ឆ្នាំ ២០១០-២០១៩
ចាប់​យក​ឱកាស
ខែ មេសា 2013


14:15

ចាប់​យក​ឱកាស

ខ្ញុំ​អរគុណ​ព្រះ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ចំពោះ​ការ​ស្ដារ​ឡើងវិញ និង អំណាច​ដើម្បីបង្កើត​​កំណើន​ដ៏អស្ចារ្យ​នៅ​ក្នុង​សេចក្ដីពិត និង សេចក្ដី​សុចរិត​ទូទាំង​ពិភពលោក ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ រូប​ខ្ញុំបាទ និង​ប្រធាន​ ថូម៉ាស អេស. ម៉នសុន ហើយ​អ្នកដទៃ​ទៀត​ សូម​ធ្វើ​ការ​សរសើរ​ដល់​បង​ប្អូន ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការ​ហៅ​របស់​ព្យាការី គឺដើម្បី​ឲ្យ​មាន​អ្នក​ផ្សព្វផ្សាយសាសនា​ដែល​មានភាព​សក្ដិសមច្រើន​បន្ថែម​ទៀត ។ ឥឡូវ​នេះសន្ទុះ​ដ៏​អស្ចារ្យ​នៃ​កិច្ចការ​ផ្សព្វផ្សាយសាសនា គឺ​កំពុង​តែសាយភាយ​ពេញ​ផែនដី​ទាំងមូល ។ ចាប់​តាំង​ពី​ការ​ប្រកាស​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធាន ម៉នសុន​ កាល​ពី​ខែ​តុលា​ ឆ្នាំ​មុន​មក អែលឌើរ និង ស៊ីស្ទើរ ហើយនឹង គូស្វាមីភរិយា​​រាប់ពាន់​នាក់​ត្រូវ​បាន​ហៅ ហើយ​មាន​មនុស្ស​ជាច្រើន​ទៀត​កំពុង​រៀបចំ​ខ្លួន ។ 1 ឥឡូវ​យើង​មាន​សំណួរ​ថា « តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយសាសនា​ទាំង​អស់​នេះ ?​ » ចម្លើយ​គឺ​សាមញ្ញ ។ ពួកគេ​នឹង​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​តែងតែ​ធ្វើ ។ ពួកគេ​នឹង​ផ្សាយ​ដំណឹងល្អ ! ពួកគេ​នឹង​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ !

យុវជនយុវនារី​ជាច្រើន​ទៀត​នឹង​ទទួលបាន​ឱកាស​នេះ នៅពេល​អ្នក​ព្យាយាម​ដើម្បី​មានភាព​សក្ដិសម​ចំពោះ​ការ​ហៅ​បម្រើ​បេសកកម្ម ។ អ្នក​មើល​ឃើញ​ការណ៍​នេះ ជា​ការ​ផ្សាយ​សេចក្ដី​ពិត និង សេចក្ដី​សុចរិត ។ អ្នក​មើល​ឃើញ​ឱកាស​អ្នក​​ជា​ការ​ចូល​រួម​ពេញ​ទំហឹង​ក្នុង​ការ​ផ្សាយ​សេចក្ដីពិត និង សេចក្ដី​សុចរិត ។

ឱ​ប្អូនៗ​យុវវ័យ សូម​ឱប​ក្រសោប​យក​កម្មវិធី​ថ្មី ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក​អំពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ឥឡូវ​នេះ​គឺ​ជា​ពេល​របស់អ្នក​ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​ដល់​អ្នក​ដទៃ​អំពី​សេចក្ដី​ល្អ​នៃ​ព្រះហើយ ។

