ផ្លូវរបស់ព្រះអម្ចាស់
មាគ៌ារបស់ព្រះអម្ចាស់គឺថា យើងស្តាប់តាមការបង្រៀនរបស់អ្នកដឹកនាំយើង យល់ដឹងគោលការណ៍ឲ្យត្រឹមត្រូវ ហើយគ្រប់គ្រងលើខ្លួនយើង ។
ពួកចិតសិបនាក់
ខ្ញុំបានបម្រើជាសមាជិកម្នាក់នៃពួកចិតសិបនាក់ ។ ពួកចិតសិបនាក់ត្រូវហៅជាសារទូត—ដើម្បីចែករំលែកព្រះបន្ទូលព្រះ ខណៈដែលយើងទទួលព្រះបន្ទូលនោះពីពួកសាវក និងពួកព្យាការី និងព្រះវិញ្ញាណ ហើយជាពិសេស ជាសាក្សីនៃព្រះនាមរបស់ព្រះគ្រីស្ទ នៅក្នុងការផ្សព្វផ្សាយដំណឹងល្អ ទូទាំងពិភពលោក នៅក្នុងការស្ថាបនា និងរៀបចំកិច្ចការក្នុងសាសនាចក្រ ( សូមមើល គ. និង ស. 107:25, 34 ) ។
កសិករក្មេងម្នាក់
ខ្ញុំបានធំឡើងនៅស្រុកស្រែមួយក្បែរក្រុង ប៊ឺលី រដ្ឋ អៃដាហូ—« កសិករក្មេងរដ្ឋអៃដាហូម្នាក់ ! » នាមជាកសិករក្មេង ខ្ញុំបានរៀនដឹងថា ៖
-
ដើម្បីធ្វើការគឺថា—ប្រសិនបើអ្នកមិនដាំ នោះអ្នកនឹងមិនបានផលផ្លែឡើយ ។
-
ធ្វើការដោយវាងវៃគឺថា—ប្រសិនបើអ្នកស្រោចទឹក និងដាក់ជី នោះអ្នកបានផលកាន់តែច្រើន ។
-
សារៈសំខាន់នៃការចេះលៃលកពេលវេលាគឺថា—ប្រសិនបើអ្នកមិនដាំនៅពេលត្រឹមត្រូវ នោះកំណកអាចបំផ្លាញផលបាន ។
-
ដើម្បីធ្វើអ្វីដែលចាំបាច់ ឬ ត្រូវតែបានធ្វើ ថ្វីបើជាអ្វីដែលគាប់ចិត្ត ពេញចិត្ត ឬចាំបាច់ក៏ដោយ—អ្នកច្របាច់យកទឹកដោះគោ នៅពេលដែលគោនោះមានទឹកដោះឲ្យច្របាច់ គឺមិនមែនច្របាច់ទឹកដោះគោ នៅពេលណាអ្នកចង់ច្របាច់យកទឹកដោះគោនោះឡើយ ។
-
ដោយចំៗ—ជាមួយនឹងគោ ក្របី ឬម៉ាស៊ីន អ្នកពុំមានពេលវេលាដើម្បីនឹង « រុញរា រអាក់រអួល » ឬនឹងខ្វល់ខ្វាយថាត្រូវធ្វើតាមមធ្យោបាយណាឡើយ ។ ( ដោយក្តីកោតគោរព ក្នុងពេលខ្ញុំបានបម្រើនៅក្នុងសាសនាចក្រ ជាញឹកញាប់ខ្ញុំបានសួរថា ៖ « តើអ្នកចង់ឲ្យនិយាយចំៗឬនិយាយជាប្រយ៉ោល ? » តាមវិន័យ ពួកបរិសុទ្ធបានជ្រើសយក « ចំៗ ! » ខ្ញុំនឹងនិយាយឲ្យចំៗថ្ងៃនេះ ។ )
-
ទីបំផុត ក្នុងនាមជាកសិករក្មេងម្នាក់នៃរដ្ឋ អៃដាហូ ខ្ញុំបានរៀនប្រកាន់ខ្ជាប់ទៅនឹងបទដ្ឋានយ៉ាងចាំបាច់មួយចំនួន ។
គ្មានអ្វីដែលចាំបាច់ចំពោះយើងរាល់គ្នា ហើយនិងគោលលទ្ធិរបស់យើង ជាជាងការពិតនៃមាត្រានៃសេចក្តីជំនឿទីមួយថា ៖ « យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និងដល់ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ព្រះវិញ្ញាណបរិសុទ្ធ » ( មាត្រានៃសេចក្តីជំនឿ 1:1 ) ។
