ចូរកុំរើឡើយ !
ចូរឈរខ្ជាប់ខ្ជួន ។ ចូរនឹងនរ ។ « ឈរសម្រាប់សេចក្ដីពិត និង សេចក្ដីសុចរិត » ។ ឈរជាសាក្សី ។ ធ្វើជាបទដ្ឋានសម្រាប់លោកិយ ។ ឈរនៅក្នុងទីបរិសុទ្ធ ។
នារាត្រីនេះ ខ្ញុំឈរនៅក្នុងទីបរិសុទ្ធ នៅវេទិកានេះ និង ក្នុងវត្តមានរបស់ពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ និង បុត្រីនៃព្រះ ។ នេះជាពេលដ៏អស្ចារ្យមួយ ដើម្បីនៅលើផែនដី ហើយធ្វើជាយុវនារី ។ អ្នកជាបុត្រីជម្រើសរបស់ព្រះវរបិតាសួគ៌យើង ។ ខ្ញុំសង្ឃឹមថាអ្នកដឹងពីអត្តសញ្ញាណរបស់អ្នក ហើយថាអ្នកជាបុត្រសំណប់របស់ព្រះវរបិតាសួគ៌របស់យើងខ្លាំងប៉ុណ្ណា ។ ទ្រង់ស្រឡាញ់អ្នករាល់គ្នាម្នាក់ៗ និង ខ្ញុំក៏ស្រឡាញ់អ្នកដែរ ។
នៅលើតុក្នុងការិយាល័យរបស់ខ្ញុំ ខ្ញុំមានរូបសំណាកធ្វើពីស្ពាន់របស់យុវនារីម្នាក់ ដែលឈ្មោះ គ្រីស្ទីណា ។ រូបសំណាក គ្រីស្ទីណា ដើមមានទំហំមួយជំហរ ឈរនៅលើផែមួយនៅ ខូភែនហាហ្គែន ប្រទេស ដាណាម៉ាក បែរមុខទៅរកសមុទ្រឆ្ពោះទៅទីក្រុងស៊ីយ៉ូន ។ ការសម្រេចចិត្តរបស់គាត់ដើម្បីចូលរួមក្នុងសាសនាចក្រ និង ចាកចោលផ្ទះរបស់នាង ពុំមែនជាការងាយនោះទេ ហើយអ្នកអាចមើលឃើញថា មានខ្យល់បក់បោកយ៉ាងខ្លាំងមកលើនាង ។ នាងឈរយ៉ាងរឹងមាំ ធ្វើនូវជម្រើសដ៏លំបាក ប៉ុន្តែជារឿងដែលនាងដឹងថាត្រឹមត្រូវ ។ កូនចៅរបស់គាត់ បានសង់រូបសំណាកនេះនៅលើផែរនោះ ទុកជាការគោរពសរសើរដល់ គ្រីស្ទីណា ដែលការសម្រេចចិត្តរបស់គាត់នាពេលនោះ មាននូវសារៈសំខាន់ដ៏អស់កល្បចំពោះកូនចៅជំនាន់ក្រោយ ។
ចំពោះខ្ញុំ រូបសំណាក គ្រីស្ទីណា នេះ តំណាងឲ្យអ្នករាល់គ្នាម្នាក់ៗ ។ អ្នកកំពុងប្រឈមមុខនឹងការសម្រេចចិត្តសំខាន់ជាច្រើន និង ការជ្រើសរើសប្រចាំថ្ងៃដូចជា គ្រីស្ទីណា ដែរ ដែលការសម្រេចចិត្តយ៉ាងពិបាក មួយចំនួន តែវានឹងពុំគ្រាន់តែរៀបចំអនាគតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏រៀបចំជោគវាសនាកូនចជំនាន់ក្រោយរបស់អ្នកផងដែរ ។ អ្នកក៏ប្រឈមមុខនឹងខ្យល់ព្យុះកំណាចនៃការផ្ទុយ ភាពមិនអនុគ្រោះ សម្ពាធពីមិត្តភក្តិ និង ការបំពុលខាងសីលធម៌ ។ ប៉ុន្តែអ្នកកំពុងឈរដោយខ្ជាប់ខ្ជួន