ឆ្នាំ ២០១០-២០១៩
វា​ជា​អព្ភូតហេតុ​មួយ
ខែ មេសា 2013


15:53

វា​ជា​អព្ភូតហេតុ​មួយ

យើង​កំពុង​ថ្លែង​ទីបន្ទាល់​ពី​អព្ភូតហេតុ​នៃ​ព្រះអម្ចាស់ ពេលដែល​ដំណឹងល្អ​ទ្រង់​កំពុង​ផ្សាយ​ទៅ​ទូទាំង​ពិភពលោក ។

ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ​ពោរពេញ​ដោយ​អព្ភូតហេតុ ៖ ម្ដាយ​ព្រហ្មចារី ផ្កាយថ្មី​មួយ ទេវតា​លេច​មក​ឯ​ពួក​អ្នក​គង្វាល អ្នក​ខ្វាក់​បាន​មើល​ឃើញ អ្នកពិការ​ដើរ​បាន ទេវតា​នៅសួនច្បារ​​គែតសេម៉ានី និង នៅ​ផ្នូរ ហើយ​អព្ភូតហេតុ​អស្ចារ្យជាង​គេ​​បំផុត—គឺ​ការរស់ឡើង​វិញ​ដ៏​មាន​សិរី​រុងរឿង​របស់​ទ្រង់ ។

តើ​អ្នក​អាច​ស្រម៉ៃ​ពី​រូបភាព​នៃ​ពួក​សាវក​ដប់មួយ​នាក់នៅលើ​ភ្នំ​ ជិត​ស្រុក​កាលីឡេ​បានទេ ពេល​ព្រះអម្ចាស់​ដ៏​រស់​ឡើង​វិញ​បានយាង​មកជួប​ពួកលោក ហើយ​មាន​បន្ទូល​ថា ៖ « ចូរទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រមទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » 1 « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកិយ ហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ » ។ 2

« គ្រប់​ទាំង​សាសន៍ ? » « ពេញ​សព្វ​ក្នុង​លោកិយ ? » « គ្រប់​មនុស្ស​ទាំងអស់ ? » តើ​អាច​ទៅរួច​ទេ ? ទោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​អះអាង​ចំពោះ​ពួកលោក​ក្ដី ក៏​ពួកលោក​ប្រាកដ​ជា​ឆ្ងល់ ថា​បើ​អព្ភូតហេតុ​ពិត​ជា​កើតឡើង​ចំពោះ​ពួកលោក ក្នុង​ការផ្សព្វផ្សាយ​ដំណឹងល្អ​ឬ​ទេ ។ 3

ជំនឿ​ឈ្នះ​លើ​ការសង្ស័យ ហើយ​ពេត្រុស​បាន​បន្លឺ​សំឡេង​ឡើង​ថា ៖

« ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំងអស់​អើយ … ប្រុងស្ដាប់​ពាក្យ​ខ្ញុំ​ចុះ ៖ …

« ព្រះយេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត,  …  [ ដែល ] អ្នករាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយសារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រមទាំង​ឆ្កាង​សម្លាប់​ទ្រង់​ផង ៖ …

« ព្រះយេស៊ូវ​នេះ​ហើយ​ដែល​ព្រះ [ បាន ] ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ពួកយើង​នេះ​ជា​ទីបន្ទាល់​ពី​ទ្រង់​ទាំងអស់​គ្នា » ។4

ថ្ងៃ​នោះ មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ដែល​មិន​អាច​បដិសេធ​បាន ហើយ​មាន​មនុស្ស 3,000 នាក់ បាន​ជ្រមុជ​ទឹក ។ ដូច​ព្រះយេស៊ូវ​បាន​សន្យា ទីសម្គាល់ និង អព្ភូតហេតុ​បាន​កើតឡើង​តាម​ជំនឿ​នៃ​អ្នក​ជឿ ។

កាល​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ដារ​ដល់​ផែនដីរយៈ​ពេល​ 183 ឆ្នាំ កន្លងទៅនេះ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ក្រុម​សិស្ស​ដ៏​តូច​របស់​ទ្រង់ ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ជា​ច្រើន​សតវត្ស​មកហើយ​ដែរ​ថា ៖ « សម្លេង​នៃ​ការព្រមាន នឹង​ត្រូវបាន​ដល់​មនុស្ស​ទាំងអស់ » ។ 5« ត្បិត​ប្រាកដ​មែន សម្លេង​ត្រូវតែ​ចេញ … ដល់​ពិភពលោក​ទាំងអស់ និង ទៅ​ដល់​ចុង​ផែនដី​បំផុត » ។ 6

« មនុស្ស​ទាំងអស់ ? » « ពិភពលោក​ទាំងអស់ ? » « ចុង​ផែនដី​បំផុត ? » តើ​អាច​ទៅ​រួច​ទេ ?

