ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
« ចូរ​យើង​មក​ថ្វាយបង្គំ​ព្រះអង្គ »


« ចូរ​យើង​មក​ថ្វាយបង្គំ​ព្រះអង្គ »

ការប្រជុំ​ធម្មនិដ្ឋាន​ពិធីបុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ ឆ្នាំ ២០២៣

ថ្ងៃអាទិត្យ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ឱ យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចាប់​ផ្តើម​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​ម្តងទៀត ជា​ពេល​ដែល​យើង​រំឭក​អំពី​ការប្រសូត្រ​មក​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង គឺ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។

វា​ជា​ព្រឹត្តិការណ៍​ដ៏វិសុទ្ធ​មួយ គ្រប់ ពេល​ដែល​មាន​ទារក​កើត​មក ។ សូម​មើល​ប្រតិកម្ម​របស់​ចៅទួត​ប្រុស​ម្នាក់​របស់​យើង នៅ​ពេល​ដែល​គាត់​បី​ប្អូន​ប្រុស​របស់​គាត់​ជា​លើក​ដំបូង ។

[ វីដេអូ ]

មិន​នឹក​ស្មានសោះថា នៅយប់​ដ៏បរិសុទ្ធ​បំផុត​ជាង ២០០០ ឆ្នាំមុន នៅជិត​ទីក្រុង​តូចមួយ​នៃ​បេថ្លេហិម ពួក​ពល​បរិវារ​កកកុញ​ពី​ស្ថានសួគ៌​បាន​ច្រៀង​ដោយ​ក្តីរីករាយ ! ទេវតា​មួយ​អង្គ​បាន​បង្រៀន​អ្នកគង្វាល​អំពី​សេចក្ដីពិត​ដ៏អស្ចារ្យនេះ ៖

« មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា » ។

« ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

ហើយ​ឥឡូវ​នេះ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​« ចូរ​យើង​មក ថ្វាយបង្គំ ព្រះអង្គ » ។

ដូចជា​អ្នករាល់គ្នា​ដែរ ពិធីបុណ្យ​គ្រីស្ទម៉ាស់​បាន​ផ្លាស់​ប្ដូរ​សម្រាប់​ខ្ញុំ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ។ អនុស្សាវរីយ៍​កុមារភាព​របស់​ខ្ញុំ​ត្រូវ​បាន​ដក់ជាប់​នៅ​ក្នុងគ្រាមួយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដ៏ខ្លាំង​នៅ​ទសវត្សរ៍ ឆ្នាំ ១៩៣០ ។ លុយ​ក្សត់ណាស់ ។ អំណោយ​មាន​តម្លៃ​ជា​ពិសេស​ខ្លាំងណាស់ ។

ឪពុក​ម្ដាយ​ខ្ញុំ​បាន​ធ្វើ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ និង​បងប្អូន​របស់​ខ្ញុំ ។ ជា​រៀង​រាល់​ឆ្នាំ យើង​បាន​ក្លាយ​ជា​គ្រួសារ « ដែល​ជំនួស​ឲ្យ​លោកតា​សាន់តា » សម្រាប់​គ្រួសារ​ផ្សេង​ទៀត ។ យើង​បាន​រៀបចំ​អំណោយ​ដ៏​សមរម្យ ហើយ​ប្រគល់​អំណោយ​ទាំង​នោះ​នៅ​យប់​មុនថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ នៅ​ពេល​យើង​បើក​ឡាន​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ដៃគ្រវី និង​ទឹក​ភ្នែក​នៅលើ​មុខ​របស់​ពួកគេ បាន​នាំ​ឲ្យ​យើង​មាន​អំណរ​ដ៏​ពិត​ប្រាកដ​នៃ​ការ​ផ្តល់​អំណោយ​នោះ ។

កាលនោះ​ខ្ញុំ​ចូលចិត្ត​តន្ត្រី​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ណាស់—ហើយ​ឥឡូវ​នៅតែ​ចូលចិត្ត​ដដែល ។ ជា​រៀង​រាល់​ឆ្នាំ ស៊ីស្ទើរ ណែលសុន និង​ខ្ញុំ​ចូល​ចិត្ត​ស្តាប់ និង​ច្រៀងតាម​ជាមួយនឹង​ក្រុមចម្រៀង​ Handel Messiah ។ ខ្ញុំ​ចូលចិត្ត​អត្ថន័យ​ហេប្រានិច​នៃ​ពាក្យ hallelujah វា​មាន​ន័យ​ថា « សរសើរ​តម្កើង​ដល់​ព្រះ ជាព្រះអម្ចាស់ » ។ ពាក្យ​ដែល​បាន​ច្រៀង​នៅ​ក្នុង​រោងមហោស្រព​ខ្នាតធំ​មិនត្រឹមតែ​ពណ៍នា​ចំពោះ​ការប្រសូត្រ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ការសោយរាជ្យ​នាពេល​សហស្សវត្សរ៍​របស់​ទ្រង់​ដែរ ៖

