ការបង្រៀនសេចក្ដីពិតនៅក្នុងភាសានៃសេចក្ដីស្រឡាញ់
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ ២០២១
ថ្ងៃ អង្គារ ទី ១៩ ខែ មករា ឆ្នាំ ២០២១
បងប្អូនប្រុសស្រី នេះជាឱកាសដ៏អស្ចារ្យមួយដើម្បីស្ដាប់ និងរៀន ! ខ្ញុំមិនដឹងថា មានបងប្អូនប៉ុន្មាននាក់ចូលរួមការប្រជុំនេះទេ ប៉ុន្តែខ្ញុំសូមបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនម្នាក់ៗ ដែលជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែលបានហៅ ជិត ៥៦០០០ នាក់ និងបងប្អូនជាគ្រូបង្រៀនជាង ២២០០ នាក់ ដែលធ្វើការ ឲ្យ ស៊ី. អ៊ី. អេស ដើម្បីបង្រៀនក្រុមដ៏សំខាន់នេះ—គឺជំនាន់ដែលកំពុងពេញវ័យ ! សូមអរគុណចំពោះការបម្រើដ៏លះបង់ និងកិច្ចខិតខំដ៏វីរភាពរបស់បងប្អូន យុវវ័យ និងយុវមជ្ឈិមវ័យដ៏មានតម្លៃរបស់យើងជាច្រើន កំពុងជ្រើសរើសដើម្បីស្មោះត្រង់ និងបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ការណែនាំ និងបទពិសោធន៍ខាងវិញ្ញាណ ដែលបងប្អូនផ្ដល់ឲ្យ គឺសំខាន់ខ្លាំងណាស់ដល់ការស្ថាបនាទីបន្ទាល់របស់ពួកគេ ។ ហើយខ្ញុំសូមទទួលស្គាល់ជាពិសេស និងការអបអរសាទរចំពោះបងប្អូនជាវីរជន ដែលពេលខ្លះមិនត្រូវបានគេកត់សម្គាល់ ៖ គឺជាស្វាមី និងភរិយារបស់គ្រូបង្រៀនទាំងអស់ ។ បើគ្មានការគាំទ្រដ៏ខ្ជាប់ខ្ជួនខាងសតិអារម្មណ៍ ខាងវិញ្ញាណ និងនៅក្នុងផ្ទះទេ នោះកិច្ចខិតខំនេះនឹងមិនបានសម្រេចឡើយ ។ ដូច្នេះ សូមថ្លែងអំណរគុណយ៉ាងធំធេងដល់បងប្អូនម្នាក់ៗដោយអស់ពីបេះដូងរបស់ខ្ញុំ !
នៅដើមឆ្នាំថ្មីនេះ—ដែលយើងទាំងអស់គ្នាសង្ឃឹមថានាំមកនូវដង្ហើមសុទិដ្ឋិនិយម ឬប្រហែលគ្រាន់តែជាការធូរស្បើយបន្តិចពីឆ្នាំមុន—វាជាការល្អដើម្បីក្រឡេកមើលទៅអ្វីដែលល្អៗដែលយើងកំពុងធ្វើ ។ ពិតណាស់ យើងទាំងអស់គ្នាចង់ជំនាញនៅក្នុងកិច្ចការរបស់យើង ប៉ុន្តែសំខាន់បំផុត យើងចង់ធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងជីវិតរបស់សិស្សយើងជាខ្លាំង ។
កាលដែលបងប្អូនធ្វើការជាមួយនឹងជំនាន់ដែលកំពុងពេញវ័យនេះ បងប្អូនចង់ជួយសិស្សរបស់បងប្អូនឲ្យយល់ពីប្រភពដើមដ៏ទេវភាពរបស់ពួកគេ គោលបំណងរបស់ពួកគេនៅក្នុងជីវិតរមែងស្លាប់ និងជាមនុស្សដែលពួកគេអាចប្រែក្លាយ ។ បំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់បងប្អូន គឺជួយពួកគេឲ្យចម្រើនឡើងដល់សក្តានុពលដ៏ទេវភាពរបស់ពួកគេ ។ គោលបំណងដែលបានចែងជាផ្លូវការរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន រួមមានការជួយដល់សិស្សឲ្យយល់ដឹង និងពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរៀបចំខ្លួនពួកគេសម្រាប់ពិធីបរិសុទ្ធនៃបព្វជិតភាពនៃព្រះវិហារបរិសុទ្ធ និងសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។ ពេលដែលបងប្អូនខិតខំដើម្បីបំពេញគោលបំណងទាំងនោះ បងប្អូនកំពុងបំពាក់អាវុធដល់ពួកគេឲ្យទប់ទល់នឹង « ព្រួញភ្លើងទាំងឡាយរបស់មារសត្រូវ »១ ក៏ដូចជាពង្រឹងដល់ពួកគេឲ្យក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ ដែលទន្ទឹងរង់ចាំដល់ការយាងមករបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនកំពុងជួយពួកគេឲ្យរៀបចំសម្រាប់តួនាទីក្នុងពេលអនាគតរបស់ពួកគេនៅក្នុងគ្រួសារ សាសនាចក្រ និងសហគមន៍ ក្នុងនាមជាអ្នកដឹកនាំដ៏សុចរិត និងជាគំរូដ៏ល្អ ។
