ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ


9:41

ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ​ឆ្នាំ ២០២៣

ថ្ងៃ អាទិត្យ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣

នៅ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ ចាប់ពី​អំឡុង​ខែ​វិច្ឆិកា​នេះ ធម្មជាតិ​នៅ​ជុំវិញ​ខ្ញុំ​ហាក់​ដូចជា​ក្រៀមស្វិត​អស់​ទៅ ។ ស្លឹក​បៃតង​ដែល​បាន​ទុំ​ធ្លាប់​បក់​យ៉ាង​ស្រទន់​តាម​ខ្យល់ និង​សំឡេង​យ៉ាង​ពិរោះ​ឲ្យ​ខ្ញុំ​ស្ដាប់​នៅ​និទាឃ​រដូវ និង​រដូវ​ក្តៅ ប្រែក្លាយ​ជា​ដើមឈើ​ងាប់ និង​សំឡេង​ស្លឹកឈើ​ស្ងួត ហើយ​ជ្រុះ​មក​នៅ​ក្រោម​ជើង​ខ្ញុំ ។ សត្វ​បក្សី​ដែល​ធ្លាប់តែ​ស្រែក​អឺងកង​ប្រែ​ជា​ស្ងៀមស្ងាត់ ហើយ​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​របស់​ផ្កា​ហាក់​ដូច​ជា​រសាយ​តាម​ខ្យល់​អស់​ទៅ ។ រឿង​ក្នុង​ពិភព​ធម្មជាតិ​ដែល​ខ្ញុំ​រួមចំណែក ជាមួយ​នឹង​ភាពទាក់ទាញ​ដែល​នឹង​បាត់ទៅ​មួយរយៈ ហើយ​នៅ​ក្នុង​ភាពស្ងប់ស្ងាត់ និង​ធម្មជាតិ​ដែល​នៅ​សេសសល់—កាល​ដែល​ជិត​ដាច់​ឆ្នាំ ហើយ​ពីមុន​ពេល​ដែល​ខ្ញុំ​ភ្លេច​ថា​ត្រូវ​មាន​ភាព​រីករាយ—អំណោយ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​បាន​មក​ដល់​ល្មម ។

ហើយ​នៅ​ជ្រុង​មួយ​នៃ​ពិភពលោក​ដ៏​អស្ចារ្យ​របស់​ព្រះ ខ្ញុំ ចងចាំ ។ ខ្ញុំ​ចាំ​ថា​ត្រូវ​យកចិត្ត​ទុកដាក់​ទៅ​លើ​ដើមឈើ​ដែល​នៅតែ​បៃតង​ដដែល បញ្ចេញ​ក្លិន​ឈើ ក្រអូប​ប្រហើរ និង​ក្លិន​ដី ។ ខ្ញុំ​ចាំ​ថា​រកមើល​ផ្កា និង​ផ្លែប៊ឺរី​ដែល​មាន​ពណ៌​ក្រហម​ខ្លាំង ឬ​ស‑​ក្បុស ហើយ​ស្តាប់​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស​ដែល​ធ្លាប់​ស្គាល់​ជ្រាប​ចូល​ទៅ​ក្នុង​ដួងចិត្ត និង​គេហដ្ឋាន និង​ដំណាក់​នៃ​ការថ្វាយ​បង្គំ ដែល​ប្រកាស​ថា « អំណរ​ដល់​លោក » កាល​ខ្ញុំ​រកមើល​និមិត្ត​សញ្ញា​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ថា « ស្ថានសួគ៌ និង​ធម្មជាតិ​ច្រៀង » ជាមួយ​ខ្ញុំ ហើយ​អញ្ជើញ​ខ្ញុំ​ឲ្យ ចងចាំ ។