ព្រះអង្គ​សង្គ្រោះ​បាន​អះអាង​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់ 7ប៉ុន្តែ​តើ​ពួកគេ​អាច​មើល​ឃើញ​ជា​មុន​ពី​ទីផ្ដាច់​ព្រ័ត្រ និង ជោគ​វាសនា​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ទេ? ពួកគេ​ប្រាកដ​ជា​ឆ្ងល់ថា តើ​អព្ភូតហេតុ​ពិត​ជា​កើតឡើង​ចំពោះ​ពួកគេ​ក្នុង​ការផ្សព្វផ្សាយ​ដំណឹងល្អ​ឬ​ទេ ។

ជា​ថ្មី​ទៀត ជំនឿ​ឈ្នះ​លើ​ការសង្ស័យ ហើយ​មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ជ្រមុជទឹក ។ នៅ​ប្រទេស​អង់គ្លេស អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ បាន​រកឃើញ​សហគមន៍​មួយ​ទាំងមូល ដែល​រង់ចាំ​ការមកដល់​របស់​លោក ។ ព្រះវិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​លើ​ពួកគេ ហើយ​លោក​បាន​ជ្រមុជ​ទឹក​ដល់​គ្រូ​ប្រដៅ​សាសនា 45 នាក់ និង សមាជិក​រាប់រយ​នាក់​ទៀត អំឡុង​មួយ​ខែ​ដំបូង​នៅ​កសិដ្ឋាន បិនបូ ។8

មិនមាន​អ្វី​ខុស​គ្នា​ទេ​នៅ​ជំនាន់​យើង​នេះ ។ ប្រហែលជា 40 ឆ្នាំ កន្លង​មកហើយ ពេលដែល អ៊ែលឌើរ ដេវិឌ  អេ បែដណា និង ខ្ញុំ ជា​អ្នក​ផ្សព្វផ្សាយ នោះ​មាន​អ្នក​ផ្សព្វផ្សាយ 16,000 នាក់ ។ ( ហើយ​ខ្ញុំ​អាច​អះអាង​ដល់​អ្នក​ថា យើង​មិនមែន​ជា​អ្នក​ត្រឡប់​ពី​ផ្សព្វផ្សាយ​ដែល​ចាស់​ជាង​គេ ដែល​អង្គុយ​នៅ​កៅអី​ពណ៌​ក្រហម​នោះទេ ) ។ ដូច​ប្រធាន​ ថូម៉ាស  អេស ម៉នសុន បាន​រាយការណ៍​កាល​ពី​ម្សិល​មិញ ឥឡូវ​យើង​មាន 65,000 នាក់—ច្រើន​ជាង​ពេល​ណាៗ​ពីមុន​មក ។ កាល​គ្រា​នោះ មាន​ស្តេកចំនួន 562 ស្ដេក ។ សព្វ​ថ្ងៃនេះ​មាន​ស្តេក​ច្រើន​ជាង 3000 ស្ដេក ។ ពេល​នោះ វួដ និង សាខា​យើង​មាន​នៅក្នុង​ប្រទេស​ចំនួន 59 ប្រទេស​ ។ សព្វ​ថ្ងៃនេះ យើង​មាន​ក្រុម​ជំនុំ​ 189 ក្នុង​ចំណោមជាតិសាសន៍​ចំនួន​ 224 ជាតិ​សាសន៍ និង ដែនដី​នៃ​ពិភពលោក​នេះ ។ យើង​មាន​ចំនួន​តិច​ក្នុង​តួលេខ ដូចជា​នីហ្វៃ​បាន​ប្រាប់​ទុក​ជាមុន​មក​ហើយ ។9 តែក្នុង​ពេល​ដដែល​នេះ​ដែរ អ្នក ហើយ​និង ខ្ញុំ ជា​សាក្សី​ផ្ទាល់​ភ្នែក​ពី​ពាក្យ​ទំនាយ​របស់​ដានីយ៉ែល ដែល​ថា ៖ « ថ្ម … ដាប់​ផ្ដាច់​ចេញ ឥតដៃ​អ្នកណា​ធ្វើ … [ កំពុង​បំពេញ ] ពេញ​ផែនដី » ។10

សព្វ​ថ្ងៃ​នេះ​ជា​ជំនាន់​នៃ​អព្ភូហេតុ​ដ៏​អស្ចារ្យ ។ ប្រាំមួយ​ខែ​កន្លង​ទៅ ពេល ​ប្រធាន ម៉នសុន បាន​ប្រកាស​ពី​ការផ្លាស់ប្ដូរ​អាយុ​នៃ​យុវជន យុវនារី ដែល​មាន​បំណង​បម្រើ​បេសកកម្ម នោះ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ដែល​មិន​អាច​បដិសេធ​បាន ។ ជំនឿ​ឈ្នះ​លើ​ការសង្ស័យ ហើយ​យុវជន យុវនារី​ឈាន​ឆ្ពោះ​ទៅ​មុខ ។ ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​សន្និសីទ​នោះ ខ្ញុំ​ត្រូវបាន​ចាត់តាំង​ឲ្យ​ផ្ដល់​យោបល់​ពី​ការហៅ​របស់​អ្នក​ផ្សព្វផ្សាយ​ទៅកាន់​គណៈប្រធាន​ទីមួយ ។ ខ្ញុំ​មាន​ការអស្ចារ្យ​ណាស់ ដែល​ឃើញ​ពាក្យស្នើ​របស់​បុរស​អាយុ 18 ឆ្នាំ និង ស្ដ្រី​អាយុ 19 ឆ្នាំ ដែល​បាន​កែ​សម្រួល​ផែនការ​របស់​ខ្លួន​រួច​ជាស្រេច បានជួប​វេជ្ជបណ្ឌិត​រួចហើយ បាន​សម្ភាស​ជាមួយ​ប៊ីស្សព និង ប្រធាន​ស្តេក​រួចហើយ ហើយ​បាន​ដាក់​ពាក្យ​ស្នើ​របស់​គេ​រួច​ទៅ​ហើយ—ពួកគេ​ធ្វើកិច្ចការ​​ទាំងអស់​នេះ​ក្នុង​ពេល​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ ។ ឥឡូវ​នេះ មាន​ចំនួន​រាប់ពាន់​នាក់​ថែមទៀត​បាន​ចូលរួម​នឹង​ពួកគេ​ដែរ ។ វា​ជា​អព្ភូតហេតុ​មួយ ។

