សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ការជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់​ខ្លួន


36:23

ការជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់​ខ្លួន

សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស. ខែមិថុនា ឆ្នាំ២០២៤

សូម​ស្វាគមន៍​មក​កាន់​ការជួបជុំ​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៃ​ពួក​អ្នក​អប់រំ​ខាង​សាសានា​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ជា​ច្រើន​ឆ្នាំ​មកហើយ យើង​បាន​ប្រមូល​ផ្តុំ​គ្នា​មួយ​ឆ្នាំ​ម្តង សម្រាប់​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស. សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន​ដែល​ផ្តោត​ការយក​ចិត្ត​ទុកដាក់ ដែល​កាល​ពី​មុន​ហៅ​ថា ជំនួប​ពេលល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ ។​ នៅ​រាត្រី​នេះ យើង​នឹង​បន្ត​ទម្លាប់​នេះ​ទៀត នៅពេល​យើង​ជួបជុំ​គ្នា​ស្តាប់​ប្រសាសន៍​អែលឌើរ ឌែល ជី រិនឡាន់ នៅ​ក្នុង​ព្រឹត្តិការណ៍​ចុងក្រោយ​របស់​យើង ។ យើង​ក៏​ធ្លាប់​បាន​រៀបចំ​សន្និសីទ ស៊ី.អ៊ី.អេស. ផ្ទាល់​ជា​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ផង​ដែរ ប៉ុន្តែ​ព្រឹត្តិការណ៍​ឆ្នាំ​នេះ គឺ​តំណាង​ឲ្យ​ព្រឹត្តិការណ៏​លើក​ទី​មួយ ដែល​យើង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ទាំងមូល ដើម្បី​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ចែក​រំលែក​ការយល់ដឹង ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្រៀន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដោយ​ភ្ជាប់​ទំនាក់ទំនង​អ្នក​អប់រំ​ខាង​សាសនា​ពី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ប៊ី.វ៉ាយ.យូ. ប៊ី.វ៉ាយ.យូ.–អៃដាហូ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ BYU–Pathway [ ប៊ី.វ៉ាយ.យូ.–ផាសវ៉េ ] និង​មហាវិទ្យាល័យ Ensign ។ សរុប​មក អ្នក​អប់រំ​ខាង​សាសនា​ទាំង​នេះ បង្រៀន​យុវមជ្ឈិមវ័យ​ប្រមាណ​ជា​កន្លះ​លាន​នាក់​នៅ​ទូទាំង​សាសនាចក្រ បន្ថែម​ពី​លើ​សិស្ស​ទាំងអស់​នោះ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ថ្នាក់​សិក្ខាសាលា ។

ដើម្បី​យល់​ពី​មូលហេតុ​ដែល​យើង​ធ្វើ​កិច្ចខិតខំ​បែប​នេះ គឺ​ត្រូវចង​ភ្ជាប់​ទៅ​នឹង​រាល់​គោលបំណង​នៃ​ការអប់រំ​ខាង​សាសនា​នៅ ស៊ី.អ៊ី.អេស. នោះ​ឯង ។ ខ្ញុំ​បាន​និយាយ​ជា​ញឹកញាប់​អំពី​តួនាទី​ផ្សេងៗ​​គ្នា ដែល​សាលា ស៊ី.អ៊ី.អេស. នីមួយៗ​ដើរតួ​ក្នុង​ប្រព័ន្ធ​នេះ ។ ឧទាហរណ៍ ខ្ញុំ​បាន​ហៅ ប៊ី.វ៉ាយ.យូ. ថា​ជា​ឯកអគ្គរដ្ឋទូត ដោយសារ​ការទទួល​ខុសត្រូវ​របស់​សាលា​នេះក្នុង​ការតំណាង​ឲ្យ​ប្រព័ន្ធ និង​សាសនាចក្រ ក្នុង​នាម​ជា​អ្នក​កោះ​ហៅ ជា​ម្ចាស់ផ្ទះ និង​ជា​បញ្ញវន្ត ។ បន្ទាប់​មក សូម​ពិចារណា​អំពី ប៊ី.វ៉ាយ.យូ.–អៃដាហូ ដែល​ខ្ញុំ​ហៅ​ថា ជា​អ្នក​អប់រំ ដោយសារ​ការផ្តោត​សំខាន់​របស់​សាលា​នេះ​គឺ​ទៅ​លើ​ការបង្រៀន ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ គឺ​ជា​ធ្នឹម​សង្កត់​របស់​យើង​សម្រាប់​តំបន់​អាស៊ី/ប៉ាស៊ីហ្វិក ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​ការសម្រេចចិត្ត​របស់​ខ្លួន ដោយ​ផ្តោត​ទៅ​លើ​តំបន់​គោល​ដៅ​របស់​សាសនាចក្រ ។ ហើយ​មហា​វិទ្យាល័យ Ensign គឺ​ជា​អ្នក​ផ្តល់​កម្មវិធី​សិក្សា​អនុវត្តន៍ ដោយ​ផ្តោត​លើ​ការចូល​ធ្វើការ​ជំនាញ ។ ហើយ BYU-Pathway គឺ​ជា​អ្នក​ផ្តល់​ឱកាស​ចូល​រៀន​នៅ​ទូទាំង​ពិភពលោក ដែល​ទទួល​បាន​សិស្ស​ច្រើន​ជាង​សាលា​ណាៗ​ទាំងអស់​របស់យើង តាម​រយៈ​ការសិក្សា​អនឡាញ​ដែល​មាន​គុណភាព​ខ្ពស់ និងតម្លៃសមរម្យ ។ ជា​ការពិត​ណាស់ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ឈោង​ទៅ​រក​សិស្ស​ដែល​មិន​បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​សាសនាចក្រ ហើយ​គឺ​ជា​យុថ្កា​ខាង​វិញ្ញាណ​សម្រាប់​យុវមជ្ឈិមវ័យ មិនថា​ពួកគេ​ទទួល​ការអប់រំ​របស់​ពួកគេ​នៅ​ទី​ណា​នោះ​ទេ ។

