ឆ្នាំ ២០១០-២០១៩
អាពាហ៍ពិពាហ៍៖ មើល​ ហើយ​រៀន
ខែ មេសា 2013


10:39

អាពាហ៍ពិពាហ៍ ៖ មើល ហើយ​រៀន

ការ​សន្យា​របស់​ព្រះអម្ចាស់ បាន​មាន​ដល់​មនុស្ស​ទាំង​អស់​​ដែល​ធ្វើ​តាម​គំរូ​នៃ​ជីវិត ដែល​ស្ថាបនា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​រីករាយ និង បរិសុទ្ធ ។

នារសៀល​មួយ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​ទៅ​​ផ្ទះ​កូន​ប្រុស​ម្នាក់​របស់​យើង ភរិយា និង កូនៗ​របស់​គាត់ ដើម្បី​​បរិភោគ​អាហារ​ពេល​ល្ងាច ។ វា​ជា​ព្រឹត្តការ​សាមញ្ញ​មួយ សម្រាប់​គ្រួសារ​ដែល​មាន​កូន​តូចៗ ៖ គឺ​មាន​សម្លេង​អ៊ូរអរ និង កាន់​តែ​សប្បាយ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច ចៅ​ស្រី​អាយុ​បួន​ឆ្នាំ​របស់​យើង ឈ្មោះ អេណា និង ខ្ញុំ​បន្ដ​អង្គុយ​នៅ​តុ​អាហារ ។ នាង​ដឹង​ថា ដើម្បីឲ្យ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់តែ​លើ​រូបនាង នោះ​នាង​បាន​ក្រោក​ឈរ​ឡើយនៅលើ​កៅអី ហើយសំឡឹង​មក​ខ្ញុំ ។ នៅពេល​នាងដឹង​ថា​ខ្ញុំ​មើល​​នាង នាង​បាន​បញ្ជា​ខ្ញុំ​យ៉ាងអង់អាច​ថា « មើល ហើយ​រៀន » ។ បន្ទាប់​មក​នាង​រាំ និង​ច្រៀង​ចម្រៀង​សម្រាប់​ខ្ញុំ ។

​ការបង្រៀន​របស់​ អេណា ថា​ឲ្យ​ « មើល​ ហើយ រៀន » ​គឺ​ជា​ប្រាជ្ញា​ដោយ​នូវ​​មាត់​កូនក្មេង ។ យើង អាច រៀន​ច្រើន​តាមរយៈ​ការ​មើល រួច​ហើយ​ពិចារណា​អំពី​អ្វី​ដែល​យើង​បាន​មើល​ឃើញ និង ទទួល​អារម្មណ៍ ។ ដោយ​គិត​ពី​រឿង​នោះ ខ្ញុំ​សូម​ចែកចាយ​ជាមួយ​អ្នក​នូវ​គោលការណ៍​មួយ​ចំនួន ដែល​ខ្ញុំ​បាន​សង្កេតតាមរយៈ​ការ​មើល និង​ការ​រៀន​​ពី​អាពាហ៍ពិពាហ៍​ស្មោះត្រង់​​អស្ចារ្យ ។ គោលការណ៍​ទាំង​នេះ ស្ថាបនា​អាពាហ៍ពិពាហ៍​រឹងមាំ និង ពេញ​ចិត្ត ដែល​ត្រូវ​នឹង​គោលការណ៍​ស្ថានសួគ៌ ។ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​មើល ហើយ​រៀន​ជាមួយ​ខ្ញុំ ។

