ឆ្នាំ ២០១០-២០១៩
គ្រឹះដ៏មាំមួន
ខែ មេសា 2013


10:49

គ្រឹះ​ដ៏​មាំមួន

ចូរ​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​​ក្នុង​ការ​មក​រក​ទ្រង់ ។ ចូរ​យើង​សង់​ជីវិត​យើង​លើ​គ្រឹះ​មួយ​ដែល​មាន​សុវត្ថិភាព ហើយ​រឹងមាំ ។

នៅ​ថ្ងៃ​ទី 17 ខែ​ តុលា ឆ្នាំ 1989 ​ពេលកំពុង​​បើក​ឡាន​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះ​ខ្ញុំ​បើក​រៀប​នឹង​​ដល់​ផ្លូវ​ប្រសព្វ​រវាង​ផ្សារ និង ​ផ្លូវ​ បេអាល ក្នុង​ទីក្រុង​ សាន់​ហ្វ្រាន់​ស៊ីស្កូ រដ្ឋ​ កាលីហ្វូញ៉ា នោះ​ភ្លើង​ចរាចរណ៍​លោត​ពណ៌ក្រហម ។ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឡាន​ញ័រ ហើយ​បា​នគិត​ថា « ឡាន​បែក​កង់​​ហើយ » ។ ពេល​ឡាន​នៅ​តែ​ញ័រ​ទៀត ខ្ញុំ​បាន​សង្កេត​ឃើញ​ឡាន​ក្រុង​មួយ​ក្បែរ​នោះ ហើយ​គិត​ថា « ឡាន​ក្រុង​នោះ​​បាន​បុក​ឡាន​ខ្ញុំ ! » ។ បន្ទាប់​មក​ទៀត​ឡាន​កាន់​តែ​ញ័រ​ឡើង​ ហើយ​ខ្ញុំ​បាន​គិត​ថា « កង់​ឡាន​ទាំង​បួន​របស់​ខ្ញុំ​បែក​​ហើយ !» តែ​វា​ពុំ​មែន​​ដោយសារ​កង់ឡានបែក​ ឬ ​ឡាន​ក្រុង​នោះ​ទេ ---វា​ជា​ការ​រញ្ជួយ​ដី​មួយ​ដ៏​ខ្លាំង ! ពេល​ខ្ញុំ​ឈប់​នៅ​ភ្លើង​ក្រហម កម្រាល​ផ្លូវ​ស៊ីម៉ង់​ទៅ​ផ្សារ​នោះ​របើក​​ឡើង​ដូចជា​ទឹក​រលក ។ នៅ​ពី​មុខ​ខ្ញុំ មាន​អគារ​ខ្ពស់​មួយ​កំពុង​យោល​យោក ហើយ​មាន​ឥដ្ឋ​ជាច្រើន​ចាប់​ផ្ដើម​​ធ្លាក់​ចុះ​មក​ពី​អគារ​ចាស់​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ខ្ញុំ ខណៈ​ដែលការ​​រញ្ជួយ​ដី​នៅ​បន្តកើតឡើង ។

ការ​រញ្ជួយ​ដី លូម៉ា ព្រីតា បាន​កើត​ឡើង​ក្នុង​តំបន់​ជុំវិញ​ទីក្រុង សាន់​ហ្វ្រាន់​ស៊ីស្កូ នៅ​ម៉ោង 5:04 ល្ងាច​នៅ​ថ្ងៃ​នោះ ហើយ​ធ្វើ​ឲ្យ​​មនុស្ស 12,000 នាក់​បាត់​បង់​ផ្ទះ​សំបែង ។

ការ​រញ្ជួយ​ដី​នោះ​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង​ក្នុង​តំបន់​ជុំវិញទីក្រុង សាន់​ហ្វ្រាន់​ស៊ីស្កូ ភាគច្រើន​នៅ​តំបន់​ដែល​គ្មាន​ដី​មាំ​ក្នុងទីក្រុង សាន់​ហ្វ្រាន់​ស៊ីស្កូ និង អូកឡិន ។ នៅ​ទីក្រុង សាន់​ហ្វ្រាន់​ស៊ីស្កូ មណ្ឌល ម៉ារីណា ត្រូវ​បាន « ​សង់​នៅ​លើ​កន្លែង​ចាក់​សំរាម​មួយ​​ដែល​មាន​​ដី​ខ្សាច់ ដីល្បាប់ កម្ទេច​ថ្ម ... និង​សម្ភារ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ជាតិ​ទឹក​ច្រើន​នៅ​ផ្នែក​ខាងក្រោម ។ ​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ចាក់​កម្ទេចថ្ម​​ចូល​​ក្នុង​តំបន់ សាន់​ហ្វ្រាន់​ស៊ីស្កូ បន្ទាប់​ពី​រញ្ជួយ​ដី​​នៅ សាន់​ហ្វ្រាន់​ស៊ីស្កូ ឆ្នាំ 1906 »។1

