ឆ្នាំ ២០១០-២០១៩
ព្រះអង្គសង្គ្រោះ​ចង់​អត់ទោសឲ្យ
ខែ មេសា 2013


11:14

ព្រះអង្គសង្គ្រោះ​ចង់​អត់ទោសឲ្យ

ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​យល់​ពី​ឆន្ទៈ​ទ្រង់​ក្នុង​ការ​អត់ទោស​ឲ្យ ។

អំឡុង​ការ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​យើង​លើ​ផែនដី​មាន​មនុស្ស​ជាច្រើន​បាន​ដើរ​តាម​ទ្រង់ រួម​ទាំង​ពួក​អាចារ្យ និង​ពួក​ផារីស៊ី « ចេញ​ពី​គ្រប់​ទាំង​ស្រុក​កាលីឡេ ស្រុក​យូដា និង​ ក្រុង​យេរូសាឡឹម » ។1 មាន​មនុស្ស​ខ្វិន​ម្នាក់​ដេក​នៅ​មួយ​កន្លែង​ដែល​មាន​បំណង​ចង់​ជា​សះ​ស្បើយ​ បាន​ត្រូវ​គេ​សែងចូល​ទៅ​ក្នុងហ្វូង​មនុស្ស​ដ៏​ច្រើន តែ​ពុំ​អាច​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ មិត្ត​គាត់​បាន​សែង​គាត់​ឡើង​ដំបូល​ផ្ទះ​ដែល​ព្រះអង្គ​សង្គ្រោះ​គង់​នៅ ហើយ​សំរូត​គាត់​ចុះ​មក ។ ដោយ​ឃើញ​ពី​ការ​បង្ហាញ​សេចក្ដី​ជំនឿ​បែប​នេះ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាសជាមួយ​នឹង​គោល​បំណង​ដែល​ពួក​អ្នក​ស្ដាប់​ទ្រង់​ពុំ​ទាន់​យល់​ដឹង​នៅ​ឡើយ​ថា « អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ » ។2

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ភ្ញាក់ផ្អើល ---ហើយ​ទោះ​ជា​ព្រះគម្ពីរ​ពុំ​បាន​ចែង​ពី​ប្រតិកម្ម​គាត់​ក្ដី ក៏គាត់​ប្រហែល​ជា​ឆ្ងល់ថា តើ​ហេតុ​អ្វីបាន​ជា​ព្រះអង្គ​សង្គ្រោះ​ដឹង​ថា​គាត់​មកដែរ ។

ព្រះ​អង្គ​សង្គ្រោះ​បាន​ជ្រាប​ថា ​មនុស្ស​ជាច្រើន​បាន​ដើរ​តាម​ទ្រង់​ដោយ​សារ​តែ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ ពីមុន​នេះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ជា​ស្រា3 បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់4 និង បាន​ប្រោស​កូន​ប្រុស​របស់​នាម៉ឺន5 ប្រោស​មនុស្ស​ឃ្លង់6 អ្នក​បម្រើ​របស់​មេទ័ព7 ម្ដាយ​ក្មេក​ពេត្រុស8

តែ​ជាមួយ​បុរស​ខ្វិន​ម្នាក់​នេះ ព្រះអម្ចាស់​បាន​ជ្រើសរើស​​ផ្ដល់​ភស្ដុតាង​ដល់​ទាំង​សាវក និងពួកអ្នក​រិះគន់​អំពី​តួនាទី​ដ៏​វិសេស​របស់​ទ្រង់ ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ដោយ​ឮ​បន្ទូល​ព្រះអង្គ​សង្គ្រោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ចាប់​ផ្ដើម​សួរ​គ្នា ដោយ​ពោល​ពាក្យ​ប្រមាថ​ទាំង​ល្ងង់​ខ្លៅ ពេល​ធ្វើ​ការ​សន្និដ្ឋាន​ថាមាន​តែ​ព្រះទេ​ទើប​អាច​អត់​ទោស​បាប​បាន ។ ដោយ​ជ្រាប​ពី​គំនិត​គេ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​ថា ៖

« ហេតុ​អ្វី​បាន​ជា​រិះ​គិត​ក្នុង​ចិត្ត​ដូច្នេះ ?

