ឆ្នាំ ២០១០-២០១៩
ពេល​អ្នក​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់ អ្នក​សង្គ្រោះ​ដល់​ជំនាន់​ជាច្រើន
ខែ មេសា 2013


2:3

ពេល​អ្នក​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់ អ្នក​សង្គ្រោះ​ដល់​ជំនាន់​ជាច្រើន

​ជីវិត​ប្រកប​ដោយ​គុណធម៌​របស់​អ្នក​នឹង​ប្រទាន​ពរ​ដល់​ដូនតា​អ្នក គ្រួសារ​អ្នក​ពេល​នេះ និង​សមាជិក​គ្រួសារ​នា​ពេលអនាគត ។

ខ្ញុំ​មាន​កិត្តិយស​ណាស់​ក្នុង​ការ​និយាយ​ទៅ​អ្នករាល់​គ្នា ជា​យុវនារី​ស្មោះត្រង់​នៃ​សាសនាចក្រ​នេះ ។ យើង​ឃើញ​អ្នក​កំពុង​រីកចម្រើន​លើ​ផ្លូវ​របស់​អ្នក​ដែល​គោរព​ដល់​សេចក្ដី​សញ្ញា​ខ្លួន ហើយ​យើង​ដឹង​ថា​ជីវិត​ប្រកប​ដោយ​គុណធម៌​របស់​អ្នក​នឹង​ប្រទាន​ពរ​ដល់​ដូនតា​អ្នក គ្រួសារ​អ្នក​ពេល​នេះ និង​សមាជិក​គ្រួសារ​នា​ពេល​អនាគត ត្បិត​ដូចជា​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ថា « ពេល​អ្នក​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់ អ្នក​សង្គ្រោះ​ជំនាន់​ជាច្រើន » ។1

ផ្លូវ​នៃ​សេចក្ដី​សញ្ញា​អ្នក​បាន​ចាប់ផ្ដើម​ក្នុង​ពេល​តែ​មួយ​នឹង​ពេល​អ្នក​បាន​ជ្រមុជទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​បន្ត​ជា​រៀង​រាល់​សប្ដាហ៍​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ជា​ទី​បរិសុទ្ធ​មួយ​ដែល​អ្នក​រំឭក​ចាំ​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​អ្នក ។ ពេល​នេះ​ជា​ពេល​ដែល​អ្នក​រៀបចំ​ខ្លួន​ធ្វើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ « ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ពិសិដ្ឋ​នានា​ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ​ត្រលប់​ទៅ​កាន់​ទី​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។2

សូម​ឈរ​ក្នុង​ទី​បរិសុទ្ធ​សម្រាប់​ដូនតា​អ្នក ។ « មនុស្ស​គ្រប់​រូប​ដែល​មក​កាន់​ផែនដី​នេះ​ជា​លទ្ធផល​នៃ​ជំនាន់​នានា​នៃ​ឪពុកម្ដាយ ។ យើង​មាន​ក្ដី​ប្រាថ្នា​​មួយ​ពី​ធម្មជាតិ​​​ដើម្បី​ជួប​គ្នា​នឹង​ដូនតា​យើង » ។3 ពេល​អ្នក​ធ្វើ​កិច្ចការ​ព្រះ​វិហារ​បរិសុទ្ធ​និង​ពង្ស​ប្រវត្តិ អ្នក​ភ្ជាប់​ជីវិត​អ្នក​នឹង​ជីវិត​នៃ​ដូនតា​អ្នក​ដោយ​ការ​ផ្ដល់​ពិធីការ​សង្គ្រោះ​ដល់​ពួកគាត់ ។​

សូម​ឈរ​ក្នុង​ទី​បរិសុទ្ធ​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ ។ គំរូ​សុចរិត​របស់​អ្នក​នឹង​ក្លាយ​ជា​ប្រភព​មួយ​នៃ​ក្ដី​អំណរ​ដ៏​ធំ មិន​ថា​ស្ថានភាព​គ្រួសារ​អ្នក​បែប​ណា​នោះ​ទេ ។ ការ​ជ្រើសរើស​ដ៏​សុចរិត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​មាន​គុណសម្បត្តិ​ក្នុង​ការ​ធ្វើ ហើយ​និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ដែល​នឹង​ចង​ភ្ជាប់​គ្រួសារ​អ្នក​រួម​គ្នា​ជានិច្ច ។