និង រស់នៅតាមដំណឹងល្អ ខណៈពេលកំពុងជួបប្រទះនឹងការសាកល្បងមិនចេះដាច់ទាំងនេះនៅក្នុងសង្គមរបស់យើង ។ អ្នកត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដូចជា គ្រីស្ទីណា ។ អ្នកកំពុងតែធ្វើការសម្រេចចិត្តត្រឹមត្រូវ ។ អ្នកមានភក្ដីភាព ហើយអ្នកជាស្ដេច ។
ខ្ញុំគិតថា គ្មានការទូន្មានណាដែលសំខាន់ជាងការដាស់តឿនមកពីព្រះវរបិតាជាទីស្រឡាញ់ ចំពោះអ្នករាល់គ្នាម្នាក់ៗថា « សូមឈរនៅក្នុងទីបរិសុទ្ធ ហើយកុំរើឡើយ » 1 នោះទេ ។ ទ្រង់មានបន្ទូលថា ៖ ឈរខ្ជាប់ខ្ជួន ។ ចូរនឹងនរ ។ 2 ឈរសម្រាប់សេចក្ដីពិត និង សេចក្ដីសុចរិត ។ 3 ឈរជាសាក្សី ។ 4 ធ្វើជាបទដ្ឋានសម្រាប់លោកិយ ។ ឈរនៅក្នុងទីបរិសុទ្ធ ។ ដូច្នេះសារលិខិតរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាម្នាក់ៗ គឺសាមញ្ញ ៖ ចូរកុំរើឡើយ » ។
ទីមួយ ចូរកុំរើ នៅក្នុងការជ្រើសរើសត្រឹមត្រូវឡើយ ។ នៅក្នុងថ្ងៃចុងក្រោយនេះ គ្មានការសម្រេចចិត្តណាតូច តាចឡើយ ។ ការជ្រើសរើសដែលអ្នកធ្វើត្រឹមត្រូវ ក្នុងពេលនេះ គឺមានសារៈសំខាន់ជាពិសេស ។ សិទ្ធិសេរីភាពក្នុងការជ្រើសរើស ឬ លទ្ធភាពដើម្បីជ្រើសរើស គឺជាអំណោយទានដ៏អស្ចារ្យបំផុតរបស់ព្រះចំពោះកូនចៅរបស់ទ្រង់ ។ វាគឺជាចំណែកនៃផែនការនៃសុភមង្គល ដែលអ្នក និង ខ្ញុំបានជ្រើសរើស ហើយការពារនៅក្នុងជីវិតមុនជីវិតនេះរបស់យើង ។ សូមរស់នៅក្នុងរបៀបមួយដូច្នោះ ដែលអ្នកអាចស្ដាប់ឮព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់នឹងជួយអ្នកឲ្យធ្វើការជ្រើសរើសត្រឹមត្រូវ ។ តាមពិត ទ្រង់នឹង « ប្រាប់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។5
កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ខ្ញុំត្រឡប់ទៅមើលវិទ្យាល័យចាស់របស់ខ្ញុំជាលើកទីមួយ អស់រយៈពេលយូរមកនោះ ។ ខ្ញុំបានទៅសន្និសីទស្ដេកដែលធ្វើឡើងនៅក្នុងសវនដ្ឋានរបស់សាលា ។ នៅពេលខ្ញុំដើរតាមច្រកវិទ្យាល័យ រំពេចនោះខ្ញុំបាននឹកចាំនូវរឿងជាច្រើន ។ ខ្ញុំបានចាំច្បាស់ពីអារម្មណ៍ដែលខ្ញុំចូលរៀននៅវិទ្យាល័យនេះកាលនៅជាយុវនារីម្នាក់ -- ជាអារម្មណ៍មិនច្បាស់ មិនប្រាកដក្នុងខ្លួន ដឹងតែខ្លួនឯង ហើយមានបំណងចង់ចូលនឹងគេណាស់ ។ ខ្ញុំបានទៅសវនដ្ឋាន ។ ជាថ្មីម្ដងទៀត ការនឹកចាំជាច្រើនបានផុសឡើង ។ ខ្ញុំស្គាល់យ៉ាងច្បាស់នូវសវនដ្ឋាននោះ ។ មានតែរឿងមួយគត់ដែលផ្លាស់ប្ដូរ -- គឺខ្ញុំ ។
