ការបង្កើនលទ្ធភាព និងឥទ្ធិពលនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន
សន្និសីទអ្នកអប់រំខាងសាសនា ស៊ី.អ៊ី.អេស. ខែមិថុនា ឆ្នាំ២០២៤
ខ្ញុំរីករាយក្នុងការចែកចាយជាមួយបងប្អូននាថ្ងៃនេះនូវបច្ចុប្បន្នភាពស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដើម្បីបង្កើនលទ្ធភាព និងឥទ្ធិពលរបស់យើង និងអ្វីដែលកំពុងកើតឡើងជាមួយយុវវ័យ និងយុវមជ្ឈិមវ័យនៅជុំវិញពិភពលោក ។ បងប្អូនមួយចំនួនប្រហែលជាធ្លាប់បានឃើញ ឬបានឮផ្នែកនៃបទបង្ហាញនេះរួចហើយនៅក្នុងស្ថានភាពជាច្រើន។ ប៉ុន្តែខ្ញុំជឿថាវាមានតម្លៃក្នុងការមើលឃើញពីរបៀបដែលចំណែកទាំងអស់រួមបញ្ចូលគ្នាហើយគិតអំពីអ្វីដែលនឹងមកបន្ទាប់។
សម្រាប់បងប្អូនដែលមិនធ្វើការនៅ ស&វ ខ្ញុំសង្ឃឹមថាព័ត៌មាននេះផ្តល់នូវការចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍សម្រាប់បងប្អូនផងដែរ។
យើងទាំងអស់គ្នាដែលធ្វើការក្នុងផ្នែកអប់រំនៃសាសនាចក្រគិតជានិច្ចអំពីរបៀបដែលយើងអាចស្ថាបនាសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ និងជួយសិស្សរបស់យើងឱ្យកាន់តែប្រសើរឡើងនៅក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ ។ ប្រហែលជាប្រាំ ឬប្រាំមួយឆ្នាំមុន ពួកយើងបានទទួលស្គាល់ថា ការចុះឈ្មោះក្នុងថ្នាក់វិទ្យាស្ថានបានមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីឆ្នាំ ដែលធ្វើឲ្យពួកយើងមានការព្រួយបារម្ភជាខ្លាំង ។ ទន្ទឹមនេះផងដែរ យើងក៏បានទទួលស្គាល់ថា មានយុវមជ្ឈិមវ័យរបស់យើងជាច្រើនប្រឈមនឹងបញ្ហាលំបាកជាខ្លាំងចំពោះសេចក្តីជំនឿរបស់ពួកគេ ម៉្លោះហើយបានជាយើងចង់ជួយ ពីព្រោះយើងដឹងថា ថ្នាក់វិទ្យាស្ថានអាចជាវិធីដ៏ល្អបំផុតសម្រាប់ពួកគេ ដើម្បីទទួលបានការគាំទ្រដែលពួកគេត្រូវការ ។ យើងចង់ដឹងពីអ្វីដែលយើងអាចធ្វើបន្ថែមទៀត មិនត្រឹមតែជាការលើកទឹកចិត្តពួកគេឲ្យចូលរួមប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ដឹងអំពីរបៀបដែលយើងអាចមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងជីវិតពួកគេ ។ យើងបានគិតថា វាគឺជាការសំខាន់ក្នុងការស្វែងរកវិធីមួយដើម្បីស្តាប់ពួកគេ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមរបស់ពួកគេ និងដើម្បីស្វែងរកអ្វីដែលថ្នាក់វិទ្យាស្ថានអាចជួយបាន ។ ដូច្នេះហើយយើងបានបង្កើតក្រុមមួយនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានដែលយើងហៅដំបូងថា គណៈកម្មការថ្នាក់វិទ្យាស្ថានច្នៃប្រឌិតថ្មី ។
ជាដំបូង គណៈកម្មការនេះបានធ្វើការជាមួយនឹងក្រុមស្រាវជ្រាវទំនាក់ទំនងដើម្បីចូលរួមក្នុងការសិក្សាអំពីយុវមជ្ឈិមវ័យនៅក្នុងសាសនាចក្រ ។ បន្ទាប់មក ពួកគេបានធ្វើការជាមួយនឹង BYU AdLab ដើម្បីដឹងថា តើការផ្លាស់ប្តូរអ្វីដែលយើងអាចធ្វើបានក្នុងថ្នាក់វិទ្យាស្ថាន ដើម្បីជួយដល់យុវមជ្ឈិមវ័យចំពោះសេចក្តីត្រូវការទាំងឡាយរបស់ពួកគេ ។
បទពិសោធន៍ទាំងនេះពិតជាមានប្រយោជន៍ណាស់ ប៉ុន្តែវាថែមទាំងជំរុញឲ្យយើងចង់ធ្វើបន្ថែមទៀតក្នុងការប្រមូលគំនិត ដើម្បីស្វែងរកឱកាសក្នុងការពង្រីកលទ្ធភាពថ្នាក់វិទ្យាស្ថាន និងឥទ្ធិពលរបស់វាបន្ថែមទៀត ។ ដូច្នេះ យើងបានចុះកិច្ចសន្យាជាមួយនឹង Bonneville Communications ដើម្បីធ្វើការវិភាគឲ្យបានហ្មត់ចត់ជាងនេះ ។
ពួកគេបានធ្វើការផ្តោតលើក្រុម និងស្ទង់មតិយុវមជ្ឈិមវ័យជាង ៥០០០ នាក់ រួមទាំងមនុស្សជាច្រើនដែលបច្ចុប្បន្ននេះមិនបានចូលរួមក្នុងថ្នាក់វិទ្យាស្ថាន ឬសាសនាចក្រទៀត ។ ការសិក្សានេះបានធ្វើឡើងនៅលើទ្វីបចំនួនប្រាំ ហើយបានផ្តល់ព័ត៌មានដ៏មានតម្លៃបំផុត ។
