ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ចូរយើងមក​សរសើរ​ថ្វាយទ្រង់-និង​ផែនការ !


ចូរយើងមក​សរសើរ​ថ្វាយទ្រង់-និង​ផែនការ !

ក៏ដូចជា​បងប្អូន​ជាច្រើន​ដែរ ស្វាមី​ជាទីស្រឡាញ់​របស់ខ្ញុំ និង​ខ្ញុំ​ស្រឡាញ់​តន្ត្រី​បុណ្យគ្រីស្ទម៉ាស​ដ៏ពិសិដ្ឋ​អស់ពីដួងចិត្ត ។ ប្រសិន​បើ​យើង​ធ្វើ​បញ្ជី​នៃ​បទដែលយើង​ពេញចិត្ត បទដែល​នៅជិត​នឹង​បទពិសេសជាងគេ​ នោះ​នឹង​ជា​បទ « ចូរ​មក​ពួក​អ្នក​ស្មោះត្រង់ » ។ ទំនុក​បទ​ដ៏ « រីករាយ » និង « សែន​សប្បាយ » នេះ​បក់ដៃ​ហៅ​យើង​ឲ្យ​ « ទៅ » « ឲ្យ​មើល » និង « សរសើរ » ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ—« ស្តេច​នៃ​ពួក​ទេវតា » ។ ខ្ញុំ​ដឹង​ច្បាស់​​ថា កាល​នៅ​​ជា​វិញ្ញាណក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី យើង​​រៀន​ពី​ផែនការ​សង្គ្រោះ យើង​មិន​គ្រាន់តែ​បាន​ឃើញ និង សរសើរ​​ទ្រង់​ឡើយ ប៉ុន្តែ​ក៏​បាន​ស្រែក​ដោយ​អំណរ នៅពេល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ ហើយ​ថ្វាយ​ព្រះអង្គ​ទ្រង់​យ៉ាង​រាបទាប​ធ្វើ​ជា​អង្គ​សង្គ្រោះ​របស់​យើងនោះ​ ។ ក្នុង​ព្រះបន្ទូល​៥​ម៉ាត់​​ដ៏​មាន​ន័យ​បំផុត​ ដែល​ទ្រង់​មាន​បន្ទូលយ៉ាង​រាបសា​គឺ​ថា « ទូលបង្គំ​នេះ​ទី​នេះ​ហើយ សូម​បញ្ជូន​​​ទូលបង្គំ​ចុះ »

ព្រមជាមួយ​នឹង​​សាវក​ពេត្រុស ប្រធាន ម៉នសុន បាន​​ដាស់តឿន​យើងជា​ញឹកញាប់​​​ឲ្យ « ប្រុង​ប្រៀប​ជានិច្ច … ដោយ​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​[ យើង ]​ រាល់​គ្នា » ។ នៅពេល​ខ្ញុំ​ចែកចាយ​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន ខ្ញុំ​សង្ឃឹម​ថា​អ្នក​អាច​ឃើញ ហេតុផល ដែល​ខ្ញុំ​មាន​សង្ឃឹម​លើ​ព្រះអង្គ​សង្គ្រោះ លើ « ព្រះ [ ជា​ព្រះវរបិតា​អស់កល្ប​ជានិច្ច ដែល ] ស្រឡាញ់​មនុស្ស​លោក​យ៉ាង​ខ្លាំង ដែល​ទ្រង់​បាន​ប្រទាន​​​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ » និង​ទៅលើ​​ផែនការ​នៃ​សុភមង្គល​ដ៏​ឥតខ្ចោះ និង រុងរឿង​របស់​ព្រះវរបិតា ។

អនុស្សាវរីយ៍​បុណ្យគ្រីស្ទម៉ាស់​ទី​មួយ

កាល​ខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ ក្រុមគ្រួសារ​របស់​យើង​រស់នៅ ប្រទេស​នូវែល សេឡង់ ។ ឪពុក​របស់​ខ្ញុំជាយុវជន​ក្នុង​វ័យ ៣០ ឆ្នាំ ពេល​គាត់​ត្រូវបានហៅ​ឲ្យ​បម្រើ​​ជាប្រធាន​បេសកកម្ម ។

