ឆ្នាំ ២០១០-២០១៩
«ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ»
ខែ មេសា 2013


14:43

« ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ »

ចូរទទួល​ស្គាល់​​សំណួរ និង កង្វល់​របស់​អ្នក​ដោយ​ស្មោះត្រង់ តែ​ដំបូង ត្រូវ​ពង្រឹង​ជំនឿ​តិចតួច​ដែល​អ្នក​មាន​សិន ព្រោះ​ការណ៍​ទាំងអស់​អាច​កើតឡើង​បាន​ដល់​ពួកអ្នក​ដែល​ជឿ ។

មាន​គ្រា​មួយ ព្រះយេស៊ូវ​បានយាង​មក​ជួប​នឹង​មនុស្ស​​មួយ​ក្រុម កំពុង​ដេញដោល​ដោយ​កំហឹង​ជាមួយ​ពួក​សិស្ស​ទ្រង់ ។ ពេល​ព្រះអង្គ​សង្គ្រោះ​សួរពី​ហេតុ​នៃ​ជម្លោះ មាន​ឪពុក​កុមារ​ប្រកាច់​ម្នាក់ បាន​ឈាន​ទៅមុខ ដោយ​និយាយ​ថា គាត់​បាន​មកជួប​សិស្ស​របស់​ព្រះយេស៊ូវ ដើម្បី​បាន​ការប្រសិទ្ធពរ​មួយ​សម្រាប់​កូន​គាត់ តែ​ពួកគេ​ពុំ​អាច​ប្រសិទ្ធពរ​បាន​ទេ ។ ទាំង​កូនប្រុស​នៅ​សង្កៀត​ធ្មេញ បែក​ពពុះ​មាត់ និង ប្រកាច់​នៅ​លើ​ដីពីមុខពួកគេ​នៅឡើយ នោះ​ឪពុក​បាន​អំពាវនាវ​ដល់​ព្រះយេស៊ូវ ដោយ​បន្លឺ​សម្លេង​ដ៏​អស់សង្ឃឹម​ចុងក្រោយ​របស់​គាត់​ថា ៖

« បើ​លោក​អាច​នឹង​ជួយ​បាន​ [ឪពុក​បាននិយាយ]​ នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង ។

« ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ ។

« ស្រាប់តែ​ឪពុក​របស់​កូន​នោះ​ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹកភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។ 1

ដោយ​ការព្រម​ទទួល​របស់​គាត់ ការជឿជាក់​ដំបូង​របស់​បុរស​នេះ គឺ​នៅ​មាន​កម្រិត ។ តែ​គាត់​មាន​អាសន្ន ដើម្បី​ជួយ​កូន​គាត់​ឲ្យ​​តែ​បាន ។ យើង​ត្រូវបាន​ប្រាប់​ថា វា​ល្អ​គ្រប់គ្រាន់​ហើយ​សម្រាប់​ការចាប់​ផ្ដើម ។ អាលម៉ា​ ប្រកាស​ថា « បើសិន​ជា​អ្នក​រាល់គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ​ក្រៅ​ពី​ការចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​ជឿ » ។2 ដោយ​គ្មាន​សង្ឃឹម​ណា​ផ្សេងទៀត នោះ​ឪពុក​រូបនេះ​អះអាង​ពី​ជំនឿ​ដែល​គាត់​មាន ហើយ​អង្វរ​ដល់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ថា « បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​​ជួយ​យើង​ខ្ញុំ​ផង » ។3 ខ្ញុំ​ពិបាក​នឹង​អាន​ពាក្យ​នោះ​ដោយ​មិន​យំ​ណាស់ ។ សព្វនាម​ពហុវចនៈ យើងខ្ញុំត្រូវបាន​ប្រើ​ដោយ​ចេតនា​យ៉ាង​ជាក់ស្ដែង ។ បុរស​នេះ​កំពុង​និយាយ​ការពិត​ថា « គ្រួសារ​យើង​ទាំងមូល​កំពុង​អង្វរ ។ ការពិបាក​របស់​យើង​មិន​ដែល​ចប់​ឡើយ ។ ​យើង​នឿយ​ហត់​ណាស់ ។ កូន​ប្រុស​របស់​យើង​ធ្លាក់​ក្នុងទឹក ។ គាត់​ធ្លាក់​ក្នុង​ភ្លើង ។ គាត់​បន្ដ​ធ្លាក់​ក្នុង​គ្រោះ​ថ្នាក់ ហើយ​យើង​បន្ដ​ភ័យ​ខ្លាច ។ យើង​គ្មាន​សង្ឃឹម​ទេ ។ យើង​ពុំ​ដឹង​នឹង​ទៅ​រក​អ្នកណា​ទេ ។ តើ​លោក​អាច​ជួយ​យើងទេ ? យើង​នឹង​មាន​អំណរគុណ​សម្រាប់​អ្វី​ក៏​ដោយ—ជា​ពរជ័យ​មួយ​ផ្នែក ជា​សង្ឃឹម​បន្ដិច​បន្ដួច ជា​ការលើក​បន្ដិច​នូវ​បន្ទុក​ដែល​ម្ដាយ​កូន​នេះ​រែក​រាល់ថ្ងៃ​ក្នុង​ជីវិត​គាត់ » ។