ចំណុចសំខាន់នៃអ្វីដែលយុវមជ្ឈិមវ័យបានប្រាប់យើងនោះគឺថា ពួកគេចង់បាន និងត្រូវការរបស់បួនយ៉ាង ៖
ពួកគេចង់ឲ្យថ្នាក់វិទ្យាស្ថានមានការពាក់ព័ន្ធច្រើនអំពីការបំពេញតម្រូវការរបស់ពួកគេ និងឆ្លើយសំណួររបស់ពួកគេ ។
ពួកគេចង់មានអារម្មណ៍នៃការចូលរួមចំណែក—ជាចំណែកនៃក្រុមមនុស្សមួយក្រុមដែលជួយពួកគេឲ្យរស់នៅតាមដំណឹងល្អ និងជាចំណែកក្នុងបុព្វហេតុមួយ ដើម្បីមានអារម្មណ៍ថាពួកគេគឺជាផ្នែកនៃអ្វីមួយដ៏សំខាន់ ។
ពួកគេក៏បានស្នើសុំយើងឲ្យរៀបចំថ្នាក់វិទ្យាស្ថានឲ្យមានភាពងាយស្រួលជាងមុន ដើម្បីពួកគេអាចចូលរួមបាន ទោះបីជាពួកគេមានកាលវិភាគដ៏មមាញឹក ហើយមានកិច្ចការជាច្រើនទៀត ដែលទាមទារពេលវេលា និងការផ្ដោតអារម្មណ៍របស់ពួកគេច្រើនក៏ដោយ ។
ការឆ្លើយតបជាទូទៅបំផុតគឺថា ពួកគេចង់ទទួលបានអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះអង្គសង្រ្គោះ ។ ការឆ្លើយតបនេះ យើងបានដាក់ស្លាកថា ការប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទ » ។ អែលឌើរ ហ្គីលប៊ឺត បានជួយយើងឲ្យដឹងថា ការឆ្លើយតបនេះមានលក្ខណៈខុសគ្នានឹងការឆ្លើយតបផ្សេងទៀត ។
គោលបំណងនៃថ្នាក់វិទ្យាស្ថាននេះគឺដើម្បីធ្វើឲ្យការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់កាន់តែស៊ីជម្រៅ ។ ការឆ្លើយតបផ្សេងទៀតគឺជាវិធីដើម្បីសម្រេចនូវគោលបំណងនោះ ។ ការឆ្លើយតបទាំងនោះត្រូវតែភ្ជាប់ទៅនឹងគោលដៅនៃការប្រែចិត្តជឿ បើមិនដូច្នោះទេ ការឆ្លើយតបនោះនឹងមិនមានអត្ថប្រយោជន៍ដ៍យូរអង្វែងដល់យុវមជ្ឈិមវ័យនៅលីវដែលត្រូវការនោះឡើយ ។ យើងអាចបង្កើតនូវអារម្មណ៍នៃការរួមចំណែកដែលមិននាំទៅរកការប្រែចិត្តជឿ ឬមិនមានចំណែកនៅក្នុងក្លឹប ឬក្រុមកីឡា ។ ប៉ុន្តែនោះមិនមែនជាអ្វីដែលយើងចង់បាននោះទេ ។ យើងត្រូវជួយដល់ពួកគេឲ្យមើលឃើញពីរបៀបដែលដំណឹងល្អឆ្លើយសំណួរចំពោះព្រលឹងរបស់ពួកគេ និងជួយពួកគេជាមួយនឹងបញ្ហាប្រចាំថ្ងៃ ។ ហើយពួកយើងត្រូវបង្កើតសេចក្ដីសញ្ញាដែលជារបស់ផងទ្រង់ ។ អ្វីៗគ្រប់យ៉ាងដែលយើងធ្វើត្រូវតែនាំទៅរកការប្រែចិត្តជឿ ។
ដូច្នេះ យើងបានតាមដានជាមួយនឹងយុវមជ្ឈិមវ័យដើម្បីសួរពួកគេថា « តើវានឹងទៅជាយ៉ាងណា ប្រសិនបើថ្នាក់វិទ្យាស្ថានមានភាពពាក់ព័ន្ធ បង្កើតការចូលរួមចំណែក និងអាចចូលប្រើប្រាស់បានច្រើនតាមរបៀបមួយដែលនឹងពង្រឹងដល់ការប្រែចិត្តជឿ ? »
លទ្ធផលគឺជាការបង្កើតនូវគំនិតផ្តួចផ្តើមមួយចំនួនដែលបានអនុវត្តកម្មវិធីដែលបានជ្រើសរើសក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ។ ទាំងនេះគឺជាឧទាហរណ៍មួយចំនួន ។
ដើម្បីធ្វើឲ្យថ្នាក់វិទ្យាស្ថានមានភាពពាក់ព័ន្ធ យើងបានបង្កើតសិក្ខាសាលាឡើង ។ សិក្ខាសាលាដែលមានរយៈពេលពីរ-ទៅ-ប្រាំ-សប្តាហ៍ដោយផ្អែកលើតម្រូវការពិសេសដែលបានរកឃើញដោយយុវមជ្ឈិមវ័យ ។ ដូច្នេះបន្ថែមលើថ្នាក់រៀនដែលមានលក្ខណៈជាឆមាស ពួកគេអាចមកចូលរួម និងដោះស្រាយកង្វល់ផ្ទាល់ដែលមាននៅក្នុងចិត្តពួកគេក្នុងរយៈពេលខ្លី ។ សិក្ខាសាលាទាំងនេះគឺនៅតែផ្អែកទៅលើព្រះគម្ពីរនិងការបង្រៀនពីព្យាការីសម័យទំនើប និងថ្នាក់ដឹកនាំសាសនាច្រកផ្សេងទៀត ។
យើងក៏បានបន្ថែមថ្នាក់ថ្មីជាច្រើនទៀត ។ ឧទាហរណ៍ យើងបានបង្កើតថា្នក់ដោយផ្អែកលើសៀវភៅរបស់អែលឌើរ អាន់ឌើរសុន The Divine Gift of Forgiveness ដែលថ្នាក់នោះមានអ្នកចូលរួមច្រើន ។
