ឆ្នាំ ២០១០-២០១៩
ការ​គោរព​ដល់​ក្រឹត្យ​វិន័យ​ជា​សេរីភាព
ខែ មេសា 2013


14:41

ការ​គោរព​ដល់​​ក្រឹត្យវិន័យ​គឺជា​សេរីភាព

បុរស និង ​ស្ត្រី​ ទទួល​សិទ្ធិ​ជ្រើស​រើស​របស់​ខ្លួន​ជា​អំណោយ​មួយ​ពី​ព្រះ តែ​ជា​លទ្ធផល​សេរីភាព និង ​សុភមង្គលអស់​កល្ប​របស់​ពួកគេ​ កើត​ចេញ​ពី​ការ​គោរព​ដល់​​ក្រឹត្យ​វិន័យ​ទ្រង់ ។

កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​បាន​ទទួល​អំណោយ​ពិសេស​មួយ​សម្រាប់​បុណ្យ​ ណូអែល ដែល​ភ្ជាប់​មក​ជាមួយ​នូវ​អនុស្សាវរីយ​ជាច្រើន ។ ក្មួយ​ស្រី​ខ្ញុំ​បាន​ឲ្យ​វា​មក​​ខ្ញុំ ។ វា​ជា​វត្ថុ​មួយ​ដែល​ខ្ញុំ​បាន​ទុក​នៅ​ផ្ទះ​ចាស់​យើង ពេល​ខ្ញុំ​ផ្លាស់​ចេញ​ក្រោយ​ពី​រៀបការ ។ អំណោយ​នោះ​​ជា​សៀវភៅ​តូច​ពណ៌ត្នោត​​មួយ​នេះដែល​ខ្ញុំ​កាន់​ក្នុង​ដៃ ។​ វា​ជា​សៀវភៅ​ដែល​ផ្ដល់​ទៅ​ឲ្យ​បុរស អែល ឌី អេស ដែល​បាន​ចូល​បម្រើ​កង​ទ័ព​អំឡុង​សង្គ្រាម​លោក​លើក​ទី 2 ។ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​សៀវភៅ​នេះ​ជា​អំណោយ​ពី​ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត និង ​ទីប្រឹក្សា​លោក​គឺ​ ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ និង ដេវីឌ អូ មិកឃេ ។

នៅផ្នែក​ខាង​មុខ​នៃ​សៀវភៅ​នេះ ព្យាការី​នៃ​ព្រះ​ទាំង​បី​រូប​នេះ​បាន​សរសេរ​ថា ៖ « ព្រឹត្តិការណ៍​នៃ​ការ​បម្រើ​កងទ័ព​នេះ ​ពុំ​អនុញ្ញាត​ឲ្យ​យើង​បន្ត​មាន​ទំនាក់ទំនង​នឹង​អ្នក ទាំង​ដោយ​ផ្ទាល់ ឬ​ ដោយ​តំណាង​ផ្ទាល់​ខ្លួន​ ។ ផ្លូវ​បន្ទាប់ដ៏​ល្អ​បំផុត​មួយ​របស់​យើង ​គឺ​ការ​ផ្ដល់​ឲ្យ​អ្នក​នូវ​វិវរណៈ​សម័យ​ទំនើប និង​ ការ​ពន្យល់​ពី​​គោលការណ៍​នៃ​ដំណឹងល្អ​​នេះ មិន​ថា​អ្នក​នៅ​ទីណាទេ វា​នឹង​នាំ​ឲ្យ​អ្នក​នូវ​ក្ដី​សង្ឃឹម និង​ ក្ដី​ជំនឿ​ជា​ថ្មី រួម​ទាំង​ការ​លួងលោម ភាព​ស្រាកស្រាន្ត និង ​សន្តិភាព​ក្នុង​វិញ្ញាណ​ផង​ដែរ » ។ 1