« ត្បិត​ដែល​ថា​បាប​អ្នក​បាន​អត់ទោស​ឲ្យ​អ្នក​ហើយ​ ឬ​ថា​ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង ? »9

ដោយ​ពុំរង់​ចាំ​ការ​តប​របស់​គេ ព្រះអង្គ​បាន​បន្ត​ទៀត​ថា ៖ « ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​កូន​មនុស្ស​មាន​អំណាច​នឹង​អត់ទោស​បាប​នៅ​ផែនដី​ បាន [ នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ ] ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង​យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ » ។10 ហើយ​ក៏​ធ្វើ​តាម !

តាមរយៈ​ការ​ព្យាបាល​ខាង​រូបកាយ​ដ៏​អស្ចារ្យ​នេះ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជាក់​​យើង​ពី​សេចក្ដី​​ពិត​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត​​នេះ​ថា ៖ កូន​មនុស្ស​អភ័យទោស​បាប !​​

ខណៈដែល​សេចក្តី​ពិត​នេះហៀប​ត្រូវ​បាន​ទទួល​យក​ដោយ​ពួក​អ្នក​ជឿ​ទាំង​អស់ នោះ​ការ​ពុំទទួល​ស្គាល់​ដោយ​ងាយ​គឺ​ជា​សេចក្តី​ពិតដ៏សំខាន់ថា​ ៖ ព្រះអង្គសង្រ្គោះ​អភ័យ​បាប « លើ​ផែនដី »​ ហើយ​មិនមែន​នៅ​តែ​ការ​ជំនុំជំនះ​ចុង​ក្រោយ​នោះ​ទេ ។ ទ្រង់​មិន​អាច​ជួយ​យើង​ក្នុង​អំពើ​បាបបាន​ទេ ។ 11 ទ្រង់​មិនព្រម​​ឲ្យ​យើង​ត្រឡប់​ទៅ​រក​បាប​ពីមុន​វិញ​ឡើយ ។ 12 ប៉ុន្តែ​នៅ​ពេល​យើង​ប្រែចិត្ត ហើយ​ធ្វើតាម​ នោះ​ទ្រង់នឹង​អត់​ទោស​ឲ្យ ។13

ក្នុង​ការ​អត់ទោស​នេះ​យើង​ឃើញ​ពីលទ្ធភាព និង ​អំណាច​ប្រោស​លោះ​ដែល​អាច​ធ្វើ​ទៅ​បាន​នៃ​ដង្វាយ​ធួន​​ត្រូវ​បាន​អនុវត្ត​ដោយ​ផ្អែមល្ហែម និង​សប្បុរស ។ បើ​យើង​អនុវត្ត​​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ អំណាច​ដែល​ធ្វើឲ្យ​រួច​​នៃ​ដង្វាយ​ធួនទ្រង់​ពង្រឹង​យើង​ក្នុង​គ្រា​ដែល​យើង​ត្រូវ​ការ14 ហើយ​អំណាច​ប្រោស​លោះ​ទ្រង់​ប្រទាន​ពរ​​យើង ពេល​យើង​« [ សម្រាត ] ​ចោល​ភាព​ខាង​សាច់​ឈាម » ។15 ការណ៍​នេះ​នាំ​ក្ដី​សង្ឃឹម​ដល់​មនុស្ស​គ្រប់​រូប ជាពិសេស​ដល់​ជន​ដែល​​មាន​អារម្មណ៍​ថា​ ការ​ព្យាបាល​ភាព​ទន់ខ្សោយ​របស់​មនុស្ស ​គឺ​ហួស​ពី​ឆន្ទៈ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​ជួយ​សង្គ្រោះ ។​

ដោយ​ការ​ផ្ដល់​ឱកាសឲ្យ​​ព្រះអង្គសង្គ្រោះ ដើម្បី​បំភ្លឺ​ដល់​ការ​យល់​ដឹង​យើង16 គ្រា​មួយ​ពេត្រុស​​បាន​សួរ​​ថា​តើ​គាត់​គួរ​អត់ទោស​ដល់​បងប្អូន​ប្រុស​គាត់​ប៉ុន្មាន​ដង « តើ​ដល់​ប្រាំពីរ​ដង​ឬ​អី ? » ពិត​ណាស់ នោះ​លើស​ពី​គ្រប់​គ្រាន់​ទៅទៀត ។ តែ​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​បើក​​ផ្លូវ​ឲ្យ​យើង​យល់​ពី​ដួង​ចិត្ត​មេត្តា​ទ្រង់​ថា ៖ « ខ្ញុំ​មិន​ថា​ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​ប្រាំ​ពីរ​ដង​ទេ គឺ​ដល់​ប្រាំពីរ​ចិត​សិប​ដង​ទៅ​ទៀត » ។17

ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​យល់​ពី​ឆន្ទៈ​ទ្រង់​ក្នុង​ការ​អត់ទោស​ឲ្យ ។ ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ព្រះអម្ចាស់​បាន​ពោល​ពាក្យ « អំពើ​បាប​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ » ជា​ពាក្យ​ស្រដៀង​គ្នា​នេះ 18 ដល់​ជន​ដែល​ទ្រង់​មាន​បន្ទូល​ជាមួយ ។​ប្រហែល​ជា​ពាក់​កណ្ដាល​នៃ​គ្រា​ទាំងនោះ បន្ទូល​ព្រះអម្ចាស់​ត្រូវ​បាន​និយាយ​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ពេល​ខ្លះ​សំដៅ​លើ​លោក​តែ​ម្នាក់​ឯង ពេល​ខ្លះ​សំដៅ​ទៅ​លើ​មនុស្ស​ផ្សេង​ទៀត ។19 បន្ទូល​ដំបូង​ត្រូវ​កត់ត្រា​ក្នុង​ឆ្នាំ 1830 ហើយ​ចុង​ក្រោយ​ក្នុង​ឆ្នាំ 1843 ។ ដូច្នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែប ម្ដង​ហើយ​ម្ដង​ទៀត​ថា « អំពើ​បាប​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ » ។​

ខណៈ យ៉ូសែប គ្មាន​ « ទោស​ដ៏​ធំ ឬ​មាន​បាប​ធ្ងន់​នោះ » ​20 យើង​ត្រូវ​ចាំ​ថា ពាក្យ « ប្រាំពីរ​ចិត​សិប​ដង »​ របស់​ព្រះអម្ចាស់​ពុំ​កំណត់​ការ​អត់ទោស​ឡើយ លើក​លែង​តែ​មួយ​ចំនួន​តូច​ ស្រប​តាម​ទំហំ​នៃ​អំពើ​បាប ។

ពេល​មាន​បន្ទូល​ទៅ​កាន់​ពួក​អែលឌើរ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ ខឺតឡង់ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « យើង​ចង់​ឲ្យ​អ្នករាល់គ្នា​ឈ្នះ​លើ​លោកិយ ហេតុ​ដូច្នោះ​ហើយ យើង​នឹង​មាន​ចិត្ត​អាណិត​មក​លើ​អ្នក » ។21 ព្រះអម្ចាស់​ជ្រាប​ពី​ភាព​ទន់ខ្សោយ​យើង និង​ការ​ពិន័យ​​អស់​កល្ប​នៃ « លោកិយ » មក​លើ​បុរស​ស្ត្រី​ដែល​ពុំ​ល្អ​ឥត​ខ្ចោះ ។22 ពាក្យ​ហេតុ​ដូច្នោះ​ហើយ​ក្នុង​ខ-នេះ​ជា​ការ​អះអាង​ទ្រង់​ថា មាន​តែ​តាមរយៈ​គុណធម៌​នៃ​ក្ដី​មេត្តា​ទ្រង់​ប៉ុណ្ណោះ​ ទើប​យើង​អាច ​« យក​ឈ្នះ​លោកិយ »​ យ៉ាង​ពិត​ប្រាកដ ។ តើ​ក្ដី​មេត្តា​ទ្រង់​បាន​ស្ដែង​ឡើង​បែប​ណា ? ទ្រង់​មាន​បន្ទូល​ទៅ​ពួក​អែលឌើរ​ដដែលក្នុង​ ខឺតឡង់ ​ថា « យើង​បាន​អត់​ទោស​ឲ្យ​អ្នក​នូវ​អំពើ​បាប​របស់​អ្នក​ហើយ» ។23ព្រះអង្គ​សង្គ្រោះ​ចង់​អត់​ទោស​ឲ្យ ។