យុវជន​យុវនារី ការសិក្សា​របស់​អ្នកគឺសំខាន់​ជានិច្ច--​ចំពោះ​យើង ចំពោះ​អ្នក និង ចំពោះ​ព្រះ​ផងដែរ ។ បើ​​អាច​ធ្វើទៅ​បាន បើ​អ្នក​ចង់​ចូល​រៀន​សាកលវិទ្យាល័យ ឬ មហាវិទ្យាល័យ បន្ទាប់​ពី បេសកកម្ម​របស់​អ្នក យើង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ដាក់ពាក្យ​ចូលរៀន​ក្នុង​សាលា​ដែល​អ្នក​ជ្រើសរើស មុន​ពេល​ ចាប់​ផ្ដើម​បេសកកម្ម​របស់​អ្នក ។ វិទ្យាស្ថានសម្រាប់​ការអប់រំ​កម្រិត​ខ្ពស់​ជាច្រើន​ នឹង​អនុញ្ញាត​ឲ្យព្យួរ​ការសិក្សា​តែ​រយៈ​ពេល 18 ខែ ទៅ 30 ខែ​ មុន​ពេល​អ្នក​ត្រៀម​ផ្សព្វផ្សាយសាសនា​ចូលរៀន​វិញ​ក្នុង​សាលា​នោះ ។ ដូច្នេះនឹង​ជួយឲ្យ​អ្នក ជា​អែលឌើរ និង ស៊ីស្ទើរ ទៅ​បម្រើ​ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​កន្លែង​ដែល​ពួកគេ​នឹង​ចាប់​ផ្ដើម​ការ​អប់រំ​ខ្ពស់​របស់​អ្នក ។ យើង​មាន​អំណរគុណ​ណាស់ចំពោះ​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​អប់រំ ដែល​បាន​ធ្វើ​ឲ្យ​មាន​ផែនការ​ដូច្នេះ !

ឪពុក​ម្ដាយ គ្រូបង្រៀន និង​អ្នកផ្សេង​ទៀត សូម​ចាប់​ឱកាស​ឲ្យ​បាន ខណៈ​ដែល​អ្នក​រៀបចំ​ដល់​កូនចៅ​កំពុង​ពេញវ័យ​របស់​យើង ឲ្យ​មាន​ភាព​សក្ដិសម​បម្រើ​ការ​ផ្សព្វផ្សាយសាសនា ។ ក្នុង​ពេល​នេះ គំរូល្អ​របស់​អ្នក នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មិត្តភក្ដិ និង អ្នក​ជិត​ខាងអ្នក ។ សូម​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​នឹង​អ្នកទាំងឡាយ​ដែល​សួរ​ថា ហេតុអ្វី​បាន​ជា​អ្នក​រស់​នៅ​ដូច្នេះ ។ ចូរត្រៀម​ខ្លួន​ដើម្បី​ផ្ដល់​ហេតុផល​សម្រាប់​សេចក្ដី​សង្ឃឹម និង ក្ដី​អំណរ ដែល​គេ​មើល​ឃើញ​ក្នុង​ខ្លួន​អ្នក ។ 2 នៅពេល​មានសំណួរ​ដូច្នេះ អ្នក​អាច​ឆ្លើយ​ដោយ​និយាយ​ថា « ចូរ​ទៅ​សួរ​អ្នកផ្សព្វផ្សាយសាសនា ! ពួកគេ​អាច​ជួយ​យើង​បាន ! ហើយ​បើ​អ្នក​ចង់​បាន ខ្ញុំ​នឹង​នៅ​ជាមួយ​អ្នក​ពេល​អ្នក​ផ្សព្វផ្សាយសាសនា​ឆ្លើយសំណួរ ហើយ​បង្រៀន​ដល់​អ្នក​នោះ » ។

មជ្ឈិម​វ័យទាំងឡាយ សូម​ចាប់​យក​ឱកាស​ ដោយ​ជួយ​រៀបចំត្រៀម​ជា​​អ្នក​ផ្សព្វផ្សាយសាសនា​ខាង​វិញ្ញាណ ខាង​រូបកាយ និង ខាង​ហិរញ្ញវត្ថុ ។ សូម​​សន្សំ​​ប្រាក់​​សម្រាប់​​បេសកកម្ម ។ គូស្វាមីភរិយា​វ័យ​ចំណាស់ សូម​ដាក់​ផែនការ​ថា​តើ​ពេល​​ណា អ្នក​អាច​ទៅបម្រើ​បេសកកម្ម​របស់​អ្នក​បាន ។ យើង​មាន​អំណរគុណ​ចំពោះ​ការ​បម្រើ​របស់​អ្នក​ខ្លាំង​ណាស់ ។ រហូត​ដល់​ពេល​នោះ ប្រហែល​ជា​មាន​មនុស្ស​មួយចំនួន អ្នក​អាច​ប្រើ​ថវិកា​គាំទ្រ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយសានា ដោយ​ការ​បរិច្ចាគ​ទៅ​ក្នុង​មូលនិធិ​ផ្សព្វផ្សាយសាសនា​ទូទៅ ដូច​ដែល​ប្រធាន​ម៉នសុន បាន​ផ្ដល់ជា​យោបល់​ម្ដង​ទៀត​នៅ​ព្រឹក​នេះ​ ។3