សព្វ​ថ្ងៃនេះ​ យើង​ឃើញ​ខ្លួន​យើងស្ថិត​ក្នុង​សង្គ្រាម​មួយ​ទៀត ។ ​នេះ​​ពុំមែន​ជា​សង្គ្រាម​​​ដោយ​គ្រឿង​សព្វាវុធ​នោះ​​ទេ ។ តែជា​សង្គ្រាម​​នៃគំនិត សម្ដី និង​ ទង្វើ ។ វា​ជា​សង្គ្រាម​នឹង​អំពើ​បាប​ ហើយ​ដែល​យើង​ត្រូវការ​នូវ​ការក្រើនរំឭក​អំពីព្រះបញ្ញត្តិ​លើសជាង​​ពេល​ណាៗ​ទាំងអស់ ។ លទ្ធិ​ដែល​ជឿ​លើ​សីលធម៌​កំពុង​តែ​អនុវត្ត​ជា​ទូទៅ ហើយ​ជំនឿ និង​ការ​អនុវត្ត​របស់​វា​ជា​ច្រើន​ បដិសេធ​ដោយ​ផ្ទាល់​ទៅ​នឹង​អ្វី​ដែល​បាន​រៀប​ចំ​ដោយ​ព្រះអម្ចាស់​សម្រាប់​ប្រយោជន៍​កូនចៅ​ទ្រង់ ។​​

ក្នុង​សៀវភៅ​តូច​ពណ៌​ត្នោត​នោះ ទំព័រ​បន្ទាប់​មាន​លិខិត​របស់​គណៈប្រធាន​ទី​មួយ ​« សារលិខិត​ខ្លី​មួយ​សម្រាប់​បុរស​ដែល​បម្រើ​កងទ័ព » មាន​ចំណង​ជើង​ថា « ការ​គោរព​ដល់​ក្រឹត្យ​វិន័យ​គឺ​ជា​សេរីភាព » ។ លិខិត​នោះ​បាន​លើកការប្រៀប​ធៀប​រវាង​ច្បាប់​កងទ័ព​ដែល ​« ជា​រឿង​ល្អ​សម្រាប់​អ្នក​បម្រើ​កងទ័ព » និង​ ក្រឹត្យ​វិន័យ​ពី​ព្រះ ។​

លិខិត​ថ្លែង​ថា « សកលលោក​នេះ ជាទី​ដែល​ព្រះ​គ្រប់គ្រង ក៏​មាន​នូវ​ក្រឹត្យ​វិន័យ​ដែរ ---ជា​ក្រឹត្យវិន័យ​សាកល ហើយ​អស់​កល្ប ---រួម​នឹង​ពរជ័យ​ជាក់លាក់ និង ​ការ​ដាក់ទោស​ដែល​មិន​ផ្លាស់ប្ដូរ » ។

ពាក្យ​ចុង​ក្រោយ​ក្នុង​លិខិត​នេះ​ផ្ដោត​លើ​ការ​គោរព​​ក្រឹត្យវិន័យ​ព្រះ​ថា ៖ « បើ​អ្នក​ចង់​ត្រឡប់​មក​រក​មនុស្ស​ជាទី​ស្រឡាញ់​​វិញ​ដោយ​គ្មាន​ការ​សោកស្ដាយ … បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​​ម្នាក់ ហើយ​រស់​នៅ​ដោយ​រីករាយ ---​នោះ​ត្រូវ​គោរព​​ក្រឹត្យវិន័យ​ព្រះ ។ ធ្វើ​បែបនេះ អ្នក​អាច​បន្ថែម​សេរីភាព​ទាំងនោះ​​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន ដែល​អ្នក​ពិបាក​ការពារ ជា​សេរីភាព​មួយ​ទៀត​ដែល​ជន​ដទៃ​អាច​ពឹង​អាស្រ័យ​លើ​​ ជា​សេរីភាព​ពី​បាប ត្បិត ‹ ការ​គោរព​ដល់​​ក្រឹត្យវិន័យ​ជា​សេរីភាព ›​ » ។​2

ហេតុអ្វី​ឃ្លា « ការ​គោរព​ដល់​​ក្រឹត្យវិន័យ​ជា​សេរីភាព » មានន័យ​សម​ហេតុផល​ចំពោះ​ខ្ញុំ​នា​ពេល​នោះ ? ហេតុអ្វី​វា​សម​ហេតុផល​ចំពោះ​យើង​គ្រប់គ្នា​នៅ​ពេល​នេះ ?