បន្ថែមទៀត ទ្រង់គឺជាព្រះវរបិតាសួគ៌ របស់យើង ទ្រង់ស្គាល់យើង ស្រឡាញ់យើង ហើយចង់ឲ្យយើងត្រឡប់ទៅឯទ្រង់វិញ ។ ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ របស់យើង ដែលតាមរយៈដង្វាយធួន បានបង្ហាញច្បាស់ចំពោះយើងថា យើងអាចយកឈ្នះលើសេចក្តីស្លាប់ ហើយរស់ឡើងវិញម្តងទៀត និងឲ្យ យើង ត្រូវបានដំកើងឡើង និងមានជីវិតដ៏អស់កល្បជានិច្ច ។ ព្រះវិញ្ញាណគឺជាព្រះ ព្រះដ៏ជាជំនួយ ព្រះបើកបង្ហាញវិវរណៈ ព្រះថ្លែងទីបន្ទាល់ និងព្រះដឹកនាំរបស់យើង ។
សូមគិតមើលចុះ បងប្អូនប្រុសស្រីអើយ—យើងពុំមែនជាបុត្រកំព្រាខាងវិញ្ញាណទេ ! យើងមិននៅឯកោរទេ ។
តើមានមាតាបិតា—ដោយពុំមែនជាក្មេងកំព្រា មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ? យើងអាចរៀនពីពួកគាត់ ទទួលអត្ថប្រយោជន៍ពីបទពិសោធន៍ពួកគាត់ ចៀសវាងពីការធ្លាក់ចុះក្នុងរណ្តៅដែលពួកគាត់ហាមឃាត់យើង ហើយយល់កាន់តែច្បាស់ពី ទិដ្ឋភាពរបស់វា ។ យើងមិនចាំបាច់វង្វេង ស្មុគស្មាញ ត្រូវបានបញ្ឆោត ឬ បាត់បង់ប្រសិទ្ធភាពនោះឡើយ ។ ជាពិសេសនេះគឺជាការពិត នៅក្នុងគម្រោងរបស់ព្រះវរបិតាសួគ៌យើង ដែលបានបង្រៀនយើង ដែលបង្ហាញដល់យើងថា វាពុំត្រឹមតែជាផ្លូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវតែមួយគត់ ។
ព្រះមានមាគ៌ាទ្រង់
តាមពិត ព្រះអម្ចាស់មានរបៀបដើម្បីរស់នៅ1 ស្រឡាញ់2 ជួយ3អធិស្ឋាន4 និយាយ5 ទំនាក់ទំនងគ្នា6 ដឹកនាំ7 រៀបការ8 ចិញ្ចិមបីបាច់កូនចៅ9 រៀនសូត្រ10 ស្គាល់សេចក្ដីពិត11 ចែកចាយដំណឹងល្អ12 ត្រូវជ្រើសរើសបរិភោគអាហារដោយឈ្លាសវៃ13 ។ ល ។
អមជាមួយនឹងព្រះគម្ពីរ មានប្រភពដ៏ធំជាច្រើន សម្រាប់ការស្វែងរកមាគ៌ារបស់ព្រះអម្ចាស់នៅក្នុងសៀវភៅ ពិតចំពោះសេចក្តីជំនឿ កូនសៀវភៅដើម្បីកម្លាំងនៃយុវជន និងការបង្រៀនដទៃទៀតរបស់ពួកព្យាការី និងពួកសាវកនៅរស់ ។
-
ជាឧទាហរណ៍ ព្រះអម្ចាស់បានបង្រៀនយើងក្នុងព្រះគម្ពីរថា ៖ « ត្បិតគំនិតយើងមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ ។ ព្រះអម្ចាស់មានបន្ទូលថា « ត្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯងយ៉ាងនោះដែរ » (អេសាយ 55:8–9 ) ។
-
ទង្វើយ៉ាងអាក្រក់មួយនៅក្នុងថ្ងៃចុងក្រោយនេះ គឺថា « មនុស្សគ្រប់រូបដើរតាមផ្លូវរបស់ខ្លួនគេផ្ទាល់ » (គ. និងស. 1:16 ) ។ នៅក្នុងសុភាសិតបានព្រមានយើងថា « កុំឲ្យពឹងផ្អែកលើយោបល់ខ្លួនឯងឡើយ » និង « កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ » ( សូមមើលសុភាសិត 3:5–7 ) ។
-