ទីមួយ ខ្ញុំ​បាន​សង្កេត​ថា នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល​បំផុត​ ទាំង​ស្វាមី និង ភរិយា គិតថា​ទំនាក់ទំនង​របស់​ពួកគេ​គឺ ​មាន​តម្លៃ​ថ្លៃ​ជាង​គុជ ជា​រតនៈ​សម្បត្តិ​ដ៏​មាន​តម្លៃ ។ ពួកគេ​ទាំង​ពីរនាក់​បាន​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ហើយ​​បាន​រៀបចំ​ផែនការ​ជាមួយ​គ្នា​ដើម្បី​ស្ថាបនា​អាពាហ៍ពិពាហ៍​មួយ ដែល​នឹង​រីក​ចម្រើន​ដ៏​អស់កល្បជានិច្ច ។ ពួកគេ​យល់​ថា ពួកគេ​ដើរ​លើ​ផ្លូវ​ដែល​បានតែងតាំង​ដ៏​ទេវភាព​មួយ ។ ពួកគេ​ដឹង​ថា គ្មាន​ទំនាក់ទំនង​ណាផ្សេង​ទៀត អាច​នាំ​មក​នូវ​ក្ដីអំណរ​ដ៏​ច្រើន បង្កើត​សេចក្ដី​ល្អ ឬ បង្កើត​ឲ្យ​មាន​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន​ច្រើន​នោះ​ទេ ។ បើ​អ្នក​មើលទៅ​អាពាហ៍ពិពាហ៍​មាន​ជោគជ័យ នោះ​អ្នក​នឹង​រៀន​ថា ៖ ដៃ​គូ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​បំផុត គោរព​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ថា មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន ។

បន្ទាប់ទៀត គឺ​សេចក្ដី​ជំនឿ ។ អាពាហ៍ពិពាហ៍​អស់កល្បដ៏ជោគជ័យ ស្ថាបនា​នៅ​លើ​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​គោរព​ប្រតិបត្តិ​​ដល់​ការ​បង្រៀន​របស់​ទ្រង់ ។ 1 ខ្ញុំ​បាន​សង្កេត​ឃើញ​ថា គូស្វាមីភរិយា ដែល​បាន​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ដ៏​មាន​តម្លៃ​គ្មាន​អ្វី​ផ្ទឹម​របស់​ពួកគេ ​អនុវត្តនូវ​​គំរូ​នៃ​សេចក្ដីជំនឿ ៖ ពួកគេ​ចូលរួម​ការ​ប្រជុំ​សាក្រាម៉ង់ និង ការ​ប្រជុំ​ដទៃទៀត​ជារៀង​រាល់​សប្ដាហ៍, មាន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ, អធិស្ឋាន និង សិក្សា​ព្រះគម្ពីរ​ជាមួយ​គ្នា និង ជា​បុគ្គល ហើយ​ថ្វាយ​ដង្វាយ​មួយភាគ​ដប់​ដោយ​ស្មោះ​ត្រង់ ។ បេសកកម្ម​រួម​របស់​ពួកគេ​គឺ​ត្រូវ​គោរពប្រតិបត្តិ និង ធ្វើ​ល្អ ។ ពួកគេ​ពុំ​គិត​ថា បទបញ្ញត្តិ​គឺ​ជាអាហារ​ប៊ូហ្វេ ដែល​គេ​អាច​ជ្រើស​រើស ហើយ​យក​តែអ្វី​ដែលគួរ​ឲ្យ​​ចាប់​អារម្មណ៍​បំផុត​នោះ​ទេ ។

សេចក្ដី​ជំនឿ គឺ​ជា​គ្រឹះ​នៃ​គ្រប់​គុណធម៌ ដែល​ពង្រឹង​ដល់​អាពាហ៍ពិពាហ៍ ។ ពេល​ពង្រឹងដល់​​សេចក្ដីជំនឿ នោះ​វា​ពង្រឹង​ដល់​អាពាហ៍ពិពាហ៍ ។ សេចក្ដី​ជំនឿ​រីកចម្រើន នៅពេល​យើង​រក្សា​បទបញ្ញត្តិ ហើយក៏​មានភាព​សុខដុម និង ក្ដីអំណរ​ក្នុង​អាពាហ៍ពិពាហ៍​ផង​​ដែរ ។ ដូច្នេះ ការ​រក្សា​បទបញ្ញត្តិ គឺ​ជា​គ្រឹះ​ដើម្បី​ស្ថាបនា​អាពាហ៍ពិពាហ៍អស់កល្បដ៏​រឹងមាំ ។ ចូរ​មើល ហើយ​រៀន​ថា ៖ សេចក្ដីជំនឿ​ទៅ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​គ្រឹះ​នៃ​អាពាហ៍ពិពាហ៍​រីករាយ​ដ៏អស់កល្បជានិច្ច ។

