លុះត្រាជួបទៀត
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ខ្ញុំសូមអធិស្ឋានសុំឲ្យ ព្រះអម្ចាស់ នឹងប្រទានពរ ហើយឃុំគ្រងអ្នក ។
បងប្អូនប្រុសស្រីរបស់ខ្ញុំ យើងបានមានសន្និសីទមួយដ៏អស្ចារ្យ ។ ខ្ញុំដឹងថាអ្នកយល់ស្របនឹងខ្ញុំថាសារលិខិតទាំងឡាយពោរពេញដោយការបំផុសគំនិត ។ យើងមានចិត្តរំភើប ហើយទីបន្ទាល់យើងពីកិច្ចការដ៏ទេវភាពនេះត្រូវបានពង្រឹង ពេលយើងបានទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ សូមឲ្យយើងចងចាំជានិច្ចនូវអ្វីដែលយើងបានស្ដាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យសិក្សាសារលិខិតទាំងនោះបន្ថែមទៀត ពេលវាត្រូវបានគេបោះពុម្ពនៅក្នុងច្បាប់ថ្មីនៃទស្សនាវដ្ដី Ensign និង Liahona ។
យើងសូមសម្ដែងការដឹងគុណដល់អ្នកឡើងនិយាយគ្រប់រូប ក៏ដូចជាអ្នកដែលបានធ្វើការអធិស្ឋានផងដែរ ។ លើសពីនេះទៀត តន្ត្រីបានប្រគុំយ៉ាងពិរោះ និង ពោរពេញដោយការបំផុសគំនិត ។ យើងស្រឡាញ់ក្រុមចម្រៀងរោងឧបោសថដ៏អស្ចារ្យ ហើយសូមថ្លែងអំណរគុណដល់អ្នកដទៃទៀតដែលបានប្រគុំភ្លេងផងដែរ ។
យើងរួមគ្នាសម្ដែងការដឹងគុណរបស់យើងចំពោះគណៈប្រធាន និង ប្រធាននៃយុវនារីទូទៅដែលបានដោះលែងកាលពីម្សិលមិញ ។ ការបម្រើពួកគាត់គឺវិសេសវិសាលបំផុត ហើយមានភាពស្មោះត្រង់យ៉ាងពេញលេញ ។
យើងបានគាំទ្រដល់បងប្អូនប្រុសស្រីដែលត្រូវបានហៅសម្រាប់តួនាទីថ្មីដោយការលើកដៃក្នុងសន្និសីទនេះ ។ យើងចង់ឲ្យពួកគាត់រាល់គ្នាដឹងថា យើងទន្ទឹងចាំដើម្បីបម្រើជាមួយពួកគាត់ក្នុងបុព្វហេតុរបស់លោកចៅហ្វាយនេះ ។
បងប្អូនប្រុសស្រី យើងជាសាសនាចក្រមួយដែលមានទូទាំងពិភពលោក ។ សមាជិកយើងមានពាសពេញសកលលោក ។ ខ្ញុំសូមទូន្មានអ្នកឲ្យធ្វើជាពលរដ្ឋល្អនៅទីកន្លែងដែលអ្នករស់នៅ ហើយធ្វើជាអ្នកជិតខាងល្អក្នុងសហគមន៍របស់អ្នក ដោយជួយដល់ជនដែលមានជំនឿផ្សេង រួមទាំងសមាជិកយើងផងដែរ ។ សូមឲ្យយើងអត់ឱន ក៏ដូចជាមានសណ្ដានចិត្តល្អ ហើយស្រឡាញ់ដល់ជនដែលមានជំនឿ និងបទដ្ឋានខុសពីយើង ។ ព្រះអង្គសង្គ្រោះបាននាំមកនូវសារលិខិតនៃក្ដីស្រឡាញ់ និង ក្ដីសប្បុរសមួយមកកាន់ផែនដីនេះសម្រាប់បុរសស្ត្រីគ្រប់រូប ។ សូមឲ្យយើងធ្វើតាមគំរូទ្រង់ជារៀងរហូត ។
ខ្ញុំសូមអធិស្ឋានថា យើងអាចដឹងពីសេចក្ដីត្រូវការរបស់មនុស្សដែលនៅជុំវិញយើង ។ ជាពិសេសក្នុងចំណោមយុវវ័យ មានពួកគេមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងថ្នាំញៀន ភាពអសីលធម៌ រូបអាសគ្រាមដែលគួរឲ្យសោកសៅ ។ ល ។ មានមនុស្សដែលឯកោ រួមបញ្ចូលទាំងស្ត្រីមេម៉ាយ បុរសពោះម៉ាយ ដែលត្រូវការមិត្តភក្ដិ និងការបារម្ភពីអ្នកដទៃ ។ សូមឲ្យយើងរៀបចំខ្លួនជានិច្ចដើម្បីជួយដល់ពួកគេដោយក្ដីស្រឡាញ់ ។