ការ​បង្កើន​ចំនួន​នៃ​ប្ដី​ប្រពន្ធ​ជម្រើស សូម​​ចាប់​យកឱកាស​ នៅពេល​ពួកគេ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​ក្នុង​បេសកកម្ម​នៃ​សាសនាចក្រ ។ នៅ​ក្នុង​ការ​បម្រើ​នោះ ពួកគេ​នឹង​មាន​ឥទ្ធិពល​ដល់​ជោគវាសនា​នៃ​ជំនាន់​ដែល​កំពុង​រស់​នៅ និង ជំនាន់​ដែលនឹង​កើត​មក ។ ប្រធាន​បេសកកម្ម​ទាំងឡាយ កាន់​កូនសោ​នៃការទទួលខុសត្រូវ​ចំពោះ​សុខុមាលភាព សុវត្ថិភាព និង ជោគជ័យ​របស់​អ្នកផ្សព្វផ្សាយសាសនា​ពួកគេ ។ បន្ទាប់​ពី​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​ស្ដេក ហើយនិង ប្រធាន​មណ្ឌល​នៅ​ក្នុង​បេសកកម្ម​របស់​គាត់ ប្រធាន​បេសកកម្ម​ម្នាក់ៗ​ចាត់​អ្នកផ្សព្វផ្សាយសាសនា​ឲ្យ​បម្រើ​នៅ​ក្នុង​ស្ដេក វួដ និង សាខា​ជាក់លាក់ ។

ប្រធាន​ស្ដេក និង ប៊ីស្សព សូម​ចាប់​យកឱកាស នៅពេល​ពួកគាត់​​ចំណាយ​ពេល​ច្រើនឡើងៗ ធ្វើ​ការ​សម្ភាស​ដល់​អ្នក​ត្រៀម​ខ្លួន​ផ្សព្វផ្សាយសាសនា ។ អ្នកដឹកនាំ​បព្វជិតភាព​ទាំង​នេះ កាន់​កូនសោ​នៃ​ការទទួលខុសត្រូវ​ចំពោះកិច្ចការ​ផ្សព្វផ្សាយសាសនា​នៅ​ក្នុង​អង្គភាព​ពួកគាត់​ ហើយ​ពួកគាត់​បំផុស​ឲ្យ​សមាជិក​ចូលរួ​ម​ក្នុង​កិច្ចការ​នោះ ។

បងប្អូន​ប្រុសស្រី នៅក្នុង​ការ​ប្រជុំ​ក្រុមប្រឹក្សា​វួដ​នីមួយៗ គឺ​ជា​ការ​ចាប់​ផ្ដើម​ចាប់​យក​ឱកាស ។ នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ គឺមាន​អ្នកដឹកនាំ​បេសកកម្ម​វួដ ។ 4 ខ្ញុំ​ចង់​និយាយ​ជា​ពិសេស​ទៅ​កាន់​អ្នកដឹកនាំ​បេសកកម្ម​វួដ​នីមួយៗ ។ អ្នក​ត្រូវ​បាន​ហៅ​ដោយ​ប៊ីស្សព​របស់​អ្នក​ដើម្បី​ដឹកនាំ​កិច្ចការ​ផ្សព្វផ្សាយសាសនា​ក្នុង​វួដ ។ ហើយ​អ្នករាល់​គ្នា​មួយចំនួន ទទួល​បាន​ជោគជ័យ ពេល​មា​ន​អ្នកជំនួយ​ការ​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​អ្នក ។ ព្រមជាមួយ​នឹង​អ្នកដទៃ​ទៀត​នៅក្នុង​ក្រុមប្រឹក្សា​វួដ អ្នកស្គាល់​សមាជិក​មិន​សូវ​សកម្ម អ្នក​ដែល​ជា​សមាជិក​តែ​ម្នាក់ឯង និង អ្នក​ជិត​ខាងដែល​ចាប់​អារម្មណ៍​ចំពោះ​ដំណឹងល្អ ។ អ្នក​ជួប​ជាមួយ​អ្នកផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង​​ដែល​បាន​ចាត់​ទៅ​ជា​ទៀង​ទាត់ ។ អ្នក​ឲ្យដំបូន្មាន និង ជួយ​ដល់​អ្នកផ្សព្វផ្សាយសាសនា ។ សូមជួយ​ពួកគេ​​បំពេញ​កាលវិភាគ​​ប្រចាំថ្ងៃពួកគេជាមួយ​នឹង​ឱកាស​បង្រៀន​ប្រកប​ដោយ​អត្ថន័យ និង ការ​យកចិត្តទុកដាក់ ។ នេះ​ជាការ​ទទួលខុសត្រូវ​របស់​អ្នក ។ តួនាទី​របស់​អ្នក​សំខាន់ ដើម្បី​ឲ្យ​កិច្ចការ​នេះ​បាន​ទទួលជោគជ័យ ។ បើ​អ្នក​ចាប់​យកឱកាស​នេះ​ដោយ​សេចក្ដីជំនឿ និង ភាព​ក្លៀវក្លា នោះ​អ្នក​ដទៃ​នឹង​ធ្វើ​ដូច​គ្នា​ផងដែរ ។ ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​បេសកកម្ម​វួដ អ្នក​គឺ ​ជា​​ បណ្ដាញភ្ជាប់​​រវាងសមាជិក និង អ្នកផ្សព្វផ្សាយសាសនា នៅក្នុង​កិច្ចការ​នៃ​ការ​សង្គ្រោះដ៏​ពិសិដ្ឋ​ដល់​កូនចៅ​របស់​ព្រះ​​ ។5