សូម​ឈរ​ក្នុង​ទី​បរិសុទ្ធ​សម្រាប់​​គ្រួសារ​អ្នក​នា​ពេល​អនាគត ។ សូម​តាំង​ចិត្ត​ធ្វើ​ការ​ផ្សារភ្ជាប់​នឹង​ស្វាមី​អ្នក​ដោយ​បព្វជិតភាព​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពេល​អ្នក​ចាប់​ផ្ដើម​ក្រុម​គ្រួសារ​អស់​កល្ប​មួយ ។ កូនចៅ​អ្នក​នឹង​បាន​ពរ​ជាមួយ​នឹង​ការ​ពិត ពេល​អ្នក​ត​ភ្ជាប់​គំរូ​ប្រកប​ដោយ​គុណធម៌ និង​ទីបន្ទាល់​ដ៏​រឹង​មាំ​របស់​អ្នក​ក្នុង​ជីវិត​ពួកគេ ហើយ​បង្ហាញ​ផ្លូវ​ដល់​ពួកគេ​ទៅ​កាន់​ផ្លូវ​សេចក្ដី​សញ្ញា ។​

ខ្ញុំ​បាន​ឃើញ​គោលការណ៍​អស់​កល្ប​ទាំងនេះ​នៅ​ឯ​ការ​ប្រកួត​គំនូរ​អន្តរជាតិ​សម្រាប់​យុវវ័យ​ថ្មីៗ​នេះ ។ មេហ្គាន វ៉ននើរ ថៃលើរ បាន​បង្កើត​រូបភាព​ឌីជីថល​មួយ ដោយ​រៀបរៀង​តាម​បែប​សម័យ​ទំនើប​នូវ​រឿង​ប្រៀបធៀប​របស់​ព្រះគ្រីស្ទ​ពី​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ។4 ខ្ញុំ​បាន​ជួប មេហ្គាន ហើយ​នាង​បាន​ពន្យល់​ពី​និមិត្តរូប​នៃ​ស្ត្រី​ព្រហ្មចារី​ទី​ដប់ ដោយ​នាង​រៀបរាប់​ថា​ជា​យុវនារី​ម្នាក់​នៃ​គុណធម៌ និង​ក្ដី​ជំនឿ​បាន​រៀបចំ​ខ្លួន​ធ្វើ ហើយ​និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដូចគ្នា​នឹង​ស្ត្រី​ដ៏​ឈ្លាសវៃ​ទាំងនោះ​ដែរ ការ​រៀបចំ​ផ្ទាល់ខ្លួន​របស់​នាង​កើត​មាន​ដោយ​នាង​បាន​បន្ថែម​ប្រេង​ក្នុង​ចង្កៀង​នាង​​មួយ​តំណក់​ម្ដង​ៗ ដោយ​ការ​រស់នៅ​សុចរិត​ជានិច្ច ។ ខ្ញុំ​បាន​សង្កេត​ឃើញ​នាង​មាន​សក់​ក្រង​ដ៏​ស្រស់​ស្អាត ។ មេហ្គាន បាន​ពន្យល់​ថា ​​សក់​ក្រង​នោះ​តំណាង​ឲ្យ​ការ​តភ្ជាប់​នៃ​ជីវិត​របស់​យុវនារី​រូប​នេះ​នឹង​ជំនាន់​ដទៃ​ទៀត​រាប់​មិន​អស់ ។ផ្នត់​ទី​មួយ​​តំណាង​ឲ្យ​ការ​តភ្ជាប់​​ក្ដី​ស្រឡាញ់ និង​ការ​គោរព​របស់​នាង​ចំពោះ​ដូនតា ផ្នត់​ទី​ពីរ​ជា​ការ​ត​ភ្ជាប់​ឥទ្ធិពល​សុចរិត​របស់​នាង​នឹង​គ្រួសារ​បច្ចុប្បន្ន និង​ផ្នត់​ទីបី​ជា​ការ​តភ្ជាប់​ការ​រៀបចំ​ជីវិត​នាង​នឹង​ជីវិត​នៃ​ជំនាន់​នា​អនាគត ។

