ការពិភាក្សាជាក្រុម
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ ២០២១
ថ្ងៃ អង្គារ ទី ១៩ ខែ មករា ឆ្នាំ ២០២១
បងប្រុស ឆាដ អេច វិប ៖ សូមអរគុណ ដែលបានចូលរួមជាមួយខ្ញុំ ។ នេះ គឺ ជា បងប្រុស រ៉ូរីប៊ីកាឡូ ។ គាត់ជាសហការីគ្រប់គ្រងបតិបត្តិការកិច្ចការផ្សេងៗនៅក្នុងអគារការិយាល័យសាសនាចក្រ ដូចជាផ្នែក ធនធានមនុស្ស ហិរិញ្ញវត្ថុ និង អគារនានា របស់យើង ។ ហើយនេះគឺ ជា អ័ដាម ស្ម៊ីធ ជាសហការី គ្រប់គ្រងដែលគាត់ធ្វើការនៅផ្នែកសំណង់អគារ រៀបចំការបំពាក់បំប៉ន់ និងកម្មវិធីសិក្សា សេវាកម្មនិងអ្វីផ្សេងទៀត ។
នៅពេលយើងចាប់ផ្តើម ខ្ញុំគ្រាន់តែចង់ចំណាយពេលបន្តិចដើម្បីផ្តល់នូវមាតិកា និងចក្ខុវិស័យមួយចំនួនដែលយើងសង្ឃឹមថានឹងឆ្ពោះទៅមុខ ។ ឥឡូវនេះនៅក្នុងថ្នាក់សិក្ខាសិលា និងវិទ្យាស្ថាន ( ស&វ ) យើងធ្វើការយ៉ាងអស្ចារ្យដើម្បីបំពេញទៅតាមតម្រូវការរបស់សិស្សជាច្រើនរបស់យើងនាពេលបច្ចុប្បន្ន ។ ប៉ុន្តែការពិតគឺថាសិស្សដែលចូលរួមជាធម្មតាគឺជាសិស្សដែលចូលរួមនិងប្តេជ្ញាចិត្តជាសមាជិកសាសនាចក្រ ។ សិស្សផ្សេងទៀតជាទូទៅមិនបានចូលរួមទេហើយការពិតគឺការចុះឈ្មោះចូលរៀននៅទូទាំងពិភពលោកនៅក្នុងកម្មវិធីស&វកំពុងតែថយចុះ ។
សេចក្ដីសង្ឃឹមដ៏ធំបំផុតរបស់យើងគឺចង់ផ្លាស់ប្តូរចំពោះបព្ហានេះ ។ យើងសង្ឃឹមថាថ្នាក់ ស&វ អាចដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតដើម្បីបំពេញទៅតាមតម្រូវការបន្ទាន់ ដែលត្រូវការដើម្បី« ប្រមូលផ្តុំ »គ្រប់ជំនាន់ទាំងមូលនៃយុវវ័យនិងយុវមជ្ឈឹមវ័យទាំងអស់ ។ បងប្អូនប្រហែលជាចាំពីអ្វីដែលប្រធានណិលសុនបានបង្រៀនថា ការប្រមូលផ្តុំអ៊ីស្រាអែលគឺជាកិច្ចការដ៏សំខាន់បំផុតនៅលើពិភពលោកនេះ ។ ពិតណាស់វារួមបញ្ចូលទាំងកិច្ចការផ្សព្វផ្សាយសាសនា និងកិច្ចការព្រះវិហារ ប៉ុន្តែប្រធានណិលសុនបានមានប្រសាសន៍ថា វាក៏រួមបញ្ចូលទាំងការកសាងសេចក្តីជំនឿ និងទីបន្ទាល់នៅក្នុងដួងចិត្តរបស់អ្នកដែលយើងបម្រើផងដែរ ។ លោកបានមានប្រសាសន៍ថារាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់ឲ្យធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលផ្តុំអ៊ីស្រាអែលហើយ ។
យើងបារម្ភថាយើងកំពុងតែបាត់បង់យុវវ័យនិងយុវមជ្ឈឹមវ័យរបស់យើង ។ ជំនួសឲ្យការនិយាយទាក់ទងនឹងការបាត់បង់ ឬរកឃើញមានបទគម្ពីរជាច្រើនដែលជាញឹកញាប់សំដៅទៅលើអ្វីដែលត្រូវខ្ចាត់ព្រាត់និងប្រមូលផ្តុំ ។ ប៉ុន្តែ មាន សិស្សមួយចំនួនកំពុងតែតស៊ូនឹងសេចក្តីជំនឿ ។ ប៉ុន្តែយើងដឹងថា មិនថាពួកគេនៅទីណាក៏ដោយ យើងមិនបានបាត់បង់ពួកគេឡើយ ។ ប៉ុន្តែពួកគេត្រូវបានខ្ចាត់ព្រាត់ដោយឥទ្ធិពលនៃពិភពលោក ហើយប្រហែលជាបានដកខ្លួនចេញពីការចូលរួមជាមួយយើង ។ យើងមានឱកាសគួរឲ្យកត់សម្គាល់មួយ និងមានតម្រូវការបន្ទាន់ក្នុងការជួយ« ប្រមូលផ្តុំ » ចំណែកនៃអ៊ីស្រាអែលនេះ ។
របៀបដែលយើងនឹងធ្វើ គឺដោយការបង្កើតបទពិសោធន៍ដែលនាំទៅរកការប្រែចិត្តជឿ ភាពពាក់ព័ន្ធ និងជាកម្មសិទ្ធិហើយដោយធ្វើឲ្យបទពិសោធន៍ទាំងនោះជោគជ័យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ។ ហើយយើងនឹងធ្វើបែបនេះ ដោយរក្សានូវសេចក្តីស្មោះត្រង់របស់យើង ។ យើងមិនកំពុងសម្លឹងមើលការផ្លាស់ប្តូរគ្រាន់តែសម្រាប់ជាប្រយោជន៍នៃការផ្លាស់ប្តូរប៉ុណ្ណោះទេ ។ យើងនិងបន្តបង្រៀនដំណឹងល្អដូចដែលមាននៅក្នុងបទគម្ពីរ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។ ប៉ុន្តែដើម្បីបង្កើតនូវបទពិសោធន៍ទាំងនេះ យើងត្រូវកែសម្រួលចំនុចមួយចំនួន ។
យើងត្រូវការផ្លាស់ប្តូរ ៖
-
ប្តូរពីការនិយាយនិងការប្រាប់ទៅជាការភ្ជាប់និងការអញ្ជើញវិញ ។
-
ប្ដូរពីការប្រាប់ពួកគេពីកន្លែងតែត្រូវជួបទៅជាការជួបពួកគេដល់ទីកន្លែង ។
-
ប្ដូរពីការផ្តល់ជាគំនិតទៅជាការយល់ពីបញ្ហារបស់ពួកគេ ។
-
ប្ដូរពីសកម្មភាពសង្គម ទៅជាការផ្សាភ្ជាប់ជាមួយសង្គម ។
-
ប្ដូរពីការផ្តោតតែចំពោះលើក្រេឌីតក្នុងថា្នក់និងការបានសញ្ញាប័ត្រទៅជាការផ្តោតសំខាន់លើភាពរីកចម្រើនខាងវិញ្ញាណ និងការប្រែក្លាយជា ។
-
ពីអ្នករៀនមិនសកម្ម ទៅជាអ្នកដែលអនុវត្តតាម ជាអ្នកចូលរួមយ៉ាងសកម្ម ធ្វើជាឧបករណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។
យើងនឹងជួបជាមួយនឹងអ្នកបង្កើតកម្មវិធី និងសហការីគ្រប់គ្រង អ្នកបង្កើតគោលការណ៍ អ្នកសម្របសម្រួល ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដើម្បីរកអត្ថន័យឲ្យកាន់តែច្បាស់លាស់អំពីបទពិសោធន៍ ការបង្រៀន និងការរៀនសូត្រ ព្រមទាំងការរំពឹងទុក ផ្តល់ជាវគ្គបំពាក់បំប៉ន ការណែនាំ ការកំណត់ ជាក់លាក់ដើម្បីជួយយើងឲ្យដឹងថាបើសិនជាយើងនឹងមានភាពជោគជ័យ ។
ការបំពាក់បំប៉ន់ និងធនធានដែលបងប្អូននឹងទទួលបាន និងការផ្លាស់ប្តូរដែលត្រូវធ្វើ គឺជាគោលដៅនៃការប្រមូលផ្តុំ អ៊ីស្រាអែល—ដោយការបង្កើតនូវបទពិសោធន៍ដើម្បីបំពេញតម្រូវការរបស់យុវវ័យនិងយុវមជ្ឈឹមវ័យ ហើយនឹងធ្វើឲ្យវាកាន់តែជោគជ័យឡើង ។ យើងផ្តោតសំខាន់លើគោលដៅនេះ យ៉ាងហោចណាស់ ៣ ឆ្នាំខាងមុខ ។ ត្រង់ចំនុចនេះយើងនឹងវិភាគលើដំណើរការកម្មវិធី ហើយធ្វើការកែសម្រួលសម្រាប់ពេលខាងមុខ ។
ការអញ្ជើញរបស់ខ្ញុំចំពោះបងប្អូនឲ្យចូលរួមនឹងប្រធាន ណិលសុន ក្នុងកិច្ចការដ៏អស្ចារ្យនៅលើផែនដី—តម្រូវការបន្ទាន់ និងឱកាស ដើម្បីប្រមូលផ្តុំ អ៊ីស្រាអែល ប្រមូលផ្តុំអស់អ្នកដែល ទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់ពួកគេ ។ វានឹងមានរឿងគួរឲ្យកត់សម្គាល់កើតឡើង រួមទាំងអព្ភូហេតុផងដែរ ។ ពិតជាពរជ័យណាស់ ដែលយើងអាចមានចំណែកចូលរួម ។
ដូច្នេះ មុននឹងខ្ញុំសួរលោកអំពីការផ្លាស់ប្ដូរមួយចំនួននៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ខ្ញុំចង់សួរលោកថា « តើអ្វីដែលនឹងមិនផ្លាស់ប្ដូរនោះ ? »
បងប្រុស រ៉ូរី ប៊ីកាឡូ ៖មែនហើយ រឿងមួយដែលខ្ញុំនៅតែគិតគឺថា អ្វីដែលនៅតែបន្តដដែល នោះគឺជាគោលបំណងទូទៅរបស់យើង ។ យើងនៅទីនេះដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យយល់ និងពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងចង់ជួយពួកគេឲ្យមានលក្ខណៈគ្រប់គ្រាន់ និងរៀបចំសម្រាប់ពរជ័យទាំងឡាយដែលរង់ចាំពួកគេ ។ ហើយការណ៍នោះនឹងមិនផ្លាស់ប្ដូរទេ ។ ការផ្ដោតទូទៅរបស់យើង គឺទៅលើពួកគេ ហើយយើងនឹងស្រឡាញ់ពួកគេ ។ ពួកគេសំខាន់ ។ ហើយយើងចង់ជួយពួកគេគ្រប់គ្នាឲ្យទទួលបានបទពិសោធន៍ត្រឹមត្រូវ នៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
បងប្រុស អ័ដាម ស្ម៊ីធ ៖ ខ្ញុំគ្រាន់តែចង់បន្ថែមថា យើងនឹងផ្តោតទៅលើតម្រូវការរបស់សិស្សជានិច្ច ដែលលោកបាននិយាយដល់—ថាយើងត្រូវតែដឹងអំពីតម្រូវការរបស់អ្នករៀនរបស់យើង ថាពួកគេចង់ទទួលបទពិសោធន៍យ៉ាងណានៅក្នុងថ្នាក់រៀន ថាព្រះគម្ពីរគឺជាចំណុចសំខាន់ចំពោះអ្វីដែលយើងធ្វើ ដើម្បីជួយបំពេញតម្រូវការនោះ ហើយព្រះអង្គសង្គ្រោះគឺជាចំណុចកណ្ដាលក្នុងបទពិសោធន៍ទាំងមូលនោះ ។
ខ្ញុំគិតដែរថា ចំណុចពីរទៀតដែលនឹងមិនដែលផ្លាស់ប្ដូរ គឺថា យើងនឹងស្មោះត្រង់ចំពោះអាទិភាពដែលប្រកបដោយការព្យាករ និងការណែនាំដែលយើងទទួលពីព្យាការី និងសាវក ។ យើងពុះពារជាដរាបដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាមួយយើង នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង នៅពេលយើងរៀបចំ ហើយជាពិសេស នៅពេលយើងនៅក្នុងថ្នាក់រៀនជាមួយសិស្ស ។
បងប្រុស វិប ៖ សូមអរគុណ ដែលបាននិយាយពីចំណុចនោះ ។ ខ្ញុំគិតថា វាពិតជាចំណុចសំខាន់ខ្លាំងណាស់ ។ ចំណុចដែលសំខាន់បំផុត ទាំងនោះ នឹងមិនដែលផ្លាស់ប្ដូរឡើយ ។ ចំណុចសំខាន់ដែលថាយើងជានរណានឹងមិនដែលផ្លាស់ប្ដូរឡើយ ។
និយាយពីអ្វីដែលកំពុងផ្លាស់ប្ដូរ ការចាក់ផ្សាយនេះគឺខុសគ្នា ។ យើងប្ដូរពី ជំនួបពេលល្ងាចជាមួយនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ នៅពេលនេះរៀងរាល់ឆ្នាំ ទៅជាការចាក់ផ្សាយការបំពាក់បំប៉នជាសកលនេះ ។ ដូច្នេះ អ្នកណាក៏បាន អាចប្រាប់បានទេពីមូលហេតុដែលការផ្លាស់ប្ដូរនេះត្រូវបានធ្វើឡើង ?