ប្រហែល​ដោយ​សារ​យើង​បាន​ទទួល​ចំណេះ​ដឹងមួយ​ពី​ប្រវត្តិ​នៃ​ជីវិត​យើង​មុន​ផែនដី ។ យើង​ដឹង​ថាពេល​ ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​​បង្ហាញ​ពី​ផែនការ​ទ្រង់ដល់​យើង​​​តាំង​ពី​គ្រា​ដំបូង ---​សាតាំង​ចង់កែប្រែ​ផែនការ​នោះ ។ វា​និយាយ​ថា​ វា​នឹង​​សង្គ្រោះ​មនុស្ស​ទាំងអស់ ។ គ្មាន​ព្រលឹង​ណាមួយ​បាត់​បង់​ឡើយ ហើយ​សាតាំង​បាន​មាន​ទំនុក​ចិត្ត​ថា ​វា​អាច​សម្រេច​ការ​ស្នើសុំ​​វា​បាន ។ តែ​មាន​តម្លៃ​មួយ​ដែល​ពុំ​អាច​ទទួល​យក​បាន ---ជា​ការ​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ដែល​ជា​អំណោយ​ទាន​ពី​ព្រះ ( សូម​មើល ម៉ូសេ 4:1–3 ) ។ ចំពោះ​អំណោយ​នេះ ប្រធាន ហារ៉ូល ប៊ី លី បាន​ថ្លែង​ថា « បន្ទាប់​ពី​ជីវិតនេះ សិទ្ធិ​ជ្រើសរើស​ជា​អំណោយ​​ធំ​បំផុត​ដែល​ព្រះ​ផ្ដល់​ឲ្យ​មនុស្ស​លោក » ។3 ដូច្នេះ​វា​ពុំ​មែន​ជា​រឿង​តូចតាច​ដែល​សាតាំង​ត្រូវ​បដិសេធ​សិទ្ធិ​ជ្រើស​រើស​មនុស្ស​ឡើយ ។ ពិត​ណាស់ វា​បាន​ក្លាយ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​សង្គ្រាម​ស្ថាន​សួគ៌​បាន​កើត​ឡើង ។ ជ័យជំនះ​ក្នុង​សង្គ្រាម​ស្ថាន​សួគ៌​នោះ​ជា​ជ័យជំនះ​សម្រាប់​សិទ្ធិ​ជ្រើស​រើស​របស់​មនុស្ស ។

តែ សាតាំង ពុំ​ទាន់​ឈប់​ឡើយ ។ ផែនការ​បម្រុង​មួយ​ទៀត​របស់​វា ---​ជា​ផែនការ​ដែល​វា​បាន​ប្រើ​តាំង​ពី​សម័យ​ អ័ដាម និង ​អេវ៉ា មក​ម្ល៉េះ ---គឺ​ការ​ល្បួង ​បុរស និង ​ស្ត្រី ជា​ពិសេស​ដើម្បី​បង្ហាញ​ថា​យើង​ពុំ​សម​នឹង​ទទួល​អំណោយ​នៃ​សិទ្ធិ​ជ្រើស​រើស​ពី​ព្រះ​ឡើយ ។ សាតាំង​មាន​​ហេតុផល​ច្រើន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​វា​ធ្វើ ។ ប្រហែល​ជា​វា​ធ្វើ​សម្រាប់​ការ​សងសឹក​មួយ​ដ៏​ធំ តែ​វា​ក៏​ចង់​ធ្វើ​ឲ្យ​មនុស្ស​រងទុក្ខ​ដូចជា​វា​ដែរ ។ យើង​គ្រប់​គ្នា​ពុំ​គួរ​មើល​ស្រាល​លើ​​ការ​តាំង​ចិត្ត​ដើម្បី​ទទួល​បាន​​ជោគជ័យ​របស់​សាតាំង​ឡើយ ។ តួនាទី​វា​ក្នុង​ផែនការ​អស់​កល្ប​នៃ​ព្រះ​បង្កើតគឺ « ការ​ផ្ទុយ​ចំពោះ​រឿង​សព្វ​សារពើ » ( នីហ្វៃទី 2 2:11​ ) ហើយ​ល្បង​សិទ្ធិ​ជ្រើស​រើស​យើង ។​ ការ​ជ្រើសរើស​នីមួយៗ​ដែល​អ្នក និង​ ខ្ញុំ​ធ្វើ​ជា​ការ​ល្បង​មួយ​ពី​សិទ្ធិ​ជ្រើសរើស​យើង ---​មិន​ថា​យើង​រើស​យក​ការ​គោរព ឬ ​​មិន​គោរព​​​បញ្ញត្តិ​នៃ​ព្រះ​នោះ​ទេ វា​ជា​ការ​ជ្រើសរើស​មួយ​រវាង « សេរីភាព និង ​ជីវិត​អស់​កល្ប » និង « ការ​ជាប់ឃុំ​ឃាំង និង​ ក្ដី​ស្លាប់ » ។​​​