កាលគ្រាមុន ខ្ញុំមានឱកាសឈរនៅលើវេទិកាជាច្រើនដង ក្នុងនាមជាអ្នកតំណាងសិស្ស ។ ខ្ញុំក៏បានឃើញមិត្តរួមថ្នាក់ចាស់របស់ខ្ញុំនៅក្នុងចំណោមអ្នកស្ដាប់ផងដែរ-- មានអ្នកខ្លះខ្ញុំធ្លាប់ដើរលេងជាគូជាមួយផងដែរ ! ប៉ុន្តែពេលនេះ ជំនួសឲ្យការដឹកនាំការប្រជុំ ខ្ញុំមានឯកសិទ្ធិ--នៅទីនោះក្នុងសវនដ្ឋានវិទ្យាល័យរបស់ខ្ញុំ-- ដើម្បី « ឈរជាសាក្សីម្នាក់ » 6 ហើយថ្លែងទីបន្ទាល់របស់ខ្ញុំអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង ។
យុវនារីអើយ ចូរធ្វើយ៉ាងណាថា ទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ គឺមិនត្រូវឲ្យមានការខ្មាស់អៀនក្នុងរយៈពេល 40 ឆ្នាំខាងមុខឡើយ ។ ការគ្មានសម្ពាធមកពីមិត្តភក្ដិ ការគ្មានការទទួលស្គាល់ ការគ្មានប្រជាប្រិយភាព គឺមានតម្លៃដើម្បីធ្វើសម្បទាន ។ ឥទ្ធិពលរបស់អ្នកទៅលើយុវជន នឹងជួយពួកគេនៅសក្ដិសមនឹងអំណាចនៃបព្វជិតភាព សក្ដិសមនឹងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ និង បម្រើបេសកកម្ម ។ ហើយនរណាទៅដឹង ? រយៈពេល 40 ឆ្នាំខាងមុខ អ្នកអាចនឹងមានម្នាក់ក្នុងចំណោមពួកគេដើរមករកអ្នក នៅក្នុងសវនដ្ឋាននៃវិទ្យាល័យ ហើយអរគុណអ្នកចំពោះ ការជួយគាត់ឲ្យនៅមានភាពសក្ដិសម ដើម្បីបំពេញកាតព្វកិច្ចបព្វជិតភាព ដើម្បីបម្រើបេសកកម្មដោយកិត្តិយស ។ ហើយនរណាទៅដឹង ? អ្នកអាចនឹងទទួលបានសំបុត្រមកពីភរិយារបស់ពួកគេណាម្នាក់ អរគុណអ្នក ចំពោះឥទ្ធិពលដែលអ្នកបានមានចំពោះស្វាមី និង គ្រួសារនាពេលអនាគតរបស់ពួកគេ កាលពីនៅវិទ្យាល័យ ។ ការជ្រើសរើសរបស់អ្នកសំខាន់ ។ ការជ្រើសរើសរបស់អ្នកឥឡូវនេះ ពុំគ្រាន់តែមានឥទ្ធិពលមកលើអ្នកប៉ុណ្ណោះទេ ប៉ុន្តែមានឥទ្ធិពលទៅលើអ្នកដទៃផងដែរ ។ វាមានសារៈសំខាន់ដ៏អស់កល្បជានិច្ច ។ ចូរកុំរើឡើយ !
