ឆ្នាំ ២០១០-២០១៩
ខ្ញុំដឹងនូវការណ៍ទាំងនេះ
ខែ មេសា 2013


14:12

ខ្ញុំដឹងការណ៍ទាំងនេះ

នូវអ្វីៗទាំងអស់ដែលខ្ញុំបានអាន និងបង្រៀន ហើយនិងរៀន ការពិតដ៏មានមានតម្លៃ និងពិសិដ្ឋបំផុត ដែលខ្ញុំ​ត្រូវ​ផ្តល់ នោះគឺជា​ទីបន្ទាល់ពិសេសរបស់ខ្ញុំពី​ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ។

នៅក្នុងឆ្នាំ 1992 បន្ទាប់ពីបានបម្រើ​បាន​ប្រាំបួនឆ្នាំ ជាជំនួយការ​ដល់​ពួកដប់ពីរនាក់ និង 22 ឆ្នាំ ជា​សមាជិកនៃកូរ៉ុមដប់ពីរនាក់ ខ្ញុំបានឈាន​ចូលដល់អាយុ 68 ឆ្នាំ។ ខ្ញុំត្រូវបានបំផុសគំនិតឲ្យសរសេរនូវអ្វី​មួយ ដែលមានចំណងជើងថា « ការតែង​មិនទាន់ចប់ »។ ផ្នែកដំបូងនៃការនិពន្ធ​នោះ មាន​ដូច​តទៅនេះ៖

នារាត្រីមួយ ខ្ញុំមានគំនិតមួយ

ជាគំនិត​ដ៏​ស៊ីជម្រៅ និង មានអត្ថន័យ។

វា​ផុស​ឡើង ពេលដែលខ្ញុំអស់កម្លាំងពន់ពេក

អស់កម្លាំងពេក គេងមិនលក់។

ខ្ញុំធ្វើ​ការ​រវល់​ណាស់ថ្ងៃនោះ

ខ្ញុំបានសញ្ជឹងគិតពីជោគវាសនាខ្ញុំ។

គំនិតនោះគឺថា ៖

ពេលខ្ញុំនៅក្មេង ខ្ញុំ​ពុំមែន​អាយុ 68 ឆ្នាំទេ !

ខ្ញុំអាចដើរយ៉ាង​ស្រួល

ខ្ញុំមិន​ចុកស្មា។

ខ្ញុំអាចអានប្រយោគ​មួយ​តែ​ពីរដង

រួច​ហើយអាច​និយាយ​វាឡើង​វិញ​ ។

ខ្ញុំអាចធ្វើការដោយ​មិននឿយហត់

ស្ទើរតែ​មិន​ដកដង្ហើម​ផង ។

ឥឡូវ មាន​រឿង​ជាច្រើន​ ​ដែល​ខ្ញុំ​មិនអាច​ធ្វើបាន

ខ្ញុំអាចធ្វើបានដោយងាយ ពេលនៅ​វ័យ​ក្មេង ។

បើ​ឥឡូវនេះ ខ្ញុំ​អាច​ត្រឡប់​ទៅ​អតីតកាល​វិញ

បើ​ខ្ញុំ​អាច​ជ្រើសរើស​បាន

ខ្ញុំ​នឹង​មិន​យក​ភាពយុវវ័យ ទៅ​ប្តូរ​នឹង​ភាពចាស់​ឡើយ

ខ្ញុំ​នឹង​ខាតបង់​ច្រើន​ពេក​ហើយ ។

ខ្ញុំមានចិត្តសោមនស្សនឹងបោះជំហានទៅមុខ

សុខចិត្ត​លះបង់​ភាពយុវវ័យ​ខ្ញុំ ទោះ​វា​វិសេសវិសាល

បើខ្ញុំត្រឡប់ថយក្រោយវិញ តើ​អ្វីដែ​លខ្ញុំនឹងបាត់បង់

គឺជាអ្វីដែលខ្ញុំយល់។

ដប់ឆ្នាំក្រោយមក ខ្ញុំបានសម្រេចចិត្តសរសេរបន្ថែមពីរបីបន្ទាត់ទៀត ទៅលើកំណាព្យ​នោះ ៖

ដប់ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស

ឯ​ការឈឺចាប់ក៏​កន្លង​ផុត​ទៅដែរ ។

ត្រគាកខ្ញុំ​ដាក់ដែក

ខ្ញុំអាចដើរត្រង់​ខ្លួន​ម្តងទៀត។

បន្ទះដែកមួយទៀត ទប់ឆ្អឹងកឲ្យនឹង

ជាការបង្កើតយ៉ាងអស្ចារ្យ!