គោលលទ្ធិ​សំខាន់​នេះ ​បាន​បង្រៀន​យ៉ាង​ច្បាស់​ក្នុង​នីហ្វៃទី 2 ជំពូកទី2 ថា ៖ « ហេតុ​ដូច្នោះ​ហើយ មនុស្ស​លោក​មាន​សេរីភាព​ស្រប​តាម​សាច់​ឈាម ហើយ​អ្វីៗ​សព្វសារពើ​ត្រូវ​បាន​ផ្ដល់​ដល់​ពួកគេ​ដែល​ជា​ការ​ចាំបាច់​ដល់​មនុស្ស ។ ហើយ​ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​តាមរយៈ​ព្រះ​ជា​អ្នក​សង្រួប​សង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំងអស់ ឬ​ ក៏​រើស​យក​ការ​ជាប់​ឃុំឃាំង និង​ការ​ស្លាប់​ស្រប​តាម​ការ​ជាប់​ឃុំ​ឃាំង​ និង ​អំណាច​របស់​អារក្ស ត្បិត​វា​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូច​វា​ដែរ » ។នីហ្វៃទី2 2:27

តាម​វិធី​ជាច្រើន ពិភពលោក​នេះ​តែង​ជួប​សង្គ្រាម​ជានិច្ច ។ ខ្ញុំ​ជឿ​ថា​ពេល​គណៈប្រធាន​ទី​មួយ​ផ្ញើ​សៀវភៅ​តូច​ពណ៌​ត្នោត​នោះ​ឲ្យ​ខ្ញុំ ពួក​លោក​មាន​កង្វល់​ខ្លាំង​ពី​សង្គ្រាម​មួយ​ដែល​ធំជាងសង្គ្រាម​លោក​លើក​ទី 2 ​ទៅទៀត ។ ខ្ញុំ​ក៏​ជឿ​ផង​ដែរ​ថា​ពួក​លោក​សង្ឃឹម​ថា ​សៀវភៅ​នេះ​នឹង​ក្លាយ​ជា​ខែល​នៃ​ក្ដី​ជំនឿ​មួយ​ប្រឆាំង​នឹង​សាតាំង និង ​ទ័ព​វា​ក្នុង​សង្គ្រាម​ដ៏​ធំ​នេះ ---​ជា​សង្គ្រាម​ប្រឆាំង​នឹងអំពើ​​បាប ---​ហើយ​ធ្វើ​ជា​ការ​រំឭក​ចាំ​មួយ​ដល់​ខ្ញុំ​ឲ្យ​រស់​នៅ​តាម​បញ្ញត្តិ​ព្រះ ។​​​