ភាពអស្ចារ្យ​មួយ​នៃ​រដូវកាល​នេះ​គឺថា វា​ហាក់​ដូចជា​ពិភព​គ្រីស្ទាន​ទាំងមូល ហើយ​មនុស្ស​ជាច្រើន​ទៀត​ដែល​មិនមែន​ជា​គ្រីស្ទាន ចំណាយ​ពេល​វេលា​នេះ ក្នុង​ការស្វែងរក និង​បំពេញ​ជីវិត​របស់​ពួកគេ​ដោយ​គោលបំណង​ ជាមួយ​នឹង​និមិត្តរូប​នៃ ការចងចាំ នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស ។

បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ស្ពាន​ដែល​នាំ​យើង​ធ្វើ​ដំណើរ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ។ ហើយ​នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពិចារណា​អំពី​អព្ភូតហេតុ​នៃ « ព្រះ​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច គឺ​ព្រះយេហូវ៉ា ជាព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត » ដែល​បាន​ប្រសូត​ក្នុង​កាលៈទេសៈ​ដ៏​រាបសា​នៅ​ក្នុង​ទីក្រុង​របស់​ហ្លួង​ដាវីឌ ហើយ « រុំ​នឹង​សំពត់​ផ្តេក​នៅក្នុង​ស្នូក » ។ នៅ​ពេល​យើង​ធ្វើ​ធម្ម​យាត្រា​បុណ្យ​គ្រីស្ទម៉ាស់​របស់​យើង ប្រហែល​ជា​យើង​អាច​មើល​ឃើញ ខ្លួន​យើងថា​ជា​ពួកហោរ​បុរស និង​ស្ត្រី​សម័យ​ទំនើប ដែល​មើល​ទៅ​ផ្កាយ​នៅ​លើ​ដើម​គ្រីស្ទម៉ាស់ និង​ពន្លឺ​ផ្លេកៗ​នៅ​ជុំវិញ​យើង ហើយ​មាន « [ សេចក្តី ] អំណរ​ជា​ខ្លាំង​ក្រៃ »ពេល​ឃើញ​ទីសម្គាល់​ដែល​បាន​ដាក់​ខាង​មុខ​យើង​ដើម្បី​ណែនាំ និង​ដឹកនាំ​ដំណើរ​របស់​យើង​ឆ្ពោះ​ទៅ​កាន់​ព្រះ​យេស៊ូវ​គ្រីស្ទ ទៅ​កាន់​ទ្រង់​ដែល​ជា « ពន្លឺ​លោកីយ៍ » ។ បើ​យើង​ធុំក្លិន​អ្វីម៉្យាង​ក្នុង​ខ្យល់​អាកាស​អំឡុង​រដូវកាល​នេះ ប្រហែលជា​វា​រំឭក​យើង​ឲ្យ​នាំ​យក​អំណោយ​មក​ថ្វាយ​ដល់ « ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្មរស់ »—ដែល​មិនមែន « ជា​មាស ជា​កំញាន ជា​ជ័រល្វីង​ទេស » ទេ តែ​ជា​ការលះបង់​ដែល​ពេញ​ដោយ​ការគោរព​របស់​យើង ជា « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ » ។ ហើយ​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ពួក​យើង​ដែល​ស្រឡាញ់ និង​ថែរក្សា​កូនចៅ ប្រហែល​ជា​យើង​ស្រដៀង​គ្នា​នឹង​អ្នក​គង្វាល​បច្ចុប្បន្ន​ដែរ « ដែល​ចាំយាម រក្សា​ហ្វូង​ចៀម [ របស់​យើង ] » ហើយ​ចាំ​ស្តាប់​ទេវតា​នៅលើ​ផែនដី​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក​ឲ្យ​អញ្ជើញ​យើង « កុំ​ខ្លាច​អី » ពីព្រោះ​ពួកលោក​មក​ប្រាប់​ពី​ទិស​ដៅ​ទៅកាន់​កន្លែង​ដែល​អាច​រក​ឃើញ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ តើ​យើង​មិន​ចាំ​ទេ​ឬ ថា​យើង​ត្រូវ​ខ្សឹប​ប្រាប់​ពី « សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ » ទាំង​នេះ​ចូល​ទៅ​ក្នុង​ត្រចៀក​របស់​កូនៗ​យើង​ទុកជា​ទីបន្ទាល់ ? ដូច្នេះ នៅពេល​ពួកគេ​មាន​ការភ្ញាក់ផ្អើល​ដូច​កូនក្មេង ដែល​ឃើញ​ពណ៌​បុណ្យ​គ្រីស្ទម៉ាស់​ពណ៌​ក្រហម និង​បៃតង ពណ៌មាស និង​ពណ៌‑ស នោះ​ពួកគេ ចងចាំពី​ពលិកម្ម​ដ៏​ធួន​យ៉ាង​ល្អ​ឥតខ្ចោះ និង​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ប្រោសលោះ​របស់​ពួកគេ គឺ​ព្រះយេស៊ូវគ្រីស្ទ ជាអង្គ​ដែល​ប្រទាន​ដល់​ពួកគេ​នូវ​អំណោយ​នៃ​សេចក្ដី​សង្គ្រោះ និង​ជីវិត​ថ្មី ហើយ​អស់កល្ប​ជានិច្ច ។