ពេលខ្ញុំបានគិតអំពីប្រធានបទអ្វីខ្លះដែលអាចជាប្រយោជន៍សព្វថ្ងៃនេះ នោះខ្ញុំបានគិតអំពីពរជ័យដ៏អស្ចារ្យនៃការមានកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាស្របទៅនឹង ចូរមកតាមខ្ញុំនិងកម្លាំងដែលអាចមានសម្រាប់យុវវ័យ និងគ្រួសាររបស់ពួកគេ ។ ខ្ញុំបានគិតអំពីយុវមជ្ឈិមវ័យ ដែលកំពុងរស់នៅឆ្ងាយពីផ្ទះ និងយុទ្ធសាស្ត្រនៃការសិក្សាដំណឹងល្អដែល « ផ្ដោតលើគេហដ្ឋាន » នៅថ្នាក់វិទ្យាស្ថានអាចអនុវត្តចំពោះពួកគេជាយ៉ាងណា ។ ហើយខ្ញុំបានគិតអំពីរបៀបដើម្បីធ្វើឲ្យការណែនាំនេះ ទាក់ទងទៅនឹងយុវវ័យ និងយុវមជ្ឈិមវ័យ ។ បន្ទាប់ពីការពិចារណា ខ្ញុំបានសន្មត់ថា តាមរយៈការស្វែងរកវិវរណៈផ្ទាល់ខ្លួន និងការប្រឹក្សាជាមួយគ្រូបង្រៀនដទៃទៀត និងអ្នកគ្រប់គ្រងទាំងឡាយ បងប្អូនអាចស្វែងរកចម្លើយដើម្បីសម្រេចបាន « របៀបដើម្បីធ្វើ » ទាំងនោះ ។
ផ្ទុយទៅវិញ ខ្ញុំចង់ផ្តោតលើគោលការណ៍មួយចំនួន ។ គោលការណ៍ទាំងឡាយដែលខ្ញុំចង់ពិភាក្សានៅក្នុងផ្នែកនៃ « អ្វីដែលខ្ញុំប្រាថ្នាថាខ្ញុំបានដឹង ពេលខ្ញុំជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាម្នាក់ » ។ ការបម្រើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រលឹមអស់រយៈពេលប្រាំមួយឆ្នាំ គឺជាឱកាស និងពរជ័យដ៏អស្ចារ្យមួយ ។ វួដដែលខ្ញុំបានបង្រៀនបានរួមបញ្ចូលសិស្សមួយក្រុមធំ ដែលទៅរៀននៅវិទ្យាល័យចំនួន ១០ ផ្សេងៗគ្នា ។ ពួកគេមកពីគ្រប់ទីកន្លែង ប៉ុន្តែបានរួបរួមគ្នាក្នុងការរាប់អានគ្នា ។ ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយថា ខ្ញុំជាគ្រូបង្រៀនដ៏អស្ចារ្យ ប៉ុន្តែខ្ញុំ អាច និយាយថា ខ្ញុំបានរៀនការណ៍មួយចំនួនក្នុងឆ្នាំទាំងនោះ ហើយខ្ញុំចង់ចែកចាយគោលការណ៍ពីរយ៉ាងជាមួយបងប្អូន ។
គោលការណ៍ទីមួយដែលខ្ញុំបានរៀនគឺត្រូវ ផ្ដល់ឲ្យសិស្សនូវ « សាច់ » ខាងវិញ្ញាណ ។ យុវវ័យ និងយុវមជ្ឈិមវ័យនៃថ្ងៃចុងក្រោយទាំងនេះត្រូវការ « សាច់ » ខាងវិញ្ញាណនៃដំណឹងល្អ ដើម្បីឆ្លើយតបសំណួរពិបាកៗដែលមាន និងដើម្បីជួយពួកគេតស៊ូនឹងសម្ពាធនានាដែលអាចទាញពួកគេចេញពីផ្លូវនៃសេចក្ដីសញ្ញា ។ ពួកគេអាចដោះស្រាយវាបាន ។ ពួកគេត្រូវការវា ! យើងត្រូវយកពេលវេលាដើម្បីអធិស្ឋាន និងរៀបចំ—មិនត្រឹមតែឯកសារមេរៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកពេលដើម្បីស្គាល់សិស្សផងដែរ ដើម្បីយើងអាចយល់ពីអ្វីដែលពួកគេត្រូវការ ហើយបន្ទាប់មកដឹងពីអ្វីដែលត្រូវប្រើ ចេញពីអ្វីដែលយើងបានរៀបចំនោះ ។ យើងអាចឆ្លើយតបចំពោះការហៅ ៖ « យើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ » ។២ ខ្ញុំសូមចែកចាយឧទាហរណ៍ខ្លះៗ ។
ពេលខ្ញុំចូលរួមថ្នាក់សិក្ខាសាលា កាលជាយុវវ័យ នៅឆ្នេរខាងកើតនៃសហរដ្ឋ សមាជិកវួដមាននៅពាសពេញតំបន់ភូមិសាស្ត្រដ៏ធំមួយ ។ ក្រៅពីបងប្អូនស្រីខ្ញុំ មានសិស្សតែពីរនាក់ផ្សេងទៀតប៉ុណ្ណោះនៅក្នុងវិទ្យាល័យដ៏ធំរបស់ខ្ញុំ ដែលជាសមាជិកសាសនាចក្រ ។ ឥទ្ធិពលអវិជ្ជមាននៅក្នុងសង្គមគឺមានច្រើន ។ វាជាពេលនៃព្រឹត្តិការណ៍ច្របូកច្របល់ និងបែកបាក់ រួមទាំងការរំជើបរំជួលក្នុងជាយក្រុងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារទំនាស់ជាមួយអាជ្ញាធរ ចលាចលពូជសាសន៍រីករាលដាល សង្គ្រាមនៅផ្នែកម្ខាងទៀតនៃសកលលោក និងបាតុកម្មប្រឆាំងនឹងសង្គ្រាមនៅក្នុងប្រទេស ។ បែបផែនជីវិតនៃ « ការស្រឡាញ់ដោយសេរី » ការប្រើប្រាស់កញ្ឆា និងគ្រឿងញៀនដែលមានលក្ខណៈសេរីនិយម បង្កើតជាបរិយាកាសមួយដែលអបអរសាទរចំពោះបុគ្គលនិយម ហើយបោះបង់ចោលបទដ្ឋានសីលធម៌ ។ មានការធ្វើឃាតទាក់ទងនឹងនយោបាយ និងគំនិតខុសគ្នាយ៉ាងខ្លាំងក្នុងរបៀបដែលរដ្ឋាភិបាលគួរតែដំណើរការ មានការគិតបំបែកប្រជាជនទៅក្នុងក្រុមប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ។ ទសវត្សរ៍ដ៏ច្របូកច្របល់នោះបានបញ្ចប់យ៉ាងល្អនៅទីបំផុត នៅពេលដែលបុរសទីមួយបានចុះចតនៅលើភពព្រះចន្ទ ។៣ តើអ្វីៗទាំងនេះស្ដាប់ទៅស្រដៀងគ្នាទៅនឹងបរិយាកាសសង្គមដែលយុវវ័យ និងយុវមជ្ឈិមវ័យរបស់យើងកំពុងតែប្រឈមមុខនៅសព្វថ្ងៃនេះដែរឬទេ ?