ទីពីរ ចូរកុំរើនៅក្នុងបំណងប្រាថ្នា និង ការតាំងចិត្តរបស់អ្នក ដើម្បីបន្ដមានគុណធម៌ និង ភាពបរិសុទ្ធខាងផ្លូវភេទឡើយ ។ សូមស្រឡាញ់គុណធម៌ ។ បរិសុទ្ធភាពផ្ទាល់ខ្លួនរបស់អ្នក គឺជាប្រភពដ៏អស្ចារ្យបំផុតនៃអំណាចរបស់អ្នក ។ នៅពេលអ្នកមកផែនដី អ្នកត្រូវបានប្រទានឲ្យនូវអំណោយដ៏មានតម្លៃមួយ គឺរូបរាងកាយ ។ រូបកាយរបស់អ្នកគឺជាឧបករណ៍របស់គំនិតអ្នក ហើយជាអំណោយដ៏ទេវភាពមួយ ដើម្បីអ្នកអនុវត្តសិទ្ធិជ្រើសរើសរបស់អ្នក ។ នេះគឺជាអំណោយមួយ ដែលសាតាំងបានបដិសេធ ។ ដូច្នេះ វាផ្ដោតការវាយប្រហាររបស់វាទាំងអស់មកលើរូបកាយអ្នក ។ វាចង់ឲ្យអ្នកបន្ទាបបន្ថោកលើរូបកាយ ប្រើខុស និង បំពានលើរូបកាយអ្នក ។ ភាពពុំរមទម្យ រូបអាសគ្រាម ភាពអសីលធម៌ ការចាក់សាក់ និង ការចោះលើរូបកាយ ការប្រើគ្រឿងញៀន និង ការញៀនគ្រប់ប្រភេទ គឺជាកិច្ចការទាំងអស់ដែលនឹងដណ្ដើមយកអំណោយទានដ៏មានតម្លៃនេះ --ដែលជារូបកាយអ្នក-- ហើយធ្វើឲ្យអ្នកពិបាកអនុវត្តសិទ្ធិជ្រើសរើសរបស់អ្នកបាន ។ ប៉ុលបានសួរថា ៖ « តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា ? 7
រូបកាយរបស់អ្នកគឺជាព្រះវិហារបរិសុទ្ធ ។ ហេតុអ្វី ? ដោយសារវាមានសមត្ថភាពពុំត្រឹមតែជាផ្ទះរបស់ព្រលឹងដ៏អស់កល្បរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្ទះសម្រាប់វិញ្ញាណដ៏អស់កល្បដទៃទៀតដែលនឹងមកកើតលើផែនដី ជាចំណែកនៃគ្រួសារដ៏អស់កល្បជានិច្ចរបស់អ្នកផងដែរ ។ អែលឌើរ ដាល្លិន អេក អូក បានបង្រៀនថា « អំណាចដើម្បីបង្កើតជីវិតរមែងស្លាប់ គឺជាអំណាចដ៏លើកតម្កើង[ មួយ ] ។ 8 តួនាទីរបស់អ្នកគឺជាតួនាទីដ៏លើកតម្កើង ។ ព្រះបានប្រទានដល់អ្នកនូវការទុកព្រះទ័យដ៏ពិសិដ្ឋមួយ ! អ្នកកំពុងត្រៀមខ្លួនធ្វើជាម្ដាយនៃកូនចៅជាច្រើនជំនាន់ ។ ចូររក្សាខ្លួនអ្នកឲ្យបរិសុទ្ធ ហើយសក្ដិសម និងយាមកាមនូវអ្វីដែល « មានតម្លៃបំផុត និង វិសេសបំផុតលើអ្វីៗទាំងអស់ »-- គឺគុណធម៌ និង ព្រហ្មចារីភាពរបស់អ្នក ។ 9 ក្នុងនាមជាបុត្រីជម្រើសរបស់ទ្រង់ ទ្រង់បានប្រទាននូវដំបូន្មានដ៏ឈ្លាសវៃដល់អ្នកផ្ទាល់ ជាបុត្រីជម្រើសរបស់ទ្រង់ថា « ដើរតាម…ផ្លូវគុណធម៌នៅចំពោះយើង » ។ 10