វា​ទប់ទល់នឹងជំងឺទន់សរសៃរបស់ខ្ញុំ

ខ្ញុំ​ចូលរួម​ជាមួយនឹង​តំណរ​មនុស្ស​ក្បាល​រឹង ។ (ជាការ​កំប្លែង)

សញ្ញានៃជរាភាព​អាចមើលឃើញ។

អ្វីៗទាំងនោះនឹងមិនបានធូរស្បើយឡើយ។

អ្វីដែលចេះតែលូតលាស់ឡើង

គឺការភ្លេចភ្លាំងរបស់ខ្ញុំ។

អ្នកសួរថា « តើខ្ញុំចាំអ្នកឬទេ? »

ពិតហើយ អ្នក​គឺ​នៅតែ​ដដែល​ហ្នឹង ។

សូម​កុំអាក់អន់ចិត្តនឹងខ្ញុំអី

បើខ្ញុំភ្លេចឈ្មោះអ្នក។

ខ្ញុំយល់ស្របថា ខ្ញុំបានរៀនអំពីអ្វីមួយ

ដែល​ខ្ញុំមិនចង់ដឹងទេ

ប៉ុន្តែ អាយុបាននាំមកនូវការពិតដ៏មានតម្លៃទាំងនោះ

ដែលធ្វើឲ្យវិញ្ញាណលូតលាស់ឡើង។

នូវគ្រប់អស់ទាំងពរជ័យដែលបានមក

ការណ៍ដ៏ល្អបំផុត នៅក្នុងជីវិតខ្ញុំ

គឺជាភាពជាដៃគូ និង ការលួងលោម

ដែលខ្ញុំទទួលពីភរិយាជាទីស្រឡាញ់ខ្ញុំ។

កូនរបស់យើងទាំងអស់ បានរៀបការរួចហើយ

មានក្រុមគ្រួសាររបស់គេផ្ទាល់

មាន​កូនៗ និង ចៅ

គេបានធំឡើងលឿនណាស់។

ខ្ញុំមិនបានផ្លាស់ប្តូរគំនិតបន្តិចណាសោះ

ពី​ការចង់​បាន​ភាពយុវវ័យ​ម្ដងទៀត ។

រូបរាងកាយយើង តម្រូវឲ្យចាស់ទៅ

ដោយ​វា​បាន​មកវិញ​នូវ​ចំណេះដឹង​ពីសេចក្ដី​ពិត ។

អ្នកសួរថា « តើអនាគតនឹងនាំមកនូវអ្វីខ្លះទៅ?

តើគ្រាន់តែ​ជា​វាសនា​របស់​ខ្ញុំ​ឬ ? »

ខ្ញុំ​នឹងសុខចិត្តទៅ និងមិនត្អូញត្អែរ​ឡើយ។

សួរ នៅ​ពេលខ្ញុំមានអាយុ 88 ឆ្នាំ !