ខ្ញុំ​បាន​ជួប​យុវនារី​ម្នាក់​ទៀត​ដែល​ការ​​រៀប​ចំ​ខ្លួន​ខាង​វិញ្ញាណ​តាំង​ពីក្មេង​របស់​នាង​បាន​តភ្ជាប់​ជីវិត​សុចរិត​មួយ​នឹង​ជំនាន់​ជាច្រើន ។​

នៅ​ថ្ងៃ​រសៀល​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ខែ​កញ្ញា ស្វាមី​ខ្ញុំ និង​​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រង់ចាំ​ចូល​រួម​ក្នុង​ពិធីការ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ គ្រីស ជា​មិត្ត​ម្នាក់​របស់​យើង បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់ ។ វា​ជា​ក្ដី​រីករាយ​ដោយ​បាន​ជួប​នឹង​យុវជន​រូប​នេះ ដែល​ទើប​ត្រលប់​ពី​បេសកកម្ម​នៅ​រុស្សី ។

កាល​ការ​ជួបជុំ​គ្នា​រៀប​នឹង​ចាប់ផ្ដើម មាន​យុវនារី​ស្រស់​ស្អាត​ម្នាក់​បាន​មក​អង្គុយ​ក្បែរ​ខ្ញុំ ។ នាង​មាន​ទឹក​មុខ​ញញឹម​ប្រិមប្រិយ ។ ខ្ញុំ​ចង់​ស្គាល់​នាង ដូច្នេះ​ខ្ញុំ​ក៏​បាន​ណែនាំ​ខ្លួន​ភ្លាម ។ នាង​បាន​ខ្សឹប​ប្រាប់​ថា​នាង​ឈ្មោះ ខេត ហើយ​ខ្ញុំ​ស្គាល់​ត្រកូល​នាង​ជា​គ្រួសារ​មួយ​រស់នៅ​ រដ្ឋ​មីជីហ្គែន ជា​កន្លែង​ដែល​គ្រួសារ​ខ្ញុំ​ធ្លាប់​រស់នៅ ។ ខេត ជា​កូន​ស្រី​នៃ​គ្រួសារ​នោះ ជា​អ្នក​ដែល​ត្រលប់​ពី​បេសកកម្ម​នៅ​អាល្លឺម៉ង​មុន​ប្រាំ​សប្ដាហ៍ ។

ក្នុង​ការ​ប្រជុំ​រួម​គ្នា​នោះ​គំនិត​មួយ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ « ណែនាំ​ ខេត ឲ្យ​ស្គាល់ គ្រីស » ។ ខ្ញុំ​ទុក​ការ​បំផុស​គំនិត​នេះ​មួយ​អន្លើ ហើយ​គិត​ថា « តើ​ពេលណា នៅ​ទីណា និង​តាម​វិធី​ណា ? » ពេល​យើង​រៀប​ចំ​ខ្លួន​ចេញ គ្រីស បាន​មក​ជម្រាប​លា​យើង ហើយ​ខ្ញុំ​ក៏​ចាប់​យក​ឱកាស​នោះ ។ ខ្ញុំ​បាន​នាំ​ ខេត មក​ ហើយ​ខ្សឹប​ប្រាប់​ថា « អ្នក​ទាំងពីរ​ជា​ក្មេង​ល្អ​ដែល​គួរ​តែ​ស្គាល់​គ្នា » ។ ខ្ញុំ​បាន​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ដោយ​ចិត្ត​រីករាយ​ថា ខ្ញុំ​បាន​ធ្វើ​តាម​ការ​បំផុស​គំនិត​នោះ ។

តាម​ផ្លូវ​ត្រលប់​មក​ផ្ទះ​វិញ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ពិភាក្សា​ពី​ការ​ចងចាំ​​យើង​ពី​ឧបសគ្គ​ដែល​បាន​កើត​មាន​ចំពោះ​គ្រួសារ​របស់ ខេត ។ តាំងពី​ពេល​នោះ​មក​ខ្ញុំ​ស្គាល់ ខេត កាន់​តែ​ច្បាស់ ហើយ​នាង​បាន​ជួយ​ខ្ញុំ​យល់​ពី​ហេតុផល​លើ​ទឹកមុខ​ដ៏​រីករាយ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នា​ថ្ងៃ​នោះ ។​