ពួកយើងក៏មានអំណរគុណផងដែរចំពោះអែលឌើរ អុជដូហ្វ ដែលបានណែនាំ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទៅកាន់គ្រូបង្រៀនទាំងអស់របស់យើង ។ នោះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការបំពាក់បំប៉នរបស់យើង រួមទាំងរបៀបដែលធ្វើឲ្យថ្នាក់រៀនរបស់យើងកាន់តែមានការពាក់ព័ន្ធ ។
ក្នុងកិច្ចខិតខំដើម្បីបង្កើនអារម្មណ៍នៃការចូលរួមចំណែក យើងបានសង្កត់ធ្ងន់លើគំនិតរបស់ប្រធាន ណិលសុន ថារាល់ពេលដែលអ្នកធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់មករកព្រះយេស៊ូវគ្រីស្ទ ហើយចុះ និងរក្សាសេចក្តីសញ្ញានោះអ្នកកំពុងប្រមូលវង្សអ៊ីស្រាអែលហើយ ។ សូមអរគុណចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអញ្ជើញ និងលើកទឹកចិត្តដល់សិស្សដែលមានសក្តានុពលទាំងអស់ ។
ជាឧទាហរណ៍ កាលពីឆ្នាំមុនគ្រាន់តែនៅអាមេរិកកណ្តាលតែមួយ គ្រូបង្រៀនរបស់យើងផ្ទាល់បានអញ្ជើញយុវវ័យ និងយុវមជ្ឈិមវ័យ ជាង ២៥០០០ នាក់ឲ្យចូលរួមថ្នាក់រៀន ។ យើងក៏បានសុំឲ្យសិស្សរបស់យើងអញ្ជើញមិត្តភក្តិរបស់ពួកគេផងដែរ ។ ជាលទ្ធផលមានមិត្តភក្តិច្រើនជាង ៣០០០០ នាក់ដែលមានជំនឿផ្សេងៗបានចូលរួម ដែលបណ្តាលឲ្យមានបុណ្យជ្រមុជទឹកជាង ៩០០០ នាក់ ។ សម្រាប់ការផ្លាស់ប្តូរទាំងអស់ដែលយើងបានធ្វើ ខ្ញុំគិតថាកត្តាចម្បងដ៏ធំបំផុតនៃការចុះឈ្មោះចូលរៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានមានភាពរីកចម្រើន គឺដោយសារតែបងប្អូនជាច្រើនបានទទួលយកទស្សនៈវិស័យដែលបង្រៀនដោយប្រធាន ណិលសុន ដើម្បីប្រមូលផ្តុំជំនាន់នៃយុវវ័យ និងយុវមជ្ឈិមវ័យ ។ សូមអរគុណចំពោះដួងចិត្តដ៏មោះមុតដើម្បីធ្វើជាអ្នកប្រមូលផ្តុំ ហើយនាំមនុស្សវ័យក្មេងជាច្រើនមករកព្រះយេស៊ូវគ្រីស្ទ ។ អំណាចរបស់យើងនៅក្នុងកិច្ចការនេះនឹងកើនឡើង កាលណាយើងធ្វើតាមទស្សនវិស័យរបស់ព្យាការីកាន់តែច្រើន ។
យើងបានធ្វើកិច្ចការផ្សេងទៀត ដូចជាការជួសជុលថ្នាក់រៀន និងការសង្កត់ធ្ងន់លើតម្រូវការសិស្សជាជាងការបង្រៀនមេរៀន ។ យើងបានអនុញ្ញាតឲ្យសិស្សបញ្ចេញយោបល់ តើផ្នែកណានៃមេរៀនដែលពួកគេចង់ចំណាយពេលច្រើនជាង ឬតិចជាង ។
សម្រាប់ភាពងាយស្រួល មានការផ្លាស់ប្តូរដ៏សំខាន់ គឺការសិក្សាថ្នាក់វិទ្យាស្ថានតាមអនឡាញ ។ ការចុះឈ្មោះតាមអនឡាញប្រចាំឆ្នាំកើនឡើង—ជាង ២៥០០០ នាក់ កើនពីចំនួន ៩០០០ នាក់កាលពីពីរឆ្នាំមុន ។ ការកើនឡើងនេះដោយសារការសហការគ្នារបស់យើងជាមួយនឹង BYU–Pathway Worldwide និងជាហេតុផលមួយដ៏សំខាន់សម្រាប់ការបន្តរីកចម្រើនរបស់យើងនៅពេលអនាគត ។
យើងក៏បានផ្តល់នូវភាពបត់បែនជាច្រើនទៀតជាមួយនឹងពេលវេលារៀន និងទីកន្លែងដើម្បីធ្វើឲ្យមានភាពងាយស្រួលសម្រាប់សិស្សចូលរួម ។
យើងបាននាំយកសកម្មភាព និងធនធានផ្សេងៗទៀតទៅកាន់អគារថ្នាក់វិទ្យាស្ថាន ដែលផ្តល់នូវថាមពល និងភាពរំភើបកាន់តែច្រើន និងមនុស្សវ័យក្មេងបន្ថែមទៀតដើម្បីចូលរួមក្នុងថ្នាក់វិទ្យាស្ថាន ។ យើងក៏កំពុងសហការជាមួយអង្គភាពសាសនាចក្រ ដើម្បីផ្តល់ដល់ថ្នាក់វិទ្យាស្ថានូវកន្លែងប្រជុំដែលបានអនុម័តថ្មីផងដែរ ។
ដើម្បីលើកទឹកចិត្តសិស្សបន្ថែមទៀតឲ្យចូលរួម ប្រធាន ណិលសុន បានបង្កើតការអញ្ជើញជាវីដេអូមួយ ។ យើងក៏បានដកស្រង់មតិពីសិស្សអំពីបទពិសោធន៍ថ្នាក់វិទ្យាស្ថានរបស់ពួកគេ ។ យើងបានហៅវីដេអូនោះថា « ខ្ញុំចូលចិត្តថ្នាក់វិទ្យាស្ថាន » ។ នេះគឺជាការរួមបញ្ចូលគ្នានូវផ្នែកនៃវីដេអូទាំងពីរ ។
[ វីដេអូ ]
កូហ្វី ៖ខ្ញុំគិតថា ថ្នាក់វិទ្យាស្ថានពិតជាបានជួយខ្ញុំឲ្យស្គាល់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយមិនគ្រាន់តែស្គាល់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏រៀនអំពីទ្រង់ ហើយដឹងពីកត្តាអ្វីខ្លះក្នុងជីវិតខ្ញុំដែលអាចកែប្រែដើម្បីបានដូចជាទ្រង់ ។
