ឆ្នាំ ២០១០-២០១៩
«នេះ​ហើយ​ជា​កិច្ចការ​ ​និង​ សិរី​ល្អ​របស់​យើង»
ខែ មេសា 2013


17:11

« នេះ​ហើយ​ជា​កិច្ចការ​ ​និង សិរី​ល្អ​របស់​យើង »

ព្រះ​បាន​ប្រទាន​​អំណាច​ទ្រង់​ដោយ​សេរី​ដល់​ជន​ដែល​ទទួល ហើយ​គោរព​បព្វជិតភាព​ទ្រង់ ដែល​វា​ដឹកនាំ​ទៅ​រក​ពរជ័យ​នៃ​អមតភាព និង ​ជីវិត​អស់​កល្ប​ដែល​បាន​សន្យា ។

ប្រធាន​ផាកគឺ យើង​ទាំងអស់​គ្នា​ទន្ទឹង​រង់​ចាំ​ស្ដាប់​កំណាព្យ​វគ្គ 98 ដ៏​អស្ចារ្យ​នោះ ។ ឱ​នោះ​ជា​ការណែនាំ​ដ៏​អស្ចារ្យ​មួយ ដែល​លោក​ផ្ដល់​ឲ្យ​យើង ។

កាល​ពី​ពីរបី​សប្ដាហ៍​មុន នៅ​យប់​ដ៏​ងងឹត​ នា​រដូវ​រងា​ដ៏​ត្រជាក់​មួយ ភរិយា​ខ្ញុំ បាបារ៉ា និង​​ ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​មេឃ​ដោយ​ក្ដី​ស្ងើច ។ មាន​ផ្កាយ​រាប់​លាន​ហាក់​ដូចជា​មាន​ពន្លឺ​ភ្លឺ​ស្រស់​ស្អាត​​ខុស​ប្លែក​ពី​ធម្មតា ។ រួច​មក​ខ្ញុំ​បាន​បើក​ទៅ​គម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ហើយ​អាន​ម្ដង​ទៀត​ទាំង​ងឿង​ឆ្ងល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​ជា​ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់ ម៉ូសេ ថា ៖ « ហើយ​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា នោះ​យើង​បាន​បង្កើត​ឡើង ហើយ​យើង​បាន​បង្កើត​របស់​ទាំងនោះ​ឡើង​សម្រាប់​គោលបំណង​របស់​យើង​ផ្ទាល់ ហើយ​ដោយសារ​ព្រះរាជ​បុត្រា នោះ​យើង​បាន​បង្កើត​របស់​ទាំងនោះ​មក ​គឺជា​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង » ( ម៉ូសេ 1:33 ) ។​

នៅ​សម័យ​យើង កែវ​យឺត ហាប់ប៊ល សម្រាប់​មើល​លំហ​អាកាស​បាន​បញ្ជាក់​សារៈសំខាន់​នៃ​អ្វី​ដែល​ ម៉ូសេ​ បាន​ឃើញ ។ ​ពួកអ្នក​​វិទ្យាសាស្ត្រ​​ខាង​ហាប់ប៊ល បាន​និយាយថា​ កញ្ចុំ​ផ្កាយ​ មីលគី វ៉េ ដែល​មាន​ផែនដី​យើង និង​ ព្រះអាទិត្យ​ ដែល​គ្រាន់​តែ​ជា​ផ្នែក​មួយ​ដ៏​តូច​នោះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ជា​កញ្ចុំ​ផ្កាយ​មួយ​ក្នុង​ចំណោម​កញ្ចុំ​ផ្កាយ​ ជាង 200 កោដិ​ ដែល​​ស្រដៀង​គ្នា​ ។ ចំពោះ​ខ្ញុំ​វា​​ពិបាក​ណាស់​ដើម្បី​យល់​ពី​ការ​បង្ក​បង្កើត​​ដ៏​ធំ​ល្វឹងល្វើយ​របស់​ព្រះ​នេះ ។