បុណ្យ​គ្រីស្ទម៉ាស់​បាន​ចូល​មក​ដល់ បងប្អូន​ប្រាំ​នាក់​របស់​ខ្ញុំ​ និង​ខ្ញុំ កំពុង​ព្យាយាម​ស៊ាំ​​នឹងផ្ទះ​ថ្មី​របស់​យើង ដែល​នៅឆ្ងាយ​ពី​ផ្ទះ​ចាស់ ។ វា​ជា​ឧបសគ្គ​មួយ​សម្រាប់​ខ្ញុំ— ដែល​ជា​យុវវ័យ​ពុំ​ទាន់​ដឹងក្ដី— ដែលត្រូវឃ្លាត​ឆ្ងាយ​ពីផ្ទះ មិត្តភក្តិ និង ក្រុម​គ្រួសារ ។ ខ្ញុំ​ព្រួយ​បារម្ភ ​នឹក​រលឹក​ទស្សនីយភាព​ដែល​ធ្លាប់​ឃើញ សំឡេង និង ពិធីអប​អរ​សារទ​នៃបុណ្យ​គ្រីស្ទម៉ាស់— តន្រ្តី ភ្លើងលម្អ ដើម​គ្រីស្ទម៉ាស់ ព្រិល និង ជាពិសេស​ក្រុមគ្រួសារ ។ ខ្ញុំ​នឹកដល់​​បងប្អូន​ជីដូនមួយ និង មីង ពូ ជាទីស្រឡាញ់ ដែល​ខ្ញុំ​ដឹង​ថា​ មិនយូរ​ប៉ុន្មាន​ ពួកគេ​នឹង​ជួបជុំគ្នា​នៅ​ផ្ទះ​លោកតា ឃែរ នៅក្នុង​ទីក្រុងសលត៍ លេក សម្រាប់​ពិធី​ជប់​លៀង​បុណ្យ​គ្រីស្ទម៉ាស​ប្រចាំឆ្នាំ​របស់​គ្រួសារ​ឃែរ ។

នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ ១៩៦៦។ ខ្ញុំ​បាន​ចូលរួមនឹង​គ្រួសារ​ខ្ញុំ និងពួក​អ្នកផ្សព្វផ្សាយ​សាសនា​​​​ដោយ​ស្ទាក់ស្ទើរ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នៅផ្ទះ​បេសកកម្ម ដោយ​បញ្ចុះ​បញ្ចូល​ថា ជា​ការ​ជួបដ៏​ល្អ​បំផុត​ តែ​វា​ជា​ការ​​ជំនួស​​ពិធីជប់លៀង​ក្នុង​គ្រួសារ ឃែរ ដោយ​សោះ​កក្រោះ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​ផ្ទះ​យ៉ាង​ខ្លាំង ។ ខ្ញុំនឹក​ចាំ​មិន​ច្បាស់​ថា​​ទូរសព្ទរោទិ៍​នៅពេល​ណា​ទេ ប៉ុន្តែទូរសព្ទនោះបាន​ផ្លាស់​ប្តូរ​ដួងចិត្ត​យុវវ័យ​ខ្ញុំមួយរំពេច ដែលពេញ​ដោយក្តី​អាណិត​អាសូរ ដល់​ឪពុក​​ជាទីស្រឡាញ់​របស់ខ្ញុំ និង​មាន​វិប្បដិសារីដែលមុននេះ​គិត​តែ​ពីចំណូលចិត្ត​ខ្លួន​ឯង។