យើង​មាន​អំណរគុណ​ចំពោះ​ជំនឿ​របស់​អ្នក​ផ្សព្វផ្សាយសាសនា​ស្រី​ដែល​ផ្ដល់​កម្លាំង​ដល់​យើង ចំពោះ​ចំនួន​ដែល​កើន​ឡើង​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនាពី​ប្រទេស​ទាំង​ឡាយ​ទូទាំង​ពិភពលោក និង ចំនួន​កើនឡើង​នៃ​អ្នក​ផ្សព្វផ្សាយ​ជា​ប្ដី​ប្រពន្ធ​ដែល​ត្រៀម​រួច​ស្រេច​ដើម្បី​បម្រើ ។ បេសកកម្ម​ថ្មី​ចំនួន​ហាសិប​ប្រាំបី ត្រូវបាន​ប្រកាស ហើយ​ជា​ការបន្ថែម​ដល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អ្នក​ផ្សព្វផ្សាយ​នៅ ប្រូវ៉ូ ដែល​ពេញ​ណែន​នោះ យើង​មាន​មជ្ឈមណ្ឌល​មួយ​ទៀត​នៅ​ទីក្រុង មិកស៊ីកូ ។

ប្រធាន ថូម៉ាស អេស​​ ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ទទួល​បញ្ជា​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ហ្មត់ចត់​បំផុត … ‹ ចូរទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រមទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ › »​ ។​ 11 « កិច្ចការ … នេះ … នឹង​បន្ត​ទៅមុខ ផ្លាស់ប្ដូរ និង ផ្ដល់​ពរ​ដល់​ជីវិត ។ … គ្មាន​កម្លាំង​​ណា​នៅក្នុង​ផែនដី​ទាំងមូល ដែល​អាច​បញ្ឈប់​កិច្ចការ​នៃ​ព្រះ​បាន​ឡើយ » ។12

យើង​កំពុង​ថ្លែង​ទីបន្ទាល់​ពី​អព្ភូតហេតុ​នៃ​ព្រះអម្ចាស់ ពេលដែល​ដំណឹងល្អ​ទ្រង់​កំពុង​ផ្សាយ​ទៅ​ទូទាំង​ពិភពលោក ។

បងប្អូន​ប្រុសស្រី ប្រាកដ​ដូច​ជា​ព្រះអម្ចាស់​បាន​បំផុស​ឲ្យ​មាន​អ្នក​ផ្សព្វផ្សាយសាសនា​បន្ថែម​ទៀត ដើម្បី​បម្រើ នោះ​ទ្រង់​ក៏​កំពុង​ដាស់​ដល់​គំនិត និង បើក​ដួងចិត្ត​នៃ​មនុស្ស​ល្អ និង ស្មោះត្រង់​ថែមទៀត​ផងដែរ ដើម្បី​ទទួល​អ្នក​ផ្សព្វផ្សាយ​សាសនារបស់​ទ្រង់ ។ អ្នក​ស្គាល់​ពួកគេ​រួចហើយ ឬ នឹង​ស្គាល់​ពួកគេ ។ ពួកគេ​គឺ​នៅក្នុង​គ្រួសារ​អ្នក និង រស់នៅ​ក្នុង​ភូមិផង​អ្នក ។ ពួកគេ​ដើរកាត់​អ្នក អង្គុយ​ជិត​អ្នក​នៅ​សាលា និង ស្គាល់​អ្នក​តាម​អ៊ិនធើរណិត​នោះឯង ។ អ្នក​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ផងដែរ ក្នុង​អព្ភូហេតុ​ដែល​កំពុង​កើតឡើង​នេះ ។