មនុស្ស​ម្នាក់ៗ​ មិន​ត្រូវ​គិត​ថា ​ការ​អត់ទោស​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ប្រែចិត្ត​​សោះឡើយ​ ។ ពិត​ណាស់​ ព្រះអម្ចាស់​បាន​ប្រកាស​ថា « យើង​ជា​ព្រះអម្ចាស់​អភ័យទោស​ចំពោះ​អំពើ​បា​ប​ដល់​អស់​អ្នក​ណា​ដែល​សារភាព​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​នៅ​ចំពោះ​យើង » រួចហើយទ្រង់​​បាន​ព្រមាន​​ពី​តម្រូវ​ការ​បន្ថែម​ទៀត​ដល់ « អ្នក​ដែល​បាន​ធ្វើ​បាប​មិន​ដល់​សេចក្ដី​ស្លាប់ » ។24 ថ្វីបើ​ ព្រះអម្ចាស់ « ពុំ​អាច​ទត​មើល​អំពើ​បាប​សូម្បី​តែ​បន្តិច​បន្តួច »25 ក្ដី តែ​ទ្រង់​ញែក​​​ឲ្យ​ដាច់​ពី​គ្នា​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​បាប​មួយ​ចំនួន ។ ទ្រង់​បាន​ចែង​លក្ខខណ្ឌ​ថា​នឹង​គ្មាន​ការ​អត់​ទោស​ដល់ ​« ការ​ពោល​ពាក្យ​ប្រមាថ​​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ » ។26 ទ្រង់​ប្រកាស​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​សម្លាប់​មនុស្ស​27 ហើយ​បញ្ជាក់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​បាប​ខាង​ផ្លូវ​ភេទ ដូច​ជា​អំពើ​កំផិត ។28 ដោយ​មាន​បន្ទូល​ម្ដង​ហើយ​ម្ដងទៀត​ពី​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ដ៏​ធ្ងន់ធ្ងរ ទ្រង់​បាន​ធ្វើ​ឲ្យ​ដឹង​ពី​ការ​លំបាកក្នុង​ការ​ទទួល​ការ​អភ័យ​ទោស​របស់​ទ្រង់ ។29 ហើយ​ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ធ្វើ​បាប​ទាស់​នឹង​ពន្លឺ​ដ៏​ធំ​ជាង នោះ​នឹង​ត្រូវ​បាន​ទទួល​ការ​ដាក់​ទោស​ដ៏​ធំជាង​ដែរ » ។30 តែ​ដោយ​ក្ដី​មេត្តា​ទ្រង់ ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​កែលំអ​ម្ដង​ហើយ​ម្ដងទៀត​ ជាជាង​ការ​តម្រូវ​ឲ្យ​មាន​ភាព​ឥត​ខ្ចោះ​ភ្លាមៗ ។ មិន​ថា​អំពើ​បាប​ដែល​កើត​ឡើង​ដោយ​ភាព​ទន់​ខ្សោយ​នៃ​ជីវិត​រមែង​ស្លាប់​មាន​ទំហំ​ប៉ុណ្ណា​ទេ ដរាបណា​យើង​ប្រែចិត្ត ហើយ​ស្វែង​រក​ការ​អភ័យ​ទោស​ទ្រង់ នោះ​ទ្រង់​អត់ទោស​ម្ដង​ហើយ​ម្ដង​ទៀត ។31

ដោយសារ​ហេតុផល​នេះ យើង​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​ដែល​ពិបាក​យក​ឈ្នះ​លើ​ឥរិយាបថ​ញៀន​ដូចជា ថ្នាំញៀន ឬ ​រូប​អាស​គ្រាម និង ​អ្នក​នៅ​ជុំវិញ​ខ្លួន​ពួកគេ អាច​ដឹង​ថា​ព្រះអម្ចាស់​នឹង​ស្គាល់​ពី​ការ​ប្រឹង​ប្រែង​ដ៏​សុចរិត​របស់​យើង ហើយ​​អភ័យទោស​ដោយ​ក្ដី​ស្រឡាញ់​ពេល​ការ​ប្រែចិត្ត​បាន​បញ្ចប់ « រហូត​ដល់​ប្រាំពីរ​ចិត​សិប​ដង » ។ តែ​ការណ៍​នេះ​ពុំ​មាន​ន័យ​ថា ជន​ម្នាក់​អាច​ត្រលប់​ទៅ​រក​អំពើ​បាប​ដោយ​ចេតនា​ហើយ​គ្មាន​ទោស​នោះ​ឡើយ ។32