ខេត តែង​ព្យាយាម​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នាង​ដោយ​ការ​ស្វែង​រក​ទី​បរិសុទ្ធ ។ នាង​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ក្នុង​ផ្ទះ​មួយ​ដែល​មាន​រាត្រី​ជួបជុំ​គ្រួសារ ការ​អធិស្ឋាន​រួម​គ្នា ហើយ​ការ​សិក្សា​ព្រះ​គម្ពីរ​បាន​ធ្វើ​ឲ្យ​ផ្ទះ​នាង​ក្លាយ​ជាទី​បរិសុទ្ធ​មួយ ។កាល​ពី​ក្មេង នាង​បាន​រៀន​ពី​ព្រះវិហារ​បរិសុទ្ធ ហើយ​ចម្រៀង​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះវិហារបរិសុទ្ធ » ជា​ចម្រៀង​ពិសេស​មួយ​ក្នុង​រាត្រី​ជួបជុំ​គ្រួសារ ។5 កាល​ពី​ក្មេង​ នាង​បាន​មើល​ពី​គំរូ​ដ៏​ល្អ​របស់​ឪពុកម្ដាយ​នាង​ក្នុង​ការ​ស្វែង​រក​ទី​បរិសុទ្ធ ពេល​ពួកគាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេលល្ងាច​នៃ​ថ្ងៃ​ចុង​សប្ដាហ៍ ជាជាង​ចេញ​ទៅ​មើល​កុន ឬ​ហូប​អាហារ​ពេល​យប់ ។​

នាង​ស្រឡាញ់​ឪពុក​នាង​ខ្លាំង​ណាស់ ហើយ​គាត់​បាន​ប្រើ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​គាត់​ជួយ​នាង​ឲ្យ​ធ្វើ​សេចក្ដី​សញ្ញា​ដំបូង​នៃ​បុណ្យ​ជ្រមុជទឹក​នាង ។ រួច​នាង​ត្រូវ​បាន​គេ​ដាក់​ដៃ​លើ​ក្បាល ហើយ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខេត បាន​និយាយ​ថា « ខ្ញុំ​មាន​ចិត្ត​រីករាយ​នឹង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ណាស់ ហើយ​ខ្ញុំ​បាន​ដឹង​ថា វា​នឹង​ជួយ​ខ្ញុំ​ឲ្យ​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ជីវិត​អស់​កល្ប » ។

ជីវិត​របស់​ ខេត បាន​បន្ត​លើ​ផ្លូវ​ដែល​មាន​ពរ ហើយ​រីករាយ ។ ពេល​នាង​អាយុ 14 ឆ្នាំ នាង​បាន​ចូល​រៀន​វិទ្យាល័យ ហើយ​ចូលចិត្ត​ថ្នាក់​សិក្ខាសាលា ជា​ទី​បរិសុទ្ធ​មួយ​ទៀត​ដើម្បី​រៀន​ពី​ដំណឹងល្អ ។ មាន​ថ្ងៃ​មួយ​គ្រូ​នាង​បាន​ចាប់ផ្ដើម​និយាយ​ពី​ការ​សាកល្បង ហើយ​បាន​អះអាង​ថា​យើង​គ្រប់រូប​នឹង​ជួប​រឿង​នោះ ។ នាង​បាន​និយាយ​ទៅ​ខ្លួន​ឯង​ថា « ខ្ញុំ​មិន​ចង់​បាន​ការ​សាកល្បង​នេះ​ទេ ហើយ​ក៏​​មិន​ចង់​ឮ​ពី​វា​ដែរ » ។

