យើងជាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង
ដោយជាបុត្រីនៃព្រះ យើងម្នាក់ៗពិសេស និង ខុសពីគ្នា ក្នុងកាលៈទេសៈ និង បទពិសោធន៍របស់យើង ។ តែផ្នែករបស់យើងគឺសំខាន់—ព្រោះយើងសំខាន់ ។
រាល់សប្ដាហ៍ យុវនារីទូទាំងពិភពលោកសូត្របាវចនាក្រុមយុវនារី ។ មិនថាភាសាណាទេ រាល់ដងដែលខ្ញុំឮពាក្យទាំងនេះគឺ « យើងជាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង ដែលស្រឡាញ់យើង ហើយយើងស្រឡាញ់ទ្រង់ »1 ព្រះវិញ្ញាណបញ្ជាក់ដល់ព្រលឹងខ្ញុំថា ពាក្យទាំងនោះពិត ។ វាមិនគ្រាន់តែជាការបញ្ជាក់ពីអត្តសញ្ញាណយើង—ថាយើងជានរណាប៉ុណ្ណោះទេ—តែក៏ជាការទទួលស្គាល់ថា យើងជាបុត្រីរបស់នរណា ។ យើងជាបុត្រីនៃអង្គដ៏លើកតម្កើង !
ក្នុងគ្រប់ប្រទេស និង គ្រប់ទ្វីប ខ្ញុំបានជួបនឹងយុវនារីដ៏មានទំនុកចិត្តច្បាស់លាស់ ពេញដោយពន្លឺ ដុះខាត់ដោយកិច្ចការព្យាយាម និង ការលំបាក ដែលមាននូវជំនឿបរិសុទ្ធ និង សាមញ្ញ ។ ពួកគេប្រកបដោយគុណធម៌ ។ ពួកគេជាអ្នករក្សាសេចក្ដីសញ្ញាដែល « ឈរជាសាក្សីដល់ព្រះ នៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង » ។2 ពួកគេស្គាល់ថា ពួកគេជានរណា ហើយថាពួកគេមានតួនាទីយ៉ាងសំខាន់ក្នុងការស្ថាបនានគរនៃព្រះ ។
កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំជាសមាជិកនៃក្រុមរាំប្រពៃណីអន្តរជាតិរបស់ ប៊ី.វ៉ាយ.យូ ។ នៅរដូវក្ដៅមួយ ក្រុមយើងមានឯកសិទ្ធិយ៉ាងពិសេសទៅសម្ដែងនៅបេសកកម្មទាំងឡាយនៅអ៊ឺរ៉ុប ។ វាជារដូវក្ដៅដ៏ពិបាកសម្រាប់ខ្ញុំ ព្រោះពីរបីខែមុននោះ ឪពុកខ្ញុំចែកឋានទៅទាំងមិនបានរំពឹងទុក ។ ជាពិសេស ពេលយើងនៅប្រទេស ស្កត ខ្ញុំមានអារម្មណ៍ឯកោ ហើយបាក់ទឹកចិត្ត ។ នៅយប់នោះ យើងបានរាំនៅសាលាជំនុំមួយ ហើយបន្ទាប់ពីការសម្ដែង យើងបានទៅផ្ទះបេសកកម្មនៅជិតនោះ ។ ពេលខ្ញុំដើរឆ្ពោះទៅផ្ទះនោះ ខ្ញុំបានឃើញថ្មមួយនៅក្នុងសួនដែលបានថែយ៉ាងល្អ ដែលនៅជិតក្លោងទ្វារ ។ ខ្ញុំបានអានពាក្យនៅលើថ្មថា « មិនថាអ្នកជាអ្វី ចូរធ្វើផ្នែកអ្នកឲ្យល្អ » ។ រំពេចនោះ ពាក្យទាំងនោះចាក់ចូលយ៉ាងជ្រៅក្នុងចិត្តខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា អំណាចពីស្ថានសួគ៌បានឲ្យសារសិខិតមួយមកខ្ញុំ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានស្គាល់ដោយព្រះបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិននៅតែឯងទេ ។ ខ្ញុំបានឈរនៅសួននោះទាំងស្រក់ទឹកភ្នែក ។ « មិនថាអ្នកជាអ្វី ចូរធ្វើផ្នែកអ្នកឲ្យល្អ » ។ ប្រយោគដ៏សាមញ្ញនោះបានដាស់ទស្សនៈរបស់ខ្ញុំឡើងវិញថា ព្រះបិតាសួគ៌បានស្គាល់ខ្ញុំ ហើយមានផែនការសម្រាប់ជីវិតខ្ញុំ ហើយព្រះវិញ្ញាណដែលខ្ញុំទទួល បានជួយខ្ញុំយល់ថា ផ្នែករបស់ខ្ញុំគឺសំខាន់ ។
ក្រោយមក ខ្ញុំរៀនថា ប្រយោគនេះធ្លាប់បានលើកទឹកចិត្តដល់ព្យាការី ដេវីឌ អូ មិកឃេ ដែរ ពេលលោកកំពុងបម្រើបេសកកម្ម ជាអ្នកផ្សព្វផ្សាយវ័យក្មេងនៅប្រទេស ស្កត ។ លោកបានឃើញវានៅលើថ្មលើអគារមួយ ក្នុងគ្រាដ៏បាក់ទឹកចិត្តក្នុងជីវិត និងបេសកកម្មលោក ហើយពាក្យទាំងនោះបានលើកទឹកចិត្តលោក ។ ជាច្រើនឆ្នាំក្រោយមក ពេលអគារនោះត្រូវគេកម្ទេចចោល លោកបានរៀបចំដើម្បីយកបានថ្មនោះ ហើយដាក់វាក្នុងសួននៅផ្ទះបេសកកម្ម ។3
ដោយជាបុត្រីនៃព្រះ យើងម្នាក់ៗពិសេស និង ខុសពីគ្នា ក្នុងកាលៈទេសៈ និង បទពិសោធន៍របស់យើង ។ តែផ្នែករបស់យើងគឺសំខាន់—ព្រោះយើងសំខាន់ ។ ការរួមចំណែកប្រចាំថ្ងៃរបស់យើង ក្នុងការបីបាច់ បង្រៀន និង ថែរក្សាអ្នកផ្សេងទៀត អាចជាការណ៏សាមញ្ញ តូចតាច ពិបាក និង តូចទាប នាពេលខ្លះ តែពេលយើងចងចាំពីបន្ទាត់ទីមួយនៃបាវចនាក្រុមយុវនារី—« យើងជាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង ដែលស្រឡាញ់យើង ហើយយើងស្រឡាញ់ទ្រង់ »—វានឹងធ្វើឲ្យមានការខុសប្លែកនៅក្នុងទំនាក់ទំនង និង ការឆ្លើយតបរបស់យើង ។
ថ្មីៗនេះ អ្នកម្ដាយដ៏ប្រពៃអាយុ 92 ឆ្នាំ របស់ខ្ញុំបានចែកឋានទៅ ។ គាត់បានចេកចេញពីជីវិតរមែងស្លាប់ដែលគាត់បានរស់នៅនេះ—ទាំងស្ងាត់ស្ងៀម ។ ជីវិតគាត់មិនដូចជាអ្វីដែលគាត់បានដាក់ផែនការនោះទេ ។ ស្វាមីគាត់ គឺឪពុកខ្ញុំ បានចែកឋានពេលលោកអាយុ 45 ឆ្នាំ បន្សល់កូនបីនាក់នឹងម្ដាយខ្ញុំ—គឺខ្ញុំ និង ប្អូនប្រុសពីរនាក់ ។ គាត់បានរស់នៅអស់ 47 ឆ្នាំ ជាស្ត្រីមេម៉ាយ ។ គាត់គាំទ្រដល់គ្រួសារយើង ដោយការបង្រៀននៅសាលាពេលថ្ងៃ និង បង្រៀនព្យ៉ាណូពេលយប់ ។ គាត់ថែទាំឪពុកជរារបស់គាត់ គឺលោកតាខ្ញុំ ដែលរស់នៅជិតផ្ទះយើង ។ គាត់ត្រូវធ្វើឲ្យប្រាកដថា យើងម្នាក់ៗទទួលបានការអប់រំកម្រិតមហាវិទ្យាល័យ ។ តាមពិត គាត់ទទូចឲ្យយើងធ្វើវា ដើម្បីយើងក្លាយជា « អ្នកចែកចាយ » ។ ហើយគាត់មិនដែលរអ៊ូរទាំឡើយ ។ គាត់រក្សាសេចក្ដីសញ្ញារបស់គាត់ ហើយដោយសារគាត់បានធ្វើដូច្នោះ គាត់បានទាញយកអំណាចពីស្ថានសួគ៌ដើម្បីប្រទានពរដល់ផ្ទះយើង និង មានអព្ភូហេតុជាច្រើន ។ គាត់ពឹងផ្អែកលើអំណាចនៃការអធិស្ឋាន បព្វជិតភាព និង ការសន្យានៃសេចក្ដីសញ្ញា ។ គាត់ស្មោះត្រង់ក្នុងការបម្រើព្រះអម្ចាស់ ។ ការលះបង់ដ៏ខ្ជាប់ខ្ជួនរបស់គាត់ពង្រឹងយើងជាកូនៗ ។ គាត់តែងរំឭកពីខគម្ពីរនេះជាញឹកញាប់ថា ៖ « យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលយើងមានព្រះបន្ទូល ប៉ុន្តែកាលណាអ្នករាល់គ្នាមិនប្រព្រឹត្តតាមអ្វីដែលយើងមានព្រះបន្ទូលទេ នោះអ្នករាល់គ្នាពុំមានសេចក្ដីសន្យាឡើយ » ។4 នោះជាបាវចនារបស់គាត់ ហើយគាត់ដឹងថាវាពិត ។ គាត់យល់ ថាវាមានន័យយ៉ាងណាក្នុងការធ្វើជាអ្នករក្សាសេចក្ដីសញ្ញា ។ ពិភពលោកមិនស្គាល់គាត់ទេ ។ គាត់មិនចង់បានវាទេ ។ គាត់យល់ថា គាត់ជានរណា ហើយគាត់ជាបុត្រីរបស់នរណា—គឺបុត្រីម្នាក់របស់ព្រះ ។ ជាការពិត ខ្ញុំអាចនិយាយពីម្ដាយខ្ញុំថា គាត់បានធ្វើផ្នែកគាត់បានយ៉ាងល្អ ។
មានគ្រាមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី មានប្រសាសន៍ពីស្ត្រី និង ម្ដាយទាំងឡាយថា ៖
« យើងត្រូវតែកុំភ្លេចឡើយ ពីកម្លាំងនៃស្ដ្រី ។ … គឺម្ដាយដែលជះឥទ្ធិពលដោយផ្ទាល់បំផុតទៅលើជីវិតកូនៗ ។ … គឺម្ដាយដែលបីបាច់ពួកគេ និង ចិញ្ចឹមពួកគេក្នុងរបៀបនៃព្រះអម្ចាស់ ។ ឥទ្ធិពលពួកគេគឺឧត្ដុង្គឧត្ដមណាស់… ។
« … ពួកគេជាអ្នកបង្កើតជីវិត ។ ពួកគេជាអ្នកបីបាច់កូនៗ ។ ពួកគេជាគ្រូយុវនារី ។ ពួកគេជាដៃគូដែលមិនអាចអត់បានរបស់យើង ។ ពួកគេជាអ្នករួមការងារជាមួយយើង ក្នុងការកសាងនគរព្រះ ។ ឱ អស្ចារ្យណាស់តួនាទីរបស់គេ ឱ អស្ចារ្យណាស់ការរួមចំណែករបស់គេ » ។5
ដូច្នេះ តើម្ដាយ ឬ ឪពុកម្នាក់ បណ្ដុះកូនស្រីរបស់ពួកគេ នូវសេចក្ដីពិតដ៏ថ្លៃថ្នូរ និង អស់កល្ប ថាគាត់ជាបុត្រីនៃព្រះរបៀបណាខ្លះ ? តើយើងជួយគាត់ឲ្យចេញពីលោកិយ ហើយឈានចូលទៅក្នុងនគរព្រះបានដោយរបៀបណាទៅ ?