ឪពុក​នោះ​និយាយ​ថា « បើ​លោក​​អាច​នឹង​​ជួយ​បាន​ » នោះ​លោក​ម្ចាស់​មាន​បន្ទូល​តប​វិញ​ថា « បើ​​អាច​នឹង​​ជឿ​​បាន ​» ។ 4

« ស្រាប់តែ » ដែល​ក្នុង​គម្ពីរ​បាន​ថា—គឺ​មិន​​យឺតយ៉ាវ មិន​សង្ស័យ មិន​អៀនខ្មាស់​ទេ តែ « ភ្លាមៗ »—ឪពុក​ស្រែកយំ​បង្ហាញ​ពី​ការឈឺចាប់​របស់​គាត់​ថា « ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។ ក្នុង​ការឆ្លើយតប​ដល់​ជំនឿ​ថ្មី និង នៅ​ខ្វះ​ចន្លោះ​នោះ ព្រះយេស៊ូវ ​ព្យាបាល​កូនប្រុស​នោះ ដោយ​លើក​ពី​ស្លាប់​ឲ្យ​រស់​ឡើង​វិញដូច ​ម៉ាកុស ​ពណ៌នាអំ​ពី​ហេតុការណ៍​នោះ ។5

ដោយ​ពិចារណា​ពី​កំណត់ត្រា​ដ៏​ទន់ភ្លន់​ក្នុង​គម្ពីរ​នេះ ខ្ញុំ​ចង់​និយាយ​ដោយ​ផ្ទាល់​ទៅ​មនុស្ស​វ័យ​ក្មេង​ក្នុង​សាសនាចក្រ—ក្មេង​ដោយ​អាយុ ឬ ក្មេង​ក្នុង​ភាព​ជា​សមាជិក ឬ ក្មេង​ក្នុង​ជំនឿ ។ តាម​របៀប​ណា​មួយ​នោះ ការណ៍​នេះ​គួរ​តែ​ត្រូវ​ចំពោះ​យើង​ទាំងអស់​គ្នា ។