លុះ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ឪពុក​នាង​បាន​ក្រោក​ឡើង​ពី​ដំណេក​នៅ​ថ្ងៃ​អាទិត្យ​នៃ​បុណ្យ​អ៊ីស្ទើរ​ ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ។ ខេត និយាយ​ថា ៖ « ឪពុក​ខ្ញុំ​ជា​មនុស្ស​មាន​សុខភាព​ល្អ​ណាស់ គាត់​ជា​អ្នក​រត់​អត្តពលកម្ម​ម្នាក់ ។ ដោយ​បារម្ភ​ខ្លាំង​ពី​ជំងឺ​ឪពុក​ខ្ញុំ​ ម្ដាយ​ខ្ញុំ​ក៏​នាំ​គាត់​ទៅ​មន្ទីរ​ពេទ្យ ។ ក្នុង​រយៈពេល 36 ម៉ោង​ប៉ុណ្ណោះ​គាត់​ក៏​មាន​ជំងឺ​ដាច់​សរសៃ​ក្នុង​ខួរ​ក្បាល​ដ៏​ធ្ងន់​​រហូត​ធ្វើ​ឲ្យ​គាត់​ស្ទើរ​រើ​​ខ្លួន​មិន​រួច ។គាត់​អាច​ព្រិច​ភ្នែក តែ​ផ្នែក​ផ្សេង​ទៀត​មិន​អាច​កម្រើក​បាន​ឡើយ ។ ខ្ញុំ​នឹក​ចាំ​ពី​ការ​មើល​ឃើញ​គាត់ ហើយ​គិត​ថា ‹ ទេ វា​កើត​ឡើង​ហើយ ។ គ្រូ​ថ្នាក់​សិក្ខា​សាលា​ខ្ញុំ​និយាយ​ត្រូវ​ណាស់ ។ ខ្ញុំ​កំពុង​ជួប​នឹង​ការ​សាកល្បង › » ។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ ឪពុក​ ខេត ក៏​បាន​ចែក​ឋាន ។

ខេត បាន​បន្ត​ទៀត​ថា « វា​ជា​រឿង​ពិបាក​ណាស់ ។ អ្នក​មិន​ចង់​បាត់​បង់​វីរបុរស​ក្នុង​ជីវិត​អ្នក​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​ឲ្យ​រឿង​ជួយ​ខ្ញុំ​ឲ្យ​រីក​ចម្រើន ឬ​បណ្ដោយ​ឲ្យ​វា​បង្អាក់​ដល់​ការ​រីកចម្រើន​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​ឲ្យ​វា​បំផ្លាញ​ជីវិត​ខ្ញុំ​ដោយ​សារ​ខ្ញុំ​មាន​អាយុ​ត្រឹម​តែ​ 14 ឆ្នាំ នោះ​ទេ ។ ខ្ញុំ​បាន​ព្យាយាម​ខិត​ជិត​ព្រះអម្ចាស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំ​អាន​ព្រះ​គម្ពីរ​យ៉ាង​ច្រើន ។ អាលម៉ា​ជំពូក 40 បាន​អះអាង​ចំពោះ​ខ្ញុំ​ថា ការ​រស់​ឡើង​វិញ​មាន​ពិត ហើយ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ ខ្ញុំ​អាច​ជួប​ឪពុក​ខ្ញុំ​ម្ដង​ទៀត ។ ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ច្រើន ។ ខ្ញុំ​សរសេរ​ក្នុង​កំណត់​ហេតុ​ខ្ញុំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំ​រក្សា​ទីបន្ទាល់​ខ្ញុំ​ឲ្យ​រស់​រវើក​ដោយ​ការ​​សរសេរ​វា​ទុក ។ ខ្ញុំ​ទៅ​ព្រះវិហារ ហើយ​ចូល​ថ្នាក់​យុវនារី​រាល់​សប្ដាហ៍ ។ ខ្ញុំ​មាន​មិត្ត​ល្អ​នៅ​ជុំវិញ​ខ្លួន ។ខ្ញុំ​ព្យាយាម​នៅ​ជិត​នឹង​គ្រួសារ ជាពិសេស​គឺ​ម្ដាយ​ខ្ញុំ​ដែល​ជា​កម្លាំង​ដ៏​រឹងមាំ​ក្នុង​គ្រួសារ ។ ខ្ញុំ​ស្វែង​រក​ពរជ័យ​បព្វជិតភាព​ពី​ជីតា​ខ្ញុំ និង​អ្នក​កាន់​បព្វជិតភាព​ផ្សេងទៀត » ។

ដូចគ្នា​នឹង​ស្ត្រី​ព្រហ្មចារី​​ដ៏​ឈ្លាសវៃ​ទាំងនោះ​ដែរ ការ​ជ្រើសរើស​ទាំងនេះ​បាន​បន្ថែម​ប្រេង​ក្នុង​ចង្កៀង​របស់​ ខេត ។ នាង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​ក្ដី​ប្រាថ្នា​​ចង់​ជួប​ឪពុក​នាង​ម្ដង​ទៀត ។ ខេត បាន​ដឹង​ថា ឪពុក​នាង​ដឹង​ពី​ការ​ជ្រើស​រើស​នាង ហើយ​នាង​មិន​ចង់​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ឡើយ ។ នាង​ចង់​បាន​​ទំនាក់ទំនង​មួយ​អស់​កល្ប​ជាមួយ​គាត់ ។ ហើយ​នាង​យល់​ថា​ការ​បន្ត​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នាង​នឹង​ចង​ភ្ជាប់​ជីវិត​នាង​និង​គាត់ ។​