ថ្វី​បើ​វិទ្យាស្ថាន​ទាំង​នេះ​មាន​តួនាទី​ខុស​គ្នា​ក៏ដោយ ក៏​យ៉ាង​ហោច​ណាស់​មាន​វិធី​ពីរ​យ៉ាង​ដែល​ស្ថាប័ន​នីមួយៗ​មាន​រួម​គ្នា ។ ទី​មួយ​គឺ បេសកកម្ម​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ខ្លួនឯង គឺ​ដើម្បី​អភិវឌ្ឍ​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ក្លាយ​ជា​អ្នកដឹកនាំ​នៅ​ក្នុង​គេហដ្ឋាន សាសនាចក្រ និង​សហគមន៍​របស់​ពួកគេ ។ ដោយ​មិន​គិត​ពី​តួនាទី​ខុសៗ​គ្នា​នៃ​វិទ្យាស្ថាន​របស់​អ្នក វិទ្យាស្ថាន ស៊ី.អ៊ី.អេស. នីមួយៗ​មាន​បេសកកម្ម​រួម​គ្នា ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ចំពោះ​បងប្អូន​ដែល​ចូល​រួម​ការប្រជុំ​នេះ យើង​ក៏​មាន​ទំនួល​ខុសត្រូវ​រួម​គ្នា​បន្ថែម​ទៀត នៅ​ទូទាំង ស៊ី.អ៊ី.អេស. ក្នុង​នាម​ជា​អ្នក​អប់រំ​ខាង​សាសនា ។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អប់រំ​សាសនាចក្រ​បាន​អនុម័ត​ឯកសារ​តុលាការ ដែល​បង្ហាញ​អំពី​តួនាទី​ការអប់រំ​ខាង​សាសនា​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ជា​រឿយៗ​ត្រូវ​បាន​គេ​ហៅ​ថា ឯកសារ « ការពង្រឹង​ការអប់រំ​ខាង​សាសនា » ។ ទំនួល​ខុសត្រូវ​ទាំង​នេះ​មាន​នូវ​ភាពច្បាស់លាស់ និង​ការដឹកនាំ​ផ្ទាល់​មក​ពី​ក្រុមប្រឹក្សា​អប់រំ​សាសនាចក្រ ។ កថា​ខណ្ឌ​ដើម​នៃ​ឯកសារ​នោះ​ចែង​ថា « ការអប់រំ​ខាង​សាសនា​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​ពិសេស និង​ជា​ទី​ពេញចិត្ត​ក្នុង​បេសកកម្ម​នៃ​វិទ្យាស្ថាន​នីមួយៗ… ។ វា​ស្ថិត​នៅ​ជា​ស្នូល​នៃ​គោលបំណង​របស់​វិទ្យាស្ថាន​នីមួយៗ » ។ គោលការណែនាំ​របស់ SRE [ ការពង្រឹង​ការអប់រំ​ខាង​សាសនា ] បញ្ជាក់​បន្ថែម​ថា គោល​បំណង​ដ៏​សំខាន់​នៃ​ការអប់រំ​ខាង​សាសនា​ គឺ​បាន​ចែង​ដូច​តទៅ​នេះ ៖ « គោលបំណង​ការអប់រំ​ខាង​សាសនា​គឺ​បង្រៀន​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ចេញ​ពី​ព្រះគម្ពីរ​ទាំងឡាយ និង​ព្យាការី​សម័យ​ទំនើប តាម​របៀប​មួយ​ដែល​ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​អភិវឌ្ឍ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌… ព្រះយេស៊ូវ​គ្រីស្ទ… ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ… ព្រមទាំង​[ ពួក​ព្យាការី​ដែល​នៅ​រស់ ] ហើយ​ក្លាយ​ទៅ​​ជា​ពួក​សិស្ស​ពេញ​មួយ​ជីវិត… [ និង ] ពង្រឹង [ សមត្ថភាព ] របស់​ពួកគេ ដែល​ជា [ សិស្ស​របស់​ពួក​យើង ] ក្នុង​ការស្វែង​រក​ចម្លើយ ដោះស្រាយ​មន្ទិល [ និង ] ឆ្លើយ​តប​ប្រកប​ដោយ​សេចក្តី​ជំនឿ » ។ គោលបំណង​ដ៏​សំខាន់​នៃ​ការអប់រំ​ខាង​សាសនា​នៅ​ទូទាំង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​គឺ​ផ្តោត​ទៅ​លើ​គោលបំណង​របស់​យើង​នៅ​ទីនេះ​ថ្ងៃ​នេះ ។ បើ​យើង​មិន​ធ្វើ​បែប​នេះ ដោយ​មាន​គោលបំណង​ផ្តោត​យក​ចិត្ត​ទុកដាក់​ទេ នោះ​វា​ពិបាក​ក្នុង​ការបង្ហាញ​ថា​ការវិនិយោគ​ដ៏​ច្រើន​ដែល​សាសនាចក្រ​ធ្វើ​នៅ​គ្រប់​វិទ្យាស្ថាន​នីមួយៗ​ទាំងនេះ​ជា​ការត្រឹមត្រូវ​នោះ ។

ដូច្នេះ​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​យើង​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​គឺ​ថា យើង​ចែក​រំលែក​នូវ​បេសកកម្ម ស៊ី.អ៊ី.អេស. និង​បុព្វហេតុ​រួម​មួយ​ក្នុង​នាម​ជា​អ្នក​អប់រំ​ខាង​សាសនា ដើម្បីអភិវឌ្ឍ​ទីបន្ទាល់ និង​ជួយ​សិស្ស​ក្លាយ​ទៅ​ជា​ពួកសិស្សនៃ​ព្រះ ហើយ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ និង​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ ឆាត វិប សម្រាប់​ការដឹកនាំ​របស់​គាត់ ។ ប្អូនប្រុស វិប ដឹកនាំ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនាចក្រ ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​ក៏​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​អប់រំ​ខាង​សាសនា​ជាមួយ​នឹង​តំណាង​មក​ពី​ទូទាំង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​ផងដែរ ។ វា​ជា​ផ្នែក​មួយ​ដ៏​ធំ​ចំពោះ​គណៈកម្មការ​នោះ ដែល​យើង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​នេះ ក្នុង​នាម​ជា​អ្នក​អប់រំ ស៊ី.អ៊ី.អេស. ។​ ខ្ញុំ​ក៏​គួរ​កត់​សម្គាល់​ផង​ដែរ​នូវ​ការគាំទ្រ​មក​ពី​ប្រធាន ស៊ី.អ៊ី.អេស. របស់​យើង​គ្រប់​គ្នា ៖ ប្រធាន រីស ប្រធាន មើរីឌីត ប្រធាន កៅវ៉េ ប្រធាន ឃូស៍ ប្រធាន អាស្តុន និង ប្អូនប្រុស វិប ។ ថ្នាក់ដឹកនាំ​ទាំង​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ជា « ប្រធាន​គ្រប់គ្រង​ខាង​សីលធម៌ និង​ខាង​វិញ្ញាណ »​ នៃ​វិទ្យាស្ថាន​របស់​ពួកគាត់ ។ ការបញ្ជា​នេះ​ត្រូវ​បាន​ចាប់ផ្តើម​នៅឯ​ពិធី​សម្ពោធ​របស់​ប្រធាន​កៅវ៉េ ហើយ​បាន​បន្ត​ធ្វើ​បែប​នេះទៀត​នៅ​គ្រប់​ការសម្ពោធ ស៊ី.អ៊ី.អេស. ទាំងអស់ ។ ខ្ញុំ​នឹង​បង្ហាញ​រូបភាព​នៅ​ទី​នេះ​អំពី​ការសម្ពោធ​ទាំង​នោះ ។ បងប្អូន​អាច​ឃើញ​ប្រធាន កៅវ៉េ ។ ការបញ្ជា​នោះ​មកពី​ប្រធាន ហូឡិន ហើយ​បាន​បន្ត​ទៅ​ប្រធាន អាស្តុន ហើយ​បន្ត​ម្តង​ទៀត​ទៅ​ប្រធាន រីស ហើយ​បន្ទាប់​មក​ថ្មីៗ​នេះ​ទៅ​ប្រធាន មើរីឌីត ។ វា​មិនមែន​ដោយ​ចៃដន្យ​ទេ ដែល​ប្រធាន​ទាំង​អស់​គ្នា​នេះ​កំពុង​ចូលរួម​ជាមួយ​យើង​នៅ​ថ្ងៃ​នេះ ។ ពួកគាត់​ជា​ថ្នាក់​ដឹកនាំ​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​សូម​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ពួក​លោក​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួកលោក និង​ការប្តេជ្ញាចិត្ត​របស់​ពួកលោក​ដើម្បី​ជួយ​យើង​ចាប់ផ្តើម​សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា​នេះ ។

បន្ទាប់​ទៅ​នេះ ខ្ញុំ​ចង់​ផ្តល់​បរិបទ​មួយ​ចំនួន​សម្រាប់​សារលិខិត​របស់​ខ្ញុំ​ថ្ងៃ​នេះ ។ នៅ​ក្នុង​ការថ្លែង​សុន្ទរកថា​របស់​ខ្ញុំ​ក្នុង​ពិធី​សម្ពោធ ទៅកាន់​អ្នក​អប់រំ​ខាង​សាសនា​របស់​យើង—​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​ខ្ញុំ​ទៅ​កាន់​អ្នក​អប់រំ​ខាង​សាសនា ខ្ញុំ​បាន​សុំ​ឲ្យ​បងប្អូន​ផ្តោត​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​ ដែល​យើង​បាន​កំណត់​ជា​ការសង្កត់​ធ្ងន់​របស់​ព្យាការី​ចំពោះ​យុវមជ្ឈិមវ័យ ។ យើង​ក៏​បាន​ព្យាយាម​សង្កត់​ធ្ងន់​ថា ប្រធាន​បទ​ទាំង​នេះ​ដែល​បាន​រៀបរាប់​នៅ​ទី​នេះ​ប្រាដក​ជា​នឹង​ផ្លាស់ប្តូរ ។ វា​ពុំ​មាន​អ្វី​អស្ចារ្យ​អំពី​ប្រធាន​បទ​ទាំង​ប្រាំ​នេះ​ឡើយ ប៉ុន្តែ​ប្រធាន​បទ​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព នៅ​ពេល​យើង​បាន​ទទួល​ការណែនាំ​ជា​បន្តបន្ទាប់​ពី​ព្យាការី និង​សាវក ជា​ពិសេស​គឺ​ការណែនាំ​ទៅ​កាន់​យុវមជ្ឈិមវ័យ​របស់​យើង ។ ក្តី​សង្ឃឹម​នោះ គឺ​មិន​មែន​ថា​បងប្អូន​នឹង​ទន្ទេញ​ចាំ​សារ​ជាក់លាក់​ទាំងនេះ​ទេ កុំ​ផ្តោត​លើ​រឿង​ហ្នឹង​ពេក ប៉ុន្តែ​គឺ​ថា​យើង​ទាំងអស់​គ្នា​នឹង​រៀន​ពី​របៀប​ស្តាប់​ព្យាការី​ដែល​នៅ​រស់ និង​ជួយ​សិស្ស​របស់​យើង​ឲ្យ​រៀន​ពី​របៀប​អនុវត្ត​សារ​របស់​ពួកលោក ។

