគាត់ ។

គាត់​បាន​និយាយ​ខ្សឹបៗថា « អរគុណ » ។

គាត់​បាន​ឱប​ពួកគេ​ទាំងពីរ​នាក់ បាន​​អង្គុយ​នៅលើ​រទេះ​គាត់ រួច​ហើយ​គាត់​បានស្រែក​ « ហូ៎ៗ! » ហើយ​ក៏​​​បរ​រទេះ​ចេញ​ទៅ​ដោយ​ស្នាមញញឹម​ដ៏​ធំ ។

គាត់​បាន​ស្រែក​ថា « ខ្ញុំ​អាច​ហោះ​ហើរ​បានហើយ! » នៅពេល​គាត់​ជិះ​រទេះ​រុញ​ទៅ​មក​នៅលើ​ផ្លូវ​ ។

បុរស​នេះ​យល់​អំពី​ការ​ដឹងគុណ ។

ព្រះគុណ​របស់ព្រះ

តើ​យើងធ្លាប់មាន​អារម្មណ៍​អំណរគុណ​ដោយ​បរិសុទ្ធ និង​ឥតព្រំដែន​ដូច្នេះ​ទេ ? អំឡុង​រដូវ​បុណ្យគ្រីស្ទម៉ាស់​នេះ និង​នៅ​ពេញ​មួយឆ្នាំ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​នឹង​ចងចាំ​អំពី អង្គ​ដ៏​ប្រកប​ដោយសេចក្ដី​​សប្បុរស​នោះ--​ដែលជាព្រះ​របស់យើង ព្រះបិតា​យើង អ្នកគង្វាល និង​អ្នកប្រឹក្សា​​ជា​ទីស្រឡាញ់​​របស់​យើង ។

ត្បិត​ទ្រង់​គឺជា​អ្នក​ប្រទាន​អំណោយ !

ទ្រង់​គឺ​ជា​​អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស

បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ។ តែ​ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​អំណោយ​ដ៏​មានតម្លៃ និង​វិសេស​បំផុត ដែល​ហួស​ពីលទ្ធភាព​របស់​យើង​យល់​ដឹង ហើយ​នឹក​ដល់​ឲ្យ​បាន​ពេញលេញ​ណាស់ ។ ទ្រង់​ប្រទាន​ដល់​យើង ៖

  • ភាព​សុខសាន្ដ ។

  • អំណរ ។

  • ភាព​​បរិបូរ ។

  • ការការពារ ។

  • ការ​ទំនុកបម្រុង ។

  • ចិត្ត​មេត្តា ។

  • សេចក្តី​សង្ឃឹម ។

  • ទំនុកចិត្ត ។

  • សេចក្ដី​ស្រឡាញ់ ។

  • សេចក្ដីសង្គ្រោះ ។

  • ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រដូវ​បុណ្យគ្រីស្ទម៉ាស់នេះ យើង​ប្រារព្ធ​​ដល់​អំណោយ​ដ៏​វិសេស​បំផុត​លើ​អស់ទាំង​អំណោយ ជា​អង្គ​ដែល​ធ្វើ​ឲ្យ​កើត​មាន​អំណោយ​ផ្សេង​ៗ​ទៀត --​ជា​កំណើត​នៃ​ព្រះឱរស​នៅ​ភូមិ​បេថ្លេហិម ។ ដោយសារ​ទ្រង់​« ផ្នូរ​គ្មាន​ជ័យ​ជំនះ​លើ​ឡើយ ហើយ​ទ្រនិច​នៃ​សេច​ក្តីស្លាប់ ត្រូវ​បាន​លេប​​បាត់​នៅក្នុ​ង​ព្រះ​គ្រីស្ទ ។ ទ្រង់​ជា​ពន្លឺ ហើយជា​ជីវិត​នៃ​ពិភពលោក មែនហើយ ជា​ពន្លឺ​មួយ​ដែល​មិនចេះ​ចប់​មិនចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បានឡើយ » ។

ខ្ញុំ​ថ្វាយ​អំណរគុណ​ដល់ព្រះ​ដោយអំណរ​ចំពោះ​​សេចក្ដីសប្បុរស​របស់ទ្រង់ ។

ទ្រង់​សង្គ្រោះ​យើង​ពីភាព​ឯកោ ភាព​ទទេស្អាត និងភាព​មិន​សក្ដិសម ។

ទ្រង់​បើក​ភ្នែក​ និង​​បើក​ត្រចៀក​យើង ។ ទ្រង់​បាន​ផ្លាស់​ភាព​ងងឹត​ទៅជា​ពន្លឺ ភាពសោកសៅ​ទៅ​ជាក្ដី​សង្ឃឹម​ ហើយភាព​ឯកោ​ទៅ​ជា​ក្ដីស្រឡាញ់ ។