ព្រះអម្ចាស់​តែង​ចង់​ដឹង​ពី​រឿង ​ក្នុង​ចិត្ត​យើង33 ហើយ​បាន​​ជ្រាប​ថា​ការ​​ជឿ​ខុស​ពុំ​ការ​ពារ​អំពើ​បាប​ឡើយ ។34 ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ព្រះអម្ចាស់​បាន​ព្រមាន​អ្នក​បម្រើ​ទ្រង់​ម្នាក់​ពី​ការ​ដឹង​បែប​នេះ​ដោយ​ប្រកាស​ថា « ចូរ​ឲ្យ [ គាត់ ] មាន​ចិត្ត​អាម៉ាស់​ខ្មាស​អំពី​ពួក​នី​កូឡា និង​អំពី​គ្រប់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​របស់​ពួកគេ » ។35 ពួក​នីកូឡា​ជា​ក្រុម​សាសនា​មួយ​ក្រុម​ពី​បុរាណ​ដែល​បាន​​ប្រកាស​ថា​ មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ដោយ​គុណធម៌​នៃ​ក្ដី​ករុណា​របស់​ព្រះអម្ចាស់ ។36 ការណ៍​នេះ​ធ្វើ​ឲ្យ​ព្រះអម្ចាស់​​មិន​សព្វ​ព្រះទ័យ​ឡើយ ។ 37 ក្ដី​មេត្តា​ និង​ក្ដី​ករុណា​ទ្រង់​ពុំ​មែន​ទុក​ឲ្យ​យើង​ដោះសា​ពេល « ចិត្ត [ យើង ] ពុំ​ស្កប់​ស្កល់ ... ហើយ​ [ យើង ]​ មិន​គោរព​តាម​សេចក្ដី​ពិត ប៉ុន្តែ​បាន​ត្រេកអរ​ក្នុង​សេចក្ដី​មិន​សុចរិត​វិញ » ឡើយ ។38 ​ជាង​នេះ​ទៀត ក្រោយ​ពី​យើង​ធ្វើ​អស់​លទ្ធភាព39 នោះ​ក្ដី​មេត្តា​ និង ​ក្ដី​ករុណា​ទ្រង់​ ជា​មធ្យោបាយ​ដែល​ « ក្រោយ​មក » 40 ដែល​​យើង​យក​ឈ្នះ​លោកិយ​ដោយ​អំណាច​នៃ​ដង្វាយ​ធួន ។ នៅ​ពេល​យើង​​​ស្វែង​រក​អំណោយទាន​ដ៏​មាន​តម្លៃ​​នេះ​ដោយ​រាបសា នោះ​« ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ [ យើង ] »41 ហើយ​ដោយ​កម្លាំង​ទ្រង់ យើង​អាច​ធ្វើ​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​តែឯង​បាន ។

ព្រះអម្ចាស់​ទត​មើល​ពន្លឺ​ដែល​យើង​បាន​ទទួល42 ក្ដី​ប្រាថ្នា​ក្នុង​ចិត្ត​យើង43 និង​ទង្វើ​យើង,44 ហើយ​ពេល​យើង​ប្រែចិត្ត រួច​​ស្វែងរក​ការ​អត់ទោស​ពី​ទ្រង់ នោះ​ទ្រង់​នឹង​អត់ទោសឲ្យ ។ ពេល​យើង​គិត​ពី​ជីវិត​យើង​ផ្ទាល់ និង​ជីវិត​នៃ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង និង​មិត្តភ័ក្ដិ​យើង នោះ​យើង​នឹង​មាន​ឆន្ទៈ​ដូចគ្នា​ដើម្បី​អត់ទោស​ឲ្យ​ខ្លួន​ឯង និង ​អ្នក​ដទៃ​ទៀត ។45