នៅ​ក្នុង​ន័យ​នេះ ខ្ញុំ​ចង់​ផ្តោត​លើ​ការសង្កត់ធ្ងន់​ថ្មីៗ​របស់​ព្យាការី​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ ។ ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យុវមជ្ឈិមវ័យ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ ។ សូម​កត់​សម្គាល់​ថា បើសិន​ជា​បងប្អូន​ចង់​ធ្វើ​តាម​ព្យាការី សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ពីរ​យ៉ាង ។ ទី​មួយ សូម​មើល​នៅ​ពេល​លោក​ថ្លែង​សារ​នោះ​ម្តង​ហើយ​ម្ដង​ទៀត ហើយ​ទី​ពីរ សូម​យក​ចិត្ត​ទុកដាក់​ឲ្យ​មែនទែន​នៅ​ពេល​លោក​អង្វរ​ពួក​យើង ។ បងប្អូន​នឹង​ឃើញ​គំរូ​ទាំង​ពីរ​នោះ នៅ​ក្នុង​សារ​របស់​ប្រធាន ណិលសុន ឲ្យ​ទទួល​ខុសត្រូវ​លើ​ទី​បន្ទាល់​របស់​បងប្អូន ដែល​ត្រូវ​បាន​ណែនាំ​ជា​លើក​ដំបូង​ទៅ​កាន់​យុវមជ្ឈិមវ័យ​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ពេល​លោក​បាន​មាន​ប្រសាសន៍​ ៖ « ខ្ញុំ​សូម​អង្វរ​ក្មួយៗ​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​លើ​ទី​បន្ទាល់​របស់​ក្មួយៗ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ ហើយ​ក្រោយ​មក​ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​ទីបន្ទាល់​របស់​ក្មួយៗ​មាន​ភាពសោះ​កក្រោះ​នោះឡើយ ។ ពេល​ក្មួយៗ​ដាក់​ទីបន្ទាល់​របស់​ក្មួយៗ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​ក្មួយ សូម​ចាំមើល​ពី​អព្ភូតហេតុ​កើតឡើង​នៅក្នុង​ជីវិត​របស់​ក្មួយៗ » ។

បន្ទាប់​មក​នៅ​ឆ្នាំ​ដដែល​នោះ ប្រធាន ណិលសុន បាន​ផ្តល់​នូវ​ការទទួល​ខុសត្រូវ​ស្ទើរតែ​ដូច​គ្នា​នេះ គឺ​លើក​នេះ​ទៅ​កាន់​សាសនាចក្រ​ទាំង​មូល​តែ​ម្តង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០២២ ដោយ​ថ្លែង​ថា « នៅ​ទីបញ្ចប់ ខ្ញុំ​សូម​អញ្ជើញ​សមាជិក​ទូទាំង​សាសនាចក្រ ឲ្យ​ទទួល​យក​ការទទួល​ខុស​ត្រូវ​ដូចគ្នា ដែល​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ពួកយុវមជ្ឈិមវ័យ​របស់​យើង កាល​ពី​ខែ​ឧសភា កន្លង​ទៅ​នេះ ។ កាល​នោះ​ខ្ញុំ​ជំរុញ​ពួកគេ—ហើយ​ឥឡូវ​នេះ​ខ្ញុំ អង្វរករ ដល់​បងប្អូន—ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ​ឡើយ ។ ពេល​បងប្អូន​បន្ត​ពង្រឹង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន នោះ​សូម​ចាំ​មើល​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​នៅក្នុង​ជីវិត​របស់​បងប្អូន » ។

ជាមួយ​នឹង​ការអង្វរ​ម្តង​ហើយ​ម្តង​ទៀត​របស់​ប្រធាន ណិលសុន ដែល​យើង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ទីបន្ទាល់​របស់​យើង ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដើម្បី​ចែកចាយ​ផ្លូវ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទៅ​កាន់​ទីបន្ទាល់ ។ នេះ​គឺ​ជា​ការបញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ហើយ​នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​វា ក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា បងប្អូន​នឹង​ទទួល​បាន​អារម្មណ៍​ថា យើង​កំពុង​អង្គុយ​ជាមួយ​គ្នា​ក្នុង​របៀប​សាមញ្ញ​មួយ ។ ពួកយើង​ម្នាក់ៗ​មាន​ដំណើរ​ផ្ទាល់​ខ្លួន​ទៅ​កាន់​សេចក្តី​ជំនឿ ។ ពួក​សិស្ស​របស់​យើង​ក៏​ដូច្នោះ​ដែរ ។ ថ្ងៃ​នេះ ខ្ញុំ​នឹង​ចែកចាយ​ដំណើរ​ផ្ទាល់​ខ្លួន​ខ្លះ​របស់​ខ្ញុំ ។ ដំណើរ​របស់​ខ្ញុំ​ទៅ​កាន់​ទី​បន្ទាល់​បាន​ចាប់​ផ្តើម​ក្នុង​របៀប​មិន​ធម្មតា​មួយ ។ ខ្ញុំ​បាន​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្នុង​សហគមន៍​ដ៏​ធំ​មួយ​ដែល​មិន​មែន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក្នុង​ទីក្រុងស្កតឌែល រដ្ឋអារីហ្សូណា ។ ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការប្រណាំង​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​ក្រឡេក​មើល​តាម​ផ្លូវ ហើយ​បាន​កត់សម្គាល់​ឃើញ បងប្រុស បាត់លើរ ជា​អ្នក​ដឹកនាំ​យុវជន​របស់​ខ្ញុំ ។ វា​ចម្លែក​ណាស់​ដែល​គាត់​បាន​នៅ​ទី​នោះ ។ យើង​មិន​មាន​អ្វី​ដូចគ្នា​ច្រើន​ទេ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​មិន​សូវ​មក​ចូល​រួម​ក្នុង​ការរត់​ប្រណាំង​ទេ ។ រំពេច​នោះ ព្រះ​វិញ្ញាណ​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា « ក្លាក សាសនា​នេះ​ពិត ពីព្រោះ​គ្មាន​ផ្លូវ​ដែល​គាត់​នឹង​មក​ទី​នោះ​ទេ ។ ច្បាស់​ជា​មាន​អ្វី​មួយ​ជ្រៅ​នៅ​ក្នុង​សេចក្តី​ជំនឿ​របស់​គាត់ ដែល​ជំរុញ​គាត់​ឲ្យ​មក​គាំទ្រ​អ្នក » ។ រឿង​តែ​ប៉ុណ្ណឹង ។ បទពិសោធន៍​វា​មិន​កើត​ឡើង​នៅ​ខណៈពេល​សិក្សា​ព្រះគម្ពីរ​ជាប់លាប់ ឬ​នៅ​ក្នុង​ការ​ប្រជុំ​ទីបន្ទាល់​នោះ​ឡើយ ។ វា​បាន​កើត​ឡើង​យ៉ាង​សាមញ្ញ​ចេញ​ពី​លទ្ធផល​​នៃ​ការបម្រើ​ដ៏​លះបង់​របស់​នរណា​ម្នាក់ ។ ថ្ងៃ​នេះ ខ្ញុំ​អាច​ចាំ​ពី​អារម្មណ៍​នោះ​ច្បាស់​ដូច​ជា​ថ្ងៃ​ដែល​ការណ៍​នោះ​បាន​កើត​ឡើង ។