ការកត់សម្គាល់​ទីមួយ ទាក់ទង​នឹង​ដំណើរ​រឿង​នេះ គឺ​ថា ពេល​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជំនឿ ឪពុក​នោះ​ពង្រឹង​កម្លាំង​គាត់​មុន ហើយ​បន្ទាប់មក ទទួល​ស្គាល់​ភាព​ខ្វះ​ចន្លោះ​របស់​គាត់ ។ ការប្រកាស​ផ្ដើម​ដំបូង​របស់​គាត់ គឺ​វិជ្ជមាន ហើយ​គ្មាន​ការស្ទាក់ស្ទើរ ៖ « ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ » ។ ខ្ញុំ​ចង់​និយាយ​ទៅ​អ្នក​ទាំងអស់ ដែល​ចង់​បាន​ជំនឿ​បន្ថែម​ទៀត ថា​ចូរ​ចងចាំ​ពី​បុរស​នេះ ! ក្នុង​គ្រា​នៃ​ការភ័យ​ខ្លាច ឬ សង្ស័យ ឬ មាន​បញ្ហា ចូរ​តោងជាប់​នូវ​ជំនឿ​ដែល​អ្នក​មាន​រួចហើយ សូម្បី​តែ​ជំនឿ​នោះ​នៅ​មាន​កម្រិត​ក្ដី ។ ក្នុង​ការលូតលាស់ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួល​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ភាពស្រដៀង​គ្នា​ខាង​វិញ្ញាណ​អំពី​ការវេទនា​របស់​កូនប្រុស​នេះ ឬ ការអស់​សង្ឃឹម​របស់​ឪពុក​ម្ដាយ​គេ នឹង​កើតឡើង​ចំពោះ​យើង ។ ពេល​គ្រា​ទាំងនោះ​មកដល់ ហើយ​បញ្ហា​កើតឡើង តែ​ដំណោះស្រាយ​មិន​កើត​មាន​ភ្លាមៗ នោះ​ចូរ​តោង​ឲ្យ​ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​ដឹង​រួចហើយ ហើយ​ឈរ​រឹងមាំ​រហូត​ដល់​បាន​ចំណេះដឹង​បន្ថែម ។ ដោយ​ឧប្បទ្ទវហេតុ​នេះ អព្ភូតហេតុ​ជាក់​លាក់​នេះ ដែល​ ព្រះយេស៊ូវ​ មាន​បន្ទូល​ថា « បើ​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​មួយ​យ៉ាងល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើចេញ​ពី​ទី​នេះ ទៅ​នៅ​ទីនោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ » ។6 ទំហំ​នៃ​ជំនឿ​អ្នក ឬ កម្រិត​នៃ​ចំណេះដឹង​អ្នក មិន​ជា​បញ្ហា​អ្វី​ទេ—វា​គឺជា​សេចក្ដី​សុចរិត​ដែល​អ្នក​បង្ហាញ ទាក់ទង​នឹង​ជំនឿ​ដែល​អ្នក​មាន និង សេចក្ដី​ពិត​ដែល​អ្នក​ដឹង​រួច​ទៅហើយ​នោះ​ទេតើ ។

ការកត់សម្គាល់​ទី​ពីរ គឺ​ខុស​ពី​ទីមួយ ។ ពេល​បញ្ហា​កើតឡើង ហើយ​សំនួរ​លេចឡើង ចូរ​កុំ​ចាប់ផ្ដើម​ស្វែងរក​ជំនឿ​របស់​អ្នក ដោយ​និយាយ​ថា តើ​ប៉ុណ្ណា​ទៅ​ដែល​អ្នក​ពុំ​មាន​នោះ ដូច​ជា​វា​ចាប់ផ្ដើម​ពី « ការមិនជឿ » របស់​អ្នក​នោះ ។ វា​ដូច​ជា​ការអូស​ឫស្សី​បញ្ច្រាស​ចុង​អញ្ចឹង ! សូម​ឲ្យ​ខ្ញុំ​បកស្រាយ​ពី​ចំនុច​នេះ ៖ ខ្ញុំ​មិនបាន​សុំ​ឲ្យ​អ្នក​ធ្វើ​ជា​មាន​ជំនឿ ដែល​អ្នក​មិន​មាន​នោះទេ ។ ខ្ញុំ​​កំពុង​​សុំ​អ្នក ឲ្យ​ពិតត្រង់​ចំពោះ​ជំនឿ ដែល​អ្នក​ពិតជា​មាន ។ ជួនកាល​យើង​ធ្វើ​ដូច​ជា ការប្រកាស​ដ៏​ស្មោះត្រង់​ពី​ការសង្ស័យ គឺជា​ការបង្ហាញ​ពី​ក្ដី​ក្លាហាន​ខាង​សីលធម៌​ដែល​ខ្ពង់ខ្ពស់​ជាង​ការប្រកាស​ដ៏​ស្មោះត្រង់​ពី​ជំនឿ​អញ្ចឹង ។ វា​មិន​ដូច្នោះ​ទេ ! ដូច្នេះ ចូរ​យើង​ទាំងអស់​គ្នា​ចាំ​ពី​សារលិខិត​ដ៏​ច្បាស់លាស់​នៃ​ដំណើរ​រឿង​ក្នុង​គម្ពីរ​នេះ​ថា ៖ ចូរ​ស្មោះត្រង់​អំពី​ការសង្ស័យ​របស់​អ្នក ដូច​ដែល​អ្នក​ត្រូវ​ស្មោះត្រង់ ជីវិត​គឺ​ពេញ​ដោយ​ការសង្ស័យ រឿង​នេះ ឬ រឿង​នោះ ។ តែ​បើ​អ្នក និង គ្រួសារ​អ្នក​ចង់​បាន​ការព្យាបាល ចូរ​កុំ​ឲ្យ​ការសង្ស័យ​ទាំងនោះ​រារាំង​ជំនឿ​ពី​ការធ្វើ​នូវ​អព្ភូហេតុ​របស់​វា​ឡើយ ។