បើ​អ្នក​មិនមែន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាពេញម៉ោង ជាមួយ​នឹង​ស្លាក​ឈ្មោះ​ជាប់​នឹង​អាវ​ទេ​នោះ ឥឡូវនេះ ជា​ពេលវេលា​ដើម្បី​គូស​ស្លាក​មួយ​ក្នុង​ដួងចិត្ត​អ្នក—គូស​ដូច​ជា​ប៉ុល​និយាយ​ថា « មិនមែន​សរសេរ​នឹង​ទឹកខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ » ។13ហើយ​អ្នក​ដែល​ត្រឡប់​ពី​ផ្សព្វផ្សាយ​សាសនាវិញ សូម​រកមើល​ស្លាក​អ្នក​ផ្សព្វផ្សាយ​ចាស់​របស់​អ្នក ។ កុំពាក់​វា តែ​ដាក់​វា​នៅ​កន្លែង​ដែល​អ្នក​អាច​មើលឃើញ ។ ព្រះអម្ចាស់​ត្រូវការ​អ្នក​ឥឡូវនេះ ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​ទ្រង់ ។ យើង​ទាំង​អស់​គ្នា ​អាច​ចូលរួម​ធ្វើ​ឲ្យ​អព្ភូតហេតុ​នេះ​កើតឡើង​បាន ។

សមាជិក​សុចរិត​គ្រប់​រូប​នៃ​សាសនាចក្រ បាន​គិត​ពី​របៀប​ចែកចាយ​ដំណឹងល្អ ។ អ្នក​ខ្លះ​ចែកចាយ​ដំណឹងល្អ​ដោយ​ងាយ ហើយ​យើង​អាច​រៀន​បាន​ច្រើន​ពី​ពួកគេ ។​​ 14​ អ្នក​ខ្លះ​ពិបាក ហើយ​ឆ្ងល់​ថា ត្រូវធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​ជាងមុន ដោយ​សង្ឃឹម​ថា អារម្មណ៍ដែល​យើង​មាន​​ថា​ខុស​​​នៅ​ពេល​ខ្លះ​នោះ អាច​ចេញ​ពី​យើង​ទៅ ។

បំណង​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ នាំ​ឲ្យ​យើង​ទាំងអស់​គ្នា​ឲ្យ​អធិស្ឋាន ហើយ​ដោយសារ​យើង​ត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​យើង​ត្រូវ​អធិស្ឋាន ។

ប្រធាន ម៉នសុន បាន​ស្នើ​ឲ្យ​យើង​អធិស្ឋាន​សម្រាប់ « កន្លែង​​ដែល​ឥទ្ធិពល​យើង​នៅមាន​កម្រិត និង កន្លែង​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ផ្សព្វផ្សាយ​ដំណឹងល្អ​ដោយ​សេរី » ។ 15ពេល​យើង​សុំ​ព្រះបិតាសួគ៌​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ព្រះអម្ចាស់​នឹង​បន្ត​បើក​ទ្វារ​សំខាន់ៗ​ដល់​យើង ។

យើង​ក៏​អធិស្ឋាន​សម្រាប់​ឱកាស​ផ្ទាល់​ខ្លួន​ដើម្បី​ចែកចាយ​ដំណឹងល្អ​ផងដែរ ។ សាវក​ ពេត្រុស​ បាន​និយាយ​ថា ៖ « ឲ្យ​ប្រុងប្រៀប​ជានិច្ច … ដើម្បី​នឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ [ នៃ ] សេចក្ដី​សង្ឃឹម​របស់​អ្នក » ។16

ជាមួយ​នឹង​ការភាន់​ច្រឡំ17និង ចលាចល​18នៃ​ពិភពលោក​សព្វថ្ងៃ​នេះ វា​មិនមែន​ជា​ការភ្ញាក់​ផ្អើល​ទេ ដែល​មាន​មនុស្ស​កាន់តែ​តិច​ទៅ​ៗ ចូលរួម​ក្នុង​កន្លែង​ថ្វាយ​បង្គំ​របស់​គេ​នោះ ។ ថ្វីបើ​មាន​មនុស្ស​ជាច្រើន​ចង់​ខិត​ជិត​ព្រះ និង ចង់​យល់​ឲ្យ​កាន់តែ​ច្បាស់​ពី​គោលបំណង​នៃ​ជីវិត​ក៏​ដោយ ក៏​ពួកគេ​មាន​សំនួរ​ទាំងឡាយ​ដែលគ្មាន​ចម្លើយ ។ មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ស្វែងរកសេច​ក្ដី​ពិត តែ​ដូច​ព្យាការី ​អេម៉ុស​បាន​ពណ៌នា​ថា « គេ [ កំពុង​រត់ ] ច្រវាត់ [ ខំ​ស្វែងរក ] ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តែ [ មិនអាច ] ប្រទះ​ឡើយ » ។19​អ្នក​អាច​ជួយ​ឆ្លើយ​សំនួរ​គេ​បាន ។ ក្នុង​ការសន្ទនា​របស់​អ្នក​រាល់ថ្ងៃ អ្នក​អាច​បន្ថែម​​​ជំនឿ​ក្នុង​ព្រះគ្រីស្ទ​ដល់ជំនឿ​​គេ ។20

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា ៖ « ចូរលើក​ពន្លឺ​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើលចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ។​ ​ 21