សម្រាប់ខ្ញុំ វិទ្យាល័យបានចាប់ផ្ដើមពេលវេលានៃការរកឃើញ និងការធ្វើការជ្រើសរើសនៅក្នុងពិភពលោកមួយដែលកាន់តែទូលំទូលាយជាងគេហដ្ឋាន និងគ្រួសាររបស់ខ្ញុំ ។ ខ្ញុំបានដកពិសោធន៍នឹងទស្សនវិជ្ជាខាងលោកិយជាច្រើន ហើយខ្ញុំបានចាប់ផ្ដើមសង្ស័យសេចក្ដីពិតទាំងអស់ដែលខ្ញុំត្រូវបានបង្រៀនដោយឪពុកម្ដាយ និងគ្រូបង្រៀននៅសាសនាចក្រដ៏ស្មោះត្រង់របស់ខ្ញុំ អំឡុងពេលកុមារភាពខ្ញុំ ។ គ្រូបង្រៀនថ្នាក់សិក្ខាសាលាដំបូងរបស់ខ្ញុំ ស៊ីស្ទើរ ថមមែនឌ័រ ជាស្ត្រីដែលមានហេតុផល សក់ស្កូវមានបទពិសោធន៍ជាច្រើនសន្ធឹកសន្ធាប់ក្នុងសាសនាចក្រ និងមានទីបន្ទាល់ដ៏ជ្រាលជ្រៅអំពីដំណឹងល្អ ។ គាត់បានអញ្ជើញយើងឲ្យអានព្រះគម្ពីរមរមនទាំងមូលនៅឆ្នាំនោះ ហើយឲ្យមកថ្នាក់រៀនរាល់ថ្ងៃដោយការរៀបចំដើម្បីពិភាក្សាពីអ្វីដែលយើងបានអាន ។
ការបង្រៀនដ៏គិតគូរ បំផុសគំនិតរបស់ស៊ីស្ទើរ ថមមែនឌ័រ អំពីគោលលទ្ធិបានជះឥទ្ធិពលលើទីបន្ទាល់របស់ខ្ញុំតាមរបៀបមួយដ៏ធំធេង ។ ខ្ញុំបានដឹងដោយគ្មានការសង្ស័យថា គាត់បានដឹងថាសាសនាចក្រគឺពិត ដោយសារគាត់បានមកដោយត្រៀមយ៉ាងល្អ ដើម្បីពន្យល់ក្នុងរបៀបមួយដ៏ច្បាស់លាស់អំពីខទាំងឡាយដែលយើងអាន ហើយគាត់បានថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនោះ ។ វាច្បាស់ណាស់ថា គាត់បានចំណាយពេលក្នុងការរៀបចំដើម្បីចែកចាយអ្វីដែលគាត់មានអារម្មណ៍ថា នឹងមានឥទ្ធិពលបំផុត ។ ខ្ញុំពុំចាំពីល្បែង ឬពិធីជប់លៀង ឬនំចំណីអ្វីនោះទេ ប៉ុន្តែខ្ញុំ ពិតជា ចាំអំពីការមានឧបសគ្គខាងវិញ្ញាណ និងត្រូវបានលើកស្ទួយខាងវិញ្ញាណ និងបានទទួលទានខាងវិញ្ញាណជារៀងរាល់ថ្ងៃ ។ មិនមែនគ្រប់មេរៀនសុទ្ធតែកាំជ្រួច និងកញ្ចែនោះទេ ប៉ុន្តែរាល់ថ្ងៃគឺជាការធានា និងការអះអាង កាលដែលគាត់បានឆ្លើយតបដោយអត់ធ្មត់ និងលើកទឹកចិត្តឲ្យសិស្សមានសំណួរដ៏ស្មោះសរ ។ ការអញ្ជើញដ៏ស្មោះត្រង់ និងការរំពឹងទុកខ្ពស់របស់គាត់ បានធ្វើឲ្យមានការផ្លាស់ប្ដូរមួយនៅក្នុងជីវិតរបស់ខ្ញុំ ដែលមិនអាចវាស់វែងបាន ។ ស៊ីស្ទើរ ថមមែនឌ័រ ជាមនុស្សម្នាក់ដែលខ្ញុំចង់ជួប និងថ្លែងអំណរគុណ ពេលខ្ញុំទៅឯម្ខាងទៀតនៃវាំងនន !
