ការ ផ្សាយ ប្រចាំ ឆ្នាំ
មរតក​នៃ​ការផ្លាស់ប្តូរ​នៅ​ក្នុង​ ស៊ី.អ៊ី.អេស


16:36

មរតក​នៃ​ការផ្លាស់ប្តូរ​នៅ​ក្នុង​ ស៊ី.អ៊ី.អេស

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ ២០២១

ថ្ងៃ អង្គារ ទី ១៩ ខែ មករា ឆ្នាំ ២០២១

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ប្អូន ហើយ​រីករាយ​នឹង​ចំណាយ​ពេល​ពីរ​បី​នាទី​ជាមួយ​ប្អូនៗ​ក្នុង​ថ្ងៃនេះ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឆាដ និង​ក្រុម​របស់​គាត់​ដែល​ប្រកប​ដោយ​ទេពកោសល្យ និង​ការលះបង់ ដែល​ខិតខំ​ធ្វើការ​ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​នេះ ។ វា​ជា​ពរជ័យ​មួយ​ដែល​យើង​មាន​ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ជាមួយ​យើង​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ទន្ទឹង​ចាំ​ស្ដាប់​សារ​របស់​គាត់ ។ គាត់​ជា​អ្នកដឹកនាំ​ដ៏​មាន​ឥទ្ធិពល និង​បំផុស​គំនិត​មួយ​រូប ហើយ​យើង​មាន​អំណរគុណ​ដែល​គាត់​បម្រើ​នៅក្នុង​ក្រុម​ប្រឹក្សា​អប់រំ​សាសនាចក្រ ។

កាល​ដែល​យើង​កំពុង​ពិចារណា​អំពី​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ( ស&វ ) ខ្ញុំ​ក៏​បាន​សញ្ជឹង​គិត​ពី​ការផ្លាស់ប្ដូរ​នៅ​ទូទាំង​ប្រវត្តិសាស្ត្រ​នៃ​ការអប់រំ​ក្នុង​សាសនាចក្រ​ផងដែរ ។ កាលពី​ថ្ងៃ​មុន ខ្ញុំ​បាន​ចាប់ផ្ដើម​ផ្គូផ្គង​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ការអប់រំ​សាសនាចក្រ​ជាមួយ​នឹង​ពង្ស​ប្រវត្តិ​របស់​ខ្ញុំ​ផ្ទាល់ ។ ឪពុក​ម្ដាយ​របស់​ម្ដាយ​ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​លើ​សាសនាចក្រ​នៅក្នុង​ប្រទេស​ស្វ៊ីស ពេល​ពួកគាត់​ជា​យុវមជ្ឈិមវ័យ ដូច្នេះ​គ្រួសារ​ខាង​ម្ដាយ​ខ្ញុំ ជំនាន់​របស់​ម្ដាយ​ខ្ញុំ​គឺ​ជា​ជំនាន់​ទីមួយ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​ការអប់រំ​សាសនាចក្រ ។ បុព្វការីជន​មួយ​ចំនួន​ខាង​ឪពុក​ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​តាំង​ពី​ដើម​ដំបូង​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ សូម​ឲ្យ​ខ្ញុំ​ចែកចាយ​ព័ត៌មាន​គ្រឹះ​មួយ​ចំនួន​នៃ​បុព្វការីជន​ទាំងនោះ​ហើយ​ក៏​នឹង​លើក​ឡើង​អំពី​កិច្ច​ប្រឹងប្រែង​នៃ​ការអប់រំ​សាសនាចក្រ​នៅ​ជំនាន់​របស់​ពួកគាត់​ផងដែរ ។ ប្អូន​នឹង​កត់សម្គាល់​ពី​ការផ្លាស់ប្ដូរ​ជាច្រើន​ឆ្នាំ​មក​នេះ—ដែល​ខ្លះ​ជា​ការផ្លាស់ប្ដូរ​ធំ ។

សារ៉ា ជេន អេងហ្គេល ជា​យាយ​លួត​របស់​ខ្ញុំ ជា​យុវនារី​ម្នាក់​ពេល​គ្រួសារ​របស់​គាត់​បាន​រស់នៅ​ខឺតឡង់ មិសសួរី និង ណៅវូ ។ គាត់​បាន​មក​ដល់​ជ្រលង​ភ្នំ​សលត៍លេក ក្នុង​ឆ្នាំ ១៨៤៨ ជា​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់ ហើយ​គាត់​បាន​ទទួល​ការសិក្សា​នៅ​ក្នុង​សាលា​ទាំងឡាយ​ក្នុង​សហគមន៍​ដែល​ពួកគេ​មាន​នៅក្នុង​ទីតាំង​ទាំងនោះ ។

