ព្រះវរបិតា និង ព្រះរាជបុត្រា
គោលការណ៍សំខាន់បំផុតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង អំណាចនៃដំណឹងល្អដើម្បីសង្គ្រោះ គឺជាការយល់ដឹងដ៏ត្រឹមត្រូវ អំពីព្រះវរបិតា និង ព្រះរាជបុត្រា ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមានអំណរគុណនឹងនិយាយទៅកាន់អ្នក នាពេល រសៀលនេះក្នុងសន្និសីទទូទៅដ៏បំផុសគំនិតនេះ !
ក្នុងការនិយាយអំពីប្រធានបទមួយ ដែលខ្ញុំគិតថាពិសិដ្ឋបំផុត ជាដំបូង ខ្ញុំសូមទទួលស្គាល់ ជាមួយនឹងអំណរគុណចំពោះពលិកម្មនៃពួកគ្រីស្ទានជាច្រើនរូបក្នុងប្រវត្តិសាស្ត្រ រួមទាំងជីដូនជីតាខ្ញុំនៃអ្នកកាន់សាសនាប្រូតេស្តង់ ជនជាតិបារាំង និង អ្នកកាន់សាសនាកាតូលីក ជនជាតិអៀឡង់ ។ ដោយសារជំនឿ និង ការថ្វាយបង្គំរបស់ពួកគាត់ចំពោះព្រះ នោះពួកគាត់ជាច្រើនរូប បានលះបង់មុខតំណែង ទ្រព្យសម្បត្តិ ថែមទាំងជីវិតគេផង ក្នុងការការពារព្រះ និង ជំនឿរបស់ពួកគេ ។1
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ពួកគ្រីស្ទាន យើងក៏មានជំនឿរឹងមាំ និង ខ្លាំងក្លាទៅលើព្រះ ជាព្រះវរបិតាដ៏អស់កល្ប និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ការបូជាចំពោះព្រះ តែងតែពិសិដ្ឋ និង ផ្ទាល់ខ្លួន រវាងយើងម្នាក់ៗ និង ព្រះអង្គបង្កបង្កើតរបស់យើង ។
ការស្វែងរកជីវិតអស់កល្បរបស់យើង គឺគ្មានអ្វីក្រៅពីការស្វែងយល់ថា ព្រះជានរណា និង ដើម្បីយើងត្រឡប់ទៅរស់នៅជាមួយទ្រង់វិញនោះទេ ។ ព្រះអង្គសង្គ្រោះបានអធិស្ឋានដល់ព្រះវរបិតាទ្រង់ថា « នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និង ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក » ។2
សូម្បីតែនៅក្នុងការយល់ដឹងអំពីការប្រកាសនេះ ដោយព្រះអង្គសង្រ្គោះទ្រង់យើងផ្ទាល់ ក៏មនុស្សទូទៅមើលពីលក្ខណៈរបស់ព្រះវរបិតា និង ព្រះរាជបុត្រា អស់ជាច្រើនសតវត្សន៍មក និង ក្នុងចំណាមមនុស្សភាគច្រើន គឺមានភាពផ្ទុយគ្នាយ៉ាងច្បាស់ ជាមួយនឹងការបង្រៀននៅក្នុងព្រះគម្ពីរបរិសុទ្ធ ។
យើងព្រមទទួលដោយគោរពថា គោលការណ៍សំខាន់បំផុតនៃដំណឹងល្អរបស់ ព្រះយេស៊ូវគ្រីស្ទ និង អំណាចនៃដំណឹងល្អដើម្បីសង្គ្រោះ គឺជាការយល់ត្រឹមត្រូវ អំពីព្រះវរបិតា និង ព្រះរាជបុត្រា ។3
សារៈសំខាន់នៃគោលការណ៍សំខាន់បំផុតនៃដំណឹងល្អរបស់ ព្រះយេស៊ូវនេះ ត្រូវបានបញ្ជាក់ដោយការនិមិត្តដំបូងរបស់ ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង ឆ្នាំ 1820 ។ ព្យាការីបានសរសេរថា៖ « ខ្ញុំបានឃើញតួរអង្គពីរ ដែលមានរស្មី និង សិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួរអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ចូរស្តាប់តាមទ្រង់ចុះ! » ។ 4
បន្ទាប់ពីបទពិសោធន៍របស់ យ៉ូសែបនេះ មានការនិមិត្ត និង វិវរណៈជាច្រើនទៀត បើកបង្ហាញថា ព្រះពិតជាមានមែន ព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គដាច់ឡែកពីគ្នា ហើយមនុស្សត្រូវបានបង្កើតឡើងតាមរូបអង្គព្រះ ព្រះវរបិតាសួគ៌របស់យើង គឺពិតជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ព្រះបន្តបង្ហាញអង្គទ្រង់ដល់មនុស្ស ព្រះតែងតែគង់នៅជិត និង យកព្រះទ័យទុកដាក់នឹងយើងជានិច្ច ហើយទ្រង់ឆ្លើយតបការអធិស្ឋានរបស់យើង ។
ទោះជាកម្រមានការបង្ហាញនៃតួអង្គរបស់ ព្រះវរបិតា និង ព្រះរាជបុត្រា ស្រដៀងគ្នា នៅក្នុងព្រះគម្ពីរបរិសុទ្ធក្តី ក៏ការពិតដ៏អស្ចារ្យនៃការនិមិត្តដំបូង ចុះសម្រុងគ្នាយ៉ាងល្អនឹងព្រឹត្តិការណ៍ ដែលបានកត់ទុកឯទៀតនៅក្នុងព្រះគម្ពីរបរិសុទ្ធដែរ ។
ជាឧទាហរណ៍ នៅក្នុងព្រះគម្ពីសញ្ញាថ្មី យើងអានទីបន្ទាល់ចុងក្រោយរបស់ ស្ទេផាន នៅពេលគេសម្លាប់គាត់ គាត់បាននិយាយថា៖ « មើលចុះ ខ្ញុំឃើញមេឃចំហរ និង កូនមនុស្សគង់ឈរនៅព្រះហស្ថស្តាំនៃព្រះ » ។ 5
នៅក្នុងការនិមិត្តដ៏ធំនៅលើកោះផាត់ម៉ូស សាវកយ៉ូហាន បានឃើញ « ព្រះដ៏មានព្រះចេស្តាបំផុត » 6ព្រមទាំងកូនចៀមរបស់ព្រះ ដែល « បានលោះយើង...ដោយលោហិត [ ទ្រង់ ] » ។ 7
ក្នុងព្រះគម្ពីរមរមន គោលលទ្ធិអំពីព្រះវរបិតា និង ព្រះរាជបុត្រា ឈរជាទីបន្ទាល់យ៉ាងរុងរឿង ជាមួយនឹងព្រះគម្ពីរបរិសុទ្ធ ។ ព្រះគម្ពីរមរមន មានកត់ទុកនូវការយាងទៅជួបសាសន៍នីហ្វៃរបស់ព្រះអង្គសង្គ្រោះ ដែលនៅក្នុងនោះសម្លេងរបស់ព្រះបិតាមានបន្ទូលប្រាប់អំពី ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ នៅក្នុងវត្តមានសាសន៍នីហ្វៃចំនួន 2,500 នាក់ថា « មើលន៏ បុត្រាដ៏ជាទីស្រឡាញ់របស់យើង ដែលយើងគាប់ចិត្តណាស់ ដែលបានដំកើងដល់នាមរបស់យើង—ចូរស្ដាប់តាមបុត្រាយើងចុះ »។8
នៅក្នុងដំណឹងល្អទាំងបួន ព្រះគ្រីស្ទផ្ទាល់មានបន្ទូលស្ដីអំពីព្រះវរបិតាសួគ៌របស់ទ្រង់ចំនួន 160 ដង នៅក្នុងការបង្រៀនជាសង្ខេបរបស់ទ្រង់រយៈពេលបីថ្ងៃ ក្នុងចំណោមពួកសាសន៍នីហ្វៃ ដូចដែលបានកត់ទុកនៅក្នុងព្រះគម្ពីរមរមន ទ្រង់មានបន្ទូលអំពីព្រះវរបិតាចំនួន 122 ដង ។