បងប្រុស ប៊ីកាឡូ ៖ មែនហើយ មានមូលហេតុជាច្រើន ប៉ុន្តែខ្ញុំគិតថា មូលហេតុធំៗពីរគឺសំខាន់ដើម្បីដឹង ។ ទីមួយគឺថា អស់ពេលជាយូរមកហើយ—នៅឆ្នាំ ១៩១២ នៅពេលយើងបានចាប់ផ្ដើមថ្នាក់សិក្ខាសាលា ថ្មក្រានីត—យើងបានផ្តោតជាច្រើនលើវដ្ដនៃការបំពាក់បំប៉នរបស់យើងតាមប្រតិទិនសិក្សានៅ ស.រ.អា. ។ នៅក្នុងឆ្នាំ ១៩៩១ អ្វីៗបានផ្លាស់ប្ដូរសម្រាប់យើង ។ នៅក្នុងឆ្នាំ ១៩៩១ តាមពិតទៅ យើងមានសិស្សនៅក្នុងថ្នាក់វិទ្យាស្ថានខាងក្រៅសហរដ្ឋ ច្រើនជាងដែលយើងមាននៅក្នុងសហរដ្ឋ ។
ដូច្នេះ កាលដែលយើងបន្តរីកលូតលាស់ជាអន្តរជាតិ នោះវាមិនសមហេតុផលទេ ដែលយើងបន្តប្រតិបត្តិទៅតាមប្រតិទិនដែលផ្អែកលើប្រតិទិនសិក្សានៅសហរដ្ឋនោះ ។ ដូច្នេះ នោះគឺជាមូលហេតុមួយ—គឺបំណងប្រាថ្នាដើម្បីផ្លាស់ប្ដូរទៅតាមប្រតិទិនមួយដែលជាប្រតិទិនប្រចាំឆ្នាំ ជាជាងប្រតិទិនសិក្សាសម្រាប់អឌ្ឍគោលខាងជើង ។
មូលហេតុមួយទៀត—បើខ្ញុំអាចបន្ថែម—ខ្ញុំគិតថា មូលហេតុផ្សេងទៀត គឺការផ្លាស់ប្ដូរនៅក្នុងទស្សនវិជ្ជារបស់យើង និងរបៀបដែលយើងប្រើយុទ្ធសាស្ត្រចំពោះការបំពាក់បំប៉ន ។ អស់ពេលជាយូរមកហើយ វាស្ទើរតែដូចជាយើងកំពុងប្រណាំងការរត់បណ្ដាក់ជាមួយនឹងដំបងមួយ ។ ការិយាល័យកណ្ដាលរៀបចំការបំពាក់បំប៉ន និងអាទិភាពនានា បន្ទាប់មក នៅសន្និបាតនាយកតំបន់ យើងហុចដំបងនោះទៅនាយកតំបន់ទាំងឡាយ ។ បន្ទាប់មក ពួកគាត់ទៅ ហើយហុចវាបន្តទៅឲ្យតំបន់របស់ពួកគេនៅក្នុងការបំពាក់បំប៉នប្រចាំតំបន់ ។
ហើយឥឡូវនេះ យើងកំពុងពិនិត្យមើលវាកាន់តែច្រើនឡើង តាមរយៈកញ្ចក់នៃសន្និបាតនាយកតំបន់ ឬការបំពាក់បំប៉ននឹងផ្តោតទៅលើការពិគ្រោះយោបល់ជាមួយគ្នា និងបង្កើតទិសដៅជាមួយគ្នា ។ ហើយឥឡូវនោះ ដោយការប្ដូរសន្និបាតនាយកតំបន់របស់យើង ពីខែ មេសា ទៅខែ តុលា វាអនុញ្ញាតឲ្យយើងជួបជាមួយពួកគាត់នៅក្នុង ខែតុលា ហើយបន្ទាប់មករៀបចំ—សម្រាប់ ខែមករា ដូចឥឡូវនេះ—ជាការចាក់ផ្សាយការបំពាក់បំប៉នសម្រាប់ពិភពលោកទាំងមូល ។
បងប្រុស វិប ៖ លោកដឹងទេ នោះគឺនិយាយដល់ការផ្លាស់ប្ដូរមួយទៀត ។ តាមពិតទៅ យើងមាននាយកតំបន់ប្រហែលជាពាក់កណ្ដាលនៃចំនួនដែលយើងធ្លាប់មាន ។ ដូច្នេះហើយពួកគាត់ត្រូវបានទាញចូលទៅក្នុងក្រុមប្រឹក្សារបស់យើងកាន់តែច្រើនជាងមុន ។ ដែលបន្ទាប់មកអនុញ្ញាតឲ្យតម្រូវការនៅក្នុងតំបន់នីមួយៗនៅទូទាំងពិភពលោក មានតំណាងកាន់តែប្រសើរនៅក្នុងក្រុមប្រឹក្សាទាំងនោះ និងអនុញ្ញាតឲ្យការទំនាក់ទំនងមានលំហូរកាន់តែទូលំទូលាយ នៅក្នុងស្មារតីនៃក្រុមប្រឹក្សា ។ ដូច្នេះ ខ្ញុំគិតថានោះជាចំណុចសំខាន់មួយ ។
មែនហើយ ការផ្លាស់ប្ដូរមួយទៀត ដែលមនុស្សជាច្រើនកំពុងសួរ—ហើយយើងពិតជាអរគុណដល់ការស្ម័គ្រចិត្តរបស់បងប្អូនគ្រប់គ្នា ក្នុងការសម្របទៅតាមការផ្លាស់ប្ដូរនេះ កាលដែលយើងឈានទៅមុខជាមួយនឹងប្រតិទិនថ្មី ទៅតាមប្រតិទិនប្រចាំឆ្នាំ ចូរមកតាមខ្ញុំ ជំនួសឲ្យប្រតិទិនសិក្សានៃកម្មវិធិសិក្សារបស់យើងវិញ ។ អ័ដាម តើលោកចង់និយាយអ្វីដល់ការផ្លាស់ប្ដូរនោះទេ ?
បងប្រុស ស្ម៊ីធ ៖ បាទ ខ្ញុំរីករាយនឹងនិយាយ ។ ប្រហែលនៅក្នុង ខែមីនា ឆ្នាំ ២០១៩ ពេលដែលយើងបានកំណត់ ដើម្បីធ្វើជំហានផ្ដួចផ្ដើមនោះ ដើម្បីសម្របកម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានជាមួយនឹងព្រះគម្ពីរនៃសៀវភៅ ចូរមកតាមខ្ញុំ ។ ខ្ញុំមានការដកស្រង់មួយពីអែលឌើរ ក្លាក ដែលខ្ញុំចង់អានពាក្យនីមួយៗ ដោយសារខ្ញុំយល់ថា វាមានឥទ្ធិពលណាស់ ។
ពេលដែលវាត្រូវបានប្រកាសដល់ពិភពលោក អែលឌើរ ក្លាក បានមានប្រសាសន៍ថា « ព្យាការីនៃព្រះអម្ចាស់បានឈរនៅក្នុងសន្និសីទទូទៅ ហើយបានមានប្រសាសន៍ថា ‹ យើងត្រូវការការបង្រៀនដំណឹងល្អដែលផ្ដោតទៅលើគេហដ្ឋាន និងគាំទ្រពីសាសនាចក្រ › ។១ ហើយដោយសារលោកបានមានប្រសាសន៍ដូច្នោះ វាបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង » ។
ដូច្នេះ យើងបានកំណត់ដូចនោះ នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩—ដូចលោកចាំ—យើងបានប្ដូរទៅព្រះគម្ពីរសញ្ញាថ្មី ហើយទៅព្រះគម្ពីរមរមន ក្នុងខែ មករា ឆ្នាំ ២០២០ ។ មែនហើយ អំឡុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ យើងមានកម្មវិធីថ្នាក់សិក្ខាសាលាក្នុងសាលារៀនខ្លះបានមកជួបយើង ហើយសួរថាបើពួកគេអាចសាកល្បងអ្វីមួយ ។ ពួកគេចង់សាកល្បងបង្រៀនកម្មវិធីសិក្ខាសាលាឲ្យស្របកាន់តែខ្លាំងទៅនឹងកាលវិភាគអានរបស់ ចូរមកតាមខ្ញុំ ហើយយើងបានគិតថា យើងប្រហែលជាអាចរៀនអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន ដូច្នេះ យើងបានអញ្ជើញពួកគេឲ្យធ្វើវា ។
ហើយយើងបានហៅក្រុមស្រាវជ្រាវមួយ ឲ្យទៅនិយាយជាមួយសិស្ស និងឪពុកម្ដាយ ព្រមទាំងគ្រូបង្រៀន និងអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា ហើយប្រៀបធៀបពីលទ្ធផល និងបទពិសោធន៍របស់ពួកគេ ជាមួយនឹងកម្មវិធីដែលកំពុងធ្វើតាមកម្មវិធីសិក្សាប្រាំបួនខែតាមទម្លាប់ទាំងនោះ—ដែលបន្តរៀនតាមសៀវភៅព្រះគម្ពីរ ប៉ុន្តែនៅតែបន្តបង្រៀនកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាក្នុងប្រតិទិនរយៈពេលប្រាំបួនខែរបស់យើង ។
មែនហើយ អ្វីដែលយើងបានរៀនពីការស្រាវជ្រាវនោះគឺ— ខ្ញុំឃើញថាវាមានការបំផុសគំនិតណាស់ ។ មានការភ្ញាក់ផ្អើលបន្តិចផងដែរ ។ អ្វីដែលយើងបានរៀននោះ គឺថា សិស្សមិនត្រូវបានរំខានចិត្តដោយមេរៀនដដែលៗនោះទេ ។ យើងក៏រកឃើញផងដែរថា ការយល់ដឹងរបស់សិស្សអំពីព្រះគម្ពីរគឺដូចគ្នានៅក្នុងការបង្រៀនទាំងពីរនេះ ។
កង្វល់នោះគឺថា ដោយការធ្វើតាមប្រតិទិន ចូរមកតាមខ្ញុំ មានចំណុចមួយចំនួនដែលសិស្សនឹងខកខាននៅក្នុងថ្នាក់រៀនថ្នាក់សិក្ខាសាលា ដោយសារតែការសម្រាកនារដូវក្ដៅ ឬរដូវផ្ការីក ឬរដូវស្លឹកឈើជ្រុះ ។ ប៉ុន្តែការយល់ដឹងរបស់សិស្សអំពីព្រះគម្ពីរ បង្ហាញថាដូចគ្នា ។