បុណ្យ​គ្រីស្ទម៉ាស់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ទៅ​បេថ្លេហិម​ដើម្បី​ទទួល​បាន​សាក្សី​សម្រាប់​ខ្លួន​យើង​ផ្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្ទាប់​មក​ចែកចាយ​ទីបន្ទាល់​របស់​យើង ដោយ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​និយាយ និង​ធ្វើ​បន្ទាល់​ដោយ « រ៉ាយរ៉ាប់​រឿង »១០ ហើយ​ថ្លែង​ពី​កំណត់ត្រា​ទាំងអស់​ដែល​យើង​បាន​ដឹង​អំពី​ទ្រង់ ។ យើង​អាច​ធ្វើ​ធម្ម​យាត្រា​នោះ​ទៅកាន់​ព្រះអង្គ​សង្រ្គោះ​ដោយ​ការចងចាំ ។

ព្រះ​ប្រទាន​អំណោយ​នៃ​ការ​ចងចាំ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ភ្លេច ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដើម្បី​ឲ្យ​យើង​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដែល​គ្មាន​ដែន​កំណត់​របស់​ទ្រង់​ចំពោះ​យើង ហើយ​រៀន​ស្រឡាញ់​ទ្រង់​វិញ ។ ព្យាការី​មរ៉ូណៃ​ពី​បុរាណ​បាន​ដាស់តឿន​យើង​ឲ្យ​ចងចាំ​ថា « អំណោយទាន​ដែល​ល្អ គឺ​បាន​មក​ពី​ព្រះគ្រីស្ទ » ។១១ ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប្រទាន​អំណោយទាន​មិន​ដូចជា​ពិភពលោក​ផ្ដល់​ឲ្យ​ទេ—ដែល​បណ្តោះ​អាសន្ន មិន​ទៀងទាត់ និង​រលាយ​សាបសូន្យ​តាម​ពេលវេលា​កន្លង​ផុត​ទៅ ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​អំណោយ​ដ៏​យូរ​អង្វែង គឺ​អំណោយទាន​ដ៏​សំខាន់ៗ ដែល​រួម​មាន ៖

  • អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ ដូចជា​ចំណេះដឹង ប្រាជ្ញា ទីបន្ទាល់ និង​សេចក្តី​ជំនឿ ។១២

  • អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ហើយ​ពេល​យើង​ជញ្ជឹង​គិត​ពី « របស់​ល្អ » ទាំង​ធំ និង​តូច​ដែល​បាន​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ពេញ​មួយ​ជីវិត​នេះ តើ​យើង​អាច​មើល​ឃើញ​ព្រហស្ដ​របស់​ព្រះអម្ចាស់​ជួយ​សង្គ្រោះ​យើង ជួយ​ពង្រឹង​យើង និង​ប្រទាន​ឲ្យ​យើង​នូវ​ការធូរស្រាល​ដែរ​ឬ​ទេ ?