ខ្ញុំ​សន្យា​នឹង​អ្នក​ថា កាលដែល​អ្នក​អធិស្ឋាន ដើម្បី​ដឹង​ថា​ត្រូវ​និយាយ​ជាមួយ​នរណា នោះ​ឈ្មោះ និង មុខមាត់​គេ​នឹង​ចូល​ក្នុង​គំនិត​អ្នក ។ ពាក្យ​ដែល​ត្រូវ​និយាយ​នឹង​​ផ្ដល់​ឲ្យ​នៅ​គ្រា​ដែល​អ្នក​ត្រូវការ​នោះ​ឯង ។ 22ឱកាស​នឹង​មាន​ដល់​អ្នក ។ ជំនឿ​នឹង​ឈ្នះ​លើ​ការសង្ស័យ ហើយ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​នូវ​អព្ភូតហេតុ​ផ្ទាល់​ខ្លួន​អ្នក ។

ព្រះអង្គ​សង្គ្រោះ​បង្រៀន​យើង​ពី​របៀប​ចែកចាយ​ដំណឹងល្អ ។ ខ្ញុំ​ចូលចិត្ត​រឿង​អំពី ​អនទ្រេ ដែល​បាន​សួរ​ថា « លោកគ្រូ តើ​លោក​នៅ​ឯ​ណា ? » 23ព្រះយេស៊ូវ​អាច​ឆ្លើយ​តប​ពី​កន្លែង​ដែល​ទ្រង់​គង់ ។ តែ​ទ្រង់​បែរជា​មាន​បន្ទូល​ទៅ ​អនទ្រេ ​ថា « ចូរ​តាម​ខ្ញុំ​ទៅមើល » ។24ខ្ញុំ​ចូលចិត្ត​គិត​ថា ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ចូរ​តាមខ្ញុំ​ទៅ​មើល មិន​ត្រឹមតែ​កន្លែង​ដែល​ខ្ញុំ​នៅ​ទេ តែ​របៀប​ដែល​ខ្ញុំ​នៅ​ផង ។ ចូរ​តាម​ខ្ញុំ​មក​មើល ថា​ខ្ញុំ​ជា​នរណា ។ ចូរ​មក​ទទួល​ព្រះវិញ្ញាណ » ។ យើង​មិន​ដឹង​អ្វី​គ្រប់​យ៉ាង​អំពី​ថ្ងៃ​នោះ​ទេ តែ​យើង​ពិតជា​ដឹង​ថា ពេល ​អនទ្រេ​ រកឃើញ​បងប្រុស​គាត់​គឺ​ ស៊ីម៉ូន ​ហើយ គាត់​ប្រកាស​ថា « យើង​បាន​ឃើញ … ព្រះគ្រីស្ទ » ។25

ចំពោះ​អ្នក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការសន្ទនា​របស់​យើង នោះ​យើង​អាច​ធ្វើ​តាម​គំរូ​ព្រះអង្គ​សង្គ្រោះ ដោយ​ការអញ្ជើញ​គេ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅមើល » ។ អ្នក​ខ្លះ​នឹង​ទទួល​ការអញ្ជើញ អ្នក​ខ្លះ​នឹង​មិន​ទទួល ។ យើង​ទាំងអស់​គ្នា​ស្គាល់​ពី​ម្នាក់​ដែល​ត្រូវបាន​អញ្ជើញ​ច្រើន​ដង មុននឹង​ទទួល​ការអញ្ជើញ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅមើល » ។ ចូរ​យើង​គិត​ផងដែរ​អំពី​អ្នក​ដែល​ធ្លាប់​នៅ​ជាមួយ​យើង តែ​ឥឡូវ​មិន​សូវ​បាន​ឃើញ សូម​អញ្ជើញ​គេ​ឲ្យ​ត្រឡប់​ទៅ​មើល​ម្ដងទៀត ។

យើង​គោរព​ដល់​ជម្រើស និង ពេល​វេលា​របស់​មនុស្ស​ម្នាក់ៗ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​រាល់​គ្នា​រើស​សម្រាប់​ខ្លួន​ចុះ » ។26មិន​ត្រូវ​ឲ្យ​ការមិន​ចាប់​អារម្មណ៍​របស់​មនុស្ស​ម្នាក់ បន្ថយ​ចំណង​មិត្តភាព និង ក្ដី​ស្រឡាញ់​របស់​យើង​ឡើយ ។ ពេល​អ្នក​អញ្ជើញ​អ្នក​ផ្សេង « ចូរតាម​ខ្ញុំ​ទៅមើល » ទោះ​គេ​ទទួល​ការអញ្ជើញ ឬ អត់ក្ដី​ នោះ​អ្នក​នឹង​ទទួល​ការយល់ស្រប​ពី​ព្រះអម្ចាស់ ហើយ​ជាមួយ​នឹង​ការយល់ស្រប​នោះ នឹង​មាន​នូវ​រង្វាស់​បន្ថែម​នៃ​ជំនឿ ដើម្បី​ចែកចាយ​ការជឿ​របស់​អ្នក​ម្ដងហើយម្តងទៀត ។

ចំពោះ​អ្នក​ប្រើ​អ៊ិនធើរណិត និង ទូរស័ព្ទ មាន​របៀប​ថ្មី​ក្នុង​ការអញ្ជើញ​អ្នក​ផ្សេង​ « ចូរតាម​ខ្ញុំ​ទៅ​មើល » ។ ចូរ​ធ្វើ​ឲ្យ​ការចែកចាយ​សេចក្ដី​ជំនឿ​យើង​លើ​អ៊ិនធើរណិត កាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ LDS.org, Mormon.org, Facebook, Twitter ទាំងអស់​នេះ​សុទ្ធតែ​ផ្ដល់​នូវ​ឱកាស ។

