សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ជីវជាតិ​ចាំបាច់​នៃ​ដំណឹងល្អ


36:9

ជីវជាតិ​ចាំបាច់​នៃ​ដំណឹងល្អ

សន្និសីទ​អ្នកអប់រំ​ខាង​សាសនា ស៊ី. អ៊ី. អេស. ខែមិថុនា ឆ្នាំ២០២៤

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​នេះ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​ខាង​សាសនា​នៅ​ក្នុង​ការចាក់ផ្សាយ​ទូទាំង​ពិភពលោក​នេះ ។ សូម​អរគុណ​ដែល​បាន​ចំណាយ​ពេល​របស់​បងប្អូន និង​ចំពោះ​អ្វី​ទាំងអស់​ដែល​បងប្អូន​ធ្វើ​ក្នុង​ការជួយ​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​ឆ្ពោះ​ទៅ​មុខ ។ សូម​ដឹង​ថា ភាពជោគជ័យ​របស់​បងប្អូន « ត្រូវបាន​វាស់វែង​ជា​ចម្បង​ដោយ​ការតាំងចិត្ត​របស់​បងប្អូន ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​ក្លាយ​ជា​ពួកសិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ ភាពជោគជ័យ​របស់​បងប្អូន​មិន​ត្រូវបាន​កំណត់​ដោយ​ថា​សិស្ស​របស់​បងប្អូន​ប៉ុន្មាន​នាក់​ដែល​ក្លាយជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះអង្គ​សង្គ្រោះ​នោះ​ទេ វា​មិន​អាស្រ័យ​លើ​របៀប​ដែល​ពួកគេ​ជ្រើសរើស​ឆ្លើយតប​ទៅ​នឹង​ការបង្រៀន ការអញ្ជើញ ឬ​ទង្វើ​សប្បុរស​ដ៏​ស្មោះ​របស់​បងប្អូន​ឡើយ ។ ការទទួល​ខុសត្រូវ​របស់​បងប្អូន​គឺ​ត្រូវ​បង្រៀន​យ៉ាង​ច្បាស់លាស់ និង​មាន​អានុភាព ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​ដែល​នឹង​ផ្តល់​ពរ​ដល់​ពួកគេ ។ បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិជ្រើសរើស ។ ដូច្នោះ ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​បងប្អូន​ដូច​ជា​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​នៅ​ក្នុង​សាសនាចក្រ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ​ថា « ប្រសិន​បើ​បងប្អូន​ធ្វើ​កាតព្វកិច្ច​របស់​បងប្អូន នោះ​បងប្អូន​នឹង​ធ្វើ​បាន​ល្អ ដូច​ជា​មនុស្ស​ទាំងអស់​គ្នា​បាន​ឱប​ក្រសោប​ដំណឹងល្អ​ដែរ » ។

នៅ​ឆ្នាំ​១៩១៦ អែលឌើរ ដេវីឌ អូ មិកឃេ បាន​មាន​ប្រសាសន៍​ថា « គ្មាន​ការទទួល​ខុសត្រូវ​ណា​ដែល​បុរស [ ឬ​ស្ត្រី ] មាន​ធំ​ជាង​ការធ្វើ​ជា​គ្រូបង្រៀន​ម្នាក់​ដល់​បុត្រា​បុត្រី​នៃ​ព្រះ​ឡើយ » ។ សព្វថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ។ គ្រូបង្រៀន​ម្នាក់​ដែល​មាន​សេចក្ដី​ជំនឿ និង​បង្រៀន​អំពី​សេចក្ដី​ជំនឿ គឺ​ចាំបាច់​ណាស់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជាពិសេស​សម្រាប់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ។

បន្តិច​ទៀត​នេះ ខ្ញុំ​នឹង​អាន​សម្រង់​មកពី​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ហើយ​បងប្អូន​នឹង​ឃើញ​នូវ​ទំនាក់ទំនង​នេះ ។ ប៉ុន្តែ​ខ្ញុំ​បាន​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរបី​នាក់​ដើម្បី​មក​ជួយ ។ ហើយ​យើង​នឹង​មាន​វត្តមាន​របស់​គ្រួសារ រីស និង អាស្តុន ចេញ​មក​ខាងមុខ ហើយ​ពួកគាត់​ម្នាក់ៗ​នឹង​ទទួល​បាន​នំ​ធ្វីនគី ។ ដូច​ដែល​បងប្អូន​បានដឹង​ហើយ​ថា នំ​ធ្វីនគី​គឺជានំ​មាន​ស្នូល​ក្រែម​ដែលមាន​រសជាតិ​វាន់នីឡា ។ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​បើក​នំ​ធ្វីនគី​របស់​ពួកគាត់ ហើយ​ចាប់ផ្តើម​ញ៉ាំ​វា ។ ពួកគាត់​ម្នាក់ៗ​ទទួល​បាន​កន្សែង​ជូតមាត់​មួយ ។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការភ្ជាប់​ទំនាក់ទំនង​នេះ​នៅទីនេះ ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការផ្តោត​លើ​ការបង្រៀន​ធាតុ​សំខាន់ៗ​នៃ​ដំណឹងល្អ​នៅក្នុង​ឆ្នាំ​១៩៩៨ ។ ក្នុង​សុន្ទរកថា លោក​បាន​បង្រៀន​ថា ៖ « យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ការបង្រៀន​ដ៏​ឧត្តម​មាន​ជីវិត និង​មាន​ពន្លឺ​ឡើង​វិញ នៅក្នុង​សាសនាចក្រ —នៅផ្ទះ នៅ​ពេល​ឡើង​និយាយ​ក្នុង​ការប្រជុំ​ថ្នាក់​ដឹកនាំ ហើយ​ជា​ការ​ពិត​ណាស់ នៅក្នុង​ថ្នាក់​រៀន ។ …

« … ពេល​មាន​វិបត្តិ​កើតឡើង​ក្នុង​ជីវិត​យើង … ទស្សនវិជ្ជា​របស់​មនុស្ស​វេញត្របាញ់​នឹង​ព្រះគម្ពីរ និង​កំណាព្យ​បន្តិចបន្តួច​នោះ​គឺ​មិន​គ្រប់គ្រាន់​ទេ ។ តើ​យើង​ពិត​ជា​កំពុង​ចិញ្ចឹម​បីបាច់ [ សិស្ស ] របស់​យើង​តាម​របៀប​មួយ​ដែល​នឹង​គាំទ្រ​ពួកគេ​នៅពេល​ភាពតានតឹង​នៃ​ជីវិត​កើត​មាន​ឡើង​ដែរ​ឬ​ទេ ? ឬ​តើ​យើង​កំពុង​ផ្តល់​ឲ្យ​ពួកគេ​នូវ​នំ​ធ្វីនគី​ខាង​សាសនាវិទ្យា—ដែល​គ្មាន​កាឡូរី​ខាង​វិញ្ញាណ​ឬ ? » …

ឥឡូវ​នេះ ដោយ​បាន​ញ៉ាំ​នំ​ធ្វីនគី​របស់​លោក​ហើយ ប្រធាន រីស តើ​លោក​គិត​ថា​នំ​ធ្វីនគី​របស់​លោក​មាន​សរសៃ​អាហារ​ប៉ុន្មាន​ក្រាម ? » តាមពិត វា​មាន​សូន្យ ។

ស៊ីស្ទើរ រីស តើ​អ្នក​គិត​ថា មាន​កាល់ស្យូម​ប៉ុន្មាន​មីលីក្រាម​នៅក្នុង​នំ​ធ្វីនគី​នេះ ? តាមពិត វា​មាន​សូន្យ ។

ចុះ​ស៊ីស្ទើរ អាស្តុន តើ​អ្នក​គិត​ថា មាន​វីតាមីន អា ប៉ុន្មាន​មីលីក្រាម​នៅក្នុង​នំ​នោះ ? តាមពិត វា​មាន​សូន្យ ។

ចំណែក​បងប្រុស អាស្តុន តើ​អ្នក​គិត​ថា មាន​វីតាមីន ស៊ី ប៉ុន្មាន​មីលីក្រាម​នៅក្នុង​នំ​នោះ ? បាទ គឺ​មាន​លំនាំ​មួយ ។ គឺ​មាន​វីតាមីន ស៊ី សូន្យ​នៅ​ក្នុង​នំ​នេះ ។

ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចូលចិត្ត​នំ​ធ្វីនគី​ណាស់ ។ បើ​ឪពុក​ម្ដាយ​ខ្ញុំ​អនុញ្ញាត នោះ​ខ្ញុំ​មិន​ញ៉ាំ​អ្វី​សោះ​ឡើយ ក្រៅពី​នំ​ធ្វីនគី​សម្រាប់​អាហារ​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច ។ ក្នុងពេលនេះ​បើ​ឪពុក​ម្ដាយ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ញ៉ាំ​តែ​នំ​ធ្វីនគី តើ​បងប្អូន​ដឹង​ទេ​ថា​បងប្អូន​នឹង​សម្លឹង​មើល​ឃើញ​អ្វី​ទៅ ? ជា​ការពិត—ខ្ញុំ​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ទល់លាមក ខ្វាក់ភ្នែក ពុកឆ្អឹង ហើយ​ខ្វះ​ជាតិ​វីតាមីន ។ ពិតជា​ពិបាក​មើល​ណាស់ ។

