ឆ្នាំ ២០១០-២០១៩
មក​កូន​ចៅ​ទាំងអស់​នៃ​ព្រះ​
ខែ មេសា 2013


19:25

​មក​កូន​ចៅ​ទាំងអស់​នៃ​ព្រះ​

មជ្ឈមណ្ឌល​សន្និសីទ​ដ៏​ប្រណិត​នេះ​ហាក់​និយាយ​មក​កាន់​យើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​សំឡេង​ដ៏បំផុសគំនិតថា « មក​កូន​ចៅ​ទាំង​អស់​នៃ​ព្រះ ដែ​ល​បាន​ទទួល​បព្វជិតភាព » 1 ។ វា​មាន​នូវ​វិញ្ញាណ​ដ៏​ពិសេស​ដែល​សាយភាយ​នៅ​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​នៃ​សាសនា​ចក្រ ។

នៅ​យប់នេះ មាន​អ្នក​កាន់​បព្វជិតភាព​រាប់​ពាន់នាក់នៅ​ជុំ​វិញ​ពិភព​លោក​ដែល​កំពុង​បម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ទ្រង់ ។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​ក្នុងសារ​ពេលព្រឹក​មិញ បច្ចុប្បន្ន​យើង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាង​ 65,000 នាក់នៅ​ក្នុង​តំបន់​បេសកកម្ម និងជាង​រាប់​ពាន់​នាក់ ដែល​កំពុងរង់ចាំ​ចូល​ក្នុង​​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយសាសនា​ ឬ ដែល​កំពុង​តែ​រៀប​ចំ​ពាក្យ ​។ ហើយ​មាន​ជាង​ 6,000​ នាក់​ទៀត​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​សម្ភាស​ជាមួយ​ប៊ីស្សព​ និង ប្រធាន​ស្តេក​របស់​គេ ។ ចំពោះ​អ្នក​ទាំង​នោះ​ដែល​កំពុង​បម្រើ​បាន​ចាក​ចោល​​ផ្ទះ គ្រួសារ មិត្តភក្តិ និង សាលា ហើយ​បាន​ចេញ​ទៅ​បម្រើ ។ យើង​ស្រឡាញ់ និង កោតសរសើរ​អ្នក​ទាំង​នោះ​ដែល​មាន​បំណង​ និង ឆន្ទៈដើម្បី​បម្រើ​ ។

នៅ​ក្នុង​ព្រះគម្ពីរបរិសុទ្ធពុំ​មាន​​ការប្រកាសណា​សំខាន់ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ណា​ដែល​ចង​ភ្ជាប់ គ្មាន​ការណែនាំ​ណា​ត្រង់ៗ​ជាង​បញ្ញត្តិ​ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញឡើយ កាល​ទ្រង់​បាន​លេច​មក​ពួកសាវក​ដប់​មួយ​នាក់​ នៅស្រុក កាលីឡេ ។ ទ្រង់​មាន​បន្ទូល​ថា ៖

« ដូច្នេះ​​ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ដោយ​នូវ​ព្រះ​នាម​ព្រះវរបិតា ព្រះរាជបុត្រា និងដោយ​ព្រះវិញ្ញាណ​បរិសុទ្ធចុះ ៖

« ហើយ​បង្រៀន​​គេឲ្យ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បានបង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​​នៅ​ជាមួយ​នឹង​អ្នក​រាល់​គ្នាជា​រាល់​ថ្ងៃ​ដែរ​ ដរាប​ដល់​បំផុត​កល្ប » ។ 2