ក្នុងពិភពលោកដែលបដិសេធតម្លៃខាងសីលធម៌ យុវនារីត្រូវការស្ដ្រី និង បុរស ដើម្បី « ឈរជាសាក្សីដល់ព្រះ នៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង » ។ មិនដែលមានពីមុនមកទេ ដែលការណ៍នេះសំខាន់ដល់ម៉្លេះនោះ ។ យុវនារីត្រូវការម្ដាយ និង អ្នកណែនាំដែលជាគំរូពីភាពជាស្ដ្រីដ៏មានគុណធម៌ ។ អ្នកម្ដាយអើយ ទំនាក់ទំនងរបស់អ្នកជាមួយកូនស្រីអ្នកគឺសំខាន់ខ្ពង់ខ្ពស់ណាស់ ក៏ដូចជាគំរូរបស់អ្នកដែរ ។ របៀបដែលអ្នកស្រឡាញ់ និង គោរពឪពុកនាង គោរពបព្វជិតភាព និង តួនាទីដ៏ទេវភាពរបស់គាត់ នឹងត្រូវបានឆ្លុះបញ្ចាំង ហើយប្រហែលជារីកលូតលាស់ឡើងក្នុងអាកប្បកិរិយា និង ការប្រព្រឹត្តរបស់កូនស្រីអ្នក ។
តើផ្នែកនោះគឺជាអ្វី ដែលយើងត្រូវតែ « ធ្វើឲ្យល្អ » នោះ ? ការប្រកាសអំពីក្រុមគ្រួសារ គឺច្បាស់ណាស់ ៖
« តាមគោលការណ៍ព្រះ ឪពុកបានចាត់ឲ្យធ្វើប្រធានដឹកនាំគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និង ដោយសេចក្តីសុចរិត ហើយមានភារៈកិច្ចក្នុងការផ្តល់នូវសេចក្តីត្រូវការក្នុងជីវិត ព្រមទាំងការពារគ្រួសារខ្លួនផង ។ ម្តាយមានភារៈកិច្ចទីមួយ ដើម្បីថែទាំបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងភារៈកិច្ចពិសិដ្ឋទាំងនេះ ឪពុកម្តាយមានភារៈកិច្ចឲ្យចេះជួយគ្នាទៅវិញទៅមក ជាគូស្មើគ្នា... ។
យើងព្រមានថា បុគ្គលណាដែលរំលងលើសេចក្តីសញ្ញានៃព្រហ្មចារីភាពដែលធ្វើបាបភរិយា ឬ កូនចៅ ឬ មិនបានបំពេញកិច្ចការនៃគ្រួសារ គង់តែថ្ងៃណាមួយ នឹងទទួលខុសត្រូវនៅចំពោះព្រះ » ។6
នៅក្នុងសង្គមដ៏អសីលធម៌នៅជំនាន់មរមន លោកមានទុក្ខព្រួយ ដែលស្ដ្រីត្រូវបានគេប្លន់យកនូវអ្វីដែលមានតម្លៃ និង វិសេសបំផុតលើអ្វីៗទាំងអស់—គឺគុណធម៌ និង ព្រហ្មចារីភាព ។7
ជាថ្មីទៀត ខ្ញុំសូមរំឭកពីការហៅឲ្យត្រឡប់មកកាន់គុណធម៌វិញ ។ គុណធម៌ជាកម្លាំង និង អំណាចនៃបុត្រីនៃព្រះ ។ តើពិភពលោកនឹងទៅជាយ៉ាងណាបើគុណធម៌—ដែលជាគំរូនៃការគិត និង ការប្រព្រឹត្តដែលផ្អែកលើបទដ្ឋានដ៏ខ្ពស់ខាងសីលធម៌នោះ រួមទាំងច្បាប់ព្រហ្មចារីភាព8—ត្រូវបានធ្វើឲ្យដូចដើមវិញនៅក្នុងសង្គមយើង ជាតម្លៃដ៏ខ្ពស់បំផុតនោះ ? បើភាពអសីលធម៌ រូបអាសគ្រាម និង ការរំលោភបំពានថយចុះ នោះការបែកបាក់ក្នុងអាពាហ៍ពិពាហ៍ ជីវិត និង ដួងចិត្តខ្ទេចខ្ទាំ នឹងមានកាន់តែតិចទេ ? តើប្រព័ន្ធផ្សព្វផ្សាយនឹងធ្វើឲ្យថ្លៃថ្នូរ និងជាលទ្ធភាព ជាងការបដិសេធ និង ការបន្ទាបតម្លៃបុត្រីដ៏មានតម្លៃនៃព្រះឬទេ ? បើមនុស្សទាំងអស់ពិតជាយល់ពីសារសំខាន់នៃសេចក្ដីថ្លែងដែលថា « យើងជាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង » នោះតើស្ត្រីត្រូវបានគោរព និង ប្រព្រឹត្តល្អដល់ឬទេ ?
ប៉ុន្មានឆ្នាំកន្លងទៅហើយ ពេលដែលមជ្ឈមណ្ឌលសន្និសីទនេះ កំពុងសាងសង់ និង ជិតសង់ហើយ ខ្ញុំបានចូលក្នុងអគារដ៏ពិសិដ្ឋនេះ នៅជាន់ឡៅតើ ដោយពាក់មួកដែក និង វែនតាសុវត្ថិភាព ត្រៀមរួចជាស្រេចដើម្បីបូមកម្រាលព្រំ ដែលស្វាមីខ្ញុំបានជួយក្រាល ។ កន្លែងវេទិកានៅសព្វថ្ងៃនេះ មានត្រាក់ទ័របូមធូលីមួយ ហើយធូលីនៅក្នុងអគារនេះគឺមានកម្រាស់ក្រាស់ណាស់ ។ ពេលព្រំក្រាលរួចរាល់ ក៏មានធូលីដ៏ក្រាស់ដូច្នោះនៅលើកម្រាលព្រំថ្មីនោះ ។ ផ្នែករបស់ខ្ញុំគឺត្រូវបូមធូលី ។ ដូច្នេះខ្ញុំបានបូមធូលី បូមធូលី ហើយ បូមធូលីទៀត ។ បីថ្ងៃក្រោយមក ម៉ាស៊ីនបូមធូលីដ៏តូចរបស់ខ្ញុំ លែងដំណើរការ !