ចារវីស ចនសុន ដែល​នៅ​ទីបំផុត​បាន​រៀបការ​ជាមួយ​សារ៉ា បាន​រស់នៅ​ទីក្រុង​ណៅវូ​ពេល​ជា​យុវជន​ម្នាក់ ។ រាល់​ការសិក្សា​ដែល​គាត់​បាន​ទទួល គឺ​នៅក្នុង​ចំណោម​សាលា​ទាំងឡាយ​ដែល​នៅក្នុង​ទីក្រុង​នោះ​ឯង ។ បន្ទាប់​ពី​ពួក​បរិសុទ្ធ​បាន​ចាកចេញ​ពី​ទីក្រុង​ណៅវូ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច គាត់​បាន​ចូល​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​កង​វរសេនា​តូច​មរមន នៅ​អាយុ ១៧ ឆ្នាំ ។ អំឡុង​ពេល​ជា​យុវវ័យ និង​ក្នុង​យុវមជ្ឈិមវ័យ​របស់​សារ៉ា និង​ចារវីស សាសនាចក្រ និង​បុគ្គល​ទាំងឡាយ​នៅក្នុង​សហគមន៍​របស់​ពួកគាត់ បាន​សុំ​ផ្ដល់​ការបង្រៀន ប៉ុន្តែ​ពុំ​មាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ដូច​ដែល​យើង​ស្គាល់​សព្វថ្ងៃ​នេះ​ទេ ។

កូនប្រុស​របស់​សារ៉ា និង​ចារវីស ឈ្មោះ រ៉ាយស៍ ជា​លោកតា​ទួត​របស់​ខ្ញុំ ។ គាត់​បាន​ធំឡើង​នៅក្នុង​រដ្ឋ​យូថាហ៍ និង​បាន​ទៅ​សាលា​នៅក្នុង​ក្រុង​មួយ​ឈ្មោះ​ថា ហាន់នីវីល ។ អគារ​នោះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្រះវិហារ​ផង និង​សាលារៀន​ផង ។ ឆាលុត ដែល​ក្រោយ​មក​បាន​រៀបការ​ជា​មួយ​រ៉ាយស៍ បាន​ទៅ​រៀន​នៅ​ក្នុង​អគារ​ថ្ម​តូច​មួយ​ដែល​នៅ​ក្បែរ​ខលស៍​ហ្វត ។ ពួកគាត់​ជា​យុវវ័យ​នៅចុង​ទសវត្សរ៍ ១៨៧០ និង​ដើម​ទសវត្សរ៍ ១៨៨០ ពីរបី​ឆ្នាំ​ពីមុន​ពេល​សាសនាចក្រ​បាន​បើក​សាលា​ភាគច្រើន ។ កាលដែល​សាលា​កាន់តែ​ច្រើន​នៅក្នុង​ក្រុង​នានា​បាន​ក្លាយ​ជា​សាលា​របស់​រដ្ឋាភិបាល​អំឡុង​ទសវត្សរ៍ ១៨៨០ នោះ​សាលា​ទាំងនេះ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្រៀន​សាសនា​នោះ​ទេ ។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការពង្រីក​សាលា​ដែល​គ្រប់គ្រង​ដោយ​សាសនាចក្រ បន្ទាប់​ពី​រ៉ាយស៍ និង​ឆាលុត បាន​បញ្ចប់​ការសិក្សា​របស់​ពួកគាត់ ។

រ៉ាយស៍​បាន​ទុក​នូវ​កំណត់ហេតុ​មួយ​អំពី​សំណើរ​សុំ​រៀបការ​របស់​គាត់​ជាមួយ​ឆាលុត ដែល​គាត់​បាន​ហៅ​ថា លុតធី ៖ លោក​មាន​ប្រសាសន៍​ថា ៖

« ពេល​ខ្ញុំ​ឃើញ​លុតធី ជា​លើក​ដំបូង នាង​កំពុង​បរ​រទេះ​លក់​អីវ៉ាន់ ។ ឪពុក​នាង​មាន​ហាង​លក់​ទំនិញ​មួយ​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគេ ។ នាង​ស្អាត​ដូច​ផ្កា​ដេស៊ី ។ ក្រោយ​មក ខ្ញុំ​បាន​ជួប​នាង​នៅ​ឯ​ការរាំ​មួយ ហើយ​យើង​បាន​ទាក់ទង​គ្នា​តិចជាង​មួយ​ឆ្នាំ បន្ទាប់​មក​ខ្ញុំ​បាន​សុំ​នាង​រៀបការ ។ នាង​បាន​និយាយ​ថា ‹ អ្នក​មិន​ចូលចិត្ត​ខ្ញុំ​ទេ › ។ ខ្ញុំ​បាន​ឆ្លើយ​ថា ‹ ខ្ញុំ​ចូលចិត្ត › ។ យើង​បាន​ភ្ជាប់​ពាក្យ​អស់​រយៈពេល​បីខែ » ។

ខ្ញុំ​ប្រាកដ​ណាស់​ថា រ៉ាយស៍​នឹង​មិន​ជោគជ័យ​ក្នុង​ការធ្វើ​ជា​អ្នក​ផលិតខ្សែភាពយន្ត​បែប​មនោសញ្ចេតនា​នោះ ទេ​ប៉ុន្តែ​ទោះជាយ៉ាងណា​ឆាលុត​ក៏​បាន​រៀបការ​នឹង​គាត់ ហើយ​ពួកគាត់​មាន​កូន ១២ នាក់ ។