ប្រហែល​ឆ្នាំ 1915 អគារ​ផ្ទះ​ល្វែង​ជាច្រើន​ត្រូវ​បាន​សង់​នៅ​លើ​កន្លែង​ចាក់​សំរាម​​នោះ ។ នៅ​ក្នុង​រញ្ជួយ​ដី​ឆ្នាំ 1989 ​​ដី​ភក់ ដីខ្សាច់ និង​​កម្ទេច​ថ្ម​ដែល​​មិន​រលាយ​ចូល​គ្នា ហើយ​មាន​ទឹក​​ជោគជាំ​នេះ ​បាន​បំលែង​​ទៅ​ជា​ដូច​វត្ថុ​រាវ​ ​បណ្ដាលឲ្យ​​អគារ​ទាំងនោះ​ស្រុត​ចុះ ។​ អគារ​ទាំង​នោះ​ពុំ​បាន​សង់​នៅ​លើ​គ្រឹះ​ដ៏​រឹង​មាំនោះទេ ។

ការរញ្ជួយ​ដី​​ លូម៉ា ព្រីតា បាន​ប៉ះ​ទង្គិច​ដល់​ជីវិត​មនុស្ស​ជាច្រើន រួម​ទាំង​ខ្ញុំ​ផង​ដែរ ។ ដោយ​គិត​ពី​ព្រឹត្តិការណ៍​​នៅ​ថ្ងៃ​នោះ វា​បាន​បញ្ជាក់​ជាថ្មី​នៅ​ក្នុង​ចិត្ត​ និង​គំនិត​ខ្ញុំ​ថា ដើម្បី​ទ្រាំទ្រ​នឹង​ព្យុះសង្ឃរា ការ​រញ្ជួយ​ដី និង ​វិបត្តិ​នៃ​ជីវិត យើង​ត្រូវ​សង់​នៅ​លើ​គ្រឹះ​មួយ​ដ៏​រឹងមាំ ។​

ព្យាការី​សាសន៍​នីហ្វៃឈ្មោះ ហេលេមិន បាន​ធ្វើ​ការ​បំភ្លឺ​ដ៏​ត្រឹមត្រូវ​ចំពោះ​សារៈសំខាន់​នៃ​ការ​សាង​ជីវិត​យើង​លើ​គ្រឹះ​ដ៏​រឹងមាំ​មួយ ជា​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ « ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​ទាំងឡាយ​របស់​ឪពុក​អើយ​ ចូរ​ចងចាំ​ចុះ ចូរ​ចង​ចាំ​ចុះ​ថា គឺ​លើ​នៅ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង​គឺ​ព្រះគ្រីស្ទ​ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ក៏​ខ្លាំង​ក្លា​របស់​វា​មក មែនហើយ​ ព្រួញ​របស់វា​នៅ​ក្នុង​ខ្សល់​គួច មែនហើយ កាលណា​ព្រិល និង ​ខ្យល់​ព្យុះ​កំណាច​ទាំងអស់​​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​ចេះ​ហើយ ពីព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ​ ជា​គ្រឹះ​មួយ​​ បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួកគេ​មិន​អាច​រលំ​បាន​ឡើយ » ( ហេលេមិន 5:12 ) ។

