ឈររឹងមាំនៅក្នុងទីបរិសុទ្ធ
ឈរដោយការគោរព ហើយរឹងមាំលើគោលលទ្ធិនៃព្រះរបស់យើង នោះយើងឈរនៅក្នុងទីបរិសុទ្ធ ព្រោះគោលលទ្ធិរបស់ទ្រង់ពិសិដ្ឋ ហើយមិនមានការផ្លាស់ប្តូរ ។
បងប្អូនប្រុស នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបាននៅជាមួយអ្នកកាន់ព្រះរាជបព្វជិតភាពនៃព្រះ។ យើងរស់នៅក្នុងសម័យចុងក្រោយ ក្នុង « គ្រាដ៏លំបាក » ។1 ក្នុងនាមជាអ្នកកាន់បព្វជិតភាព នេះជាកាតព្វកិច្ចរបស់យើងក្នុងការឈរឲ្យរឹងមាំ ក្រោមខែលនៃសេចក្តីជំនឿប្រឆាំងនឹងព្រួញឆេះនៃពួកមារសត្រូវ ។ យើងជាគំរូនៃពិភពលោក ជាអ្នកកាពារនូវអ្វីដែលព្រះប្រទានឲ្យ ដែលជាសិទ្ធិ និង សេរីភាពដែលមិនអាចកាត់ថ្លៃបាន ។ យើងឈរការពារគេហដ្ឋាន និងគ្រួសារយើង ។
កាលខ្ញុំរៀននៅថ្នាក់ទីប្រាំបួន ពេលដែលខ្ញុំត្រឡប់មកពីលេងកីឡាលើកដំបូងនៅក្រៅក្រុង ជាមួយក្រុមកីឡាបាល់បោះ ។ ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយត្រឡប់មកផ្ទះវិញនោះ ឪពុករបស់ខ្ញុំបានកត់សំគាល់ឃើញថា ខ្ញុំបានធ្វើជាសាក្សីតទល់នឹងភាសា និង ឥរិយាបទដែលមិនត្រឹមត្រូវតាមបទដ្ឋាននៃដំណឹងល្អ។ ក្នុងនាមជាវិចិត្រករដ៏មានវិជ្ជាជីវៈ គាត់បានអង្គុយ ហើយបានគូររូបភាពអ្នកជិះសេះ-- ជាអ្នកចម្បាំងដ៏អង់អាចការពារប្រាសាទ និង អាណាចក្រ ។
ខណៈដែលគាត់គូរ ហើយ អានចេញពីព្រះគម្ពីរ ខ្ញុំបានរៀនពីរបៀបធ្វើជាអ្នកកាន់បព្វជិតភាពដ៏ស្មោះត្រង់-- ដើម្បីការពារ និង គាំទ្រនគរព្រះ ។ ប្រសាសន៍សាវ័ក ប៉ុល គឺជាសេចក្តីណែនាំរបស់ខ្ញុំ ៖
« ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នក រាល់គ្នា អាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួន ។
« ដូច្នេះចូរឲ្យឈរមាំមួនចុះ ដោយក្រវ៉ាត់សេចក្តីពិតនៅនឹងចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងទ្រូង
« ទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង
« ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ទាំងព្រួញឆេះរបស់មេកំណាច
« ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក នឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល » ។ 2
បងប្អូនប្រុស បើយើងស្មោះត្រង់ចំពោះបព្វជិតភាព អាវក្រោះនេះ គឺជាអំណោយទានមកពីព្រះ។ យើងទាំងអស់គ្នាត្រូវការអាវក្រោះនេះ !