កូន​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង ១២ នាក់ អាល់ហ្វាលើស—ដែល​ហៅ​ថា « អាល់ហ្វ៍ »—ជា​លោកតា​របស់​ខ្ញុំ ហើយ​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅ​ទីក្រុង​ឡូហ្គេន រដ្ឋ​យូថាហ៍ ។ លោកយាយ​ខ្ញុំ​ឈ្មោះ ប្លេនឆ៍ ក៏​បាន​រៀន​នៅ​មហាវិទ្យាល័យ​ព្រិកហាំ យ៉ង់ ផងដែរ ដែល​ជា​សាលា​មួយ​ក្នុង​ចំណោម​សាលា​ទាំងឡាយ​របស់​សាសនាចក្រ ។ នៅ​ពេល​ដែល​ពួកគាត់​បាន​ទៅ​រៀន​នៅ​ទី​នោះ វា​ដូចជា​សាលា​វិទ្យាល័យ និង​មហាវិទ្យាល័យ​រង​បញ្ចូល​គ្នា​អញ្ចឹង ។ នៅ​សាលា​ទាំងនេះ សិស្ស​បាន​ទទួល​ការបង្រៀន​ទាំង​មុខវិជ្ជា​ខាង​លោកិយ និង​សាសនា ហើយ​មាន​សកម្មភាព​ជា​ច្រើន​ទៀតផង ។ លោកតា​របស់​ខ្ញុំ​បាន​លេង​នៅក្នុង​ក្រុម​បាល់​បេសបល និង​បាល់​បោះ ហើយ​លោកយាយ​ខ្ញុំ​ជា​កីឡាការិនី​លោត​កម្ពស់ ។

ថ្នាក់​សិក្ខាសាលា​នៅ​សាលា​រៀន​ដំបូង​គេ បាន​ចាប់ផ្ដើម​នៅ​ទីក្រុង​សលត៍​លេក ក្នុង​ឆ្នាំ ១៩១២ ហើយ​តាំង​ពី​ពេល​នោះ​មក កម្មវិធី​នេះ​បាន​ចាប់ផ្ដើម​ពង្រីក​ទៅ​ទីក្រុង​ផ្សេងៗ​ទៀត ។ បន្ទាប់​ពី​ថ្នាក់​សិក្ខាសាលា​ទាំងនេះ​បាន​ចាប់ផ្ដើម​បង្ហាញ​ថា វា​បាន​ផ្ដល់​នូវ​មូលដ្ឋាន​គ្រឹះ​សាសនា​ដ៏​ល្អ​មួយ​ដល់​សិស្ស​ដែល​កំពុង​រៀន​នៅ​សាលា​រដ្ឋ នោះ​សាសនាចក្រ​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សាលា​ភាគច្រើន រួម​ទាំង​មហាវិទ្យាល័យ​ព្រិកហាំ យ៉ង់ ផងដែរ ។ ដោយ​បែប​នេះ​ហើយ ជំនាន់​ក្រោយ​ទៀត​នៅក្នុង​គ្រួសារ​ខ្ញុំ​បាន​ទៅ​រៀន​នៅ​សាលារដ្ឋ និង​ថ្នាក់​សិក្ខាសាលា ។

កូនប្រុស​ម្នាក់​របស់ អាល់ហ្វ៍ និង ប្លេនឆ៍ ឈ្មោះ វៀរ ជា​ឪពុក​របស់ខ្ញុំ ។ គាត់​អាច​ចងចាំ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​គាត់​ពេញ​មួយ​ជីវិត​គាត់ ។ ម្ដាយ​ខ្ញុំ វីនីហ្វ្រេដ ក៏​បាន​ទៅ​រៀន​នៅ​វិទ្យាល័យ និង​ថ្នាក់​សិក្ខា​សាលា​ដែរ ហើយ​អាច​ចងចាំ​គ្រូៗ​របស់​គាត់​ផងដែរ ។

ក្នុង​ឆ្នាំ ១៩២៦ កម្មវិធី​ថ្នាក់​វិទ្យាស្ថាន​សាសនា បាន​ចាប់ផ្ដើម​នៅ​ទីក្រុង ម៉ូសខូ រដ្ឋ អៃដាហូ ហើយ​មក​ដល់​ឆ្នាំ ១៩២៨ ថ្នាក់​វិទ្យាស្ថាន​ទីពីរ​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ទីក្រុង ឡូហ្គេន រដ្ឋ យូថាហ៍ ។ ទាំង​ម្ដាយ​ទាំង​ឪពុក​ខ្ញុំ​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ ដែល​ឥឡូវ​នេះ​ហៅ​ថា សាកលវិទ្យាល័យ​រដ្ឋ​យូថាហ៍ នៅក្នុង​ទីក្រុង​ឡូហ្គេន អំឡុង​ទសវត្សរ៍ ១៩៤០ ។ មក​ទល់​នឹង​ពេល​នោះ កម្មវិធី​ថ្នាក់​វិទ្យាស្ថាន​ត្រូវបាន​បង្កើត​ឡើង​យ៉ាង​ល្អ​នៅ​ទីក្រុង ឡូហ្គេន ហើយ​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ជួបគ្នា​ជា​លើក​ដំបូង​នៅ​ពេល​ចូលរួម​សកម្មភាព​ថ្នាក់​វិទ្យាស្ថាន ។ ពួកគាត់​បាន​រៀបការ​នៅ​ទីបំផុត ហើយ​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​នៅ​ព្រះវិហារ​បរិសុទ្ធ​ឡូហ្គេន ​រដ្ឋយូថាហ៍​ពួកគាត់​បាន​ធ្វើ​ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​នៅក្នុង​អគារ​ថ្នាក់​វិទ្យាស្ថាន ។