រសៀលមុនពេលសន្និសីទទីមួយដែលធ្វើឡើងក្នុងអគារដ៏ស្រស់ស្អាតនេះ ស្វាមីខ្ញុំបានទូរស័ព្ទមកខ្ញុំ ។ គាត់បម្រុងនឹងក្រាលកម្រាលព្រំចុងក្រោយ—គឺក្រាលនៅក្រោមវេទិកាដ៏ប្រវត្តិសាស្ត្រនេះ ។
គាត់បានសួរថា « តើបងគួរសរសេរខគម្ពីរណា នៅខាងក្រោមកម្រាលព្រំនេះ ? »
ហើយខ្ញុំបានតបថា « ម៉ូសាយ 18:9 ៖ ‹ ឈរជា [ សាក្សីម្នាក់ ] ដល់ព្រះ នៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង › » ។
ក្នុងពិភពលោកដ៏លំបាកក្រៃលែងនេះ នោះជាអ្វីដែលខ្ញុំមើលឃើញយុវនារី និង ស្ដ្រីទាំងអស់នៃសាសនាចក្រនេះកំពុងធ្វើ ។ ពួកគេជាឥទ្ធិពលសម្រាប់ការណ៍ល្អ ។ ពួកគេប្រកបដោយគុណធម៌ និង ជាគំរូ ឈ្លាសវៃ និង ឧស្សាហ៍ ។ ពួកគេកំពុងបង្កើតឲ្យមានការផ្លាស់ប្ដូរ ព្រោះពួកគេគឺជាមនុស្សពិសេស ។ ពួកគេកំពុងធ្វើយ៉ាងល្អនូវផ្នែករបស់គេ ។
ច្រើនឆ្នាំកន្លងមក ពេលខ្ញុំកំពុងបូមធូលីលើកម្រាលព្រំនេះ—ដោយព្យាយាមធ្វើឲ្យល្អលើផ្នែកដ៏តូចរបស់ខ្ញុំ—នោះខ្ញុំមិនបានដឹងទេថា ថ្ងៃមួយខ្ញុំនឹងឈរលើកម្រាលព្រំខាងក្រោមវេទិកានេះទេ ។
ថ្ងៃនេះ ដោយជាបុត្រីនៃព្រះ ខ្ញុំឈរជាសាក្សីម្នាក់ ថាទ្រង់មានព្រះជន្មរស់ ។ ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ ទ្រង់ជាអង្គប្រោសលោះយើង ។ គឺតាមរយៈការលះបង់ដ៏គ្មានទីបញ្ចប់ និង ដ៏ធួនរបស់ទ្រង់ ដែលខ្ញុំនឹងត្រឡប់ទៅរស់នៅជាមួយទ្រង់វិញនៅថ្ងៃមួយ—ដោយបានបង្ហាញថា បរិសុទ្ធ និង បានផ្សារភ្ជាប់ក្នុងគ្រួសារអស់កល្បមួយ ។ ខ្ញុំនឹងតែងតែតម្កើងទ្រង់ សម្រាប់ឯកសិទ្ធិដែលកើតជាស្ត្រី ភរិយា និង ម្ដាយម្នាក់ ។ ខ្ញុំថ្លែងទីបន្ទាល់ថា យើងត្រូវបានដឹកនាំដោយព្យាការីនៃព្រះ គឺប្រធាន ថូម៉ាស អេស ម៉នសុន ហើយខ្ញុំមានអំណរគុណសម្រាប់បុរសសុចរិតទាំងឡាយ ដែលអំណាចបព្វជិតភាពរបស់ពួកគាត់ផ្ដល់ពរដល់ជីវិតខ្ញុំ ។ ហើយខ្ញុំនឹងតែងតែមានអំណរគុណសម្រាប់កម្លាំង ដែលខ្ញុំទទួលតាមរយៈអំណាចដែលធ្វើឲ្យអ្វីៗអាចកើតឡើងបាននៃដង្វាយធួនដ៏និរន្តន៍របស់ព្រះអង្គសង្គ្រោះ កាលដែលខ្ញុំបន្តពុះពារ « ធ្វើផ្នែក [ របស់ខ្ញុំ ] ឲ្យល្អ » ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។