ខណៈ​ដែលគ្រា​ខ្លះ ពេល​គំនិត និង​ចិត្ត​របស់​យើង​វង្វេង ហើយ​ដើរ​ចេញ​ពី​ទ្រង់ ទ្រង់​រំឭក​យើង​ឥត​ឈប់ឈរ​ថា ព្រះអម្ចាស់​មិន​ភ្លេច​យើង​ឡើយ—នៅ​បុណ្យ​គ្រីស្ទម៉ាស់ ឬ​នៅពេល​ផ្សេង​ទៀត ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា យើង​ត្រូវ​បាន​ចារឹក​ទុក​នៅ​ផ្ទៃ​បាត​ព្រះហស្ដ​របស់​ទ្រង់ ។១៣ ទ្រង់​តែងតែ​រក្សា​ការសន្យា​របស់​ទ្រង់​ជានិច្ច ។ ទ្រង់​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​យើង និង​ជាមួយ​ពួកអយ្យកោ​យើង ។ ទ្រង់​ឮ ហើយ​ចងចាំ​ពី​ការ​អធិស្ឋាន​របស់​យើង​ទៅកាន់​ព្រះវរបិតាសួគ៌ មិនថា​យើង​លុត​ជង្គង់​ចុះ ឬ​ទូល​អង្វរ​ពី​ក្នុង​ទូ​របស់​យើង ឬ​ក៏​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់​ក្នុង​ចិត្ត​យើង​ទេ ។ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ទ្រង់​ចងចាំ​ក្នុង​ការ « ធ្វើ​អន្ដរាគមន៍​ដល់​ជីវិត​របស់​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ » ។១៤ ទ្រង់​ចាំ​ថា​ត្រូវ​អត់ទោស​ដល់​យើង​ច្រើន​ដង នៅពេល​យើង​ប្រែចិត្ត ។ ទ្រង់​ចាំ​ថា​ត្រូវ​មាន​បន្ទូល​ទៅកាន់​យើង​តាមរយៈ​ព្រះគម្ពីរ និង​ព្យាការី​ដើម្បី​ជួយ​យើង​ឲ្យ​រកឃើញ​ផ្លូវ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជានិច្ច—មិន​ថា​យើង​បាន​វង្វេង​ទៅ​ឆ្ងាយ​ប៉ុណ្ណា ហើយ​យូរ​ប៉ុណ្ណា​ទេ ។ ហើយ​ទ្រង់​ចាំ​ថា​នឹង​បញ្ជូន​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ឲ្យ​នៅ​ស៊ូទ្រាំ​ជាមួយ​យើង នៅ​ពេល​យើង​ខិតខំ​រក្សា​ការ​សន្យា​ដ៏​ពិសិដ្ឋ​របស់​យើង​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច » ។១៥

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖ « នៅពេល​អ្នក​ស្វែងរក​ពាក្យ​សំខាន់​ជាងគេ​នៅ​ក្នុង​វចនានុក្រម … នោះ​[ វា ]​អាច​ជា​ពាក្យ ចងចាំ ដោយ​សារ​តែ​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើ​សេចក្តី​សញ្ញា​[ ទាំងឡាយ ] …​នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ចងចាំ ។ លោកបន្តថា « នេះ​ជា​មូលហេតុ​ដែល​មនុស្ស​គ្រប់គ្នា​ទៅ​ការប្រជុំ​សាក្រាម៉ង់​រាល់​ថ្ងៃ​ឈប់​សម្រាក—ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ និង​[ ស្តាប់ ]​ពួកសង្ឃ​ប្រសិទ្ធពរ​ថា ពួកគេ​អាច ‹ ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ › ។… ចងចាំ គឺជា​ពាក្យ​មួយ ។ ចងចាំ គឺជា​ផែនការ​មួយ » ។១៦