ជាមួយ​នឹង​ការសន្យា​ដ៏​រុងរឿង ការបញ្ជា​ដ៏​ទេវភាព​នេះ​ គឺ​ជា​ការ​ណែនាំ​ដល់​ការប្រព្រឹត្តិ​របស់​យើង​នាពេលសព្វថ្ងៃ​​ ឲ្យដូចកាល​​ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែន​ដី​ដែរ ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​លក្ខណៈសម្គាល់​​នៃ​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ កិច្ចការ​នេះ​នឹង​នៅ​តែ​បន្ត​ដូចនេះ​ជារៀង​រហូត ។ ដូច​ព្យាការី យ៉ូសែបស្ម៊ីធ​បាន​ប្រកាសថា « បន្ទាប់​ពី​កិច្ចការ​ទាំង​អស់​បាន​និយាយ​ចប់​ហើយ​ ករណីយកិច្ច​ដ៏​ធំ​ជាង​គេ​ និង សំខាន់​ជាង​គេ​គឺ ​ប្រកាសដំណឹង​ល្អ » ។ 3

ក្នុង​រយៈ​ពេល​ពីរឆ្នាំ​ដ៏​ខ្លី​នេះ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ទាំងអស់​ ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​នៅ​ក្នុង​ទ័ពដ៏​ស្មោះ​ត្រង់​នៃ​ព្រះ ​នឹង​បញ្ចប់​ការងារ និង បំណង​របស់​ពួក​គេ​ ​ត្រឡប់​ទៅ​ផ្ទះ និង ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេវិញ​ ។ ចំពោះ​ពួក​អែលឌើរ​ អ្នក​ដែល​ជំនួស​ពួកគេ​​ គឺ​ជា​ពួក​នៅ​ក្នុង​ចំណោម​បព្វជិតភាព​អើរ៉ុននៃ​សាសនាចក្រ​នៅ​ល្ងាច​នេះ ។ យុវជន​វ័យ​ក្មេង​អើយ តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តបហើយ​​ឬនៅ ? តើ​អ្នក​នឹង​មាន​បំណង​ដើម្បី​ធ្វើ​ឬទេ ? តើ​អ្នក​បាន​រៀបចំ​ដើម្បី​បម្រើ​ឬទេ ?

ប្រសើរបំផុត​នោះ កិច្ចការអ្នកផ្សព្វផ្សាយ​សាសនា​តម្រូវ​ឲ្យ​មាន​ការសម្របរបៀប​​រស់​នៅ​របស់​បុគ្គល​ម្នាក់ ។​ វា​តម្រូវឲ្យមាន​ការ​ខិត​ខំ​ និង ការ​លះ​បង់​ច្រើន ពលិកម្ម​ដោ​យ​មិន​កំណាញ់ និង ការអធិស្ឋាន​​ដោយ​ក្លៀវក្លា​ ។ ជា​លទ្ធផលនៃការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​លះបង់ ​នោះ​​ផ្តល់​មក​វិញ​នូវ​អំណរ​ដ៏​អស់កល្ប ដែល​នឹង​មាន​ពេញ​មួយ​ជីវិត​រមែង​ស្លាប់ និង រហូត​ដល់​ជីវិត​អស់កល្ប ។

សូម​សំណូម​ពរអ្នក​​​ថា ឲ្យ​ធ្វើ​ជាអ្នកបម្រើ​កាន់​តែ​​មាន​ប្រយោជន៍​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​ព្រះអម្ចាស់ ។​ ការណ៍​នេះ​អនុវត្ត​ចំពោះ​យើង​គ្រប់​គ្នា មិនថាវ័យ​ប៉ុណ្ណា​ទេ ក៏មិន​មែន​សម្រាប់​តែ​អ្នក​ដែល​កំពុង​រៀប​ចំ​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោងដែរ គឺ​សម្រាប់​យើង​គ្រប់​គ្នា​ដើម្បី​ទទួល​វេណ​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ។

ខ្ញុំ​សូម​ផ្តល់​នូវ​រូបមន្ត​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ទទួល​ជោគជ័យ ៖ ទីមួយ សិក្សាព្រះគម្ពីរ​ដោយ​ព្យាយាម ទីពីរ រៀបចំជីវិត​ដោយ​មាន​គោលបំណង ( ហើយ ខ្ញុំ​អាច​​នឹង​បន្ថែមថា​ សូម​រៀបចំ​ជីវិត​របស់​អ្នក ​មិន​ថា​អ្នក​មាន​អាយុប៉ុ​ណ្ណានោះ​ទេ ) ទីបី បង្រៀន​សេចក្តី​ពិត​ជា​មួយ​នឹង​ទីបន្ទាល់ ហើយ​ទីបួន បម្រើ​ព្រះអម្ចាស់​ដោយ​ក្តី​ស្រឡាញ់ 