ខ្ញុំសូមបង្ហាញពីភាពផ្ទុយគ្នានៃឆ្នាំនោះ ទៅនឹងឆ្នាំមួយទៀត ពេលដែលខ្ញុំរៀនក្នុងថ្នាក់ក្រោយមកទៀត ។ គ្រូបង្រៀនថ្នាក់សិក្ខាសាលានោះមានភាពសប្បាយរីករាយ និងរួសរាយ ប៉ុន្តែចម្លែកណាស់ ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយគាត់តិចតួចណាស់ ។ សប្ដាហ៍កន្លងទៅ កាលដែលគាត់បានបង្រៀនមេរៀនតាមរបៀបសាមញ្ញមួយ ។ វាជាក់ស្ដែងណាស់ សិស្សមិនបានយកចិត្តទុកដាក់ចំពោះគាត់នោះទេ ៖ សិស្សស្រីដែលធំៗបានលាបថ្មាំក្រចកពេលពួកគេអង្គុយនៅជួរខាងក្រោយ ខណៈដែលសិស្សប្រុសៗនិយាយលេងសើចនឹងគ្នា ហើយពួកយើងផ្សេងទៀតហុចសំបុត្រឲ្យគ្នាទៅវិញទៅមកទុកជាការកម្សាន្ត ។ ទោះបីជាយើងដឹងច្បាស់ថា គាត់មានទីបន្ទាល់មួយអំពីដំណឹងល្អ ដោយសារគាត់ជាអ្នកត្រឡប់ពីផ្សព្វផ្សាយសាសនាម្នាក់ ក៏យើងបានរៀនថា មិនត្រូវសួរសំណួរគោលលទ្ធិនោះទេ ដោយសារចម្លើយរបស់គាត់ជាញឹកញាប់គឺឆ្លើយឲ្យតែបានៗ ឬមិនច្បាស់លាស់ ហើយយើងមិនប្រាកដថា គាត់អាច ឬនឹងឆ្លើយវានោះទេ ។ ថ្នាក់សិក្ខាសាលានោះបានបម្រើគោលបំណងខាងសង្គមដ៏សំខាន់មួយ ប៉ុន្តែមិនមែនជាបទពិសោធន៍ខាងវិញ្ញាណនោះទេ ។
បងប្អូនធ្លាប់ស្គាល់ពីសំណួររបស់ប៉ុលនៅក្នុង កូរិនថូស ទី១ ៖ « ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន ? »៤ ក្នុងនាមជាគ្រូបង្រៀនដំណឹងល្អដល់ជំនាន់ដែលកំពុងពេញវ័យ យើងត្រូវតែ « ស្តាប់ទៅដូចជាសំឡេងត្រែ » ។ ក្នុងសម័យគម្ពីរសញ្ញាចាស់ ត្រែគឺជា ស្នែងផ្លុំ ជាស្នែងចៀមមួយ ដែលមានសំឡេងសាមញ្ញ តែស្ដាប់ទៅមិនច្រឡំ ។ វាត្រូវបានគេប្រើដើម្បីប្រកាសហៅប្រជារាស្ត្ររបស់ព្រះអម្ចាស់មកជួបជុំគ្នាដើម្បីថ្វាយបង្គំ ដើម្បីព្រមានពីគ្រោះថ្នាក់ដែលនឹងមកដល់ និងដើម្បីផ្ដល់សញ្ញាណែនាំនៅក្នុងគ្រាមានសង្គ្រាម ។ នៅក្នុងសង្គ្រាមសម័យបុរាណ សំឡេង និងសម្រែកនៃសង្គ្រាមបង្កើតជាភាពវឹកវរ ។ ប្រសិនជាអ្នកដឹកនាំពុំអាចប្រាស្រ័យទាក់ទងឲ្យបានច្បាស់ជាមួយនឹងពលទ័ពទេ នោះកងទ័ពនឹងប្រឈមមុខនឹងការបរាជ័យយ៉ាងប្រាកដ ។ ហេតុដូច្នោះហើយបានជា « ត្រែជាក់លាក់ » នោះត្រូវបានបង្កើតឡើង ។ ទាហានគ្រប់គ្នាត្រូវបានបង្ហាត់ឲ្យស្គាល់សំឡេងនោះ ដូច្នេះហើយ សូម្បីតែនៅក្នុងគ្រានៃការភាន់ច្រឡំក្ដី ក៏ពួកគេម្នាក់ៗនឹងអាចដឹងថា តើត្រូវបន្តប្រយុទ្ធទៀត ឬត្រូវដកថយ ត្រូវវាយប្រហារផ្នែកខាងឆ្វេង ឬខាងស្តាំ ។៥
ស៊ីស្ទើរ ថមមែនឌ័រ គឺជាត្រែនោះសម្រាប់ខ្ញុំ ។ យើងត្រូវតែធ្វើជាត្រែនោះ ជាសំឡេងទុកចិត្តនៃការអះអាងនៃសេចក្ដីពិតអស់កល្បជានិច្ច នៅក្នុងការប្រឈមមុខនឹងតម្លៃខាងលោកិយដែលដើរទៅមុខយ៉ាងលឿន និងបន្ដផ្លាស់ប្ដូរនេះ ។ យើងត្រូវតែប្រាប់សិស្សរបស់យើងពីសេចក្ដីពិត និងជួយពួកគេឲ្យយល់ដឹងអំពី មូលហេតុ អ្វីខ្លះឲ្យបានច្រើនផងដែរ ។ យើងអាចធ្វើវា « ដោយនូវភាពទន់ភ្លន់ និងស្លូតបូត » ៦ ប៉ុន្តែយើងត្រូវតែធ្វើវា ។ ដូចជាគ្រូថ្នាក់សិក្ខាសាលាម្នាក់បានថ្លែងថា « យើងមិនផ្លុំត្រែដាក់ត្រចៀកនរណាម្នាក់នោះទេ ប៉ុន្តែយើងក៏មិនផ្លុំសំឡេងសារដោយមិនគិតដែរ ផ្ទុយទៅវិញ សំឡេងហៅនោះគួរតែផ្អែមល្ហែម និងប្រាកដប្រជា និងឮច្បាស់ » ។៧ ដោយបង្រៀនថ្នាក់សិក្ខាសាលារបស់ខ្ញុំផ្ទាល់ ខ្ញុំបានរៀនថា មែនហើយ យុវវ័យរីករាយនឹងសកម្មភាពរៀនសូត្រសប្បាយៗ ហើយត្រូវការការប្រាស្រ័យទាក់ទងខាងសង្គមជាមួយមិត្តភក្ដិរបស់ពួកគេ ប៉ុន្តែក៏ស្រេកឃ្លានចម្លើយ ពិត ចំពោះសំណួរខាងដំណឹងល្អ និងគំនិតជាក់ស្ដែងពីរបៀបដើម្បីអនុវត្តគោលការណ៍ដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ផងដែរ ។