គុណធម៌គឺជាកត្តាដ៏សំខាន់បំផុតចំពោះព្រះវិហារបរិសុទ្ធ ។ ដូច្នេះទីបី ចូរកុំរើចេញពីភាពសក្ដិសមឡើយ នៅពេលអ្នកចុះ និង រក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងឡាយនោះ ។ សេចក្ដីសញ្ញាដែលអ្នកធ្វើនៅពិធីបុណ្យជ្រមុជទឹក នឹងក្រវ៉ាត់អ្នកទៅនឹងផ្លូវនៃគុណធម៌ និង សុភមង្គល នៅពេលអ្នករំឭកសេចក្ដីសញ្ញារៀងរាល់សប្ដាហ៍ តាមការទទួលទានសាក្រាម៉ង់ ។ នៅពេលអ្នករក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់អ្នក នោះអ្នកនឹងមើលទៅផ្សេងពីគេ ស្លៀក ពាក់ផ្សេងពីគេ ហើយមានទង្វើផ្សេងពីលោកីយ ។ ការរក្សាសេចក្ដីសញ្ញានេះ នឹងជួយអ្នកឲ្យត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។ ហើយសូមកុំទៅជិតនឹងបរិដ្ឋាន ឬ តន្ត្រី ការផ្សព្វផ្សាយ ឬ ការទំនាក់ទំនងទាំងអស់នោះ ដែលអាចនឹងបណ្ដាលឲ្យអ្នកបាត់បង់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ 11 ហើយនៅពេលអ្នករក្សាសេចក្ដីសញ្ញារបស់អ្នក នោះអ្នកនឹងបន្ដមានភាពសក្ដិសម ហើយត្រៀមខ្លួនដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ទ្រង់ ។
ជាចុងក្រោយ គឺចូរកុំរើចេញពីការគោរពទទួលយកដង្វាយធួនរបស់ព្រះអង្គសង្គ្រោះរបស់អ្នកឡើយ ។ ដង្វាយធួន គឺមានសម្រាប់អ្នក និង ខ្ញុំ ។ ដង្វាយធួនគឺជាអំណាចការប្រោសលោះ និង លទ្ធភាព ។ បើអ្នកពុំមានអារម្មណ៍សក្ដិសមដើម្បីឈរនៅក្នុងទីបរិសុទ្ធ ចូរកុំរែកបន្ទុកនៃអំពើបាបនេះតទៅទៀតឡើយ ។ នៅក្នុងជីវិតរមែងស្លាប់ យើងទាំងអស់គ្នានឹងមានកំហុស ។ សូមដឹងច្បាស់ថា ព្រះអង្គ សង្គ្រោះស្រឡាញ់អ្នកខ្លាំងណាស់ ដែលទ្រង់បានធ្វើឲ្យអ្នកមានលទ្ធភាពដើម្បីផ្លាស់ប្ដូរ និង ប្រែចិត្ត បើអ្នកបានធ្វើកំហុសមួយ ។ សាតាំងពុំចង់ឲ្យអ្នកគិតថា អ្នកអាចផ្លាស់ប្ដូរបាននោះទេ ។ 12 វានឹងព្យាយាមបញ្ចុះបញ្ចូលអ្នកថា គ្មានសង្ឃឹមឡើយ ។ នោះជាការកុហកទេ ។ អ្នកអាចត្រឡប់មកវិញ ។ អ្នកអាចប្រែចិត្ត ។ អ្នកអាចបរិសុទ្ធ និង ស្អាតស្អំ ដោយសារដង្វាយធួនដ៏គ្មានទីបំផុតរបស់ព្រះអង្គសង្គ្រោះ ។
ឥឡូវយើងនឹងបញ្ចប់ដោយនិយាយនូវរឿងស្នេហារដ៏អស្ចារ្យមួយ ។ អ្នកអាចសួរថា « តើរឿងស្នេហារមានពាក់ព័ន្ធអ្វីនឹងការឈរនៅទីបរិសុទ្ធទៅ ? » វាទាក់ទងទាំងស្រុងនឹងការឈរនៅក្នុងទីបរិសុទ្ធ ។ វាគឺជារឿងរបស់យុវនារីឈ្មោះ រ៉េបេកា ។ 13