លីលី ៖ ខ្ញុំចូលចិត្តថ្នាក់វិទ្យាស្ថាន ដោយសារខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ហើយថ្នាក់វិទ្យាស្ថានក្លាយជាកន្លែងមួយដែលខ្ញុំអាចនិយាយអំពីទ្រង់ ។ ហើយការនិយាយអំពីព្រះយេស៊ូវគ្រីស្ទ គឺមានអំណាចណាស់ ។ ហើយខ្ញុំទទួលអារម្មណ៍ពីអំណាចនោះនៅក្នុងជីវិតខ្ញុំ ។
ប្រធាន រ័សុល អិម ណិលសុន ៖ ក្មួយៗប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំស្រឡាញ់ក្មួយៗ ។ ខ្ញុំគិតដល់ក្មួយ ហើយអធិស្ឋានឲ្យក្មួយៗជាញឹកញាប់ ។ ក្មួយៗកំពុងរស់នៅក្នុងសម័យមួយ ដែលមិនដូចសម័យផ្សេងទេ ។ ក្មួយៗស្ថិតក្នុងជំនាន់មួយ ដែលក្មួយៗធ្វើការសម្រេចចិត្តសំខាន់ៗ ជាការសម្រេចចិត្តដែលនឹងមានឥទ្ធិពលលើជីវិតក្មួយអស់មួយជីវិតនេះ និងជីវិតអស់កល្បជានិច្ច ។ ការធ្វើការសម្រេចចិត្តទាំងនេះអាចមើលទៅដូចជាលើសលប់ហួស ឬគួរឲ្យខ្លាចពេលខ្លះ ប៉ុន្តែវាក៏គួរឲ្យរំភើបផងដែរ ព្រោះយើងកំពុងរស់នៅក្នុងគ្រាដ៏សំខាន់មួយ ។
តើខ្ញុំអាចអញ្ជើញឲ្យក្មួយៗធ្វើអ្វីមួយ ដែលនឹងជួយក្មួយៗតាមរបៀបមួយដែលសឹងតែគ្មានអ្វីផ្សេងទៀតអាចជួយបានដែរទេ ៖ ចូលរៀនថ្នាក់វិទ្យាស្ថាន ។ ឥឡូវនេះ ខ្ញុំបានឃើញកូនៗ ចៅៗ និងចៅទួតជាច្រើនរបស់ខ្ញុំចូលរៀនថ្នាក់វិទ្យាស្ថាន ។ ការចូលរៀនថ្នាក់វិទ្យាស្ថានបានផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។ ថ្នាក់វិទ្យាស្ថានបានជួយពួកគេ ហើយវានឹងជួយក្មួយៗដែរ ធ្វើឲ្យការប្រែចិត្តជឿរបស់ក្មួយទៅលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ។ ការចូលរៀនថ្នាក់វិទ្យាស្ថាននឹងជួយក្មួយឲ្យទទួលអារម្មណ៍កាន់តែខ្លាំងពីក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះវរបិតាសួគ៌ចំពោះក្មួយៗ ។
ថ្នាក់វិទ្យាស្ថាននឹងផ្ដល់ឲ្យក្មួយនូវគ្រូបង្រៀនដ៏បំផុសគំនិត មិត្តភក្តិស្មោះត្រង់ និងអារម្មណ៍នៃការមានចំណែក ។ ថ្នាក់វិទ្យាស្ថាននឹងជួយក្មួយឲ្យយល់ពីមូលហេតុដែលការរស់នៅតាមដំណឹងល្អនាំឲ្យមានសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ។ ការចូលរៀនថ្នាក់វិទ្យាស្ថាននឹងជួយក្មួយៗឲ្យរស់នៅតាមដំណឹងល្អ និងមានអំណរកាន់តែខ្លាំងឡើងនាពេលឥឡូវនេះ ។
បើក្មួយចង់ដឹងសេចក្ដីពិតថាក្មួយៗជានរណាឲ្យប្រាកដនោះ សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។ បើក្មួយចង់ដឹងពីគោលបំណងជីវិត សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។ បើក្មួយចង់បន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញា សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។ បើក្មួយៗចង់រៀនពីរបៀបទុកឲ្យព្រះឈ្នះក្នុងជីវិតក្មួយ សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។ បើក្មួយៗចង់ធ្វើជាអ្នកផ្សះផ្សាគេ សូមចូលរៀនថ្នាក់វិទ្យាស្ថាន ។
ខ្ញុំសន្យាពរជ័យទាំងនេះដល់ក្មួយៗ ហើយបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំទៅកាន់ក្មួយៗ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
[ ចប់វីដេអូ ]
វីដេអូទាំងនេះគឺមាននៅលើគេហទំព័រសាសនាចក្រ ។ វីដេអូទាំងនេះត្រូវបានប្រើប្រាស់នៅលើបណ្តាញសង្គម ក្នុងថ្នាក់រៀន ជាមួយថ្នាក់ដឹកនាំបព្វជិតភាព និងបងប្អូនជាច្រើនបានប្រើវីដេអូនេះក្នុងការប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យនៅលីវទៀតផង ។ សូមអរគុណចំពោះការប្រើប្រាស់នូវសម្ភារទាំងនេះដើម្បីពង្រីកការអញ្ជើញ និងការសន្យារបស់ព្យាការី ។