ខ្ញុំ​បាន​ធំឡើង​នៅ​ទីក្រុង ឡូហ្គេន រដ្ឋ យូថាហ៍ និង​បាន​ទៅ​វិទ្យាល័យ និង​ថ្នាក់​សិក្ខាសាលា​ដូច​គ្នា​នឹង​ម្ដាយ​ខ្ញុំ​ដែរ ។ វិទ្យាល័យ​នោះ​តាម​ពិត​ទៅ​ធ្លាប់​ជា​មហាវិទ្យាល័យ​ព្រិកហាំយ៉ង់ ។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ខ្លះ​ក្នុង​មួយ​ឆ្នាំ​សិក្សា​មួយ​នៅទីក្រុង ម៉នធីស៊ែលឡូ រដ្ឋ យូថាហ៍ ហើយ​បាន​រៀន​នៅ​ថ្នាក់​សិក្ខាសាលា​ជាមួយ​យុវនារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​មាន​អាយុ​ក្មេង​ជាង​ខ្ញុំ​មួយ​ឆ្នាំ ។ គាត់​មាន​ឈ្មោះ​ថា ជីល ។ តាមពិត​ទៅ គាត់​នៅ​តែ​មាន​ឈ្មោះ ជីល ហើយ​ថ្វី​បើ​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា ខ្ញុំ​គ្រាន់​បើ​ជាង​លោកតា​ទួត​ខ្ញុំ រ៉ាយស៍ ក្នុង​ភាសា​ស្នេហា ក៏​ដោយ​ក៏​គាត់​នៅ​តែ​បាន​រៀបការ​ជាមួយ​ខ្ញុំ ។

ខ្ញុំ​បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា​ក្នុង​ចុង​ទសវត្សរ៍ ១៩៦០ និង​ដើម​ទសវត្សរ៍ ១៩៧០ ។ នេះ​ជា​អំឡុង​ពេល​ដែល​មាន​ការផ្ដួចផ្ដើម​ពង្រីក​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភពលោក ។ មាន​បទពិសោធន៍​ជាមួយ​នឹង​ថ្នាក់​សិក្ខាសាលា​ពេល​ព្រលឹម និង​ថ្នាក់​សិក្ខាសាលា​ខ្លះ​មាន​នៅ​តាម​ផ្ទះ ដែល​ធ្វើ​ឲ្យ​មាន​ការពង្រីក​នៅ​ទូទាំង​ពិភពលោក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ នេះ​ជា​គ្រា​ដ៏​លំបាក​សម្រាប់​ពួក​អ្នក​រៀន​នៅក្នុង ស&វ ។ ពួកគេ​ព្យាយាម​សម្រប​កម្មវិធី​នានា ដែល​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​លំនាំ​ថ្នាក់​សិក្ខាសាលា​នៅ​សាលា​រៀន និង​ថ្នាក់​វិទ្យាស្ថាន​តាម​មហាវិទ្យាល័យ ឲ្យ​ស្រប​ទៅ​នឹង​កាលៈទេសៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​នៅ​ជុំ​វិញ​ពិភពលោក ។ ពួកគេ​ជួប​ប្រទះ​នឹង​ឧបសគ្គ​យ៉ាង​ធំ​ទាក់ទង​នឹង​ការបកប្រែ និង​ការបោះពុម្ព នៅ​គ្រា​ដំបូងៗ​ទាំងនោះ ។

តាមពិត​ទៅ ពេល​ខ្ញុំ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ​នៅ​ដើម​ឆ្នាំ ១៩៧០​នៅ​ប្រទេស ន័រវែស ថ្នាក់​សិក្ខាសាលា​ត្រូវបាន​ណែនាំ​នៅ​ទីនោះ​នៅ​ឆ្នាំ​ដដែល​ដែល​ខ្ញុំ​បាន​ទៅ​ដល់ ។ ខ្ញុំ​ចាំ​ពី​ការជួយ​ដល់​យុវជន​ម្នាក់​ឈ្មោះ ថម រុយ ជាមួយ​នឹង​មេរៀន​ថ្នាក់​សិក្ខាសាលា​តាម​ផ្ទះ​របស់​គាត់—ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​បាន​ធ្លាប់​ឃើញ​សោះ​ពីមុន​មក​ ។ វា​ជា​លើក​ដំបូង ដែល​ខ្ញុំ​បាន​ដឹង​ថា ថ្នាក់​សិក្ខាសាលា​អាច​ជា​អ្វី​មួយ​ដែល​ខុស​គ្នា​ពី​ថ្នាក់រៀន​មួយ ដែល​អាច​ធ្វើ​នៅ​សាលារៀន​អំឡុង​ពេល​ថ្ងៃ​សិក្សា ។