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង

ព្រះ​ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ៖

ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ

ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ

​ព្រះ​ដ៏​មាន​ព្រះចេស្តា

ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប

ម្ចាស់​នៃ​មេត្រីភាព

វា​ស្ថិត​ក្នុង​អំឡុង​ពេល​យុវមជ្ឈិមវ័យ ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទទួល​បាន​ទីបន្ទាល់​ដ៏​ជ្រាល​ជ្រៅ​មួយ​អំពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត្រ​មក​ពី​ស្ត្រី​ព្រហ្មចារី ម៉ារា ដែល​ជា « ប្រដាប់​ដ៏​ជម្រើស ហើយ​ពិសេស​មួយ » ។ ខ្ញុំ​បាន​ដឹង​ថា​ទ្រង់​ពិត ជា ព្រះ​រាជបុត្រា​នៃ​ព្រះ និង​ជា​តួ​អង្គ​សំខាន់​នៅក្នុង គ្រប់ ប្រវត្ដិសាស្ដ្រ​របស់​មនុស្សជាតិ​ទាំងអស់ ។

គ្រាន់តែ​គិត​អំពី​កម្រិត​ដែល​មិនអាច​យល់បាន​នៃអ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើបាន​សម្រេច—ទាំងអស់​ស្របតាម​ឆន្ទៈ​របស់​ព្រះវរបិតា​របស់ទ្រង់ ! ព្រះយេស៊ូវ​ជា​ព្រះ​មួយអង្គ​រួចទៅ​ហើយ​នៅ​ពេល​ដែល​ទ្រង់​យាងចុះ​មក​ផែនដី​ដើម្បី​បំពេញ​នូវ​មុខងារ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង​ម្នាក់ៗ ។ ជាស្នាដៃ​មួយ​ដែល​បាន​ជួយសង្រ្គោះ​ជីវិត និង​ផ្លាស់ប្តូរ​ជីវិត ។ ជាស្នាដៃ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​ពួកយើង​អាចធ្វើ​បាន​សម្រាប់​ខ្លួនឯង​ឡើយ ។

ព្រះអង្គសង្គ្រោះ « [ បាន ] រងការឈឺចាប់ និង​ទុក្ខវេទនា​និង​ការល្បួង​គ្រប់​ប្រភេទ » ដើម្បី​ទ្រង់​អាច​ដឹង « ​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​[ យើង ]​បែប​ណា​តាម​ជំងឺ​[ របស់​យើង ] » ។

ក្នុង​អំឡុង​ពេល​ពីរ​បី​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​រៀន​ច្រើន​ថែមទៀត​អំពី​ការ​ឈឺចាប់ និង​ឥទ្ធិពល​របស់​វា ។ ចិត្ត​របស់​ខ្ញុំ​បាន​គិត​ទៅដល់​ព្រះអង្គសង្គ្រោះ​របស់​យើង ពេល​ខ្ញុំ​ព្យាយាម​ស្រមៃ​ពី​ទំហំ​នៃ​ការ​ឈឺចាប់​របស់​ទ្រង់ ។ ចិត្តរមែងស្លាប់​របស់​ខ្ញុំ​មិន​អាច​យល់​អំពី​របៀប​ដែល​ទ្រង់​យកដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ រាល់ ការ​ឈឺចាប់ រាល់ អំពើ​បាប រាល់ ទុក្ខ​វេទនា និង​រាល់ ទុក្ខព្រួយ​របស់ មនុស្ស​គ្រប់​គ្នា ដែល​ធ្លាប់​រស់​នៅ​នោះ​ទេ !