សៀវភៅ​ប្រកាស​ដំណឹងល្អ​ទ្រង់ លើក​ឡើង​ពី​ការ​ពិបាក​យក​ឈ្នះ​ឥរិយាបថ​ញៀន ហើយ​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​បព្វជិត​ភាព និង​​សមាជិក​ « មិនគួរ​រន្ធត់ ឬ​បាក់​ទឹក​ចិត្ត​ទេ » បើ​​សាសនា​គន់​ការី ឬ​សមាជិក​ថ្មី​ម្នាក់​ ប្រហែល​ជា​មាន​ភាព​ស្មុគស្មាញ​នឹង​បញ្ហា​ដូច្នេះ​នោះ ។ ផ្ទុយ​ទៅវិញ យើង​ត្រូវបាន​ទូន្មាន​ឲ្យ « បង្ហាញ​នូវ​ទំនុក​ចិត្ត​លើ​បុគ្គល​ម្នាក់ៗ ហើយ​មិន​ត្រូវ​វិនិច្ឆ័យ … [ ដោយ​ចាត់​ទុក ] ​វា​ជា​បណ្ដោះ​អាសន្ន ហើយ​យល់​អំពី​ការ​ត្រលប់​ថយ​មក​ក្រោយ​វិញ ។46 តើ​យើង​អាច​ធ្វើ​តែ​បន្តិចបន្តួច​ចំពោះ​កូនចៅ​យើង​ផ្ទាល់ ឬ​សមាជិក​គ្រួសារ​យើង​ដែល​មាន​​បញ្ហា​ស្រដៀង​គ្នា​នេះ ដែល​បាន​វង្វេង​ចេញ​បណ្ដោះ​អាសន្ន​ចេញ​ពី​ផ្លូវ​សុចរិត​បាន​ទេ ? ពិតណាស់ ពួកគេ​សម​នឹង​ទទួល​នូវ​ភាព​រឹងមាំ ភាព​អត់ធ្មត់ និង​ក្ដី​ស្រឡាញ់​របស់​យើង ---​​ហើយ​ពិត​ណាស់​គឺ​ការ​អត់ទោស​​ពី​យើង ។

ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ប្រធាន ម៉នសុន បាន​ទូន្មាន​ថា ៖

« យើង​ត្រូវ​ចាំ​ថា មនុស្ស​អាច​ផ្លាស់ប្ដូរ ។ ពួកគេ​អាច​ទុក​ចោលនូវ​​ទម្លាប់​អាក្រក់​នោះ​បាន ។ ពួកគេ​អាច​ប្រែចិត្ត​ពី​ការរំលង​នោះ​បាន ... ។

« ...​យើង​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​​ភាព​បរាជ័យ​របស់​ពួកគេ ។ យើង​ត្រូវ​តែអភិវឌ្ឍ​សមត្ថភាព​ដើម្បី​មើល​មនុស្ស​មិន​មែន​ត្រឹម​តែ​ថា​ ពួកគេ​ជា​នរណា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្ដែ​មើល​ពួកគេ​ថា​ ពួកគេ​នឹង​ក្លាយជា​អ្វី » ។47

នៅ​សន្និសីទ​សាសនាចក្រ​កាល​ពីដើម ស្រដៀង​គ្នា​នឹង​សន្និសីទ​នេះ ព្រះអម្ចាស់​បាន​ប្រាប់​សមាជិក​ថា ៖

«​ យើង​ប្រាប់​អ្នក​​ជា​ប្រាកដ​ថា អ្នក​រាល់គ្នា​ស្អាតបាត ប៉ុន្តែ​មិន​មែន​ទាំងអស់​គ្នា​ទេ ...។

« ត្បិត គ្រប់​អស់​ទាំង​សាច់​សុទ្ធ​តែ​ពុក​រលួយ​នៅ​ចំពោះ​យើង ... ។

« ត្បិត​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រាកដ​ជា​មាន​ទោស​នៅ​ចំពោះ​យើង ប៉ុន្តែ​យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ភាព​កំសោយ​របស់​អ្នក » ។48