ឥឡូវនេះ ខ្ញុំ​សូម​ប្ដូរ​ពី​បុព្វការីជន​របស់​ខ្ញុំ​ទៅ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​វិញ ។ កូនៗ​របស់​យើង​បាន​ចូលរៀន​កម្មវិធី​ថ្នាក់​សិក្ខាសាលា​នៅ​សាលា​រៀន លើកលែង​តែ​កូន​យើង​ពីរ​នាក់​ដែល​បាន​រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក នៅពេល​យើង​បាន​មាន​ការចាត់តាំង​នៅ​ប្រទេស​ស៊ីលី ។ តាំង​ពី​ជីល និង​ខ្ញុំ​បាន​រៀន​ថ្នាក់​សិក្ខាសាលា កម្មវិធី​សិក្សា​បាន​ផ្លាស់ប្ដូរ​ហើយ ។ ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ដ៏​ក្មេង​ម្នាក់ ពេល​ដែល​ការបង្រៀន​ព្រះគម្ពីរ​តាម​លំដាប់លំដោយ​ត្រូវបាន​ណែនាំ ។ មាន​ការលំបាក​ខ្លះៗ​ក្នុង​ការស្វែងរក​របៀប​ដ៏​ល្អបំផុត​ដើម្បី​បង្រៀន​តាម​វិធី​នេះ ។ វា​មិន​មែន​ជា​ការផ្លាស់ប្ដូរ​ដោយ​ស្វ័យប្រវត្តិ​មួយ​នោះ​ទេ ។ ប៉ុន្តែ​លទ្ធផល​គឺ​ជា​អ្វី​ដែល​ត្រូវការ​សម្រាប់​ជំនាន់​ដែល​កំពុង​ទទួល​ការបង្រៀន​តែ​ម្ដង ។ ពួកគេ​កាន់តែ​ស្គាល់​បទគម្ពីរ ហើយ​ជា​លទ្ធផល នោះ​ពួកគេ​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះគម្ពីរ​ដោយ​ឯកឯង​កាន់តែ​ច្រើន​ឡើង និង​បាន​បង្កើត​ការទុកចិត្ត​លើ​ព្រះគម្ពីរ ។ យើង​មាន​ឯកសារ​សំឡេង​របស់​ឪពុក​ម្ដាយ​ខ្ញុំ​កាល​ពី​ពីរបី​ឆ្នាំ​មុន​ពេល​ពួកគាត់​បាន​ទទួល​មរណភាព​ទៅ ហើយ​ម្ដាយ​ខ្ញុំ​បាន​និយាយ​ពី​ភាពខុសគ្នា​ដែល​គាត់​បាន​កត់សម្គាល់ ។

សូម​ស្ដាប់​ប្រសាសន៍​របស់​គាត់ ៖

« យើង​មិន​ទទួល​បាន​ការបង្រៀន​នៅ​ក្នុង​ថ្នាក់សិក្ខាសាលា​ដូច​ជា​កូនៗ​របស់​យើងឥឡូវ​នេះ​ទេ​ហើយ​យើង​មិន​ដែល​មាន​ទម្លាប់​អាន​បទគម្ពីរ​តាម​របៀប​ដែល​ពួកគេ​ធ្វើ​ឥឡូវ​នេះ​ដែរ ។ ម្តាយ​របស់​ខ្ញុំ​មាន​សៀវភៅ​តូចៗ រឿង​និទាន​ពី​បទគម្ពីរហើយ​គាត់​បាន​អាន​សៀវភៅ​ទាំង​នោះ ។ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ថា​យើង​បាន​អាន​ព្រះគម្ពីរ​នោះ​ទេ ។ កូន ៗ របស់​យើង​ប្រហែល​ជា​ចៅៗ ប្រហែល​ជា​មាន​ទី​បន្ទាល់​កាន់​តែ​ខ្លាំង​ព្រោះ​ពួកគេ​យល់​ពី​ដំណឹងល្អ​កាន់​តែ​ច្រើន​ហើយ​ពួកគេ​មាន—ពួកគេ​ចាប់ផ្តើម​អាន​គម្ពីរ​នៅ​ពេល​ពួកគេ​នៅ​ក្មេង ហើយ​ពួកគេ​ពិត​ជា​បាន​អាន​ព្រះគម្ពីរ​ទាំងឡាយ​មែន ។ ហើយ​ខ្ញុំ​គិត​ថា​វា​បាន​បន្ថែម​កម្លាំង​ដល់​ពួកគេ ។ »

ចៅៗ​របស់​ខ្ញុំ​ខ្លះ​ដល់​អាយុ​រៀន​ថ្នាក់​សិក្ខាសាលា ហើយ​ចៅៗ​ដែល​មាន​វ័យ​ច្រើន​ជាង​គេ​ដល់​អាយុ​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន ។ ពួកគេ​នៅតែ​ឃើញ​មាន​ការផ្លាស់ប្ដូរ​ផ្សេងៗ​ទៀត​នៅក្នុង ស&វ ដូចជា​ការសម្រប​នូវ​អ្វី​ដែល​បង្រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ជាមួយ​នឹង​អ្វី​ដែល​កំពុង​រៀន​នៅ​ផ្ទះ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ដោយសារ​តែ​ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​នេះ យើង​ត្រូវ​តែ​រៀន​ជា​ច្រើន​អំពី​ការបង្រៀន​ពី​ចម្ងាយ ។ ខ្ញុំ​ស្រែក​សាទរ​ប្អូន​ទាំងអស់​គ្នា កាលដែល​យើង​ធ្វើ​ការផ្លាស់ប្ដូរ​ដែល​នឹង​សម​ទៅនឹង « លក្ខខណ្ឌ​នៃ »ជំនាន់​ដែល​កំពុង​ពេញ​វ័យ ។​ ខ្ញុំ​ស្រែក​សាទរ​កាន់តែ​ខ្លាំង​ថែមទៀត ដោយសារ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នោះ​រួម​មាន​ទាំង​ចៅៗ​របស់​យើង​ផងដែរ ។