ខ្ញុំស្រលាញ់វីដេអូរបស់សិស្សទាំងនោះណាស់ ។ ពួកគេនិយាយចេញពីដួងចិត្តពិត ហើយពួកគេជាច្រើនបានចែកចាយអំពីឥទ្ធិពលនៃថ្នាក់រៀនក្នុងការមានចំណែកជួយពួកគេឲ្យមកស្គាល់ព្រះអង្គសង្រ្គោះនិងធ្វើតាមទ្រង់ ។ ដូច្នេះ សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ ខ្ញុំពិតជាចូលចិត្តស្តាប់ទីបន្ទាល់របស់ពួកគេ ។ ប្រាកដណាស់ យើងមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន ណិលសុន សម្រាប់សារលិខិតរបស់លោក ដែលបានប៉ះដល់ដួងចិត្តរបស់យុវមជ្ឈិមវ័យជាច្រើន ។
នៅពេលដែលខ្ញុំបានទៅទីក្រុងសាន់ឌីអាហ្គូ ជាមួយអែលឌើរ ស្ទីវ៉ែនសុន មានយុវនារីម្នាក់បានមករកខ្ញុំបន្ទាប់ពីការប្រជុំធម្មនិដ្ឋាន ហើយនាងបាននិយាយថា នាងបានគិតថាមិនចាំបាច់ចូលរៀនថ្នាក់វិទ្យាស្ថានទៀតទេ បន្ទាប់ពីនាងបញ្ចប់ការសិក្សារួចទៅហើយ ។ ប៉ុន្តែបន្ទាប់ពីឮព្យាការីចែកចាយអំពីការសន្យារបស់លោក នាងបានចុះឈ្មោះចូលរៀនម្តងទៀតភ្លាម ហើយវាបានក្លាយជាពរជ័យមួយដ៏ធំសម្រាប់នាង ។
លទ្ធផលដែលបានមកពីការប្រឹងប្រែងទាំងនេះហើយលើសពីនេះ គឺថ្នាក់វិទ្យាស្ថានកំពុងរីកចម្រើន ។
បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេល ៥ ឆ្នាំ យើងទទួលបានសិស្សចំនួន ៥៧០០០ នាក់បន្ថែមទៀតនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។ នោះគឺកើនឡើង ២០ ភាគរយ—ហើយយើងដឹងថាមានចំនួនសិស្សជាច្រើននាក់ទៀតបានចូលរៀនដែលមិនបានចុះឈ្មោះជាផ្លូវការឡើយ ។ នេះជាចំនួនដ៏សន្ធឹកសន្ទាប់ក្នុងរយៈពេលប្រាំបីឆ្នាំនេះ ហើយយើងពិតជារំភើបណាស់ដែលបានឃើញកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ។
ការកើនឡើងនូវការចុះឈ្មោះ គឺជាផ្នែកមួយនៃដំណើររឿង ។ គ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំឮរឿងអំពីជីវិតមនុស្សបានមានការផ្លាស់ប្តូរ ។ នៅពេលយុវវ័យបានចាប់ផ្ដើមការសិក្សាដ៏ម៉ត់ចត់មួយអំពីព្រះគម្ពីរ ពួកគេនឹងបានពរជ័យ ហើយទទួលការបំផុសគំនិត និងក្តីសង្ឃឹម ។ ហើយការណ៍នេះកំពុងកើតឡើងនៅក្នុងថ្នាក់របស់យើងជារៀងរាល់ថ្ងៃ ។
បន្ថែមពីលើការចុះឈ្មោះប្រចាំឆ្នាំទាំងនេះ យើងដឹងថាប្រហែល ៩៥ ភាគរយនៃយុវមជ្ឈិមវ័យនៅលីវដែលសកម្ម ដែលភាគច្រើនមានអាយុចន្លោះពី ១៨ ទៅ ២៤ ឆ្នាំ គឺជាអ្នកដែលចូលរៀនថ្នាក់វិទ្យាស្ថាន នៅអំឡុងពេលណាមួយជាយុវមជ្ឈិមវ័យរបស់ពួកគេ ។ ប៉ុន្តែយើងនៅមិនទាន់ពេញចិត្តនៅឡើយទេ យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឈោងទៅរកយុវមជ្ឈិមវ័យទាំងអស់ ទាំងសកម្ម និងមិនសូវសកម្ម ។ ដូច្នេះក្តីសង្ឃឹមនោះគឺថា ភាគរយនឹងខ្ពស់ជាង ១០០ ភាគរយនៃអ្នកសកម្ម ព្រោះថាថ្នាក់វិទ្យាស្ថានមានលទ្ធភាពដើម្បីឈោងទៅរកយុវមជ្ឈិមវ័យនៅលីវទាំងអស់ដែលកំពុងចូលរៀននៅក្នុងសាសនាចក្រ និងអ្នកទាំងនោះជាច្រើនដែលមិនបានចូលរៀន ដើម្បីជួយពួកគេឲ្យត្រឡប់មកសកម្មវិញ ។
នៅក្នុងឆ្នាំនេះ យើងកំពុងតាមដានដើម្បីបន្ថែមចំនួនសិស្សថ្នាក់វិទ្យាស្ថានចំនួន ២០០០០ នាក់ផ្សេងទៀត ។ វាមានន័យថា យើងនឹងបន្ថែមសិស្សថ្នាក់វិទ្យាស្ថានជាង ៧៧០០០ នាក់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សរុបរួមបញ្ចូលគ្នាជាង ១០០,០០០ នាក់ទាំងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ខ្ញុំសូមនិយាយម្ដងទៀតបានទេ ? សិស្សបន្ថែមជាង ១០០,០០០ នាក់ក្នុងរយៈពេលបីឆ្នាំ—ក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់បងប្អូន !