ហើយឆ្នាំមុន ខ្ញុំបានសរសេរបន្ថែមឃ្លា​ទាំងនេះ៖

ឥឡូវនេះ ខ្ញុំមានអាយុ 88 ឆ្នាំ ហើយ។

ឆ្នាំ​ទាំងនោះ​កន្លង​ទៅ​លឿន​ណាស់ ។

ខ្ញុំបានដើរ ខ្ញុំដើរខ្ចើចៗ ខ្ញុំដើរកាន់ឈើច្រត់

ហើយទីបំផុត ខ្ញុំអង្គុយក្នុងរទេះរុញ។

ខ្ញុំគេងលក់ម្តងម្កាល

ប៉ុន្តែអំណាចបព្វជិតភាពនៅតែដដែល។

ទោះ​ជា​ខ្ញុំខ្វះ​នូវ​អ្វីៗ​​ខាង​រាងកាយ

តែ​ខ្ញុំ​បាន​ចម្រើន​ខាងវិញ្ញាណយ៉ាងអស្ចារ្យ ។

ខ្ញុំបានធ្វើដំណើរ​ជុំ​វិញ​ពិភពលោក​រាប់​លាន​គីឡូ ។

ហើយរាប់លាន​គីឡូ​ទៀត ។

ហើយ​ដោយ​មាន​ជំនួយ​ពី​​ផ្កាយរណប

សម្លេង​ខ្ញុំ​នៅតែ​ធ្វើ​ដំណើរ​ទៅ​ទូទាំង​ពិភពលោក ។

ឥឡូវនេះ ខ្ញុំអាចនិយាយដោយភាពជាក់ច្បាស់

ថាខ្ញុំស្គាល់ និង ស្រឡាញ់ព្រះ ។

ខ្ញុំអាចថ្លែងទីបន្ទាល់ ជាមួយនឹង​មនុស្ស​ជំនាន់​ដើម​

ពេលខ្ញុំផ្សព្វផ្សាយព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់។

ខ្ញុំដឹងថា ទ្រង់បានរងការឈឺចាប់ក្នុងសួនច្បារគែតសេម៉ានីជា​យ៉ាងណា

គឺធំក្រៃលែងពុំអាច​យល់បាន ។

ខ្ញុំដឹងថា ទ្រង់បានធ្វើបែបនេះ សម្រាប់យើងគ្រប់រូប

យើងគ្មាន​មិត្ត​ណា​ដែល​អស្ចារ្យ​ជាងទ្រង់​ឡើយ ។

ខ្ញុំដឹងថា ទ្រង់នឹងយាងមកម្តងទៀត

ដោយព្រះចេស្ដា និង សិរីល្អ ។

ខ្ញុំដឹងថា យើងនឹងឃើញទ្រង់​ម្តងទៀត

នៅ​ទីបញ្ចប់នៃជីវិតរបស់ខ្ញុំ។

ខ្ញុំនឹងលត់ជង្គង់ចុះ ចំពោះព្រះបាទ ដែល​មានស្នាមរបួសរបស់ទ្រង់

ខ្ញុំនឹងដឹង​ពី​សិរីល្អរុងរឿងរបស់ទ្រង់។

សម្លេងខ្សិបញ័រៗរបស់ខ្ញុំនឹងនិយាយថា

« ឱព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំអើយ ទូលបង្គំដឹង » ។1

ហើយទូល​បង្គំ​ពិតជាដឹង!

ពេល​មើល​តាម​បង្អួចខាងក្រោយនៃផ្ទះយើង មានសួនផ្កាតូចមួយ និងព្រៃឈើរដុះក្បែរអូរតូចមួយ។ ជញ្ជាំងផ្ទះ​មួយ​ចំហៀងនៅ​ស្របនឹងសួនផ្កា ហើយមានវល្លិ៍ដុះព័ទ្ធយ៉ាងក្រាស់។ ជាច្រើនឆ្នាំមក​ វល្លិ៍បានក្លាយជាសំបុកសត្វស្លាប​តូចៗ​ ។ សំបុកនៅក្នុងវល្លិ៍ គឺជា​ទីសុវត្ថិភាពពីឆ្កែចចក និង សត្វរ៉ាឃូន និងសត្វឆ្មា ដែលចេញអុកឡុកនា​ពេលយប់។

ថ្ងៃមួយ មានសូររំពង​នៅក្នុងគុម្ពវ័ល្លិ៍។ សម្លេងស្រែកជ្រួលច្រាល់​ បាននាំ​កូនសត្វ 8 ឬ 10 ក្បាល​ទៀត ពីព្រៃឈើជុំវិញ​នោះ ស្រែកយំ​ដែរ ។ មិនយូរប៉ុន្មាន ខ្ញុំបានរកឃើញប្រភពនៃការជ្រួល​ច្រាល់​នោះ ។ មាន​សត្វពស់ វា​ចេញពីគុម្ពវ័ល្លិ៍ ហើយព្យួរខ្លួនស្រយុងចុះនៅពីមុខបង្អួច ទុកឲ្យខ្ញុំទាញវាចុះ។ នៅកណ្តាល​ពោះ​វា មានដុំប៉ោងពីរផ្នែក—វាបង្ហាញថា ពិត​ជា​មានកូនសត្វពីរនៅក្នុងពោះវាហើយ​។ តាំងពីយើងបានរស់នៅក្នុងផ្ទះនោះ 50 ឆ្នាំ មក​ហើយ យើង​មិនដែល​ឃើញអ្វីបែបនេះទេ។ វាគឺជាបទពិសោធន៍​ដែល​កម្រមានណាស់—យើង​គិត​ថា​អញ្ចឹង ។