នៅ​ក្នុង​ទង្វើ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​សេចក្ដី​មេត្តា​ករុណា​ដែល​ប្រមាថដល់​ការយល់ដឹង​ឬ​ការ​ពិពណ៌នា​របស់​មនុស្ស​រមែង​ស្លាប់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ដាក់​ព្រះ​អង្គ​ទ្រង់​ទៅ​នឹង​ភាព​ឈឺចាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​ដែល​មិនអាច​ប្រៀបផ្ទឹមបាន ។

យើង​គោរព​ព្រះឳរស​យេស៊ូវ​យ៉ាង​ជាក់ច្បាស់​ដោយសារ​តែ​ក្រោយ​មក ទ្រង់​បាន​ផ្តល់​នូវ​ការ​លះបង់​ដ៏អស់កល្ប​ជានិច្ច​ដែល​មិន​អាច​យល់​បាន​នៅ​ក្នុង​សួន​ច្បារ​គេតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង​នៅ​កាល់វ៉ារី ។ ដង្វាយ​នេះ​ប្រោសលោះ​យើង​ម្នាក់ៗ​នៅ​ពេល​យើង​ជ្រើសរើស​ប្រែចិត្ត ហើយ​ដើរ​តាម​ទ្រង់​។ បន្ទាប់​មក​ពេល​ទ្រង់​យាង​មក​សោយរាជ្យ​នៅ​លើ​ផែនដី ទ្រង់​បាន​ក្រោកឡើង​ពី​ផ្នូរ​នៅ​ថ្ងៃទីបី ​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវ​ពរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៃ​ការ​រស់​ឡើង​វិញ និង​ជីវិត​បន្ទាប់​ពី​ស្លាប់ ។

នៅ​រដូវ​កាល​នេះ យើង​តែង​តែ​ច្រៀង ឬ​និយាយ​ដោយ​រីករាយ​ថា « យើង​ជូនពរ​ឲ្យ​អ្នក​មាន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​សប្បាយ​រីករាយ​មួយ » ។ បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ បំណង​ប្រាថ្នា​ក្នុងចិត្តរបស់​ខ្ញុំ​ចំពោះ​បងប្អូន​ម្នាក់ៗ​នា​យប់​នេះ​មាន​សមាសធាតុ​ជា​ច្រើន ។ តាម​ពិតទៅ វា​មិន​មែន​ជា បំណង​ប្រាថ្នារបស់​ខ្ញុំ​សម្រាប់​បងប្អូនទេ វា​គឺ​ជា ការ​អធិស្ឋានរបស់​ខ្ញុំ​សម្រាប់​បងប្អូន​នៅ​ពេល​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​ពិសិដ្ឋ​នេះ ។

ទីមួយ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​បងប្អូន​នឹង​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​អស់​កល្ប​ជានិច្ច​ដែល​ព្រះអង្គសង្គ្រោះ​របស់យើង​មាន​សម្រាប់​បងប្អូន​ផ្ទាល់ ។ ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​បងប្អូន​តាំងពី​ជីវិត​មុន​ផែនដី​មកម៉្លេះ ។ ទ្រង់​ស្គាល់ ហើយ​ទតឃើញ​បងប្អូន​ទាំងអស់គ្នា នៅពេលនេះ ។ ទ្រង់​ទតឃើញ​ភាពសប្បាយ​រីករាយ និង​ទុក្ខ​ព្រួយ​របស់​បងប្អូន ។ ទ្រង់​បាន​ជួប​ប្រទះ​រឿង​នីមួយៗ​ទាំងអស់នោះ ។

ទ្រង់​មាន​សេចក្ដី​អាណិត​អាសូរ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​ការ​តស៊ូ​របស់​បងប្អូន ហើយ រីករាយ​រាល់​ពេល​ដែល​បងប្អូន​ឈានឆ្ពោះ​ទៅ​មុខ​ដោយ​សុចរិត​ក្នុង​អំឡុង​ពេល​ល្អ និង​អាក្រក់ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា​បងប្អូន​នឹង​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជាព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ពោរពេញ​ទៅ​ដោយ​អំណាច​របស់​ព្រះ ហើយ​ថា​ដោយ​សារ​តែ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​បងប្អូន​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​បងប្អូន​ត្រូវតែ ប្រឈម​មុខ​នឹងឧបសគ្គ​ដ៏​លំបាក​របស់​ជីវិត​តែ​ម្នាក់​ឯង​នោះ​ទេ ។ ពេល​បងប្អូន​សូម ស្វែងរក និង​គោះ​ដោយ​ស្មោះត្រង់ នោះ​បងប្អូន​មាន​សិទ្ធិ​ចូលប្រើ​អំណាច​របស់ទ្រង់​ជានិច្ច​ដើម្បី​ជួយ​បងប្អូន ដើម្បី​ពង្រឹង​បងប្អូន និង​ដើម្បី​ព្យាបាល​បងប្អូន ។១០