របៀប​មួយ​ដើម្បី​វាស់​វែង​ខ្លួន​យើង ហើយ​ប្រៀប​ធៀបយើង​​នឹង​ជំនាន់​មុនៗ ​គឺ​ដោយ​បទដ្ឋាន​ដ៏​បុរាណ​មួយត្រូវបានមនុស្សស្គាល់​ថា​ ---ជា​ក្រឹត្យវិន័យ​ដប់​ប្រការ ។ ត្បិត​​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់ ជាពិសេស សង្គមដែល​មាន​អារ្យ​ធម៌​របស់​ពួក​យូដា និង ពួក​គ្រីស្ទាន ភាគច្រើន​​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ត្រូវ​បាន​គេ​ទទួល​យក និង បន្តធ្វើ​ជា​ខណ្ឌ​សីមា​រវាង ​អំពើ​ល្អ និង អាក្រក់ ។

តាម​ខ្ញុំ​គិត ក្នុង​ចំណោម​ក្រឹត្យវិន័យ​ដប់​ប្រការ ​មាន​ក្រឹត្យ​វិន័យ​បួន​ត្រូវ​បាន​គេ​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្លាំងនា​ពេល​សព្វ​ថ្ងៃ​នេះ ​ជាង​ពេល​មុនៗ ។ តាម​វប្បធម៌ យើង​មាក់ងាយ ហើយ​ដាក់​ទោស​ដល់​ឃាតកម្ម ការ​លួច និង​កុហក ហើយ​យើង​នៅ​តែ​ជឿលើ​ទំនួល​ខុស​ត្រូវ​របស់​កូន​ចំពោះ​ឪពុកម្ដាយ​ខ្លួន ។

តែក្នុង​នាម​​ជា​សង្គម​ដ៏​ធំ​មួយ ជាទូទៅ​យើង​បាន​ភ្លេច​ក្រឹត្យវិន័យ​ប្រាំ​មួយ​ផ្សេងទៀត ៖​

  • បើ​អាទិភាព​ខាង​លោកិយ​ជា​រឿង​សំខាន់ នោះ​យើង​ប្រាកដ​ជា​មាន « ព្រះ​ផ្សេងទៀត » យើង​​ដាក់​មុន​ព្រះ​ដ៏​ពិត ។​​

  • យើង​បង្កើត​​រូប​សំណាក​​នៃ​តារា​ល្បីៗ អំពី​របៀប​រស់​នៅ អំពី​ទ្រព្យ​សម្បត្តិ ហើយ​ពិត​ណាស់​ ពេល​ខ្លះ​អំ​ពី​រូប​ ឬ​វត្ថុ​ចម្លាក់ ។

  • យើង​ប្រើ​ព្រះនាម​ព្រះ​ដោយ​ខ្វះ​ការ​គោរពនៅ​គ្រប់​វិធី រួម​ទាំង​ការ​លាន់មាត់ និង ​ការ​ស្បថ​របស់​យើង​ដែរ ។

  • យើង​ប្រើ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ថ្ងៃ​ប្រកួត​ដ៏​ធំ​បំផុត​ ការ​កម្សាន្ត​ដ៏​ធំ ការ​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​ដ៏​ច្រើន ហើយ​ជាក់​ស្ដែង​ គឺ​អ្វីៗ​គ្រប់​យ៉ាង​ផ្សេងទៀត ជាជាង​ការ​ថ្វាយ​បង្គំ ។​

  • យើង​ចាត់​ទុក​ទំនាក់ទំនង​ផ្លូវ​ភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ថា​ ជា​រឿង​កម្សាន្ត​សប្បាយ ។

  • ហើយ​ការលោភ​​ចង់​បាន ​បាន​ក្លាយ​ជា​វិធី​ពេញ​និយម​មួយ​ក្នុង​ជីវិត ។ ( សូម​មើល​ លោកុប្បត្តិ 20:3–17) 