បង​ប្អូន​ប្រុស​ស្រី អំណាច​ដែល​ស្ថានសួគ៌ និង ​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ជា​បព្វជិតភាព ។ អ្នក​ដែល​ជា​សមាជិក​សាសនាចក្រ​នេះ​ដឹង​ថា ​ប្រភព​នៃ​អំណាច​បព្វជិតភាព​នេះ​ គឺ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ និង​ ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ បព្វជិតភាព​ពុំ​មែន​គ្រាន់តែ​ត្រូវ​បាន​​ប្រើ​ដើម្បី​បង្កើត​ស្ថានសួគ៌ និង​ ផែនដី​ប៉ុណ្ណោះ​ទេ តែ​វា​ជា​អំណាច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ក្នុង​ការ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ដើម្បី​ធ្វើ​អព្ភូតហេតុ​ ប្រសិទ្ធពរ និង​ព្យាបាល​អ្នក​ជំងឺ ​​ប្រោស​មនុស្ស​​ស្លាប់​ឲ្យ​រស់​ឡើង​វិញ និង​ ដើម្បី​ស៊ូទ្រាំ​ការ​ឈឺចាប់​ ដែល​មិន​អាច​ទ្រាំទ្រ​បាននៅសួន​ច្បារ កេត​សេម៉ានី ដែល​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់ព្រះ​វរបិតា​បាន​ធ្វើ​ ---​ដោយ​បំពេញ​នូវ​ក្រឹត្យវិន័យ​នៃភាព​យុត្តិធម៌​ជាមួយ​​ក្ដី​មេត្តាករុណា ហើយ​ផ្ដល់​នូវ​ដង្វាយ​ធួន​ដ៏​គ្មាន​ទីបញ្ចប់ ហើយ​ឈ្នះ​លើ​ការ​ស្លាប់​ខាង​រូបកាយ​ តាមរយៈ​ការ​រស់​ឡើងវិញ ។

គឺ​សិទ្ធិ​អំណាច និង​ អំណាច​នៃ​បព្វជិតភាព​នេះ​ហើយ​ ដែល​ទ្រង់​បាន​ផ្ដល់​ឲ្យ​ ពេត្រុស យ៉ាកុប និង​យ៉ូហាន និង​ ពួក​សាវក​ទ្រង់​ដទៃ​ទៀត ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដទៃ និង​ ដើម្បី​ចងទុក​អ្វីៗ​នៅ​ស្ថានសួគ៌​នូវ​អ្វី​ដែល​បាន​ចង​ទុក​នៅ​ផែនដី ។

អំណាច​បព្វជិតភាព​ជា​អំណោយ​ពិសិដ្ឋ​ដ៏​សំខាន់​មួយ​នៃ​ព្រះ ។ វា​ខុសគ្នា​ពី​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​ព្រះ ។ ការ​អនុញ្ញាត ឬ​ ការ​តែងតាំង​នេះ​ត្រូវ​បាន​​ផ្ដល់​ឲ្យ​ដោយ​ការ​ដាក់ដៃ​លើ​ក្បាល ។ អំណាច​បព្វជិតភាព​កើត​មាន​តែ​ពេល​អ្នក​ដែល​ប្រើ​វា​មាន​ភាព​សក្ដិសម ហើយ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។ ដូច​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រកាស​ថា « ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​គ្រប់គ្នា ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព នូវ​ផ្នែក​មួយ​នៃ​សិទ្ធិ​អំណាច​ទ្រង់ តែ​យើង​អាច​ប្រើ​អំណាច​នៃ​ស្ថានសួគ៌​នេះ​ដោយ​អាស្រ័យ​លើ​ក្ដី​សុចរិត​ផ្ទាល់​ខ្លួន​របស់​យើង​ប៉ុណ្ណោះ » ( Boys Need Heroes Close By » Ensign ខែ​ឧសភា ឆ្នាំ 1976 ទំព័រ 45 ) ។

នៅ​ថ្ងៃ​ដ៏​រុងរឿង​នៃ​ការ​ស្ដារ​ឡើង​វិញ និង ​ការ​ស្ថាបនា​ឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ យ៉ូហាន ​បាទីស្ទ ពេត្រុស យ៉ាកុប និង​ យ៉ូហាន ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា​ បាន​មក​កាន់​ផែនដី ហើយ​បាន​ស្ដារ​ឡើងវិញ​នូវ​រាល់​កូនសោ និង ​សិទ្ធិ​អំណាច​បព្វជិតភាព​សម្រាប់​កិច្ចការ​របស់​ព្រះ​ នៅ​​ថ្ងៃ​ចុង​ក្រោយ​នេះ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។​