ទ្រង់​រំដោះ​យើង​ពី​សេវកភាព​ និង​ភាព​អត្មានិយម​ពីអតីតកាល ហើយ​បើក​ផ្លូវ​ទៅកាន់​បច្ចុប្បន្នភាព​ដែល​មានគោលបំណង និង​អនាគត​ពេញលេញ​ ។

នេះ​គឺជា​ទ្រង់​ដែល​យើង​ថ្វាយបង្គំ ។

នេះ​គឺជា​ព្រះ​របស់​យើង ។

ទ្រង់​គឺ​ជា​​អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស ។

នេះ​គឺជា​ទ្រង់​ដែល​ស្រឡាញ់​កូន​ចៅ​របស់ទ្រង់​ទាំងស្រុង ហើយ​បាន​ប្រគល់​បុត្រា​សំណព្វ​តែ​មួយគត់ ​ដើម្បី​អ្នក​ទាំងឡាយ​ណា​ដែល​ដើរ​តាម​​ទ្រង់​នឹង​ពុំ​ត្រូវ​វិនាស​ឡើយ តែ​មានជីវិត​ដ៏នៅ​អស់កល្បជានិច្ច​វិញ ។

ដោយសារ​តែ​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ នោះ​យើង​មិន​ចាំបាច់​មាន​អារម្មណ៍​ដូចជា​មនុស្ស​ចម្លែកទៀត​​ឡើយ ។ យើង​នឹង​រស់ឡើងវិញ​ជាមួយ​នឹង​មនុស្ស​សុចរិត នៅពេល​ទ្រង់​យាង​ត្រឡប់មកវិញ ! ហើយ​ដោយ​សារ​តែ​ជីវិត​ដ៏ឥតខ្ចោះ​ និង​ពលិកម្ម​ដ៏​អស់កល្បជានិច្ច​របស់​ទ្រង់ នោះ​ថ្ងៃ​មួយ​យើង​អាច​ឈរ​ជាមួយ​នឹង​ពួក​ទេវតា​សួគ៌ា ហើយ​ទទួល​ជាមួយ​ពួកគេ​នូវ​អំណោយ​​ដ៏អស់កល្បជានិច្ច ។

នៅ​រដូវ​បុណ្យគ្រីស្ទម៉ាស់​នេះ សូម​ឲ្យ​យើង​ចងចាំ​អំពី​ព្រះវរបិតាសួគ៌​ដ៏​សប្បុរស ហើយ​ផ្ដល់នូវ​ការ​អរគុណ​ដោយ​ស្មោះ និង​អស់ពីចិត្ត​ដល់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​របស់​យើង ដែល​បាន​ប្រទាន​​ស្លាប​ដល់​កូនចៅ​របស់ទ្រង់​ទាំងអស់​​ដើម្បី​ហោះហើរ​បាននោះ​។ នេះ​គឺជា​ការ​អធិស្ឋាន​ដោយ​រាបសារ​ និង​ដោយ​ស្មោះ​​​ និង​ពរជ័យ​ដោយ​ស្មោះ​របស់ខ្ញុំចំពោះ​មនុស្ស​ទាំងអស់​ ​នៅ​ក្នុង​ពេល​បុណ្យគ្រីស្ទម៉ាស់​នេះ និង​ជា​រៀងរហូត​តទៅ នៅក្នុង​ព្រះនាម​​នៃ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​​ចំណាំ

  1. សូមមើល «‹ Carol of the Bells › Wasn’t Originally a Christmas Song, » Science Blog, ខែ ធ្នូ ឆ្នាំ ២០០៤, www3.scienceblog.com/ community/older/2004/7/20046906.shtml; see also Olena Korchova, « Carol of the Bells: Back to the Origins, » The Ukrainian Week, ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១២, ukrainianweek.com.