ទីបី ការ​ប្រែចិត្ត ។ ខ្ញុំ​បាន​ដឹង​ថា អាពាហ៍ពិពាហ៍​រីករាយ អាស្រ័យ​លើ​អំណោយ​ទាន​នៃ​ការ​ប្រែចិត្ត ។ វា​គឺ​ជា​ធាតុ​សំខាន់​មួយ នៃ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ល្អទាំងអស់ ។ ស្វាមីភរិយា ​ដែល​ធ្វើការ​ត្រួតពិនិត្យ​ខ្លួន​ឯង​ដោយ​ស្មោះ​ត្រង់​ជាទៀង​ទាត់ ហើយ​ទទួល​យក​ជំហាន​ចាំបាច់​ដើម្បី​ប្រែចិត្តភ្លាមៗ ជួយ​ពង្រីកនូវ​បទពិសោធន៍ផ្សះផ្សា​នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ ការ​កែប្រែចិត្ត ជួយ​ស្ដារ និង ថែរក្សា​ភាព​សុខុដុម និង ភាព​សុខសាន្ដ ។

ភាព​រាបសារ គឺ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ការ​ប្រែចិត្ត ។ ភាព​រាបសារ គឺ​ពុំ​គិត​ពី​ខ្លួន​ឯង ពុំ​អត្មា​និយម ។ វា​ពុំតម្រូវ​តាម​របៀប​របស់​ខ្លួន ឬ និយាយតម្កើង​ខ្លួន ។ ផ្ទុយ​ទៅ​វិញ ភាព​រាបសារ​ជា​ការ​​ឆ្លើយ​តប​ដោយ​ស្រទន់ 2 និង ស្ដាប់​ដោយ​ចិត្ត​ល្អ​ដើម្បី​យល់ ពុំ​មែន​កែ​តម្រូវ ។ ភាព​រាបសារ​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់អាច​ផ្លាស់​ប្ដូរ​នរណា​ម្នាក់ទៀត​បាន​ទេ ប៉ុន្តែ​ដោយ​សេចក្ដីជំនឿ ការ​ខិតខំ និង ជំនួយ​ពីព្រះយើងអាច​ទទួល​​ផ្ទាល់​ខ្លួនយើង​វិញ នូវការ​ផ្លាស់​ប្ដូរ​ដួងចិត្ត​ដ៏ធំ។​3 ការ​មាន​បទពិសោធន៍​ការ​ផ្លាស់​ប្ដូរ​ដ៏ធំ​នៃ​ដួងចិត្ត បណ្ដាល​ឲ្យ​យើង​អាច​ប្រព្រឹត្ត​នឹង​អ្នកដទៃ ជាពិសេស ស្វាមីភរិយា​យើង ដោយស្លូត​បូត ។4 ភាព​រាបសារ​មានន័យ​ថា ស្វាមីភរិយាស្វែងរក​ពរជ័យ ជួយ និង លើក​តម្កើងគ្នា​ទៅវិញ​ទៅមក គិត​ពី​គ្នា​ថា​សំខាន់​នៅ​គ្រប់​ការ​សម្រេចចិត្ត ។ ចូរ​មើល ហើយ​រៀន ៖ ការ​ប្រែចិត្ត និង ភាព​រាបសារ ស្ថាបនា​អាពាហ៍ពិពាហ៍​រីករាយ ។

ទីបួន ការគោរព ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា នៅក្នុងអាពាហ៍ពិពាហ៍​រីករាយ និង​ដ៏​ល្អ ស្វាមី និង ភរិយា ប្រព្រឹត្ត​ចំពោះ​គ្នា​ជា​ដៃគូ​ស្មើភាព ។ ចំពោះ​ស្វាមី​ដែល​គ្រប់​គ្រង​លើ​ភរិយា ឬ ប្រព្រឹត្ត​នឹង​ពួកគេ​ដោយ​របៀប​​ជាដៃគូ​ថ្នាក់​ក្រោម​​នៅ​ក្នុង​អាពាហ៍ពិពាហ៍ មិន​ថា​ជា​នៅ​ទីណា ឬ គ្រា​ណា​ទេ គឺ​ពុំ​រក្សាក្រិត្យវិន័យដ៏ទេវភាពទេ ហើយ​គួរ​តែ​ជំនួស​ដោយ​គោលការណ៍ និង គំរូនៃ​ឥរិយាបទ​ត្រឹមត្រូវវិញ ។