ប៉ុន្តែអ្វីដែលខុសគ្នា គឺជាអ្វីដែលពិតជាទាក់ទាញចំណាប់អារម្មណ៍របស់យើងណាស់ ។ មានចំណុចដ៏សំខាន់មួយ—ហើយតាមស្ថិតិ វាពិតជាមានសារៈសំខាន់ណាស់—គឺការកើនឡើងដ៏គួរឲ្យកត់សម្គាល់ក្នុងចំនួនសិស្សដែលបានមកថ្នាក់រៀនដោយបានត្រៀមជាស្រេច ដើម្បីរៀននូវអ្វីដែលមេរៀនមាននៅថ្ងៃនោះ—ការកើនឡើងដ៏គួរឲ្យកត់សម្គាល់ក្នុងចំនួនសិស្សដែលផ្ដល់យោបល់ដ៏មានអត្ថន័យ ការចូលរួមដ៏មានអត្ថន័យនៅក្នុងថ្នាក់ ។
ហើយអ្វីដែលខ្ញុំឃើញថា គួរឲ្យរំភើបបំផុតនោះគឺ មានការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៅក្នុងចំនួនសិស្សដែលអានព្រះគម្ពីររបស់ពួកគេនៅផ្ទះ ក្រៅពីថ្នាក់សិក្ខាសាលា ។ ដូច្នេះ ពេលយើងបានឃើញការស្រាវជ្រាវនោះ ហើយបានឃើញពីការប្រៀបធៀបនោះ យើងពិតជាយល់ថា ដោយធ្វើការផ្លាស់ប្ដូរនេះ យើងនឹងផ្ដល់ពរជ័យដល់សិស្ស ហើយយើងនឹងផ្ដល់ពរជ័យដល់ក្រុមគ្រួសារ ។ វាក៏បានគូសបញ្ជាក់អ្វីផ្សេងទៀតដែលអែលឌើរ ក្លាក បានបង្រៀនយើងជាញឹកញាប់ផងដែរ នៅពេលដែលលោកជាអភិបាលរបស់យើង ។
លោកបានបង្រៀនយើងឲ្យជួយសិស្សមាននូវការរៀនសូត្រដ៏ជ្រាលជ្រៅ និងមានបទពិសោធន៍នៃការប្រែចិត្តជឿ ខណៈដែលពួកគេនៅរៀនជាមួយយើង ។ ហើយដោយការសម្របជាមួយនឹង ចូរមកតាមខ្ញុំ ខ្ញុំគិតថា វាជួយសម្រាលបន្ទុកនៃការបង្រៀន និងអ្វីដែលយើងត្រូវបង្រៀននេះបន្តិច ។ ឥឡូវនេះ យើងនឹងបន្តខ្ជាប់ខ្ជួននឹងព្រះគម្ពីរជានិច្ច វានឹងនៅជាចំណុចកណ្ដាលជានិច្ច ។ ហើយ ចូរមកតាមខ្ញុំ អនុញ្ញាតឲ្យយើងរៀនតាមព្រះគម្ពីរតាំងពីដើមដល់ចប់ ។ ប៉ុន្តែ យើងដឹងថា យើងមិនអាចបង្រៀនវាទាំងអស់នោះទេ ដូច្នេះ យើងផ្តោតទៅលើតម្រូវការរបស់អ្នករៀន គឺការភ្ជាប់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះអង្គសង្គ្រោះ ដោយធ្វើវានៅក្នុងព្រះគម្ពីរ និងដោយធ្វើវាដោយព្រះវិញ្ញាណបរិសុទ្ធ ។
ប៉ុន្តែយើងមិនចង់ព្រងើយកន្ដើយនឹងបញ្ហាមួយនេះទេ ថាជាមួយនឹងប្រតិទិនសាលា នៅកន្លែងណាក៏ដោយនៅក្នុងពិភពលោក តែងតែមានពេលសម្រាក ពេលដែលពួកគេមិននៅក្នុងសាលា ជាធម្មតាប្រហែលពីរទៅបីខែ ។ នោះជាពេលពីរបីខែដែលសិស្សមិនបានទទួលបរិបទព្រះគម្ពីរនៅក្នុងថ្នាក់សិក្ខាសាលា ។ ហើយក្នុងនាមជាគ្រូបង្រៀនព្រះគម្ពីរ វាបណ្ដាលឲ្យយើងមានកង្វល់ ។
ដូច្នេះ ថ្វីបើ ចំណេះចំណានខាងគោលលទ្ធិ តែងតែសំខាន់ តាំងពីវាត្រូវបានណែនាំ ខ្ញុំគិតថា ការណ៍នេះកាន់តែជះពន្លឺលើវាច្រើនឡើង ហើយបង្កើននូវសារៈសំខាន់របស់វា ។ ប្រសិនបើគ្រូបង្រៀននឹងផ្តោតលើការបង្រៀនមេរៀន ចំណេះចំណានខាងគោលលទ្ធិ រៀងរាល់សប្ដាហ៍ ដោយមិនគិតពីប្រតិទិនសាលានៅជុំវិញសកលលោក នោះសិស្សនឹងទទួលបានធាតុដ៏ចាំបាច់ និងសំខាន់បំផុត ។ ពេលខ្លះ ខ្ញុំគិតថា ដោយសារគ្រូបង្រៀនពូកែ ហើយចង់បង្រៀនផ្នែកនៃបទគម្ពីរ នោះ ចំណេះចំណានខាងគោលលទ្ធិអាចត្រូវបានទុករហូតដល់ចុងបញ្ចប់ ពេលខ្ញុំមានពេលសម្រាប់វា ហើយយើងមិនដែលមានពេលទេ ។ មានអ្វីៗជាច្រើនដែលត្រូវបង្រៀន ។
ហើយពេលខ្លះ ចំណេះចំណានខាងគោលលទ្ធិស្ទើរតែអាចត្រូវបានមើលឃើញថា ជាអ្វីមួយបន្ទាប់បន្សំដែលថ្នាក់សិក្ខាសាលាធ្វើ ។ ប៉ុន្តែ តាមពិតទៅ ចំណេះចំណានខាងគោលលទ្ធិគឺជាមូលដ្ឋានគ្រឹះចំពោះអ្វីដែលយើងធ្វើ ។ វាពិតជាជួយយើងឲ្យសម្រេចបានគោលបំណងរបស់យើង និងអ្វីដែលព្យាការីបានសុំឲ្យយើងធ្វើ ។ ដូច្នេះ ដោយការផ្ដោតលើ ចំណេះចំណានខាងគោលលទ្ធិ នោះយើងពិតជាអាចបំពេញចន្លោះនោះ គឺអ្វីដែលមិនបានបង្រៀននៅក្នុងប្រតិទិនសាលា ហើយយើងអាចសម្របទៅជាមួយនឹង ចូរមកតាមខ្ញុំ ក្នុងរបៀបមួយដែលផ្ដល់ពរជ័យដល់សិស្ស និងក្រុមគ្រួសារ ។
បងប្រុស វិប ៖ ខ្ញុំចាំនៅពេលដែលយើងបានបង្ហាញការស្រាវជ្រាវនោះទៅដល់អែលឌើរ ចនសុន ហើយបាននិយាយអំពីលទ្ធភាពនេះ ។ តាំងពីដំបូងមក លោកចង់សម្របជាមួយនឹង ចូរមកតាមខ្ញុំ ដោយសាររបៀបដែលវាផ្ដល់ពរជ័យដល់ក្រុមគ្រួសារ ហើយភ្ជាប់ទៅនឹងការសិក្សារបស់ពួកគេនៅគេហដ្ឋាន ។ ប៉ុន្តែ លោកក៏មានកង្វល់ខ្លាំង ដូចជាយើងផងដែរ អំពីចន្លោះដែលយើងនឹងខកខានក្នុងប្រធានបទជាក់លាក់នានា នៅផ្នែកខ្លះនៃពិភពលោក ដោយសារតែពេលសម្រាករបស់សាលាមកដល់ ។ សប្ដាហ៍ចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ឬការនិមិត្តដំបូង ឬព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗមួយចំនួននៃដំណឹងល្អអាចមិនត្រូវបានបង្រៀននៅក្នុងថ្នាក់សិក្ខាសាលា ។
ដូច្នេះ ដូចជាលោកបានមានប្រសាសន៍ ពេលយើងពិភាក្សាពីលទ្ធភាពនៃការផ្ដោតលើមេរៀន ចំណេះចំណានខាងគោលលទ្ធិហើយរួមបញ្ចូលវា សូម្បីបើវាត្រូវបានខកខានអំឡុងពេលសម្រាកក្ដី—ហើយសូម្បីតែបង្កើតមេរៀនសង្ខេបខ្លះៗ ជាស្ពានដើម្បីជួយពួកគេភ្ជាប់ ប្រសិនបើពួកគេត្រឡប់មកពីពេលសម្រាកវិញ ហើយមិនចូលទៅតាមប្រតិទិន ចូរមកតាមខ្ញុំភ្លាម តែចាប់ផ្ដើមជាមួយនឹងមេរៀនស្ពានខ្លះៗ សម្រាប់អ្វីដែលពួកគេខកខាន បន្ទាប់មកចាប់ផ្ដើមកាលវិភាគការអានរបស់ ចូរមកតាមខ្ញុំវិញ—នោះយើងនឹងអាចទទួលបានប្រយោជន៍ ដែលលោកបានពិពណ៌នា មកពីការបន្តសម្របជាមួយនឹងប្រតិទិន ចូរមកតាមខ្ញុំប៉ុន្តែក៏ដកចេញនូវកង្វល់ដែលយើងមានអំពីអ្វីដែលពួកគេអាចនឹងខកខានផងដែរ ។ បន្ទាប់មក យើងក៏ត្រូវទុកចិត្តទៅលើក្រុមគ្រួសារ និងបុគ្គលនានា ដែលនឹងសិក្សាផ្នែកទាំងនោះ ពេលពួកគេមិនបានរៀនជាមួយយើង ហើយរៀនអ្វីដែលពួកគេត្រូវរៀនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ និយាយអញ្ជឹង នោះជាការពន្យល់ដ៏ល្អណាស់ ។ អរគុណ ។
លោក ដឹងមួយទៀតមានមនុស្សជាច្រើនកំពុងសួរគឺការផ្លាស់ប្តូរតម្រូវការក្នុងការអាន—ចេញពីតម្រូវការដើម្បីអានមេរៀនសម្រាប់វគ្គសិក្សា ទៅជាទម្លាប់សិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ ដូច្នេះ តើលោកនឹងប្រាប់យើងអ្វីខ្លះ អំពីការសម្រេចចិត្តនោះ ?