ការធ្វើ​ការ​ផ្លាស់ប្ដូរ​សំខាន់ៗ ជា​ធម្មតា​គឺ​ពិបាក ។ ពេលខ្លះ​ទិសដៅ​គឺ​ច្បាស់​លាស់​ហើយ ប៉ុន្តែ​ការប្រតិបត្តិ​អាច​ជា​បញ្ហា​ប្រឈម​មុខ​ខ្លាំង​ណាស់ ។ សូម​គិត​ពី​ពួកបុត្រា​របស់​ម៉ូសាយ ។ ពួកគេ​បាន​មាន​គោលបំណង​ដ៏​ច្បាស់លាស់​មួយ​ថា « ប្រកាស​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ​ដល់​សត្វ​លោក​គ្រប់​រូប » ហើយ « ក្រែង [ ពួកគេ ] អាច​សង្គ្រោះ​ព្រលឹង … បាន​ខ្លះ » ។ វា​ងាយ​នឹង​ផ្ដោត​តែ​ទៅលើ​ភាពជោគជ័យ​ដ៏​អព្ភូតហេតុ​របស់​ពួកគេ ហើយ​ភ្លេច​ថា វា​ពិបាក​យ៉ាង​ណា ។ ពួកគេ​បាន​សាកល្បង​អ្វីៗ​ទាំងអស់ ។ ពួកគេ​បាន​ធ្វើ​វា​អស់​ពេល ១៤ ឆ្នាំ ហើយ​បទពិសោធន៍​របស់​ពួកគេ​រួមមាន ការរង​ទុក្ខ​នូវ​គ្រប់​ការ​ខ្វះ​ខាត ការបង្រៀន​នៅ​តាម​ផ្លូវ តាម​ផ្ទះ តាម​ព្រះវិហារ​បរិសុទ្ធ និង​តាម​សាលាជំនុំ​ទាំងឡាយ ហើយ​ត្រូវ​គេ​បណ្ដេញ​ចេញ ចំអកឡកឡឺយ ស្ដោះ​ដាក់ ទះកំផ្លៀង ចោល​ដុំថ្ម ចាប់​ចង ហើយ​ចាប់​ដាក់​ក្នុង​គុក​ជាដើម ។ ប៉ុន្តែ​ពួកគេ​បាន​ខិតខំ បាន​បន្ត​ផ្ដោតចិត្ត និង​បាន​ទទួល​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ដើម្បី​សម្រេច​បេសកកម្ម​របស់​ពួកគេ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​ម្ដង​ទៀត​នូវ​បទពិសោធន៍​របស់ រ័សុល អិម ណិលសុន ដែល​ពេល​នោះ​ជា​អែលឌើរ នៅក្នុង​ទ្វីប​អឺរ៉ុប—ជាពិសេស​នៅក្នុង​អឺរ៉ុប​ប៉ែក​ខាង​កើត—ពេល​លោក​ទទួល​ខុសត្រូវ​ផ្នែក​នោះ​នៃ​ពិភពលោក​ពី​ឆ្នាំ ១៩៨៥ ទៅដល់ ១៩៩០ ។ នៅ​ពេល​នោះ លោក​កំពុង​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ក្នុង​ឆ្នាំ ១៩៨៥ ពេល​លោក​បាន​ទទួល​ការទទួល​ខុសត្រូវ​សម្រាប់​ទ្វីប​អឺរ៉ុប និង​អាហ្វ្រិក លោក​បាន​ទទួល​ការចាត់តាំង​ពិសេស​មួយ​ឲ្យ​បើក​ការផ្សព្វផ្សាយ​ដំណឹងល្អ​នៅក្នុង​ប្រទេស​ទាំងឡាយ​នៅ​អឺរ៉ុប​ខាងកើត ( ដែល​ពេល​នោះ​ស្ថិត​នៅក្រោម​នឹម​នៃ​កុម្មុយនិស្ត ) ។ ការចាត់តាំង​នេះ​ត្រូវបាន​ផ្ដល់​ឲ្យ​បួន​ឆ្នាំ​មុន​ពេល​ជញ្ជាំង​ទីក្រុង​បែរឡាំង​បាន​ដួល​រលំ និង​ប្រាំមួយ​ឆ្នាំ​មុនពេល​សហភាព​សូវៀត​បាន​បញ្ចប់​ជា​ផ្លូវការ ។

គោលដៅ​របស់​អែលឌើរ ណិលសុន គឺ​ច្បាស់លាស់ ប៉ុន្តែ​កិច្ចការ​នោះ​គឺ​ពិបាក​ណាស់ ។ លោក​បាន​ប្រឹងប្រែង​ឥតឈប់ឈរ​ក្នុង​ការផ្តោត​ការយកចិត្ត​ទុកដាក់​របស់​លោក​លើ​ការចាត់តាំង​ពិសេស​នេះ ។ លោក​បាន​ទៅ​ទស្សនកិច្ច « អតីត​សាធារណរដ្ឋ​សង្គម​សូវៀត​ចំនួន ម្ភៃ​ប្រាំពីរ​ដង និង…បណ្តា​ប្រទេស​តំបន់​ខាងកើត​ផ្សេងទៀត​ជា​ច្រើន​ដង » ។ នៅក្នុង​សៀវភៅ Insights from a Prophet’s Life: Russell M. Nelsonរបស់ ស៊ើរី ឌូវ បាន​ពិពណ៌នា​ពី​កិច្ចការ​របស់​លោក​ដូច​តទៅ​នេះ ៖