យុវជនទាំងឡាយ ឪពុក និងជីតារបស់អ្នក មិនដែលជួបការល្បួង ដូចអ្នកជួបនាសព្វថ្ងៃនេះទេ។ អ្នករស់នៅក្នុងសម័យចុងក្រោយ។ បើឪពុកអ្នកចង់មានបញ្ហា គាត់ត្រូវទៅរកវា។ សព្វថ្ងៃនេះមិនដូច្នេះទេ! បច្ចុប្បន្ននេះការល្បួងស្វែងរកអ្នក! សូមចាំថា! សាតាំងចង់បានអ្នក « អំពើបាបដេកនៅមាត់ទ្វារ » 3 តើអ្នកអាចតទល់នឹងយុទ្ធសាស្រ្តឈ្លានពាននេះបានដោយរបៀបណា? ចូរពាក់អាវក្រោះនៃព្រះ។
ខ្ញុំសូមបង្រៀនអ្នកពីបទពិសោធន៍ផ្សេងទៀតនៃជីវិតរបស់ខ្ញុំ៖
កាលពីខែ មករា ឆ្នាំ 1982 ខ្ញុំបានថ្លែងសន្ទរកថា នៅក្នុងការប្រជុំធម្មនិដ្ឋាន ក្នុងបរិវេណ សាកលវិទ្យាល័យ ប៊ីវ៉ាយយូ ក្នុងទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ។ ខ្ញុំអញ្ជើញឲ្យនិស្សិតទាំងនោះ ធ្វើការស្រម៉ៃថា សាសនាចក្រនៅម្ខាងនៃវេទិកា គឺនៅទីនេះតែម្តង ហើយលោកិយនៅផ្នែកម្ខាងទៀត តែចម្ងាយពីរបីចម្អាមប៉ុណ្ណោះ ។ ប្រវែងនេះតំណាងឲ្យ « ចម្ងាយយ៉ាងជិតរវាងលោកិយ និងបទដ្ឋាននៃសាសនាចក្រ » ខណៈពេល ដែលខ្ញុំនៅសាកលវិទ្យាល័យ ។ 30 ឆ្នាំ ក្រោយមក ខ្ញុំបានឈរចំពោះមុខនិស្សិតទាំងនេះ ហើយខ្ញុំបានពន្យល់ថា ៖ « លោកិយនេះបានឃ្លាតឆ្ងាយ [ ដែលកាន់តែមើលមិនឃើញ ] កាន់តែឃ្លាតឆ្ងាយទៅៗ នៅតាមផ្លូវ [ជុំវិញអគារនេះ និង ជុំវិញលោកិយ ] …. អ្វីដែលយើង និង ចៅៗ និង ចៅតួតរបស់យើងត្រូវចងចាំនោះគឺថា សាសនាចក្រនេះនឹងនៅតែដដែល [ វានៅតែនៅទីនេះ ] ពិភពលោកនេះនៅតែរំកិលទៅ -- គម្លាតនេះ [កាន់តែ ] ឆ្ងាយទៅៗ … ដូចេ្នះហើយចូរប្រុងប្រយ័ត្ន ។ បើអ្នកវិនិច្ឆ័យសកម្មភាពរបស់អ្នក និង បទដ្ឋាននៃសាសនាចក្រទៅតាមសកម្មភាព និង ចលនា នៃពិភពលោកនេះ នោះអ្នកនឹងឃើញថា អ្នកនឹងមិននៅក្នុងទីកន្លែងដែលអ្នកគួរនៅឡើយ » ។ 4
នៅគ្រានោះខ្ញុំមិនបានស្រម៉ៃឃើញថា លោកិយ៏កាន់តែឃ្លាតឆ្ងាយទៅៗពីព្រះនោះទេ ប៉ុន្តែយើងអាចយល់ពីគោលលទ្ធិ គោលការណ៏ និង បទបញ្ញត្តិ ដែលព្រះបានប្រទានឲ្យបាន ។ ប៉ុន្តែទោះជាយ៉ាងណា បទដ្ឋាននៃ ព្រះគ្រីស្ទ និង សាសនាចក្ររបស់ទ្រង់ មិនផ្លាស់ប្តូរទេ។ ទ្រង់មានបន្ទូលថា ៖ « ហើយសេចក្តីពិតជាប់នៅ រៀងដរាបតទៅ» ។ 5 ពេលយើងយល់ ហើយទទួលយកចំណុចទាំងអស់នេះ នោះយើងបានត្រៀមខ្លួនទទួលយកសម្ពាធសង្គម ការសើចចំអក និងសូម្បីតែការរើសអើងពីលោកិយ៏នេះ និងពីមិត្តភក្តិ។
អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់ឮមនុស្សដែលនិយាយថា « បើអ្នកចង់ធ្វើជាមិត្តខ្ញុំ អ្នកត្រូវតែទទួលយកតម្លៃរបស់ខ្ញុំ » ។ មិត្តពិត មិនស្នើសុំឲ្យអ្នកជ្រើសរើសរវាងដំណឹងល្អ និងមិត្តភាពរបស់ពួកគេនោះទេ។ ដូចប្រសាសន៍របស់សាវក ប៉ុល « ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ » ។6 មិត្តល្អជួយពង្រឹងយើង ឲ្យនៅលើផ្លូវតូចត្រង់ និងចង្អៀត។