ព្យាការី​គ្រប់​សម័យ​កាល​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​អំ​ពីការបំពាន​បញ្ញត្តិ​សំខាន់​ពីរ ---​គឺ​បញ្ញត្តិ​ទាក់​ទង​នឹង​ឃាតកម្ម និង​ ការផិតក្បត់ ។ ខ្ញុំ​ឃើញ​នូវ​​គ្រឹះ​រួម​គ្នា​មួយ​​ចំពោះ​បញ្ញត្តិ​ដ៏​សំខាន់​ទាំង​ពីរ​នេះ ---ជា​ការ​ជឿ​ថា​​ ជីវិត​ជា​សិទ្ធិ​នៃ​ព្រះ ហើយថា​រូបកាយ​យើង​ ដែល​ជា​ព្រះវិហារ​បរិសុទ្ធ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ គប្បី​ត្រូវ​បង្កើត​ឡើង​ក្នុង​ចំណង​ដែល​ព្រះ​បាន​រៀបចំ ។ កាល​​ដែល​​មនុស្ស​យក​ច្បាប់​របស់​ខ្លួន​មក​ជំនួស​ឲ្យ​ក្រឹត្យ​វិន័យ​ព្រះ មិន​ថាជា​​ការ​បង្កើត​ជីវិត ឬ ​ការ​ដក​យក​ជីវិត​នោះ​ទេ វា​ជា​​ឧទាហរណ៍​ដ៏​ធំ​មួយ​នៃ​ការ​សន្មត់​ទុក​ជាមុន និង ​ជម្រៅ​នៃ​អំពើ​បាប ។ ​​

ឥទ្ធិពល​ចម្បង​នៃ​ការ​ចុះ​អន់​ថយ​ឥរិយាបថ​ទាំងនេះចេញ​ពី​បរិសុទ្ធភាព​​នៃ​ការ​រៀបការ​ គឺ​នាំឲ្យ​មាន​​ផល​វិបាក​ដល់​គ្រួសារ ---គឺ​ថា​កម្លាំង​នៃ​គ្រួសារ​កំពុងតែ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំងដល់​ចំណុច​មួយ​ដែលគួរ​ឲ្យ​រន្ធត់ ​។ ​ការ​ទ្រុឌ​ទ្រោម​​នេះ ​កំពុង​តែរាល​ដាល​​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដល់​សង្គម​យ៉ាង​ខ្លាំង ។ ខ្ញុំ​ឃើញ​បុព្វហេតុ​ និង ​ឥទ្ធិពល​វាផ្ទាល់ ។ ពេល​យើង​បោះបង់​ការ​តាំង​ចិត្ត និង​ ភក្ដីភាព​ចំពោះ​ដៃគូ​​​រៀបការ​យើង នោះ​យើង​ដក​យក​ចំណង​​ដែល​ចង​ភ្ជាប់​​សង្គម​យើងចេញ​ហើយ ។​

វិធី​ដ៏​ល្អ​មួយ​ដើម្បី​គិតអំ​​ពី​បញ្ញត្តិ​​ទាំងឡាយ​ គឺថា​​វា​ជា​ការ​ទូន្មាន​ដោយ​ក្ដី​ស្រឡាញ់​ពី​ព្រះវរបិតា​សួគ៌​​មួយ​អង្គ​ដ៏​ឈ្លាសវៃ ហើយ​ជ្រាប​គ្រប់​ការ​ទាំងអស់ ។ គោលដៅ​ទ្រង់​ គឺ​សុភមង្គលដ៏​​អស់​កល្បរបស់​​យើង ហើយ​បញ្ញត្តិ​ទ្រង់ ​គឺ​ជា​ផែនទី​ដែល​ទ្រង់​ផ្ដល់​ឲ្យ​យើង​ដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ដែល​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​យើង​នឹង​មាន​ភាព​រីករាយ​ដ៏​អស់​កល្ប ។ តើ​ផ្ទះ និង ​គ្រួសារ​មាន​សារៈសំខាន់​បែប​ណា​ចំពោះ​សុភមង្គល​អស់​កល្ប​របស់​យើង ?​ នៅ​ទំព័រ 141 នៃ​សៀវភៅ​តូច​ពណ៌​ត្នោត វា​ថ្លែង​ថា « ពិត​ណាស់ ស្ថានសួគ៌​យើង​ គឺ​ជា​តំណាង​​នៃ​ផ្ទះ​របស់​យើង​ក្នុង​ភាព​អស់​កល្ប » ។ 4