ក្នុង​ការ​អភិវឌ្ឍ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប ប្លង់ ការ​សាងសង់ និង​ សម្ភារ​ក្នុង​អគារ​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ។ ការ​សិក្សា​លើ​ដី និង ​ភូមិសាស្ត្រ​ដ៏​ប្រុង​ប្រយ័ត្ន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីកន្លែង​ដែល​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​សាងសង់ ។​​ការ​សិក្សា​ពី​ខ្យល់ ភ្លៀង និង​ ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​សម្រាប់​តំបន់​នោះ​ត្រូវ​បាន​គេ​ពិចារណា ដើម្បី​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ដែល​សង់​រួចរាល់​អាច​ទ្រាំទ្រ​ពុំ​មែនគ្រាន់​តែ​​ព្យុះ​ និង ​អាកាសធាតុ​ក្នុង​តំបន់​​ប៉ុណ្ណោះ​ទេ​ តែ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​រៀបចំ​ ហើយ​កំណត់​ទីតាំង​ដើម្បី​ទ្រាំទ្រ​ជាមួយ​នឹង​ការ​រញ្ជួយ​ដី ព្យុះ​ទីហ្វុង ទឹក​ជំនន់ និង វិបត្តិ​ធម្មជាតិ​ផ្សេង​ទៀត​ដែល​អាច​កើត​ឡើង​ដោយ​មិន​បាន​ដឹង​ជាមុន ។​ ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន បង្គោល​បេតុង ឬ​ ដែក​ត្រូវ​បាន​បុក​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដី​ដើម្បី​ការ​ពារ​គ្រឹះ​ព្រះវិហារ​បរិសុទ្ធ ។

ដូចជា​អ្នក​គូរ​ប្លង់ និង ​អ្នក​សាងសង់​ក្នុង​ជំនាន់​យើង​ដែរ ព្រះវរបិតា​​ជា​ទី​ស្រឡាញ់​ប្រកប​​ដោយ​ក្ដី​មេត្តា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង ​ព្រះរាជបុត្រា​ទ្រង់​បាន​រៀបចំ​ផែនការ ឧបករណ៍ និង​ ធនធាន​ផ្សេងទៀត​ទុក​ឲ្យ​យើង​ប្រើ ដើម្បី​យើង​អាច​សង់ ហើយ​គាំទ្រ​ដល់​ជីវិត​យើង​ឲ្យ​មាន​ភាព​ប្រាកដ​ប្រជា ហើយ​​រឹង​មាំ ។​ផែនការ​នោះ ​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជា​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ។ ផែនការ​នោះ​​បាន​ដាក់​ឲ្យ​យើង​ឃើញ​នូវ​រូបភាព និង ​ការ​យល់​ដឹង​មួយ​ដ៏​ច្បាស់​នៃ​ការ​ចាប់ផ្ដើម និង ​ចុង​បញ្ចប់ ព្រ​ម​ទាំង​ជំហាន​ដ៏​ចាំបាច់​នានា ដោយ​រួមបញ្ចូល​ទាំង​ពិធី​បរិសុទ្ធ ដែល​ចាំបាច់​សម្រាប់​កូនចៅ​ម្នាក់ៗ​របស់​ព្រះវរបិតា ដើម្បី​អាច​ត្រឡប់​ទៅ​ទី​វត្តមាន​ទ្រង់ ហើយ​រួមរស់​នឹង​ទ្រង់​ជា​រៀង​រហូត ។

សេចក្ដី​ជំនឿ ការ​ប្រែចិត្ត បុណ្យ​ជ្រមុជ​ទឹក អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ជា​ផ្នែក​នៃ​ផែនការ​ជីវិត ។ វា​ជួយ​ដើម្បី​បង្កើត​គោលការណ៍​សំខាន់​ដែល​នឹង​ការពារ​ជីវិត​យើង​ចំពោះ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ ។ទ្រង់ទ្រាយ និង​ ក្របខ័ណ្ឌ​ទាំងនេះ​ជា​រចនាសម្ព័ន្ធ​គាំទ្រ​នៃ​ជីវិត​របស់​បុគ្គល​ម្នាក់ ។ បន្ទាប់​មក ដូចជា​ផែនការ​ព្រះវិហារ​បរិសុទ្ធ​មាន « លក្ខខ័ណ្ឌ » ដែល​ផ្ដល់​រចនាសម្ព័ន្ធ​លម្អិត​ពី​របៀប​ដើម្បី​ការពារ ហើយ​បញ្ចូល​ធាតុ​ចាំបាច់ ការ​អធិស្ឋាន ការ​អាន​ព្រះ​គម្ពីរ ការ​ទទួល​ទាន​សាក្រាម៉ង់ និង ​ការ​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ចាំបាច់​ប្រែក្លាយ​ជា​ « លក្ខខណ្ឌ » ដែល​ជួយ​បញ្ចូល ហើយ​ចង​ភ្ជាប់​រួម​គ្នា​នូវ​រចនាសម្ព័ន្ធ​ជីវិត ។​