ចូរនៅលើផ្លូវនៃដំណឹងល្អនៃសេចក្តីសញ្ញា, បទញ្ញត្តិ, និងពិធីបរិសុទ្ធទាំងឡាយដែលការពារយើង និងរៀបចំយើងឲ្យធ្វើកិច្ចការរបស់ព្រះក្នុងពិភពលោកនេះ។ ពេលដែលយើងគោរពតាមពាក្យគតិបណ្ឌិត នោះការជ្រើសរើសរបស់យើង ជួយការពារយើងពីការញៀនសារធាតុផ្សេងៗដូចជា គ្រឿងស្រវឹង ថ្នាំញៀន និងថ្នាំជក់ ។ ពេលយើងបង់ដង្វាយមួយភាគដប់ សិក្សាព្រះគម្ពីរ ទទួលពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ រស់នៅដោយមានដៃគូរនៃព្រះវិញ្ញាណបរិសុទ្ធ ទទួលទានពិធីសាក្រាម៉ង់ដោយសក្តិសម គោរពតាមច្បាប់ព្រហ្មចារីយភាព រៀបចំខ្លួនដើម្បីទទួលអំណាចបព្វជិតភាពមិលគីស្សាដែក និងធ្វើសេចក្តីសញ្ញាពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងបានត្រៀមខ្លួនដើម្បីការបម្រើ។
នៅក្នុងព្រះវិហារបរិសុទ្ធ យើងបានរៀបចំដើម្បី និងសន្យាថា ត្រូវរស់នៅតាមក្រិត្យវិន័យនៃការថ្វាយ ។ ដែលអនុញ្ញាតឲ្យយុវជនចាប់ផ្តើមរស់នៅតាមច្បាប់នេះ តាមរយៈការស្វែងរកការហៅបម្រើបេសកម្ម-- ដោយបរិច្ចាគដង្វាយមួយភាគក្នុងដប់នៃឆ្នាំដំបូងក្នុងជីវិតរបស់គេ នៅក្នុងការបម្រើព្រះអម្ចាស់ពេញម៉ោង ។ ការលះបង់នេះពង្រឹងពួកគេឲ្យឆ្ពោះទៅក្នុងសេចក្តីសញ្ញាដ៏ខ្ពស់ក្នុងជីវិត -- សម្រាប់ពួកគេជាច្រើននាក់ដើម្បីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ និងចាប់ផ្តើមជីវិតគ្រួសារដ៏អស់កល្បជានិច្ច ។
ខណៈដែលយើងធ្វើដំណើរឆ្ពោះទៅមុខ ទៅតាមផ្លូវតូចហើយចង្អៀត នោះយើងបានស្ថាបនាកម្លាំងខាងវិញ្ញាណ-- គឺកម្លាំងក្នុងការប្រើប្រាស់សេរីភាពរបស់យើងដើម្បីប្រព្រឹត្តិកិច្ចការផ្ទាល់ខ្លួន ។ ទាំងយុវជន និងយុវនារី ការរីកចម្រើននេះផ្តល់ជាជំនួយ ខណៈដែលពួកគេរៀនពីគោលលទ្ធិ និង ចែកចាយទីបន្ទាល់ តាមរយៈកម្មវិធីសិក្សាថ្មីនៅក្នុងអ៊ិនធឺណែត ចូរមក , តាមខ្ញុំ ។
លើសពីនេះ ចូរប្រើសេរីភាពរបស់អ្នកដើម្បីអភិវឌ្ឍន៏បុគ្គលិកលក្ខណៈរបស់អ្នក។ ខណៈដែលអ្នកស្គាល់អំណោយទាន និង ទេពកោសល្យរបស់អ្នក ចូរចាំថា ឪពុកម្តាយ និង អាណាព្យាបាលអ្នក អាចជួយអ្នក ប៉ុន្តែអ្នកត្រូវទុកឲ្យព្រះវិញ្ញាណដឹកនាំអ្នក។ ចូរជ្រើសរើស និងធ្វើសកម្មភាពសម្រាប់ខ្លួនអ្នក។ ត្រូវមានការជម្រុញចិត្តចេញពីក្នុងខ្លួន ។ សូមរៀបចំផែនការសម្រាប់ជីវិតរបស់អ្នក រួមទាំងការអប់រំ ឬការបំពាក់បំប៉នជំនាញផ្សេងៗ ។ សូមពង្រីកចំណាប់អារម្មណ៍ និង ជំនាញអ្នក។ សូមធ្វើការ និង ប្រែក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ។ សូមដាក់គោលដៅ ត្រូវយកឈ្នះលើកំហុស ត្រូវបង្កើនបទពិសោធន៏ ហើយបញ្ចប់នូវអ្វីដែលអ្នកចាប់ផ្តើម។