ការចងចាំ​ដល់​ព្រះ​បំផុស​គំនិត​យើង​ឲ្យ​បញ្ឆេះ​អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ​របស់​យើង ហើយ​អញ្ជើញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​ព្រះ ។ សូម​ពិចារណា​អំពី​ការបង្រៀន​ទាំង​នេះ​ដែល​ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ចងចាំ ៖

  • « ទុកឲ្យ​ព្រះឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន » ហើយ « សូម​ថ្វាយ​ពេលវេលា​របស់​បងប្អូន​ទៅ​ទ្រង់ឲ្យ​បាន​សមរម្យ » ។

  • « ស្វែងរក និង​រំពឹង​ថា​មាន​អព្ភូតហេតុ » ។

  • « បញ្ចប់​ជម្លោះ​នៅក្នុង​…​​ជីវិត​របស់​បងប្អូន »១៧ ហើយ​ក្លាយជា​អ្នក​ដែល​ផ្សះផ្សា​គេ ។១៨

បុណ្យ​គ្រីស្ទម៉ាស់​អាច​ជា​ឱកាស​មួយ​ដើម្បី​ប្រព្រឹត្ត​តាម​ការអញ្ជើញ​ទាំងនេះ ហើយ​ប្រើ​ទំនោរ​ធម្មជាតិ​របស់​យើង​ដើម្បី​ចងចាំ​ឲ្យ​គិត​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង រៀន​ជញ្ជឹង​គិត​ពី​អព្ភូតហេតុ​នៃ​ការប្រសូត​របស់​ទ្រង់ ហើយ​ទទួល​អារម្មណ៍ និង​ប្រព្រឹត្ត​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះ​ប្រកប​ដោយ​ភាព​រាប់អាន​ដ៏​ធំធេង ។ និមិត្តរូប​នៃ​ការចងចាំ ដែល​ជា​លក្ខណៈ​ពិសេស​នៃ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ស្គាល់ នៅពេល​យើង ៖

  • ចងចាំ​ថា​ជូនពរ​ដល់​មិត្តភក្តិ គ្រួសារ និង​មនុស្ស​ដែល​មិន​ស្គាល់ ។

  • ចងចាំ​ថា​ជូន​អំណោយ​ទុកជា​ការបង្ហាញ​សេចក្តី​ស្រឡាញ់ ។

  • ចងចាំ​ថា​គួរមាន​ចិត្ដ​សប្បុរស​ចំពោះ​អ្នក​ដែល​ត្រូវការ និង​រាក់ទាក់​ចំពោះ​អ្នក​ដែល​ចូល​ផ្ទះ​របស់យើង ។

  • ចងចាំ​ថា​ត្រូវ​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ជួបជុំ​គ្រួសារ និង​ប្រពៃណី​ដែល​ធ្វើ​ឲ្យ​បុណ្យ​គ្រីស្ទម៉ាស់​មាន​ភាព​ដោយឡែក ហើយ​ខុស​ប្លែក ។