សូម​អរគុណ​ដល់​អ្នកស្ម័គ្រចិត្ត​របស់​យើង ។ ខ្ញុំ​មក​ទី​នេះ​មិនមែន​ដើម្បី​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​កង្វះ​ខាត​ជីវជាតិ​ទៅ​លើ​សុខភាព​រាងកាយ​របស់​យើង​នោះ​ទេ ។ នំ​ធ្វីនគី​អាច​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​វា​គ្មាន​ជីវជាតិ​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​មក​ទីនេះ​ដើម្បី​ពិភាក្សា​អំពី​ជីវជាតិ​ខាង​វិញ្ញាណ​ដែល​បងប្អូន​កំពុង​ផ្តល់​ឲ្យ​សិស្ស​របស់​បងប្អូន​។

នៅ​ពេល​យើង​មាន​សិស្ស​ដែល​ចង់​រៀន​នៅ​ចំពោះ​មុខ​យើង យើង​ត្រូវ​ចិញ្ចឹម​បីបាច់​ពួកគេ​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ ហើយ​មិនមែន​ជា​នំ​ធ្វីនគី​ខាង​វិញ្ញាណ​ដែល​គ្មាន​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​នោះ​ទេ ។ អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​នំ​ធ្វីនគី​ខាង​វិញ្ញាណ​ទំនង​ជា​មិន​អាច​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត​ឡើយ—គឺជា​បុគ្គល​ទាំងឡាយ​ដែល​បាន​ធំ​ឡើង​ក្នុង​ព្រះអម្ចាស់ ហើយ​បាន​ទទួល​នូវ « ភាពពោរពេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ ផ្ទុយ​ទៅវិញ ដោយ​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​នំ​ធ្វីនគី​ខាង​វិញ្ញាណ នោះ​ពួកគេ​ទំនង​ជា​នឹង​ធំ​ឡើង​ទៅជា​មាន​ភាពរឹងរូស​ខាង​វិញ្ញាណ គ្មាន​ជំនឿ និង​ភាន់ច្រឡំ ។

ដើម្បី​ប្រយុទ្ធ​នឹង​កង្វះ​ជីវជាតិ​ខាង​វិញ្ញាណ សិស្ស​របស់​យើង​ត្រូវការ​យ៉ាង​ហោច​ណាស់​អាហាររូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ចំនួន​បួន ។ ទីមួយ​គឺ​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ព្រមទាំង​ការស្ដារ​ឡើងវិញ​នៃ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។ ដើម្បី​ធ្វើ​បែប​នេះ យើង​ត្រូវតែ​បង្រៀន​សេចក្ដីពិត​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងនោះ ។

ខ្ញុំ​សូម​ផ្ដល់​គំរូ​មួយ​អំពី​រឿង​នេះ ។ ប៉ុន្មាន​ឆ្នាំ​មុន គ្រូពេទ្យ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ហ្គ្រេស បាន​ចំណាយ​ពេល ១៨ ខែ ធ្វើ​ទស្សនកិច្ច​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ទាំងឡាយ​នៅ​ទីក្រុង សលត៍ លេក ។ នាង​បាន​រៀន​ពី​ទិដ្ឋភាព​វេជ្ជសាស្ត្រ​នៃ​ការប្តូរ​បេះដូង ។ គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ជា​មិត្ត​របស់​នាង ហើយ​យើង​បាន​នាំ​នាង​ចូល​ក្នុង​សកម្មភាព​ជា​ច្រើន ។ នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ដែល​ប៉ះ​ចំ​ថ្ងៃ​អាទិត្យ យើង​បាន​អញ្ជើញ​នាង​ទៅ​ព្រះវិហារ​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ។ យើង​សង្ឃឹម​ថា​សារ​ទាំងនោះ​នឹង​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​គូស​បញ្ជាក់​ពី​មូលហេតុ​នៃ​ការប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ ។ ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​ស្តេក ហើយ​បាន​អង្គុយ​លើ​វេទិកា​អំឡុង​ពេល​ប្រជុំ​នោះ ។ ភរិយា និង​កូនស្រី​ខ្ញុំ​អង្គុយ​ក្បែរ ហ្គ្រេស ជាមួយ​ក្រុមជំនុំ ។

ក្រោយ​ពី​សាក្រាម៉ង់ អ្នកឡើង​និយាយ​ទីមួយ​បាន​ប្រាប់​ពី​រឿង​ប្រឌិត​ដ៏​ល្បី​មួយ​អំពី​ពួកហោរ​ទី​បួន ។ គាត់​បាន​រាយរាប់​វា​យ៉ាង​ពីរោះ ហើយ​ចូល​តួ​មនោសញ្ចេតនា​ផង ។ អ្នកឡើង​និយាយ​បន្ទាប់​បានយោង​សុន្ទរកថា​របស់​គាត់​លើ​រឿង​មួយ​អំពី​ដើមឈើ​បី​ដើម​ដែល​ស្រដៀង​នឹង​មនុស្ស ។ ដើមឈើ​មួយ​ចង់​ក្លាយ​ជា​ហិប​ដ៏​ស្រស់ស្អាត​មួយ ប៉ុន្តែ​បែរ​ជា​ក្លាយ​ជា​ប្រអប់​ចំណី​សម្រាប់​សត្វ​ទៅវិញ គឺជា​ស្នូក​ដែល​ដាក់​ទារក​នៅ​បេថ្លេហិម ។ ដើមឈើ​ទីពីរ​ចង់​ក្លាយ​ជា​សំពៅ​មួយ​ដែល​គួរ​ឲ្យ​ស្ងើច​សរសើរ ។ ផ្ទុយ​ទៅ​វិញ វា​បាន​ក្លាយ​ជា​ទូក​សាមញ្ញ​មួយ​ដែល​ប្រើ​ដោយ​អ្នកនេសាទ​ធម្មតា​នៅ​លើ​សមុទ្រ​កាលីឡេ ។ អំឡុង​ពេល​ព្យុះ​ដ៏​កាច​សាហាវមួយ បុរស​ម្នាក់​ដែល​អ្នក​ផ្សេង​ទៀត​ហៅ​ថា « លោកគ្រូ » បាន​មាន​បន្ទូល​ថា « ចូរស្ងៀម​ទៅ » ហើយ​ខ្យល់​ក៏​ស្ងប់​ទៅ ។ ដើមឈើ​ទីបី​ចង់​ក្លាយ​ជា​អ្វី​មួយ​ដែល​គេ​សរសើរ​ពី​ចម្ងាយ ។ ផ្ទុយ​ទៅ​វិញ វា​បាន​ក្លាយ​ជា​ធ្នឹម​ដែល​ត្រូវប្រើ​សម្រាប់​ឆ្កាង​បុរស​ម្នាក់​នៅ​លើ​ភ្នំ​មួយ​ដែល​ហៅ​ថា​កាលវ៉ារី ។ ជា​ថ្មី​ម្តង​ទៀត គឺ​រឿង​ប្រឌិត​អំពី​បុណ្យ​គ្រីស្ទម៉ាស់ ប៉ុន្តែ​ធ្វើ​ឲ្យ​មាន​មនោសញ្ចេតនា ។

ខ្ញុំ​ខក​ចិត្ត​ចំពោះ​មាតិកា​នៃ​ការប្រជុំ ហើយ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​អនុញ្ញាត​ឲ្យ​វា​បញ្ចប់​បែប​នោះ​សម្រាប់ ហ្គ្រេស បាន​នោះទេ ។ ទោះបី​យើង​អស់ពេល​ក៏ដោយ ខ្ញុំ​បាន​ឱន​ទៅ​ប៊ីស្សព ហើយ​ខ្ញុំ​បាន​សួរ​ថា « តើ​លោក​នឹង​កែលម្អ​ការប្រជុំ​នេះ ឬ​លោក​ចង់​ឲ្យ​ខ្ញុំ​កែលម្អ​ ? » គាត់​បាន​និយាយ​ថា គាត់​នឹង​កែលម្អ​វា ។ គាត់​បាន​ទៅ​កាន់​វេទិកា ហើយ​ចំណាយ​ពេល​ប្រាំ​នាទី​ពន្យល់​ថា​តើ​ទារក​នៅ​បេថ្លេហិម​ជា​នរណា និង​អ្វី​ដែល​ទ្រង់​នឹង​សម្រេច​បាន ។ ប៊ីស្សព​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្សលោក​ទាំងអស់ ។ គាត់​បាន​ប្រកាស​ទំនុកតម្កើង និង​ការអធិស្ឋាន​បិទ ហើយ​អង្គុយ​ចុះ ។