ពីរបីថ្ងៃក្រោយមក មាននូវការជ្រួលច្រាលមួយទៀត ពេលនេះវា​នៅ​ក្នុង​គុម្ពវល្លិ៍ដែល​ហ៊ុំព័ទ្ធផ្លូវសត្វ​ឆ្កែរបស់​យើង។ យើងបានឮសម្រែក និងការប្រមូល​ផ្ដុំ​គ្នារបស់​សត្វបក្សី​ដដែល។ យើងបានដឹងថា គឺជាសត្វ​ពស់ហើយ ។ ចៅម្នាក់បានរត់ចេញទៅ ហើយបានទាញសត្វពស់មួយទៀតចុះមក ដែលវា​តោងជាប់នឹងមេសត្វ ដែលវាចាប់បាន ហើយសម្លាប់នោះ ។

ខ្ញុំបាននិយាយថា « តើមានអ្វីកំពុងតែកើតឡើង? តើសួនច្បារអេដែន ត្រូវបានឈ្លានពានទៀតហើយ​ឬ? »

ពេលនោះ មានពាក្យព្រមាន​បន្លឺឡើងដោយពួកព្យាការី​បាន​ចូល​ក្នុង​គំនិត​ខ្ញុំ ។ យើងនឹងមិនមាន​សុវត្ថិភាពពីអានុភាពរបស់​ពួក​មច្ឆាមិត្រជានិច្ច​នោះទេ ទោះ​ជា​នៅក្នុងផ្ទះរបស់យើងផងដែរ ។ យើងត្រូវតែ​ការពារទីជម្រករបស់យើង។

យើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងអ្វីៗខាងវិញ្ញាណបំផុត ។ ក្រុមគ្រួសារ ដែល​ជា​អង្គការគ្រឹះ​នៅក្នុងពេលវេលានេះ និង អស់កល្បជានិច្ច គឺ​ស្ថិត​​នៅក្រោម​ការវាយលុក​ពី​កម្លាំង​ដែល​មើលឃើញ និង មើលមិនឃើញ។ ខ្មាំងសត្រូវកំពុងតែចេញមកឆាឆៅ។ គោលបំណងរបស់វា គឺធ្វើឲ្យយើង​មាន​របួស ។ បើ​វាអាចបំផ្លាញ និង ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ចុះ​ខ្សោយ​បាន នោះ​វា​នឹង​បាន​ជ័យជំនះ​​ហើយ។

ពួកបរិសុទ្ធថ្ងៃចុងក្រោយស្គាល់នូវសារសំខាន់ដ៏អស្ចារ្យនៃក្រុមគ្រួសារ និងខិតខំរស់នៅក្នុងរបៀបមួយ ដែលខ្មាំងសត្រូវមិនអាចលួចចូលទៅក្នុងផ្ទះយើងបានឡើយ។ យើងរកឃើញសុវត្ថិភាព និង ភាពកក់ក្តៅសម្រាប់ខ្លួនយើង និងកូនៗយើង ដោយការគោរពតាមសេចក្តីសញ្ញា ដែលយើងបានធ្វើ និង រស់នៅក្នុងទង្វើ​ដ៏​សាមញ្ញ​នៃការគោរពតាម ដែល​ជា​ការតម្រូវ​សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ។

អេសាយបាននិយាយថា « ការណ៍នៃសេចក្តីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្តីសុចរិត នោះបានជាសេចក្តីស្រាកស្រាន្ត និងសេចក្តីទុកចិត្តជាដរាបទៅ » ។ 2

សេចក្តីសុខសាន្តនោះ ក៏​ត្រូវបាន​សន្យា​ផងដែរ នៅក្នុង​វិវរណៈ ដែលព្រះអម្ចាស់បានប្រកាសថា៖ « បើសិនជាអ្នករាល់គ្នាបានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នាមិនត្រូវខ្លាចឡើយ »។3