ក្នុងដំណើរជីវិត ត្រូវប្រាកដថា អ្នកបានចូលរួមចំណែកក្នុងគ្រួសារ កូរ៉ុម ថ្នាក់ និង សកម្មភាពម៉្ញូតឆលរួមគ្នា ។ ចូររីករាយក្នុងសកម្មភាពត្រឹមត្រូវជាមួយគ្នា ។ តាមរយៈបទពិសោធន៍ទាំងនេះ អ្នកនឹងចាប់ផ្តើមចេះគោរព និង មានអំណរចំពោះអំណោយទានខាងវិញ្ញាណជាមួយគ្នាទៅវិញទៅមក និងដ៏នៅអស់កល្បជានិច្ច ដែលជាទំនាក់ទំនងលក្ខណៈជាបុត្រាបុត្រី នៃព្រះ។
បន្ថែមពីខាងលើ ត្រូវមានសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ! ចូរកុំខ្លាច! ខណៈដែលយើងរស់នៅតាមដំណឹងល្អដោយឧស្សាហ៍ នោះយើងនឹងកាន់តែមាំមួនលើព្រះអម្ចាស់ ។ ដោយមានជំនួយពីទ្រង់ យើងអាចបដិសេធនឹងអ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ ដែលនិយាយថា « ចូរស៊ីផឹក ហើយមានចិត្តរីករាយ » ព្រោះព្រះ « នឹងរាប់ថា [អ្នក] សុចរិត ក្នុងការប្រព្រឹត្តអំពើបាបបន្តិចបន្តួច... គ្មានខុសអ្វីទេចំពោះការណ៏ទាំងនេះ ... ត្បិតស្អែកឡើងយើងត្រូវស្លាប់ហើយ » ។ 7 ដោយកម្លាំងនៃព្រះអម្ចាស់ នោះយើងមានលទ្ធភាពប្រឆាំងនឹងទស្សនៈវិជ្ជា ឬ គោលលទ្ធិ ដែលបដិសេធព្រះអង្គសង្គ្រោះ និងការប្រឆាំងផែនការសុភមង្គលមហិមាដ៏អស់កល្បជានិច្ច សម្រាប់កូនចៅរបស់ទ្រង់មួយចំនួនបាន។
យើងគ្មានសិទ្ធិចរចារពីលក្ខខណ្ឌនៃផែនការដ៏អស់កល្បជានិច្ចនោះបានទេ។ ចូរចងចាំពីនេហេមា ដែលទទួលបន្ទុកសាងសង់កំផែងការពារ ក្រុងយេរូសាឡិម ។ មនុស្សមួយចំនួនចង់ឲ្យគាត់ចុះក្រោម ហើយពិភាក្សាអំពីការងាររបស់គាត់ ប៉ុន្តែ នេហេមាបានបដិសេធ ។ គាត់មិនចាញ់សម្លុតអ្នកដទៃ គាត់បានពន្យល់ ដោយសាមញ្ញថា៖ « ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន នឹងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅអ្នកធ្វើអី »។8
ពេលខ្លះយើងប្រែក្លាយជាបង្គោលការពាររន្ទះ ហើយយើងត្រូវតែ « ទទួលកំដៅ» ដោយការកាន់ខ្ជាប់នូវបទដ្ឋានរបស់ព្រះ និង ការធ្វើកិច្ចការទ្រង់។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងមិនត្រូវខ្លាចនោះទេ បើយើងរស់នៅតាមគោលលទ្ធិរបស់ទ្រង់ ។ យើងអាចនឹងទទួលបទពិសោធន៍នៃការភាន់ច្រឡំ ការតិះទៀន និង រងនូវការចោទប្រកាន់ទាំងមិនពិត ប៉ុន្តែយើងមិននៅតែម្នាក់ឯងទេ។ ព្រះអង្គសង្គ្រោះ របស់យើងត្រូវគេ « មើលងាយ ហើយត្រូវមនុស្សបោះបង់ចោល »9 វាគឺជាឯកសិទ្ធិដ៏ពិសិដ្ឋ របស់យើងក្នុងការឈរជាមួយទ្រង់ !