សំណួរ​ដែល​មិត្តភក្ដិ និង អ្នក​ជិត​ខាង​ដែល​ពុំ​មាន​ជំនឿ​ដូច​យើង​សួរ ក៏​អាច​ជា​ឱកាសផងដែរ ។ យើង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រក្សា​អ្វីៗ​ដែល​ល្អ និង ពិត​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ហើយ​យើង​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​សេចក្ដី​ល្អ និង សេចក្ដីពិត​បន្ថែមទៀត ជាពិសេស​ សេចក្ដីពិត​ដ៏​រុង​រឿង​ដែល​មាន​មក​តាមរយៈ​ផែនការ​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះ នោះ​ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជានិរន្ដន៍ ។ 6

ឱកាស​នៃ​សេចក្ដីពិត និងសេចក្ដី​សុចរិត​នេះ គឺ​អស្ចារ្យ​ណាស់ ! វា​ពុំមែន​បង្កើត​ដោយ​មនុស្ស​ទេ ! វា​មក​ពី​ព្រះអម្ចាស់ ដែល​មាន​បន្ទូល​ថា « យើង​នឹង​បញ្ជឿន​កិច្ចការ​របស់​យើង ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ។ 7 ឱកាស​នេះត្រូវ​បាន​ផ្តល់​​ឲ្យ​ដោយ​ការ​ប្រកាស​ដ៏​ទេវភាព​ដែល​បាន​ធ្វើ​ឡើង​នៅ​ 193 ឆ្នាំ​កន្លង​ទៅ ។ វាមាន​តែ​ប្រាំបួនម៉ាត់​ប៉ុណ្ណោះ​ថា ៖ « នេះ​ជា​បុត្រា​សំណប់​របស់​យើង ។ ចូរ​ស្ដាប់​តាមទ្រង់​ចុះ ! » 8 ដោយ​ចេញ​ពី​ព្រះឱស្ឋរបស់​​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ការ​ប្រកាស​នោះ​បាន​ណែនាំ​យ៉ូសែប​ស្ម៊ីធ​វ័យ​ក្មេង​ឲ្យ​ស្គាល់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពាក្យ​ប្រាំបួន​ម៉ាត់​នោះ បាន​ចាប់​ផ្ដើម​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ហេតុអ្វី ? ដោយ​សារ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​របស់​យើង ជា​ព្រះ​ជាទីស្រឡាញ់ ! ទ្រង់​ចង់​ឲ្យ​កូនចៅ​របស់​ទ្រង់​ស្គាល់​ទ្រង់ និង ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​បញ្ជូន​មក ! 9 ហើយ​ទ្រង់​ចង់​ឲ្យ​កូនចៅ​របស់​ទ្រង់​ទទួល​បាន​ជីវិត​អមតៈ និង ជីវិត​អស់កល្បជានិច្ច ! 10