ពេល​កំពុង​ច្រៀង​ទំនុកតម្កើង​បិទ ហ្គ្រេស​បាន​ឱន​ទៅ​ភរិយា​ខ្ញុំ ហើយ​បាន​និយាយ​ថា « រុស្ស នៅ​ពេល​ដែល​ប៊ីស្សព​នោះ​បាន​ឡើង​និយាយ អ្វី​មួយ​នៅ​ក្នុង​ការប្រជុំ​នេះ​បាន​ផ្លាស់ប្តូរ ! » វា​ពិតជា​បាន​ផ្លាស់ប្ដូរ​មែន ! អ្នកឡើង​និយាយ​មាន​បំណង​ល្អ ប៉ុន្តែ​បាន​ឲ្យ​នំ​ធ្វីនគី​ខាង​សាសនាវិទ្យា ដែល​គ្មាន​កាឡូរី​ខាង​វិញ្ញាណ​ទេ ជា​ការបង្ហាញ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​ដ៏​ខ្សោយ ដែល​ពុំមាន​អំណាច​នៃ​ព្រះបន្ទូល​របស់​ព្រះ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​សូវ​មាន​ព្រះវិញ្ញាណ​ដែរ ។

ទីបន្ទាល់​ដ៏​ស្មោះ​របស់​ប៊ីស្សព​បាន​បង្កើត​ឡើង​លើ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​នៃ​ព្យាការី​របស់​ព្រះអម្ចាស់ នោះ​ជា​អ្វី​ដែល​បាន​យាង​ព្រះវិញ្ញាណ​ឲ្យ​ចូល​ទៅ​ក្នុង​ការប្រជុំ​នោះ ។ ខ្ញុំ​បាន​សន្និដ្ឋាន​ថា វា​ពិបាក​សម្រាប់​ព្រះវិញ្ញាណ​ដើម្បី​ធ្វើ​ជា​សាក្សី​ចំពោះ​សេចក្ដីពិត​នៃ​រឿង​ប្រឌិត​មួយ ។ មិន​ថា​អ្វី​ក៏​ដោយ​ដែល​យើង​បាន​ធ្វើ​ក្នុង​ការបង្រៀន​របស់​យើង យើង​ត្រូវតែ​នាំ​ការបង្រៀន​របស់​យើង​ត្រឡប់​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់ ព្រមទាំង​ការស្ដារ​ដំណឹងល្អ​ឡើង​វិញ ។ ពិតណាស់ វា​មិន​ថ្វី​ទេ​ក្នុង​ការប្រើ​រឿង​ទាំងឡាយ សូម្បី​តែ​ជា​រឿង​ប្រឌិត​ក៏​ដោយ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស ។ ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​បាន​ប្រើ​នំ​ធ្វីនគី ដើម្បី​ទទួល​បាន​ការចាប់​អារម្មណ៍​របស់​បងប្អូន ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទទួល​ចំណាប់​អារម្មណ៍​ពី​ពួកសិស្ស​ហើយ នោះ​យើង​ត្រូវតែ​ផ្តល់​នូវ​ការចិញ្ចឹម​បីបាច់​ដែល​ផ្លាស់ប្ដូរ​ជីវិត ។ ខ្ញុំ​គិតថា ខ្ញុំ​គួរតែ​តាមដាន​ជាមួយ​នំ​ធ្វីនគី ហើយ​ឲ្យ​ជា​ការ៉ុត ផ្កាខាត់ណា ក្រែម hummus ជំនួស​វិញ—ប៉ុន្តែ​ខ្ញុំ​មិន​បានធ្វើ​ទេ ។

សាវក​ប៉ុល​បាន​ប្រកាស​ថា « ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ » ។ បន្ទាប់​មក​ប៉ុល​បាន​សួរ​សំណួរ​ជា​បន្ត​បន្ទាប់​ដែល​ជួយ​យើង​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​គ្រូបង្រៀន​ដែល​មាន​សិទ្ធិអំណាច​បង្រៀន​ចំណុច​សំខាន់​នេះ ។ លោក​បាន​សួរ​ថា « ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ ? មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ? » បន្ទាប់​មក​ប៉ុល​បាន​ផ្ដល់​នូវ​ការសន្និដ្ឋាន​បែបនេះ ៖ « ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ » ។ ដើម្បី​ឲ្យ​សិស្ស​របស់​បងប្អូន​អភិវឌ្ឍ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​ដ៏​សំខាន់​របស់​ទ្រង់​ក្នុង​ផែនការ​របស់​ព្រះវរបិតា ការបង្រៀន​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ចាំបាច់​បំផុត ។ ប្រធាន​បទ​សម្រាប់​សន្និសីទ​នេះ​ប្រាប់​ពី​រឿង​ទាំងអស់​នេះ ៖ « ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ » ។

អ្នកកែ​ទម្រង់​សាសនា​ជនជាតិ​ស្កុតឡែន និង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ល្បីល្បាញ ថូម៉ាស ឆាលម័រស៍ បាន​សរសេរ​អំពី​បទពិសោធន៍​របស់​គាត់​ក្នុង​ការរៀន​ពី​គោលការណ៍​នេះ ។ ឆាលម័រស៍ បានរស់នៅ​ពី​ឆ្នាំ ១៧៨០ ដល់ ១៨៤៧ ។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ ឆាលម័រស៍ បាន​ដឹង​ថា​គាត់​បាន​ធ្វើ​ពិសោធន៍​មួយ​ដែល​មិន​បាន​គ្រោង​ទុក អំឡុង​ពេល​ការផ្សព្វផ្សាយ​របស់​គាត់ ។ អស់​ជា​ច្រើន​ឆ្នាំ គាត់​បាន​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​គ្រប់​ទម្រង់​នៃ​អំពើ​អសីលធម៌ និង​កំហុស​នៃ​ចរិត​លក្ខណៈ ។ គាត់​បាន​ផ្តោត​ទៅ​លើ​អាកប្បកិរិយា​ខាង​ក្រៅ​របស់​សមាជិក​ក្រុមជំនុំ​របស់​គាត់ ដោយ​បង្រៀន​ព្រះបញ្ញត្តិ​ទាំង​ដប់​ប្រការ​ជា​ចាំបាច់ ។ លទ្ធផល​គឺ​ជា​ការខកចិត្ត ។ គាត់​បាន​ឃើញ​ថា ពាក្យ​សម្តី​របស់​គាត់ « [ ទាំងអស់ ] មានឥទ្ធិពល​ស្រាល​ដូច​ជា​រោម​សត្វ​មួយ​លើ​ទម្លាប់​ខាង​សីលធម៌ » នៃ​ក្រុម​ជំនុំ​របស់​គាត់ ។ គាត់​បាន​ដឹង​ថា ទោះបី​ជា​គាត់​បញ្ចុះបញ្ចូល​នរណា​ម្នាក់​មិន​ឲ្យ​លួច ក៏​ព្រលឹង​មនុស្ស​នោះ​នៅតែ​មិន​ផ្លាស់ប្ដូរ​ឡើយ ។ មនុស្ស​នោះ​មិន​ផ្លាស់ប្រែ​ទេ​នៅ​ខាង​ក្នុង ទោះបី​ជា​មនុស្ស​នោះ​ខំទប់​មិន​ធ្វើ​អាកប្បកិរិយា​អាក្រក់​ក៏​ដោយ ។ និយាយ​ម្យ៉ាង​ទៀត បងប្អូន​អាច​ផ្លាស់ប្តូរ​អាកប្បកិរិយា​ដោយ​មិន​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​សិស្ស ។

បន្ទាប់​មក ឆាលម័រស៍ បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ការផ្សះផ្សា​គ្នា​នឹង​ព្រះ និង​ការអត់ទោស​ចំពោះ​អំពើ​បាប​តាមរយៈ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ ។ រហូត​ដល់​គាត់​បាន​បង្រៀន​សមាជិក​ក្រុមជំនុំ​របស់​គាត់​តាម​របៀប​នេះ ទើប​ពួកគេ​បាន​កែ​ទម្រង់​ជីវិត​របស់​ពួកគេ ។ មេរៀន​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​រៀន​គឺ​ថា « ការផ្សព្វផ្សាយ​អំពី​ព្រះគ្រីស្ទ​គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការផ្សព្វផ្សាយ​ពី​សីលធម៌ » ។ គាត់​បាន​ដឹង​ពី​កំហុស​ពី​មុន​របស់​គាត់—ថា​គាត់​បាន​ខិតខំ​ផ្លាស់ប្ដូរ​អាកប្បកិរិយា មិន​មែន​ផ្លាស់ប្ដូរ​ដួងចិត្ត​ទេ ។ ឥឡូវ​គាត់​ខិតខំ​ដើម្បី​ផ្លាស់ប្ដូរ​ដួងចិត្ត ហើយ​អាកប្បកិរិយា​ក៏​បាន​ផ្លាស់ប្តូរ​ដោយ​ឯកឯង​និង​ស្របគ្នា​ទៅតាម​នោះដែរ ។