ដោយសារ​កូនសោ​ទាំងនេះ សិទ្ធិ​អំណាច និង ​អំណាច​នេះ​ហើយ​ទើប​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​រៀបចំ​ឡើងនៅ​​សព្វថ្ងៃ​នេះ ដែល​​​មាន​​ព្រះគ្រីស្ទ​ជា​​អង្គ​​គ្រប់គ្រង ហើយ​​ដឹកនាំ​ដោយ​​ព្យាការី​នៅ​រស់របស់​ទ្រង់គឺ​ ថូម៉ាស អេស ម៉នសុន និង​ ពួក​សាវក​ដែល​ត្រូវ​បាន​ហៅ ហើយ​តែង​តាំង​យ៉ាង​ត្រឹមត្រូវ ។

នៅ​ក្នុង​ផែនការ​ប្រគល់​បព្វជិតភាព​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌​យើង បុរស​មាន​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​​ក្នុង​ការ​គ្រប់គ្រង​បព្វជិតភាព តែ​ពួកគេ​ពុំ​មែន​ជា​បព្វជិតភាព​នោះ​ទេ ។ បុរស​ស្ត្រី​មាន​តួនាទី​ខុសគ្នា តែ​មាន​​តម្លៃ​ស្មើ​គ្នា ។ ដូចជា​ស្ត្រី​មិន​អាច​មាន​កូន​បាន​ឡើយ​​ បើ​គ្មាន​បុរស​ ដូច្នេះ​បុរស​ក៏​​មិន​អាច​អនុវត្ត​អំណាច​ពេញ​លេញ​នៃ​បព្វជិតភាព​ ដើម្បី​បង្កើត​គ្រួសារ​អស់​កល្ប​មួយ​បាន​ឡើយ ​បើ​គ្មាន​ស្ត្រី​នោះ ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ទស្សនៈ​អស់​កល្បនោះ​ ទាំង​អំណាច​បង្កើត​ជីវិត និង ​អំណាច​បព្វជិតភាព​ត្រូវ​បាន​ប្រើប្រាស់​ ទាំង​​ស្វាមី​ និង ភរិយា ។ ហើយ​ក្នុង​នាម​ជា​ស្វាមីភរិយា បុរស​ស្ត្រី​ម្នាក់​គួរ​ព្យាយាម​ធ្វើ​តាម​ព្រះវរបិតា​សួគ៌​យើង ។ គុណធម៌​នៃ​ក្ដី​ស្រឡាញ់ ភាព​រាបសា និង ​ភាព​អត់ធ្មត់​នៃ​អ្នក​ជឿ​ព្រះ​គ្រីស្ទ​គួរ​តែ​ជា​ការ​យក​ចិត្ត​ទុក្ខ​ដាក់​របស់​គេ ពេល​ពួក​គេ​ស្វែង​រក​ពរជ័យ​បព្វជិតភាព​ក្នុង​ជីវិត​ពួកគេ និង ​សម្រាប់​គ្រួសារ​ពួកគេ ។​

​ការ​យល់ដឹង​ថា​ព្រះវរបិតា​សួគ៌​ បាន​ផ្ដល់​វិធី​មួយ​សម្រាប់​បុត្រា​បុត្រី​ទ្រង់​គ្រប់រូប​អាច​ទទួល​បាន​ពរជ័យ និង​ ទទួល​ការ​ពង្រឹង​នៃ​បព្វជិតភាព វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​យើង ។ កត្តា​ដ៏​សំខាន់​ក្នុង​ផែនការ​របស់​ព្រះ​សម្រាប់​កូនចៅ​វិញ្ញាណ​ទ្រង់ ​គឺ​ការ​ប្រកាស​របស់​ទ្រង់​ផ្ទាល់​ថា ៖ « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​ សិរី​ល្អ​របស់​យើង ---​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។

នៅ​ក្នុង​វិវរណៈ​មួយ​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​កណ្ឌទី 81 នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ព្រះអម្ចាស់​ពន្យល់​ថា​ អំណាច​បព្វជិតភាព​ត្រូវ​យក​ទៅ​ប្រើ​ដើម្បី « ជួយ​អ្នក​ទន់​ខ្សោយ ...លើក​ដៃ​ដែល​រោយ ហើយ ...ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ » ( ខ 5 ) ។

« ហើយ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អ្វីៗ​ទាំងនេះ នោះ​អ្នក​នឹង​ប្រព្រឹត្ត​ល្អ​បំផុត​ចំពោះ​មនុស្ស​ទូទៅ ហើយ​នឹង​តម្កើង​សិរីល្អ​ដល់​ព្រះអង្គ​ដែល​ជា​ព្រះអម្ចាស់​របស់​អ្នក » ( គ. និង ស. 81:4 ) ។