ទូរសព្ទពីលោកពូ​របស់​ខ្ញុំ​ឈ្មោះ ចូ បាន​ប្រាប់​យើង​ថា លោកតា ឃែរ ជាទី​ស្រឡាញ់ លោក​ជា​មនុស្ស​មិន​អាត្មា​និយម ឧស្សាហ៍​ព្យាយាម ជា​អ្នក​ដែល​គោរព​សេចក្តីសញ្ញា ទើបតែ​ដាច់​សសៃ​ឈាម​នៅក្នុង​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​ដេក​សន្លប់​នៅក្នុង​មន្ទីរពេទ្យ ។ អនុស្សាវរីយ៍​ទាំងឡាយ​បាន​ផុស​ក្នុងគំនិត​​ខ្ញុំ​ដូចជា ម៉ាស៊ីនថត មាន​ទាំង​ដូរតន្រ្តី​ អយ្យកោ​​​រីករាយ​ជាទីស្រឡាញ់​របស់​យើងទាំងអស់គ្នា​ ! ពេល​គាត់​ត្រឡប់​មក​ពីកន្លែង​ទូរសព្ទវិញ ​ខ្លួន​ឪពុក​ខ្ញុំ​ញ័រ ប៉ុនែ្ត​លោក​បាន​ទប់ខ្លួន តម្រង់​ខ្លួន ហើយ​​បាន​ថ្លែង​ទីបន្ទាល់​ដោយ​ក្លៀវក្លា អំពី​ផែនការ​ព្រះបិតា និង​សេចក្តី​ជំនឿ​របស់​លោកទី​លើ​តួនាទី​ដ៏​សំខាន់​របស់​ព្រះអង្គ​សង្គ្រោះ​​ក្នុង​ផែនការ​នោះ ។ ទីបន្ទាល់​របស់​លោក​បាន​ប៉ះដួងចិត្ត​ដែល​កំពុង​ឈឺចាប់​ទ្វេ​ដង​របស់​ខ្ញុំ ។

អ្វី​ដែល​គួរ​ឲ្យ​ស្តាយ​គឺ​លោកតា​មិន​បាន​ជា​សះស្បើយ​ទេ ។ លោក​បាន​ទទួល​មរណៈភាព​នៅថ្ងៃ​បន្ទាប់ ។ វា​ជា​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស​នៅ នូវែល សេឡង់ ប៉ុន្តែ​ជាល្ងាច​មុន​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ ជា​ថ្ងៃ​ដែល​លោកតា​ចូលចិត្ត​ជាងគេ​ពេញ​មួយ​ឆ្នាំ នៅទីក្រុង សលត៍ លេក ។ មរណភាព​របស់​លោក​គឺ​ជា​បទពិសោធន៍​​ទីមួយ​នៃ​ការបាត់បង់​មនុស្ស​ជិតដិត និង​ជាទីស្រឡាញ់​ចំពោះ​ខ្ញុំ ។ ទោះបី​ជា​ខ្ញុំ​មាន​ទុក្ខព្រួយ​ដោយ​ការបាត់បង់​លោក​​ក្តី តែ​ខ្ញុំ​បាន​ទទួល​ពរជ័យ និង ការលួងលោម​ដោយ​ចំណេះ​ដឹង​​អំពី​ផែនការ​សុភមង្គល​ដ៏រុងរឿងរបស់​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​អះអាង​ថា ខ្ញុំ​នឹង​ជួប​លោក​តា​ម្តងទៀត បើ​ខ្ញុំ​រស់នៅ​តាម​គំរូ​គាត់ ។ ពេល​ខ្ញុំ​នៅ​ក្មេង​នោះ ខ្ញុំ​គិត​ថា​ខ្ញុំ​មិនបាន​យល់​ពេញ​លេញ​ទេ អំពី​ផ្នែក​ដ៏​សំខាន់​​របស់​​ព្រះអង្គសង្គ្រោះ និង ពលិកម្ម​ធួន​របស់​ទ្រង់ ដែល​បាន​ដើរតួ ដើម្បី​ធ្វើ​ឲ្យ​ការណ៍​គ្រប់​យ៉ាង​អាច​កើត​មាន សម្រាប់​ខ្ញុំ ដើម្បី​ត្រឡប់ទៅ​ជួបជុំ​នឹង​មនុស្ស​ជាទីស្រឡាញ់ នៅ​ថ្ងៃ​ណា​មួយនោះ ។ ប៉ុន្តែ​ខ្ញុំ​ដឹងល្មម​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ រីករាយ​នៅក្នុង​ផែនការ​នោះ ។ ខ្ញុំ​ដឹង​ល្មម​ដើម្បី​គោរព​បូជា​ទ្រង់ ដើម្បី​រៀបចំ​ពិធី​ក្នុង​ថ្ងៃ​ប្រសូត្រ​របស់​ទ្រង់ ។