ការដឹង​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ថា​ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ បាន​ផ្លាស់ប្ដូរ​ជីវិត និង​ដួងចិត្ត​ខ្ញុំ ។ ចំណេះ​ដឹង​នេះ​បាន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ខ្ញុំ​តាម​របៀប​មួយ​ដែល​គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ធ្វើ​បាន ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ផលប្រយោជន៍​ពី​ពលិកម្ម​ដ៏​ធួន​ជា​និរន្តរ​របស់​ទ្រង់ ។ ចំណេះដឹង​នោះ​គឺ​ជា​អ្វី​ដែល​ពិតជា​ផ្លាស់ប្ដូរ​ជីវិត ។

អាហាររូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខាង​វិញ្ញាណ​ទីពីរ​សម្រាប់​សិស្ស​គឺ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​បងប្អូន ។ នេះ​ដោយសារ​តែ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​បងប្អូន​អាច​ជួយ​សម្រួល​ដល់​សិស្ស​ក្នុង​ការខិត​ទៅ​ជិតព្រះអង្គ​សង្គ្រោះ ។ ទ្រង់​នឹង​តែងតែ​ជា​ប្រភព​ពិត​ប្រាកដ​នៃ​ជីវជាតិ​ខាង​វិញ្ញាណ ។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​គ្រូបង្រៀន និង​សិស្ស​ជួយ​អ្នករៀន​ឲ្យ​បើក​ចិត្ត​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ​អង្គសង្រ្គោះ ។ សូម្បី​ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​ការបង្រៀន​សិស្ស​ជា​ផ្លូវការ​របស់​បងប្អូន​បញ្ចប់​ទៅ​ក្ដី ក៏​ទំនាក់ទំនង​របស់​បងប្អូន​អាច​បន្ត​មាន​ឥទ្ធិពល​វិជ្ជមាន​ក្នុង​ជីវិត​របស់​ពួកគេ ។ ឥទ្ធិពល​យូរអង្វែង​របស់​បងប្អូន​គឺ​ដោយសារ​បងប្អូន​បាន​ចង្អុល​បង្ហាញ​ពួកគេ​ទៅកាន់​ព្រះអម្ចាស់ និង​គោលលទ្ធិ​របស់​ទ្រង់ ជាជាង​ទៅកាន់​ខ្លួន​បងប្អូន ដោយ​ចេញពី​សេចក្ដី​ស្រឡាញ់ និង​ការខ្វល់ខ្វាយ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សុខុមាលភាព​របស់​ពួកគេ ។

ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​នេះ ។ គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​ម្នាក់​របស់​ខ្ញុំ​ឈ្មោះ បេកគី មាន​ឥទ្ធិពល​បែបនេះ​មកលើ​ខ្ញុំ ។ ពេល​ខ្ញុំ​នៅ​ក្មេង ជំនួស​ឲ្យ​ការនិយាយ​ច្រំដែល​ពី​កំហុស​ជាក់ស្តែង​របស់​ខ្ញុំ បងស្រី បេកគី ឃើញ​ខ្ញុំ​ធ្វើ​អ្វី​មួយ​ល្អ ច្របាច់​ថ្ពាល់​ខ្ញុំ អង្អែល​ក្បាល​ខ្ញុំ ហើយ​និយាយ​ថា « ឌែល ឯង​ជា​ក្មេង​ល្អ​ណាស់ » ។ ខ្ញុំ​មិន​បាន​ឃើញ​ថា​នេះ​ជា​រឿង​អាម៉ាស់​ទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ឱកាស​ទាំងនោះ​ពេល​វា​បាន​កើត​ឡើង ។ ក្រោយ​មក ពេល​ខ្ញុំ​ជា​យុវវ័យ លែង​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា​ទៀត គ្រួសារ​ខ្ញុំ​បាន​ត្រឡប់​ទៅ​វួដ​នោះ​វិញ បន្ទាប់​ពី​បាន​រស់នៅ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ស៊ុយអែត​អស់​ជា​ច្រើន​ឆ្នាំ ។ បងស្រី បេកគី បាន​មក​រក​ខ្ញុំ​បន្ទាប់​ពី​ខ្ញុំ​បាន​ចែក​សាក្រាម៉ង់ បាន​ច្របាច់​ថ្ពាល់​ខ្ញុំ អង្អែល​ក្បាល​ខ្ញុំ ហើយ​និយាយ​ថា « ឌែល ឯង​ជា​ក្មេង​ល្អ​ណាស់ » ។ ពេល​ខ្ញុំ​ត្រឡប់​មក​ពី​បេសកកម្ម​ខ្ញុំ​វិញ បន្ទាប់​ពី​ខ្ញុំ​បាន​រាយការណ៍​អំពី​បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ បងស្រី បេកគី បាន​មក​រក​ខ្ញុំ បាន​ច្របាច់​ថ្ពាល់​ខ្ញុំ អង្អែល​ក្បាល​ខ្ញុំ ហើយ​និយាយ​ថា « ឌែល ឯង​ជា​ក្មេង​ល្អ​ណាស់ » ។ អស់​រយៈ​ជា​ច្រើន​ទសវត្សរ៍​មក​នេះ ខ្ញុំ​បាន​ធ្វើ​ការជ្រើសរើស​ដែល​ប្រសើរ​ជាង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ—ជា​ផ្នែក​មួយ​ដោយសារ​តែ​បងស្រី បេកគី បាន​ដឹកនាំ​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ហើយ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ឡើយ ។

បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ហៅ​ទៅជា​ពួកសាវក​ដប់ពីរ​នាក់ ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​ត្រឡប់​ទៅ​វួដ​ដែល​ខ្ញុំ​បាន​ធំ​ឡើង​នោះ​វិញ ។ បងស្រី បេកគី នៅតែ​រស់​នៅ​ក្នុង​វួដ​នោះ ។ ខ្ញុំ​បាន​អង្គុយ​នៅ​ចុង​វេទិកា បាន​និយាយ​យ៉ាង​ខ្លី​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​បាន​អង្គុយ​ចុះ ។ បន្ទាប់​ពី​ការអធិស្ឋាន​បិទ បងស្រី បេកគី ដែល​ពេលនោះ​មាន​អាយុ ៨៥ ឆ្នាំ បាន​ពញ្ញាក់​ខ្ញុំ​ពី​ក្រោយ ។ គាត់​បាន​ឡើង​ទៅ​ជិត​កៅអី​ក្រុម​ចម្រៀង​នៅ​ពី​ក្រោយ​ខ្ញុំ បាន​ច្របាច់​ថ្ពាល់​ខ្ញុំ អង្អែល​ក្បាល​ខ្ញុំ ហើយ​និយាយ​ថា « ឌែល ឯង​ជា​ក្មេង​ល្អ​ណាស់ » ។

សិស្ស​ម្នាក់ៗ​ត្រូវការ​បងស្រី បេកគី ម្នាក់​ឬ​ច្រើន​នាក់​ក្នុង​ជីវិត​របស់​ពួកគេ—ជា​គ្រូបង្រៀន​ដែល​មាន​ទំនាក់ទំនង​ពេញ​មួយ​ជីវិត​ជាមួយ​ពួកគេ ជា​មនុស្ស​ម្នាក់​ដែល​បាន​ចង្អុល​បង្ហាញ​ពួកគេ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល​លើ​ការគិត និង​អាកប្បកិរិយា​របស់​ពួកគេ ជា​មនុស្ស​ម្នាក់​ដែល​ពួកគេ​មិន​ចង់​ធ្វើ​ឲ្យ​ខកចិត្ត ។ ពេល​សិស្ស​រង​វិបត្តិ​នានា ដែល​ពួកគេ​នឹង​ជួប​ប្រទះ​ដោយ​មិន​សង្ស័យ នោះ​បងប្អូន​អាច​ផ្ដល់​កន្លែង​មាន​សុវត្ថិភាព​មួយ​សម្រាប់​ពួកគេ​បែរ​ទៅ​រក​សេចក្ដី​ស្រឡាញ់ និង​ការធានា​អះអាង ។ ខ្ញុំ​ទទួលស្គាល់ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដែល​មិនព្រម​ទទួល​ការព្យាយាម​របស់​បងប្អូន​ដើម្បី​ស្គាល់​ពួកគេ ប៉ុន្តែ​រឿងនោះ​មិន​ត្រូវ​រារាំង​បងប្អូន​ពី​ការស្រឡាញ់​ពួកគេ​នោះ​ទេ ។ បងប្អូន​ប្រហែល​ជា​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅ​លើ​សិស្ស​ដែល​មិនព្រម​ទទួល​នោះ​ជាង​អ្វី​ដែល​បងប្អូន​គិត ។

អាហាររូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ទីបី ដែល​សិស្ស​ត្រូវការ​គឺ​សមត្ថភាព​ដោះស្រាយ​សំណួរ និង​កង្វល់​ដែល​ពួកគេ​អាច​មាន​អំពី​សាសនាចក្រ ។ ប្រាំបី​ឆ្នាំ​មុន អែលឌើរ អិម រ័សុល បាឡឺដ បាន​ផ្តល់​ដំបូន្មាន​ដល់​អ្នកអប់រំ​ខាង​ខាង​សាសនា​ថា ៖

« ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ម្នាក់​បាន​សួរ​សំណួរ​ស្មោះត្រង់​មួយ ហើយ​គ្រូបង្រៀន​បាន​ឆ្លើយ​តបថា ‹ កុំ​បារម្ភ​អំពី​វា ! › ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ម្នាក់​បាន​លើក​ចម្ងល់​ដោយ​ស្មោះ​ឡើង រួច​គ្រូបង្រៀន​ថ្លែង​ទីបន្ទាល់​របស់​គាត់​ជា​ចម្លើយ​មួយ​ដើម្បី​ចៀសវាង​ពី​បញ្ហា ។ ពេលវេលា​ដែល​សិស្ស​ត្រូវបាន​ការពារ​ពី​មនុស្ស​ដែល​វាយប្រហារ​លើ​សាសនាចក្រ​បាន​កន្លង​ផុត​ទៅ​ហើយ ។ …

« ពីមុន​បងប្អូន​បញ្ជូន [ សិស្ស​របស់​បងប្អូន ] ទៅក្នុង​លោកិយ សូម​ចាក់​ថ្នាំ​បង្ការ [ ពួកគេ ] ដោយ​ការផ្ដល់​នូវ​ការបកស្រាយ​គោលលទ្ធិ​ដំណឹងល្អ បទគម្ពីរ ប្រវត្តិ​របស់​យើង និង​ប្រធានបទ​ទាំងឡាយ​ដោយ​ស្មោះត្រង់ ចេះ​គិត​គូរ និង​ត្រឹមត្រូវ ដែល​ពេលខ្លះ​មាន​ការភាន់ច្រឡំ » ។

ជា​គ្រូបង្រៀន បងប្អូន​អាច​ជួយ​សិស្ស​ដោយ​ការបង្រៀន​ពួកគេ​អំពី​អត្ថន័យ​នៃ​ការបញ្ចូល​រួម​គ្នា​នូវ​ការសិក្សា​ជាមួយ​នឹង​សេចក្ដីជំនឿ​នៅពេល​ពួកគេ​រៀន ។ បងប្អូន​អាច​បង្រៀន​ពួកគេ​តាមរយៈ​ការបង្ហាញ​ជា​គំរូ​នូវ​ជំនាញ និង​មធ្យោបាយ​នេះ​ក្នុង​ថ្នាក់​រៀន ។

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្ដារ​ឡើង​វិញ​ក្នុង​ជំនាន់​របស់​យើង​តាមរយៈ​វិវរណៈ ។ ដូច្នេះ​យើង​ដឹង​ពី​របៀប​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ារបស់​យើង​វិញ ប៉ុន្តែ​យើង​នៅតែ​មាន​សំណួរ និង​កង្វល់​ដែល​យើង​ប្រាថ្នា​ដោយ​ស្មោះ​ថា​យើង​មាន​ចម្លើយ ។ សិស្ស​របស់​បងប្អូន​នឹង​សង្កេត​មើល​ពី​របៀប​ដែល​បងប្អូន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដ៏​លំបាក ។ ការគេច ឬ​មិន​អើពើ​នឹង​សំណួរ​ស្មោះត្រង់​នឹង​ធ្វើ​ឲ្យ​មាន​សំណួរ​បន្ថែម​ទៀត ។ បងប្អូន​ត្រូវតែ​ត្រៀម​ខ្លួន​ដើម្បី​ណែនាំ​អ្នកផ្សេង​ទៀត​ក្នុង​ការស្វែងរក​ចម្លើយ​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់ និង​ប្រភព​នៃ​សេចក្ដីពិត​ដ៏​ទេវភាព​របស់​ទ្រង់ ។ អែលឌើរ ឌៀរថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា « ការសួរ​សំណួរ​មិនមែន​ជា​ទីសម្គាល់​នៃ​ភាពទន់ខ្សោយ​នោះ​ទេ វា​គឺជា​ចំណុច​ចាប់ផ្ដើម​រីកចម្រើន » ។ ដើម្បី​គោលបំណង​នោះ សាសនាចក្រ​បាន​ចងក្រង​ធនធាន​ដ៏​អស្ចារ្យ គួរ​ឲ្យ​ទុកចិត្ត​មួយ សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​សម្រាប់​អ្នកផ្សេង​ទៀត​ដែល​កំពុង​ព្យាយាម​ជួយ​ពួកគេ ។ គោលដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សូម្បី​តែ​នៅពេល​ដែល​យើង​ផ្ដល់​យោបល់​មួយ​ចំនួន​អំពី​របៀប​ដោះស្រាយ​ប្រធាន​បទ​ដ៏​ស្មុគស្មាញ និង​ពេល​ខ្លះ​ពិបាក ។

ធនធាន​នេះ​អាច​រក​បាន​ទាំង​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org និង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ក្នុង​ករណី​ដែល​បងប្អូន​មិន​ស្គាល់​ធនធាន​ទាំង​នេះ ខ្ញុំ​សូម​បង្ហាញ​បងប្អូន​ពី​ទីតាំង​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ បើក​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​របស់​បងប្អូន ។ ពី​ទំព័រ​ដើម សូម​ចូល​ទៅ​បណ្ណាល័យ ។ ចុច​លើ « ប្រធាន​បទ និង​សំណួរ » ។ នៅ​ទីនេះ បងប្អូន​នឹង​ឃើញ​ផ្នែក​មួយ​ហៅ​ថា « ការស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន» ផ្នែក​មួយ​ទៀត​ហៅ​ថា « ការជួយ​អ្នក​ដទៃ​ជាមួយ​នឹង​សំណួរ​របស់​ពួកគេ » និង​បញ្ជី​អក្ខរាវិរុទ្ធ​នៃ​ប្រធានបទ​ជាច្រើន​អំពី​ចំណាប់​អារម្មណ៍​ដែល​អាច​មាន ។

ផ្នែក « ការស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន » បង្រៀន​គោលការណ៍​ដែល​អាច​ណែនាំ​ការសិក្សា​របស់​យើង​បាន នៅពេល​យើង​ស្វែងរក​ចម្លើយ​ដោយ​ស្មោះត្រង់​ចំពោះ​សំណួរ​របស់​យើង—មិនថា​អំពី​សេចក្ដី​ជំនឿ គោលលទ្ធិ ឬ​ប្រវត្តិ​សាសនាចក្រ​នោះទេ ។ ការណែនាំ​អំពី​ផ្នែក​នេះ​ពន្យល់​ថា សំណួរ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការរីកចម្រើន​ខាង​វិញ្ញាណ ហើយ​ថា​ការស្វែងរក​ចម្លើយ​អាច​ជា​ការតាមរក​អស់​មួយ​ជីវិត ។ គោលការណ៍​ដែល​មាន​ក្នុង​ផ្នែក​នេះ​លើកទឹកចិត្ត​យើង​ឲ្យ​ផ្តោត​ជីវិត​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ពីព្រោះ​​យើង​ត្រូវ​សង់​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​យើង​នៅ​លើ​ទ្រង់ ។ យើង​ត្រូវបាន​រំឭក​ថា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ផ្តល់​នូវ​ទស្សនវិស័យ​សម្រាប់​សំណួរ​របស់​យើង ។ ទស្សនវិស័យ​នោះ​ជួយ​យើង​ឲ្យ​ញែក​សេចក្ដីពិត​នៃ​ដំណឹងល្អ​សំខាន់ៗ​ចេញ​ពី​អ្វីៗ​ដែល​មិន​ចាំបាច់ ។ ដើម្បី​ឲ្យ​សេចក្ដីជំនឿ​ធំធាត់​ឡើង យើង​ត្រូវតែ​ជ្រើសរើស​មាន​សេចក្ដីជំនឿ ។ បន្ទាប់​មក យើង​ត្រូវតែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ ហើយ​តោងជាប់​ទៅ​នឹង​អ្វី​ដែល​យើង​ដឹង ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ធ្វើ​ឲ្យ​ការយល់ដឹង និង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ជ្រាលជ្រៅ ។

គោលការណ៍​បន្ថែម​ដែល​បាន​ពិភាក្សា​នៅក្នុង​ផ្នែក​នេះ​លើកទឹកចិត្ត​យើង​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​ជាមួយ​ខ្លួនយើង ជាមួយ​អ្នក​ដទៃ និង​ជាមួយ​ពេលវេលា​របស់​ព្រះអម្ចាស់ ។ យើង​ត្រូវ​ចាំ​ថា វិវរណៈ​គឺ​ជា​ដំណើរការ​មួយ​ដែល​ជា​ញឹកញាប់​ចាប់ផ្តើម​ដោយ​សំណួរ ជា​ញឹកញាប់​កើតឡើង​មួយ​បន្ទាត់​ម្ដងៗ ហើយ​ពេលខ្លះ​អាច​ជា​ការលំបាក​មួយ ។ នៅពេល​យើង​ស្វែងរក​ចម្លើយ យើង​គួរ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ខិតខំ​យល់​ពី​អតីតកាល​ដោយ​ដាក់​អ្វីៗ​ក្នុង​បរិបទ ។