គោលការណ៍ទីពីរដែលខ្ញុំបានឃើញថាចាំបាច់នោះគឺ ត្រូវ ភ្ជាប់ទំនាក់ទំនងដោយការខ្វល់ខ្វាយពិត ។ តើយើងភ្ជាប់ទំនាក់ទំនងជាមួយសិស្សយើងតាមរបៀបដែលសមរម្យ និងមានអត្ថន័យយ៉ាងដូចម្ដេច ? ភាសាពិតជាអាចធ្វើឲ្យមានភាពខុសគ្នាមួយ ។ ឧទាហរណ៍ ប្រសិនបើខ្ញុំនិយាយភាសាហ្គេកឈីទៅកាន់សិស្ស ដែលយល់តែភាសាតាហ្គាឡុក នោះខ្ញុំនឹងមិនជោគជ័យក្នុងការចែករំលែកសារនោះទេ ។ ដោយអំណរគុណ មានភាសាអន្តរជាតិពីរដែលយុវវ័យ និងយុវមជ្ឈិមវ័យទាំងអស់យល់គឺ ៖ ភាសានៃព្រះវិញ្ញាណ និងភាសានៃសេចក្ដីស្រឡាញ់ ។
ភាសាទីមួយ គឺភាសានៃព្រះវិញ្ញាណ ត្រូវបានស្គាល់ដោយមនុស្សទាំងអស់ណាដែលស្វែងរកសេចក្ដីពិត ។ ដូចជាអែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន បានបង្រៀន ៖ « ពុំមានឧបសគ្គខាងភាសានៅក្នុងសាសនាចក្រនោះទេ ។ គឺមានថាមពលដ៏អស្ចារ្យមួយ ដែលបញ្ជូនអំណាចនៃសារលិខិតដែលបានបញ្ចេញតាមពាក្យសម្ដីតែម្យ៉ាង ហើយនេះគឺជាអំណាចនៃសារលិខិតដែលបានទាក់ទងដោយព្រះវិញ្ញាណទៅកាន់ដួងចិត្តរបស់យើង ។ … វាគឺជាសារជាសាកលមួយទៅកាន់ដួងចិត្ត » ។៨
ព្រះវិញ្ញាណទំនាក់ទំនងរវាងចិត្តនឹងចិត្ត ។ ដូចប៉ុលបានរំឭកពួកបរិសុទ្ធនៅទីក្រុងរ៉ូមថា « ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើង ថាយើងជាកូនរបស់ព្រះ » ។៩ កាលដែលយើងស្វែងរក ស្ដាប់តាម និងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងទទួលបានការបំផុសគំនិតអំពីរបៀបដើម្បីនិយាយទៅកាន់សិស្សរបស់យើង តាមរយៈព្រះវិញ្ញាណ ក្នុងរបៀបមួយដែលពួកគេយល់ ។ ការរៀបចំបានល្អ ការប្រើឯកសារមេរៀនដែលបានរៀបចំឡើងដោយអ្នកនិពន្ធកម្មវិធីសិក្សាដែលបានទទួលការបំផុសគំនិត ជួយយើងឲ្យឈរយ៉ាងរឹងមាំលើគោលលទ្ធិគ្រឹះ ដែលយើងដឹងថាមានអំណាចបំផុតដើម្បីផ្លាស់ប្ដូរដួងចិត្ត និងជីវិត ។ សំខាន់បំផុត គឺត្រូវស្វែងរកវិវរណៈផ្ទាល់ខ្លួនអំពី អ្វី ដែលត្រូវចែកចាយ និង របៀប ដើម្បីចែកចាយនូវអ្វីដែលបងប្អូនបានរៀបចំ ។ ភាសានៃព្រះវិញ្ញាណនឹងទាក់ទងបានវែងឆ្ងាយជាងអ្វីដែលបងប្អូនអាចនិយាយបានទៅទៀត ។
ភាសាផ្សេងទៀតដែលនឹងជួយបងប្អូនឲ្យភ្ជាប់ទំនាក់ទំនងជាមួយសិស្ស គឺភាសានៃសេចក្ដីស្រឡាញ់ ។ ចូរស្រឡាញ់ ដោយសារវាគឺជាប្រភពដើមដ៏ទេវភាព ហើយក៏និយាយដោយចិត្តនឹងចិត្តផងដែរ ។ យ៉ូហានជាសាវក ជាសាក្សីផ្ទាល់ភ្នែកមួយរូបអំពីព្រះអង្គសង្គ្រោះ គាត់បានចែកចាយសេចក្ដីពិតដ៏សាមញ្ញនេះ ៖ « យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន » ។១០ វាក៏ពិតដូចគ្នាដែរចំពោះចំណងទាក់ទងរវាងមនុស្ស និងមនុស្ស ។ អ្នកធ្លាប់ស្ដាប់ឮការនិយាយថា « មនុស្សមិនខ្វល់ថាអ្នកស្គាល់គេច្រើនប៉ុណ្ណាទេ ទាល់តែពួកគេដឹងថាអ្នកខ្វល់ខ្វាយពីគេច្រើនប៉ុណ្ណា » ។១១ ក្នុងនាមជាគ្រូបង្រៀន ឥទ្ធិពលដ៏យូរអង្វែងរបស់យើង នឹងមានឥទ្ធិពលដោយផ្ទាល់តាមរយៈសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ដែលយើងមានចំពោះកូនសិស្សរបស់យើង ។
បងប្អូនប្រហែលជាស្គាល់ពីគំនិតនៃ « ភាសានៃសេចក្ដីស្រឡាញ់ » ហើយ ។១២ ទាំងនេះជារបៀបទាំងឡាយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដែលនឹងត្រូវបានយល់ និងទទួលយកដោយអ្នកដទៃទៀត អាស្រ័យទៅលើបុគ្គលិកលក្ខណៈ និងឥទ្ធិពលនៃបទពិសោធន៍អតីតកាលរបស់ពួកគេ ។ មនុស្សផ្សេងអាចឆ្លើយតបងាយស្រួលចំពោះប្រភេទមួយនៃភាសានៃសេចក្ដីស្រឡាញ់ ជាងប្រភេទមួយទៀត ប៉ុន្តែសិស្សទាំងអស់ នឹងស្គាល់ការខ្វល់ខ្វាយដ៏ស្មោះត្រង់របស់បងប្អូន យ៉ាងហោចណាស់ក្នុងរបៀបមួយក្នុងចំណោមរបៀបទាំងបីដែលខ្ញុំនឹងចែកចាយនៅថ្ងៃនេះ ។