ខ្ញុំ​សូម​អធិស្ឋាន​ថា​បងប្អូន​នឹង​ទាញយក​ប្រយោជន៍​ដ៏​ពេញលេញ​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដោយ​ការ​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​បរិសុទ្ធ និង​ស្វែងរក​ការ​ណែនាំ​ពី​ស្ថានសួគ៌​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​បងប្អូន​ធ្វើ ។ និយាយ​ម្យ៉ាង​ទៀតថា ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​បងប្អូន​មាន​បទពិសោធន៍​សេចក្តី​អំណរ​នៃ​ការ​គិតដល់​សេឡេស្ទាល​ជានិច្ច ។

ខ្ញុំ​ក៏​សូម​អធិស្ឋាន​ផង​ដែរ​ថា បងប្អូន​នឹង​ប្រើ​រដូវវិស្សមកាល​នេះ​ដើម្បី​ចាប់​ផ្តើម​រដូវ​កាល​នៃ​ការ​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ។ ចាប់ផ្ដើម​អាន​ជាថ្មី​ដើម្បី​សិក្សា​អំពី​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ស្រឡាញ់​បងប្អូន​ដូច​ជា​ទ្រង់​នោះ​ទេ ។ គ្មាន​នរណា​ម្នាក់​នៅ​ទីនេះ​យល់​ពី​បងប្អូន​កាន់​តែ​ប្រសើរ ឬ​ពិត​ជា​ដឹង​ពី​ទុក្ខ​សោក និង​ភាព​ទន់​ខ្សោយ​របស់​បងប្អូន​ឡើយ ។ គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​មាន​អំណាច​ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​នោះ​ទេ ។ គ្មាន​នរណា​ម្នាក់​នៅ​ទីនេះ​ចង់​ឲ្យ​បងប្អូន​ក្លាយ​ជា​អ្វីៗ​គ្រប់​យ៉ាង​ដែល​បងប្អូន​អាច​ក្លាយ​ទៅជា​នោះ​ទេ ។ គ្មាន​នរណា​ម្នាក់​អង្វរ​ព្រះវរបិតា​ជំនួស​ឲ្យ​បងប្អូន​ដូចជា​ទ្រង់​នោះ​ទេ ។

ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង ។ ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​មួយ​នៃ​អ៊ីស្រាអែល ។ ទ្រង់​គឺជា​អ្នក​ចាក់​ប្រេងតាំង ។១១ នៅក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា ទ្រង់​ជា​អ្នក​បង្កើត​របស់​ទាំងអស់​ដែល​បាន​បង្កើត​ឡើង ។១២ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​យេហូវ៉ា​ដ៏​មហិមា ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។១៣ ទ្រង់​គឺ​ជា​អេម៉ាញូអែល​ដែល​បាន​សន្យា ។១៤ ទ្រង់​គឺ​ជា​ព្រះគំរូ​ដ៏​អស្ចារ្យ​របស់​យើង១៥ និង​ជា​ព្រះ​គាំទ្រ​របស់​យើង​ជាមួយ​ព្រះ​វរបិតា ។១៦ ដោយ​សារ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់ទ្រង់ ​នោះ​រាល់​ពរជ័យ​នៃ​បព្វជិតភាព​ទាំងអស់​របស់​ទ្រង់​គឺ​មាន​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់ នៅ​ពេល​ដែល​ពួកគេ​មករក​ទ្រង់ ហើយ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ។

បងប្អូន​ប្រុសស្រី ចូរ​យើង​រស់​នៅ​ក្នុង​វិញ្ញាណ​នៃ « ហាលេលូយ៉ា » ដែល​សរសើរ​ដល់​ព្រះ​អម្ចាស់​ព្រះយេហូវ៉ា ។ នៅក្នុង​រដូវ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​រុងរឿង​នេះ ចូរ​យើង​​មក​ថ្វាយ​បង្គំ​ទ្រង់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ !

ខ្ញុំ​ដឹង​ថា​ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ! នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​ដឹកនាំ​ការ​ស្តារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​ជា​បន្ត​បន្ទាប់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

បោះពុម្ព