ពេល​យើង​គិត​ស្រម៉ៃពី​​ការ​ជួយ​អ្នក​ទន់​ខ្សោយ លើក​ដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ ខ្ញុំ​បាន​ចាំ​ពីក្មេង​ស្រី​ទន់ភ្លន់​ម្នាក់​អាយុ​ប្រាំពីរ​ឆ្នាំ​ បង្ហាញ​ដើម​ប៉េងប៉ោះ​តូច​មួយ​ដល់​ជីតា​នាង ដែល​នាង​បាន​ដាំ​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​សម្រាប់​ថ្នាក់​ទីពីរ ។

នាង​បាន​ពន្យល់​ថា ចេញ​ពី​គ្រាប់​ពូជ​តូច​មួយ ​គ្រាប់​នោះ​បាន​ដុះ​ជា​​ដើម​តូច​មួយ ។ ហើយ​បើ​ដើម​នោះ​ត្រូវ​បាន​មើល​ថែ នោះ​វា​នឹង​មាន​ផ្លែ​ប៉េងប៉ោះ​ជាច្រើន​ដែល​ផ្លែ​នីមួយៗ​មាន​គ្រាប់​ជា​ច្រើន ។

នាង​បាន​និយាយ​ថា « ហើយ​បើ​គ្រាប់​ទាំងនោះ​ត្រូវ​បាន​យក​ទៅ​ដាំ​ នោះ​វានឹង​​ផ្ដល់​ផ្លែ​ប៉េងប៉ោះ​ច្រើន​ថែម​ទៀត ហើយ​ពេល​អ្នក​ដាំ​គ្រាប់​ទាំង​នោះតែ​ប៉ុន្មាន​រដូវ​ នោះ​អ្នក​នឹង​បាន​ផ្លែ​ប៉េង​ប៉ោះ​រាប់​លាន » ។

នាង​បាន​និយាយ​ទាំង​ងឿង​ឆ្ងល់​ថា « ផល​ទាំងអស់​បាន​មក​ពី​គ្រាប់​ពូជ​តូច​មួយតែប៉ុណ្ណោះ » ។

តែ​រួច​មក​នាង​ក៏​បាន​និយាយ​ថា « ខ្ញុំ​ស្ទើរ​តែ​ធ្វើ​ឲ្យ​វា​ងាប់​ទៅ​ហើយ ។ ខ្ញុំ​បាន​ដាក់​វា​ក្នុង​បន្ទប់​ដ៏​ងងឹត ហើយ​ភ្លេច​ស្រោច​ទឹក​វា ។ ពេល​ខ្ញុំ​នឹក​ឃើញ​​វា វា​​ស្វិត​ស្រពោន​​​ទៅ​ហើយ ។ ខ្ញុំ​បាន​យំ ដោយសារ​ខ្ញុំ​បាន​គិត​ថា​ ផល​​ផ្លែ​ប៉េងប៉ោះ​រាប់​លាន​នោះ​ នឹង​មិនមាន​​ឡើយ » ។

រួចហើយ​នាង​ក៏​បាន​ប្រាប់​ជីតា​នាង​​ដោយ​ចិត្ត​រីករាយ​ពី « អព្ភូតហេតុ » ដែល​បាន​កើត​ឡើង ។

នាង​បាន​ពន្យល់​ថា « ម៉ាក់​​និយាយ​ថា ​ដើម​នោះ​ប្រហែល​ជា​មិន​ទាន់​ងាប់​ទេ ។ ហើយ​វា​ប្រហែល​ត្រូវការ​ទឹក និង​ ពន្លឺ​ដើម្បី​​អាច​លូត​លាស់​វិញ ។

« ​អ្វី​គាត់​ថានោះ​​ត្រូវ​ណាស់ ។ ខ្ញុំ​​បាន​ស្រោច​ទឹក​វា ហើយ​ដាក់​ក្បែរ​បង្អួច​ឲ្យ​ត្រូវ​ពន្លឺ ។ ហើយ​សាក​ទាយ​មើល៍ ?» នាង​បាន​សួរ ។ « វា​រស់​ឡើងវិញ ហើយ​ឥឡូវ​ វា​នឹង​មាន​ផ្លែ​​ប៉េងប៉ោះ​រាប់​លាន​ជា​ពុំ​ខាន​ឡើយ ! »