ចាប់តំាងពី​ថ្ងៃ​គ្រីស្ទម៉ាស​ជា​យូរ​នោះមក ខ្ញុំ​បាន​រៀន​បន្ថែមពី​ព្រះអង្គ​សង្គ្រោះ ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង ។ ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​ថា ៖ « ព្រះរាជបុត្រា​នៃ​ព្រះ…​បាន​យាង​មក​ទីនេះ​ក្នុង​នាម​ជា​ព្រះរាជបុត្រាសំណព្វ​តែ​មួយគត់ ដើម្បី​បំពេញ​បេសកកម្ម ដើម្បីក្លាយ​ជា​កូនចៀម​ដែល​ត្រូវ​គេសម្លាប់ ពី​មុន​កំណើត​លោកិយ៍​មក ដើម្បី​នាំ​មក​នូវ​ផែនការ​នៃ សេចក្តីសង្គ្រោះ​ដល់​មនុស្ស​ជាតិ​ទាំងអស់ ។ តាមរយៈ​ការប្រទាន​ជីវិត​របស់​ទ្រង់ ទ្រង់​បាន​បើកទ្វារ… និង បង្រៀន​អំពី​វិធី​ដែល​យើង​អាច​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ …គឺ​ព្រះយេស៊ូវ នៅក្នុង​សេចក្តីថ្កុំ​ថ្កើង​នៃ​ទ្រង់ » ។

អនុស្សាវរីយ៍​បុណ្យគ្រីស្ទម៉ាស ទី ២

បុណ្យគ្រីស្ទម៉ាស​នាឆ្នាំ ១៩៨៤ គឺជាអនុស្សាវរីយ៍ដ៏សែនឈឺចាប់ មួយទៀត ដែលធ្វើឲ្យខ្ញុំកាន់តែ​មាន​អំណរគុណ​ចំពោះព្រះអង្គ​សង្គ្រោះ និង ផែនការនៃសេចក្តីសង្គ្រោះ​ដ៏រុងរឿង ។ កាលនោះ​ខ្ញុំ​មាន​អាយុ ៣២ ឆ្នាំ ​​បាន​រៀបការ​​ស្វាមី​ស្មោះត្រង់ ជាទីស្រឡាញ់​របស់ខ្ញុំ និង​ធ្វើ​ជាម្តាយ​នៃ​កូន​តូចៗ​ជា​ទីស្រឡាញ់​បួន​នាក់ មាន​អាយុ​​បី​ឆ្នាំ​ដល់​ដប់ឆ្នាំ ។ ប្រាំមួយ​សប្តាហ៍​មុន​បុណ្យគ្រីស្ទម៉ាស យើង​បាន​ទទួល​ដំណឹង​ពី​វេជ្ជបណ្ឌិត​ដ៏​​រន្ធត់​យ៉ាង​ខ្លាំង ដែលគាត់​ប្រាប់​អំពីរោគ​វិនិច្ឆ័យ​អំពី​ជំងឺ​​មហារីក ។ ក្រេក និង ខ្ញុំបានមើលមុខគ្នា ទាំងមិនជឿ យើង​ទាំងពីរ​នាក់ប្រឹងទប់​ទឹកភ្នែក ព្រមទាំងងឿងឆ្ងល់ថា តើអនាគតនឹងទៅជាយ៉ាងណា ។ ទោះ​ជាយ៉ាង​ណា​ក្តី​អារម្មណ៍​បន្ទាប់​នោះ​គឺ​ផ្អែមល្ហែម​ណាស់ « សេចក្តី​សុខសាន្ត… ដែល​ហួសលើស​ពី​អស់​ទាំង​គំនិត​» ពីព្រោះតែ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​លើ​ផែនការ​របស់​ព្រះវរបិតា ។