យើងត្រូវបានបង្រៀនថា ប្រសិនបើយើងធ្វើអ្វីៗតាមរបៀបរបស់ព្រះអម្ចាស់ ទ្រង់ជាប់សន្យានឹងប្រទានពរដល់យើង យើងអាចទទួលសេចក្តីសន្យារបស់ទ្រង់ ហើយបើពុំធ្វើតាមផ្លូវរបស់ទ្រង់ទេ យើងគ្មានសេចក្តីសន្យាឡើយ ( សូមមើល គ. និង ស. 82:10 ) ។
-
ព្រះអម្ចាស់ប្រៀបធៀបមាគ៌ារបស់ទ្រង់ជាមួយនឹងផ្លូវរបស់យើង នៅក្នុងការបំពាក់បំប៉នរបស់ទ្រង់ចំពោះព្យាការី សាំយូអែល ដែលត្រូវបានបញ្ជូនឲ្យទៅស្វែងរកស្តេចថ្មី ៖ « តែព្រះទ្រង់មានបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ត្បិតអញមិនទទួលអ្នកនេះទេ ពីព្រះទ្រង់មិនទតចំពោះសេចក្តីដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោកតែងមើលតែឫកពារខាងក្រៅប៉ុណ្ណោះ តែព្រះទ្រង់ទតចំពោះក្នុងចិត្តវិញ » (សាំយូអែលទី 1 16:7 ) ។
-
សូម្បីតែជាមួយនឹងបំណងប្រាថ្នាដែលទទួលស្គាល់ជាសកល ដើម្បីជួយដល់អ្នកក្រីក្រ និងអ្នកខ្វះខាត ព្រះអម្ចាស់យល់ស្របតាមគោលដៅរបស់យើង ប៉ុន្តែបានព្រមានថា « ប៉ុន្តែនោះត្រូវបានសំរេចតាមមាគ៌ារបស់យើង » ( គ. និង ស. 104:16 ) ។ បើមិនដូច្នេះទេ នៅក្នុងការខិតខំដើម្បីជួយរបស់យើង យើងអាចនឹងធ្វើឲ្យគេឈឺចាប់វិញ ។ ព្រះអម្ចាស់បានបង្រៀនយើងអំពីតម្រូវការដើម្បីជម្រុញឲ្យមានការពឹងផ្អែកលើខ្លួនឯង ។ ថ្វីបើយើងអាចជួយក្តី យើងមិនត្រូវផ្តល់ ឬជួយនូវអ្វីដែលពួកគេអាច និងគួរធ្វើដោយខ្លួនគេនោះឡើយ ។ គ្រប់ទីណាដែលបានធ្វើបែបនេះ ទីនោះបានរៀននូវការកំជិលដ៏អាក្រក់ ។ ព្រះទ្រង់ពិតជាជ្រាបដឹងមែន ។
ចូរយើងគិតអំពីឧទាហរណ៍ដទៃទៀត។ ព្រះអម្ចាស់មានមាគ៌ាមួយ ដើម្បីធ្វើការផ្សព្វផ្សាយសាសនា ។ ការណ៍នេះ ត្រូវបានប្រមូលជាក្រមនៅក្នុងព្រះគម្ពីរ និងសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ហើយត្រូវបានប្រតិបត្តិ ដូចបានដឹកនាំដោយព្រះវិញ្ញាណ ។
ព្រះអម្ចាស់មានរបៀប ឬមាគ៌ាទ្រង់ ដើម្បីស្រឡាញ់ ។ អស់អ្នកជារបស់ផងលោកីយ៍ និយាយថាអ្វីដែលសំខាន់នោះ គឺថាមនុស្សពីរនាក់ចេះស្រឡាញ់គ្នា ។ ព្រះវរបិតាសួគ៌យើងបង្រៀនថានោះជាការសំខាន់ ប៉ុន្តែ ទ្រង់បង្រៀនយើងថែមទៀតថា ៖ មានរបៀប និងពេលវេលាដែលបានអនុញ្ញាត ដើម្បីសម្តែងនូវសេចក្តីស្រឡាញ់នោះ ។
ការគ្រប់គ្រងលើខ្លួនយើង
យ៉ូសែប ស្ម៊ីធបានបង្រៀនតាំងពីវ័យក្មេងអំពីមាគ៌ារបស់ព្រះអម្ចាស់ ។ នៅពេលគេសួរថា គាត់ដឹកនាំសាសនាចក្រដោយរបៀបណា គាត់បានពន្យល់ថា គាត់បានបង្រៀនគោលការណ៍ត្រឹមត្រូវ ហើយសមាជិកគ្រប់គ្រងលើខ្លួនគេ ។14បងប្អូនប្រុសស្រី សាវក និង ព្យាការីនៅរស់របស់យើង គឺនៅតែបង្រៀនគោលការណ៍ត្រឹមត្រូវ ។ សំណួរគឺថា « តើយើងប្រើគោលការណ៍ទាំងនេះ ដើម្បីគ្រប់គ្រងខ្លួនយើងដែរឬទេ ? »