បងប្រុស ស្ម៊ីធ ៖យើងទាំងអស់គ្នាដឹងពីតម្រូវការដើម្បីបញ្ចប់ថ្នាក់សិក្ខាសាលា និងសញ្ញាប័ត្រថ្នាក់សិក្ខាសាលា ថាយើងតាមដានការចូលរួម ហើយយើងអញ្ជើញពួកគេឲ្យអានមេរៀនសម្រាប់វគ្គសិក្សា ។ បន្ទាប់មក យើងមានការវាយតម្លៃការរៀនសូត្ររបស់យើង ។ ហើយយើងកំពុងធ្វើការកែសម្រួលបន្តិចបន្តួចដល់តម្រូវការការអានចេញពីការបញ្ចប់នូវបទដ្ឋានព្រះគម្ពីរទាំងបួននៅក្នុងថ្នាក់សិក្ខាសាលា ដើម្បីអញ្ជើញពួកគេឲ្យមានទម្លាប់ការអានព្រះគម្ពីរប្រចាំថ្ងៃ ។
យើងបានចំណាយពេលជាច្រើនជាមួយនាយកតំបន់ទាំងឡាយរបស់យើង—នាយកភូមិភាគជាច្រើនទៀតផង—នៅជុំវិញពិភពលោក ពិភាក្សាពីអ្វីដែលយើងពិតជាចង់ឲ្យកើតឡើងនៅក្នុងជីវិត នៅក្នុងគំនិត និងដួងចិត្តរបស់សិស្ស មកពីបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
ហើយពេលដែលយើងបាននិយាយអំពីបទពិសោធន៍ថ្នាក់សិក្ខាសាលា និងអ្វីដែលយើងសង្ឃឹមថានឹងកើតឡើងនៅក្នុងជីវិតរបស់សិស្ស យើងបាននិយាយអំពីការត្រឡប់ទៅកាន់តម្រូវការការអានព្រះគម្ពីរនៅក្នុងថ្នាក់សិក្ខាសាលាវិញ ។ ប៉ុន្តែយើងបានដឹងថា អ្វីដែលយើងពិតជាចង់សង្កត់ធ្ងន់ ជារឿងដែលសំខាន់បំផុតនោះ គឺសមត្ថភាពរបស់យើងដើម្បីជួយសិស្សបង្កើតទម្លាប់ប្រចាំថ្ងៃ ដែលនឹងនៅជាមួយពួកគេអស់មួយជីវិត ។
ជាថ្មីម្ដងទៀត ខ្ញុំបានទាញយកការដកស្រង់មួយទៀត ។ នេះគឺមកពីក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អប៉ុន្តែខ្ញុំគិតថា វាសង្ខេបបានល្អណាស់ ។ វាចែងថា « មានកិច្ចការមួយចំនួនដែលគ្រូបង្រៀនទាំងឡាយអាចធ្វើ ដែលនឹងមានឥទ្ធិពលបន្ថែមទៀត ហើយជាឥទ្ធិពលដ៏យូរអង្វែងសម្រាប់សេចក្តីល្អនៅក្នុងជីវិតនៃសិស្សទាំងឡាយរបស់ពួកគេ ដែលលើសពីការគ្រាន់តែជួយពួកគេឲ្យរៀនស្រឡាញ់ និងសិក្សាព្រះគម្ពីរជាមូលដ្ឋានរាល់ថ្ងៃ » ។៣ ដូច្នេះ ប្រសិនបើយើងចង់ឲ្យសញ្ញាប័ត្រថ្នាក់សិក្ខាសាលាជានិមិត្តរូបនៃបទពិសោធន៍ដ៏មានអត្ថន័យ ជ្រាលជ្រៅ និងដែលប្រែចិត្តជឿក្នុងរយៈពេលបួនឆ្នាំ នោះការសិក្សាព្រះគម្ពីរត្រូវតែជាផ្នែកមួយរបស់វាផងដែរ ។
ហើយមានរបៀបជាច្រើន ដែលបងប្អូនអាចវាស់វែងការចូលរួមរបស់សិស្សក្នុងព្រះគម្ពីរ ប៉ុន្តែយើងចង់ផ្តោតលើការវាស់វែងដែលសំខាន់បំផុត នោះគឺទៅលើការជួយសិស្សឲ្យបង្កើតទម្លាប់នៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃមួយ ។ ហេតុដូច្នេះហើយ យើងបានភ្ជាប់មកនូវធនធានសម្រាប់ថ្នាក់ដឹកនាំក្នុងការបម្រើដ៏ល្អមួយចំនួន ដែលយើងសង្ឃឹមថា គ្រូបង្រៀន និងថ្នាក់ដឹកនាំក្នុងការបម្រើនឹងចូលទៅមើល ។ ដោយសារធនធានទាំងនោះពិតជាបំពេញបន្ថែមចំពោះតម្រូវការនោះ ដោយជួយឲ្យសិស្សទទួលបានជំនាញ និងដាក់គោលដៅ និងរៀនពីរបៀបដែលពិតជាភ្ជាប់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌របស់ពួកគេដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះរបស់ពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរ ។ ប៉ុន្តែ យើងពិតជាគិតថា តម្រូវការនេះនាំទៅដល់អ្វីដែលសំខាន់បំផុត និងអ្វីដែលយើងពិតជាចង់ឲ្យសញ្ញាប័ត្រមួយតំណាងឲ្យ ។
បងប្រុស វិប ៖ ដូច្នេះ យើងនឹងនៅតែលើកទឹកចិត្តដល់ការអានមេរៀនសម្រាប់វគ្គសិក្សា ។ តាមពិតទៅ តម្រូវការការអានប្រចាំថ្ងៃ ឬការរំពឹងទុក តម្រូវឲ្យមាននៅក្នុងវគ្គសិក្សា ។
ដូច្នេះ យើងសង្ឃឹមថា សិស្សថ្នាក់សិក្ខាសាលានឹងនៅតែអានមេរៀនសម្រាប់វគ្គសិក្សា ។ យើងសង្ឃឹមថា ពួកគេនឹងនៅតែដាក់គោលដៅ ដើម្បីធ្វើឲ្យវាមានអត្ថន័យដូចជាលោកបានលើកឡើងអញ្ចឹង ។ ប៉ុន្តែ តម្រូវការសម្រាប់ក្រេឌីដគឺ ៧៥ ភាគរយនៃថ្ងៃដែលនៅក្នុងឆមាសនោះ ។ យើងនឹងមិនកំណត់ថា « អានរាល់ថ្ងៃ » មានអត្ថន័យយ៉ាងណានោះទេ ។ ប៉ុន្តែ ពេលដែលពួកគេចូលរួមក្នុងការសិក្សាព្រះគម្ពីរសម្រាប់វគ្គសិក្សាជារៀងរាល់ថ្ងៃ នៅក្នុងរបៀបណាក៏ដោយ ៧៥ ភាគរយនៃពេលវេលានោះ នឹងជាចំនុចលើកទឹកចិត្តមួយ ដើម្បីជំរុញពួកគេឲ្យមានបទពិសោធន៍នោះ ជាផ្នែកនៃពេលវេលាថ្នាក់សិក្ខាសាលារបស់ពួកគេ ។
បងប្រុស ប៊ីកាឡូ ៖ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលលោកបានលើកឡើងថា គោលដៅអាចខុសគ្នា ហើយលទ្ធផលដែលយើងចង់បានសម្រាប់បុគ្គលម្នាក់ៗ—គឺថា ពួកគេសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ ផ្នែកខ្លះនៃពិភពលោក កន្លែងដែលយើងមានថ្នាក់សិក្ខាសាលា ពួកគេមិនទាំងមានព្រះគម្ពីរបោះពុម្ពសម្រាប់អានបានផង ។ ដូច្នោះដើម្បីបង្កើតបទដ្ឋានមួយ ដែលត្រូវសម្រាប់ពិភពលោកទាំងមូល—ការណ៍នេះអនុញ្ញាតឲ្យយើងធ្វើវាបាន ។ វាអនុញ្ញាតឲ្យយើងនិយាយថា « យើងចង់ឲ្យបងប្អូនអភិវឌ្ឍចំណងទាក់ទងរបស់បងប្អូនជាមួយនឹងព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក » ។ ហើយនោះនឹងកើតឡើងនៅក្នុងទម្លាប់ប្រចាំថ្ងៃនៃការសិក្សាព្រះបន្ទូលនៃព្រះ ។
បងប្រុស វិប ៖ ដូច្នេះ សូមទាញយកឱកាសនោះជារៀងរាល់ថ្ងៃ ដើម្បីស្ដាប់ឮសំឡេងរបស់ទ្រង់ ។
បងប្រុស ប៊ីកាឡូ ៖ ពិតមែនហើយ ។
បងប្រុស វិប ៖ ហើយវាពង្រីកការទុកចិត្តដល់គ្រូបង្រៀនផងដែរ មែនទេ ? ដើម្បីធ្វើការជាលក្ខណៈបុគ្គលជាមួយសិស្ស ដើម្បីបង្កើតបទពិសោធន៍របស់ពួកគេទៅតាមតម្រូវការ និងសមត្ថភាពរបស់ពួកគេ ។ ពួកយើងទុកចិត្តលើបងប្អូន ។ ហេតុដូច្នោះហើយបានជាយើងមិនកំណត់ថា វាមានន័យយ៉ាងណា ជាងដែលយើងបាននិយាយហើយនេះនោះទេ ។
បងប្រុស ប៊ីកាឡូ ៖ ពិតមែនហើយ ។
បងប្រុស វិប៖ សូមអរគុណ ។ ដូច្នេះ ការផ្លាស់ប្ដូរទាំងនោះ ពិតណាស់ ត្រូវបានប្រកាស និងអនុវត្តរួចហើយ ហើយយើងសូមអរគុណចំពោះកិច្ចខិតខំរបស់បងប្អូនទាំងអស់គ្នា ក្នុងការអនុវត្តវាយ៉ាងល្អបំផុតតាមដែលអាចធ្វើទៅបាន ក្នុងការផ្ដល់ពរជ័យដល់សិស្ស ។ ការផ្លាស់ប្តូរមួយទៀតឬប្រហែលជាដំរីនៅក្នុងបន្ទប់ គឺជារោគរាតត្បាតនិងអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៅក្នុងថ្នាក់រៀនរបស់យើងដែលមានការរំខាន និងការផ្លាស់ប្ដូរជាច្រើនជាមួយនឹងការរៀនអនឡាញ និងការផ្លាស់ប្ដូរផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងដោយសារតែរោគរាតត្បាត ។ រ៉ូរី តើលោកថា យើងបានរៀនអ្វីខ្លះពីរោគរាតត្បាតនេះ ហើយតើមានអ្វីនឹងផ្លាស់ប្ដូរក្នុងពេលខាងមុខទៀតដោយសារវា ?