ដើម្បី​ចែកចាយ​ដំណឹងល្អ សមាជិក​វ័យក្មេង​មួយ​ក្រុម​នៅ បូស្តុន បាន​ចាប់ផ្ដើម​បណ្ដាញ​អ៊ិនធើរណិត​មួយ​ចំនួន ។27ពួកអ្នក​ដែល​បាន​ចូលរួម​សាសនាចក្រ បានចាប់ផ្ដើម​ការរៀន​របស់​គេ​តាម​អ៊ិនធើរណិត ហើយ​ក្រោយមក​មាន​ការពិភាក្សា​ជាមួយ​អ្នក​ផ្សព្វផ្សាយសាសនា ។ បទពិសោធន៍​នេះ​ក៏​បាន​ជួយ​ឲ្យ​យុវវ័យ​មាន​ជំនឿ​កាន់តែ​ខ្លាំង ក្នុង​ការនិយាយ​ពី​ដំណឹងល្អ​ជាមួយ​មនុស្ស​ដោយ​ផ្ទាល់ ។ មាន​យុវជនម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​និយាយ​ថា « នេះ​មិនមែន​ជា​កិច្ចការ​ខាង​ផ្សព្វផ្សាយសាសនាទេ ។ នេះ​ជា​ក្ដី​សប្បាយ​ខាង​ផ្សព្វផ្សាយសាសនា » ។28

យើង​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា ។ ជាមួយ​សមាជិក និង អ្នក​ផ្សព្វផ្សាយ​សាសនាក្នុង​វួដ យើង​ដាក់​ផែនការ និង អធិស្ឋាន និង ជួយ​គ្នា​ទៅវិញ​ទៅមក ។ សូម​បន្ត​គិត និង អធិស្ឋាន​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនាពេញ​ម៉ោង ។ ចូរ​ផ្ទុកផ្ដាក់​ពួកគេ​ជាមួយ​នឹង​គ្រួសារ និង មិត្តភក្ដិ​អ្នក ។ ព្រះអម្ចាស់​ទុកចិត្ត​ពួកគេ ហើយ​បាន​ហៅ​គេ​ឲ្យ​បង្រៀន និង ផ្ដល់​ពរ​ដល់​ពួកអ្នក​ដែល​ស្វែងរក​ទ្រង់ ។

ប្រធាន ប៉ូឡូ ក្រេតលី នៃ​បេសកកម្ម ម៉ូហ្សមបិក ម៉ាពូតូ បានចែកចាយ​បទពិសោធន៍​ថា ៖ « វា​សាមញ្ញ​នៅ ម៉ូហ្សមបិក [សម្រាប់] ដៃ​គូ​ដែល​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត [ ដោយ​មិន​រៀបការ ដោយសារ ] ប្រពៃណី​អាហ្វ្រិក តម្រូវ​បណ្ដាការយ៉ាង​ថ្លៃ​ដើម្បី​រៀបការ ជា​បណ្ដាការ​ដែល​ដៃ​គូ​ភាគ​ច្រើន​ពុំ​អាច​បង់​បាន » ។29

សមាជិក និង អ្នក​ផ្សព្វផ្សាយសាសនា បាន​គិត និង អធិស្ឋាន​ពី​របៀប​ដើម្បី​ជួយ ។

ចម្លើយ​ដល់​ការអធិស្ឋាន​របស់​គេ គឺ​ថា​ពួកគេ​នឹង​សង្កត់​ធ្ងន់​លើ​ច្បាប់​ព្រហ្មចារីភាព និង សារសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង គ្រួសារ​អស់កល្ប ។ ទន្ទឹម​នឹង​ជួយ​ដល់​ដៃគូ​ទាំងនោះ​ឲ្យ​ប្រែចិត្ត និង រៀបការ​ស្របច្បាប់ នោះ​ពួកគេ​បង្រៀន​ពី​សុភមង្គល​ដែល​បាន​មក​តាម​តែ​​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។

នេះ​ជា​រូបថត​នៃ​គ្រួសារ​ពីរ មកពី​ទីក្រុង​ផ្សេងគ្នា​នៅ​​ ម៉ូហ្សមបិក ។ បានរៀបការ​នៅ ថ្ងៃ​សុក្រ ពួកគេ​បាន​ជ្រមុជទឹក​ជាមួយ​កូនៗ​ច្បង​នៅ​ថ្ងៃ​សោរ៍ ។​​ 30 មិត្តភក្ដិ និង គ្រួសារ​ត្រូវបាន​អញ្ជើញ​ឲ្យមក​ « ចូរ​តាម​ខ្ញុំ​ទៅមើល » ហើយ​មាន​មនុស្ស​រាប់រយ​នាក់​ពិត​ជា​បាន « តាម​ទៅ​មើល » ។