តែ​ការ​សាកល្បង​មិន​ទាន់​ចប់​ទេ ។ ពេល ខេត អាយុ 21 ឆ្នាំ ហើយ​បាន​ដាក់​ពាក្យ​បេសកកម្ម​នាង ម្ដាយ​នាង​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក ។ ខេត ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​នាង ។ តើ​នាង​គួរ​តែ​នៅ​ផ្ទះ​មើល​ម្ដាយ​នាង ឬ​ទៅ​បេសកកម្ម ? ម្ដាយ​នាង​បាន​ការ​ប្រសិទ្ធពរ​ពី​បព្វជិតភាព​ដោយ​សន្យា​ថា​គាត់​នឹង​រួច​ផុត​ពី​ជំងឺ​នេះ ។ ដោយ​មាន​ការ​អះអាង​ពី​ការ​ប្រសិទ្ធពរ​នេះ ខេត បាន​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ក្ដី​ជំនឿ ហើយ​បាន​បន្ត​ផែនការ​នាង​ក្នុង​ការ​បម្រើ​បេសកកម្ម ។

ខេត និយាយ​ថា ៖ « វា​ដូចជា​ការ​ឈាន​ជើង​ចូល​ក្នុង​ភាព​ងងឹត តែ​នៅ​ក្នុង​បេសកកម្ម​ខ្ញុំ ជា​ភ័ព្វ​សំណាង​ល្អ​ពន្លឺ​ក៏​បាន​រះ​ឡើង ហើយ​បាន​ទទួល​ដំណឹង​ថា​ការ​ប្រសិទ្ធពរ​ដល់​ម្ដាយ​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត ។ ខ្ញុំ​រីករាយ​ជា​ខ្លាំង​ដែល​ខ្ញុំ​មិន​បាន​បោះបង់​ការ​បម្រើ​ព្រះអម្ចាស់ ។ ពេល​រឿង​លំបាក​កើត​ឡើង ខ្ញុំ​គិត​ថា​វា​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​នៅ​ទ្រឹង​មួយ​កន្លែង ហើយ​មិន​ចង់​ដើរ​ទៅ​មុខ​ទៀត​ឡើយ តែ​បើ​អ្នក​គិត​ដល់​ព្រះអម្ចាស់​មុន នោះ​ទុក្ខ​លំបាក​អាច​​នាំ​​ទៅ​រក​ពរជ័យ​ដ៏​ប្រពៃ ។​អ្នក​អាច​ឃើញ​ព្រះហស្ត​ទ្រង់ និង​អព្ភូតហេតុ » ។ ខេត បាន​ជួប​នូវ​ជីវិត​ដូច​ជា​ពាក្យ​ប្រធាន ថូម៉ាស ​អេស ម៉នសុន បាន​លើក​ឡើង​ថា ៖ « ឱកាស​ដ៏​សំខាន់​បំផុត​របស់​យើង​នឹង​ត្រូវ​បាន​រក​ឃើញ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត » ។6

ខេត មាន​ក្ដី​ជំនឿ​បែបនេះ​ដោយ​សារ​នាង​យល់​ពី​ផែនការ​សង្គ្រោះ ។ នាង​ដឹង​ថា​យើង​បាន​រស់​នៅ​ពី​មុន ថា​ផែនដី​ជា​ពេល​មួយ​នៃ​ការ​សាកល្បង ហើយ​ថា​យើង​នឹង​រស់​ម្ដងទៀត ។ នាង​មាន​ក្ដី​ជំនឿ​ថា ម្ដាយ​នឹង​បាន​ពរ តែ​ដោយ​បទពិសោធន៍​នាង​ជាមួយ​នឹង​ឪពុក​នាង នាង​ដឹង​ថា​បើ​ម្ដាយ​នាង​ចែក​ឋាន​ទៅ នាង​នឹង​មិន​អីទេ ។ នាង​និយាយ​ថា ៖ « ការ​ស្លាប់​របស់​ខ្ញុំ​មិនត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​រស់នៅ​បាន​នោះ​ទេ តែ​វា​បាន​ក្លាយ​ជា​ផ្នែក​នៃ​អត្តសញ្ញាណ​ខ្ញុំ​សម្រាប់​រឿង​ល្អ ហើយ​កាល​ដែល​ម្ដាយ​ខ្ញុំ​នឹង​ឃ្លាត​ចេញ​ទៅ វា​នឹង​ក្លាយ​ជា​រឿង​ដូចគ្នា​ដែរ ។ វា​នឹង​ចងភ្ជាប់​ទីបន្ទាល់​មួយ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​ខ្ញុំ » ។7