បងប្រុស ប៊ីកាឡូ ៖ខ្ញុំគិតថា ដំបូង និងសំខាន់បំផុត—ហើយលោកបានលើកឡើងពីវានៅក្នុងសន្ទុរកថារបស់លោកថ្ងៃនេះ—គឺយើងបានដឹងថា យើងមានមនុស្សដ៏ល្អ ដែលធ្វើការ និងបម្រើជាមួយយើង ។ ហើយប្រសិនបើលោកបន្ថែមសាលារបស់សាសនាចក្រ និងពួកអ្នកផ្សព្វផ្សាយសាសនា និងគ្រូដែលបានហៅ ព្រមទាំងបុគ្គលិកពេញម៉ោង ក្រៅម៉ោងទាំងអស់ នោះវាមានចំនួនលើសពីប្រាំមួយម៉ឺននាក់នៅទូទាំងពិភពលោក ។ ហើយពួកគេល្អៗណាស់ ។ ប៉ុន្តែខ្ញុំគិតថា អ្វីដែលបានកើតឡើងជាមួយនឹងរោគរាតត្បាតនេះ គឺវាបង្កើតជាការដាស់តឿនមួយដល់យើង អំពីជំនាញដែលយើងប្រហែលជាមិនមាន ។
មានហានិភ័យក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ប្រហែលជាប្រាំពីរឆ្នាំមកហើយ ភរិយាខ្ញុំ និងខ្ញុំត្រូវបានសុំឲ្យបម្រើជាថ្នាក់ដឹកនាំបេសកកម្មនៅក្នុងបេសកកម្មមួយក្នុងប្រទេសប្រេស៊ីល ។ ហើយយើងបានទៅរៀនភាសាព័រទុយហ្កាល់—ជាយុវជនម្នាក់ខ្ញុំបានបម្រើដែលនិយាយភាសាអេស្ប៉ាញ ដូច្នោះវាជាភាសាថ្មីមួយសម្រាប់យើង យើងគិតថា យើងមានកម្រិត ឬជំនាញជាក់លាក់មួយក្នុងការនិយាយភាសាព័រទុយហ្កាល់ ។
ខ្ញុំចាំថ្ងៃដំបូងបំផុត ពេលយើងបានទៅដល់បេសកកម្មនោះ ហើយប្រធានបេសកកម្មដែលត្រូវចាកចេញបានយកយើងទៅផ្ទះ ។ អ្នកគ្រប់គ្រងអគារបាននៅទីនោះ ហើយពេលយើងបានដើរចូលទៅក្នុងផ្ទះបាយ គាត់បាននិយាយថា « មើលន៎ លោកត្រូវការទិញទឹក » ។ គាត់ដាក់ដៃលើដបទឹកនៅទីនោះហើយគាត់បាននិយាយថា « លោកត្រូវទិញធុងទឹកថ្មីមួយនៅទីនេះ » ។ ហើយខ្ញុំបានស្លន់ស្លោ ដោយសារខ្ញុំមិនបានដឹងថា ខ្ញុំអត់ចេះនិយាយពាក្យ ធុងទឹកជាភាសាព័រទុយហ្កាល់ទេ ។ មានន័យថា ខ្ញុំបានរៀនអ្វីផ្សេងទៅវិញ ។ យើងរៀន យើងបានគិតថា យើងបានយល់ ។ ហើយខ្ញុំបាននិយាយទៅគាត់ថា « តើលោកអាចជួយខ្ញុំបានទេ ? តើលោកនឹងធ្វើវាទេ ? » ហើយគាត់បានតបថា « ប្រាដកណាស់ » ។
នៅពេលគាត់កំពុងនិយាយទូរសព្ទ គាត់មិនបានឃើញ ខ្ញុំបែរខ្នងហើយដកកាតចេញមក សរសេរពាក្យនីមួយៗពីរបៀបនិយាយទិញទឹកនោះទេ ។ ហើយលោកដឹងទេ ខ្ញុំបានគិតថា គ្រួសារខ្ញុំ យើងនឹងស្លាប់ក្នុងពេលពីរសប្ដាហ៍ទៀត ដោយសារខ្ញុំមិនអាចទិញទឹកបាន ។
បទពិសោធន៍នោះជាពេលមួយដ៏ច្បាស់លាស់ ដែលបង្ហាញខ្ញុំថា ខ្ញុំមិនបានដឹងអ្វីដែលខ្ញុំបានគិតថាខ្ញុំដឹងនោះទេ ។ ហើយខ្ញុំគិតថា រោគរាតត្បាតនេះបានធ្វើអញ្ចឹងសម្រាប់យើង ។ កម្រិត—របស់យើង ឬភាពជំនាញរបស់យើង កម្រិតនៃភាពជំនាញរបស់យើងក្នុងការផ្ដល់ការអប់រំសាសនាតាមអនឡាញ គឺមិនទាន់ល្អគ្រប់គ្រាន់នោះទេ ។ មនុស្សមួយចំនួនបានសម្របតាមយ៉ាងលឿន ហើយជំនាញនោះដូចមានពីកំណើត ដែលជាប់នៅនឹងពួកគេ ហើយពួកគេអាចធ្វើវាបាន ។ អ្នកផ្សេងទៀតប្រហែលជាមិនដូច្នោះទេ ។
ហេតុដូច្នោះហើយ ខ្ញុំគិតថា រឿងមួយដែលខ្ញុំបានរៀន ហើយថាយើងនឹងត្រូវបន្តរៀន គឺ—យើងត្រូវបន្តអភិវឌ្ឍជំនាញ ប្រហែល—នេះជាឃ្លាដែលត្រូវប្រើ ។ យើងត្រូវស្វែងរករបៀបដើម្បីពង្រីកសមត្ថភាពរបស់យើង ។
លោកបានលើកឡើងអំពីអ្វីមួយនៅក្នុងសន្ទុរកថាបើករបស់លោក ។ ខ្ញុំចង់បកត្រឡប់ទៅវិញ ប៉ុន្តែខ្ញុំគិតថានេះ ពិតជាសំខាន់ណាស់ ។ មកពីអែលឌើរ ក្លាក ពេលលោកបានមានប្រសាសន៍ថា « មិនថាយើងមានការគោរពប្រតិបត្តិ ឬសេចក្ដីសង្ឃឹម ឬសេចក្ដីសប្បុរសកម្រិតណា មិនថាយើងទទួលបានជំនាញ និងសមត្ថភាពខាងវិជ្ជាជីវៈកម្រិតណានោះទេ វានឹងមិនគ្រប់គ្រាន់សម្រាប់កិច្ចការដែលនៅខាងមុខនោះទេ » ។៤
ហើយខ្ញុំគិតថា សម្រាប់ខ្ញុំផ្ទាល់ខ្លួន រឿងមួយក្នុងចំណោមរឿងទាំងឡាយដែលចេញមកពីរោគរាតត្បាត គឺបំណងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីកែលម្អ ដើម្បីប្រាកដថា ខ្ញុំកំពុងបំពេញតាមការរំពឹងទុក គឺការរំពឹងទុកដែលកើនឡើងរបស់ព្រះអម្ចាស់ នៅក្នុងពិភពលោកដ៏ខុសគ្នាយ៉ាងខ្លាំងដែលយើងមាននេះ ។ ដូច្នេះ តើវានឹងធ្វើអ្វីទៅចំពោះអនឡាញ ? ខ្ញុំអត់ដឹងទេ ។ អ័ដាម តើវានឹងធ្វើអ្វី សម្រាប់ការបង្រៀនអនឡានរបស់យើង ? ខ្ញុំគិតថា លោកឆ្លើយសំណួរនោះបានល្អជាង ។
បងប្រុស ស្ម៊ីធ ៖ បាទ ខ្ញុំនឹងបន្ថែមលើអ្វីដែលលោកបាននិយាយ ។ ខ្ញុំគិតថា យើងបានរៀនចំនុចសំខាន់ពីរពីជំងឺរាតត្បាតនេះ ថាយើងនឹងប្រើការឆ្ពោះទៅមុខ ។ ដូចដែលលោកបានលើកឡើង មួយគឺ យើងពិតជាធ្វើការជាមួយមនុស្សដែលល្អបំផុត ។ គ្រូបង្រៀនពេញម៉ោងរបស់យើង អ្នកស្ម័គ្រចិត្តរបស់យើង ពួកគេពិតជាមានឆន្ទៈ ល្អប្រពៃ និងលះបង់ណាស់ ។ ពួកគេពិតជាបានឈានជើងចូលកន្លែងដ៏ពិបាកមួយ ហើយធ្វើបានល្អណាស់ ។
យើងក៏បានរៀនពីឱកាសដើម្បីកែលម្អផងដែរ ។ ហើយខ្ញុំគិតថា យើងបានរៀនកាន់តែច្បាស់អំពីសំណួរដែលយើងត្រូវសួរ ដើម្បីរៀនពីចម្លើយដែលយើងត្រូវរៀន ។
រឿងមួយដែលយើងបានធ្វើនៅក្នុងអគារការិយាល័យសាសនាចក្រ គឺយើងបានរៀបចំនាយកដ្ឋានគ្រប់គ្រងការរៀនឌីជីថលមួយ ។ ឥឡូវនេះ នោះគឺមានន័យថា ការបែងចែកមនុស្សដែលមានជំនាញដើម្បីជួយយើងឲ្យរីកចម្រើនជាមួយនឹងការបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានអនឡាញ ។ មូលហេតុដែលយើងហៅវាថា គ្រប់គ្រងការរៀនឌីជីថល គឺដោយសារពាក្យ អនឡាញ អាចមានន័យជាច្រើនយ៉ាងខុសៗគ្នា ។ ហើយអ្វីដែលយើងចង់និយាយនោះគឺការបញ្ជូនឲ្យពីចម្ងាយគ្រប់ប្រភេទទាំងអស់ ដោយប្រើប្រាស់បច្ចេកវិជ្ជា មិនថាវាជាការរៀនឆ្លាស់គ្នាផ្ទាល់ផងអនឡាញផង ឬជាការប្រជុំតាមវីដេអូ ឬជាការបញ្ជូនទៅតែម្យ៉ាងក្ដី—មានរបៀបច្រើនណាស់ដែលយើងអាចពិនិត្យដល់ ។
ប៉ុន្តែខ្ញុំគិតថា អ្វីដែលយើងបានរៀនគឺ តើសំណួរអ្វីដែលយើងត្រូវសួរ ? ហើយយើងកំពុងចាប់ផ្ដើមសួរសំណួរទាំងនោះ ដើម្បីយើងអាចបង្កើតធនធាន និងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីមួយ ដើម្បីជួយគាំទ្រអ្វីដែលនឹងជាការពង្រីកការបង្រៀនតាមឌីជីថលមួយរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
មែនហើយ នៅពេលកូវីដទៅបាត់ ដែលយើងទាំងអស់គ្នាសង្ឃឹមថាឆាប់ៗ នោះតម្រូវការនឹងមិនខ្ពស់ទេ ប៉ុន្តែវានឹងខ្ពស់ជាងពីមុន ដោយសារយើងពិតជាបានឈោងទៅដល់សិស្សមួយចំនួន ដែលយើងមិនបានទៅដល់ពីមុនមក ។ យើងអាចមានលទ្ធភាពផ្ដល់ពរជ័យជីវិត និងក្រុមគ្រួសារ ដែលយើងមិនបានផ្ដល់ពីមុនមក ដោយសារតែ ក្នុងរបៀបមួយ យើងត្រូវបានបង្ខំឲ្យផ្ដល់ការបង្រៀនតាមរបៀបនេះ ហើយឥឡូវនេះយើងឃើញពីអត្ថប្រយោជន៍របស់វា ។ ឥឡូវនេះ យើងដឹងពីសំណួរនានាដើម្បីសួរ ដើម្បីឲ្យបានប្រសើរឡើង ហើយយើងកំពុងតែរួមគ្នាខិតខំប្រឹងប្រែងដើម្បីរៀនពីចម្លើយទាំងនោះ ។ ហេតុដូច្នោះហើយ ខ្ញុំគិតថា នឹងមានអ្វីដែលគួរឲ្យរំភើបចេញមក ។
បងប្រុស វិប ៖ លោកដឹងទេ មនុស្សមួយចំនួនបានសួរថា « តើយើងនឹងឈានដល់ចំណុចមួយ ដែលយើងពិតជាមានកម្លាំងការងារអនឡាញទេ ? » ហើយខ្ញុំគ្រាន់តែចង់និយាយថា យើងនៅតែកំពុងពិភាក្សាអំពីសំណួរទាំងនោះនៅឡើយទេ ។ វាពិតជាអាចទៅរួចដែលថ្ងៃនោះនឹងមកដល់ ដែលនឹងមានគ្រូថ្នាក់សិក្ខាសាលាពេញម៉ោង ដែលបង្រៀនអនឡាញតែប៉ុណ្ណោះ ។ ប៉ុន្តែ វាក៏ពិតផងដែរថា យើងទាំងអស់គ្នាត្រូវមានការយល់ដឹងជាគ្រឹះអំពីរបៀបដើម្បីបង្រៀនអនឡាញដោយប្រសិទ្ធិភាព ។ នៅចំណុចណាមួយ យើងទាំងអស់គ្នាប្រហែលជាត្រូវបានហៅឲ្យធ្វើដូច្នោះ ។ ហើយពេលយើងធ្វើ ពិតណាស់យើងចង់ធ្វើវាឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ។ យើងបានឃើញគ្រូខ្លះ ដែលបានធ្វើវាយ៉ាងល្អអស្ចារ្យ ។ យើងបានឃើញគ្រូបង្រៀនដែលមានការចុះឈ្មោះកើនឡើងបួនដង នៅក្នុងកម្មវិធីថ្នាក់វិទ្យាស្ថាន ដោយសារពួកគេបង្រៀនអនឡាញយ៉ាងមានប្រសិទ្ធិភាព ។ ដូច្នេះ សំខាន់ជាងរចនាសម្ព័ន្ធរបស់អង្គការទៀតនោះគឺ តើយើងអាចរៀនពីជំនាញដែលចាំបាច់ ដើម្បីផ្ដល់ការអប់រំអនឡាញដោយប្រសិទ្ធិភាពបានទេ ហើយពិតជាអាចផ្ដល់ពរជ័យដល់មនុស្សតាមរយៈវិធីសាស្ត្រនៃការបង្រៀននោះបានដែរឬទេ ?