ក្រោយពី​ជ្រមុជទឹក ប្អូនស្រី​ម្នាក់​និយាយ​ថា « យើង​ត្រូវ​ជ្រើសរើស ថាតើ​ត្រូវ​ធ្វើ​តាម​ប្រពៃណី​នៃ​ដូនតា​យើង ឬ ត្រូវ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ យើង​បាន​ជ្រើស​ធ្វើ​តាម​ព្រះគ្រីស្ទ » ។31

អ្នក​អាច​មិន​រស់នៅ​ក្នុង ម៉ូហ្សមបិក តែ​តាម​របៀប​អ្នក​ផ្ទាល់ក្នុង​វប្បធម៌​អ្នក​ផ្ទាល់នោះ​ទេ​ អ្នក​អាច​ចែកចាយ​ពី​ដំណឹងល្អ​ ដែល​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ចូរ​អធិស្ឋាន​ទៅ​ព្រះបិតាសួគ៌​អ្នក ។ នេះ​ជា​កិច្ចការ​ពិសិដ្ឋ​របស់​ទ្រង់ ។ ទ្រង់​នឹង​​ដឹកនាំអ្នក​​ចំពោះ​អ្វី​ដែល​ត្រូវ​ធ្វើ ។ ទ្រង់​នឹង​បើក​ទ្វារ យក​របាំង​ផ្លូវ​ចេញ ហើយ​ជួយ​អ្នក​យក​ឈ្នះ​ឧបសគ្គ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « សម្លេង​នៃ​ការព្រមាន នឹង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ទាំងអស់ ដោយ​មាត់​នៃ​ពួក​សិស្ស​ទាំងឡាយ​របស់​យើង … ហើយ​គ្មាន​នរណា​នឹង​បញ្ឈប់​ពួកគេ​បាន​ឡើយ » ។32

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា សម្លេង​នៃ​ព្រះអម្ចាស់ [ នឹង​ទៅ​ដល់ ] ចុង​ផែនដី ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​ណា​ដែលស្ដាប់​នឹង​ឮ » ។33វា​ជា​អព្ភូតហេតុ​មួយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ម៉ាថាយ28:19

  2. ម៉ាកុស 16:15

  3. សូមមើល ម៉ាថាយ 28:20ម៉ាកុស 16:17–18

  4. កិច្ចការ 2:14, 22–23, 32

  5. គោលលទ្ធិ និងសេចក្តីសញ្ញា 1:4

  6. គោលលទ្ធិ និងសេចក្តីសញ្ញា 58:64

  7. សូមមើលគោលលទ្ធិ និងសេចក្តីសញ្ញា 1:5

  8. សូមមើល Teachings of Presidents of the Church: វិលហ្វូឌ វូឌដ្រុព្វ ឆ្នាំ(2004), ទំព័រ 89–92 ។

  9. សូមមើល នីហ្វៃទី 1 14:12

  10. ដានីយ៉ែល 2:34–35

  11. ថូម៉ាស​ អេស ម៉នសុន, « Welcome to Conference » Ensign ឬ Liahona,​ខែ ឧសភា ឆ្នាំ 2009, ទំព័រ 5។

  12. ថូម៉ាស អេស ម៉នសុន, «As We Gather Once Again » Ensign​ឬ Liahona, ខែ ឧសភា ឆ្នាំ 2012, ទំព័រ 4។

  13. កូរិនថូសទី 2 3:3

  14. សូមមើល ក្លេតុន អិម គ្រីស្ទានសិន, The Power of Everyday Missionaries: The What and How of Sharing the Gospel ឆ្នាំ​ 2013 ។

  15. ថូម៉ាស អេស ម៉នសុន, « Welcome to Conference » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 6 ។

  16. ពេត្រុសទី 1 3:15

  17. They observe long-held truths being redefined or ignored; សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា 1:16; សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា 132:8