មួយ ឬ​ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការហៅ​ទៅ​បម្រើ​នៅ​បេសកកម្ម កូបេ ប្រទេស​ជប៉ុន ។ ខ្ញុំ​បាន​ចាំ​នៅ​ថ្ងៃ​ដំបូង​ក្នុង អ៊ិម.ធី.ស៊ី. ។ ខ្ញុំ​រំភើប​ណាស់​ដើម្បី​ជួប​ដៃ​គូ ចាប់ផ្តើម​ស្គាល់​គ្រូ និង​អារម្មណ៍​នៃ​ការប្រមូល​ផ្តុំ​នូវ​កម្លាំង​មក​ពី​ទូទាំង​ពិភពលោក ។ ប៉ុន្តែ​នៅ​ព្រឹក​បន្ទាប់ ពេល​នាឡិកា​រោទ៍​នៅ​ម៉ោង ៦:០០ ព្រឹក ខ្ញុំ​ស្ទើរតែ​ក្រោក​មិន​រួច ហើយ​រំពេច​នោះ​អារម្មណ៍​ភិតភ័យ​បាន​កើត​ឡើង​ ។ ខ្ញុំ​បាន​គិត​ថា « តើ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀប​ណា​ទៅ ? ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​អាច​ក្រោក​ឡើង​នៅ​ពេល​ព្រលឹម​បែប​នេះ​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ដូច​ម្តេច​ទៅ ថែម​ទាំង​ត្រូវ​រៀន​ភាសា​ជប៉ុន​ដ៏​លំបាក​ទៀត » ។ រំពេច​នោះ រឿង​ដែល​អ្នក​ដឹកនាំ​យុវជន​របស់​ខ្ញុំ​បាន​មក​ចូលរួម​ក្នុង​ការរត់​ប្រណាំង​ហាក់​ដូច​ជា​មិន​គ្រប់គ្រាន់​ដើម្បី​ជួយ​ខ្ញុំ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ​ទេ ។ ខ្ញុំ​ត្រូវការ​ដឹង​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ ហើយ​ថា​ទីបន្ទាល់​ត្រូវ​មាន​ភាព​រឹងមាំ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ដំណឹង​ល្អ ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ​មរមន​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​រាល់​ពេល​ព្រឹក ។ នាឡិកា​រោទ៍​ម៉ោង ៦:០០ ព្រឹក ហើយ​​ខ្ញុំ​បាន​ងើប​ឡើង​ទៅ​អង្គុយ​លើ​កៅ​អី​វិល​នៅ​តុ​ក្នុង អ៊ិម.ធី.ស៊ី. ក្រោម​ពន្លឺ​អំពូល​ភ្លើង អាន និង​សិក្សា​ព្រះគម្ពីរ​មរមន ។ នៅ​ពេល​ខ្ញុំ​អាន​ដល់​ចុង​បញ្ចប់ ខ្ញុំ​អាន​ការសន្យា​ក្នុង​ព្រះគម្ពីរ​មរមន​នៅ​ក្នុង មរ៉ូណៃ ១០:៣–៥ ។ ខ្ញុំ​បាន​ស្គាល់​ខ​គម្ពីរ​នោះ​តាំង​ពី​ពេល​ខ្ញុំ​ជា​សិស្ស​រៀន​នៅ​ថ្នាក់​សិក្ខាសាលា​កាល​នៅ​ក្មេង​ម្ល៉េះ ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន ដើម្បី​សូម​ការបញ្ជាក់​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ទូល​សូម​ដល់​ព្រះអម្ចាស់ គ្មាន​អ្វី​បាន​កើត​ឡើង​នោះឡើយ ។ ខ្ញុំ​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​អង្គុយ​លើ​កៅអី​របស់​ខ្ញុំ​ម្តង​ទៀត ដោយ​ដឹង​ថា ខ្ញុំ​អាន​នៅ​សល់​តែ​ពីរ​សន្លឹក​ចុង​ក្រោយ​ទៀត​ប៉ុណ្ណោះ​នៃ​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យ៉ាង​ហោច​ណាស់​អាន​ឲ្យ​បាន​ចប់​សិន ។ ខ្ញុំ​បាន​អាន​ខគម្ពីរ​បី​ដង​នៅ​ក្នុង មរ៉ូណៃ ១០ គឺ មរ៉ូណៃ ១០:៣២ ខ្ញុំ​អាន​ខគម្ពីរ​នោះ​ថា ៖ « មែនហើយ ចូរ​មករក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក​ នោះ​នៅ​ក្នុង​ព្រះគុណ​របស់​ទ្រង់ នោះ​ព្រះគុណ— » ខ្ញុំ​មិន​អាច​អាន​បាន​ទេ ។ ខ្ញុំ​យំ ។ សុំទោស ។ « នោះ​ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយសារ​ព្រះគុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។ នៅ​ពេល​ខ្ញុំ​អាន​ខ​នោះ ពន្លឺ និង​ភាព​ច្បាស់លាស់​បាន​កើត​មាន​ដល់​ខ្ញុំ ។ ខ្ញុំ​មិន​អាច​បដិសេធ​វា​បាន​ទេ ។ វា​ពិត​បាន​លើកទឹកចិត្ត និង​មាន​ភាព​កក់ក្តៅ ហើយ​អារម្មណ៍​នោះ វា​បាន​ជ្រាប​ពេញ​ទាំង​ខ្លួន​ប្រាណ​របស់​ខ្ញុំ ។ រំពេច​នោះ ខ្ញុំ​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ហើយ​ថា គោលបំណង​របស់​ព្រះគម្ពីរ​នេះ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ។

មែន​ហើយ ខ្ញុំ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជា​មួយ​នឹង​សាក្សី​ដ៏​ពេញ​ដោយ​ព្រះចេស្តា​នេះ ។ ខ្ញុំ​បាន​បន្ត​មាន​នូវ​បទពិសោធន៏​ដែលជួយ​ស្ថាបនា​ទីបន្ទាល់​របស់ខ្ញុំ ប៉ុន្តែ​គ្មាន​អ្វី​បាន​ជ្រួតជ្រាប​ជ្រៅ​ដូច​នៅ​ព្រឹក​នោះ​ក្នុង អ៊ិម.ធី.ស៊ី. ​​នោះ​ឡើយ ។ បន្ទាប់​មក នៅ​យប់​ដែល​មាន​ភ្លៀង​ខ្លាំង​មួយ ខណៈ​ដែល​យើង​បាន​រៀបចំ​ចូល​គេង យើង​បាន​ឮ​សំឡេង​គោះ​ទ្វារ ។ យើង​បាន​សម្លឹង​មើល​គ្នា​ទៅវិញ​ទៅមក ។ កន្លែង​ស្នាក់​នៅ​របស់​យើង គឺ​នៅ​ខាង​ក្រោយ​ផ្ទះ​បេសកកម្ម ។ ជាមួយ​នឹង​ការភិតភ័យ​ថា​មាន​នរណា​ម្នាក់​មក​ផ្ទះ​របស់​យើង​ទាំង​យប់ជ្រៅដូច្នេះ ខ្ញុំ​បាន​ដើរ​ចេញ​ទៅ ហើយ​បាន​បើក​ទ្វារ​ឃើញ​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​នៅ​មុខ​ច្រក​ចូល កំពុង​ឈរ​ក្រោម​ភ្លៀង​ទទូរ​ឆ័ត្រ ។ គាត់​បាន​និយាយ​ថា « ហ្គីលប៊ឺត ឆូរ៉ូ អែលឌើរ ហ្គីលប៊ឺត ស្លៀកពាក់​មក ។ យើង​នឹង​ចេញ​ទៅ​មើល​អែលឌើរ ម៉ាតស៊ូ » ។ ឪពុក​របស់​អែលឌើរ ម៉ាតស៊ូ បានស្លាប់​ដោយ​សារ​ជំងឺ​មហារីក ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ដឹង​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​រថយន្ត​បេសកកម្ម ប្រធាន ម៉ាតស៊ូមូរី បាន​ងាក​មក​ខ្ញុំ ហើយ​បាន​ពន្យល់​ថា ម្តាយ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​នោះ ។ បន្ទាប់​មក​គាត់​បាន​និយាយ​ថា « សូម​អធិស្ឋាន​ឲ្យ​យើង​អាច​យល់ និង​ដឹង​នូវ​អ្វី​ដែល​យើង​អាច​លួងលោម​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះផង ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដ៏​លើសលប់ និង​ខ្វាយខ្វល់ ។ ខ្ញុំ​នៅ​តែ​អាច​ចងចាំ​ផ្លិត​កញ្ជក់​រថយន្ត​បាន​បក់ទៅ​បក់មក​ខណៈ​ដែល​យើង​បាន​បើក​រថយន្ត​ទៅ​យ៉ាង​ស្ងប់ស្ងាត់ ។ រំពេច​នោះ ព្រះវិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ពី អាលម៉ា ៧:១២ នៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ៖ « ហើយ​ទ្រង់​នឹង​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់​របស់​ពួក​គេ ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់ បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​[ តាម ]​ជំងឺ​របស់​គេ » ។ ខ្ញុំ​បាន​ដឹង​ថា ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​អនុញ្ញាត​ឲ្យ​យើង​យក​ឈ្នះ​លើ​អំពើ​បាប ។ ខ្ញុំ​បាន​ដឹង​ថា ព្រះគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​រស់​ឡើង​វិញ ហើយ​រស់​នៅ​ម្តង​ទៀត ។ ប៉ុន្តែ​នៅ​យប់​នោះ នៅ​លើ​ផ្លូវ​ល្បឿនលឿន អូសាកា ខ្ញុំ​បាន​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ក៏​អាច​លួងលោម​យើង​នៅ​ក្នុង​ការលំបាក ការឈឺចាប់ នៅ​ពេល​ជីវិត​ជួប​រឿង​អយុត្តិធម៌ ។ ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា តើ​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​ម្នាក់​នោះ​កំពុង​ប្រឈម​នឹង​អ្វី​ខ្លះ ប៉ុន្តែ​តាម​រយៈ​អព្ភូតហេតុ​នៃ​ដង្វាយ​ធួន គឺ​មាន​ព្រះ​មួយ​អង្គ​បានធ្វើ​ការណ៏​នោះ ។ នៅ​រាត្រី​នោះ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ខ្ញុំ​បាន​មួយ​ឆ្នាំ ព្រះវិញ្ញាណ​បាន​ធ្វើ​ជា​សាក្សី​ដ៏​មាន​ព្រះចេស្តា​ដល់​ខ្ញុំ​ម្តង​ទៀត​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ហើយ​គោលបំណង​របស់​គម្ពីរ​នេះ​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ។