គេ​មិន​ដែល​ចង់​ជួប​លោក ហើយ​កម្រ​នឹង​ស្វាគមន៍​លោក​ណាស់​ ។ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជាច្រើន​មិន​ទាំង​ផ្ដល់​ការណាត់​ជួប​ដល់​បុរស​ម្នាក់​ដែល​ប្រកាស​សេចក្ដី​ជំនឿ​លើ​ព្រះ​ផង ។​ ក្រោយមក​ទៀត លោក​ត្រូវ​បាន​គេ​រារាំង​ទាំង​នៅក្នុង​ការខិតខំ​របស់​លោក​ជា​ហូរហែ​ក្រោយ​មក ត្រូវបាន​គេ​ប្រព្រឹត្តិ​មិន​ល្អ​ចំពោះ​ក្នុង​កាលៈទេសៈ​ខ្លះ និង​ត្រូវបាន​គេ​មេត្តា​ក្នុង​កាលៈទេសៈ​ផ្សេង​ទៀត ត្រូវបាន​គេ​ស៊ើបការ​ដោយ​ប៉ូលីស​សម្ងាត់ ហើយ​ក្រោយ​មក​ត្រូវបាន​ស្វាគមន៍​ជា​មិត្តភក្ដិ​ដោយ​ពួក​មន្ត្រី​ដែល​បាន​ស្គាល់​លោក ហើយ​នៅ​កន្លែង​ខ្លះ​ត្រូវបាន​គេ​ប្រព្រឹត្តិ​ចំពោះ​ដោយ​ការសង្ស័យ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ស្វែងរក​ការប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​ពី​លោក ។ ការធ្វើ​ដំណើរ​ខ្លះ​ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ ខណៈ​ដែល​ការធ្វើ​ដំណើរ​ផ្សេង​ទៀត​បាន​បើក​ទ្វារ ដែល​លោក​មិន​ដែល​អាច​នឹក​ស្មាន​ដឹង​មុន ឬ​ដាក់​ផែនការ ។

បន្ទាប់​ពី​ការចាត់តាំង​របស់​អែលឌើរ ណិលសុន បាន​ផ្លាស់ប្ដូរ​ចេញ​ពី​អឺរ៉ុប លោក និង​អែលឌើរ អូក—ដែល​បាន​បន្ត​ការចាត់តាំង​នោះ​ពី​លោក—បាន​ទៅ​រាយការណ៍​ដល់​ប្រធាន​សាសនាចក្រ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ថា ឥឡូវ​នេះ​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​នៅក្នុង​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​ទ្វីប​អឺរ៉ុប​ខាងកើត​ហើយ ។១០ ស៊ីស្ទើរ ឌូវ បាន​ពិពណ៌នា​បន្ថែម​ទៀត​អំពី​បទពិសោធន៍​របស់​ប្រធាន ណិលសុន ៖

« ក្រោយមក ពេលសួរ​ថា តើ​បាន​រៀន​អ្វី​ខ្លះ​ពី​ការចាត់តាំង​ឲ្យ​បើក​ការផ្សព្វផ្សាយ​ដំណឹងល្អ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ជា​ពិសេស​គិត​ដល់​ការបញ្ឈប់ និង​ការចាប់ផ្ដើម​ជាច្រើន និង​មាន​ចុះ មាន​ឡើង នោះ​អែលឌើរ ណិលសុន បាន​ឆ្លើយ​តប​ដោយ​សាមញ្ញ​ថា ៖ ‹ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ការខិតខំ ។ ទ្រង់​អាច​មាន​ព្រះបន្ទូល​ទៅកាន់​ម៉ូសេ​ថា « យើង​នឹង​ជួប​ឯង​នៅ​ពាក់​កណ្ដាល​ផ្លូវ » ។ ប៉ុន្តែ ម៉ូសេ​ត្រូវតែ​ដើរ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ស៊ីណាយ ។ ទ្រង់​បាន​តម្រូវ​ឲ្យ​មាន​ការខិតខំ​ពី​ម៉ូសេ និង យ៉ូស្វេ និង យ៉ូសែប ស៊្មីធ និង​ពី​ប្រធាន​សាសនាចក្រ​ជា​បន្តបន្ទាប់ ។ … តើប្អូន​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ការ​ដែល​ពិត​ជា​លំបាក​ដែរ​ឬ​ទេ ? នៅពេល​ប្អូន​បង្ហាញ​ថា ប្អូន​មាន​ឆន្ទៈ​ធ្វើ​ផ្នែក​របស់​ប្អូន នោះ​ទ្រង់​នឹង​ជួយ​ប្អូន › » ។១១

ការខិតខំ​ដ៏​សុចរិត​របស់​អែលឌើរ ណិលសុន ជា​ឧបករណ៍​នៅក្នុង​ការផ្លាស់ប្ដូរ​យ៉ាង​សំខាន់ ដែល​ធ្វើ​ឲ្យ​មាន​ដំណឹងល្អ​ដល់​បុត្រា​បុត្រី​រាប់​លាន​នាក់​របស់​ព្រះ ។