ហើយពេលយើងរៀនបន្ថែមទៀតអំពីវា យើងនឹងចែកចាយថែមទៀតអំពីវា នៅក្នុងឱកាសបំពាក់បំប៉ននានា ដើម្បីបងប្អូនអាចធ្វើឲ្យអស់ពីសមត្ថភាពក្នុងការផ្ដល់បទពិសោធន៍ការអប់រំខាងសាសនាដ៏មានប្រសិទ្ធិភាព ។ ដូច្នេះ ខ្ញុំគិតថានោះជាយោបល់ដ៏អស្ចារ្យ ។ អរគុណ ។
បងប្រុស ប៊ីកាឡូ ៖ការកែសម្រួលទៅនឹងការបង្រៀនអនឡាញនេះ ខ្ញុំមិនគិតថា វាជាការបោះបង់ចោលទាំងស្រុងនូវអ្វីដែលយើងបានធ្វើកាលពីអតីតកាលនោះទេ ។ ប៉ុន្តែ យើងពិតជាត្រូវកែសម្រួល ប្រហែលជាត្រូវរើសគ្រូបង្រៀនថ្នាក់វិទ្យាស្ថាន និងគ្រូបង្រៀនថ្នាក់សិក្ខាសាលាក្រៅម៉ោងបន្ថែមទៀត ។ អនឡាញផ្ដល់ឱកាសសម្រាប់មនុស្សឲ្យបង្រៀន មិនមែនមានវាជាបន្ទុកពេញលេញនោះទេ ។
បងប្រុស វិប ៖ ប៉ុន្តែគ្មាននរណាម្នាក់នឹងត្រូវបង្ខំឲ្យចូលទៅក្នុងការផ្លាស់ប្ដូរទាំងនោះទេ ។ យើងនឹងធ្វើការកែសម្រួលទាំងនោះ កាលដែលយើងឈានទៅមុខ និងនៅពេលដែលមានឱកាសថ្មីៗមកដល់ ។ មូលហេតុមួយសម្រាប់រឿងនោះ ខ្ញុំនឹងលើកឡើងដោយសង្ខេប ។ យើងមានចំនួនកម្លាំងការងារដែលជាស្ត្រីកើនឡើង ។ ហើយយើងមានអំណរគុណណាស់ចំពោះការចូលរួមចំណែក ដែលពួកគាត់កំពុងផ្ដល់ឲ្យ ។ ហើយដោយសារស្ថានភាពគ្រួសារ ឬមូលហេតុណាក៏ដោយ នោះពួកគាត់មួយចំនួនប្រហែលជាជ្រើសរើសចង់បង្រៀនក្រៅម៉ោង ឬបង្រៀនអនឡាញ ។
លោកដឹងទេ វាក៏ពិតផងដែរថា ពេលយើងមានស្ត្រីកាន់តែច្រើនឡើងនៅក្នុងកម្លាំងការងារ នោះឱកាសសម្រាប់ភាពជាអ្នកដឹកនាំសម្រាប់ពួកគាត់ក៏កើនឡើងផងដែរ ។ ខ្ញុំគ្រាន់តែចង់លើកឡើងថា យើងមាននាយកផ្នែកនៅក្នុងអគារការិយាល័យសាសនាចក្រចំនួន ១០ នាក់ ហើយក្នុងនោះបីនាក់គឺជាស្ត្រី ។ ហើយពួកគាត់មិនត្រូវបានតែងតាំង ឬជ្រើសរើសសម្រាប់មុខតំណែងទាំងនោះ ដោយសារពួកគាត់ជាស្ត្រីនោះទេ ពួកគាត់ជាបេក្ខជនដែលមានលក្ខណៈគ្រប់គ្រាន់បំផុតសម្រាប់មុខតំណែងទាំងនោះ ហើយកំពុងតែផ្ដល់ការរួមចំណែកដ៏អស្ចារ្យដល់ការងារដែលយើងកំពុងធ្វើ ។
ប៉ុន្តែ វាគ្រាន់តែជាគំរូមួយប៉ុណ្ណោះ កាលដែលអង្គការរបស់យើងរីកលូតលាស់ទៅ រឿងនេះនឹងកើតឡើងផងដែរជាមួយនឹងនាយកភូមិភាគ ជាមួយអ្នកគ្រប់គ្រងសាលា ឬអ្នកគ្រប់គ្រងកម្មវិធី ។ ហើយខ្ញុំនឹងលើកឡើងផងដែរថា សម្រាប់បងប្អូនទាំងនោះ ដោយសារវាជាការផ្លាស់ប្ដូរមួយនៅក្នុងកម្លាំងការងាររបស់យើង នោះយើងត្រូវដឹងអំពីរឿងនោះ ។ ហើយសម្រាប់បងប្អូនដែលជាអ្នកគ្រប់គ្រងកម្មវិធី ត្រូវដឹងឲ្យកាន់តែច្បាស់ពីទស្សនវិស័យខុសៗគ្នា ហើយប្រឹក្សារួមគ្នា និងទាញយកបទពិសោធន៍របស់គ្នា និងទទួលបានទស្សនវិស័យរបស់ពួកគេ ។
ខ្ញុំគ្រាន់តែគិតថា វាជាអ្វីដែលយើងត្រូវដឹងខ្លួន ដើម្បីទទួលបានប្រយោជន៍ពីកម្លាំងការងារដែលកាន់តែចម្រុះ ។ ហើយខ្ញុំដឹងថា ការណ៍នេះសំដៅពិសេសដល់បុគ្គលិក ប៉ុន្តែវាក៏ពិតផងដែរជាមួយនឹងពិភពលោកមួយដែលពោរពេញទៅដោយគ្រូបង្រៀន បុរស និងស្ត្រី ដែលមកពីគ្រប់មជ្ឈដ្ឋានផ្សេងៗគ្នា ដែលត្រូវបានហៅជាគ្រូបង្រៀន ដែលមានអ្វីៗជាច្រើនដើម្បីផ្ដល់ឲ្យ ដែលយើងត្រូវស្ដាប់ដល់ និងយល់ពីទស្សនវិស័យ និងបទពិសោធន៍របស់ពួកគេ ដើម្បីយើងអាចផ្ដល់ពរជ័យដល់សិស្សនៅក្នុងអង្គការរបស់យើង ។
បងប្រុស ប៊ីកាឡូ ៖ មនុស្សជាច្រើនប្រហែលជាមិនបានដឹងរឿងនេះទេ ប៉ុន្តែយើងកំពុងចាប់ផ្ដើមបង្កើតក្រុមចុះតាមតំបន់ ។ វាអនុញ្ញាតឲ្យបងប្អូនមានអ្នកសរសេរកម្មវិធីសិក្សាមកពីជុំវិញពិភពលោក និងសេវាកម្មបំពាក់បំប៉នជាបុគ្គល និងជាក្រុម ប្រហែលជាមកពីផ្នែកខុសៗគ្នានៃពិភពលោកនេះ ។ ហើយវានឹងអនុញ្ញាតឲ្យយើងឃើញកាន់តែច្បាស់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក ជាជាងការមើលឃើញដ៏តូចចង្អៀតមួយ ។
បងប្រុស វិប៖ សូមអរគុណ ។ អ័ដាម តើយើងអាចត្រឡប់ទៅលោកវិញបានទេ ? មានអ្វីកំពុងកើតឡើងជាច្រើនជាមួយនឹងថ្នាក់វិទ្យាស្ថានច្នៃប្រឌិត មានមនុស្សជាច្រើនចាប់អារម្មណ៍ក្នុងរឿងនេះ និងបានចូលរួមចំណែកក្នុងកិច្ចខិតខំនោះ ។ តើលោកអាចប្រាប់យើងពីបច្ចុប្បន្នភាពនៃថ្នាក់វិទ្យាស្ថានច្នៃប្រឌិតនោះបានទេ ?
បងប្រុស ស្ម៊ីធ ៖ មែនហើយ យើងពិតជាបានលះបង់ពេលវេលា និងធនធានជាច្រើន ហើយនាយក និងគ្រូបង្រៀនថ្នាក់វិទ្យាស្ថានដ៏ល្អៗជាច្រើន កំពុងសម្លឹងមើលទៅលើការផ្លាស់ប្ដូរ ដូចជា ការផ្លាស់ប្ដូរបរិយាកាសដែលមាន ឬការផ្ដល់វគ្គសិក្សាថ្មី ឬការកែសម្រួលចំណងជើងវគ្គសិក្សាទៀតផង ។ ទាំងអស់នេះគឺល្អណាស់ ។ ខ្ញុំគិតថា ប្រហែលជាអ្វីដែលសំខាន់បំផុត ដែលយើងកំពុងធ្វើ គឺយើងកំពុងស្ដាប់សិស្សថ្នាក់វិទ្យាស្ថានរបស់យើង ជាពិសេសការផ្ដោតលើការស្ដាប់ដល់សិស្សទាំងឡាយ ដែលអាចមករៀនជាមួយយើង ប៉ុន្តែមិនមកវិញ ។ ប្រហែលជាពួកគេធ្លាប់មក ហើយមិនបានត្រឡប់មកវិញ ឬប្រហែលជាពួកគេមិនធ្លាប់មកថ្នាក់វិទ្យាស្ថានទាល់តែសោះ ។ ហេតុដូច្នោះហើយ យើងពិតជាកំពុងផ្ដោតទៅលើការស្ដាប់ដល់ពួកគេ ។
ទោះយ៉ាងណា ខ្ញុំគិតថា ការច្នៃប្រឌិតដ៏សំខាន់បំផុតដែលយើងអាចធ្វើ គឺការកែសម្រួលបន្តិចចំពោះរបៀបដែលយើងបង្រៀន ។ ដូចលោកបាននិយាយ រ៉ូរី វាមិនមែនជាការរុះរើទ្រង់ទ្រាយទាំងមូលទេ វាគ្រាន់តែជាការកែសម្រួលតូចៗ ការផ្លាស់ប្ដូរតូចៗនៅក្នុងអ្វីដែលយើងធ្វើជាញឹកញាប់ ។ ហើយបងប្រុស វិប ខ្ញុំគិតថា សន្ទុរកថារបស់លោកមកដល់យើងកាលពីខែ មិថុនា មុន នៅកន្លែងដែលលោកបានគូសបញ្ជាក់អំពីការបង្កើតថ្នាក់រៀននៃការប្រែចិត្តជឿ នៃការទាក់ទង និងជាកម្មសិទ្ធ នោះគឺពិតជារបៀបដែលយើងច្នៃប្រឌិតថ្នាក់វិទ្យាស្ថាន ។
តាមពិតទៅ ខ្ញុំចង់ចែកចាយដំណើររឿងមួយ ដែលត្រូវបានចែកចាយជាមួយខ្ញុំដោយនាយកប្រចាំតំបន់មួយរូប អំពីគ្រូបង្រៀនថ្នាក់វិទ្យាស្ថានម្នាក់ ។ គាត់កំពុងរៀបចំដើម្បីបង្រៀនថ្នាក់តាម Zoom ជាលើកទីមួយ អំពីវគ្គសិក្សាក្រុមគ្រួសារដ៏អស់កល្ប ។ ហេតុដូច្នេះហើយ នៅក្នុងការរៀបចំ គាត់បានអញ្ជើញសិស្សម្នាក់ៗរបស់គាត់ ឲ្យធ្វើវីដេអូខ្លីមួយដើម្បីណែនាំខ្លួនពួកគេ ។
ហើយសិស្សប្រុសម្នាក់របស់គាត់បានសម្រេចចិត្តណែនាំខ្លួនគាត់ទៅកាន់ថ្នាក់វិទ្យាស្ថាននោះថា គាត់ជាខ្ទើយ ហើយបានចែកចាយថា គាត់បានមានបញ្ហាមួយចំនួនជាមួយនឹងជំហររបស់សាសនាចក្រលើក្រុមគ្រួសារ និងលើអាពាហ៍ពិពាហ៍ ។ ហើយគ្រូបង្រៀននេះបានដឹងថា គាត់រៀបនឹងទៅបង្រៀនគោលលទ្ធិ និងគោលការណ៍នៃក្រុមគ្រួសារ ។ ដូច្នេះ គាត់បានសម្រេចចិត្តដើម្បីមានការគិតគូរ និងប្រុងប្រយ័ត្នណាស់ ហើយបានអធិស្ឋានអំពីវា ។ គាត់បានឈោងទៅជួយយុវជននេះដោយចិត្តស្មោះសរបំផុត ហើយបានឲ្យសិស្សនោះដឹងថា គាត់ចង់ឲ្យថ្នាក់វិទ្យាស្ថានជាកន្លែងមួយ ដែលមិនត្រឹមតែគាត់អាចបង្រៀនគោលលទ្ធិយ៉ាងច្បាស់ និងបង្រៀនពីអ្វីដែលព្យាការី និងសាវកបានបង្រៀននោះទេ ប៉ុន្តែក៏ជាកន្លែងមួយដែលសិស្សអាចទទួលអារម្មណ៍សុវត្ថិភាព និងមិនវិនិច្ឆ័យ ជាកន្លែងដើម្បីចែកចាយកង្វល់ និងបញ្ហា និងសំណួររបស់ពួកគេផងដែរ ។