នោះមានន័យថា មនុស្សចំនួន ១០០,០០០ នាក់ទៀត ដែលមានឱកាសមើលឃើញពីភាពពាក់ព័ន្ធនៃដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ មានអារម្មណ៍នៃការចូលរួមចំណែក និងធ្វើឱ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែស៊ីជម្រៅចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ សូមអរគុណ !
តើមានអ្វីបន្ទាប់ទៀតសម្រាប់ថ្នាក់វិទ្យាស្ថាន ?
យើងត្រូវតែបន្តផ្តោតការយកចិត្តទុកដាក់ និងធ្វើតាមគោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានរបស់យើងជានិច្ច ។ យើងពុំមែនច្នៃប្រឌិតថ្មីគ្រាន់តែសម្រាប់ប្រយោជន៏នៃការច្នៃប្រឌិតនោះទេ ។ យើងកំពុងច្នៃប្រឌិតថ្មីដើម្បីពង្រីកលទ្ធភាពនិងឥទ្ធិពលរបស់យើង ។
ដើម្បីជួយធ្វើការណ៏នេះ យើងកំពុងផ្តល់នូវសេចក្តីណែនាំ និងដំណើរការសម្រាប់ការច្នៃប្រឌិតថ្មីនាពេលអនាគត ។ ដំណើរការនេះចាប់ផ្តើមជាមួយការស្តាប់ដើម្បីជួយយុវមជ្ឈិមវ័យទទួលអារម្មណ៏នៃក្តីស្រលាញ់ និងទទួលស្តាប់មតិទាំងនោះ ។ ខិតខំស្វែងយល់អំពីតម្រូវការទាំងឡាយរបស់ពួកគេ ។ អញ្ជើញពួកគេចូលរួមជាផ្នែកមួយនៃដំណើរការ ។
បន្ទាប់មក ប្រឹក្សាជាមួយគ្នា និងស្វែងរកដំណោះស្រាយដែលអាចកើតមាន ខណៈពេលដែលកំពុងពិចារណាលើគោលការណ៍ និងធនធានដែលមាន ។
ក្រោយមកទៀត ស្វែងរកការយល់ព្រមដើម្បីអនុវត្តដំណោះស្រាយទាំងនោះ និងវាស់វែងលទ្ធផល វាយតម្លៃលទ្ធផលសម្រាប់ប្រសិទ្ធភាព ហើយនិងស្តាប់ទស្សនិកជនម្តងទៀត ។
សូមធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានតំបន់ ឬភូមិភាគរបស់អ្នក ក្នុងអំឡុងពេលពេញមួយដំណើរការដែលកំពុងបន្ត និងដដែលៗនេះ ។ វានឹងផ្តល់ការណែនាំ និងការដឹកនាំដ៏មានអត្ថន័យ ។
ដូចដែល អែលឌើរ នែល អិល អាន់ឌើរសិន បានថ្លែង ៖
« ពួកយើងទាំងអស់គ្នាគឺជាអ្នកច្នៃប្រឌិត ។ វាគ្រាន់តែជាបញ្ហានៃការរក្សាស្មារតីបែបនេះនៅក្នុងគំនិតរបស់យើង ហើយដឹងថា សាសនាចក្រនេះគឺជាសាសនាចក្រប្រកបដោយការច្នៃប្រឌិត ។ យើងគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ហើយគោលការណ៍ទាំងនោះ គឺជាគោលការណ៍ចាស់ ហើយក៏ជាគោលការណ៍អស់កល្បផងដែរ ។ ប៉ុន្តែយើងធ្វើការច្នៃប្រឌិតថ្មីពីព្រោះយើងតែងតែសម្របខ្លួន យើងតែងតែរីកចម្រើន យើងតែងតែធ្វើអ្វីមួយប្រសើរជាងមុន ។ ប៉ុន្តែទន្ទឹមគ្នានេះដែរខ្ញុំរំពឹងថា យើងគឺជាអ្នកធ្វើតាមដ៏ល្អ ។ … មនុស្សគ្រប់គ្នាគឺជាអ្នកច្នៃប្រឌិត » ។
ខ្ញុំចូលចិត្តអារម្មណ៍អំពីអ្វីដែលអែលឌើរ អាន់ឌើរសិន បានបង្រៀន ។ ការណ៏មួយចំនួនអាចនឹងមិនផ្លាស់ប្តូរ ដូចជាគោលការណ៍នៃដំណឹងល្អដ៏នៅអស់កល្បជានិច្ច ។ ប៉ុន្តែយើងអាចកែសម្រួលកម្មវិធីសិក្សានៃសាសនាចក្រ ដើម្បីបំពេញតម្រូវការសិស្សបានកាន់តែប្រសើរ ។