ទោះបីជា ក្រេក បាន​បម្រើ​ជា​ប៊ីស្សព​នៅក្នុង​វួដ​របស់​យើង​នាពេល​នោះ​ក្តី យើង​មាន​បំណង​ចែកចាយ​ដំណឹង​នេះ​តែ​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​ប៉ុណ្ណោះ ដើម្បី​រក្សា​អ្វី​គ្រប់យ៉ាង​ក្នុង​សភាព​ធម្មតា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​កូនតូច​ៗ​របស់​យើង ។ ក្នុងអំឡុង​ពេល​ប្រាំមួយ​សប្តាហ៍​មុន​បុណ្យ​គ្រីស្ទម៉ាស់នោះ​ ខ្ញុំ​បាន​បើក​ឡាន​​ឆ្លង​កាត់​ព្រិល និង ទឹកកកស្ទើរ​តែ​រាល់​ថ្ងៃ​​ទៅ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ—ខណៈពេល​ដែល​ម្តាយ និង ប្អូនស្រីចិត្ត​ល្អ​​​ទាំងឡាយ​ ដាក់​វេន​គ្នា​ជួយ​កិច្ចការ​ផ្ទះ ។ វា​គឺ​ជា​គ្រា​នៃ​ការសាកល្បង ប៉ុន្តែ​ពេល​​ខ្ញុំ​គិត​ពី​គ្រីស្ទម៉ាស់​នោះវិញ ​ខ្ញុំ​មិន​អាច​រក​ពាក្យ​អ្វី​មកថ្លែង អំពី​ការ​ដឹងគុណ​​ដ៏​ជ្រាលជ្រៅ​របស់​ខ្ញុំ​ចំពោះ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះយើង ព្រះ​យេស៊ូវគ្រីស្ទ និង « ផែនការ​នៃ​ការប្រោស​ប្រណី​របស់​ព្រះបង្ក​បង្កើត… » ។

​ខ្ញុំអាច​​​យល់​ពី​ជីវិត​ដែល​ងាយ​ប្រេះស្រាំ​​នេះ​ជាង​គ្រាមុន នោះ​​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌បាន​​ប្រែក្លាយ​ជារឿង​ផ្ទាល់​ខ្លួនកាន់តែ​ខ្លាំង ។ គ្រីស្ទម៉ាស​ឆ្នាំនោះ​មាន​ភាពខុសប្លែក ។ ខ្ញុំ​ស្រឡាញ់​អ្វី​គ្រប់​យ៉ាង​ពី​បុណ្យ​គ្រីស្ទម៉ាស់ រឿង​មួយ​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ​គឺ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប ក្រុមគ្រួសារ​របស់​ខ្ញុំ និង​សេចក្តី​ជំនឿ​របស់​ខ្ញុំ ព្រមទាំង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​របស់​ទ្រង់ ។

ថ្ងៃ​មួយ​ពេល​ដែល​ខ្ញុំ​កំពុង​សម្រាក​នៅ​ផ្ទះ ខ្វាយខ្វល់​អំពី​អនាគត​កូន​តូចៗ​ទាំងបួន​នាក់​របស់​ខ្ញុំ ខ្ញុំ​បាន​បើក​ ទស្សនាវដ្តី Friend ហើយ​​​ទំនុក​តន្រ្តីមួយ​​ដែលបាន​ទាក់​ភ្នែក​​ខ្ញុំ ។ ខ្ញុំ​បាន​អង្គុយចុះ​លេង​ព្យាណូ ហើយ​​ខ្ញុំ​បាន​ហូរ​ទឹក​ភ្នែក ​ពេល​ខ្ញុំ​ច្រៀង ហើយ​ដឹង​ពី​​សារ​នៃ​បទចម្រៀង​នោះ​បាន​ចាក់​ទម្លុះ​ដួងចិត្ត​ដ៏​ទន់ភ្លន់​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​ត្រឹមតែ​បង្រៀន​ចម្រៀង​នេះ​ដល់​​កុមារ​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា​​មួយ​រយ​នាក់​នៅក្នុង​វួដ​របស់​យើង​ ​ដែល​ខ្ញុំ​បម្រើ​ជា​អ្នក​ដឹកនាំ​តន្រ្តី​អង្គការ​បឋម​សិក្សាប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​បង្រៀន​ដល់​កូនៗទាំង​បួន​នាក់​ដ៏​មានតម្លៃ ​ដែល​រស់នៅ​ក្នុង​ផ្ទះ​របស់​យើងផងដែរ ។

តើព្រះបិតាអាចប្រាប់លោកិយ៍ ពីក្តីស្នេហ៍​របៀបណា?