រឿងមួយទៀត ដែលយើងត្រូវបានបង្រៀនជាញយៗ គឺដើម្បីរីកលូតលាស់ឡើងក្នុងទីកន្លែងដែលយើងបានស្ថាបនា ។ ប៉ុន្តែជួនកាល យើងត្រូវបានល្បួងឲ្យរើទៅកន្លែងថ្មី ដោយគិតថាកូនរបស់យើងនឹងមានមិត្តភក្តិកាន់តែច្រើន និងមានកម្មវិធីយុវវ័យល្អប្រសើរជាងជាដើម ។
បងប្អូនប្រុសស្រីអើយ តើយើងពិតជាបានគិតអំពីកត្តាចាំបាច់ នៅក្នុងសេចក្តីសង្គ្រោះដល់កូនៗរបស់យើង នៅក្នុងសហគមន៍ដែលយើងរស់នៅឬទេ ? ពួកសាវក និងព្យាការី បានបង្រៀនញឹកញាប់ថា អ្វីដែលកើតឡើងនៅខាងក្នុងផ្ទះ គឺពិតជាសំខាន់ជាងអ្វីដែលកូនចៅរបស់យើងប្រឈមមុខនៅខាងក្រៅផ្ទះ ។ របៀប ដែលយើងចិញ្ចឹមបីបាច់កូនៗរបស់យើង គឺរឹតតែសំខាន់ជាង ទីកន្លែង ដែលយើងចិញ្ចឹមបីបាច់ពួកគេទៅទៀត ។
ពិតណាស់ថា មាននូវកត្តាដទៃទៀត ពាក់ព័ន្ធក្នុងការសម្រេចអំពីទីកន្លែងដើម្បីរស់នៅ ហើយអរគុណណាស់ ដែលព្រះអម្ចាស់នឹងដឹកនាំយើង បើយើងស្វែងរកការបញ្ជាក់ពីទ្រង់ ។
សំណួរមួយទៀតគឺ « តើទីណាដែលមនុស្សត្រូវការយើង ? » ខ្ញុំបានបម្រើនៅក្នុងគណៈប្រធានស្តេក ហ៊ូស្តុន តិចសាស ភាគខាងជើង អស់រយៈពេល 16 ឆ្នាំ ។ មនុស្សជាច្រើនបានផ្លាស់ចូលមកនៅ អំឡុងឆ្នាំនោះ ។ ជួនកាលយើងទទួលទូរស័ព្ទប្រាប់ថា មានមនុស្សថ្មីផ្លាស់មក ហើយគេសួរថា តើវួដណាមួយល្អជាងគេបំផុត ។ ហើយមានតែម្តងគត់នៅក្នុងអំឡុង 16 ឆ្នាំនោះ ដែលខ្ញុំបានទទួលទូរស័ព្ទសួរថា « តើវួដណាមួយដែលត្រូវការគ្រួសារល្អ ? តើយើងអាចជួយត្រង់ណាបាន ? »
នៅក្នុងឆ្នាំដំបូងនៃសាសនាចក្រ ប្រធាន ព្រិកហាំ យ៉ង់ និងអ្នកដទៃទៀត បានហៅសមាជិកឲ្យទៅកន្លែងណាមួយជាក់លាក់ ដើម្បីស្ថាបនាសាសនាចក្រនៅទីនោះ ។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺថា សូម្បីតែឥឡូវនេះក្តី យើងមានសមាជិកដ៏ស្មោះស្ម័គ្រនៃសាសនាចក្រគ្រប់ទីកន្លែង ដែលនឹងទៅ តាមដែលព្យាការីហៅពួកគេឲ្យទៅ ។ តើយើងពិតជារំពឹងឲ្យប្រធាន ម៉នសុនប្រាប់យើងម្នាក់ៗ ដែលមានចំនួនជាង 14 លាននាក់នោះ ថាគ្រួសារយើងមានគេត្រូវការឬ ? មាគ៌ារបស់ព្រះអម្ចាស់គឺថា យើងស្តាប់តាមការបង្រៀនរបស់អ្នកដឹកនាំយើង យល់ដឹងគោលការណ៍ឲ្យត្រឹមត្រូវ ហើយគ្រប់គ្រងលើខ្លួនយើង ។
ពិតជាសំខាន់ខ្លាំងណាស់
អ្វីៗដែលកំពុងតែកើតឡើងនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ជាពេលដែលព្រះអម្ចាស់កំពុងតែពន្លឿនកិច្ចការរបស់ទ្រង់គ្រប់ទីកន្លែងនោះ វាកាន់តែសំខាន់ទៅទៀត ដែលយើងធ្វើអ្វីគ្រប់យ៉ាង តាមមាគ៌ារបស់ទ្រង់ !
ជាពិសេសនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ យើងរៀនថា « ដោយអំណោយទាននៃព្រះរាជបុត្រាទ្រង់ នោះព្រះទ្រង់បានរៀបចំផ្លូវមួយដ៏ល្អប្រសើរលើសលែងទៅទៀត » (អេធើរ 12:11 ) ។ គោលលទ្ធិរបស់ព្រះគ្រីស្ទ « គឺជាផ្លូវ ហើយគ្មានផ្លូវឯណាទៀតឡើយ ឬក៏ឈ្មោះណាទៀតនៅក្រោមមេឃនេះ ដែលមនុស្សអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះឡើយ » (នីហ្វៃ 2 31:21 ) ។
សេចក្តីបញ្ចប់
ដូចយើងមើលឃើញហើយថាក្នុងពិភពលោកសព្វថ្ងៃនេះ មានមនុស្សជាច្រើនរស់នៅក្នុងភាពភាន់ច្រឡំ ឬរស់នៅលើផ្លូវហាមឃាត់កាន់តែអាក្រក់ និងវង្វេង ហើយរងទុក្ខក្នុងលទ្ធផលនៃការជ្រើសរើសត្រឹមត្រូវ ដែលធ្វើឲ្យខ្ញុំចង់ស្រែកប្រកាស ដូចអាលម៉ាថា ៖
« ឱ បើសិនជាខ្ញុំបានទៅជាទេវតាមួយ ហើយអាចបំពេញបំណងចិត្តខ្ញុំ គឺឲ្យខ្ញុំអាចទៅនិយាយជាសម្លេងដែលធ្វើឲ្យញ័រផែនដី ហើយស្រែកហៅឲ្យមានការប្រែចិត្តដល់មនុស្សគ្រប់រូប !
« មែនហើយ ខ្ញុំនឹងប្រកាសដល់មនុស្សគ្រប់រូបអំពី ... ផែនការនៃសេចក្តីប្រោសលោះថា គេត្រូវតែប្រែចិត្ត ហើយមករកព្រះនៃយើងវិញ ដើម្បីកុំឲ្យមានការសោកសៅនៅលើផ្ទៃផែនដីទៀតឡើយ » ។(អាលម៉ា 29:1–2) ។
សារជាថ្មីម្តងទៀត ខ្ញុំសូមធ្វើជាសាក្សីថា ព្រះអម្ចាស់មានមាគ៌ាទ្រង់ ! ព្រះវរបិតាសួគ៌យើងស្គាល់យើង ស្រឡាញ់យើង ហើយចង់ជួយយើង ។ ទ្រង់ដឹងនូវរបៀបដ៏ល្អបំផុតដើម្បីជួយ ។ យើងពុំមែនជាកូនកំព្រាខាងវិញ្ញាណឡើយ !
ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទយើងគឺជា « ផ្លូវ សេចក្តីពិត ហើយជាជីវិត » (យ៉ូហាន 14:6; ក៏សូមមើលអាលម៉ា 38:9 ) ។ មាគ៌ារបស់ទ្រង់ គឺមានមូលដ្ឋាននៅលើសេចក្ដីពិតដ៏អស់កល្ប ហើយដែលនាំយើងទៅកាន់ « សេចក្តីសុខសាន្ត នៅនាពេលលោកីយ៍នេះ និងជីវិតដ៏នៅអស់កល្បជានិច្ច នៅបរលោកនាយ » (គ. និង ស. 59:23 ) ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។