ស្នូលដ៏សំខាន់នៃអ្វីដែលយើងនឹងធ្វើជានិច្ចគឺការបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងព្រះបន្ទូលនៃព្រះដោយព្រះវិញ្ញាណបរិសុទ្ធ ។
នៅក្នុងកិច្ចខិតខំរបស់យើងក្នុងការធ្វើកិច្ចការនេះតាមរបៀបដែលផ្តោតលើអ្នករៀន យើងលើកទឹកចិត្តបងប្អូនឲ្យចូលរួមក្នុងដំណើរការស្តាប់ និងឆ្លើយតបទៅនឹងសិស្ស ។
ហើយសូមចងចាំថា ៖ អ្វីទាំងអស់ដែលយើងធ្វើនៅក្នុងថ្នាក់វិទ្យាស្ថានច្នៃប្រឌិតថ្មីត្រូវតែស្របតាមគោលបំណង ហើយជួយយុវមជ្ឈិមវ័យធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ។
ចុះចំណែកថ្នាក់សិក្ខាសាលាឥឡូវនេះយ៉ាងម៉េចដែរ ? ដូចខ្ញុំបានប្រាប់ ថ្នាក់សិក្ខាសាលាក៏បានរីកចម្រើនផងដែរ ។ វាមិនខ្លាំងដូចជាថ្នាក់វិទ្យាស្ថានទេ ប៉ុន្តែយើងបានរីកចម្រើន ៥ ភាគរយ នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក្នុងថ្នាក់សិក្ខាសាលា ។ នេះគឺជាការរីកចម្រើនមួយដ៏សំខាន់ ពីព្រោះទោះបីជាសក្តានុពលនៃថ្នាក់សិក្ខាសាលាបានថយចុះសិស្សចំនួន ៥០០០០ នាក់ចាប់តាំងពីឆ្នាំ២០១៨ក្តី ក៏ការចុះឈ្មោះចូលរៀនថ្នាក់សិក្ខាសាលា ជាទូទៅមានការកើនឡើងផងដែរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ យើងនៅតែរីកចម្រើន ។ នៅឆ្នាំនេះ យើងទទួលបាន ៥៤.៤ ភាគរយ នៃការចុះឈ្មោះចូលរៀនដែលមានសក្តានុពលក្នុងថ្នាក់សិក្ខាសាលា ។ វាគឺជាភាគរយខ្ពស់បំផុតដែលយើងមិនធ្លាប់មានក្នុងរបាយការណ៍ ហើយវាកើនឡើងពី ៤៩ ភាគរយកាលពីប្រាំឆ្នាំមុន ។ នៅឆ្នាំនេះ យើងកំពុងតាមដានដើម្បីបង្កើនភាគរយនោះម្តងទៀតរហូតដល់ ៥៦ ភាគរយ ហើយបន្ថែមសិស្សចំនួន ៣០០០ នាក់ផ្សេងទៀត ។
យើងរំភើបយ៉ាងខ្លាំងជាមួយនឹងគំនិតនេះ ។ យើងធ្លាប់មានប្រធានផ្នែកនៅក្នុងអគារការិយាល័យសាសនាចក្រ ពេលដែលក្រុមរបស់គាត់នឹងទទួលបានជោគជ័យទៅលើរឿងអ្វីមួយ គាត់បានស្រែកថា « ខ្ញុំប៉ាវការ៉េមសម្រាប់អ្នករាល់គ្នា ! ខ្ញុំក៏ចង់និយាយបែបដូច្នេះទៅកាន់ពិភពលោកទាំងមូលដែរ តើបានទេ ? » បន្ទាប់ពីការងារដ៏អស្ចារ្យទាំងអស់នេះដែលបងប្អូនបានធ្វើដើម្បីបង្កើនចំនួនការចុះឈ្មោះ និងឥទ្ធិពលដែលអ្នកកំពុងមាន គឺ—អ្នកគ្រប់គ្នា សូមទៅញុំាការ៉េម ! ហើយ អបអរសាទរ ! នេះជារឿងដ៏អស្ចារ្យមួយដែលកំពុងកើតឡើង ។ សូមអរគុណ សូមអរគុណ ។ ទោះនៅក្នុងស្មារតីរីករាយ ប៉ុន្តែមិនសូវពេញចិត្ត យើងបន្តសួរខ្លួនយើងថា « តើយើងអាចធ្វើអ្វីថែមទៀតដើម្បីប្រទានពរដល់មនុស្សវ័យក្មេងក្នុងថ្នាក់សិក្ខាសាលា ?