ខេត កំពុង​ស្វែង​រក​ទី​បរិសុទ្ធ​មួយ​​នៅ​យប់​ដែល​ខ្ញុំ​ជួប​នាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដោយ​មាន​ប្រាថ្នា​ចង់​ចង​ភ្ជាប់​ទំនាក់ទំនង​អស់​កល្ប​ដែល​កើត​តាមរយៈ​ការ​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នាង​បាន​ធ្វើ​តាម​គំរូ​ដែល​ឪពុកម្ដាយ​នាង​បាន​ធ្វើ​ ដោយ​ការ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ។

នៅ​យប់​នោះ​ពេល​ខ្ញុំ​ណែនាំ ខេត ឲ្យ​ស្គាល់ គ្រីស គឺ​គ្មាន​អ្វី​ច្រើន​កើត​ឡើង​ទេ តែ​ក្នុង​ការ​ស្វែង​រក​ទី​បរិសុទ្ធ​មួយ​ទៀត នៅ​ថ្ងៃអាទិត្យ ខេត បាន​ឃើញ គ្រីស ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​រាប់​រយ​នាក់​​នៅ​ឯ​ការ​ប្រជុំ​​ថ្នាក់​វិទ្យាស្ថាន ។ នៅ​ទីនោះ​ពួកគេ​បាន​ព្យាយាម​ស្គាល់​គ្នា​បន្ថែម​ទៀត ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក គ្រីស បាន​អញ្ជើញ​នាង​ទៅ​មើល​សន្និសីទ​ទូទៅ​ជាមួយ​គាត់ ។ពួកគេ​បាន​បន្ត​ស្វែងរក​ទីកន្លែង​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​អំឡុង​ពេល​ពួកគេ​ស្រឡាញ់​គ្នា ហើយ​ទី​បំផុត​ក៏​បាន​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​ទី​បរិសុទ្ធ​ដែល​ពួកគេ​បាន​ស្គាល់​គ្នា ។ ឥឡូវ​ពួកគេ​ទាំងពីរ​ពេញ​ដោយ​ទំនួល​ខុសត្រូវ​ជា​ឪពុកម្ដាយ ដោយ​ភ្ជាប់​ទីបន្ទាល់​ពួកគេ​ពី​ផែនការ​សង្គ្រោះ​នឹង​ជីវិត​នៃ​កូន​ប្រុស​បី​នាក់​តូចៗ​របស់​គេ ដោយ​បង្ហាញ​ពួកគេ​ពី​ផ្លូវ​នៅ​លើ​ផ្លូវ​សេចក្ដី​សញ្ញា ។

« ពេល​អ្នក​សង្គ្រោះ​ក្មេង​ស្រី​ម្នាក់ អ្នក​សង្គ្រោះ​ជំនាន់​ជាច្រើន » ។ ការ​សម្រេច​ចិត្ត​របស់​ ខេត កាល​ពី​អាយុ 14 ឆ្នាំ ដើម្បី​បន្ត​ដើរ​លើ​ផ្លូវ​នោះ បាន​បន្ថែម​ប្រេង​ជា​បន្ត​បន្ទាប់​ក្នុង​ចង្កៀង​នាង ហើយ​ការ​​ឈរ​ក្នុង​ទី​បរិសុទ្ធ​បាន ហើយ​នឹង​ជួយ​សង្គ្រោះ​ដល់​ជំនាន់​ជាច្រើន ។ ការ​ស្វែង​រក​ដូនតា​នាង​ ហើយ​និង​ការ​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ចងភ្ជាប់​ចិត្ត​នាង​នឹង​ពួកគាត់ ។ ដូចគ្នា​នេះ​ដែរ ការ​ធ្វើ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​នឹង​ចង​ភ្ជាប់​ចិត្ត​អ្នក​រួមគ្នា ហើយ​ផ្ដល់​ឱកាស​នៃ​ជីវិត​អស់​កល្ប​ដល់​ដូនតា​អ្នក ។​