ទ្រង់បញ្ជូនបុត្រាទ្រង់ ទារកមេត្រី និង បរិសុទ្ធ។

តើបិតាបង្ហាញផ្លូវដល់យើង ដើរក្នុងលោកិយយ៉ាងណា?

ទ្រង់បញ្ជូនបុត្រា ឲ្យយាងនឹងមនុស្ស ដើម្បីយើងស្គាល់។

តើបិតាប្រាប់លោកិយ ពីពលកម្មពីក្តីស្លាប់យ៉ាងណា?

ទ្រង់បញ្ជូនបុត្រាឲ្យសុគត ជួសយើងហើយរស់ឡើងវិញ។

ព្រះបិតាចង់ប្រាប់អ្វីពីយើង? តើគម្ពីរប្រាប់ពីអ្វី?

ចូរជឿសង្ឃឹម រស់ដូចបុត្រទ្រង់ ជួយអ្នកដទៃតាមផ្លូវ។

តើទ្រង់សុំអ្វី? រស់ដូចបុត្រទ្រង់។ 9

ចម្រៀង​ដ៏​បំផុសគំនិត​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ ពី​របៀប ដែល​ខ្ញុំ​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​នូវ​គារវភាព ចំពោះ​ព្រះរាជបុត្រា​ទ្រង់ និង ផែនការ​របស់​ទ្រង់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ទោះបី​ជា​ខ្ញុំ​មិន​​មាន​ឱកាស​មើល​ឃើញ​កូន​របស់​ខ្ញុំ​ធំ​ពេញ​វ័យក្តី ប្រសិន​បើ​ពួកគេ​អាច​ដឹង អាច​យល់ ហើយ​រស់នៅ​តាម​​គោលលទ្ធិដ៏​សាមញ្ញ​តែ​មាន​ន័យ ​នៅក្នុង​ចម្រៀង​ដ៏​ពិសិដ្ឋ​នេះ នោះ​ពួកគេ​អាច​ប្រែក្លាយ​ជា​សិស្ស​ពិត​​របស់​​ព្រះយេស៊ូវ គ្រីស្ទ​ហើយ ។

មាន​វិញ្ញាណ​ពិសេស​បាន​ហោះ​លើ​ដំបូល​ផ្ទះ​របស់​យើង​ក្នុង​ឆ្នាំ​នោះ ​ប្រទានពរ​ដល់​យើង​នូវ​ភាពសុខសាន្ត និង សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​កូន​របស់​យើង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ស្មារតី​ពិសេស​នៃ​បុណ្យ​គ្រីស្ទម៉ាសដ៏​ពិសិដ្ឋ​នោះ ។ តាំងពីនោះ​មក ពួកគេ​សម្តែង​ប្រសូតកម្មយ៉ាង​មាន​គារវភាព យ៉ាង​ស្ងប់ស្ងែង និងដោយក្តីស្រឡាញ់ លើសឆ្នាំណាៗក្នុងវ័យ​ដ៏​ក្មេង​ខ្ចី​របស់ពួកគេ​ ។ នៅពេល​យើង​មាន​ក្តី​ឈឺចាប់ក្នុងស្ថានភាព​​​នានា នោះ​យើង​ហាក់ដូច​ជា​ទទួល​អារម្មណ៍​បញ្ជាក់​ខាង​វិញ្ញណ​កាន់តែ​ជិតស្និទ នៅពេល​យើង​សញ្ជឹង​គិត ហើយ​ថ្លែង​អំណរគុណ​ដល់​អំណោយ​នៃ​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទរបស់​យើង​ និង ​ផែនការ​សង្គ្រោះ​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌ ។