សម្រាប់​មនុស្ស​ជាច្រើន​ក្នុង​អំឡុង​រដូវកាល​នេះ ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​យើង​ក្នុង​ការ​រៀបចំ​អាហារ​ដដែលៗ ការរៀបរាប់​ពី​រឿង​គ្រួសារ​ដដែលៗ និង​ការតុបតែង​ដើម​គ្រីស្ទម៉ាស់​របស់​យើង ដោយ​គ្រឿង​តុបតែង​ដែល​យើង​បង្ហាញ​ជា​រៀងរាល់​ឆ្នាំ គឺ​ជា​សកម្មភាព​ដ៏​សំខាន់​ដែល​រក្សា​នូវ​បំណង​ប្រាថ្នា​ធម្មជាតិ​របស់​យើង​ដើម្បី​ចងចាំ​បទពិសោធន៍​ដែល​សំខាន់​ចំពោះ​យើង ។ អាហារ​ពិសេស ដំណើររឿង​ជាក់លាក់ និង​ការ​តុបតែង​ថ្ងៃ​ឈប់​សម្រាក អាច​ជា​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់​យើង​សន្សំ​ទុក ។ សូម្បី​តែ​បំណង​ប្រាថ្នា​ដ៏​រឹងមាំ​របស់​យើង​ដើម្បី​ធ្វើ​សប្បុរស​ធម៌​កាន់​តែ​ច្រើន​នៅរដូវកាល​នេះ ក៏​អាច​បង្ហាញ​ពី​បំណង​របស់​យើង​ដើម្បី​ចងចាំ​ថា​ត្រូវ​មាន​ការដឹង​គុណ​ផង​ដែរ ។ សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស​ដែល​យើង​មាន​ពេល​គិត​ដល់​ការមក​ដល់​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ក៏​ជា​ឱកាស​មួយ​សម្រាប់​យើង​ដើម្បី​ផ្តោត​ទៅ​លើ​បំណង​ប្រាថ្នា​របស់​យើង និង​ការប្រព្រឹត្ត​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ៖ « ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ ថា គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។១៩ នៅពេល​យើង​ឆ្លង​ជិត​ផុត​មួយ​ឆ្នាំ ហើយ​យើង​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ចូលទៅ​ឆ្នាំ​ថ្មី—ក្នុងនាម​ជា​ពួកហោរ​បុរស និង​ស្ត្រី ក្នុងនាម​ជា​អ្នកគង្វាល​ដែល​ចាំយាម—សូម​ចងចាំ​ថា គឺ​ដោយសារ​ព្រះហស្ត​ខ្លាំង​ពូកែ២០ទើប​យើង​ធ្វើ​ដូច្នេះ​បាន ។

ដូច្នេះ នៅ​កន្លែង​ណា​ក៏ដោយ​ដែល​បងប្អូន​រស់​នៅ​ក្នុង​ពិភពលោក​នេះ សូម​ចងចាំ​ថា​ត្រូវ​យកចិត្ត​ទុកដាក់​ទៅ​លើ​និមិត្ត​សញ្ញា​ផ្សេង​ៗ​ដែល​អញ្ជើញ​បងប្អូន​ឲ្យ​ស្វែងរក​ព្រះគ្រីស្ទ ។ គ្រប់​អ្វី​ទាំងអស់​ដែល​យើង​យកចិត្តទុកដាក់​ក្នុង​រដូវកាល​នេះ រាល់​ការស្វាគមន៍​ដែល​យើង​ផ្តល់ជូន រាល់​មនុស្ស​គ្រប់រូប​ដែល​យើង​គិត​ដល់ សូម​យើង​កុំ​ភ្លេច​ពី ម្ចាស់​អំណោយ​ពិត​ប្រាកដ—ទ្រង់​ដែល​មិន​ធ្លាប់​ភ្លេច​យើង ហើយ​ប្រទាន​ដល់​យើង​នូវ​អំណាច​ដើម្បី​ចងចាំ​ដល់​ទ្រង់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ និង​គ្រប់​ពេលវេលា​ទាំងអស់ ។ ទ្រង់​នាំ​មក​នូវ « អំណរ​ដល់​លោក » ហើយ​អញ្ជើញ​ចិត្ត​យើង « កុំឲ្យ​តោះតើយ »២១ ដើម្បី​ទទួល​ស្តេច​របស់​យើង ។ ទ្រង់​គឺ​ជា​គ្រឹះ​ដ៏​ពិត​ប្រាកដ​ដែល​យើង​ធ្វើ​ដំណើរ​លើ ។ ទ្រង់​ជា​ពន្លឺ​លោកីយ៍ និង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ក្នុង​ព្រះនាម​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