ប្រភេទមួយនៃភាសានៃសេចក្ដីស្រឡាញ់គឺ ពាក្យនៃការបញ្ជាក់ ។ ទាំងនេះគឺជាឃ្លាដែលលើកទឹកចិត្ត និងលើកស្ទួយ មានដូចជា « បងប្អូនអាចធ្វើវាបាន » ឬ « បងប្អូនពិតជាកំពុងរីកចម្រើន » ឬ « ខ្ញុំមានមោទនភាពណាស់ចំពោះការខិតខំរបស់បងប្អូន » ។ ពាក្យទាំងនេះទាក់ទងទៅកាន់សិស្សម្នាក់ថា គាត់មានតម្លៃ និងមានសមត្ថភាព ។ ការបញ្ជាក់ដ៏ទន់ភ្លន់របស់ព្រះអង្គសង្គ្រោះអំពី ជួច មិលលើ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា គឺជាគំរូដ៏អស្ចារ្យអំពីប្រភេទភាសានៃសេចក្ដីស្រឡាញ់នេះ ។ ដោយពិពណ៌នាអំពីគាត់ថា ជាបុរស « គ្មានឧបាយកល » នោះព្រះយេស៊ូវគ្រីស្ទបានបន្តមានបន្ទូលអំពីគាត់ថា « គាត់ជាអ្នកដែលអាចទុកចិត្តបាន មកពីសេចក្ដីទៀងត្រង់នៃចិត្តគាត់ ហើយមកពីសេចក្ដីស្រឡាញ់ ដែលគាត់មានទីបន្ទាល់អំពីយើង នោះយើងជាព្រះអម្ចាស់ស្រឡាញ់គាត់ » ។១៣ ពួកយើងភាគច្រើននឹងមិនចងចាំឈ្មោះអ្នកប្រែចិត្តជឿជំនាន់ដំបូងនេះទេ ប៉ុន្តែខ្ញុំគ្រាន់តែអាចស្រមៃឃើញថា ពាក្យនៃការបញ្ជាក់ទាំងនោះប្រាកដជាបានពង្រឹងដល់ទីបន្ទាល់របស់ ជួច អំពីដំណឹងល្អដែលបានស្ដារឡើងវិញ ក៏ដូចជាសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះអង្គសង្គ្រោះ ។
ពាក្យដ៏មានឥទ្ធិពលមួយចំនួនគឺ « អរគុណ » និងការបង្ហាញការពេញចិត្តផ្សេងៗទៀត ។ ក្នុងនាមជាគ្រូបង្រៀនដែលចេះសង្កេត និងស្រឡាញ់របស់យុវវ័យ និងយុវមជ្ឈិមវ័យ បងប្អូនអាចកត់សម្គាល់ឃើញពីរឿងរ៉ាវសាមញ្ញៗ ដែលសិស្សម្នាក់ធ្វើសម្រាប់បងប្អូន ឬសម្រាប់អ្នកផ្សេងទៀតនៅក្នុងថ្នាក់ ឬស្ដាប់មើលអ្វីដែលល្អៗ ដែលបងប្អូនឮអំពីពួកគេធ្វើនៅសាលារៀន ឬនៅក្នុងសហគមន៍ ហើយបង្ហាញការពេញចិត្តរបស់បងប្អូន ។ ការផ្ញើរសំបុត្រទៅកាន់ឪពុកម្ដាយរបស់សិស្ស អំពីអ្វីដែលវិជ្ជមាន ដែលបងប្អូនបានកត់សម្គាល់ឃើញអំពីកូនរបស់ពួកគាត់ ក៏បង្កើននូវអារម្មណ៍នៃការសម្រេចបាន និងតម្លៃផ្ទាល់ខ្លួនរបស់សិស្សផងដែរ ។ ប្រភេទនៃការបញ្ជាក់ទាំងនេះស្ថាបនា និងពង្រឹងចំណងទាក់ទង បង្កើនអារម្មណ៍នៃការខ្វល់ខ្វាយដ៏ស្មោះត្រង់រវាងគ្រូ និងសិស្ស ដែលជាលទ្ធផល បង្កើនឥទ្ធិពលនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ។
ប្រភេទមួយទៀតរបស់ភាសានៃសេចក្ដីស្រឡាញ់គឺ ទង្វើនៃការបម្រើ ។ ការរៀបចំជាស្រេចជាមួយនឹងមេរៀនដែលលើកស្ទួយ និងបំភ្លឺខាងវិញ្ញាណជារៀងរាល់ថ្ងៃ គឺជាទង្វើនៃការបម្រើ និងសេចក្ដីស្រឡាញ់យ៉ាងអស្ចារ្យ ។ អំណោយនៃពេលវេលា និងកិច្ចខិតខំរបស់បងប្អូន អាចនឹងមិនត្រូវបានទទួលស្គាល់ជានិច្ចរៀងរាល់ថ្ងៃដោយយុវវ័យនោះទេ តែយូរៗទៅ ការយល់ខាងវិញ្ញាណរបស់ពួកគេនឹងកើនឡើង ហើយពួកគេនឹង « ថា [ បងប្អូនជាអ្នក ] មានពរ »១៤ ដូចដែលខ្ញុំបានហៅ ស៊ីស្ទើរ ថមមែនឌ័រ របស់ខ្ញុំដែរ ។