ខ្ញុំ​បាន​ត្រឡប់​មក​ពី​បេសកកម្ម​របស់​ខ្ញុំ​វិញ ហើយ​បាន​រៀបការ​ជាមួយ​គ្រីស្ទីន នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ​សលត៍ លេក ។ យើង​បាន​ផ្លាស់​ទី​លំនៅ​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ក្រោយ​មក​ទៅ​ទីក្រុង​បូស្តុន ។ ខ្ញុំ​បាន​បន្ត​មាន​នូវ​ការបញ្ជាក់​អំពី​ទីបន្ទាល់​នោះ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត គ្មាន​អ្វី​បាន​ជ្រួតជ្រាប​ជ្រៅ​ដូច​នៅ​ព្រឹក​នោះ​ក្នុង អ៊ិម.ធី.ស៊ី. ឬ​នៅ​យប់​នោះ​នៅ​លើ​ផ្លូវ​ល្បឿនលឿន អូសាកា​នោះ​ឡើយ ។ បន្ទាប់​មក​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​ទទួល​នូវ​សាក្សី​ដ៏​អស្ចារ្យ​ពី​ព្រះវិញ្ញាណ​ដោយ​មិន​បាន​រំពឹង​ទុក ។ ខ្ញុំ​បាន​អាន​នៅ​ក្នុង​វគ្គ​មួយ​នៃ​ព្រះគម្ពីរ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បើក​ទៅ​វគ្គ​នោះ​ដើម្បី​ស្ថាបនា​ទី​បន្ទាល់​របស់​ពួកគេ​ឡើយ ។ គឺ​នៅ​ក្នុង អាលម៉ា ៣០ នៅ​ក្នុង​មេរៀន​មួយ​នៅឯ​ព្រះវិហារ ដែល​ខ្ញុំ​នឹង​ហៅ​ថា​ជា គោលលទ្ធិ​របស់​កូរីហូរ ជា​វគ្គ​ដែល​កូរីហូរ​បដិសេធ​ព្រះគ្រីស្ទ ព្យាយាម​លើកលែង​មនុស្ស​ពី​ការទទួល​ខុសត្រូវ​សម្រាប់​ជម្រើស​របស់​ពួកគេ ដោយ​ប្រកាស​ថា យើង​អាច​បាន​សង្គ្រោះ​តាម​រយៈ​ការឈ្លាសវៃ​របស់​យើង ។ គាត់​ពឹងផ្អែក​លើ​អ្វី​ដែល​សព្វថ្ងៃ​នេះ​យើង​អាច​ហៅ​ថា ជា​ទំនៀមទម្លាប់​សីលធម៌ ។ កូរីហូរ​ក៏​បានមើល​ស្រាល​ដល់​ជំនឿ​របស់​អ្នក​ដទៃ​យ៉ាង​ខ្លាំង​ថា ជា​សណ្ដាប់​ដ៏​ឆ្កួត​លីលា​ទាំង​ឡាយ​របស់​ពួក​អយ្យកោ​គេ ។ នៅ​ពេល​គ្រូ​បង្រៀន​សាលា​ថ្ងៃ​អាទិត្យ​បង្រៀន​តាម​មេរៀន ខ្ញុំ​បាន​ចាប់ផ្តើម​សញ្ជឹង​គិត​ថា ប្រសិន​បើ យ៉ូសែប ស្ម៊ីធ បាន​បង្កើត​ព្រះគម្ពីរ​មរមន​ដោយ​ខ្លួន​ឯង​ផ្ទាល់​មែន កូរីហូរ​គឺ​ជា​តួរ​អង្គ​ដ៏​ចម្លែក​ម្នាក់​ដែល​ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​សាច់រឿង​នេះ ។ យ៉ូសែប​បាន​រស់​នៅ​ក្នុង​យុគសម័យ​ដែល​មាន​ភាពក្លៀវក្លា​ខាង​សាសនា ដែល​មនុស្ស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ គាត់​ទំនង​ជា​មិន​ដែល​បាន​ជួប​អ្នក​ណា​ម្នាក់ ដែល​មាន​ការតស៊ូ​មតិ​យ៉ាង​អង់អាច​ក្នុង​ការប្រឆាំង​នឹង​គោលលទ្ធិ​ព្រះគ្រីស្ទ ដូច​ជា​កូរីហូរឡើយ ឬ​ខ្ញុំ​គួរ​បន្ថែម​នីហូរ ឬ​សេរេម ទាំងអស់​គ្នា​គឺ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន។ ប៉ុន្តែ​យើង​ដឹង​ថា ព្រះគម្ពីរ​មរមន​បាន​ចងក្រង​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។ ខ្ញុំ​ស្គាល់​នូវ​ការប្រកែក​វែកញែក​ទាំងនេះ ពី​មនុស្ស​ដែល​ខ្ញុំ​បាន​ជួប​ជា​ញឹកញាប់ ​កាល​នៅ​សិក្សាក្នុង​ទីក្រុង​ខេមព្រីដច៍ រដ្ឋម៉ាស្សាឈូសេត ។ នៅ​ពេល​ខ្ញុំ​អង្គុយ​ជញ្ជឹង​គិត​ពី​ភាព​ខុស​ប្រក្រតី​នេះ នៅ​ក្នុង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ ដោយ​មាន​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ​អំពី​ព្រះគម្ពីរ​មរមន​រួច​ហើយ នោះ​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា « ក្លាក ព្រះគម្ពីរ​មរមន​គឺ​ពិត ហើយ​គោលបំណង​របស់​ព្រះគម្ពីរ​នេះ គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូ​គឺ​ជា​ព្រះគ្រីស្ទ » ។