អព្ភូតហេតុ​ទាំងឡាយ​ត្រូវការ​ការប្រឹងប្រែង ។ អព្ភូតហេតុ​ដែល​យើង​ចង់បាន​យ៉ាង​ខ្លាំង នឹង​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​យ៉ាង​ខ្លាំង​ពី​ផ្នែក​របស់​យើង ។

ជួនកាល វា​ត្រូវការ​ពេលវេលា​ដើម្បី​ដឹង​ពី​លទ្ធផល​ពេញលេញ​នៃ​ការខិតខំ​តស៊ូ​ដ៏​ខ្លាំងក្លា​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​ចាំបាច់​នោះ ។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​មិន​បាន​ធ្វើ​ជា​សាក្សី​ដល់​ការប្រមូល​ផល​ពេញលេញ​នៃ​កិច្ចខិតខំ​របស់​យើង​រួម​ជាមួយ​នឹង​អំណាច​របស់​ព្រះអម្ចាស់​ផង ។ ប៉ុន្តែ ការរីក​ចម្រើន​របស់​យើង​គឺ​សំខាន់​ខ្លាំង​ណាស់ ហើយ​យើង​អាច ហើយ​នឹង​ពុះពារ​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​នានា ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​ពួក​អ្នក​ដែល​យើង​បម្រើ ។ វា​ក៏ចាក់​គ្រឹះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ—គឺ​ចៅៗ​ទួត​របស់​យើង ។ ជីល និង​ខ្ញុំ​ពុំ​ទាន់មាន​ចៅទួត​ទេ ប៉ុន្តែ​មិន​យូរ​ទេ ពួកគេ​នឹង​ចាប់ផ្ដើម​មក​ដល់​ផែនដី​នេះ ហើយ​មុន​ពេល​យើង​ដឹង​ខ្លួន ពួកគេ​នឹង​នៅក្នុង​ថ្នាក់​របស់​ប្អូន​ទៅ​ហើយ ។

គោលបំណង​របស់​យើង​នៅក្នុង ស&វ គឺ​ច្បាស់លាស់—វា​មិន​បាន​ផ្លាស់ប្ដូរ​ទេ ។ យើង​នៅតែ​ពុះពារ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​វ័យ​ក្មេង​ទាំងនេះ ហើយ​ជួយ​ពួកគេ​ឲ្យ « យល់ដឹង និង​ពឹងផ្អែក​លើ​ការបង្រៀន និងដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មានភាព​សក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង អ្នក​ដទៃ​ទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ » ។១២ គឺ​ដោយសារ​តែ​យើង​កំពុង​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​នោះ ដែល​យើង​បើក​ចំហ​ចំពោះ​ការផ្លាស់ប្ដូរ​នៅក្នុង​កម្មវិធី​របស់​យើង ចំពោះ​ការធ្វើ​ឲ្យ​មធ្យោបាយ​នៃ​ការបង្រៀន​ល្អ​ឥតខ្ចោះ ចំពោះ​ការបង្កើត​ថ្នាក់​វិទ្យាស្ថាន​ថ្មី និង​ចំពោះ​កិច្ចខិតខំ​ផ្សេងទៀត​ឲ្យ​រីកចម្រើន ។ ដោយសារ​យើង​ស្រឡាញ់​មនុស្ស​វ័យក្មេង យើង​មាន​ឆន្ទៈ​ដើម្បី​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម សាកល្បង​នូវ​អ្វី​ដែល​ថ្មីៗ និង​ទូល​សូម​ការណែនាំ និង​ព្រះចេស្ដា​ពី​ព្រះអម្ចាស់​នៅក្នុង​កិច្ចខិតខំ​ទាំងអស់​របស់​យើង ។

នៅក្នុង​កិច្ចខិតខំ​របស់​ប្អូន​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​នេះ សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ប្អូន​ក្នុង​ឧបសគ្គ​ទាំងឡាយ​ដែលប្អូន​ប្រឈម​មុខ​ដោយ​ផ្ទាល់​ផងដែរ ។ ខ្ញុំ​ស្រឡាញ់​ប្អូន ហើយ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកទ្រង់​មាន​ព្រះជន្ម​នៅរស់ ។

នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. Rais A. Johnson, The Story of Rais A. Johnson,ដំណើរ​រឿង​ជីវប្រវត្តិ​សង្ខេប​មួយ ។

  2. Winifred A. Johnson, ការថត​ជា​សំឡេង ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០០១ ។

  3. គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១៥ ។

  4. ម៉ូសាយ ២៨:៣ ។

  5. អាលម៉ា ២៦:២៦ ។

  6. សូមមើល​អាលម៉ា៣៤:២៧–២៩

  7. សូម​មើល​Sheri Dew, Insights from a Prophet’s Life: Russell M. Nelson, ( ឆ្នាំ ២០១៩ ) ទំព័រ ១៤០ ។

  8. Dew, Insights from a Prophet’s Life, ( ឆ្នាំ ២០១៩ ) ទំព័រ ១៥៧ ។

  9. Dew, Insights from a Prophet’s Life, ( ឆ្នាំ ២០១៩ ) ទំព័រ ១៥៣ ។

  10. សូម​មើល​Sheri Dew, Insights from a Prophet’s Life, ទំព័រ ១៥៨ ។

  11. Dew, Insights from a Prophet’s Life, ទំព័រ ១៥៧–៥៨ ។

  12. ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និងអ្នក​ដឹកនាំ​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថានសាសនា( ២០១២ ) x ។