តុល្យភាព​ក្នុង​ការ​អនុវត្ត​លក្ខខណ្ឌ​ទាំងនេះ​មាន​សារៈសំខាន់ ។ ឧទាហរណ៍ ក្នុង​ដំណើរ​ការ​នៃ​​ការ​ចាក់​បេតុង ចំនួន​ខ្សាច់​ច្បាស់លាស់ គ្រួស ស៊ីម៉ង់ និង​ ទឹក​ត្រូវ​បាន​ប្រើ​ដើម្បី​មាន​ភាព​រឹងមាំជា​អតិបរមា ។ ចំនួន​មិន​ត្រឹមត្រូវ ឬ ​ការ​បដិសេធ​នៃ​ផ្នែក​ណាមួយ​នៃ​ធាតុ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​បេតុង​ពុំ​រឹងមាំ ហើយ​មិន​អាច​ដើរ​តួនាទី​ដ៏​សំខាន់​បាន​ឡើយ ។

ដូចគ្នា​នេះ​ដែរ បើ​យើង​មិន​ផ្ដល់​តុល្យភាព​សមរម្យ​មួយ​ក្នុង​ជីវិត​យើង​នៃ​ការ​អធិស្ឋាន​ផ្ទាល់ខ្លួន និង ​ការ​សិក្សា​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ ការ​ពង្រឹង​ក្នុង​ការ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ និង​ ការ​ចូល​រួមជា​ញឹកញាប់​ក្នុង​ពិធី​បរិសុទ្ធ​បព្វជិតភាព ដូចជា​ពិធីការ​ព្រះវិហារ​បរិសុទ្ធ​ទេ នោះ​យើង​​​នឹង​មាន​បញ្ហា​ផង​ដែរ​ដោយ​ការ​ទន់​ខ្សោយ​ក្នុង​កម្លាំង​ខាង​វិញ្ញាណ​យើង ។

នៅ​ក្នុង​សំបុត្រ​មួយ​ទៅ​កាន់ ​អេភេសូរ ប៉ុល ​បាន​និយាយ​តាម​របៀប​នេះ ដែល​យើង​អាច​អនុវត្តតាម​តម្រូវការ​ក្នុង​​ការ​អភិវឌ្ឍ​ឥរិយាបថ និង ​ព្រលឹង​យើងឲ្យ​​មាន​តុល្យភាព​​ថា ៖ « ដែល​ដោយ​សារ​ទ្រង់​ដំណាក់​ទាំងមូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា​​ទាំង​ចម្រើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នករាល់គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ​ សម្រាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះវិញ្ញាណ » ( អេភេសូរ 2:21 ) ។

ការ​អធិស្ឋាន​ជា​គោលការណ៍​គ្រឹះ​មួយ​ដ៏​សាមញ្ញ​ ហើយ​មាន​សារៈសំខាន់​បំផុត​នៃ​ក្ដី​ជំនឿ និង ​ឥរិយាបថ​យើង ។ តាមរយៈ​ការ​អធិស្ឋាន​យើង​អាច​សម្ដែង​ចេញ​នូវ​ការ​ដឹងគុណ ក្ដី​ស្រឡាញ់ និង ​ភក្ដីភាព​យើង​ចំពោះ​ព្រះ ។ ​តាមរយៈ​ការ​អធិស្ឋាន​យើង​អាច​ដាក់​ឆន្ទៈ​យើង​ឲ្យ​ស្រប​​តាម​ទ្រង់ ហើយ​ទទួល​មក​វិញ​នូវ​កម្លាំង​ដើម្បី​អនុលោម​​ជីវិត​របស់​យើង​នឹង​ការ​បង្រៀន​ទ្រង់ ។ ការ​អធិស្ឋាន​ជា​ផ្លូវ​ដែល​យើង​អាច​ដើរ​តាម​ក្នុង​ការ​ស្វែង​រក​ឥទ្ធិពល​ទ្រង់​ក្នុង​ជីវិត​យើង រួម​ទាំង​វិវរណៈ​ដែរ ។

អាល់ម៉ា បាន​បង្រៀន​ថា ៖ « ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ​​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ មែនហើយ កាលណា​កូន​ដេក​ចុះ​នៅ​ពេល​យប់ ចូរ​ដេក​នៅ​ក្នុង​ព្រះអម្ចាស់​ដើម្បី​ឲ្យ​ទ្រង់​មើល​ថែ​ទាំ​កូន​ពេល​កូន​ដេក ហើយ​ពេល​កូន​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ចូរ​ចិត្ត​កូន​ពោរពេញ​ទៅ​ដោយ​អំណរ​គុណ​ដល់​ព្រះ ហើយ​បើ​សិន​ជា​កូន​ធ្វើ​ការ​ទាំងនេះ នោះ​កូន​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( អាលម៉ា 37:37 ) ។