ជាង​នោះ​ទៀត អ្នក​មាន​ជំនឿ​ច្រើន​ជាង​ការគិត​របស់​អ្នក ដោយសារ​អ្វី​ដែល​ព្រះគម្ពីរ​មរមន​ហៅ​ថា « ភាពមហិមា​នៃ​ភស្តុតាង​ទាំងឡាយ » ។7 ព្រះយេស៊ូវ​ មាន​បន្ទូល​ថា« អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត » ។8 ហើយ​ផល​នៃ​ដំណឹងល្អ​កើត​មាន​យ៉ាង​ពិត​ប្រាកដ ក្នុង​ជីវិត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់​ទីកន្លែង ។ ដូចជា​ពេត្រុស និង យ៉ូហាន ម្តងនោះបាន​និយាយ​ទៅ​ពួក​បណ្តាជនចាស់ទុំ ខ្ញុំ​ក៏​និយាយ​ទៅ​អ្នកថ្ងៃនេះ​ដែរ​ថា « យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​ពុំ​បាន​ទេ » ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ និង​​ឮ គឺ​ថា « ទីសម្គាល់​យ៉ាង​អស្ចារ្យ​នោះ​ក៏​ច្បាស់ » នៅ​ក្នុង​ជីវិត​សមាជិក​សាសនាចក្រ​នេះ​​រាប់​លាន​នាក់ ។ ការណ៍​នោះ​មិន​អាច​បដិសេធ​បាន​ទេ ។9

បងប្អូន​ប្រុសស្រី នេះ​ជា​កិច្ចការ​ដ៏​ទេវភាព​ដែល​កំពុង​បន្ត ជាមួយ​នឹងការបង្ហាញ​ និង ​ពរជ័យ​ដែល​មាន​នៅ​គ្រប់​ទិសទី ដូច្នេះ​សូម​កុំ​បារម្ភ​ហួសពេក បើ​ពេល​ខ្លះ មាន​បញ្ហា​កើតឡើង ដែល​ត្រូវ​ពិនិត្យ ត្រូវ​យល់ និង ត្រូវ​ដោះស្រាយ​នោះ ។ ពិតជា​មាន​បញ្ហា ហើយ​នឹង​ត្រូវ​ដោះស្រាយ ។ ក្នុង​សាសនាចក្រ​នេះ អ្វី​ដែល​យើង​ដឹង​ គឺ​តែងតែ​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​ដឹង ។ ហើយ​ចូរ​ចងចាំ​ថា គ្រប់​គ្នា​ត្រូវតែ​ដើរ​ដោយ​ជំនឿ​ក្នុង​ពិភព​លោកនេះ ។