សូមឲ្យខ្ញុំបង្ហាញពីរបៀបដែលគ្រូបង្រៀនពីររូប កំពុងបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេតាមរយៈទង្វើនៃការបម្រើ ។ គ្រូបង្រៀនថ្នាក់សិក្ខាសាលាម្នាក់នៅប្រទេស ស៊ីមបាវ៉េ ទើបតែត្រូវបានហៅពីមុនជំងឺរាតត្បាតមកដល់ ។ សិស្សៗរំភើបចិត្តនឹងជួបគ្នាមុនទៅសាលាជារៀងរាល់ថ្ងៃ ពួកគេទើបតែទម្លាប់ទៅនឹងកាលវិភាគ ស្រាប់តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នាទៀតទេ ។ គ្រូនោះត្រូវប្រឈមនឹងការលំបាកមួយ ៖ សិស្សភាគច្រើនពុំមានអ៊ីនធឺណិតនៅផ្ទះទេ ដូច្នេះការរៀនអនឡាញគឺមិនអាចធ្វើទៅបានទេ ។ ដូច្នេះ ដើម្បីប្រាកដថា សិស្សរបស់គាត់ទទួលបានអាហារខាងវិញ្ញាណប្រចាំថ្ងៃ នោះគាត់បានចាប់ផ្ដើមបង្កើតមេរៀនជាមួយនឹងបទគម្ពីរ សំណួរឲ្យគិត មីម និងវីដេអូ ដែលគាត់បានផ្ញើទៅពួកគេជារៀងរាល់ថ្ងៃតាមកម្មវិធី WhatsApp ជាវេទិកាសង្គមមួយដែលសិស្សរបស់គាត់មានរួចហើយ ។ សិស្សរបស់គាត់កំពុងត្រូវបាន « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ » ១៥ សូម្បីតែនៅក្នុងពេលនៃការមានគម្លាតខាងសង្គម ។ ១៦ ពួកគេស្គាល់ និងដឹងគុណចំពោះទង្វើនៃការបម្រើទាំងនេះ ថាជាការបង្ហាញនូវសេចក្តីស្រឡាញ់របស់គាត់ ។ ពួកគេឆ្លើយតបវិញដោយចំណាប់អារម្មណ៍ខាងវិញ្ញាណផ្ទាល់ ហើយទន្ទឹងរង់ចាំយ៉ាងអន្ទះសាដល់ការណែនាំ និងការលើកស្ទួយខាងវិញ្ញាណប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើបទគម្ពីរ ។
គ្រូបង្រៀនម្នាក់នៅប្រទេស ន័រវែស បានមានឧបសគ្គផ្ទុយពីនេះវិញ ។ ថ្នាក់របស់គាត់មាន តែតាម អនឡាញប៉ុណ្ណោះ ដោយសារសិស្សរបស់គាត់រស់នៅពាសពេញប្រទេស ។ ប៉ុន្តែមិនថាគាត់ធ្វើដំណើរទៅណាទេនៅក្នុងពិភពលោកនេះ ឬនៅម៉ោងប៉ុន្មាននៅក្នុងតំបន់គាត់ទេ គាត់បានត្រៀមដើម្បីបង្រៀនសិស្សពេលព្រលឹមទាំងនោះ ដោយសេចក្ដីស្រឡាញ់ និងដោយចំណាប់អារម្មណ៍ដ៏ស្មោះសរ ។ ថ្វីបើមានចម្ងាយភូមិសាស្ត្ររវាងគាត់ និងពួកគេ—ហើយកម្របានជួបពួកគេផ្ទាល់ក្ដី—គាត់ស្គាល់ពីបុគ្គលិកលក្ខណៈ និងចំណាប់អារម្មណ៍របស់ពួកគេម្នាក់ៗ ។ មិនថាគាត់ឃើញមុខរបស់ពួកគេនៅលើកាមេរ៉ា ឬអត់នោះទេ គាត់ស្វាគមន៍ពួកគេ ហើយសុំយោបល់របស់ពួកគេ ។ គាត់ផ្ដល់កន្លែងសុវត្ថិភាពដ៏កក់ក្ដៅមួយ ជាកន្លែងដែលសិស្សអាចសួរសំណួរដោយមិនភ័យខ្លាចថាមិនគ្រប់គ្រាន់ ។ គាត់ផ្ដល់ដល់ពួកគេនូវអាហារខាងវិញ្ញាណដ៏បរិបូរ ជាញឹកញាប់បំពេញដោយឱកាសដើម្បីស្ដាប់ដល់ទីបន្ទាល់របស់គាត់អំពីគោលការណ៍នៃដំណឹងល្អ ហើយគាត់អញ្ជើញពួកគេឲ្យចែកចាយការរៀនសូត្រខាងវិញ្ញាណផ្ទាល់របស់ពួកគេ ។១៧ ដូចជាបងប្អូនដែរ គ្រូបង្រៀនទាំងនេះនិយាយភាសានៃសេចក្ដីស្រឡាញ់ តាមរយៈទង្វើនៃការបម្រើដ៏លះបង់របស់ពួកគេ ។
ភាសានៃសេចក្ដីស្រឡាញ់ចុងក្រោយ ដែលខ្ញុំនឹងនិយាយ គឺការផ្ដល់ ពេលវេលាដ៏មានគុណភាព ។ ការធ្វើឲ្យពេលរៀនមានតម្លៃបំផុតតាមដែលបងប្អូនអាចធ្វើទៅបាន—ផ្ដោតលើបទពិសោធន៍ខាងវិញ្ញាណ—ជាអំណោយទានមួយដែលបន្តផ្ដល់ឲ្យ ។ ជាជាងការចំណាយពេលលេងល្បែង ដែលគ្រាន់តែជាសកម្មភាពខាងសង្គម ឬការប្រើប្រាស់ពេលវេលាយ៉ាងច្រើនដើម្បីរៀបចំធ្វើឯកសារចែកដ៏ល្អិតល្អន់មួយ ដែលអាចនឹងត្រូវបោះចោលពេលសិស្សចេញពីរៀន នោះការផ្តោតយកចិត្តទុកដាក់របស់បងប្អូនទៅលើការធ្វើឲ្យសិស្សចូលរួមក្នុងការរៀនសូត្រអំពីរបៀបដើម្បីស្គាល់ព្រះវិញ្ញាណ និងអនុវត្តដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ នឹងជាប្រយោជន៍ដ៏ធំបំផុត ។ កាលដែលបងប្អូនឆ្លើយតបសំណួរដោយចម្លើយដ៏មានអត្ថន័យ ពេញដោយគំនិត នោះកិច្ចខិតខំរបស់បងប្អូនបង្ហាញពីសេចក្ដីស្រឡាញ់ក្នុងរបៀបដ៏ច្បាស់លាស់មួយ ។ ការផ្ដល់តម្លៃដល់ការរួមចំណែករបស់សិស្ស—ការស្ដាប់ដោយគោរពចំពោះយោបល់ និងសំណួររបស់ពួកគេ និងការឆ្លើយតបនឹងយោបល់ដែលបញ្ជាក់ត្រឹមត្រូវ—វាជួយឲ្យសិស្សដឹងថា បងប្អូនខ្វល់ខ្វាយពីកង្វល់ និងតម្រូវការរបស់ពួកគេ ជាជាងការផ្តោតទៅលើការបង្រៀនមេរៀនដែលបងប្អូន ត្រូវតែ បង្រៀនឲ្យចប់នៅថ្ងៃនោះ ។ ការមានឆន្ទៈបង្វែរទៅឆ្លើយតាមទស្សនៈទូលំទូលាយ ឬផ្ដល់ចម្លើយសាមញ្ញនោះម្ដងទៀតតាមរបៀបផ្សេង រហូតទាល់តែគំនិតនោះត្រូវបានយល់នៅទីបំផុត ភ្ជាប់ទំនាក់ទំនងនៃបំណងប្រាថ្នាដ៏ស្មោះត្រង់របស់បងប្អូនសម្រាប់ការរីកចម្រើនខាងវិញ្ញាណ និងផ្ទាល់ខ្លួនរបស់ពួកគេ—និយាយម្យ៉ាងទៀតគឺ វាភ្ជាប់ទំនាក់ទំនងសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទរបស់បងប្អូន ។
ក្នុងកំណត់សម្គាល់មួយទៀត ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាម្នាក់ ពរជ័យដ៏ធំបំផុតមួយសម្រាប់ខ្ញុំ គឺការមានលទ្ធភាពសិក្សា និងរៀនសូត្របន្ថែមទៀតអំពីដំណឹងល្អ ចេញពីឯកសារល្អៗដែលបានផ្ដល់ឲ្យដោយប្រព័ន្ធអប់រំសាសនាចក្រ ។ ទោះជាយ៉ាងណា ចំណុចសំខាន់នៃការសិក្សានោះ គឺដើម្បីរៀបចំឲ្យបានពេញលេញដើម្បីផ្ដល់ដល់សិស្សនូវអ្វីដែលពួកគេត្រូវការ មិនមែនដើម្បីមានសមត្ថភាពពន្យល់ដោយក្លៀវក្លាលើការរកឃើញផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ ។ បងប្អូនបាន ហើយនឹងបន្តទទួលបានពរជ័យ តាមរយៈឱកាសរបស់បងប្អូនក្នុងការរៀន និងបង្រៀនដំណឹងល្អនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ប៉ុន្តែសិស្សរបស់បងប្អូននឹងកាន់តែបានពរជ័យថែមទៀត តាមរយៈការយកចិត្តទុកដាក់របស់បងប្អូនលើការរៀនសូត្ររបស់ពួកគេ ជាជាងខ្លួនឯង ។
ពីគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រលឹមម្នាក់ ទៅកាន់បងប្អូនទាំងអស់គ្នា ខ្ញុំយល់ពីភាពលំបាកនៃការបំពេញតម្រូវការរបស់គ្រួសារ កាតព្វកិច្ចការងារ ឬសហគមន៍ ។ ខ្ញុំយល់ពីឧបសគ្គនៃការរកពេលរៀបចំឲ្យបានគ្រប់គ្រាន់—និងការរកពេលគេងឲ្យបានគ្រប់គ្រាន់—រួមទាំងអ្វីៗផ្សេងទៀតដែលបងប្អូនត្រូវធ្វើ ! ខ្ញុំសូមធ្វើជាសាក្សីថា ព្រះអម្ចាស់នឹងជួយបងប្អូន ពេលដែលបងប្អូនទូលសូម ស្វែងរក និងគោះ ។ កាលដែលបងប្អូនអធិស្ឋាន សិក្សា និងធ្វើតាមការបំផុសគំនិតដែលបងប្អូនទទួលបាន នោះបងប្អូននឹងអាចផ្ដល់ដល់សិស្សដ៏មានតម្លៃរបស់បងប្អូននូវសាច់នៃដំណឹងល្អ—ជាអាហារខាងវិញ្ញាណដែលពួកគេត្រូវការ ដើម្បីក្លាយជាអ្នកដឹកនាំ ជាឪពុក និងម្ដាយ ដែលពួកគេចង់ប្រែក្លាយ និងត្រូវតែប្រែក្លាយនៅក្នុងថ្ងៃចុងក្រោយនេះ ។ បងប្អូននឹងអាចភ្ជាប់ទំនាក់ទំនងសេចក្ដីពិតតាមរយៈភាសានៃព្រះវិញ្ញាណបរិសុទ្ធ និងភាសានៃសេចក្ដីស្រឡាញ់ ។ បងប្អូននឹងអាចភ្ជាប់ការខ្វល់ខ្វាយដ៏ស្មោះត្រង់ ការបង្ហាញសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់ពួកគេ តាមរយៈពាក្យនៃការបញ្ជាក់ ទង្វើនៃការបម្រើ និងពេលវេលាដែលមានគុណភាព ដែលបងប្អូនចំណាយនៅក្នុងការស្ដាប់ និងឆ្លើយតបសំណួរស្វែងរកទាំងឡាយរបស់ពួកគេ ។
សូមឲ្យបងប្អូនបន្តបង្រៀនសេចក្ដីពិត និងផ្ដល់សេចក្ដីស្រឡាញ់ តាមរបៀបដែលនឹងស្ថាបនាទីបន្ទាល់អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក្នុងជំនាន់ដែលកំពុងពេញវ័យនេះ ។ សូមឲ្យបងប្អូនព្យាយាមរៀបចំពួកគេឲ្យបំពេញសក្ដានុពលដ៏ទេវភាពរបស់ពួកគេ កាលដែលពួកគេប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយនេះ នេះជាការអធិស្ឋាន និងការអញ្ជើញដ៏ក្លៀវក្លារបស់ខ្ញុំ ។