ការ​ចែកចាយ​គំនិត អារម្មណ៍ និង​ ក្ដី​ប្រាថ្នា​យើង​ និង​ព្រះ​តាមរយៈ​​ការ​អធិស្ឋាន​ស្មោះត្រង់​ ចេញ​ពីចិត្ត​គួរ​តែ​សំខាន់​ដូចជា​ការ​ដក​ដង្ហើម និង​ការ​បរិភោគ​អាហារ​ចំពោះ​យើង​ម្នាក់ៗ​ផង​ដែរ ។

ការ​ស្រាវជ្រាវ​បទគម្ពីរ​រៀងរាល់ថ្ងៃ​ក៏​នឹង​ពង្រឹង​ក្ដី​ជំនឿ និង​ ឥរិយាបថ​យើង​ដែរ ។ ដូចជា​យើង​ត្រូវ​ការ​អាហារ​​ដើម្បី​​ចិញ្ចឹម​រូបកាយ​យើង​ដូច្នោះ​ដែរ វិញ្ញាណ​ និង​ ព្រលឹង​យើង​នឹង​ត្រូវ​បាន​បំពេញ ហើយ​ពង្រឹង​ដោយ​ការ​ទទួល​​​​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​​ដែល​មាន​នៅ​ក្នុង​ការ​សរសេរ​របស់​ពួក​ព្យាការី ។ នីហ្វៃ បាន​បង្រៀន​ថា « សូម​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ត្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃ​ទី 2 32:3 ) ។

ការ​អាន​ព្រះ​គម្ពីរ​ជា​ការ​ល្អ តែ​បើ​គ្រាន់​តែ​អាន​វា​មិន​គ្រប់​គ្រាន់​ដើម្បី​ចាប់​យក​នូវ​កម្រិត​ពេញ​លេញ​នៃ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ឡើយ ។ ការ​ស្រាវជ្រាវ សញ្ជឹង​គិត ហើយ​អនុវត្ត​បន្ទូល​នៃ​ព្រះគ្រីស្ទ​ដូច​ដែល​បាន​បង្រៀន​ក្នុង​ព្រះ​គម្ពី​រ​នឹង​នាំ​មក​នូវ​ប្រាជ្ញា និង​ ចំណេះ​ដឹង​លើស​ពី​ការ​យល់​ដឹង​យើង ។ ​ការ​ណ៍​នេះ​នឹង​ពង្រឹង​ការ​តាំងចិត្ត​យើង ហើយ​ផ្ដល់​នូវ​ការ​បម្រុង​ទុក​ខាង​វិញ្ញាណ​ដើម្បី​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​យើង​ក្នុង​គ្រប់​ស្ថានភាព ។​​

ជំហាន​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​បោះ​ដើម្បី​ពង្រឹង​ជីវិត​យើង ហើយ​បន្ត​នៅ​ជាប់​យ៉ាង​រឹងមាំ​នឹង​គ្រឹះ​នៃ​ព្រះអង្គ​សង្គ្រោះ ​គឺ​ការ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​ដោយ​មាន​ភាព​សក្ដិសម ។ ពិធីការ​សាក្រាម៉ង់​ ផ្ដល់​ឲ្យ​សមាជិក​សាសនាចក្រ​គ្រប់​រូប​ នូវ​ឱកាស​សញ្ជឹងគិត​ពី​ជីវិត​ខ្លួន​ទុក​ជា​មុន ដើម្បី​ពិចារណា​ពី​ទង្វើ ឬ​​ ការ​មិន​ប្រព្រឹត្ត​ដែល​ត្រូវ​ប្រែចិត្ត រួចហើយ​ដើម្បី​ទទួល​ទាន​នំប៉័ង និង​ ទឹក​ជា​តំណាង​ដ៏​ពិសិដ្ឋ​ក្នុង​ការ​ចងចាំ​ដល់​រូបកាយ និង​ លោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​សាក្សី​ម្នាក់​នៃ​ដង្វាយ​ធួន​ទ្រង់ ។ បើ​យើង​ទទួល​ទាន​​ដោយ​​ចិត្ត​​ស្មោះត្រង់ ហើយ​រាបសា នោះ​យើង​ធ្វើ​សេចក្ដី​សញ្ញា​អស់​កល្ប​ជាថ្មី ត្រូវ​បាន​លាង​សម្អាត​ឲ្យ​បរិសុទ្ធ ហើយ​ទទួល​ការ​សន្យា​ថា យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ។ ព្រះវិញ្ញាណ​ដើរ​តួ​ជា​ជ័រ​ម្យ៉ាង ជា​តំណ​ផ្សារ​មួយ​ដែល​ពុំ​មែន​​គ្រាន់​តែ​ធ្វើ​ឲ្យ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​យើង​ចង​ចាំ​គ្រប់​ការ​ទាំងអស់ ហើយ​ថ្លែង​ទីបន្ទាល់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម​ពង្រឹង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​យើង​នឹង​សិលា​គ្រឹះ ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្នុង​ការ​បម្រើ​របស់​ទ្រង់ ព្រះ​អង្គ​សង្គ្រោះ​បាន​បង្រៀន​ដោយ​ក្ដី​ស្រឡាញ់ ហើយ​បញ្ជាក់​ពី​គោលលទ្ធិ គោលការណ៍ និង ​សកម្មភាព​ចាំបាច់​ដែល​នឹង​បម្រុង​ជីវិត​យើង ហើយ​ពង្រឹង​ឥរិយាបថ​យើង ។ នៅ​ចុង​បញ្ចប់​នៃ​ការ​បង្រៀន​លើ​ភ្នំ ទ្រង់​បាន​ថ្លែង​ថា ៖