ដើម​ប៉េង​ប៉ោះ​តូចរបស់​​នាង ដែល​ពោរ​ពេញដោយ​​សក្ដានុពល តែបាន​​ទ្រុឌ​ទ្រោម​រៀប​នឹង​ងាប់​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​ដោយ​អចេតនា​នោះ បាន​ទទួល​កម្លាំង​ឡើងវិញ​ មកពី​​​ការ​ជួយ​ដ៏​សាមញ្ញ​ពី​ទឹក និង​ ពន្លឺ ​តាមរយៈ​ដៃ​នៃ​ក្ដី​ស្រឡាញ់ ហើយ​ព្រួយ​បារម្ភ​របស់​ក្មេង​ស្រី​តូច​ម្នាក់ ។

បងប្អូន​ប្រុស​ស្រី ក្នុង​នាម​ជា​កូនចៅ​វិញ្ញាណ​នៃ​ព្រះវរបិតាសួគ៌ ជា​ទី​ស្រឡាញ់​នៃ​យើង​ យើង​មាន​​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​គ្មាន​ដែន​កំណត់​ឡើយ ។ តែ​បើ​យើង​ធ្វេស​ប្រហែស យើង​អាច​ក្លាយ​ដូចជា​ដើម​ប៉េងប៉ោះ​ដ៏​ស្វិត​ស្រពោន​នោះ​ដូច្នោះ​ដែរ ។ យើង​អាច​ឃ្លាត​ឆ្ងាយ​ពី​គោលលទ្ធិ និង​ដំណឹងល្អ​នៃ​ព្រះ​​គ្រីស្ទ ហើយ​ក្លាយ​ជា​មាន​ភាព​ស្គមស្គាំង ហើយ​ស្វិត​ស្រពោន​ខាង​វិញ្ញាណ ដោយ​ការ​ដក​ខ្លួន​យើង​ចេញ​ពី​ពន្លឺ​ដ៏​ទេវភាព និង​ ទឹក​រស់​នៃ​ក្ដី​ស្រឡាញ់ និង​ អំណាច​បព្វជិតភាព​អស់​កល្ប​របស់​ព្រះអង្គ​សង្គ្រោះ ។​

អ្នក​ដែល​កាន់​បព្វជិតភាព ហើយ​មិន​​ព្យាយាម​ឲ្យ​តម្លៃ​វា​ ដោយ​ការ​បម្រើ​ដល់​គ្រួសារ​យើង និង ​អ្នក​ដទៃ​ប្រៀប​បាន​​នឹង​អ្នក​ដែល​មិន​បាន​ទទួល​ពរជ័យ​ ដែល​មាន​នៅ​ក្នុង​អំណាច​បព្វជិតភាព​ដូច្នោះ​ដែរ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ខាង​វិញ្ញាណ​ចុះ​ខ្សោយ​ ដោយ​ការ​ដក​ខ្លួន​ឯង​ចេញ​ពី​សារធាតុ​ចាំបាច់​ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​ធំធាត់ ចេញ​ពី​ពន្លឺ និង​ អំណាច​ព្រះ​ក្នុង​ជីវិត​ពួកគេជា​ប្រាកដ ---​គឺ​ដូចជា​ដើម​ប៉េង​ប៉ោះ​ដែល​ពោរ​ពេញ​ដោយ​សក្ដានុពល​ តែ​ត្រូវ​ស្វិត​ស្រពោន​ដោយ​ការធ្វេស​ប្រហែស​ ។​​

ដូច​គ្នា​ទៅ​នឹង​អំណាច​បព្វជិតភាព​ ដែល​បាន​បង្កើត​ពិភពលោក ​កញ្ចុំ​ផ្កាយ និង​ សកលលោក ​អាចគួរតែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង​ក្នុង​ការ​ជួយ​ពង្រឹង ហើយ​ប្រទាន​ពរ​ដល់​គ្រួសារ​យើង មិត្តភ័ក្ដិ និង​អ្នក​ជិត​ខាង​យើង ---ម្យ៉ាង​ទៀត គឺត្រូវ​​ធ្វើ​កិច្ចការ​ដែល​ព្រះអង្គ​សង្គ្រោះ​​នឹង​ធ្វើ​ បើ​ទ្រង់កំពុង​​បម្រើ​ក្នុង​ចំណោម​ពួក​យើង​សព្វថ្ងៃនេះ ។