យើងរស់នៅក្នុងគ្រាមួយក្នុងប្រវត្តិសាស្ត្រនៃពិភពលោកដែលមានឧបសគ្គដ៏លំបាកជាច្រើន តែក៏មាននូវឱកាស និង ហេតុផលដ៏អស្ចារ្យដើម្បីរីករាយផងដែរ ។ ពិតណាស់ យើងជួបនូវការខកចិត្ត ការខូចចិត្ត ថែមទាំងមានគ្រោះថ្នាក់ដ៏ធំក្នុងជីវិតយើងទៀតផង ។ តែ បើយើងដាក់ការទុកចិត្តរបស់យើងលើព្រះអម្ចាស់ ទ្រង់នឹងជួយយើងឲ្យឆ្លងកាត់ការលំបាករបស់យើងបាន មិនថាវាជាអ្វីនោះទេ ។ នៅក្នុងទំនុកដំកើងបានផ្ដល់នូវការអះអាងនេះថា ៖ « ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើងគង់នឹងមានសេចក្ដីអំណរឡើងដែរ » ។1
បងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបានស្ដារឡើងវិញនៅក្នុងចុងក្រោយនេះតាមរយៈ ព្យាការី យ៉ូសែប ស្ម៊ីធ ។ វាជាកូនសោទៅកាន់សុភមង្គលរបស់យើង ។ សូមឲ្យយើងមានចិត្តរាបសា ហើយពោរពេញដោយការអធិស្ឋាន ដោយមានក្ដីជំនឿថា ព្រះវរបិតាសួគ៌យើងអាចដឹកនាំ ហើយប្រទានពរយើងនៅក្នុងជីវិតយើង ។
ខ្ញុំសូមថ្លែងជាសាក្សី និង ទីបន្ទាល់ផ្ទាល់ខ្លួនខ្ញុំទៅកាន់អ្នករាល់គ្នាថា ព្រះ មានព្រះជន្មរស់ ថាទ្រង់ស្ដាប់ឮការអធិស្ឋាននៃចិត្តរាបសា ។ ព្រះរាជបុត្រាទ្រង់ ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះយើង មានបន្ទូលមកកាន់យើងរាល់គ្នាថា ៖ « មើល យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ » ។ 2សូមឲ្យយើងជឿលើបន្ទូលទាំងនេះ ហើយទាញយកប្រយោជន៍ពីការសន្យានេះ ។
ឥឡូវនេះ ដោយសារសន្និសីទបានបញ្ចប់ ខ្ញុំសូមអធិស្ឋានឲ្យពរជ័យនៃស្ថានសួគ៌កើតមានមកលើអ្នកគ្រប់គ្នា ។ សូមឲ្យផ្ទះអ្នកពោរពេញទៅដោយភាពសុខសាន្ត សន្តិភាព ភាពឱនលំទោន និង សេចក្ដីស្រឡាញ់ ។ សូមឲ្យវាពោរពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ សូមឲ្យអ្នកបានពង្រឹងនូវទីបន្ទាល់របស់អ្នកអំពីដំណឹងល្អ ដើម្បីឲ្យវាក្លាយជាការការពារមួយសម្រាប់អ្នក ប្រឆាំងនឹងការវាយប្រហាររបស់សាតាំង ។
លុះត្រាយើងជួបគ្នាប្រាំមួយខែទៀត បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ខ្ញុំសូមអធិស្ឋានសុំឲ្យ ព្រះអម្ចាស់នឹងប្រទានពរ ហើយឃុំគ្រងអ្នក ។ សូមឲ្យក្ដីសុខសាន្តដែលទ្រង់បានសន្យាស្ថិតនៅជាមួយអ្នកពេលនេះ និងជានិច្ចតទៅ ។ សូមអរគុណចំពោះការអធិស្ឋានរបស់អ្នកសម្រាប់ខ្ញុំ និង ពួកអ្នកមានសិទ្ធិអំណាចទូទៅទាំងអស់ ។ យើងមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នក ។ ក្នុងព្រះនាមនៃ ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះយើង ជាអង្គដែលយើងបម្រើ ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់ អាម៉ែន ។