នៅពេលប្រាប់នូវរឿងនេះ អ័ប្រាហាំ បានចាត់ឲ្យអ្នកបម្រើរបស់គាត់ស្វែងរកនារីសក្ដិសម ដើម្បីធ្វើជាភរិយារបស់កូនប្រុសគាត់ឈ្មោះ អ៊ីសាក ។ នាងត្រូវតែជាមនុស្សម្នាក់ដែលមានគុណសម្បត្តិសក្ដិសមសម្រាប់អាពាហ៍ពិពាហ៍ក្នុងសេចក្ដីសញ្ញា-- គឺមានគុណធម៌ បរិសុទ្ធ និង សក្ដិសម ។ ដូច្នេះគាត់បានបញ្ជូនអ្នកបម្រើឲ្យធ្វើដំណើរផ្លូវឆ្ងាយ ហើយគ្រោះថ្នាក់ទៅកាន់កន្លែងមួយហៅថា ហារ៉ាន ។ មូលហេតុដែលគាត់ត្រូវទៅទីនោះប្រាប់យ៉ាងច្បាស់ថា -- បុរសបរិសុទ្ធ ត្រូវការនារីបរិសុទ្ធឈរនៅជិតខ្លួនគាត់ ។ នៅពេលអ្នកបម្រើទៅដល់ទីក្រុង ណាឃរ គាត់បានឈប់នៅអណ្ដូងទឹកមួយ ដើម្បីឲ្យទឹកដល់សត្វអូដ្ឋរបស់គាត់ ហើយគាត់បានអធិស្ឋានសុំឲ្យ ទ្រង់ដឹកនាំគាត់ទៅជួបនឹងនារីត្រឹមត្រូវ ហើយសុំថាឲ្យគាត់ស្គាល់នារីនោះ ដោយសារនាងសុំដងទឹកឲ្យគាត់ និង សត្វអូដ្ឋចំនួន 10 ក្បាលរបស់គាត់ ។ ខ្ញុំធ្លាប់ជិះសត្វអូដ្ឋ ហើយនេះខ្ញុំដឹងថា-- សត្វអូដ្ឋផឹកទឹកច្រើនណាស់ !
នៅក្នុងលោកុប្បត្តិ យើងអានថា រ៉េបេកា ពុំគ្រាន់តែទៅកន្លែងអណ្ដូង ហើយដងទឹកប៉ុណ្ណោះទេ ប៉ុន្ដែនាងបាន « ប្រញាប់ » 14 ឬប្រញាប់ប្រញាល់ទៅធ្វើកិច្ចការនេះឲ្យហើយ ។ អ្នកបម្រើនោះបានបំពាក់ខ្សែដៃ និង គ្រឿងអល្លង្គាដល់ រ៉េបេកា ហើយបានសួរបើសិនជាផ្ទះឪពុកនាងមានកន្លែងស្នាក់នៅឬទេ ។ ច្បាស់ជាគ្រឿងអល្លង្គារនោះជួយហើយមើលទៅ ! ក្នុងគម្ពីរអានថា « នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្ដាយខ្លួន » ។ 15 រ៉េបេកា ច្បាស់ជា ជាអ្នករត់ប្រណាំងហើយមើលទៅ !
អ្នកបម្រើបានប្រាប់គ្រួសាររបស់ រ៉េបេកា អំពី គោលបំណងនៃការធ្វើដំណើរដ៏ឆ្ងាយរបស់គាត់ ហើយ រ៉េបេកា បានយល់ព្រមធ្វើជាប្រពន្ធរបស់អ៊ីសាក ។ អ្នកបម្រើចង់ចាកចេញទៅនៅថ្ងៃស្អែក ដោយនាំ រ៉េបេកា ទៅជាមួយ ប៉ុន្ដែគ្រួសារនាងបានសុំឲ្យនាងស្នាក់នៅជាមួយពួកគេ យ៉ាងហោចណាស់ 10 ថ្ងៃទៀត ។ បន្ទាប់មកពួកគេបានសួរ រ៉េបេកា ថានាងចង់ធ្វើអ្វីខ្លះ ហើយនាងបានឆ្លើយដោយសាមញ្ញថា « ខ្ញុំនឹងទៅ » ។ 16 តើចម្លើយនោះស្រដៀងនឹងចម្លើយរបស់មនុស្សរាប់ពាន់នាក់ឆ្លើយទាំងស្រុងថា « ខ្ញុំនឹងទៅ ខ្ញុំនឹងធ្វើ » 17 នៅពេលព្យាការីរបស់យើង ប្រធាន ថូម៉ាស អេស. ម៉នសុន បានប្រកាសអំពីឱកាសសម្រាប់ យុវនារី និង យុវជន បម្រើបេសកកម្មនៅអាយុក្មេងជាងឬទេ ?