ប៉ុន្មានឆ្នាំមុន ខ្ញុំបានចែកចាយថា រឿងដ៏ល្អបំផុតដែលយើងអាចធ្វើដើម្បីបញ្ចូលរបៀបថ្មីក្នុងថ្នាក់សិក្ខាសាលាគឺ បន្តការអនុវត្តចំណេះចំណានខាងគោលលទ្ធិ ។ ពេលយើងអាចបញ្ចូលចំណេះចំណានខាងគោលលទ្ធិកាន់តែច្រើនទៅតាមគោលបំណងរបស់វា នោះវានឹងផ្ដល់ពរដ៏ច្រើនដល់យុវវ័យនៃសាសនាចក្រ ។ ចំណេះចំណានខាងគោលលទ្ធិនឹងអញ្ជើញឲ្យមាននូវបទពិសោធន៍កាន់តែស៊ីជម្រៅនៃការប្រែចិត្តជឿ ភាពពាក់ព័ន្ធ និងការមានចំណែកសម្រាប់សិស្សថ្នាក់សិក្ខាសាលារបស់យើង ។
បន្ទាប់មក យើងបានបញ្ចូលគំនិតផ្តួចផ្តើមដ៏សំខាន់មួយផ្សេងទៀត ។ ចាប់ផ្តើមពីឆ្នាំ២០២៥ យើងសូមណែនាំមេរៀនរៀបចំជីវិតនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់យុវវ័យ និងថ្នាក់ដឹកនាំរបស់យើងដែលបានកំណត់ ។
មេរៀនដ៏បំផុសគំនិតទាំងនេះ បង្ហាញនូវប្រធានបទដូចជា ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា និងការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ការអប់រំ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ការបង្រៀនមកពីព្យាការីសម័យទំនើប និងមេរៀនជាច្រើនទៀត ។ មេរៀនទាំងនេះនឹងបំពេញបន្ថែមការបង្រៀនព្រះគម្ពីរជាបន្តបន្ទាប់ និងកិច្ចប្រឹងប្រែងខាងចំណេះចំណានខាងគោលលិទ្ធិ ។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់យុវវ័យ អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ដែលជាអភិបាលនៃប្រព័ន្ធអប់រំសាសនាចក្ររបស់យើង បានមានប្រសាសន៏ ៖ « មេរៀនរៀបចំជីវិតទាំងនេះត្រូវបានរៀបរៀងឡើងដើម្បីជួយបងប្អូនពង្រឹងទំនាក់ទំនងរបស់បងប្អូនជាមួយព្រះ និងទទួលបានជំនួយរបស់ទ្រង់ ! »
លោកបានបន្តថា « ប្រធាន ណិលសុន បានសន្យាថា តាមរយៈការចូលរៀនក្នុងថ្នាក់សិក្ខាសាលា ‹ [ យុវវ័យ ] នឹងទទួលបានចម្លើយចំពោះសំណួរពិបាកៗ [ របស់ពួកគេ ] មួយចំនួន ។ [ ពួកគេ ] នឹងមានមិត្តភក្តិដែល [ ពួកគេ ] អាចទុកចិត្តបាន ។ [ ពួកគេ ] នឹងក្លាយជាសិស្សដ៏ពិតរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ › » ។
ដូច្នេះ ប្រសិនបើបងប្អូនកំពុងឆ្ងល់អំពីថ្នាក់សិក្ខាសាលាច្នៃប្រឌិតថ្មី ឥឡូវពេលនេះ ចូរយើងផ្តោតលើការបង្រៀនព្រះគម្ពីរដ៏មានឥទ្ធិពលជាបន្តបន្ទាប់ ទទួលយកចំណេះចំណានខាងគោលលទ្ធិ និងការអនុវត្តមេរៀនរៀបចំជីវិតប្រកបដោយប្រសិទ្ធភាព ។ នោះជារបៀបដែលខ្ញុំជឿថាយើងនឹងបំពេញបានយ៉ាងល្អបំផុតនូវតម្រូវការរបស់យុវវ័យនៃសាសនាចក្រនាពេលនេះ។ ។
សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលបងប្អូនបានធ្វើដើម្បីជួយគាំទ្រដល់យុវវ័យ និងយុវមជ្ឈិមវ័យនៅគ្រប់ទីកន្លែង ។ កិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនកំពុងពង្រីកលទ្ធភាព និងឥទ្ធិពលនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានកាន់តែស៊ីជម្រៅតាមវិធីសំខាន់ៗ ។
ខ្ញុំរំភើបចិត្តឥតឧបមាចំពោះគំនិតអំពីសិស្សចំនួន ១០០,០០០ នាក់បន្ថែមទៀតនៅក្នុងថ្នាក់រៀនរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ—និងការកើនឡើងនៃភាពពាក់ព័ន្ធ ការមានចំណែក និងលទ្ធភាពងាយស្រួលដែលដឹកនាំឲ្យពួកគេប្រែចិត្តជឿចំពោះព្រះយេស៊ូវគ្រីស្ទ ។
សូមយើងរក្សាបន្តសន្ទុះដ៏អស្ចារ្យនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជាពរជ័យដល់កូនចៅរបស់ព្រះវរបិតាសួគ៌យើងកាន់តែច្រើនឡើងៗ ។
ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។ វាគឺជាឯកសិទ្ធិមួយដ៏ប្រពៃដែលយើងអាចមានចំណែកចូលរួមក្នុងកិច្ចការនេះ ។ ហើយខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោក ថាព្រះវរបិតាសួគ៌មានផែនការដ៏ល្អឥតខ្ចោះសម្រាប់កូនចៅរបស់ទ្រង់ ថាព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គសំខាន់នៅក្នុងផែនការដ៏ល្អឥតខ្ចោះនោះ ដើម្បីសង្គ្រោះ និងលើកតម្កើងកូនចៅរបស់ព្រះវរបិតាសួគ៌ ។ នេះគឺជានគររបស់ទ្រង់នៅលើផែនដី ហើយវាជាអភ័យឯកសិទ្ធិដើម្បីក្លាយជាផ្នែកមួយនៃផែនការនេះទោះតាមវិធីណាមួយ ។ វាជាឯកសិទ្ធិមួយក្នុងការរស់នៅពេញមួយជីវិតរបស់យើងក្នុងនាមជាសាក្សីសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃការណ៏នោះ ហើយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រពិតរបស់ទ្រង់នៅលើផែនដី អំពីព្យាការីដែលនៅរស់ អំពីព្រះគម្ពីរមរមន និងអំពីពរជ័យទាំងអស់ដែលយើងបានទទួលមកតាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនៅលើផែនដី ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