ដោយ​សារ​គោលបំណង​ដ៏​រុងរឿង​របស់​ទ្រង់ អ្នកផ្សព្វផ្សាយសាសនា​របស់​យើង បង្រៀន​អំពី​ការ​ស្ដារ​ឡើង​វិញ ។ ពួកគេ​ដឹង​ថា ប្រហែល​ជា​ 2000 ឆ្នាំ​កន្លង​ទៅ ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ បន្ទាប់​ពី​ការ​ឆ្កាង​របស់ទ្រង់ និង ការ​ស្លាប់​​របស់​ពួកសាវក​ទ្រង់ មនុស្ស​បាន​ផ្លាស់​ប្ដូរ​សាសនាចក្រ និង គោលលទ្ធិ​សាសនាចក្រ ។ ហើយ​បន្ទាប់​ពី​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​នៃ​ភាព​ងងឹត​ខាង​វិញ្ញាណ ហើយ​ដូច​បាន​ព្យាករ​ដោយ​ព្យាការី​កាល​ពី​មុនៗ 11 ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ បាន​ស្ដារ​សាសនាចក្រ និង គោលលទ្ធិ ហើយនិង សិទ្ធិ​អំណាច​បព្វជិតភាព​ឡើងវិញ ។ ដោយ​សារ​តែ​ការ​ស្ដារ​ឡើងវិញ​នោះ ចំណេះ​ដឹង និង ពិធីបរិសុទ្ធ​សំខាន់ៗ​សម្រាប់​សេចក្ដី​សង្គ្រោះ និង ការ​លើក​តម្កើង គឺ​មាន​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​មនុស្ស​ទាំង​អស់ ។ 12 ទីបំផុត​ការ​លើក​តម្កើង​នោះ អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ​រស់​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​នៅ​ក្នុងវត្តមាន​របស់​ព្រះ និង ព្រះយេស៊ូវ​គ្រីស្ទ​ជារៀង​រហូត !

ខ្ញុំ​ពុំអាច​និយាយ​អំពី ការ​ស្ដារ​ឡើងវិញ​ដោយ​គ្មាន​ការ​រំភើប​ចិត្ត​នោះ​ទេ ។ កត្តា​ប្រវត្តិ​សាស្ត្រ​នេះ គឺ​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់ ! វា​មហិមាណាស់ ! វា​គួរ​រំភើប​ចិត្ត​ណាស់ ! តើ​វា​អស្ចារ្យ​យ៉ាង​ណា ដែល​សារទូត​មក​ពី​ស្ថានសួគ៌​យាង​មក​ដើម្បី​ផ្ដល់​សិទ្ធិ និង អំណាច​ចំពោះ​កិច្ចការ​នេះ​នោះ ?

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​របស់យើង បាន​លេច​មក​ជួប​នឹង​ព្យាការី​យ៉ូសែប ស្ម៊ីធ ជា​ច្រើន​ដង ។ 13 នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ពួកគេ សារ​ទូត​សួគ៌​ដទៃ​ទៀត បាន​យាង​មក ដែល​សារទូត​នីមួយៗ​យាង​មក​ដោយ​មានគោលបំណង​ជាក់​លាក់ ។ ឧទាហរណ៍ ៖​

  • ទេវតា​មរ៉ូណៃ​បាន​បើក​សម្ដែង​ពី​ព្រះគម្ពីរមរមន ។14

  • យ៉ូហាន បាទីស្ទ​ បាន​ស្ដារ​បព្វជិតភាព​អើរ៉ុនឡើង​វិញ ។ 15

  • ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ស្ដារ​បព្វជិតភាព​មិលគីស្សាដែក​ឡើងវិញ ។ 16

  • ម៉ូសេ បាន​ប្រគល់​កូនសោ​សម្រាប់​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ 17