« ដូច្នេះ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​យើង​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ​យើង​នឹង​ធៀប​អ្នក​នោះ​ដូចជា​មនុស្ស​មាន​គំនិត​ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម ---

« រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រំលំ​ទេ ​ពីព្រោះ​បាន​សង់​នៅ​លើ​ថ្ម ។

« ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​យើង​ទាំងនេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ​[ ដែល ] ​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ ---

« រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រំលំ​ទៅ ហើយ​មាន​ការ​ខូចខាត​ជា​ធំ » ( នីហ្វៃ​ទី 3 14:24–27 សូម​មើល​ផង​ដែរ ម៉ាថាយ 7:24–27 ) ។

បងប្អូន​ប្រុស​ស្រី គ្មាន​យើង​ណា​ម្នាក់​នឹង​សង់ផ្ទះ កន្លែង​ធ្វើ​ការ​ ឬ​ ដំណាក់ពិសិដ្ឋ​សម្រាប់​ថ្វាយ​បង្គំ​លើ​ខ្សាច់ កម្ទេច​ថ្ម ឬ​ដោយ​គ្មាន​ផែនការ និង​ គ្មាន​សម្ភារ​ត្រឹមត្រូវ​នោះ​ទេ ។ ចូរ​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​​ក្នុង​ការ​មក​រក​ទ្រង់ ។ ចូរ​យើង​សង់​ជីវិត​យើង​លើ​គ្រឹះ​មួយ​ដែល​មាន​សុវត្ថិភាព ហើយ​រឹងមាំ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រាបសា​ថា ដោយ​ការ​ពង្រឹង​ជីវិត​យើង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ និង ​ដង្វាយ​ធួន​ទ្រង់ និង​ ដោយ​ការ​ធ្វើ​តាម​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​យើង​ដោយ​ប្រុងប្រយ័ត្ន រួម​មាន​ការ​អធិស្ឋាន ការ​សិក្សា​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ និង ​ការ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ នោះ​យើង​នឹង​ទទួល​បាន​កម្លាំង យើង​នឹង​ទទួល​បាន​ការ​រីកចម្រើន​ផ្ទាល់ខ្លួន​ដ៏​ពិត យើង​នឹង​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ទ្រាំទ្រ​នឹង​ព្យុះ និង ​វិបត្តិ​នៃ​ជីវិត​ដោយ​​ជោគជ័យ យើង​នឹង​មាន​ក្ដី​អំណរ និង ​សុភមង្គល​ដែល​បាន​សន្យា ហើយ​យើង​នឹង​មាន​ទំនុក​ចិត្ត​ថា ជីវិត​យើង​បាន​សង់​នៅ​លើគ្រឹះ​មួយ​ដ៏​រឹងមាំ ៖ ជា​គ្រឹះ​ដែល​នឹង​មិន​ស្រុត​ចុះ ។ ក្នុង​ព្រះនាម​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូម​មើល « 1989 Loma Prieta Earthquake » wikipedia.org/wiki/ ឆ្នាំ1989 Loma_Prieta_earthquake ។