ដូច្នេះ ចូរ​ចិត្ត​ល្អ​​ចំពោះ​​ភាពទន់ខ្សោយ​នៃ​មនុស្សលោក—ទាំង​ភាពទន់ខ្សោយ​របស់​អ្នក ក៏​ដូច​ជា​ភាពទន់ខ្សោយ​របស់​ពួក​អ្នក​ដែល​បម្រើ​​ជាមួយអ្នកក្នុង​សាសនាចក្រ ដែល​ដឹកនាំ​ដោយ​បុរស​ស្ដ្រី​ខាង​សាច់ឈាមស្ម័គ្រ​ចិត្ត​ទាំងឡាយ ។ លើកលែង​តែ​ក្នុង​ករណី​នៃ​ព្រះរាជបុត្រា​ទ្រង់​តែ​មួយប៉ុណ្ណោះ​ នោះ​មនុស្ស​ដែល​មិន​ឥតខ្ចោះ គឺ​ជា​អ្វី​ទាំងអស់​ដែល​ព្រះ​តែងតែ​ត្រូវ​ធ្វើ​កិច្ចការ​ជាមួយ ។ នោះ​ច្បាស់​ជា​គួរ​ឲ្យ​ធុញ​ថប់​ណាស់​ចំពោះ​ទ្រង់ តែ​ទ្រង់​ដោះស្រាយ​វា ។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ដែរ ។ ហើយ​ពេល​អ្នក​ឃើញ​ភាព​មិន​ឥត​ខ្ចោះ ចូរ​ចាំ​ថា ការដាក់​កម្រិត​គឺ​មិនមែន​ជា​ទេវភាព​នៃ​កិច្ចការ​នោះ​ទេ ។ ដូច​អ្នក​និពន្ធ​ដ៏​អស្ចារ្យ​ម្នាក់​បាន​ផ្ដល់​យោបល់​ថា ពេល​ភាពពេញលេញ​ដ៏​គ្មាន​ទីបញ្ចប់​ត្រូវបាន​ហូរ​​ចេញ​មក វា​មិនមែន​ជា​កំហុស​របស់​ប្រេង​នោះទេ បើ​មាន​ការបាត់បង់​នោះ គឺ​ព្រោះ​តែ​ភាជន៍​ដែល​មាន​កំណត់​នោះ ពុំ​អាច​ទប់​វា​បានទាំងអស់វិញ​​ទេ ។10 ភាជន៍​ដែល​មាន​កំណត់​ទាំងនោះ​រួម​បញ្ចូល​ទាំង​អ្នក និង ខ្ញុំ ដូច្នេះ ចូរ​មានភាព​អត់​ធ្មត់ ចិត្តល្អ និង ​ការ​អភ័យទោស ។

ការកត់សម្គាល់​ចុងក្រោយ ៖ ពេល​ការសង្ស័យ ឬ ការលំបាក​មកដល់ ចូរ​កុំ​ខ្លាច​នឹង​សុំ​ជំនួយ ។ បើ​យើង​ចង់​បាន​ដោយ​បន្ទាបខ្លួន និង ស្មោះត្រង់ ដូច​ជា​ឪពុក​នេះ នោះ​យើង​អាច​បាន​ជំនួយ ។ ព្រះគម្ពីរ​រៀបរាប់​ពី​បំណង​ដ៏​ស្មោះត្រង់​បែបនេះ​ថា « ដោយ​ស្មោះ​អស់​ពី​ចិត្ត » ដោយ « ពេញចិត្ត​ប្រាថ្នា គឺ​ពុំ​មាន​លាក់ពុត ឬ ការបោក​បញ្ឆោត​នៅ​ចំពោះ​ព្រះ​ឡើយ » ។11ខ្ញុំ​សូម​ថ្លែង​បន្ទាល់​ថា ក្នុងការឆ្លើយតប​ចំពោះ​ការអង្វរ​ដដែលៗ​បែបនោះ ព្រះ​នឹង​​បញ្ជូន​ជំនួយទៅ​​ទាំង​សង្ខាង​​នៃ​វាំងនន ដើម្បី​ពង្រឹង​ជំនឿ​យើង​ជានិច្ច ។

ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​និយាយ​ទៅ​មនុស្ស​វ័យ​ក្មេង ។ ខ្ញុំ​នៅតែ​និយាយ​ទៅកាន់​ពួកគេ ។ ថ្មីៗ​នេះ ក្មេងប្រុសអាយុ 14 ឆ្នាំ​ម្នាក់​បាន​និយាយ​មក​ខ្ញុំ​ដោយ​ស្ទាក់ស្ទើរ​បន្តិច​ថា « បងប្រុស ហូឡិន ខ្ញុំ​មិន​អាច​ទាន់​និយាយ​បាន​ទេ​ថា ខ្ញុំ​ដឹង​ថា​សាសនាចក្រ​នេះ​ពិត តែ​ខ្ញុំ​ជឿ​ថា​វា​ពិត » ។ ខ្ញុំ​ឱប​ក្មេងប្រុស​នោះ​យ៉ាងណែន ។ ខ្ញុំ​ប្រាប់​គេ​ដោយ​អស់​ពី​ព្រលឹង​ខ្ញុំ​ថា ការជឿ​គឺជា​ពាក្យ​ដ៏​មាន​តម្លៃ ថែមទាំង​ជា​ទង្វើ​ដ៏​មាន​តម្លៃ​ផង ហើយ​គេ​មិន​ត្រូវការ​សុំ​អត់ទោស​ដោយ « គ្រាន់តែ​ជឿ » នោះឡើយ ។ ខ្ញុំ​ប្រាប់​គេ​ថា ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់​មាន​បន្ទូល​ថា « កុំ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » 12ជា​ឃ្លា​​ ម្យ៉ាងវិញទៀត ដែល​បាន​នាំ ហ្គរដុន ប៊ី ហ៊ិងគ្លី ដ៏​ក្មេង​ទៅ​បម្រើ​បេសកកម្ម​របស់​លោក ។ 13ខ្ញុំ​ប្រាប់​ក្មេងប្រុស​នេះ​ថា ការជឿ​តែងតែ​ជា​ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​កាន់​ការជឿជាក់ ហើយ​ថា មាត្រា​នៃ​សេចក្ដី​ជំនឿ​នីមួយៗ​របស់​យើង ដែល​កំណត់​ន័យ​ឲ្យ​ជំនឿ​របស់​យើង ដែលនិយាយដដែលៗដ៏ក្លៀវក្លា ដោយ​ឃ្លា​ថា « យើងខ្ញុំ​ជឿ​ថា » ។ 14ហើយ​ខ្ញុំ​ប្រាប់​គេ ថា​ខ្ញុំ​មាន​មោទនភាព​យ៉ាងណា​ចំពោះ​គេ សម្រាប់​ភាពស្មោះត្រង់​នៃ​ការស្វែងរក​របស់​គេ ។