ហើយ​គោលបំណង​ចម្បង​នៃ​អំណាច​បព្វជិតភាព​ គឺ​ដើម្បី​ប្រទាន​ពរ ញែកឲ្យ​បរិសុទ្ធ ហើយ​បន្សុទ្ធ​យើង ដើម្បី​យើង​អាច​រួម​រស់​នឹង​គ្រួសារ​យើង​ ក្នុង​វត្តមាន​នៃ​មាតា​បិតា​សួគ៌​យើង ចង​ភ្ជាប់​ដោយ​ការ​ផ្សារភ្ជាប់​នៃ​បព្វជិតភាព ការ​ចូលរួម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ព្រះ និង​ ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការ​ពង្រីក​នូវ​ពន្លឺ និង ​សិរី​ល្អ​ទ្រង់​ជា​រៀង​រហូត ។

ដើម្បី​សម្រេច​ការណ៍​នេះ កាល​ពី​ប៉ុន្មាន​​ខែ​មុន ​ខ្ញុំ​មាន​ឱកាស​ចូលរួម​ក្នុង​ការ​រៀបចំ​វីដេអូ​មួ​យ​សម្រាប់​ជា​បទ​បង្ហាញ​ក្នុង​ការ​បំពាក់​បំប៉ន​អ្នក​ដឹកនាំ​ទូទាំង​ពិភពលោក​​​ដែល​មាន​ចំណង​ជើង​ថា ការ​ពង្រឹង​គ្រួសារ​និង​ សាសនាចក្រ​តាមរយៈ​បព្វជិតភាព ។

ឌីវីឌី ណែនាំ​តាម​របៀប​ថ្មី​នេះ​ត្រូវ​បាន​បក​ប្រែ​ជា 66 ភាសា ។ វា​បង្រៀន​ពី​របៀប​ដែល​អំណាច​បព្វជិតភាព​ អាច​ប្រទាន​ពរ ចម្រើន​កម្លាំង និង ​ចម្រើន​កម្លាំង​ឡើង​វិញ​ដល់​ជីវិត​យើង ជីវិត​គ្រួសារ​យើង និង ​រាល់​សមាជិក​សាសនាចក្រ​ទាំងអស់ ។

វា​បង្ហាញ​យើង​គ្រប់​គ្នា ---​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង ទាំង​អ្នក​រៀបការ ស្ត្រី​មេម៉ាយ ឬ អ្នក​​នៅ​លីវ មិន​ថា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ទេ ---បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ក្លាយ​ជា​អ្នក​ទទួល​ទាន​ពរជ័យ​នៃ​បព្វជិតភាព ។ មាន​វគ្គដែល​មាន​រយៈពេល​ពី​ 8 ទៅ 12 នាទី​មួយ​ចំនួន​ ​ពន្យល់​ពី​កូនសោ សិទ្ធិ​អំណាច និង ​អំណាច​បព្វជិតភាព និង​ ​របៀប​ដែល​វា​ពង្រឹង​បុគ្គល​ម្នាក់ៗ គ្រួសារ និង ​សាសនាចក្រ ។

មាន​ឈុត​ដ៏​ពិសេស​មួយ ​ត្រូវ​បាន​គេ​ថត​នៅ​ក្នុង​ផ្ទះ​ត្រួសត្រាយ​ផ្លូវ​ដ៏​តូច​របស់​ជីដូន​ទួត​ម្ដាយ​ខ្ញុំគឺ ម៉ារី ហ្វីលឌីង ស្ម៊ីធ ។ គាត់​ជា​ភរិយា​​របស់ ហៃរ៉ុម បងប្រុស​ព្យាការី​ យ៉ូសែប ។ ដោយ​ក្ដី​ជំនឿ​ដ៏​រឹង​មាំ​របស់​គាត់ទៅ​លើ​បព្វជិតភាព ហើយ​ក្នុង​នាម​ជា​ម្ដាយ​ទោល​ម្នាក់ គាត់​បានទូលអង្វរ ហើយ​ពឹង​ផ្អែក​ទៅ​លើ​អំណាច​នោះ​ដើម្បី​ចិញ្ចឹម ហើយ​ប្រទាន​ពរ​ដល់​កូន​គាត់​ដោយ​ក្ដី​ស្រឡាញ់ និង​ ពន្លឺ​នៃ​ដំណឹងល្អ ។ សព្វថ្ងៃ​នេះ ពូជពង្ស​របស់​គាត់​រាប់​ពាន់​នាក់ ​ដែល​ជា​អ្នកដឹកនាំ និង​ ជា​សមាជិក​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់​ បាន​អរគុណ​គាត់​ចំពោះ​ក្ដី​ជំនឿ ភាព​ក្លាហាន និង​ គំរូ​របស់​គាត់ ។