ជារឿយៗ​ខ្ញុំ​តែង​ឆ្ងល់​ពី​របៀប​ដែល​មនុស្ស​អាច​រស់នៅ​ដោយ​គ្មាន​ក្ដី​​សង្ឃឹមដែល​កើត​មាន​មក​​ពី​ការយល់​ពី​ផែនការ​សង្គ្រោះ ហើយ​តួនាទីដ៏​សំខាន់​នៃ​​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​នោះ ។ ខ្ញុំសូម​​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំដោយ​អំណរគុណ ចំពោះ​​ទីបន្ទាល់​របស់​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន​ថូម៉ាស  អេស ម៉នសុន ដែល​បាន​ថ្លែង​​ប្រកប​ដោយ​អំណាចថា ៖ « ទ្រង់​ដែល​បាន​ដោះលែង​យើង​ចេញ​ពី​សេចក្តីស្លាប់​ដ៏​អស់កល្ប គឺ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​គ្រូបង្រៀន​អំពី​សេចក្តី​ពិត—ប៉ុន្តែ​ទ្រង់​គឺ​លើស​ពី​គ្រូ​បង្រៀន​ទៅ​ទៀត ។ ទ្រង់​ជា​គំរូ​អំពី​ជីវិត​ដ៏​ល្អ​ឥតខ្ចោះ—ប៉ុន្តែ​ទ្រង់​គឺ​លើស​ពី​គំរូ​ទៅ​ទៀត ។ ទ្រង់​គឺ​ជា​គ្រូពេទ្យ​ដ៏​អស្ចារ្យ—ប៉ុន្តែ​ទ្រង់​គឺ​លើស​ពី​គ្រូពេទ្យ​ទៅ​ទៀត ។ ទ្រង់​សង្គ្រោះមនុស្ស​លោក​ ‹ ​ដែល​ចាញ់សង្គ្រាម › ​ ​ទ្រង់គឺ​ពិត​ជា​អង្គសង្គ្រោះ នៃពិភពលោក ជាព្រះ​រាជបុត្រានៃព្រះ ក្សត្រនៃមេត្រីភាព​ ព្រះដ៏បរិសុទ្ធនៃ អ៊ីស្រាអ៊ែល— ជាព្រះអម្ចាស់ដែលមាន​ព្រះជន្មរស់ឡើងវិញ— ​ទ្រង់បាន ប្រកាសថា៖ « យើងជាដើម ហើយជាចុង យើងជាអង្គដែល​មាន​ព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះ​គាំទ្ររបស់អ្នកជាមួយព្រះវរបិតា » ។ [គ និង ស ១១០:៤] » ។១០

ពេលដែលយើង​ពិចារណា អំពី​ការរងទុក្ខ​ដែល​ពុំ​អាច​ថ្លែង​បាន​សម្រាប់​យើង ប្រាកដណាស់ ទ្រង់​បាន​មាន​បន្ទូល​នូវ​ពាក្យដ៏សោយ​សៅ​បំផុតចំនួន​ប្រាំម៉ាត់ ថា ៖ « អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ? »១១ នៅពេល​មានគ្រា​លំបាក យើង​អាច​ជ្រើស​បែរចេញពី​ទ្រង់ ហើយ​ពុះពារ​ការលំបាក​នោះ​តែឯង ឬ យើង​អាច​ជ្រើស​បែរ​ទៅរក​ទ្រង់ និង ផែនការ​របស់​ព្រះវរបិតា ដោយ​ឃើញ​ថា​យើង​នឹងមិន​រងទុក្ខ « នូវ​សេចក្តី​វេទនា​ដោយ​ប្រការ​ណា​មួយ​ឡើយ លើក​លែងតែ​ការណ៍​នោះ​ត្រូវបាន​លេប​ទៅក្នុង​សេចក្តី​អំណរ​នៃ​ព្រះគ្រីស្ទ » ។១២ ខ្ញុំ​អធិស្ឋាន​ថា​យើង​គ្រប់​គ្នា​នឹង​ទទួល​នូវ​ការអញ្ជើញ​តាម​ទំនុក​តម្កើង​បុណ្យ​គ្រីស្ទម៉ាស​​ដ៏​ពិសិដ្ឋ​នេះថា « ចូរ​មក​ថ្វាយ​បង្គំ​ព្រះអង្គ » និង ព្រះវរបិតាសួគ៌​នូវ​ផែនការ​ដ៏​រុងរឿង និង ឥតខ្ចោះ​របស់​ទ្រង់ ! នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។