ឥឡូវនេះ បន្ទាប់ពី​បាន​រស់នៅ និង រៀន​អស់​ជិត 60 ឆ្នាំ តាំងពី​ខ្ញុំ​អាយុ 14 ឆ្នាំ ជា​ក្មេងប្រុស​ដែល​មិនសូវ​ជឿ​ម្នាក់​មក ខ្ញុំ​សូម​ប្រកាស​នូវ​ការណ៍​មួយ​ចំនួន​ដែល​ខ្ញុំ​ដឹង​ឥឡូវ​នេះ ។ ខ្ញុំ​ដឹង​ថា ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ការអភ័យទោស នៅ​គ្រប់​ពេល និង គ្រប់​ផ្លូវ និង គ្រប់​កាលៈទេសៈ​ទាំងអស់ ។ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​ជា​បុត្រាដ៏​​ឥតខ្ចោះ​តែ​មួយ​របស់​ទ្រង់ ដែល​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​ដោយ​ក្ដី​ស្រឡាញ់ ដោយ​តាម​ព្រះទ័យ​ព្រះបិតា​ផង និង ព្រះបុត្រា​ផង សម្រាប់​ការប្រោសលោះ​ដល់​យើង​ទាំងអស់​គ្នា ដែល​មិន​ល្អឥតខ្ចោះ ។ ខ្ញុំ​ដឹង​ថា ទ្រង់បាន​រស់​ឡើង​វិញ​​ដើម្បី​ឲ្យ​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​ម្ដង​ទៀត ហើយ​ដោយ​សារ​ទ្រង់​បាន​ធ្វើ​ដូច្នោះ នោះ​អ្នក​ និង ខ្ញុំ ក៏​នឹង​រស់​ឡើងវិញ​ដែរ ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ ដែល​បាន​ទទួល​ស្គាល់​ថា លោក​មិន​ឥតខ្ចោះ​ដែរ​នោះ 15ជា​ឧបករណ៍​ដ៏​ជម្រើស​នៅក្នុង​ព្រះហស្ដ​ព្រះ ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ដំណឹងល្អ​ដ៏​អស់កល្ប​ដល់​ផែនដី ។ ខ្ញុំ​ក៏​ដឹង​ថា ការ​ណ៍​ដូច្នោះ—មួយផ្នែក​គឺ​តាមរយៈ​ការបកប្រែ​ព្រះគម្ពីរ​មរមន—លោក​បាន​បង្រៀន​ខ្ញុំ​ថែម​ទៀត​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ ទេវភាព​របស់​​ព្រះគ្រីស្ទ សេចក្ដី​ពិត​ដ៏​អស់កល្ប និង ​អំណាច​បព្វជិតភាព ច្រើនជាង​ព្យាការី​ផ្សេងទៀត​ដែល​ខ្ញុំ​ធ្លាប់បាន​អាន ស្គាល់ និង ឮ ពេញ​មួយ​ជីវិត​នៃ​ការស្វែងរករបស់​ខ្ញុំ​ ។ ខ្ញុំ​ដឹង​ថា ប្រធាន ថូម៉ាស អេស​ ម៉នសុន ដែល​ពេញ​ដោយ​ការលះបង់ និង រីករាយ អស់​រយៈពេល​ជិត 50 ឆ្នាំ នៃ​ការតែងតាំង​របស់​លោក​ជា​សាវក​ម្នាក់ គឺជា​អ្នក​ស្នង​ដ៏​ពេញ​សិទ្ធិ​ចំពោះ​ការបម្រើ​ជា​ព្យាការី​​នៅ​សព្វ​ថ្ងៃ​នេះ ។ យើងបានឃើញថាការបម្រើនេះ ធ្លាក់​មក​លើ​លោក​ម្ដង​ទៀត​នៅ​ក្នុង​សន្និសីទ​នេះ ។ ខ្ញុំ​ដឹង​ថា បុរស 14 នាក់​ទៀត​ដែល​អ្នក​គាំទ្រ​ ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ គាំទ្រ​លោក​ដោយ​ដៃ ដួងចិត្ត និង កូនសោ​ជា​សាវក​របស់​ពួកគាត់ ។

ការណ៍​ទាំងនេះ ខ្ញុំ​សូម​ប្រកាស​ដល់​អ្នក ជាមួយ​នឹង​ការជឿជាក់​ដែល​ពេត្រុស​បាន​ហៅ​ថា « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ។ 16អ្វី​ដែល​ធ្លាប់​ជា​គ្រាប់​ពូជ​ដ៏​តូច​មួយ​នៃ​ការជឿ​សម្រាប់​ខ្ញុំ បាន​លូតលាស់​ទៅជា​ដើម​ជីវិត ដូច្នេះ បើ​ជំនឿ​អ្នក​ត្រូវបាន​សាកល្បង​បន្តិច​នៅពេល​នេះ ឬ ពេល​ផ្សេងទៀត ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​រៀន​ពី​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា កិច្ចការ​នេះ​ គឺ​ជា​សេចក្ដី​ពិត​របស់​ព្រះ ហើយខ្ញុំដឹងថា មានតែ​គ្រោះថ្នាក់​ដល់​យើង​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ការសង្ស័យ និង ការអាក្រក់​ទាញ​យើង​ចេញ​ពី​ផ្លូវ​នេះ ។ ចូរ​មាន​សង្ឃឹម ។ ចូរ​បន្ដ​ធ្វើ​ដំណើរ​ទៅ​មុខ ។ ចូរទទួល​ស្គាល់​​សំណួរ និង កង្វល់​របស់​អ្នក​ដោយ​ស្មោះត្រង់ តែ​ដំបូង និង ជានិច្ចតទៅ ត្រូវ​ពង្រឹង​ជំនឿ​តិចតួច​ដែល​អ្នក​មាន​ជា​មុន​សិន ព្រោះ​ការណ៍​ទាំងអស់​អាច​កើតឡើង​បាន​ដល់​ពួកអ្នក​ដែល​ជឿ ។ ក្នុង​ព្រះនាម​នៃ​ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។