គោលលទ្ធិអំ​ពី​គ្រួសារ និង ​ផ្ទះ​ត្រូវ​បាន​ពង្រឹង​ឡើង​វិញ​នា​ថ្មីៗ​នេះ ​រួម​ជាមួយ​នឹង​ភាព​ច្បាស់​លាស់ និង​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​នៅ​ក្នុង « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ។ វា​បាន​ប្រកាសអំ​ពី​លក្ខណៈ​អស់​កល្ប​នៃ​គ្រួសារ រួចហើយ​បាន​ពន្យល់អំ​ពី​ទំនាក់ទំនង​នឹង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សេចក្ដី​ប្រកាស​នេះ​ក៏​ប្រកាស​ផង​ដែរ​អំពី ​ក្រឹត្យវិន័យ​ដែល​សុភមង្គល​អស់​កល្ប​នៃ​គ្រួសារ​ផ្អែក​ទៅ​លើ គឺ « អំណាច​ពិសិដ្ឋ​នៃ​ការ​បង្កើត​កូន​ គឺ​ត្រូវ​បាន​ប្រើ​រវាង​បុរស និង ​ស្ត្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ស្រប​ច្បាប់​ជា​ប្ដី និង ​ប្រពន្ធ​ប៉ុណ្ណោះ » ។5

ព្រះ​បើក​សម្ដែង​ដល់​ពួក​ព្យាការី​ទ្រង់​ថា មាន​គោលការណ៍​សីលធម៌​ជាច្រើន ។ អំពើ​បាប​នឹង​នៅតែ​ជា​អំពើ​បាប ។ ការ​មិន​គោរព​ដល់​បញ្ញត្តិ​ព្រះអម្ចាស់​ នឹង​ដក​ហូត​យក​ពរជ័យ​ទ្រង់​ពី​យើង​ជានិច្ច ។ ពិភពលោក​នេះ​ ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់ តែ​ព្រះ និង ​បញ្ញត្តិ​ទ្រង់ ព្រមទាំង​ពរជ័យ​ដែល​បាន​សន្យា​មិន​ផ្លាស់​ប្ដូរ​ឡើយ ។ វា​មិន​ចេះ​ប្រែប្រួល និង ​មិន​កែប្រែ ។ ​បុរស និង ​ស្ត្រី​ទទួល​សិទ្ធិ​ជ្រើស​រើស​របស់​ខ្លួន​ជា​អំណោយ​មួយ​ពី​ព្រះ តែ​លទ្ធផលនៃ​​សេរីភាព និង ​សុភមង្គល​អស់​កល្ប​របស់​ពួកគេ ​កើត​ចេញ​មក​ពី​ការ​គោរព​ដល់​​ក្រឹត្យ​វិន័យ​ទ្រង់ ។ ដូច​ជា ​អាលម៉ា បាន​ទូន្មាន​កូន​ប្រុស​ដ៏​ចចេស​រឹង​រូសគឺ​​ កូរីអានតុន ថា « សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ( អាលម៉ា 41:10 ) ។​

ក្នុង​រឿងនៃ​ថ្ងៃ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​ដ៏​ពេញលេញ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ម្ដងទៀត​ដល់​យើង​នូវ​​ពរជ័យ​ដែល​បាន​សន្យា​ចំពោះ​យើង​ ចំពោះ​​ការ​គោរព​ដល់​បញ្ញត្តិ​ទ្រង់​ ។

នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា 130 យើង​អាន​ថា ៖

« មាន​ក្រឹត្យ​វិន័យ​មួយ​ដ៏​ពុំ​អាច​ដក​ចេញ​បាន​ ដែល​បាន​ធ្វើ​នៅ​ស្ថានសួគ៌​មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​គ្រប់​ព្រះពរ​ទាំងអស់​ផ្អែក​ទៅលើ ---​

« ហើយ​កាល​ណា​យើង​បាន​ព្រះពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការ​គោរព​ដល់​ក្រឹត្យវិន័យ​នោះ​ដែល​ព្រះពរ​នោះ​ផ្អែក​ទៅលើ »( គ. និង ស. 130:20–21)  ។