ដោយការឈោងទៅជួយយុវជននេះ គាត់បានចែកចាយជាមួយនឹងគ្រូបង្រៀនរបស់គាត់ថា គាត់បានគ្រោងនឹងនៅស្ងៀមក្នុងអំឡុងពេលមេរៀនទាំងមូល ដោយសារនោះជាអ្វីដែលគាត់តែងតែធ្វើ ។ នៅពេលនរណាម្នាក់ នៅកន្លែងណាក៏ដោយ នៅក្នុងព្រះវិហារចាប់ផ្ដើមបង្រៀនអំពីក្រុមគ្រួសារ គាត់មិនយកចិត្តទុកដាក់ ហើយនៅស្ងៀម ។ ប៉ុន្តែ ដោយសារគ្រូបង្រៀននេះបានឈោងទៅជួយសិស្សតាមរបៀបនោះ នោះសិស្សនេះបានតាំងចិត្តថា គាត់នឹងមករៀន ហើយចូលរួម ។ ហើយថ្នាក់នោះមានបទពិសោធន៍ពិតអស្ចារ្យ ដោយសារយុវជននេះគឺជាអ្នករួមចំណែកដ៏អស្ចារ្យ ហើយកង្វល់ និងសំណួររបស់គាត់ពិតជាបានជួយសម្របសម្រួលការពិភាក្សាដ៏មានអត្ថន័យ ដោយសារតែវាជាបរិយាកាសនៃសេចក្ដីជំនឿ ដែលសេចក្ដីពិតកំពុងត្រូវបានបង្រៀន ទើបមានសំណួរដ៏ពិត និងស្មោះត្រង់ និងស្មោះសរ អាចត្រូវបានសួរ ។
មែនហើយ បន្ទាប់ពីបទពិសោធន៍នៅក្នុងថ្នាក់រៀននោះ សិស្សនោះបានសរសេរលិខិតនេះដល់គ្រូបង្រៀននោះ ដែលត្រូវបានចែកចាយជាមួយខ្ញុំ ។ ហើយខ្ញុំគិតថា វាពិតជាកំពុងតែប្រាប់ពីអ្វីដែលយើងពិតជាចង់ធ្វើដល់ថ្នាក់វិទ្យាស្ថានច្នៃប្រឌិត ។ គាត់បាននិយាយបែបនេះ ៖
« ខ្ញុំគ្រាន់តែចង់ថ្លែងអំណរគុណ សម្រាប់របៀបដែលមេរៀនបានដំណើរទៅ ។ ខ្ញុំមានអារម្មណ៏ភ័យបន្តិចដែរ ហើយខ្ញុំមិនចង់និយាយអ្វីនោះទេ ប៉ុន្តែ នៅទីបញ្ចប់ ខ្ញុំស្ទើរតែស្រែកខ្លាំងៗថា ‹ អរគុណ › ។ មេរៀននោះអស្ចារ្យណាស់ ។ ខ្ញុំប្រៀបធៀបវាទៅនឹងមេរៀនមួយ ដែលខ្ញុំបានទទួល បន្ទាប់ពីបានសារភាពថាជាខ្ទើយដល់គ្រូថ្នាក់សិក្ខាសាលាម្នាក់នៅវិទ្យាល័យដែលបានគាំទ្រខ្ញុំ បន្ទាប់ពីខ្ញុំបានប្រាប់គាត់ពីអ្វីដែលបានកើតឡើងចំពោះខ្ញុំ នៅថ្នាក់មួយទៀត ។ មេរៀនរបស់គាត់ និងមេរៀនរបស់លោកគ្រូ គឺពោរពេញដោយក្ដីស្រឡាញ់ និងការគាំទ្រ និងដូចជាបានផ្លាស់ប្ដូរជីវិតខ្ញុំទាំងស្រុង ។ ខ្ញុំមានអារម្មណ៍ត្រឡប់ជាចង់បន្តនៅក្នុងដំណឹងល្អទៀត និងមានការតាំងចិត្តជាថ្មីមួយចំពោះការព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីរស់នៅតាមគំរូនេះ ។ វាជាការផ្លាស់ប្ដូរជីវិត ។ អរគុណ ។ ហើយអរគុណដែលបានឆ្លើយសំណួររបស់ខ្ញុំ និងចង់ស្គាល់ខ្ញុំ និងគាំទ្រខ្ញុំ ។ ខ្ញុំសរសេរនូវអារម្មណ៍របស់ខ្ញុំ អំពីអ្វីៗគ្រប់យ៉ាង ដោយសារខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ… ខ្លាំងណាស់ ។ ខ្ញុំបានសរសេរនៅក្នុងកំណត់ហេតុព្រះគម្ពីររបស់ខ្ញុំថា ខ្ញុំមានអំណរគុណ និងរីករាយខ្លាំងណាស់ ។ ខ្ញុំសប្បាយចិត្តឡើងយំហើយនៅពេលនេះ ។ សូមអរគុណ ពីប្អូនប្រុសរបស់បង និងជាបុត្រានៃព្រះ » ។
យើងឃើញគ្រូបង្រៀននេះបានភ្ជាប់ទំនាក់ទំនងដ៏មានអត្ថន័យជាមួយនឹងសិស្សម្នាក់ នៅក្នុងរបៀបមួយដែលផ្ដល់សេចក្ដីសង្ឃឹម និងភាពក្លាហានដល់គាត់ ឲ្យមកកាន់ព្រះអង្គសង្គ្រោះ និងបន្តដើរលើផ្លូវនៃសេចក្ដីសញ្ញារបស់គាត់ ។ ហើយដោយសារថ្នាក់រៀនរបស់គ្រូបង្រៀននេះ ឥឡូវនេះជាកន្លែងមួយនៃការប្រែចិត្តជឿ នៃការទាក់ទង និងជាកម្មសិទ្ធ ។
បងប្រុស វិប ៖ ខ្ញុំចូលចិត្តរបៀបដែលលោកឆ្លើយសំណួរនោះណាស់ ។ យើងនឹងខិតខំធ្វើការលើការផ្លាស់ប្ដូរខាងបរិយាកាស និងគម្រោងវគ្គសិក្សា និងគ្រប់ការណ៍ទាំងអស់ ។ ហើយកាលដែលបងប្អូនរកឃើញរបៀបជាក់ស្ដែងថ្មីៗ ដើម្បីច្នៃប្រឌិតថ្នាក់វិទ្យាស្ថាន ទៅដល់ចុងបញ្ចប់នៃការអញ្ជើញសិស្សបន្ថែមទៀត ជាសិស្សដែលមិនបានចូលរួមឥឡូវនេះ ។ បន្ទាប់មក ពេលពួកគេមក ដើម្បីទទួលបទពិសោធន៍ដូចនោះ វានឹងរក្សាពួកគេ និងភ្ជាប់ទំនាក់ទំនងពួកគេទៅនឹងព្រះវរបិតាសួគ៌ នោះហើយពិតជាគោលបំណងនៃការផ្ដួចផ្ដើមទាំងអស់នេះ ដូច្នេះ សូមអរគុណ ។
មែនហើយ សូមឲ្យខ្ញុំសួរសំណួរចុងក្រោយមួយ ហើយសូមឲ្យលោកទាំងពីរឆ្លើយ ។ យើងបាននិយាយអំពីរឿងរ៉ាវជាច្រើន ដែលបងប្អូនបានដឹងរួចហើយ ប៉ុន្តែអ្វីមួយដែលពួកគេប្រហែលជាមិនដឹង គឺការផ្លាស់ប្ដូរខ្លះដែលនឹងមានក្នុងសៀវភៅក្បួនខ្នាត—គឺសៀវភៅ ការបង្រៀន និងការរៀនសូត្រនិងអ្វីៗផ្សេងទៀតដែលទាក់ទងនឹងការបំពាក់បំប៉ន ដែលនឹងរួមគ្នាជាមួយនឹងក្បួនខ្នាត—ថ្មីៗរបស់យើង ។ ដូច្នេះ តើលោកនឹងប្រាប់ពួកគេអំពីអ្វីខ្លះ ពីអ្វីដែលថ្មីដែលយោងដល់ការបំពាក់បំប៉នរបស់យើងនោះ ?
បងប្រុស ស៊្មីធ ៖ យើងពិតជាកំពុងបង្កើនកិច្ចខិតខំរបស់យើង ដើម្បីផ្ដោត និងធ្វើឲ្យសាមញ្ញ និងរួបរួមគ្នា ។ ហើយយើងពិតជារំភើបចិត្តណាស់ សម្រាប់ឱកាសដែលយើងមាន ដើម្បីសហការជាមួយនឹងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ នៅក្នុងនាយកដ្ឋានបព្វជិតភាព និងក្រុមគ្រួសារ ដើម្បីមានសៀវភៅក្បួនខ្នាតមួយសម្រាប់គ្រូបង្រៀននៅក្នុងសាសនាចក្រ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ និង ការបង្រៀន និងការរៀនសូត្រដំណឹងល្អ នឹងមកជាមួយគ្នា ហើយនឹងត្រូវបានធ្វើឲ្យសាមញ្ញ និងច្បាស់លាស់ និងបង្រួបបង្រួម ដើម្បីផ្ដល់ដល់យើងយ៉ាងពិតប្រាកដនូវនិយមន័យយ៉ាងច្បាស់នៃការបង្រៀន ថាបទពិសោធន៍ថ្នាក់រៀនគួរមានលក្ខណៈយ៉ាងណា ថាអ្វីដែលអ្នករៀនគួរដកពិសោធន៍ នៅពេលពួកគេនៅជាមួយយើង ។ ឥឡូវនេះ នោះនឹងជាការទូទៅចំពោះគ្រូបង្រៀនដែលបានហៅ និងគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
ដូច្នេះ ដើម្បីគាំទ្ររឿងនោះយើងកំពុងចាប់ផ្តើមបង្កើតអ្វីដែលយើងហៅថា បណ្ណាល័យធនធានបំពាក់បំប៉ន់ ដូច្នេះនៅពេលគ្រូបង្រៀនម្នាក់អាននិយមន័យអំពីជំនាញមួយ នោះពួកគេដឹងថា មានកន្លែងមួយដែលពួកគេអាចទៅរក ដែលជំនាញនោះអាចយកគំរូតាម និងបានពន្យល់ ជាកន្លែងដែលពួកគេអាចទទួលការបំពាក់បំប៉នពីវា ហើយវា ជាការអញ្ជើញឲ្យហាត់សមវា និងអនុវត្តវា ។ ដូច្នេះ យើងពិតជាសង្ឃឹមថានឹងជួយដល់គ្រូបង្រៀនរបស់យើងឲ្យកំណត់ពីជំនាញមួយ ដែលពួកគេចង់កែលម្អ ហើយមានធនធានដើម្បីកែលម្អវា ។ បន្ទាប់មកគួបផ្សំជាមួយនោះ យើងពិតជាចង់ស្វែងរករបៀបដើម្បីវាស់វែង តើយើងកំពុងធ្វើអ្វីដែលយើងសង្ឃឹមដើម្បីសម្រេចបានដែរឬទេ ? តើយើងកំពុងសម្រេចបានគោលបំណងរបស់យើង នៅក្នុងជីវិតមនុស្សវ័យក្មេងរបស់យើងដែរឬទេ ?