ជាឧទាហរណ៍ នៅក្នុងសៀវភៅ ម៉ាថាយ ព្រះយេស៊ូវ មានបន្ទូលថា ៖ « មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ » ។9
នៅក្នុងសៀវភៅ យ៉ូហាន ទ្រង់បានថ្លែងទីបន្ទាល់ថា « ព្រះរាជបុត្រា ពុំអាចធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ » ។ 10
ហើយនៅក្នុងសៀវភៅ លូកា ទ្រង់ប្រកាសថា « ព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្ថទ្រង់វិញ » ។ 11
រាល់ពេលព្រះអម្ចាស់យើង មានបន្ទូលសំដៅទៅព្រះវរបិតាទ្រង់ នោះទ្រង់ធ្វើឡើងដោយមានគារវភាព និង ភាពរាបទាបបំផុត ។
នៅក្នុងពាក្យពេចន៍នេះ ខ្ញុំសង្ឃឹមថានឹងគ្មានការយល់ខុសឡើយ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ជាព្រះមែស៊ីដែលបានសន្យាទុក ហើយដោយព្រោះតែដង្វាយធួនដ៏និរន្ដន៍របស់ទ្រង់ នោះទ្រង់គឺជាព្រះអង្គសង្រ្គោះ និង ព្រះប្រោសលោះនៃពិភពលោក ។ សាវក ប៉ុល បានប្រកាសអំពីទ្រង់ថា « គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែល [ ព្រះគ្រីស្ទ ] នឹងប្រគល់នគរដល់ព្រះដ៏ជាព្រះវរបិតា ជាវេលាដែល [ ព្រះគ្រីស្ទ ] ទម្លាក់អស់ទាំងរាជ្យ និង អំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ » ។ 12
ពេលល្ងាចមុនការធ្វើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានអធិស្ឋានទូលអង្វព្រះវរបិតា ជំនួសមនុស្សទាំងអស់ ។ ទ្រង់បានអធិស្ឋានថា ៖
« ទូលបង្គំមិនអធិស្ឋានឲ្យអ្នកទាំងនេះ [ គឺជាសាវករបស់ទ្រង់ ] តែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណាដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ
« ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់នៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយនៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត ។
« ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ » ។ 13
ព្រះវរបិតា និង ព្រះរាជបុត្រា ជាតួអង្គដាច់ឡែកពីគ្នា តែទ្រង់ធ្វើកិច្ចការរួមគ្នាយ៉ាងល្អឥតខ្ចោះ គឺតែមួយនៅក្នុងអំណាច និង គោលបំណង ។ ភាពតែមួយរបស់ទ្រង់ គឺពុំមែនសម្រាប់តែទ្រង់ប៉ុណ្ណោះទេ តែទ្រង់ចង់ឲ្យជនគ្រប់រូបមានភាពតែមួយដូចគ្នា ដោយមានការលះបង់ ការដើរតាម និង ការគោរពតាមបញ្ញត្តិរបស់ទ្រង់ ។
តើអ្នកស្វែងរកព្រះដ៏ស្មោះ អាចស្គាល់ ព្រះវរបិតា និង ព្រះរាជបុត្រា យ៉ាងដូចម្តេច ? ព្រះអង្គសង្គ្រោះ បានសន្យាថា « តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ... នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ » ។14
នៅក្នុងព្រះគម្ពីរមរមន ពេលនិយាយពីគោលលទ្ធិរបស់ព្រះគ្រីស្ទ នីហ្វៃ បានប្រកាសថា ព្រះវិញ្ញាណបរិសុទ្ធ « ធ្វើទីបន្ទាល់អំពីព្រះវរបិតា និង អំពីព្រះរាជបុត្រា » ។15
ពិតណាស់ថា ស្របទៅតាមឆន្ទៈរបស់ព្រះ នោះអំណាច ឬ អនុភាពនៃព្រះវិញ្ញាណបរិសុទ្ធ អាចទទួលអារម្មណ៍ដឹងម្តងម្កាល ដោយនរណាម្នាក់ ដែលមិនរើសថា ជាមនុស្សនៃសាសនាណាឡើយ ។ ប៉ុន្តែកម្រិតដ៏ពេញលេញ ឬ អំណោយនៃព្រះវិញ្ញាណបានមក តែបន្ទាប់ពីមនុស្សម្នាក់បានទទួល ដោយ « ចិត្តសង្រេង និង វិញ្ញាណទន់ទាប » 16នូវពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និង អំណោយនៃព្រះវិញ្ញាណបរិសុទ្ធ17ដោយការដាក់ដៃលើប៉ុណ្ណោះ ។ ពិធីបរិសុទ្ធពិសិដ្ឋទាំងនេះ និង ពិធីបរិសុទ្ធផ្សេងទៀត អាចត្រូវបានធ្វើឡើងក្រោមការដឹកនាំ និង អំណាចនៃបព្វជិតភាព នៃព្រះប៉ុណ្ណោះ។ យើងត្រូវបានបង្រៀនអំពីរឿងនេះថា៖
« ហើយបព្វជិតភាពដ៏ធំជាង ចាត់ចែងដំណឹងល្អ ហើយកាន់កូនសោនៃសេចក្តីអាថ៌កំបាំងទាំងឡាយនៃនគរ គឺជាកូនសោនៃចំណេះវិជ្ជាពីព្រះ ។
« ហេតុដូច្នេះហើយ នៅក្នុងពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្តែងឲ្យឃើញ » ។ 18
ដោយការយល់ដឹងនេះ គោលលទ្ធិរបស់ព្រះវរបិតា និង ព្រះរាជបុត្រា គឺជាគោលលទ្ធិនៃគ្រួសារ ដ៏អស់កល្បជានិច្ច ។ មនុស្សលោកគ្រប់រូប បានរស់នៅកាលពីមុនមកជាមួយមាតាបិតាសួគ៌ 19ជាបុត្រវិញ្ញាណ ជាមួយព្រះគ្រីស្ទជាបុត្រដំបូងរបស់ព្រះវរបិតា នៅក្នុងក្រុមគ្រួសារសួគ៌ានេះ ។ 20
ដូច្នេះគឺយើងរាល់គ្នា ។ យើងគឺជាបុត្ររបស់ព្រះវរបិតាសួគ៌យើង ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលមានការយល់ដឹងដោយការព្យាករណ៍ បានមានប្រសាសន៍ថា « ពេលយើងឆ្លងកាត់វាំងនន ទៅឯម្ខាងទៀត នោះគ្មានអ្វីដែលនឹងធ្វើឲ្យយើងភ្ញាក់ផ្អើលជាងការដឹងថា យើង ស្គាល់ព្រះវរបិតាយើងយ៉ាងច្បាស់ [ នៅស្ថានសួគ៌ ] ហើយថាយើងស្គាល់ព្រះភ័ក្ត្រទ្រង់ច្បាស់នោះទេ »។ 21
ខ្ញុំបានដឹងថា គ្មានភាសារបស់មនុស្សណាដែលអាចបញ្ចុះបញ្ចូលឲ្យជឿនូវរឿងទាំងនោះ ក្រៅពី ព្រះវិញ្ញាណបរិសុទ្ធ និង អំណាចរបស់ព្រះបើកសម្ដែងឲ្យស្គាល់នោះឡើយ ។ ដោយនូវព្រះវិញ្ញាណនេះ ខ្ញុំសូមថ្លែងទីបន្ទាល់ និង ធ្វើជាសាក្សីយ៉ាងឧឡារិកអំពីភាពពិត ភាពជិតស្និត និង សេចក្តីល្អនៃព្រះវរបិតាសួគ៌ដ៏អស់កល្ប ព្រមទាំងព្រះរាជបុត្រាដ៏បរិសុទ្ធទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។