  2. លូកា ១:១៤

  3. លូកា ១:៧៩ ។

  4. សូមមើល លូកា ១៧:១១-១៩

  5. សូម​មើល ម៉ាថាយ ៧:៩

  6. ម៉ូសាយ ១៦:៨-៩ ។

  7. សូម​មើលយ៉ូហាន ៣:១៦

  8. សូមមើល « ចូរ​យើង​អរសប្បាយ » ទំនុក​តម្កើង, លេខ ៣ ។ ទោះ​ជា​វា​ពុំ​មែនជា​ទំនុក​តម្កើង​បុណ្យគ្រីស្ទ​ម៉ាស់​ក្ដី បទ « ចូរ​យើង​អរសប្បាយ » មាន​រៀបរាប់​ពីពរជ័យ​មួយចំនួន​​ដែល​បាន​សន្យា​ដល់​យើង​ដោយ​អង្គ​ដ៏​ប្រកប​ដោយ​សេចក្ដីសប្បុរស ដែល​ហាក់ដូចជា​សក្ដិសម​ដើម្បី​ចងចាំ​នៅ​ក្នុង​គ្រា​នេះ ៖

    « ចូរ​យើង​អរសប្បាយ​នៅថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ​​ ។

    យើង​ពុំ​ដើរ​ដូចជា​មនុស្ស​ចម្លែក​ទៀត​ឡើយ ។

    ដំណឹងល្អ​នឹង​ប្រកាស​ប្រាប់​យើង​នឹង​អស់ទាំង​លោក​ហើយ

    បន្ដិច​ទៀត​ម៉ោង​នៃ​ការ​ប្រោសលោះ​នឹង​មក​ដល់

    កាល​គ្រប់អ្វីៗ​ដែល​សន្យា​នឹង​បាន​មក​ដល់​ពួក​យើង​

    ហើយ​ពី​ព្រឹក​ដល់​យប់​គ្មាន​នរណា​ធ្វើ​ទុក្ខ​ឡើយ

    ហើយ​ផែនដី​នឹង​ឃើញ​ថា​ល្អ​ដូចជា​សួន​អេដែន

    ព្រះយេស៊ូវ​ប្រាប់​ ‹ មកវិញ ​ ឱ!​អ៊ីស្រាអែល​អើយ › ។

    « យើង​នឹង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក មិន​បែក​បាក់ឡើយ

    តែ​ឈប់​ធ្វើ​អាក្រក់ ហើយ​រួប​រួម​ចិត្ត​តែ​មួយ

    ហើយកាល​មនុស្ស​អាក្រក់​កំពុង​តែ​ភិត​ភ័យ​ញ័រ

    យើង​នឹង​រង់​ចាំ​ដល់​ថ្ងៃ​ដែលព្រះសង្គ្រោះ​នឹង​មក

    កាល​គ្រប់អ្វី​ដែល​សន្យា​នឹង​បាន​មក​ដល់​ពួក​យើង​ហើយ

    ពីព្រឹក​ដល់​យប់​គ្មាន​នរណា​ធ្វើ​ទុក្ខ​ឡើយ

    ហើយ​ផែនដី​នឹង​ឃើញ​ថា ល្អ​ដូចជា​សួន​អេដែន

    ព្រះយេស៊ូវ​ប្រាប់​ ‹ មកវិញ ​ ឱ!​អ៊ីស្រាអែល​អើយ › ។

    « យើង​ទុក​ចិត្ត​លើ​ព្រះហត្ថា​នៃ​ព្រះយេហូវ៉ា

    ឲ្យ​នាំ​យើង​ឆ្លង​កាត់​ក្រា​ងងឹត​ដ៏​លំបាក

    ហើយ​ក្រោយពីការ​រងទុក្ខ​ និង​ការ​ច្រូតកាត់​រួច​ហើយ

    យើង​ក្រោក​នឹង​ពួក​ស្មោះត្រង់​កាលព្រះសង្គ្រោះ​យាងមក

    កាល​គ្រប់អ្វី​ដែល​សន្យា​នឹង​បាន​មក​ដល់​ពួក​យើង​ហើយ

    ហើយ​ពួកគេ​​នឹង​បាន​លើក​ឡើង​ជា​មួយ​ពួកទេវតា

    ហើយ​ផែនដី​នឹង​ឃើញ​ថា ល្អ​ដូចជា​សួន​អេដែន

    ព្រះគ្រីស្ទ ​ហើយ​រាស្ត្រ​ទ្រង់​នឹង​រួបរួម​គ្នា​តែ​មួយ » ។​