គូស្វាមីភរិយា​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដ៏ល្អ ធ្វើ​ការ​សម្រេចចិត្តរួមគ្នា ដែលពួកគេ​ម្នាក់ៗ​ ចូលរួមយ៉ាង​​ពេញលេញ ហើយមាន​សិទ្ធិ​និយាយ និង ជួយ​ធ្វើ​ការ​សម្រេចចិត្ត ។ 5 ពួកគេ​ ផ្ដោត​ទៅ​លើ​គេហដ្ឋាន​ជា​សំខាន់ និង​ផ្ដោត​លើ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ទទួលខុសត្រូវ​របស់​ពួកគេ ។ 6 អាពាហ៍ពិពាហ៍​របស់​ពួកគេ ផ្ដោត​ទៅ​លើ​ការ​សហប្រតិបត្តិការ ពុំ​មែន​ជា​ការ​ចរចារ​គ្នា​ទេ ។ ម៉ោង​អាហារ​ពេល​ល្ងាច​របស់ពួកគេ និង ពេល​វេលា​គ្រួសារ ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​ពួកគេ ហើយជា​គោលដៅ​នៃ​ការខិតខំ​បំផុត​របស់​ពួកគេ ។ ពួកគេ​បិទ​គ្រឿង​អេឡិចត្រូនិច ហើយបញ្ឈប់​ការ​កំសាន្ដ​ផ្ទាល់​ខ្លួន ដើម្បី​ទៅ​ជួយ​​កិច្ចការ​ក្នុង​ផ្ទះ ។ ពួកគេ​អាន​ជាមួយ​នឹង​កូនៗ​ជា​រៀងរាល់​យប់ ហើយអ្នក​​ទាំងពីរ​​ចូលរួម​នៅក្នុង​ការ​ដាក់ឲ្យ​កូន​តូចៗ​ចូល​គេង​ ។ ពួកគេ​ចូល​គេង​ជាមួយគ្នា ។ បើ​កាតព្វកិច្ច និង កាលៈទេសៈ​របស់​ពួកគេ​អនុញ្ញាត នោះ​ស្វាមី និង ភរិយា ធ្វើកិច្ចការ​សំខាន់​បំផុត​​គឺការ​គៀក​ស្មាគ្នា​ នោះ--​គឺ​ជា​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ក្នុ​ងគេហដ្ឋាន​យើង​ផ្ទាល់ ។

កន្លែង​ណា​មាន​ការ​គោរព កន្លែង​នោះ​ក៏​មាន​តម្លាភាព​ដែរ ដែលវា​​ជា​ធាតុ​សំខាន់មួយ​នៃ​អាពាហ៍ពិពាហ៍​រីករាយ ។ គ្មានអាថ៌កំបាំងទេ​ ​អំពី​រឿង​សំខាន់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​ផ្ដោត​ទៅ​លើ​ការគោរព​គ្នា​ទៅវិញ​ទៅ​មក និង តម្លាភាព​នោះ​ ។ ស្វាមី និង ភរិយា ធ្វើ​ការ​សម្រេចចិត្ត​ទាំងអស់​គ្នា អំពី​ហិរញ្ញវត្ថុ ហើយ​អ្នកទាំងពីរ​អាច​ទទួល​បាន​ព័ត៌មាន​ទាំងអស់ ។