ឥឡូវ​នេះ ការ​ប្រជុំ​បំពាក់បំប៉ន​ថ្នាក់​ដឹកនាំ​ថ្មី​នេះ មាន​នៅ​លើ​អ៊ិនធើរណិត ក្នុងគេហទំព័រ​ LDS.org សម្រាប់​មនុស្ស​ទូទៅ​មើល ហើយ​ទទួល​យក​បទពិសោធន៍ ។ អ្នក​អាច​មើល​វីដេអូ​នេះ​ផ្ទាល់ ក្នុង គេហទំព័រ​ LDS.org ឬ​ អ្នក​អាច​ទាញ​យក​វា​ដាក់​ក្នុង កុំព្យូទ័រ ទូរស័ព្ទ​ទំនើប ឬ ឧបករណ៍ tablet របស់​អ្នក ។​​​

គណៈប្រធាន​ទីមួយ​ បាន​សុំ​ឲ្យ « គណៈប្រធាន​ស្តេក និង​ គណៈ​ប៊ីស្សព​យក​ពេល​​ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ស្តេក ឬ​ វួដ​ម្ដង ឬ​ ច្រើន​ដង​មើល​ ឌីវីឌី នេះ​ទាំង​អស់ ។ ក្រុម​ប្រឹក្សា​ស្ដេក និង​ វួដ​គួរ​ពិភាក្សា​ពី​របៀប​​ដើម្បី​អនុវត្ត​ការ​បង្រៀន​​ដែល​បាន​លើក​ឡើង » (First Presidency letter ថ្ងៃ​ទី1 ខែ​កុម្ភៈ ឆ្នាំ 2013 ) ។

មាតិកា​នៅ​ក្នុង​នោះ​នឹង​បំផុស​គំនិត ហើយ​លើក​ទឹកចិត្ត​សមាជិក​ក្នុង​កូរ៉ុម​បព្វជិតភាព សមាគម​​សង្គ្រោះ សាលា​ថ្ងៃ​អាទិត្យ យុវជន យុវនារី ( ជា​ពិសេស​អ្នក​ដែល​រៀប​ចំ​ខ្លួន​ចេញ​បេសកកម្ម ) និង​ ក្នុង​ការ​ប្រជុំ​ថ្នាក់​កុមារ ឬ ​ក្នុង​ការ​ប្រជុំ​រួម​គ្នា​នៅ​សប្ដាហ៍​ទី​ប្រាំ ។ នៅ​ពេល​នោះ សមាជិក​ក្រុម​ប្រឹក្សា​​​នឹង​អាច​មាន​លទ្ធភាព​ដើម្បី​លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ និង​ ឪពុកម្ដាយ​ឲ្យ​ប្រើ​បទ​បង្ហាញ​នេះ​ជាមួយ​គ្រួសារ​ខ្លួន ។ បង​ប្អូន​ប្រុស​ស្រី ការ​ប្រជុំ​បំពាក់​បំប៉នថ្នាក់​ដឹកនាំ​នេះ គឺ​សម្រាប់​សមាជិក​សាសនាចក្រ​គ្រប់​រូប ។ ឪពុក​ម្ដាយទាំងឡាយ​អើយ ! សូម​មើល ចែកចាយ ហើយ​ពិភាក្សា​ពីអ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​នឹង​កូនចៅ​អ្នក ហើយ​ចូរ​ឲ្យ​ពួកគេ​មើល ហើយ​ធ្វើ​ដូចគ្នា​ជាមួយ​នឹង​អ្នក​ដែរ ដើម្បី​ឲ្យ​គ្រួសារ​អ្នក​អាច​ពង្រឹង​តាមរយៈ​បព្វជិតភាព ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖

« បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ » ( យ៉ូហាន 7:37 ) ។

« អ្ន​កណា​ដែល​ផឹក​ទឹក​ខ្ញុំហើយ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ​ ទឹក​ដែល​ខ្ញុំ​ឲ្យ​នឹង​ត្រឡប់​ជា​រន្ធទឹក​នៅ​ក្នុង​អ្នក​នោះ ​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ( យ៉ូហាន 4:14 ) ។