អំណាចដ៏ធំបំផុតនៃបព្វជិតភាព ត្រូវបានប្រទានដើម្បីការផ្ទះ និង អ្នករស់នៅក្នុងនោះ។ ឪពុកមានសិទ្ធិអំណាច និង ការទទួលខុសត្រូវ ដើម្បីបង្រៀនកូនៗគាត់ និង ផ្តល់ពរ និង ផ្តល់ដល់​ពួកគេ​នូវ​ពិធីបរិសុទ្ធ​នៃដំណឹងល្អ និង កិច្ចការពារ​ខាង​បព្វជិតភាព​ចាំបាច់​ដទៃទៀត។ គាត់ត្រូវតែសម្ដែង​នូវ​ក្តីស្រឡាញ់ និង ស្វាមីភក្ដិ ហើយ​គោរព​ដល់ម្តាយ ដើម្បីឲ្យកូនៗអាចមើលឃើញនូវសេចក្តីស្រឡាញ់នោះ។

ខ្ញុំបានដឹងថា សេចក្តីជំនឿនោះគឺជាអំណាចពិត មិនត្រឹមតែជាការសម្ដែង​ចេញ ឬ ការជឿ​ឡើយ។ មាននូវអ្វីខ្លះទៀត ដែល​កាន់តែ​មាន​អានុភាព ជាង​ការអធិស្ឋាន​ដោយស្មោះស្ម័គ្រ​នៃ​ម្តាយដ៏សុចរិត​ម្នាក់ ។

ចូរ​បង្រៀន​ខ្លួនអ្នក និង បង្រៀនក្រុមគ្រួសារអ្នក អំពីអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ។ អ្នកនឹង​មិន​ធ្វើ​កិច្ចការ​អស់កល្ប​​ណា​ផ្សេងទៀត ធំ​ជាង​កិច្ចការ​នៅក្នុងជញ្ជាំងផ្ទះ​របស់អ្នក​ឡើយ ។

យើងដឹងថា យើងគឺជាកូនវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌​នៅលើផែនដីនេះ ដើម្បីទទួលរូបកាយ រមែងស្លាប់ និង ត្រូវបានសាកល្បង។ យើងដែលមានរូបកាយរមែងស្លាប់ មានអំណាចលើ​តួ​ដែល​ពុំមានរូបកាយ។4 យើងមានសេរីភាពជ្រើសរើស នូវអ្វីដែលយើងនឹងប្រែក្លាយ និង ជ្រើសរើស​ទង្វើរបស់យើង ប៉ុន្តែយើងពុំមានសេរីភាពជ្រើសយកលទ្ធផលទេ។ វានឹងកើតឡើងតាមក្រោយ។

នៅក្នុងព្រះគម្ពីរ និយមន័យ​សិទ្ធិ​ជ្រើសរើស​គឺ « សិទ្ធិជ្រើសរើសខាងសីលធម៌ » ដែល​មានន័យ​ថា យើងអាចជ្រើសរើសរវាងល្អ និង អាក្រក់។ ខ្មាំងសត្រូវខំល្បួងយើង មិនឲ្យ​ប្រើ​សិទ្ធិជ្រើសរើសខាង​សីលធម៌​ត្រឹមត្រូវឡើយ​។

ព្រះគម្ពីរបង្រៀនយើង « ថាមនុស្សគ្រប់រូបអាចប្រព្រឹត្តិនូវគោលលទ្ធិ និងគោលការណ៍ដែលទាក់ទង​ទៅនឹងពេលខាងមុខ តាមសិទ្ធិជ្រើសរើសខាងសីលធម៌ ដែលយើងបានប្រទានដល់គេ ប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានទទួលការខុសត្រូវ ចំពោះបាបទាំងឡាយរបស់ខ្លួន នៅថ្ងៃជំនុំជំរះ » ។5

អាលម៉ាបានបង្រៀន​ថា « ព្រះអម្ចាស់ទ្រង់មិនអាចទតមើលអំពើបាប សូម្បីតែ​បន្តិចបន្តួច​ក៏​មិនបានឡើយ » ។6 ដើម្បី​យល់ពី​ការណ៍នេះ យើងត្រូវតែញែកអំពើ​បាប​ចេញពីអ្នកមានបាប។

ជាឧទាហរណ៍ នៅពេលពួកគេបាននាំស្ត្រីមា្នក់ដែលត្រូវបានគេចោទថា បានប្រព្រឹត្តិកំផិតមកឯព្រះអង្គ​សង្គ្រោះ នាង​ពិតជាមានទោសពិត តែ​​ទ្រង់បានបញ្ចប់រឿងរ៉ាវរបស់គេដោយមាន​បន្ទូល​ថា ៖ « អញ្ជើញ​ទៅ​ចុះ ហើយកុំធ្វើបាបទៀតឡើយ » ។7 នោះគឺជា​អាកប្បកិរិយា​នៃ​ការបម្រើ​របស់ទ្រង់។