ភាព​ថ្លៃ​ថ្នូរ គឺ​ជា​ទម្រង់​នៃ​ការ​គោរព ។ ព្យាការី​បង្រៀន​ថា ដៃគូ​អាពាហ៍ពិពាហ៍​ជោគជ័យ គឺ​មាន​ « ភក្ដីភាព​យ៉ាង​ខ្លាំង » ចំពោះ​គ្នា​ទៅ​វិញ​ទៅមក ។ 7 ពួកគេ​ត្រូវ​ប្រាកដ​ថា​នៅ​បន្ដ​មាន​ភាពសក្ដិសម​គ្រប់​វិធី នៅពេល​ពួកគេមើល​ព័ត៌មានសង្គមក្តី ។ ពួកគេ​ពុំអនុញ្ញាត​ឲ្យ​ខ្លួន​ពួកគេមាន​បទពិសោធន៍​ចូលអ៊ិនធើរណិត​​ដោយ​អាថ៌កំបាំងទេ ។​​ ពួកគេ​ចែកចាយ​ជាមួយ​ដៃគូ​នូវ​លេខសម្ងាត់​បណ្ដាញ​សង្គម​របស់ពួកគេ​ដោយ​សេរី ។ ពួកគេ​ពុំ​មើល​​ប្រវត្តិរូប​របស់​អ្នក​ដទៃតាម​អ៊ិនធើរណិត ក្នុង​របៀប​ណា​មួយ ដែល​អាច​នឹង​ក្បត់​ចំពោះ​ទំនុកចិត្ត​ដ៏ពិសិដ្ឋ​របស់​ប្ដី ឬ ​ប្រពន្ធ​របស់ពួកគេ​ទេ ។ ពួកគេ​ ពុំ​ធ្វើ​ ឬ និយាយ​អ្វី​ដែល​នាំ​ទៅ​រក​លក្ខណៈ​​ពុំ​ត្រឹមត្រូវ ទោះ​ជា​ដោយ​ជាក់​ស្ដែង ឬ ខាង​រូបកាយ ។ ចូរ​មើល ហើយ​រៀន​ថា ៖ អាពាហ៍ពិពាហ៍​អស្ចារ្យ គឺ​មាន​នូវការ​គោរព តម្លាភាព និង ភក្ដីភាព​ទាំងស្រុង ។

ទីប្រាំ សេចក្ដី​ស្រឡាញ់ ។ អាពាហ៍ពិពាហ៍​រីករាយបំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ​បំភ្លឺថា​​ការ​គោរព ប្រតិបត្តិ​ជា​បទបញ្ញត្តិ​មួយដ៏​រីករាយ​បំផុត -- ដែល​យើង «រស់នៅ​ជាមួយ​គ្នាដោយនូវ​ក្ដី​ស្រឡាញ់ » ។ 8 ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ស្វាមី​ថា « ត្រូវស្រឡាញ់ ប្រពន្ធ ខ្លួន ឲ្យ អស់ អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាផ្សេងទៀតឡើយ​» ។ 9 ក្បួន​ខ្នាត​សាសនាចក្រ​បង្រៀន​ថា ៖ « ពាក្យ​នៅជាប់ មានន័យថា​ជាការលះបង់​ ហើយ​ស្មោះត្រង់ទាំងស្រុង ចំពោះនរណាម្នាក់ ។​ គូស្វាមីភរិយាដែលបានរៀបការ​នៅ​ជាប់ នឹងព្រះ​ និងនៅជាប់នឹងគ្នា​តាមរយៈការបម្រើ​ និង ចេះស្រឡាញ់គ្នាទៅវិញទៅមក​ ព្រមទាំង​តាមការគោរពសេចក្តីសញ្ញាទាំងឡាយ ​ដោយមានភក្តីភាពទាំងស្រុងចំពោះគ្នា ​និងចំពោះព្រះ​ » ។ ទាំង​ស្វាមី ​និង ភរិយា « បានទុកជីវិតផ្ទាល់ខ្លួនរបស់ពួកគេមួយឡែក​ ហើយស្ថាបនា​អាពាហ៍​ពិពាហ៍ [ របស់ពួកគេ​ ] ជាអាទិភាពទីមួយ ... ។ ពួកគេមិនអនុញ្ញាត​ឲ្យមនុស្ស​ម្នាក់​ទៀត ​ឬ ចំណាប់អារម្មណ៍ផ្សេងទៀត​មានអាទិភាព... ច្រើន​ជាងការគោរព​តាមសេចក្តីសញ្ញា​ ដែលពួកគេបានធ្វើជាមួយព្រះ​ និងចំពោះគ្នានោះទេ » ។ 10 ចូរ​មើល ហើយ​រៀន ៖ គូស្វាមីភរិយា​ជោគជ័យ ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក​ដោយ​មាន​ការ​លះបង់​ទាំង​ស្រុង​ ។