ផ្នែក « ការជួយ​អ្នក​ដទៃ​ជាមួយ​នឹង​សំណួរ​របស់​ពួកគេ » ផ្ដល់​យោបល់​អំពី​គោលការណ៍​ដែល​អាច​ណែនាំ​យើង​បាន នៅពេល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​ទៀត​ដែល​មាន​សំណួរ ។ មិន​ថា​យ៉ាង​ណា​ទេ យើង​គួរ​និយាយ​ដោយ​គោរព ស្ដាប់​ដោយ​ការយល់ចិត្ត ហើយ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។ ដូច្នេះ​សូម​ស្ដាប់ ហើយ​ឆ្លើយតប​ជាមួយ​នឹង​សេចក្ដី​ស្រឡាញ់ ។ ព្យាយាម​យល់ ទទួលស្គាល់​បទពិសោធន៍​ដែល​អ្នក​ដទៃ​មាន ហើយ​ចៀសវាង​ការច្រានចោល ឬ​ការវិនិច្ឆ័យ ។ ពេល​យើង​ធ្វើ​ដូច្នោះ យើង​អាច​ទទួលស្គាល់​នូវ​ដែនកំណត់​របស់​យើង ។ សូម​ចាំ​ថា ទោះ​ជា​យើង​មាន​ភាពពោរពេញ​នៃ​ដំណឹងល្អ​ក៏​ដោយ យើង​មិន​មាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​ដែរ ។ ចម្លើយ​ខ្លះ​នឹង​ត្រូវ​រង់ចាំ​វិវរណៈ​បន្ថែម​ទៀត ។ មាន​សំណួរ​មួយ​ចំនួន និង​អ្នកសួរ​មួយ​ចំនួន យើង​គ្រាន់តែ​មិន​ដឹង​គ្រប់គ្រាន់​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ និង​ភាពពេញលេញ​នៃ​គោលលទ្ធិ​សាសនាចក្រ​ដើម្បី​បំពេញ​ចិត្ត​សិស្ស​ទាំងស្រុង​នោះ​ទេ ។ ក្នុង​ស្ថានភាព​ទាំងនេះ ការព្យាយាម​បញ្ចុះបញ្ចូល​អ្នកសួរ​ជាមួយ​នឹង​ហេតុផល​បន្ថែម​អាច​នឹង​មិន​ជួយ​អ្វី​ទេ ។

អន្ទាក់​មួយ​ដែល​គ្រូបង្រៀន​ជាច្រើន​អាច​ធ្លាក់​ចូល​ដោយ​មិនបាន​គិត គឺ​ការផ្ដល់​ហេតុផល ឬ​ការពន្យល់​ដែល​ព្រះអម្ចាស់​មិន​បាន​ប្រទាន​ឲ្យ ។ នៅ​ពេល​ដែល​រឿង​នោះ​កើតឡើង ហេតុផល ឬ​ចម្លើយ​ដែល​ផ្ដល់​ឲ្យ​អាច​លែង​ជា​ចម្លើយ​ទៀត​ហើយ ហើយ​នៅ​ទីបំផុត​សិស្ស​ប្រហែល​ជា​មាន​សេចក្ដី​ជំនឿ​តិច​ជាង​មុន ។ វា​ប្រសើរ​ជាង​ក្នុង​ការនិយាយ​ថា យើង​មិន​ដឹង​ទេ ជាជាង​ការប្រឌិត​ហេតុផល ឬ​ការពន្យល់​មួយ ។ ទោះជា​យ៉ាង​ណា សេចក្ដី​ជំនឿ​គឺជា​ជម្រើស​មួយ ហើយ​ពេលខ្លះ​ចម្លើយ​តែ​មួយ​គត់​គឺ​ត្រូវ​ពឹងផ្អែក​លើ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ជំនឿ​លើ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ក្នុង​ការរង់ចាំ​ចម្លើយ​ពី​ព្រះអម្ចាស់​ពេល​ទ្រង់​ជ្រើសរើស​បង្ហាញ​ចម្លើយ​ទាំងនោះ ។ យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ព្យាយាម​ធ្វើ​ជា​ប្រភព​ដែល​មាន​សុវត្ថិភាព និង​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​អ្នក​ដទៃ​ដើម្បី​បែរ​ទៅ​រក​ជំនួយ ។

យើង​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​ពួកគេ ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​ពួកគេ ។ សូម​ចងចាំ​ថា ទោះ​ជា​ពេល​ដែល​សិស្ស​មិន​ឱប​ក្រសោប​ដំណឹងល្អ​ទាំងមូល ក៏​ពួកគេ​អាច​នៅតែ​ជឿ និង​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ពេល​ដែល​ពួកគេ​មាន​ការលំបាក​ជាមួយ​នឹង​ទស្សនវិស័យ​នៃ​សាសនាចក្រ ពួកគេ​នៅតែ​អាច​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ហើយ​មាន​ព្រះទ័យ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ និង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។

បងប្អូន​នឹង​កត់សម្គាល់​ថា យោបល់​ជា​ច្រើន​សម្រាប់​ជួយ​អ្នក​ដទៃ​ជាមួយ​នឹង​សំណួរ​របស់​ពួកគេ​គឺ​មាន​ប្រសិទ្ធិភាព​បំផុត​នៅពេល​ជួយ​ម្នាក់​ទល់​នឹង​ម្នាក់ ។ ខ្ញុំ​ជឿ​ថា នេះ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត ។ វា​ប្រហែល​ជា​មិន​ឈ្លាសវៃ​ទេ ដែល​គ្រូបង្រៀន​អនុញ្ញាត​ឲ្យ​ថ្នាក់​ទាំងមូល​ត្រូវ​លះបង់​ដើម្បី​ឆ្លើយ​សំណួរ​សំខាន់​របស់​មនុស្ស​ម្នាក់​នោះ ។ សំណួរ​របស់​សិស្ស​មិន​គួរ​រារាំង​ការបង្រៀន​កម្មវិធី​សិក្សា​ដែល​បាន​គ្រោង​ទុក ដែល​ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​នោះ​ទេ ។ សូម​ចងចាំ​ជានិច្ច​ថា​គោលបំណង​របស់​បងប្អូន​គឺ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​ក្នុង​ថ្នាក់​ទាំងមូល មិន​គួរ​រំខាន​ដោយ​សំឡេង​ពីរបី​នោះ​ទេ ។ ដូច​ជា​ការបង្រៀន​ទាំងអស់​ដែរ ការដោះស្រាយ​សំណួរ​ទាំងឡាយ​តម្រូវ​ឲ្យ​មាន​ការណែនាំ​ពី​ព្រះវិញ្ញាណ ។

មាតិកា​ក្នុង​ផ្នែក​នេះ​ក៏​រំឭក​យើង​ឲ្យ​ចិញ្ចឹម​បីបាច់​សេចក្ដី​ជំនឿ​របស់​យើង​ផ្ទាល់​ផងដែរ ទោះ​ពេល​យើង​ជួយ​អ្នក​ដទៃ​ក៏​ដោយ ។ ស៊ីស្ទើរ ថាម៉ារ៉ា ដបុលយូ រូនៀ បានទូន្មាន​យើង​កុំ​ឲ្យ « រត់តាម​មនុស្ស​ជា​ទីស្រឡាញ់​ដែល​មាន​អារម្មណ៍​វង្វេង »។ ផ្ទុយ​ទៅ​វិញ ដូច​ជា​លីហៃ​នៅក្នុង​ការនិមិត្ត​អំពី​ដើម​ជីវិតយើង​នៅ​កន្លែង​ដែល​យើង​នៅ ហើយ​ស្រែក​ហៅ​ពួកគេ ។ យើង​ទៅរក​ដើម​នោះ បន្ដ​នៅក្បែរ​ដើម​នោះ បន្ដ​ទទួលទាន​ផ្លែឈើ​នោះ ហើយ​ដោយ​មាន​ស្នាម​ញញឹម​នៅលើ​ទឹកមុខ​យើង យើង​បន្ដ​ហៅ​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​បង្ហាញ​គំរូ​ថា ការទទួល​ទាន​ផ្លែឈើ​នេះ​គឺជា​រឿង​ដ៏រីករាយ​មួយ ! »

គោលការណ៍​ដែល​មាន​ក្នុង « ប្រធានបទ និង​សំណួរ » ជាពិសេស​គោលការណ៍​ដែល​បាន​បង្រៀន​ក្នុង « ការស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន » និង​ផ្នែក « ការជួយ​អ្នក​ដទៃ​ជាមួយ​នឹង​សំណួរ​របស់​ពួកគេ » បាន​ជួយ​ខ្ញុំ​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ តាម​របៀប​មួយ​ដែល​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ទៅ​លើ​ព្រះអម្ចាស់ និង​ធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ស៊ីជម្រៅ​អំពី​ទ្រង់ និង​កិច្ចការ​របស់​ទ្រង់ ។ គោលការណ៍​ទាំងនោះ​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ជួយ​អ្នក​ដទៃ​ទៀត​ក្នុង​ការ​ដោះស្រាយ​កង្វល់ និង​សំណួរ​របស់​ពួកគេ​ផងដែរ ។ មាតិកា​បន្ថែម​នឹង​ត្រូវបាន​បន្ថែម​នៅ​ពេល​អនាគត ដើម្បី​ជួយ​ដល់​សំណួរ និង​ប្រធានបទ​ជាក់លាក់​នានា ដូច្នេះ​សូម​ត្រឡប់​ទៅកាន់​ធនធាន​នេះ​វិញ​ជា​ញឹកញាប់ ហើយ​កុំ​គិត​សោះឡើយ​ថា « ខ្ញុំ​បាន​អាន​វា​ហើយ » ។ ខ្ញុំ​ជឿ​ជាក់​ថា បងប្អូន​នឹង​ឃើញ​ថា​ប្រធានបទ និង​ផ្នែក​ទាំងនេះ​មាន​ប្រយោជន៍​ស្រដៀង​គ្នា​នេះ​ដែរ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ការប្រើប្រាស់​សម្ភារ​ទាំងនេះ​នឹង​ជួយ​បងប្អូន និង​អ្នកដទៃ​ទៀត​ឲ្យ​មាន​សេចក្ដី​ជំនឿ​កាន់​តែ​ស៊ីជម្រៅ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។

អាហាររូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខាង​វិញ្ញាណ​ទីបួន និង​ចុងក្រោយ​ដែល​ខ្ញុំ​ចង់​ឲ្យ​សិស្ស​ទាំងអស់​មាន គឺ​អ្វី​ក៏​ដោយ​ដែល​ជា​គ្រឿង​ផ្សំ​ដ៏​ចាំបាច់​ដែល​បង្កើត និង​រក្សា​ចិត្ត​ទន់ភ្លន់ ។ ពេល​ខ្ញុំ​និយាយ​ថា​ចិត្ត​ទន់ភ្លន់ ខ្ញុំ​ចង់​មាន​ន័យ​ថា​ជា​ដួងចិត្ត​មួយ​ដែល​ងាយ​យល់​ពី​ព្រះវិញ្ញាណ ។ ផ្ទុយ​ពី​ចិត្ត​ទន់ភ្លន់​គឺ​ចិត្ត​រឹងរូស គឺជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ ។ ព្រះគម្ពីរ​ពិពណ៌នា​ជា​ញឹកញាប់​អំពី​គ្រោះថ្នាក់​ដែល​រង់ចាំ​អ្នក​ដែល​មាន​ចិត្ត​រឹងរូស ។ នីហ្វៃ​បាន​រៀន​ថា « អ័ព្ទ​នៃ​សេចក្ដី​ងងឹត [ ដែល​បាន​ឃើញ​ក្នុង​ការនិមិត្ត​អំពី​ដើមជីវិត ] គឺជា​ការល្បួង​របស់​អារក្ស ដែល​ធ្វើ​ឲ្យ​ភ្នែក​ទាំងឡាយ​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​ទាំងឡាយ​នៃ​កូនចៅ​មនុស្ស​រឹងរូស ហើយ​នាំ​ពួកគេ​ទៅ​តាម​ផ្លូវ​ទូលាយ​ទាំងឡាយ​ដើម្បី​ឲ្យ​ពួកគេ​វិនាស ហើយ​វង្វេង​បាត់​ទៅ » ។

បេះដូង​ខាង​រាងកាយ​ដែល​រឹង​ធ្វើឲ្យ​ចរន្ត​ឈាម​ពិបាក​ចូល​ណាស់ ។ ដូច្នេះ​នៅពេល​ឈាម​ពេញ​បេះដូង ខណៈពេលដែលវាកំពុង​ត្រៀម​ដើម្បី​កន្ត្រាក់ នោះ​បេះដូង​ដែល​រឹង​មាន​ការលំបាក​ក្នុងការ​អនុញ្ញាត​ឲ្យ​ចរន្ត​ឈាម​ចូល​ណាស់ ។ ហើយ​ការណ៍​នេះ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​គាំង​បេះដូង​មួយ​ប្រភេទ​ដែល​ធ្ងន់ធ្ងរ ដែល​កើត​ចេញ​ពី​ការកន្ត្រាក់​មិន​ដំណើរការ ។ ដូច​គ្នា​នឹង​បេះដូង​រឹង​ដែល​ធ្វើឲ្យ​ចរន្ត​ឈាម​ពិបាក​ចូល នោះ​ចិត្ត​រឹងរូស​ខាង​វិញ្ញាណ​ក៏​ធ្វើឲ្យ​ព្រះវិញ្ញាណ​ពិបាក​ចូល​ដែរ ។

នៅក្នុង នីហ្វៃទី២ ៣៣ នីហ្វៃ​បញ្ជាក់​ថា មនុស្ស​ដែល​មាន​ចិត្ត​រឹងរូស​នឹង​មិន​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​ព្រះបន្ទូល​របស់​ព្រះ​ទៅ​ក្នុង​ចិត្ត​របស់​ពួកគេ​ឡើយ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ដ្បិត​កាលណា​មនុស្ស​មួយ​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​នាំ​ពាក្យ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​មនុស្ស » ។ នីហ្វៃ​បាន​បន្ត​ថា « ប៉ុន្តែ​មើល​ចុះ មាន​មនុស្ស​ជាច្រើន ដែល​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះអង្គ​មិន​មាន​ទីកន្លែង​នៅ​ក្នុង​ចិត្ត​គេ​ឡើយ ហេតុ​ដូច្នោះ​ហើយ គេ​បាន​បោះបង់​ចោល​នូវ​អ្វីៗ​ដែល​បាន​សរសេរ​ជាច្រើន ហើយ​រាប់​ទុកជា​របស់​ឥតប្រយោជន៍​ទៅ​វិញ » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ចង្អុល​បង្ហាញ​ថា ៖ « សូម​កត់ចំណាំ​ពី​របៀប​ដែល​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នាំ​សារលិខិត ទៅដល់ ប៉ុន្ដែ​មិន​មែន​ចាំបាច់ ទៅក្នុង ដួងចិត្ត​នោះ​ទេ ។ នៅទីបំផុត … ខ្លឹមសារ​សារលិខិត​មួយ និង​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជា្របចូល​ទៅក្នុង​ដួងចិត្ត​បាន​ដរាបណា​អ្នកទទួល​មា្នក់​អនុញ្ញាត​ឲ្យ​វាចូល​តែប៉ុណ្ណោះ » ។

បើ​សិស្ស​របស់​យើង​មិន​មាន​ចិត្ត​ទន់​ទេ នោះ​ពួកគេ​អាច​ក្លាយ​ដូច​ជា​អ្នក​ដែល​នឹង​និយាយ​ថា ៖ « យើង​បាន​ទទួល​ព្រះបន្ទូល​នៃ​ព្រះ​ហើយ ហើយ​យើង​មិន​ត្រូវការ​ព្រះបន្ទូល​នៃ​ព្រះ​ទៀត​ទេ … ដ្បិត​យើង​មាន​ល្មម​គ្រប់គ្រាន់​ហើយ ! » ចំពោះពួកគេ « ដ្បិត​មើល​ចុះ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ប្រទាន​ដល់​កូនចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច នេះ​មាន​ពរ​ហើយ​ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំងឡាយ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន​របស់​យើង ដ្បិត​ពួកគេ​នឹង​មាន​ប្រាជ្ញា ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល នោះ​យើង​នឹង​ឲ្យ​ថែម​ទៀត តែ​ពី​អស់​អ្នក​ណា​ដែល​នឹង​និយាយ​ថា យើង​មាន​ល្មម​គ្រប់គ្រាន់​ហើយ ពី​ពួកនោះ​នឹង​ត្រូវ​ដក​យក​វិញ​ទាំង​អ្វី​ដែល​ពួកគេ​មាន​នោះ​ផង​ដែរ » ។

ដោយ​មាន​ចិត្ត​រឹងរូស សិស្ស​របស់​យើង​អាច​រារាំង​ផ្លូវ​ដែល​ពួកគេ​អាច​ទទួល​បាន​ព្រះបន្ទូល ឬ​ចម្លើយ​របស់​ព្រះ​បន្ថែម​ទៀត​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ។ ដូចជា​យើង​ដែរ ពួកគេ​ត្រូវ​បើកចិត្ត​ចំពោះ​ព្រះវិញ្ញាណ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​ការបង្រៀន​នូវ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​គួរ​ធ្វើ ។ ដូច​អាលម៉ា​បាន​បង្រៀន​ថា « ហើយ​ពួក​អ្នកណា​ដែល​ធ្វើ​ចិត្ត​រឹងរូស ពួកគេ​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​មួយ​ភាគតិច រហូត​ដល់​ពួកគេ​ពុំ​អាច​ដឹង​អ្វី​អំពី​ការអាថ៌កំបាំង​ទាំងឡាយ [ របស់​ព្រះអង្គ ] បាន​ឡើយ ហើយ​ខណៈ​នោះ​ពួកគេ​នឹង​ត្រូវ​អារក្ស​ចាប់​ឃុំឃាំង ហើយ​ដឹកនាំ​តាម​អំពើ​ចិត្ត​របស់​វា​ទៅកាន់​សេចក្ដី​បំផ្លិច​បំផ្លាញ » ។ ដួងចិត្ត​ទន់ភ្លន់​ជំរុញ​ឲ្យ​មាន​លទ្ធផល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា ។ « អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ [ ទ្រង់ ] នោះ​បាន​ទទួល​សេចក្ដីពិត និង​ពន្លឺ​រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង​នៅ​ក្នុង​សេចក្ដីពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង » ។ ទោះ​ជា​យ៉ាង​ណា ចិត្ត​រឹងរូស​ធ្វើ​ឲ្យ « អា​កំណាច [ មក ] ហើយ [ យក ] ពន្លឺ និង​សេចក្ដី​ពិត » ។