  • អេលីយ៉ា បាន​ប្រគល់​កូនសោ​នៃ​ចំណេះ​ដឹង​អំពី​អ័ប្រាហាំ ។ 18

  • អេលីយ៉ា បាន​ស្ដារ​កូនសោ​នៃ​សិទ្ធិ​អំណាច​នៃ​ការ​ផ្សារភ្ជាប់ ។ 19

បន្ថែម​ពី​លើ​នេះ ការ​ស្ដារ​ឡើងវិញ បាន​បន្ថែមនូវ​​ចំណេះ​ដឹង ដែល​ពួកបរិសុទ្ធ​មាន​កាល​ពី​បុរាណ ។ ព្រះអម្ចាស់​បាន​ផ្ដល់​គម្ពីរ​​ថ្មី​មួយ ។ ទ្រង់​បាន​បន្ថែម​គម្ពីរមរមន​លើព្រះគម្ពីរ​ប៊ីប​ ៖ ជា​សក្ខី​បទ​មួយ​ទៀត អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺ​ជា​កំណត់ត្រា​មួយ​នៃ​ការ​ព្យាករណ៍ និង ការ​បម្រើ​របស់​ព្រះអម្ចាស់​ដែល​បាន​រស់​ឡើង​វិញ​ចំពោះ​ប្រជាជន​អាមេរិក​ពីបុរាណ ។ វា​ពន្យល់​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​​របស់​ព្រះ 20—ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ 21 ព្រះគម្ពីរ​មរមន គឺ​ដើរ​ទន្ទឹម​គ្នា​ទាំង​ស្រុង​ជា​មួយ​នឹង​ព្រះគម្ពីរ​ប៊ីប ។ កំណត់​ហេតុ​ដ៏​ពិសិដ្ឋ​ទាំង​ពីរនេះ​​ បញ្ជាក់​ពី​សេចក្ដីពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង សារៈសំខាន់​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ 22

ការ​ស្ដារ​ឡើងវិញ​បំពេញ​នូវ​ការព្យាករណ៍​ក្នុង​គម្ពីរ​ប៊ីប​ជាច្រើន ។ ឧទាហរណ៍ អេសាយ បាន​ព្យាករថា ដំណាក់​របស់​ព្រះអម្ចាស់ នឹង​ស្ថាបនា​ឡើង​នៅ​លើ​កំពូល​ភ្នំ ។ 23 ការ​ធ្វើ​ដំណើរ​របស់​​អ្នក​ត្រួសត្រាយផ្លូវ​មរមនជា​ក្រុមធំ ទៅ​កាន់​ភ្នំ​នៃ​អាមេរិក​ភាគ​ខាង​លិច គឺ​ជាព្រឹត្តការណ៍​ដ៏​សំខាន់​មួយ​នៃ​ការ​លះបង់ និង ជំនឿ ដែល​បំពេញ​នូវ​ការ​ព្យាករណ៍ ។ អេសាយ​ក៏​បាន​ទាយ​ទុក​ផងដែរ​ថា ព្រះ​នឹងធ្វើ​នូវ​​ « ការណ៍​យ៉ាង​អស្ចារ្យ និង ចម្លែក » ។ 24 រឿង​នោះ​ត្រូវ​បាន​សម្រេច​ហើយ​ពេល​នេះ ដោយ​សារ​កិច្ចការ​ពិសិដ្ឋ នៃ​កំណើន​ក្រុម​អ្នកផ្សព្វផ្សាយសាសនា​របស់​យើង ។​

គម្ពីរ​សញ្ញា​ចាស់​បង្រៀន អំពី​ដង្វាយមួយភាគ​ក្នុង​ដប់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ 25 ជា​លទ្ធផល អ្នក​ថ្វាយ​ដង្វាយ​មួយភាគ​ដប់​ត្រូវ​បាន​ប្រទាន​ពរ​កាន់​តែ​ច្រើន ដោយ​សារ​តែ​ការ​គោរព​ប្រតិបត្តិ​របស់​ពួកគេ ។ សេចក្ដី​យោង​ទៅ​មិលគីស្សាដែក ត្រូវ​បាន​បញ្ជាក់​ច្បាស់​តាម​បទគម្ពីរ​នៃ​ការ​ស្ដារ​ឡើងវិញ ។ 26 ការព្យាករណ៍​ដែល​​ថា បន្ទះ​ឈើ​របស់​យ៉ូសែប (​ គម្ពីរមរមន ) និង បន្ទះ​ឈើ​របស់​យូដា ( គម្ពីរ​ប៊ីប ) នឹង​ជា​គម្ពីរ​តែ​មួយ​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ ដែល​ឥឡូវ​ត្រូវ​បាន​សម្រេច​ហើយ ។ 27