មានមនុស្ស​មួយចំនួន ដែល​មាន​អាពាហ៍ពិពាហ៍​ពុំ​សប្បាយ​ដូច​ដែល​ពួកគេ​ចង់​បាន ក៏ដូចគ្នា​ផងដែរមាន​អ្នកខ្លះ​​ពុំ​ធ្លាប់​រៀបការ មាន​អ្នក​ខ្លះ​លែងលះគ្នា ខ្លះ​ជា​ឪពុក​ ឬ ​ម្ដាយទោល ឬ ​ដោយ​​មូលហេតុ​ផ្សេងៗ​ ពុំ​ស្ថិត​ក្នុង​កន្លែង​មួយដែល​​រីករាយសោះ ។ ស្ថានភាព​ទាំង​នេះ អាច​ជា​ឧបសគ្គ និង ជាការ​ខូច​ចិត្ត​ទាំង​ស្រុង ប៉ុន្តែ​វា​ពុំ​ចាំ​បាច់​មាន​នៅ​រហូត​​នោះ​ទេ ។ ចំពោះ​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដូច្នោះ មិន​ថា​យ៉ាង​ណា​ទេ « ចូរ​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​​អំណាច​ [ អ្នក ] ដោយ​មាន​ចិត្ត​រីករាយ »11 ខ្ជាប់​ខ្ជួន​ចុះ សូម​ឲ្យ​ស្ថានសួគ៌​ប្រទាន​ពរ​ដល់​អ្នក​ជា​បរិបូរ » ។ ចូរ​ស្វែង​រក​គំរូ​ដ៏​ល្អ​ក្នុង​ការ​បង្កើត​អាពាហ៍ពិពាហ៍​ដ៏​អស់​កល្បជានិច្ច រួម​មាន​​ទាំង​ដោយ​ការ​ព្យាយាម ឬ ការ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ជា​ស្វាមី ឬ ភរិយា​មាន​ភាព​សក្ដិសម ។ ចូរ​រក្សា​បទបញ្ញត្តិ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង ក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ចំពោះ​អ្នក ។ នោះ​ថ្ងៃ​មួយ​ ពរជ័យ​ទាំងអស់​ដែល​បាន​សន្យា​អំពី​អាពាហ៍ពិពាហ៍ នឹង​ជា​របស់​អ្នក ។ 12

ខដ៏​ផ្អែម​ល្ហែម​បំផុត​មួយ​ក្នុង​គម្ពីរមរមន បាន​ថ្លែង​ដោយ​សាមញ្ញ​ថា « ហើយ​ពួកគេ​បាន​រៀបការ ហើយ​ទទួល​ការ​រៀបការ ហើយ​បាន​ទទួល​ពរជាច្រើន​ប្រការ ដែល​ព្រះអម្ចាស់​ទ្រង់​បាន​សន្យា​នឹង​ពួកគេ » ។ 13 ការ​សន្យា​របស់​ព្រះអម្ចាស់ បាន​មាន​ដល់​មនុស្ស​ទាំង​អស់​​ដែល​ធ្វើ​តាម​គំរូ​នៃ​ជីវិត ដែល​ស្ថាបនា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​រីករាយ និង បរិសុទ្ធ ។ ពរជ័យ​ដូច្នោះ​ ចេញពី​លទ្ធផល​ដ៏​មនោរម្យ ហើយ​ដែលអាច​ដឹង​ជាមុន​ តាមរយៈ​ការ​រស់នៅ​តាម​ដំណឹងល្អ​នៃ ​ព្រះយេស៊ូវ​គ្រីស្ទ​ ដោយ​ស្មោះ​ត្រង់ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ភរិយា​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ខាធី ដែល​ជាទីស្រឡាញ់​នៃ​ជីវិត​របស់​ខ្ញុំ ។

អាពាហ៍ពិពាហ៍ គឺ​ជា​អំណោយ​ទាន​មួយ​មកពី​ព្រះ​ដល់​យើង ហើយ​គុណភាព​នៃ​អាពាហ៍ពិពាហ៍​របស់​យើង គឺ​ជា​អំណោយ​ទាន​មួយ​ពី​យើង​ថ្វាយទៅទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌ជាទីស្រឡាញ់​របស់​​យើង ដែលបាន​​ប្រទាន​ឲ្យ​នូវ​អាពាហ៍ពិពាហ៍​ដ៏អស់កល្បជានិច្ច និង អស្ចារ្យ ។ នៅ​ក្នុង​ព្រះនាម​នៃ ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។