  18. សូមមមើល គោលលទ្ធិ និងសេចក្តីសញ្ញា 45:26; 88:91

  19. អេម៉ុស 8:12

  20. ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖ « តើ​ពួក​បព្វជិត​នៃ​ពួក​ប្រូតេស្តង់ មាន​សេចក្ដី​ពិត​ទេ ? បាទ មាន ។ តើ​ពួក​បាទីស្ទ មេតូឌីស ជាដើម មាន​សេចក្ដី​ពិត​ទេ ? បាទ មាន ។ … យើង​គួរ​ប្រមូល​នូវ​គោលការណ៍​ដែល​ល្អៗ និង ពិត​ទាំងឡាយ​ដែល​នៅក្នុង​ពិភពលោក ហើយ​ទុក​វា​ជា​រតនៈ​សម្បត្តិ » (History of the Church, 5:517) ។ « យើង​ពុំ​សុំ​ឲ្យ​មនុស្ស​ណា​ក៏​ដោយ ឲ្យ​បោះចោល​នូវ​អ្វី​ដែល​ល្អ​ដែល​ពួកគេ​មាន​នោះទេ … យើង​គ្រាន់តែ​សុំ​ពួកគេ​ឲ្យ​មក ហើយ​ទទួល​ថែមទៀត ។ ចុះ​បើ​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​ទទួល​យក​ដំណឹងល្អ​នេះ ? នោះ​ពួកគេ​នឹង​ឃើញ​ផ្ទាល់​ភ្នែក ហើយ​ពរជ័យ​នៃ​ព្រះ​នឹង​ត្រូវ​បាន​ចាក់ស្រោច​លើ​ប្រជាជន ដែល​នេះ​ជា​បំណង​ប្រាថ្នា​នៃ​ព្រលឹង​ទាំង​មូល​របស់​ខ្ញុំ » (Teachings of the Prophet Joseph Smith​​ [ 2007 ] ទំព័រ 155) ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « សូម​ឲ្យ​ខ្ញុំ​និយាយ​ថា យើង​មាន​អំណរគុណ​ចំពោះ​សេចក្ដី​ពិត​នៅក្នុង​សាសនាចក្រ​ទាំងអស់ និង ការណ៍​ល្អ​ដែល​ពួកគេ​ធ្វើ ។ ជា​គោល យើង​និយាយ​ទៅកាន់​មនុស្ស​ថា អ្នក​នាំ​មក​ជាមួយ​អ្នក​នូវ​ការណ៍​ល្អ​ទាំងអស់​ដែល​អ្នក​មាន ហើយ​បន្ទាប់មក សុំ​ឲ្យ​យើង​មើល ថាបើ​យើង​អាច​បន្ថែម​អ្វី​ឲ្យ​ទៀត ។ នេះ​ជា​វិញ្ញាណ​នៃ​កិច្ចការ​នេះ ។ នេះ​ជា​អត្ថន័យ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​យើង » ( « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ សីហា ឆ្នាំ 1998 ទំព័រ 72 )  Words of the Living Prophet,” Liahona, ខែ មេសា ឆ្នាំ 1999, ទំព័រ 19) ។ យើង​ត្រូវតែ​ជា​មនុស្ស​រួសរាយ​រាក់ទាក់​ម្នាក់ ។ យើង​ត្រូវតែ​ទទួលស្គាល់​ការណ៍​ល្អ​ដែល​មាន​នៅក្នុង​មនុស្ស​ទាំងអស់ ។ យើង​មិន​ទៅ​រិះគន់​ដល់​សាសនាចក្រ​ដទៃ​ទៀត​នោះទេ ។ យើង​ផ្សព្វផ្សាយ និង បង្រៀន​ក្នុង​របៀប​មួយ​ដែល​វិជ្ជមាន ។ យើង​និយាយ​ទៅកាន់​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ថា ‹ អ្នក​នាំ​មក​ជាមួយ​អ្នក​នូវ​ការណ៍​ល្អ​ទាំងអស់​ដែល​អ្នក​មាន ហើយ​បន្ទាប់មក សុំ​ឲ្យ​យើង​មើល ថាបើ​យើង​អាច​បន្ថែម​អ្វី​ឲ្យ​ទៀត › ។ ជា​គោល នោះ​គឺ​ជា​អត្ថន័យ​នៃ​កម្មវិធី​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​របស់​យើង ហើយ​វា​ផ្ដល់​លទ្ធផល​មែន » (« Messages of Inspiration from President Hinckley » Church News, ថ្ងៃទី 7 ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 2; សូមមើល ldschurchnews.com ) ។

  21. និហ្វៃទី 3 18:24

  22. សូមមើល គោលលទ្ធិ​ និងសេចក្តីសញ្ញា 84:85; 100:6

  23. យ៉ូហាន 1:38

  24. យ៉ូហាន 1:39

  25. យ៉ូហាន 1:41

  26. គោលលទ្ធិ និងសេចក្តីសញ្ញា 37:4

  27. សូមមើល, ឧទាហរណ៍ youngandmormon.com

  28. ការសន្ទនាតាមទូរសព័្ទជាមួយ ចាក្សឹន ហេត ក្នុង ខែ មិនា ទី 22, ឆ្នាំ 2013 ។

  29. អ៊ីម៉ែលផ្ទាល់ខ្លួនពីប្រធាន ផលឡូ វី ក្រេតលី, ខែ មិនា ថ្ងៃទី 6, ឆ្នាំ 2013 ។

  30. រូបថតបង្ហាញដោយ ប្រធាន ផលឡូ វី ក្រេតលី ៖ ក្រុមទីមួយមកពី ម៉ាពូតូ បានរៀបការ នៅថ្ងៃទី ​30 ខែ​វិច្ឆិកា ឆ្នាំ 2012 ធ្វើបុណ្យជ្រមុជទឹក នៅថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2012 ។ ក្រុមទីពីរមកពី បែរ៉ា បាន​រៀបការ​នៅថ្ងៃទី 1 ខែ មិនា ឆ្នាំ 2013, ធ្វើបុណ្យជ្រមុជទឹក នៅថ្ងៃទី 2 ខែ មិនា ឆ្នាំ 2013 ។

  31. អ៊ីម៉ែលផ្ទាល់ខ្លួនពីប្រធាន ផលឡូ វី ក្រេតលី, ខែ មិនា ថ្ងៃទី 6, ឆ្នាំ 2013 ។

  32. គោលលិទ្ធិ និងសេចក្តីសញ្ញា 1:4–5

  33. គោលលិទ្ធិ និងសេចក្តីសញ្ញា 1:11