ការ​រស់​នៅ​តាម​ដំណឹង​ល្អ​ក្នុង​ផ្ទះ​អ្នក​ ក៏​នឹង​បន្ថែម​ប្រេង​ក្នុង​ចង្កៀង​អ្នក​ដែរ ហើយ​វា​នឹង​ចង​ភ្ជាប់​កម្លាំង​ខាង​វិញ្ញាណ​ និង​ផ្ទះ​អ្នក​នៅ​ពេល​នេះ ហើយ​ប្រទាន​ពរ​ដល់​គ្រួសារ​អ្នក​នា​អនាគត​តាម​​របៀប​រាប់​មិន​អស់ ។ ជាង​នេះ​ទៀត ដូច​អែលឌើរ រ៉ូបឺត ឌី ហែល មាន​ប្រសាសន៍​ថា « បើ​គំរូ​ដែល​យើង​បាន​ទទួល​ពី​ឪពុកម្ដាយ​យើង​មិន​ល្អ វា​ជា​ទំនួល​ខុសត្រូវ​យើង​ដើម្បី​ផ្លាស់​ប្ដូរ​វា … ហើយ​បង្រៀន​ទម្លាប់​ត្រឹមត្រូវ​សម្រាប់​ជំនាន់​ក្រោយ​ធ្វើ​តាម » ។8

សូម​សម្រេច​ចិត្ត​នៅ​ពេល​នេះ​ដើម្បី​ធ្វើ​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បំពេញ​ចង្កៀង​អ្នក រហូត​ដល់​ទីបន្ទាល់ និង​គំរូ​ដ៏​រឹងមាំ​របស់​អ្នក​អាច​ចង​ភ្ជាប់​នឹង​ជីវិត​នៃ​ជំនាន់​ជាច្រើន​ទាំង​អតីតកាល បច្ចុប្បន្ន និង​អនាគត ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ជីវិត​ប្រកប​ដោយ​គុណធម៌​របស់​អ្នក​នឹង​ពុំ​គ្រាន់​តែ​សង្គ្រោះ​ដល់​ជំនាន់​នានា​នោះ​ទេ តែ​វា​នឹង​សង្គ្រោះ​ជីវិត​អស់​កល្ប​ របស់​អ្នក ព្រោះ​វា​ជា​វិធី​មួយ​គត់​ដើម្បី​ត្រលប់​ទៅ​ព្រះវរបិតា​សួគ៌​យើង​វិញ ហើយ​រក​ឃើញ​ក្ដី​អំណរ​ពិត​នា​ពេលនេះ និង​ជីវិត​អស់​កល្ប ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី « Standing Strong and Immovable » Worldwide Leadership Training Meeting ថ្ងៃ​ទី10 ខែ​មករា ឆ្នាំ2004 ទំព័រ 20 សូម​មើល​ផង​ដែរ ​ហ្គរដុន ប៊ី ហ៊ិងគ្លី « Our Responsibility to Our Young Women Ensign ខែ​កញ្ញា ឆ្នាំ1988 ទំព័រ10 ។

  2. « The Family: A Proclamation to the World » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  3. រ័សុល អិម ណិលសុន « Generations Linked in Love » Ensign Liahona, ខែ​ឧសភា ឆ្នាំ2010 ទំព័រ 92 ។

  4. សូមមើល​ម៉ាថាយ 25:1–13 ។

  5. សូមមើល « I Love to See the Temple » Children’s Songbook, 95 ។

  6. ថូម៉ាស អេស ម៉នសុន « Meeting Your Goliath » New Era, ខែ​មិថុនា ឆ្នាំ 2008, 7 ។

  7. បទ​សម្ភាស​ផ្ទាល់​នឹង​អ្នក​និពន្ធ 2013 ។

  8. រ៉ូបឺត ឌី ហែល « How Will Our Children Remember Us? » Ensign ខែ​វិច្ឆិកា ឆ្នាំ1993 ទំព័រ10 ។