ការ​ស្ដារ​ឡើង​វិញ​ក៏​បាន​បញ្ជាក់​ច្បាស់​ផងដែរ​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ។ សេចក្ដី​យោង​របស់​វា​អំពី​ពិធីបុណ្យ​ជ្រមុជទឹក សម្រាប់​មរណជន គឺ​ត្រូវ​បាន​ទទួល​ការ​យល់​ដឹង​កាន់​តែ​ល្អ​ប្រសើរ ។ 28 ពិធីបរិសុទ្ធ​ជំនួស​ទាំងឡាយ​សម្រាប់​ជីដូន​ជីតារបស់​យើង​​ដែល​បាន​ចែក​ឋាន​​ ឥឡូវត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុងព្រះវិហារបរិសុទ្ធចំនួន​ 141 កន្លែង នៅ​ទូទាំង​ពិភពលោក ! គ្មាន​ផ្លូវ​ផ្សេង​ទៀត​ណា ដែល​ផ្ដល់​នូវ​សេចក្ដី​សង្គ្រោះ​ដល់​ជីដូន​ជីតា​របស់​យើង ដែល​ស្លាប់​ទៅ ដោយ​ពុំ​បាន​ទទួល​ចំណេះ​ដឹង​អំពី​ដំណឹងល្អ​នោះ​ទេ ! 29 ការ​និមិត្ត​របស់​យ៉ូហាន ជា​អ្នកទទួល​វិវរណៈ​​​អំពី « ទេវតា​មួយ​ទៀត [ កំពុង​ហោះ ] កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹងល្អ​ដ៏​នៅ​អស់កល្បជានិច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី » ទស្សទាយ​អំពី​បេសកកម្ម​របស់​ទេវតា​មរ៉ូណៃ និង គម្ពីរមរមន ។ 30

ព្រះគម្ពីរមរមន គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ស្ដារឡើងវិញ ។ វា​ត្រូវ​បាន​កត់ត្រា រក្សាទុក និង ប្រគល់​បន្ដ​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ។ វា​ត្រូវ​បាន​បកប្រែ​ដោយ « អំណោយទាន និង ដោយ​ព្រះចេស្ដារ​នៃ​ព្រះ » ។ 31 គម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា មាន​នូវ​វិរណៈ​បន្ថែម​ជា​ច្រើន ដែល​បាន​ប្រគល់​ឲ្យ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ តាមរយៈ​លោក យើង​ទទួល​បានទំព័រ​​គម្ពីរ​បន្ថែម​ទៀត ច្រើន​ជាង​យើង​ទទួល​បាន​មក​ពីព្យាការី​ដទៃ​ទៀត ។ នៅ​ក្នុង​គ្រា​ដែល​ព្រួយចិត្ត លោក​បាន​និយាយ​ទៅ​កាន់​ពួកបរិសុទ្ធ​នៅ ណៅវូ រដ្ឋ​អ៊ីលលីណោយ​ថា « ខ្ញុំ​ពុំ​ដែល​​ប្រាប់​អ្នក​ថា ខ្ញុំ​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​វា​គ្មាន​កំហុស​ឆ្គង​នៅ​ក្នុង​វិវរណៈ​ដែល​ខ្ញុំ​បាន​បង្រៀននោះ​​ឡើយ » ។ 32

ទាំង​សមាជិក និង អ្នក​ផ្សព្វផ្សាយសាសនា សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​រៀន​អំពី​ព្រះ អំពីព្រះយេស៊ូវ គ្រីស្ទ និង ដំណឹងល្អ​របស់ទ្រង់ ។ បុគ្គល​ម្នាក់ៗ គួរ​តែ​ស្វែងរកដោយ​ស្មោះ និង អធិស្ឋាន​ដោយ​ក្លៀវក្លា​សុំ​ការ​អះអាង​ថា រឿង​ទាំង​នេះ​គឺ​ជា​ការ​ពិត ។ សេចក្ដីពិត​នឹង​បើក​សម្ដែង​ដោយ​ព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ 33

ខ្ញុំ​អរគុណ​ព្រះ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ចំពោះ​ការ​ស្ដារ​ឡើងវិញ និង អំណាច​ដើម្បីបង្កើត​​កំណើន​ដ៏អស្ចារ្យ​នៅ​ក្នុង​សេចក្ដីពិត និង សេចក្ដី​សុចរិត​ទូទាំង​ពិភពលោក ។ ខ្ញុំ​សូម​ឲ្យ​យើង​ចាប់​យក​ឱកាស​នេះ ហើយ​បំពេញ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ ក្នុង​ការ​នាំ​ដំណឹងល្អ « ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ប្រជា​ជន » 34 ខ្ញុំ​សូម​អធិស្ឋាន​​នៅ​ក្នុង​នាម​ព្រះ​យេស៊ូវ​ គ្រីស្ទ អាម៉ែន ។