បទពិសោធន៍​ទាំង​នេះ​បាន​បន្ត​មាន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។ មាន​ពេល​មួយ​ដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អំពី​ពួក​យុវជន​របស់​ខ្ញុំ​នៅ​ក្នុង​ទី​ក្រុង​ក្រីក្រ​នៅ​បូស្តុន ។ នៅ​ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​នៅ​ក្នុង ម៉ូសាយ ៣:១៧ ព្រះវិញ្ញាណ​បាន​បង្រៀន​ខ្ញុំ​ថា មាន​របៀប​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​ជួយ​ដល់​ពួក​យុវជន​ទាំង​នេះ​ចេញ​ពី​កាលៈទេសៈ​របស់​ពួកគេ​បាន​គឺ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។ មាន​ពេល​មួយ​ ខ្ញុំ​កំពុង​សិក្សា​ អាលម៉ា ៣៦ និង​កំពុង​រៀន​អំពី​ឃ្លា​ដដែលៗ​ដែល​មាន​នៅ​ពេញ​ក្នុង​ជំពូក​ទាំង​មូល ជាមួយ​នឹង​លទ្ធផល​ដ៏​សំខាន់​នោះ គឺ​ការប្រោសលោះ អាលម៉ា ជា​កូន ។ គួរ​ឲ្យ​កត់​សម្គាល់​ថា វា​ហាក់​ដូច​ជា​រាល់​ពេល​ដែល​ខ្ញុំ​មាន​សាក្សី​មួយ​អំពី​ព្រះគម្ពីរ​មរមន វា​កើត​ឡើង​ជា​សាក្សី​ដៃគូ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការណ៍​នេះ​បាន​កើត​ឡើង​ម្តង​ទៀត​នៅ​ក្នុងសន្និសីទ​ទូទៅ សម័យ​ប្រជុំ​ស្ត្រី ខែ​តុលា ឆ្នាំ​២០១៨ ។ ប្រធាន ណិលសុន បាន​ផ្តល់​នូវ​ការអញ្ជើញ​មួយ​នៅ​ក្នុង​សម័យ​ប្រជុំ​នោះ​ទៅ​កាន់​បងប្អូន​ស្ត្រី​នៃ​សាសនា​ចក្រ ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់​ត្រឹម​បំណាច់​ឆ្នាំ​នោះ ដោយ​មាន​សេចក្តី​យោង​បន្ថែម​មួយ ដើម្បី​គូស​ចំណាំ​រាល់ការ​លើក​ឡើង​អំពី​ព្រះអង្គ​សង្រ្គោះ រាល់​ខ​យោង​អំពី​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ដោយ​ចង់​ជួយ​គាំទ្រ​ដល់​ភរិយា និង​កូនៗ​ទាំង​ប្រាំមួយ​របស់​ខ្ញុំ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ការអញ្ជើញ​នោះ​ជាមួយ​ពួកគេ ។ ខ្ញុំ​ទើប​តែ​ទទួល​បាន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​នេះ ។ វា​គឺ​ជា​ព្រះគម្ពីរ​មរមន​ថ្មី​មួយ​ក្បាល ។ ខ្ញុំ​បាន​គូស​ចំណាំ​រាល់​សេចក្តី​យោង​ទាំងអស់​អំពី​ព្រះអង្គ​សង្រ្គោះ​ក្នុង​គម្ពីរ​នេះ ។ សេចក្តី​យោង​ដែល​បាន​គូស​ដោយ​ខ្មៅដៃ​ពណ៌​ក្រហម​ពី​ទំព័រ​មួយ​ទៅ​ទំព័រ​មួយ​ទៀត គឺ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​អាយុ ៤៨ ឆ្នាំ​ជាមួយ​នឹង​ទីបន្ទាល់​ដ៏​រឹងមាំ​ដែល​មាន​រួច​ហើយ​អំពី​ព្រះគម្ពីរ​មរមន និង​អំពី​ព្រះអង្គសង្រ្គោះ ជាថ្មី​ម្តង​ទៀត ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​ដល់​ខ្ញុំ​ថា ចំណុច​សំខាន់​ដែល​ខ្ញុំ​អាន​រាល់​ពេល​ព្រឹក​ក្នុង​ទំព័រ​នៃ​ព្រះគម្ពីរ​នេះ​គឺ « ក្លាក ព្រះគម្ពីរ​នេះ​ពិត ហើយ​គោល​បំណង​របស់​ព្រះគម្ពីរ​នេះ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ » ។

ត្រឡប់​ទៅ​កាន់​សារ​របស់​ប្រធាន ណិលសុន និង​ការដកស្រង់​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​មុន​នេះ​វិញ ៖ « ខ្ញុំ​សូម​អង្វរ​ក្មួយៗ​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ក្មួយៗ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ ហើយ​ក្រោយ​មក​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ទីបន្ទាល់​របស់​ក្មួយៗ​មាន​ភាពសោះ​កក្រោះ​នោះ​ឡើយ ។ … ពេល​ក្មួយៗ​ដាក់​ទីបន្ទាល់​របស់​ក្មួយៗ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​ក្មួយ សូម​ចាំមើល​ពី​អព្ភូតហេតុ​កើតឡើង​នៅក្នុង​ជីវិត​របស់​ក្មួយៗ » ។ ខ្ញុំ​សូម​បញ្ជាក់​ចំពោះ​អព្ភូតហេតុ​ទាំង​នោះ ។ ខ្ញុំ​បាន​ទទួល​ពរជ័យ​តាម​របៀប​ជា​ច្រើន ដោយសារ​ខ្ញុំ​បាន​ទុក​ទីបន្ទាល់​របស់​ខ្ញុំ​ជា​អាទិភាព​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។

បងប្អូន​ប្រុសស្រី ក្នុង​នាម​ជា​អ្នក​អប់រំ​ខាង​សាសនា យើង​ត្រូវតែ​ជួយ​សិស្ស​របស់​យើង​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ ។ ខ្ញុំ​សូម​ផ្តោត​លើ​វិធី​ប្រាំ​យ៉ាង ដែល​យើង​អាច​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ ។ ទីមួយ សូម​ជួយ​ពួកគេ​រៀន​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ ។ ទីពីរ បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ ជា​ពិសេស​អ្នក​ទាំង​នោះ​ដែល​មាន​ការលំបាក ។ ទីបី ចូរ​សួរ​សំណួរ​ដោយ​នូវ​សេចក្ដី​ជំនឿ។ ទីបួន ស្វែង​រក​ប្រភព​ដែល​មាន​សេចក្តីពិត​ពេញ​លេញ ។ ហើយ​ទី​ប្រាំ ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ ។

ទីមួយ យើង​ត្រូវ​តែ​បង្រៀន​សិស្ស​ថា ការសាង​ទីបន្ទាល់​គឺជា​ទង្វើ​ដោយ​ចេតនា​នៃ​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ ស៊ី អេស លូវិស ឧស្សាហ៍​យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​មួយ​ថា « ការធ្វើ​អ្វី​មួយ​ដោយ​ប្រុងប្រយ័ត្ន និង​ត្រឹមត្រូវ​នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​វិធីសាស្ត្រ​លឿន​បំផុត និង​មាន​ប្រសិទ្ធភាព​បំផុត » ។ វា​ត្រូវ​ការខិតខំ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ និង​ភាព​ជា​សិស្ស ។ វា​ជា​សកម្មភាព​ដែល​មាន​គោលបំណង ។ អាលម៉ា​បង្រៀន​ថា ការស្ថាបនា​ទីបន្ទាល់​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​របស់​យើង​ដ៏​ពេញលេញ ៖ « ប៉ុន្តែ​មើល​ចុះ បើសិន​ជា​អ្នក​រាល់​គ្នា​ចង់​ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថភាព​ទាំងឡាយ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ការពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ » ។

គោលការណ៍​ទី​ពីរ ដែល​យើង​អាច​បង្រៀន​ក្នុង​ការជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ គឺ​ការធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ ប្រហែល​ជា​ពិសេស​សម្រាប់​អ្នក​ទាំង​នោះ ដែល​មាន​ការលំបាក ។ មនុស្ស​ជំនាន់​នេះ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​មិត្ត​របស់​ពួកគេ និង​អ្នក​ទាំងឡាយ​ដែល​ប្រឈម​នឹង​ការលំបាក​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ប្រធាន ណិលសុន បង្រៀន​ពួកយើង​កុំ​ឲ្យ​កាត់សេចក្តី​ដល់​អ្នក​ទាំង​នោះ​ដែល​មាន​ការលំបាក ។

« បើ​មាន​មិត្តភក្ដិ និង​គ្រួសារ​បាន​ដើរចេញ​ពី​សាសនាចក្រ សូម​បន្ត​ស្រឡាញ់​ពួកគេ ។ ពេល​ក្មួយៗ​កាត់​សេចក្ដី​ដល់​ការជ្រើសរើស​របស់​មនុស្ស​ម្នាក់ នោះ​វា​ដូចគ្នា​នឹង​កាល​ដែល​ក្មួយៗ​ត្រូវ​គេ​រិះគន់​ចំពោះ​ការបន្ត​នៅ​ស្មោះត្រង់​ដូច្នោះ​ដែរ ។

ឥឡូវនេះ សូមស្ដាប់​ខ្ញុំ ពេល​ខ្ញុំ​និយាយថា សូម​កុំ​វង្វេង​​ចេញ ដោយ​សារតែការ​សង្ស័យ​របស់​មនុស្ស​ ដែលមាននូវ​រឿង​ដែល ក្មួយ​​មើលពុំ​ឃើញ នៅក្នុង​ជីវិត​របស់​ពួកគេ​ឡើយ » ។

ការមិនជឿ និង​ការសង្ស័យ​អាច​ជា​ការរីក​សុះសាយ​មួយ​ដ៏​លឿន ប៉ុន្តែ​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​ក៏​ដូច្នោះ​ដែរ ។ ប្រធាន ណិលសុន បាន​បន្ដ ៖

« លើសពី​នេះ​ទៀត ចូរ​ឲ្យ​មិត្ត​របស់​ក្មួយ​ដែល​មាន​ការ​សង្ស័យ​មើល​ឃើញ​ថា ក្មួយៗ ស្រឡាញ់​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់​ខ្លាំង​ប៉ុនណា ។ ចូរ​ធ្វើ​ឲ្យ​ដួងចិត្ត​ដែល​សង្ស័យ​របស់​ពួកគេ ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ដួងចិត្ត​ជឿជាក់​របស់​ក្មួយៗ !