សារ​របស់​ទ្រង់​គឺ​ដូចគ្នា​នៅ​សព្វ​ថ្ងៃនេះ ។

ព្រះវរបិតាសួគ៌​យើង ​ដឹង​ពី​អ្វី​ដែល​យើង​កំពុង​ជួប ហើយ​ដឹង​ថា​យើង​ទាំងអស់​គ្នា​ធ្វើ​បាប ហើយ « ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ »49 ម្ដង​ហើយ​ម្ដង​ទៀត ។ ទ្រង់​បញ្ជូន​ព្រះរាជ​បុត្រា​​ទ្រង់​មក ទ្រង់ « ជ្រាប​នូវ​សេចក្ដី​កំសោយ​នៃ​មនុស្ស និង​ចេះ​ជួយ​ពួកគេ​ដែល​ត្រូវ​ល្បួង » ។50 ព្រះ​រាជបុត្រា​ទ្រង់​​បង្រៀន​យើង​ឲ្យ « អធិស្ឋាន​ជានិច្ច​ប្រយោជន៍​កុំ​ឲ្យ [ យើង ] ធ្លាក់​ក្នុង​សេចក្ដី​ល្បួង » ។51 យើង​ត្រូវ​បាន​ប្រាប់​ឲ្យ « អំពាវ​នាវ​ដល់ [ ព្រះ ]​សេចក្ដីមេត្តា​ករុណា របស់​ទ្រង់ ​ព្រះទ្រង់​មាន​ឫទ្ធិ​នឹង​សង្គ្រោះ » ។52 ព្រះអង្គ​សង្គ្រោះ ​បញ្ជា​យើង​ឲ្យ​ប្រែចិត្ត53 ហើយ​អត់ទោស ។54 ហើយ​ទោះជា​ការ​ប្រែចិត្ត​មិន​ងាយ​ស្រួល​ក្ដី ពេល​យើង​ព្យាយាម​​ឲ្យ​អស់​ពី​ចិត្ត​ យើង​គោរព​តាម​ដំណឹងល្អ​ទ្រង់ នោះ​ទ្រង់​ប្រទាន​ការ​សន្យា​នេះ​ថា ៖ « យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ទោះ​ជា [ អ្នក ]​ មាន​បាប​ក៏​ដោយ​គង់​តែ​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​អាសូរ [ ដល់អ្នក ] ។ យើង​នឹង​មិន​បណ្ដេញ​ [ អ្នក ]​ ចេញ​អស់​រលីង​ឡើយ ហើយ​នៅ​ថ្ងៃ​សេចក្ដី​ក្រោធ នោះ​យើង​នឹង​នឹក​ចាំ​ដល់​សេចក្ដី​មេត្តា​ករុណា » ។55 ព្រះអម្ចាស់​ចង់​អត់​ទោសឲ្យ ។

រាល់​សប្ដាហ៍​ក្រុម​ចម្រៀង​រោង​ឧបោសថ ​មរមន​​បាន​ផ្ដើម​ការ​ចាក់​ផ្សាយ​ដ៏​បំផុស​គំនិត​របស់​ខ្លួន​ជាមួយ​នឹង​ពាក្យ​មាន​ខ្លឹមសារ​នៃ​ទំ​នុក​តម្កើង​ពេញ​និយម​របស់ វិលលាម ដ័បបុលយូ ហ្វែប្ស « Gently Raise the Sacred Strain » ។ ដោយ​ពុំ​សូវ​បាន​គេ​ច្រៀង​ច្រើន​នេះ​ជា​ខ្លឹម​សារ​ក្នុង​វគ្គ​ទីបួន ៖​

ព្រះអម្ចាស់​បរិសុទ្ធ ។

បន្ទូល​ទ្រង់​មាន​តម្លៃ​វិសេសវិសាល ៖

ប្រែចិត្ត​ ហើយ​រស់​នៅ ...

ទោះ​ជា​បាប​អ្នក​មាន​ពណ៌ក្រហម​ឆ្អិនឆ្អៅ

ចូរ​ប្រែចិត្ត ទ្រង់​នឹង​អត់ទោស ។56

ខ្ញុំ​អញ្ជើញ​អ្នក​ចងចាំ និង ជឿលើ​ពាក្យ​នៃ​ព្រះអម្ចាស់ ហើយ​អនុវត្ត​សេចក្ដជំនឿ​ទៅ​លើ​ទ្រង់​ដើម្បី​ប្រែចិត្ត ។57 ទ្រង់​ស្រឡាញ់​​អ្នក ។ ទ្រង់​ចង់​អត់ទោសឲ្យ​ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​ក្នុង​ព្រះនាម​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។