« ខ្ញុំ​ជា​ពន្លឺ​លោកិយ អ្នក​ណា​ដែល​តាម​​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន 8:12 ) ។

បើ​មាន​អ្នករាល់គ្នា​ណា​ម្នាក់​​មាន​អារម្មណ៍​ថា ក្ដី​ជំនឿ និង​ ទីបន្ទាល់​របស់​អ្នក​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​មាន​តិច​ជា​ង​អ្វី​ដែល​អ្នក​គួរ​តែ​មាន នោះ​សូម​ផ្ដោត​ឲ្យ​ខ្លាំង​ថែមទៀត​លើ​ព្រះអង្គ​សង្គ្រោះ ។ ចូរទុក​​ឲ្យ​ពន្លឺ​ និង​ ទឹក​រស់​នៃ​ទ្រង់​ ធ្វើដូច​ជា​អ្វី​ដែល​​​ទឹក និង​ ពន្លឺ​ ​បាន​ធ្វើ​ឲ្យ​ដើម​​ប៉េង​ប៉ោះ​ស្វិត​ស្រពោន​ បាន​លូតលាស់​វិញ​ ដល់​​អ្នក និង ​គ្រួសារ​អ្នក​ ។

ឥឡូវ ខ្ញុំ​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ភាព​ងឿងឆ្ងល់​ក្នុង​ការ​បង្ក​បង្កើត​របស់​ព្រះ​ តាមរយៈ​អំណាច​បព្វជិតភាព ។ ខ្ញុំ​បាន​ឈរ​នៅ​ទី​នេះ​ដោយ​​ងឿង​ឆ្ងល់​ថា​ តើ​អំណាច​របស់​ព្រះ​ដើម្បី​ណែនាំ ហើយ​ប្រទាន​ពរ​យើង​អាច​យល់​ដឹង​បាន​ទាំង​ស្រុង​ដែរ​ឬទេ ខ្ញុំ​គិត​ថា​អ្នក​រាល់គ្នា​​ក៏​គិត​​ដូចគ្នា​ដែរ ។ វា​ពិត​ជា​ធំធេងណាស់ ខ្ពង់ខ្ពស់​ណាស់ អស្ចារ្យ​ណាស់ និង ប្រកប​ដោយ​អំណាច​ណាស់ ។

យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​​ថា « បព្វជិតភាព ​គឺ​ជា​គោលការណ៍​អស់​កល្ប​មួយ ហើយ​វា​នឹង​នៅ​ជាមួយ​ព្រះ​រហូត​អស់​កល្ប​ជានិច្ច ដោយ​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ ឆ្នាំ​បញ្ចប់​ឡើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007 ] ទំព័រ 104 ) ។

ព្រះ​បាន​ប្រទាន​​អំណាច​ទ្រង់​ដោយ​សេរី​​ដល់​ជន​ដែល​ទទួល ហើយ​គោរព​បព្វជិតភាព​ទ្រង់ ដែល​វា​ដឹកនាំ​ទៅ​រក​ពរជ័យ​នៃ​អមតភាព និង ​ជីវិត​អស់​កល្ប​ដែល​បាន​សន្យា ។

ខ្ញុំ​សូ​ម​ថ្លែង​ទីបន្ទាល់​ថា កិច្ចការ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​សម្រេច​ទៅ​បាន​ តាមរយៈ​បព្វជិតភាព ។ វា​ជា​អំណាច​ដែល​ព្រះវរបិតា​សួគ៌​យើង និង​ ព្រះរាជបុត្រា​សំណប់​ទ្រង់​បាន​បង្កើត​ផែនដី​នេះ ហើយ​បាន​ចាប់​ផ្ដើម​នូវ​ផែនការ​នៃ​សុភមង្គល​ដ៏​ធំ​សម្រាប់​ជា​ប្រយោជន៍ដល់​​យើង ។ សូម​ឲ្យ​យើង​ឈ្លាសវៃ ហើយព្យាយម​ពង្រឹង​ជីវិត​យើង ជីវិត​គ្រួសារ​យើង និង​ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តាមរយៈ​អំណាច​នៃ​បព្វជិតភាព​នៃ​ព្រះ នេះ​ជា​ការ​អធិស្ឋាន​​ដោយ​រាប​សារ​របស់​ខ្ញុំ​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ អាម៉ែន ។