« ពេល​ក្មួយៗ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​វា​លូតលាស់ នោះ​ក្មួយៗ​នឹង​ក្លាយ​ជា​ឧបករណ៍​កាន់តែ​មាន​តម្លៃ​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ » ។

នេះ​ជា​ចំណុច​ចុង​ក្រោយ—ការបង្រៀន​សិស្ស​របស់​ពួកយើង​ឲ្យ​ក្លាយ​ទៅ​ជា​ឧបករណ៍ និង​ជា​ធនធាន​មួយ​សម្រាប់​ព្រះអម្ចាស់—ជា​កន្លែង​ដែល​ខ្ញុំ​គិត​ថា យើង​មាន​ឱកាស​បែប​នេះ ដើម្បី​ជួយ​យុវមជ្ឈិមវ័យ​ជាមួយ​នឹង​ទីបន្ទាល់​របស់​ពួកគេ ។ សូម​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​ជា​ពន្លឺ ។ សូម​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​ជា​មិត្ត​ម្នាក់ ។ សូម​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​ជា​ធនធាន​មួយ​សម្រាប់​អ្នក​ដទៃ ។ ហើយ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បាន​រក​ឃើញ​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅ​ឡើយ សូម​បង្រៀន​ពួកគេ​ឲ្យ​ចេញ​ទៅ​ធ្វើ​ការបម្រើ​ដល់​អ្នក​ដទៃ ។ មាន​ទីបន្ទាល់​ជា​ច្រើន​បាន​កើត​ឡើង​តាមរយៈ​សកម្មភាព​នៃ​ការបម្រើ​ដល់​អ្នក​ដទៃ ។ សាក្សី​របស់​ខ្ញុំ​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បូស្តុន ម៉ាស្សាឈូសេត ថា ព្រះគ្រីស្ទ គឺ​ជា​ចម្លើយ​សម្រាប់​យុវវ័យ​របស់​ខ្ញុំ នោះ​គឺ​ដោយសារ​ខ្ញុំ​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ដឹង​ដើម្បី​ជួយ ។ សូម​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ធ្វើ​ជា​ពន្លឺ ហើយ​ទី​បន្ទាល់​របស់​ពួកគេ​នឹង​រីកចម្រើន ។

ជា​ការពិតណាស់ យើង​បង្រៀន​ថា វា​មិន​អី​ទេ​ដើម្បី​មាន​សំណួរ ។ នៅ​ល្ងាច​នេះ អែលឌើរ រិនឡាន់ នឹង​និយាយ​បន្ថែម​បន្តិច​ទៀត​អំពី​រឿង​នេះ ។ ប្រធាន ណិលសុន បាន​ពន្យល់​ថា « បើ​ក្មួយមាន​សំណួរ—ខ្ញុំ​សង្ឃឹមថា​ក្មួយ​នឹង​មាន—សូម​ស្វែងរក​ចម្លើយ​ដោយមាន​បំណងប្រាថ្នា​ដ៏ក្លៀវក្លា​ដើម្បី​ជឿ » ។ ប៉ុន្តែ​នៅ​ពេល​ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ចង្អុល​បង្ហាញ​ថា « ជួនកាល​យើង​ធ្វើ​ដូច​ជា ការប្រកាស​ដ៏​ស្មោះត្រង់​ពី​ការសង្ស័យ គឺជា​ការបង្ហាញ​ពី​ក្ដី​ក្លាហាន​ខាង​សីលធម៌​ដែល​ខ្ពង់ខ្ពស់​ជាង​ការប្រកាស​ដ៏​ស្មោះត្រង់​ពី​ជំនឿ​អញ្ចឹង ។ វា​មិន​ដូច្នោះ​ទេ ! » នៅ​ពេល​ដែល​ឪពុក​របស់​ក្មេង​ដែល​មាន​ជំងឺ​នោះ​បាន​អង្វរ​ព្រះអម្ចាស់​ថា « ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » គាត់​កំពុង​ចាប់​ផ្តើម​ពី​ចំណុច​មួយ​នៃ​ការជឿ ។ គាត់​បាន​រៀន​ក្នុង​នាម​ជា​ក្មេង​ជំទង់​ម្នាក់—ឬ​ខ្ញុំ​បាន​រៀន​ក្នុង​នាម​ជា​ក្មេង​ជំទង់​ម្នាក់ នៅ​ពេល​ខ្ញុំ​បាន​នាំ​យក​នូវ​ចំណោទ​អំពី​សេចក្តី​ជំនឿ​ទៅ​កាន់​ប៉ា​របស់​ខ្ញុំ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ឆ្លាត ដែល​ខ្ញុំ​បាន​លើក​យក​អ្វី​មួយ​មក​ដែល​គាត់​មិន​ដែល​បាន​គិត​ដល់​នោះ ។ នៅ​អាយុ ១៥ ឆ្នាំ ខ្ញុំ​ឆ្លាត​ជាង​ប៉ា​របស់​ខ្ញុំ ដែល​ជា​អ្នក​តែងតែ​ឈ្នះ​រាល់​ការវែកញែក​នីមួយៗ ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​មាន​សំណួរ​ស្មុគស្មាញ​មួយ​សម្រាប់​គាត់ ។ ជាជាង​ឆ្លើយ​នឹង​សំណួរ​របស់​ខ្ញុំ គាត់​បាន​តប​មក​វិញ​យ៉ាង​សាមញ្ញ​ថា ៖ « ក្លាក ប៉ា​ក៏​ធ្លាប់​មាន​សំណួរ​នោះ​ពី​មុន​មក​ដែរ ។ នៅ​ក្នុង​ជីវិត​ប៉ា ប៉ា​មាន​សំណួរ​ពីរ​ប្រភេទ ៖ ប្រភេទទី​មួយ ប៉ា​ដឹង ហើយ​ប្រភេទ​មួយ​ទៀត ហាក់​ដូច​ជា​ពិបាក​ដើម្បី​ដឹង ។ យូរៗ​ទៅ ប៉ា​បាន​ឃើញ​ថា ប្រភេទ​ដែល​ប៉ា​ដឹង​ចេះ​តែ​បន្ត​កើន​ឡើង ហើយ​ប្រភេទ​ដែល​ប៉ា​មិន​ដឹង បន្ត​ថយ​ចុះ » ។

ប្រសិន​បើ​បងប្អូន​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​នឹង​សេចក្តី​ជំនឿ ខ្ញុំ​សន្យា​ថា រឿង​នេះ​នឹង​កើត​ឡើង ។ វា​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចោទ​សំណួរ និង​កង្វល់​ដែល​មនុស្ស​មាន​នោះ​ទេ ប៉ុន្តែ​យើង​ជួយ​ពួកគេ​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា អែលឌើរ ឡារី ខូប៊្រីតហ្គ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ប៊ី.វាយ.យូ. នៅ​ពេល​គាត់​បាន​និយាយ​ទៅ​កាន់​សិស្ស​នៅ​ក្នុង​សាលា​នេះ ឲ្យ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំណួរ​សំខាន់ៗ និង​ទុក​ឲ្យ​សំណួរ​មិន​សូវ​សំខាន់​ដោះស្រាយ​ទៅ​តាម​ពេល​វេលា ។ ប្រធាន ណិលសុន បាន​រំឭក​យើង​ម្តងហើយ​ម្តងទៀត​ថា ការសាង​ទីបន្ទាល់​មួយ​ក៏​គួរ​តែ​រួម​បញ្ចូល​ការ​សម្លឹង​មើល​ប្រភព​ដែល​ពោរពេញ​ដោយ​សេចក្តីពិត ។ « ចិញ្ចឹម​[ ទីបន្ទាល់​របស់​ក្មួយៗ ] ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ ហើយ​ក្រោយ​មក​ងឿងឆ្ងល់​ថាហេតុអ្វី​បានជា​ទីបន្ទាល់​របស់​ក្មួយៗ​មាន​ភាពសោះ​កក្រោះ​នោះឡើយ » ។ យុវមជ្ឈិមវ័យ​មួយ​ចំនួន​មាន​អារម្មណ៍​ថា វីធី​តែ​មួយ​គត់​ដើម្បី​មាន​សេចក្តី​ជំនឿ​ដ៏​រឹងមាំ​គឺ​ការងាក​ទៅ​រក​អ្នក​រិះគន់ និង​សត្រូវ​របស់​សាសនាចក្រ​យើង ។ តាម​វិធី​ណា​មួយ​នោះ វា​នឹង​ធ្វើ​ឲ្យ​ទី​បន្ទាល់​កាន់​តែ​រឹងមាំ ។ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ យើង​គួរ​ជួយ​សិស្ស​របស់​យើង​សម្លឹង​មើល​ទៅ​គោលបំណង​ពិត​របស់​អ្នករិះគន់​ទាំង​នោះ ។ កូរីហូរ នីហូរ និង​សេរេម មិន​បាន​ព្យាយាម​ដើម្បី​ស្អាង​ពួក​អ្នក​ដើរតាម​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​គឺ​គ្រាន់​តែ​ព្យាយាម​ដើម្បី​ការពារ​ជម្រើស​ដ៏​ខុសឆ្គង​របស់​ពួកគេ​តែ​ប៉ុណ្ណោះ ហើយ​តស៊ូ​សម្រាប់​តែ​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​គេ ។ សូម​បង្រៀន​សិស្ស​របស់​បងប្អូន​ថា « ​ប្រភព​មួយ​ចំនួន​អាច​ត្រូវបាន​គេ​វាយតម្លៃ​ថា បណ្តាល​ឲ្យ​មាន​ការមិន​ទុក​ចិត្ត ការភ័យ​ខ្លាច និង​ការសង្ស័យ » ។ សូម​ជួយ​ពួកគេ​ឲ្យ​សម្លឹង​ទៅ​ព្យាការី​ដែល​នៅ​រស់ ព្រះគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​ដែល​ទុកចិត្ត ។