ការឈររឹងមាំពេលខ្លះ មានន័យថាត្រូវចៀសចេញ និងត្រូវភៀសខ្លួនចេញពីការចំអក នៃពិភពលោក។ ព្រះអង្គសង្គ្រោះបានប្រកាសថា៖ « សាតាំងអើយ ចូរថយទៅក្រោយអញទៅ » ។10 យ៉ូសែប នៅអេស៊ីព្ទ រត់ចេញពីការល្បួងរបស់ភរិយា ប៉ូទីផារ 11 ហើយលីហៃ បានចាកចោល ក្រុងយេរ៉ូសាឡឹម ហើយនាំគ្រួសាររបស់គាត់ចូលក្នុងទីរហោស្ថាន។ 12
ប្រាកដណាស់ព្យាការីនានានៅជំនាន់មុន បានឈរយ៉ាងរឹងមាំនាសម័យពួកគាត់ ៖
នីហ្វៃបានធ្វើការងារដ៏គួរឲ្យចាប់អារម្មណ៍នៃព្រះអម្ចាស់ ទោះបីជាមានការប៉ះទង្គិចពីសាតាំង និង ការធ្វើទុក្ខបុកម្នេញពី លេមិន លេមយួល ជាបងប្រុសរបស់គាត់ក៏ដោយ ។ 13
អាប៊ីណាដៃ បានថ្លែងទីបន្ទាល់ពីព្រះគ្រីស្ទ ទោះបីជាត្រូវប្រឈមមុខ នឹងការសង្ស័យ ការមើលងាយ និង កាត់ទោសដល់ជីវិតក្តី។ 14
កងទ័ពកំលោះ 2,000 នាក់ បានការពារគ្រួសាររបស់ពួកគេ ប្រឆាំងនឹងអ្នកដែលប្រមាថដល់តម្លៃនៃដំណឹងល្អ។15
មរ៉ូណៃ បានលើកទង់នៃសេរីភាព ដើម្បីការពារគ្រួសារទាំងឡាយរបស់ប្រជាជនគាត់ និង សេរីភាពខាងសាសនា។ 16
សាំងយ៉ូអែល បានឈរលើកំផែង ហើយព្យាករពីការយាងមកនៃព្រះគ្រីស្ទ ទោះបីជាត្រូវគេចោលនឹងដុំថ្ម ព្រមទាំងបាញ់ព្រួញដាក់គាត់ក្តី។ 17
ព្យាការី យ៉ូសែប ស្ម៊ី បានស្តារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ដោយផ្សារភ្ជាប់ទីបន្ទាល់របស់លោក ជាមួយលោហិតលោក។ 18
ហើយក្រុមអ្នកត្រួសត្រាយផ្លូវ មរមន បានឈរយ៉ាងរឹងមាំតទល់នឹងការប្រឆាំង និងការលំបាកយ៉ាងស្វិតស្វាញ ក្នុងការដើរតាមព្យាការីរបស់ពួកគេ ធ្វើដំណើរ និងបោះទីលំនៅ នៅភាគខាងលិច។
អ្នកបម្រើនិងពួកបរិសុទ្ធដ៏អស្ចារ្យនៃព្រះអម្ចាស់ទាំងនេះ អាចឈរយ៉ាងរឹងមាំ ពីព្រោះពួកគេបានឈរ ជាមួយព្រះសង្រ្គោះ។ ចូរពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះឈរយ៉ាងរឹងមាំ៖
ក្នុងនាមជាយុវជនម្នាក់ ព្រះយេស៊ូវគ្រីស្ទ បានធ្វើកិច្ចការរបស់ព្រះវរបិតាទ្រង់ ដោយស្មោះត្រង់ បានប្រកាសដំណឹងល្អទៅកាន់មនុស្សនៅក្នុងព្រះវិហារបរិសុទ្ធ។ 19 តាមរយៈការបម្រើរបស់ទ្រង់ នោះទ្រង់បានបំពេញកិច្ចការបព្វជិតភាព -- បង្រៀន ព្យាបាល បម្រើ ប្រសិទ្ធពរ និងប្រោសអ្នកដទៃទៀត ។ ពេលឱកាសផ្តល់ឲ្យ ទ្រង់បានក្រោកឈរប្រឆាំងនឹងអំពើអាក្រក់យ៉ាងអង់អាច ហើយទ្រង់ថែមទាំងសំអាតព្រះវិហាទៀតផង។ 20 ទ្រង់ក៏ឈរដើម្បីសេចក្តីពិត -- ដោយថ្លៃថ្លូរផងដែរ ទោះដោយព្រះបន្ទូល ឬ ដោយស្ងាត់ស្ងៀមក្តី។ ពេលដែលពួកសង្ឃចោទប្រកាន់ទ្រង់ពីមុខពួកកៃផា, ព្រះយេស៊ូវដ៏ឈ្លាសវៃ បានបដិសេធដោយអង់អាច មិនឆ្លើយនូវអ្វីដែលមិនពិត ហើយទ្រង់នៅតែស្ងៀមប៉ុណ្ណោះ ។ 21
នៅក្នុងសួនច្បារគែតសេម៉ានី ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះរបស់យើង មិនរុញរាក្នុងការផឹកនូវពែងល្វីង នៃដង្វាយធួនឡើយ។ 22 ហើយបានរងទុក្ខនៅលើឈើឆ្កាងជាថ្មីដើម្បីធ្វើតាមឆន្ទៈ ព្រះវរបិតាទ្រង់ រហូតដល់ទ្រង់អាចមានបន្ទូលថា៖ « ការស្រេចហើយ » 23 ទ្រង់បានស៊ូទ្រាំរហូតដល់ការធ្វើដង្វាយធួនបានបញ្ចប់។ ដើម្បីឆ្លើយតបទៅនឹងការគារពប្រតិបត្តិដ៏ឥតខ្ចោះនៃព្រះអង្គសង្គ្រោះក្នុងការឈរយ៉ាងរឹងមាំ ព្រះវរបិតាសួគ៌របស់យើងបានប្រកាសថា៖ « មើលន៏បុត្រាជាទីស្រឡាញ់របស់យើង ដែលយើងគាប់ចិត្តណាស់ ដែលបានតំកើងដល់នាមយើង » ។ 24
បងប្អូនប្រុសនៃបព្វជិតភាពជាទីស្រឡាញ់ ទាំងចាស់ទាំងក្មេង ចូរយើងតំកើងព្រះនាមនៃព្រះរបស់យើង ដោយការឈរយ៉ាងរឹងមាំ ជាមួយព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវ គ្រីស្ទ ។ ខ្ញុំសូមថ្លែងជាសាក្សីដ៏ពិសេសរបស់ខ្ញុំថា ទ្រង់មានព្រះជន្មរស់នៅ ថា ៖ « យើងត្រូវបានហៅដោយតំណែងបរិសុទ្ធ » 25 ដើម្បីចូលរួមចំណែកក្នុងកិច្ចការរបស់ទ្រង់ « ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ » 26 ឈរដោយការគោរព ហើយរឹងមាំលើគោលលទ្ធិនៃព្រះរបស់យើង នោះយើងឈរនៅក្នុងទីបរិសុទ្ធ ព្រោះគោលលទ្ធិរបស់ទ្រង់ពិសិដ្ឋ ហើយមិនមានការផ្លាស់ប្តូរតាមសង្គម និងនយោបាយនៃជំនាន់យើងទេ ខ្ញុំសូមប្រកាស ដូចសាវក ប៉ុល ថា៖ « ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរ [ ប្រព្រឹត្ត] ជាសុភាពបុរស [ហើយ ] ចូរឲ្យមានកម្លាំងចុះ » ។ 27 នេះគឺជាការអធិស្ឋានយ៉ាងអង់អាចរបស់ខ្ញុំ នៅក្នុងព្រះនាមបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។