ស្តេច​បេនយ៉ាមីន​បាន​សង្ខេប​ពី​ធាតុផ្សំ​នៃ​អាហាររូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​យើង​បង្កើត និង​រក្សា​ដួងចិត្ត​ទន់ភ្លន់ ។ ទ្រង់​បាន​ប្រកាស​ថា ៖ « ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ ហើយ​ចងចាំ​ជានិច្ច​នូវ​ភាពមហិមា​នៃ​ព្រះ និង​ភាពឥតន័យ​របស់​អ្នក និង​សេចក្ដីល្អ​សប្បុរស និង​សេចក្ដី​អត់ធ្មត់​របស់​ទ្រង់​ចំពោះ​អ្នក​រាល់​គ្នា … ហើយ​សូម​បន្ទាប​ខ្លួន​របស់​អ្នក​ដល់​ជម្រៅ​នៃ​ភាពរាបសា ដោយ​អំពាវនាវ​ដល់​ព្រះនាម​របស់​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ឈរ​យ៉ាង​រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ ជឿ​ដល់​អ្វី​ដែល​កើត​ឡើង​ក្នុង​អនាគត » ។ ធាតុ​ទាំងនេះ​គឺ ៖ ថា​យើង​ត្រូវ​ចងចាំ​ជានិច្ច​ថា ការប្រោសលោះ​នោះ​បានមក​ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ថា​បើ​គ្មាន​ទ្រង់​ទេ នោះ​ស្ថានភាព​របស់​យើង​គ្មាន​សង្ឃឹម​ទេ ។ ការណ៏នោះ​ជំរុញឲ្យ​យើង​បន្ទាបខ្លួន​នៅក្នុង​ជម្រៅ​នៃ​ភាពរាបសា ហើយ​ជំរុញ​យើង​ឲ្យ​អធិស្ឋាន​ជា​រៀងរាល់ថ្ងៃ ហើយ​បន្ទាប់មក​យើង​ឈរ​យ៉ាង​រឹងមាំ​នៅក្នុង​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ។ ផល​ដែល​បាន​មក​ជាធម្មតា​នោះ​គឺ​ថា​យើង​នឹង « អរ​រីករាយ​ជានិច្ច ហើយ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ​បាន​ទទួល​ការផ្ដាច់បាប​ទាំងឡាយ [ របស់​យើង ] ជានិច្ច ហើយ … នឹង​បាន​ដុះដាល​នៅ​ក្នុង​ការស្គាល់​ពី​សិរីល្អ​នៃ​ព្រះអង្គ ដែល​បាន​បង្កើត [ យើង ] មក » ។

បងប្អូន​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​រក្សា​ទុក​ក្នុង​ការចងចាំ​ជានិច្ច​នូវ​ភាពអស្ចារ្យ​នៃ​ព្រះ ពេល​ដែល​បងប្អូន​ខិតខំ​ដោយ​ឧស្សាហ៍​ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ « ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ [ ដើម្បី ] ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប [ ពួកគេ ] បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល [ ពួកគេ ] អាច​ធ្វើ​បាន » ។ ដូច្នេះ​បងប្អូន និង​ខ្ញុំ « និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ … ដើម្បី​ឲ្យ [ សិស្ស ] យើង​អាច​ដឹង​ថា​តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណា​មួយ​ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ។ ចំណេះដឹង​នោះ​ជួយ​ពួកគេ​ឲ្យ​នៅតែ​បន្ទាប​ខ្លួន បំផុស​ពួកគេ​ឲ្យ​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះ​ជា​រៀងរាល់​ថ្ងៃ ហើយ​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ។ វា​ជួយ​ពួកគេ​រក្សា​ដួងចិត្ត​ទន់ភ្លន់​ដែល​ងាយ​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អាហាររូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ទាំង​បួន​ដែល​ខ្ញុំ​បាន​និយាយ​គឺ​ត្រួត​គ្នា ហើយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​មួយ​ដើម្បី​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​នៃ​ការបង្រៀន​របស់យើង​ខ្លួនឯង ។ សូម​សួរ​ខ្លួនឯង ៖

  • តើ​ការបង្រៀន​របស់​ខ្ញុំ​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​បង្រៀន​ដោយ​មាន​ទីបន្ទាល់ និង​សេចក្ដី​ស្រឡាញ់​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ព្យាយាម​អភិវឌ្ឍ​ទំនាក់ទំនង​ពេញ​មួយ​ជីវិត​ជាមួយ​សិស្ស​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​មិន​ទុក​ឲ្យ​ពួកគេ​មាន​សំណួរ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​បង្ហាញ​គំរូ​មួយ​អំពី​ចិត្ត​ទន់ភ្លន់ ដោយ​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ព្រះ ហើយ​ឈរ​យ៉ាង​រឹងមាំ​ក្នុង​សេចក្ដី​ជំនឿ​ដែរ​ឬ​ទេ ?

  • តើ​សិស្ស​របស់​ខ្ញុំ​កំពុង​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ខ្ញុំ ក៏​ដូច​ជា​ការបង្រៀន​របស់​ខ្ញុំ ?

បងប្អូន​ប្រុសស្រី សូម​អរគុណ​ចំពោះ​អ្វី​ដែល​បងប្អូន​ធ្វើ ដើម្បី​ជួយ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ឲ្យក្លាយ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​ពួក​គេ​រក្សា​ដួងចិត្ត​ទន់ភ្លន់ ដើម្បី​ជួយ​ពួកគេ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ចូល​ក្នុង​ដួងចិត្ត​របស់​ពួកគេ និង​ដើម្បី​ចង្អុល​បង្ហាញ​ពួកគេ​យ៉ាងច្បាស់​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។ ដូចជា​យើង​បាន​ស្តាប់​នៅក្នុង​ចម្រៀង​ថា យើង​ទាំងអស់​គ្នា​ឆាប់​វង្វេង ឆាប់​ចាកចេញ​ពី​ព្រះ​ដែល​យើង​ស្រឡាញ់​ផងដែរ ។ យើង​ត្រូវតែ​រំឭក​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដើម្បី​ឲ្យ​សេចក្តី​សប្បុរស​នោះ ដូចជា​ខ្សែពួរ​ចង​ដួងចិត្ត​ដែល​វង្វេង​របស់​យើង​ចំពោះ​ព្រះ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល រ៉ូប៊ើត រ៉ូប៊ីនសុន នៅពេល​គាត់​សរសេរ​ថា « នេះ​ជា​ដួងចិត្ត​របស់​ខ្ញុំ ។ សូម​ទទួល​យក ហើយ​ផ្សារភ្ជាប់​នឹង​វា ។ ភ្ជាប់​នឹង​ដំណាក់​នៃ​ស្ថាន​សួគ៌ា » ។ គាត់​ចង់​រំឭក​ពី​មូលហេតុ​ដែល​គាត់​ធ្លាប់​មាន​អារម្មណ៍​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ​នោះ នៅ​គ្រាខ្លះ​ដែល​គាត់​លែង​មាន​អារម្មណ៍​ច្រៀង​ចម្រៀង​នោះ​ទៀត​ហើយ ។ ដូចគ្នា​នេះ ទំនួល​ខុសត្រូវ​របស់​យើង​គឺ​ការជួយ​សិស្ស​របស់​យើង​ឲ្យ​នៅលើ​ផ្លូវ​នោះ​ផងដែរ ។

សូមព្រះ​ប្រទានពរ​អ្នក​សម្រាប់​អ្វី​ដែល​អ្នក​ធ្វើ ។ សូម​ព្រះ​ប្រទានពរ​ដល់​អ្នក​សម្រាប់​សេចក្តី​សប្បុរស​របស់​អ្នក សម្រាប់​សេចក្តី​ជំនឿ ភាព​ស្មោះត្រង់​របស់​អ្នក និង​ទីបន្ទាល់​របស់​អ្នក ។ សូម​អរគុណ​ចំពោះ​ការបម្រើ​លោកចៅហ្វាយ ។ សូម​អរគុណ​ចំពោះ​ការ​ធ្វើ​ជា​មិត្ត​របស់​ទ្រង់ ព្រោះ​ទ្រង់​គឺ​ជា​មិត្ត​ដ៏​សប្បុរស ឈ្លាស​វៃ និង​ជា​មិត្ត​សួគ៌ា​របស់​យើង ។ ខ្ញុំ​ដឹង​យ៉ាង​ជាក់ច្បាស់​ថា រឿង​នោះ​គឺ​ជា​ការពិត » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