ប្រភព​ដ៏​សំខាន់​មួយ​ដែល​ពេញ​ដោយ​សេចក្ដីពិត​ដែល​យើង​អាច​ងាក​ទៅ​រក​គឺ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​បង្រៀន​សិស្ស​ឲ្យ​យល់​ពី​អារម្មណ៍​របស់​ពួកគេ​នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​វត្តមាន ហើយ​ដឹង​នៅ​ពេល​ព្រះវិញ្ញាណ​ចាកចេញ ពេល​ដែល​សេចក្តី​ពិត​ត្រូវ​បាន​បង្ហាញ​ដោយ​មិន​ត្រឹមត្រូវ ។ ថ្មីៗ​នេះ ខ្ញុំ​មាន​បទ​ពិសោធន៍​មួយ​ដែល​មិន​អាច​ភ្លេច​បាន អំពី​ប្រធាន​បទ​នេះ​នៅ​ក្នុង​សម័យ​ប្រជុំ សំណួរ និង​ចម្លើយ នៅ ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ ជាមួយ​ប្រធាន ហែនរី ប៊ី អាវរិង និង​ប្រធាន គឺនី កៅវ៉េ ។ សិស្ស​ម្នាក់​បាន​សួរ​យើង​តើ​នៅ​ទីណា​ដែល​ពួកគេ​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​ពួកគេ ។ ការដក​ស្រង់​សុន្ទរកថា​របស់​ប្រធាន ណិលសុន « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ប្រធាន អាវរិង បាន​សុំ​ខ្ញុំ​ឲ្យ​ឆ្លើយ​សំណួរ​របស់​សិស្ស​ម្នាក់​នោះ ។ នេះ​គឺ​ជា​សំណួរ​ដែល​ខ្ញុំ​បាន​ឆ្លើយ​រាប់រយ​ដង​ក្នុង​នាម​ជា​ប្រធាន ប៊ី.វ៉ាយ.យូ.–អៃដាហូ ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា សិស្ស​ត្រូវការ​ព្រះវិញ្ញាណ​នៅ​ពេល​ពួកគេ​ធ្វើ​ការសម្រេច​ចិត្តអំពី​អ្វី​ដែល​ត្រូវ​សិក្សា ដើរ​លេង​ជា​គូ​ជាមួយ​នរណា រស់​នៅ​កន្លែង​ណា គួរធ្វើការ​អ្វី និង​មាន​ជម្រើស​ជា​ច្រើន​ទៀត​សម្រាប់​ជីវិត​ដែល​នឹង​កើត​មាន​សម្រាប់​យុវមជ្ឈិមវ័យ​របស់​យើង ។ បន្ទាប់​មក ប្រធាន អាវរិង បាន​សុំ​ឲ្យ​សិស្ស​នោះ​អាន​សុន្ទរកថា​ប្រធាន ណិលសុន ឡើង​វិញ ។ នៅ​លើក​នេះ គាត់​បាន​ផ្អាក​ត្រឹម​ពាក្យ​ថា រស់រាន ។ ប្រធាន អាវរិង បាន​បញ្ជាក់ថា ព្យាការី​បាន​ប្រើ​ពាក្យ រស់រាន ដោយ​ចេតនា ។ លោក​បាន​ពន្យល់​ថា ពួក​សិស្ស​កំពុង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​មារសត្រូវ​បំភាន់​សេចក្តី​ពិត​ដ៏​មាន​ប្រសិទ្ធភាព​ណាស់ ប្រសិន​បើ​ពួកគេ​មិនមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បាន​បោក​បញ្ឆោត​អំពី​ការពិត​នៃ​ដំណឹងល្អ​ដ៏​សំខាន់​បំផុត ។ នៅ​ក្នុង​សុន្ទរកថា​របស់​លោក « គិត​ដល់​សេឡេស្ទាល ! » ប្រធាន ណិលសុន ប្រកាស​ថា ៖ « ការបោក​បញ្ឆោត​របស់​មារសត្រូវ​គ្មាន​ទីបញ្ចប់​ឡើយ ។ សូម​រៀបចំ​ខ្លួន ។ សូម​កុំ​ស្តាប់​ដំបូន្មាន​របស់​អ្នក​ដែល​គ្មាន​ជំនឿ ។ សូម​ស្វែងរក​ការណែនាំ​ពី​សំឡេង​ដែល​បងប្អូន​អាច​ទុកចិត្ត—ពី​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ និង​ពី​ការខ្សឹប​ប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

បងប្អូន​ប្រុស​ស្រី ចូរ​យើង​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ ។ សូមបង្រៀន​ពួកគេ ឲ្យ​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ មាន​វា​ផ្ទាល់​ខ្លួន ខ្វល់ខ្វាយ​ពី​វា ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ សម្រាប់​គោលបំណង​នេះ សូម​ពួក​យើង​បង្រៀន​ពួកគេ​ឲ្យ​អនុវត្ត​សិទ្ធិជ្រើសរើស ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ សួរ​សំណួរ​ដោយ​នូវ​សេចក្តី​ជំនឿ រក​មើល​ប្រភព​ដែល​ពោរពេញ​ដោយ​សេចក្តីពិត ហើយ​រៀន​ដើម្បី​ពឹង​ផ្អែក​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សេចក្តី​ណែនាំ​អំពី​ការពង្រឹង​ការអប់រំ​ខាង​សាសនា​ផ្តល់​ឲ្យ​យើង​នូវ​ការទទួល​ខុសត្រូវ​ដើម្បី​ធ្វើ​រឿង​នេះ​ដោយ​ភាព​ជឿជាក់ ។ ការប្រឹងប្រែង​របស់​បងប្អូន​ពិត​ជា​ជួយ​បាន ។ សូម​កុំ​ជឿ​ការនិទាន​រឿង​ពី​ខាង​ក្រៅ ។ យុវមជ្ឈិមវ័យ​កំពុង​មក​រៀន​ថ្នាក់​វិទ្យាស្ថាន​នៅ​កម្រិត​ខ្ពស់​បំផុត ។ យុវមជ្ឈិមវ័យ​កំពុង​មក​រៀន​សាលា​សាសនាចក្រ​នៅ​កម្រិត​ខ្ពស់​បំផុត ។ មាន​ការកើន​ឡើង​នៃ​សេចក្តី​ជំនឿ​នៅ​ទូទាំង​សាសនាចក្រ សូម្បី​តែ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ទាំង​នេះ​ក៏​ដោយ ។ សិស្ស​របស់​យើង​កំពុង​រៀន​ដើម្បី​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ពួកគេ ហើយ​ពួកគេ​កំពុង​ខិត​កាន់តែ​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​មាន​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ខ្ញុំ​ដឹងថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គោលបំណង​របស់​ព្រះគម្ពីរ​មរមន​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ សូម​យើង​អញ្ជើញ​សិស្ស​របស់​យើង​ឲ្យ​ស្វែងរក​ការពិត​ដូចគ្នា​នេះ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។