ការចេះអត់ឱន គឺជាគុណធម៌ ប៉ុន្តែដូចជាគុណធម៌ទាំងអស់​ដែរ ពេលដែល​ត្រូវពន្លើស វាក្លាយ​ទៅជា​គុណវិបត្តិ​វិញ ។ យើងគប្បីប្រយ័ត្នចំពោះ « អន្ទាក់នៃការចេះអត់ឱន » ដើម្បីកុំឲ្យយើង​ធ្លាក់​ចុះ​ក្នុង​រណ្ដៅ​នោះ ។ ការអត់ឱន​ជា​សាធារណៈ ដែលបានបង្កើតឡើង ដោយច្បាប់ស៊ីវិលទន់ខ្សោយ បណ្តោយ​ឲ្យអំពីអសីលធម៌ក្លាយទៅជាស្របច្បាប់​នោះ មិនកាត់​បន្ថយ​​លទ្ធផលខាងវិញ្ញាណដ៏ធ្ងន់ធ្ងរ ដែល​ជាផល​នៃ​ការបំពាន​ច្បាប់ព្រហ្មចារីភាព​របស់ព្រះ​នោះទេ។

មនុស្សគ្រប់រូបបានកើតមកជាមួយនឹងពន្លឺរបស់ព្រះគ្រីស្ទ ដែល​ជា​អនុភាពដឹកនាំ​មួយ ដែល​អនុញ្ញាត​ឲ្យ​មនុស្សម្នាក់ៗ ស្គាល់​ល្អ ស្គាល់​អាក្រក់។ អ្វី​ដែលយើងធ្វើជាមួយនឹងពន្លឺនោះ និង របៀប​ដែល​យើង​ឆ្លើយតប​នឹង​ការបំផុសទាំងនោះ ដើម្បីរស់នៅដោយសុចរិត គឺជា​ផ្នែកនៃការ​សាកល្បង​នៃ​ជីវិត​រមែង​ស្លាប់។

« ត្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និង ត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ត្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយដែល​បញ្ចុះ​បញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្តា និងអំណោយទាននៃ ព្រះគ្រីស្ទ ហេតុដូច្នេះហើយ អ្នករាល់គ្នាអាចដឹងដោយដំរិះដ៏ឥតខ្ចោះថា មកពីព្រះ » ។8

យើងម្នាក់ៗត្រូវតែរៀបចំ​ជានិច្ច ដើម្បី​ឆ្លើយតប​នឹងការបំផុសគំនិតនៃ​ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអម្ចាស់មានរបៀប​ប្រទាន​នូវប្រាជ្ញាឥតខ្ចោះ​ ចូល​ក្នុងគំនិតយើង ដើម្បីបំផុសចិត្តយើង ដឹកនាំយើង បង្រៀនយើង ព្រមានយើង។ បុត្រា ឬបុត្រីរបស់ព្រះម្នាក់ៗ អាច​ដឹង​នូវ​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដឹង​មួយ​រំពេច។ ចូរ​រៀន​ទទួល និង អនុវត្តតាមការបំផុសគំនិត និង វិវរណៈ ។

នូវអ្វីៗទាំងអស់ដែលខ្ញុំបានអាន និងបង្រៀន ហើយនិងរៀន ការពិតដ៏មានមានតម្លៃ និងពិសិដ្ឋបំផុត ដែលខ្ញុំ​ត្រូវ​ផ្តល់ នោះគឺជា​ទីបន្ទាល់ពិសេសរបស់ខ្ញុំពី​ព្រះយេស៊ូវគ្រីស្ទ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំដឹងថាទ្រង់​មាន​ព្រះជន្មរស់។ ខ្ញុំគឺជាសាក្សីរបស់ទ្រង់។ ហើយ​​ខ្ញុំអាចថ្លែងទីបន្ទាល់អំពីទ្រង់ ។ ទ្រង់ជាព្រះអង្គ​សង្រ្គោះ និង ព្រះប្រោសលោះ​របស់យើង។ ខ្ញុំដឹងយ៉ាងពិតប្រាកដ ។ ខ្ញុំ​ថ្លែងជា​សាក្សី​អំពី​ការណ៍​នេះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។