ឥឡូវគតិ និង ការបញ្ចប់នៃរឿងស្នេហានេះ ៖ រ៉េបេកា ត្រូវបានរៀបចំ និង សក្ដិសមដើម្បីចុះ និង រក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ហើយក្លាយជាប្រពន្ធក្នុងសេចក្ដីសញ្ញារបស់អ៊ីសាក ។ នាងពុំចាំបាច់រង់ចាំ ហើយរៀបចំខ្លួននោះទេ ។ ពីមុនការចាកចេញពីគ្រួសាររបស់នាង នាងបានទទួលពរជ័យមួយ ហើយពាក្យនោះបានរំជួលចិត្តខ្ញុំ ត្បិតនាងត្រូវបានសន្យាថា នាងនឹងក្លាយជា « ម្ដាយរបស់មនុស្សរាប់ពាន់ លាននាក់ » ។ 18 ប៉ុន្តែផ្នែកដ៏ល្អបំផុតនៃរឿងស្នេហានេះ គឺនៅពេល រ៉េបេកា បានជួបនឹងអ៊ីសាកដំបូង ហើយគាត់បានជួបនាងដំបូង ។ វាពុំមាននិយាយអំពីរឿងនេះក្នុងគម្ពីរប៊ីបទេ ប៉ុន្តែខ្ញុំគិតថា វាជាការស្រឡាញ់គ្រាន់តែឃើញភ្លាម ! ត្បិត « គុណធម៌ស្រឡាញ់គុណធម៌ ពន្លឺនៅជាប់នឹងពន្លឺ » ។ 19 នៅពេលអ៊ីសាកចេញទៅជួបអ្នកមកពីទីឆ្ងាយ រ៉េបេកា « បានលោតចុះពីលើអូដ្ឋ ។ 20 ហើយគាត់ ប្រតិព័ទ្ធស្រឡាញ់នាង » ។ 21 នេះជាកន្លែងដែលខ្ញុំដកដង្ហើមធំ !
ទាំង រ៉េបេកា និង គ្រីស្ទីណា ការឈរក្នុងទីបរិសុទ្ធពុំមែនជារឿងងាយស្រួលទេ ។ ការពុំរើ ពុំមែនជាការងាយស្រួលទេ ។ ខ្យល់បក់បោកយ៉ាងខ្លាំង យោងទឹកចេញពីអណ្ដូងទឹកធ្ងន់ណាស់ ហើយការចាកចេញពីផ្ទះដែលគេស្គាល់ និង ធ្លាប់រស់នៅ ក៏ពុំងាយស្រួលដែរ ។ ប៉ុន្ដែពួកគេបានធ្វើការជ្រើសរើសត្រឹមត្រូវ ពួកគេប្រកបដោយគុណធម៌ ។ ពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេប្រកបដោយគុណធម៌ ហើយពួកគេបានរៀបចំខ្លួនដើម្បីចុះ និង រក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ ព្រះអង្គសង្គ្រោះជាដំណរខ្សែលោហិតរបស់ រ៉េបេកា ។ តើនាងបានដឹងថារឿងនេះនឹងកើតឡើងទេនៅពេលនោះ ? ទេ ! តើឥឡូវការជ្រើសរើសរបស់អ្នកសំខាន់ឬទេ ? សំខាន់ !
យុវនារីទាំងឡាយ មនុស្សរាប់ជំនាន់កំពុងពឹងអាស្រ័យលើការជ្រើសរើសរបស់អ្នក ភាពបរិសុទ្ធរបស់អ្នក និង ការរស់នៅដោយសក្ដិសមរបស់អ្នក ។ ចូរកុំរើឡើយ ។ អ្នកមានជោគវាសនាដ៏អស្ចារ្យនៅចំពោះមុខអ្នក ។ នេះជាឱកាសរបស់អ្នក ! ខ្ញុំជឿប្រាកដថា យុវនារីប្រកបដោយគុណធម៌ម្នាក់ ដែលបានដឹកនាំដោយព្រះវិញ្ញាណ អាចផ្លាស់ប្ដូរពិភពលោក !
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ! ទ្រង់នឹងគង់នៅជាមួយអ្នក ។ ទ្រង់នឹងជួយដល់អ្នក ។ ហើយនៅក្នុងពេលលំបាក « ពួកទេវតា [ របស់ទ្រង់ ] [ នឹង ] នៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ។ 22 នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។