ហើយយើងកំពុងសម្លឹងមើលវិធីដ៏មានប្រសិទ្ធិភាព និងមានអត្ថន័យសម្រាប់គ្រូបង្រៀនដើម្បីវាស់វែង និងវាយតម្លៃខ្លួនពួកគេ ដើម្បីកែលម្អរបៀបដែលគ្រូបង្រៀនម្នាក់ទទួលបានជំនួយពីអ្នកគ្រប់គ្រង ដែលអាចមកជួយពួកគេឲ្យរីកចម្រើន និងអភិវឌ្ឍ និងបានប្រសើរឡើង ហើយក៏សួរសិស្សរបស់យើងអំពីអ្វីដែលជាបទពិសោធន៍របស់ពួកគេ និងអ្វីដែលពិតជាកំពុងកើតឡើងក្នុងជីវិតរបស់ពួកគេផងដែរ ។ ហើយយើងសង្ឃឹមថា ទាំងអស់នេះនឹងត្រូវបានធ្វើនៅក្នុងស្មារតីនៃការលើកទឹកចិត្ត និងការរីកចម្រើន និងរីកលូតលាស់ ហើយជាឱកាសមួយសម្រាប់យើងដើម្បីប្រើប្រាស់ធនធាននានាដែលមាន ដើម្បីធ្វើជាគ្រូបង្រៀនកាន់តែប្រសើរឡើង ។
យើងទាំងអស់គ្នាដឹងថា យើងកំពុងរស់នៅក្នុងថ្ងៃពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ហើយមនុស្សវ័យក្មេងទាំងនោះ ដែលមកក្នុងថ្នាក់រៀនរបស់យើង គឺនៅក្នុងចំណោមមនុស្សល្អបំផុតដែលមានក្នុងពិភពលោកនេះ ។ ហើយយើងត្រូវធ្វើជាគ្រូបង្រៀនល្អ ពីព្រោះពួកគេល្អណាស់ ។ ដូច្នេះ យើងគ្រាន់តែចង់ធ្វើឲ្យបានប្រសើរឡើង ។
បងប្រុស ប៊ីកាឡូ ៖ ខ្ញុំគិតថា វាគួរឲ្យចាប់អារម្មណ៍ អ្វីដែល អ័ដាម បានគូសបញ្ជាក់ វាគឺជាគំនិតនេះ ដែលថា តើយើងអាចកំណត់ថា អ្វីទៅដែលយើងសង្ឃឹមចង់ឲ្យកើតឡើងនោះ ? តើយើងអាចបំពាក់បំប៉នវា ដើម្បីឲ្យវាបំពេញតាមការរំពឹងទុកដែរឬទេ ? ហើយការវាស់វែងនេះគឺសំខាន់ណាស់ ។ យើងថែមទាំងបានពិភាក្សាពីវិធីទាំងឡាយ ដើម្បីព្យាយាមបង្ហាញការវាស់វែងនោះ ហើយបន្ទាប់មកដាក់គោលដៅមួយចំនួន ដោយផ្អែកទៅលើចំណុចដែលពួកគេកំពុងស្ថិតនៅលើ ហើយចំណុចណាដែលពួកគេចង់ទៅដល់ ។
បងប្រុស វិប ៖ លោកដឹងទេ នៅពេលយើងនិយាយអំពីការគ្រប់គ្រងការបំពេញការងារ ឬអ្វីក៏ដោយ យើងធ្វើឲ្យពាក្យនេះមានលក្ខណៈវិជ្ជាជីវៈបែបនេះ ហើយមនុស្សគិតថា « មែនហើយ ខ្ញុំកំពុងបង្រៀនដំណឹងល្អ ហើយវាធ្វើឲ្យខ្ញុំភ័យ » ។ បងប្អូនទាំងអស់គ្នាស្រឡាញ់សិស្សរបស់បងប្អូន បងប្អូនទាំងអស់គ្នាចង់ផ្ដល់ពរជ័យដល់ពួកគេ ។ ដូច្នេះ ដើម្បីមាននរណាម្នាក់នៅក្បែរបងប្អូន ដើម្បីជួយបងប្អូននៅក្នុងដំណើរការនោះ បំណងប្រាថ្នាដើម្បីផ្ដល់ពរជ័យដល់សិស្ស និងដើម្បីធ្វើជាការឆ្លុះបញ្ចាំងនូវអ្វីដែលកំពុងកើតឡើងនៅក្នុងថ្នាក់ និងដើម្បីផ្ដល់ជំនួយដល់បងប្អូន នៅក្នុងបំណងប្រាថ្នារបស់បងប្អូនដើម្បីរីកចម្រើន និងដើម្បីផ្ដល់ពរជ័យដល់សិស្ស—មិនមែនដោយសារបងប្អូនទាំងអស់គ្នាចង់ធ្វើជាគ្រូបង្រៀនដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែដោយសារបងប្អូនចង់បង្កើតបទពិសោធន៍ដ៏ល្អបំផុតសម្រាប់សិស្សរបស់បងប្អូន ។
ដូច្នេះ ខ្ញុំគិតថា នេះគឺពិតជារឿងដ៏រំភើបណាស់ ហើយខ្ញុំគិតថា បងប្អូនឃើញវា—នៅពេលបងប្អូនឃើញពីអ្វីដែលនឹងមកដល់ ជាមួយនឹងសៀវភៅក្បួនខ្នាត ជាមួយនឹងបណ្ណាល័យធនធានបំពាក់បំប៉ន និងសូម្បីតែជាមួយនឹងអ្វីដែលយើងហៅថា ការវាស់វែង ទាំងអស់នេះគឺពិតជារឿងវិជ្ជមាន និងមានប្រយោជន៍ ដែលខ្ញុំគិតថាបងប្អូននឹងរំភើបនៅពេលឃើញវា ។ យ៉ាងហោចណាស់នោះជាសេចក្ដីសង្ឃឹម មែនទេ ?
បងប្រុស ស្ម៊ីធ ៖ មែនហើយ ។
បងប្រុស វិប ៖ ដូច្នេះ ឥឡូវនេះ តើលោកចង់និយាយអ្វីទេ មុនពេលនឹងខ្ញុំបិទ—
បងប្រុស ប៊ីកាឡូ ៖ មែនហើយ ទិដ្ឋភាពមួយទៀតដែលខ្ញុំគិតថាសំខាន់យ៉ាងខ្លាំង គឺចំណុចនេះ ។ ជាញឹកញាប់ យើងផ្ដោតលើការបង្រៀន និងការកែលម្អការបង្រៀន ហើយមិនអើពើនឹងផ្នែកភាពជាអ្នកដឹកនាំ ឬផ្នែកគ្រប់គ្រងរបស់នាយកថ្នាក់សិក្ខាសាលា ឬអ្នកសម្របសម្រួល ឬនាយកភូមិភាគ ឬនាយកតំបន់ មិនថាជាមុខតំណែងអ្វីនោះទេ ។ ហើយឥឡូវនេះ យើងព្យាយាមមិនព្រងើយកន្ដើយនឹងរឿងនោះទៀតទេ ។ ជាកន្លែងដែលយើងដាក់នៅពីមុខ នូវគំនិតដែលថា ចូរយើងផ្ដល់ឯកសារតួនាទីមួយ ដែលជួយដល់នាយកម្នាក់ដឹងពីអ្វីដែលត្រូវបានរំពឹងចង់បាន ។ ដូច្នេះ ពេលដែលយើងនិយាយអំពីការវាស់វែង វាមិនគ្រាន់តែជាការវាស់វែងលើការបង្រៀនប៉ុណ្ណោះទេ វាជាការវាស់វែងលើភាពជាអ្នកដឹកនាំផងដែរ ។ ដូច្នេះ ពេលដែលខ្ញុំត្រូវបានសុំឲ្យធ្វើជានាយកម្នាក់ជាច្រើនឆ្នាំមកហើយនោះ ខ្ញុំប្រាកដជាស្វាគមន៍អ្វីដែលយើងកំពុងនិយាយនេះ ។
ប្រសិនបើខ្ញុំផ្ដល់ដល់បុគ្គលិក ជាបុគ្គលទាំងឡាយនៅក្នុងសាលារបស់ខ្ញុំ នូវជំនួយគ្រប់គ្រង \ និយាយថា « សូមជួយខ្ញុំឲ្យដឹងពីរបៀបដែលខ្ញុំកំពុងធ្វើ » ដោយផ្អែកទៅលើបទដ្ឋានមួយ « ហើយសូមជួយខ្ញុំឲ្យដឹងពីអ្វីដែលខ្ញុំត្រូវធ្វើដើម្បីកែលម្អ » ។ ខ្ញុំចង់ធ្វើជាអ្នកដឹកនាំដ៏ល្អបំផុតដែលខ្ញុំអាចធ្វើទៅបាន ហើយរបៀបតែមួយដែលខ្ញុំនឹងធ្វើដូច្នោះបាន គឺប្រសិនបើខ្ញុំដឹងពីចំណុចដែលខ្ញុំស្ថិតនៅលើ ចំណុចដែលខ្ញុំត្រូវទៅដល់ និងអ្វីដែលខ្ញុំអាចធ្វើបានដើម្បីទៅដល់ចំណុចនោះ ។ ដូច្នេះ អ្វីៗគ្រប់យ៉ាងដែលយើងបាននិយាយ គឺនៅក្នុងបរិបទនោះ ដែលថា ចូរយើងជួយយុវវ័យ យុវមជ្ឈិមវ័យបន្ថែមទៀតឲ្យមានបទពិសោធន៍ដ៏អស្ចារ្យមួយ ហើយវាក៏អនុវត្តចំពោះភាពជាអ្នកដឹកនាំរបស់ខ្ញុំដែរ ។
បងប្រុស វិប ៖វាសំខាន់ដើម្បីកត់ចំណាំថា ការកែសម្រួលទាំងនេះមួយចំនួន នឹងកើតឡើងយ៉ាងឆាប់រហ័ស—នៅក្នុងប៉ុន្មានខែខាងមុខនេះ—ហើយការកែសម្រួលផ្សេងទៀតនឹងត្រូវការពេលយូរជាង ។
អរគុណ ។ មែនហើយ មុនពេលយើងបញ្ចប់ផ្នែកនេះនៃការចាក់ផ្សាយនេះ ខ្ញុំសូមនិយាយរឿងមួយទៀតអំពីការផ្លាស់ប្ដូរជាទូទៅ ។ យើងអាចបង្កើតកម្មវិធីថ្មីៗ និងធនធានទាំងអស់នៅក្នុងពិភពលោកនេះ ប៉ុន្តែគ្មានអ្វីសំខាន់ទេ ហើយគ្មានអ្វីនឹងជោគជ័យដែរ លើកលែងតែយើងរួបរួមគ្នា ហើយលើកលែងតែយើងសម្របជាមួយនឹងព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។ វានឹងតម្រូវឲ្យយើងធ្វើឲ្យល្អបំផុតដែលអាចធ្វើទៅបាន ។ វានឹងតម្រូវថា យើងអនុញ្ញាតឲ្យព្រះមានជ័យជម្នះនៅក្នុងជីវិតរបស់យើង ។ វានឹងតម្រូវថា យើងមានឆន្ទៈឱបក្រសោប និងឆ្លើយតបដោយចិត្តសាទរចំពោះការផ្លាស់ប្ដូរនោះ ។ ដើម្បីមានអំណាចដើម្បីផ្លាស់ប្ដូរជីវិត យើងត្រូវតែបង្រៀន និងថ្លែងទីបន្ទាល់ចេញពីដួងចិត្តដែលបានផ្លាស់ប្ដូរ ។
សូមឲ្យដួងចិត្តយើងរួបរួមគ្នា នៅក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងបុព្វហេតុនៃព្រះគ្រីស្ទ ។ ហើយសូមឲ្យយើងកាន់តែពឹងផ្អែកទៅលើទ្រង់ ។ នៅពេលយើងធ្វើដូច្នោះ យើងនឹងអាចសម្របទៅនឹងការផ្លាស់ប្ដូរអ្វីក៏ដោយដែលនឹងកើតឡើង ។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យមើលឃើញ ហើយផ្លាស់ប្ដូរអ្វីដែលយើងត្រូវផ្លាស់ប្ដូរនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង និងនៅក្នុងការបង្រៀនរបស់យើង ។ ហើយយើងនឹងដកពិសោធន៍ដោយខ្លួនយើងថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។