ពិត​ណាស់ គ្មាន​គោលលទ្ធិ​ណា​មួយ​ដែល​បាន​សម្ដែង​ចេញ​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ព្រះ​គម្ពីរ ជា​​​ជាង​បញ្ញត្តិ​ដែល​​មិន​ផ្លាស់​ប្ដូរ​របស់​ព្រះអម្ចាស់ និង​ ទំនាក់ទំនង​របស់​វា​ជាមួយ​នឹង​សុភមង្គល និង​ សុខុមាលភាព​យើង​ផ្ទាល់ខ្លួន ជា​គ្រួសារ និង ​សង្គម​ទាំងមូល​នោះ​ឡើយ ។ វា​មាន​នូវភាព​ច្បាស់លាស់​ខាង​សីលធម៌ ។ ការ​មិន​គោរព​​បញ្ញត្តិ​ព្រះអម្ចាស់​នឹង​ដក​ហូត​យក​ពរជ័យ​ទ្រង់​ពី​យើង​ជានិច្ច ។ រឿង​ទាំងនេះ​ពុំ​ផ្លាស់​ប្ដូរ​ឡើយ ។

ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការ​ដឹកនាំ​ខាង​សីលធម៌​នៃ​សង្គម ​កំពុង​តែ​មាន​ភាព​រអាក់​​​រអួល នោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​បាន​ស្ដារ​ឡើង​វិញ ឬ​ ស្តេក និង ​វួដ ក្រុម​គ្រួសារ ឬ​ សមាជិក​នៃ​ដំណឹងល្អ​ មិន​ត្រូវ​មាន​ចិត្ត​វៀចវេរ​ឡើយ ។ យើង​មិន​ត្រូវ​ជ្រើស​យក​បញ្ញត្តិ​ណា​មួយ​ដែល​យើង​គិត​ថា​សំខាន់​ដើម្បី​គោរព​នោះ​ទេ តែ​ត្រូវ​ទទួល​ស្គាល់​រាល់​បញ្ញត្តិ​ព្រះ ។ យើង​ត្រូវ​ឈរ​ឲ្យ​រឹងមាំ ហើយ​ខ្ជាប់ខ្ជួន ដោយ​មាន​ទំនុក​ចិត្ត​ឥត​ខ្ចោះ​លើ​ភាព​ទៀងទាត់​របស់​ព្រះអម្ចាស់ និង​ លើ​ការ​សន្យា​របស់​ទ្រង់ ។

សូម​ឲ្យ​យើង​ធ្វើ​ជា​ពន្លឺនៅ​​លើ​ភ្នំ ជា​គំរូ​មួយ​ក្នុង​ការ​គោរព​​បញ្ញត្តិ​ដែល​ពុំ​ធ្លាប់​បាន​ផ្លាស់​ប្ដូរ ហើយ​​នឹង​ពុំ​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត ។ ដូចជា​សៀវភៅ​តូច​នេះ​បាន​លើក​ទឹកចិត្ត​ដល់​ទ័ព អិល.ឌី.អេស ឲ្យ​​ឈរ​រឹង​មាំ​ក្នុង​សីលធម៌​ដែរ សូម​ឲ្យ​យើង​ធ្វើជា​​ប្រភព​ពន្លឺ​មួយ​ដល់​ផែនដី ហើយ​ជាពិសេស​ដល់​កូនចៅ​ព្រះ​ដែល​កំពុង​ស្វែង​រក​ពរជ័យ​នៃ​ព្រះអម្ចាស់ ក្នុង​សង្គ្រាម​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ​ខ្ញុំ​សូម​ថ្លែង​ពី​កិច្ចការ​នេះ​ក្នុង​ព្រះនាម​នៃ ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. គណៈប្រធានទីមួយ នៅក្នុងPrinciples of the Gospel ( ឆ្នាំ1943 ) ។

  2. Principles of the Gospel ទំព័រ 5, 7, 8 ។

  3. Teachings of Presidents of the Church: ហារ៉ូល ប៊ី លី (ឆ្នាំ 2000) ទំព័រ 4 ។

  4. ស្ទេផាន អិល រីឆាត ក្នុង Principles of the Gospel ទំព័រ141 ។

  5. « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។