សូម​យើង​ទាំង​អស់​គ្នា​ពិចារណារូបមន្ត​​នីមួយ​ៗ​នៃផ្នែក​ទាំង​បួន​​ ។

ទីមួយ សិក្សាព្រះគម្ពីរ​ដោយ​ព្យាយាម 

ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​នៃ​ព្រះ​ ហើយ​មាន​ព្រះបន្ទូល​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ការណ៍​នោះ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​នៃ​សារលិខិតរបស់​យើង ។

ការសង្កត់​ធ្ងន់​ទៅ​លើ​កម្មវិធី​សិក្សា​សាសនាចក្រ គឺ​ព្រះគម្ពីរ​បរិសុទ្ធទាំងឡាយ ដែល​បាន​រៀបចំឡើង និង សម្របសម្រួល​តាមរយៈ​កិច្ចប្រឹងប្រែង​រួមគ្នា ។ យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដើម្បី​សិក្សា​ព្រះគម្ពីរទាំងឡាយ​រាល់ថ្ងៃ​ទាំង​ដោយ​ផ្ទាល់​ខ្លួន និងជាមួយ​គ្រួសារ ។

ខ្ញុំ​នឹង​ផ្តល់​នូវ​ឯកសារ​យោង​តែ​មួយ​ដែល​មាន​នូវ​ការ​អនុវត្តន៍​ភ្លាម​ៗ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ក្នុង​ព្រះគម្ពីរមរមន នៅអាលម៉ា ជំពូក​ទី 17 យើងអាន​ពី​ព្រឹត្តិការណ៍​នៃ​ក្តីអំណរ​របស់​អាលម៉ា​ ពេល​លោក​បាន​ឃើញ​កូន​ប្រុស​របស់​ម៉ូសាយ​ ហើយ​បាន​សង្កេត​ឃើញ​នូវ​ភាព​មាំមួន​នៅ​ក្នុង​បុព្វហេតុ​នៃ​សេចក្តីពិតម្តង​ទៀត ។ កំណត់ត្រា​ប្រាប់​យើង​ថា « ពួកគេ​បាន​មាំមួន​នៅ​ក្នុង​ការ​ស្គាល់​ពី​សេចក្តីពិត ព្រោះពួកគេ​ជាមនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ ហើយគេ​បាន​ព្យាយាម​ពិចារណា​មើលបទគម្ពីរ ហើយ​គេ​អាច​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ ។

« ប៉ុន្តែ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួកគេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការអធិស្ឋាន​ និង តមអាហារ​ជាច្រើន ហេតុដូច្នេះ​ហើយ​ពួកគេ​ប្រកប​ដោយ​ព្រះវិញ្ញាណ​នៃ​ការព្យាករណ៍ និង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​កាលណា​ពួកគេ​បង្រៀន​ គឺបង្រៀន​ដោយ​អនុភាព​ និង សិទ្ធិ​អំណាច​ពីព្រះ » ។4

បងប្អូនប្រុសទាំងឡាយ សូមសិក្សាព្រះគម្ពីរ​ដោយ​ព្យាយាម​ 

ទីពីរនៅ​ក្នុង​រូម​មន្ដ​របស់​យើង​គឺ ៖ រៀបចំជីវិត​ដោយ​មាន​គោលបំណង 

ប្រហែល​ជា​គ្មាន​ជំនាន់​នៃ​ពួក​យុវវ័យ​ណា​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ដ៏​វែង​ឆ្ងាយ​ដូច​ជា​យុវវ័យ​សម័យ​នេះ​ទេ ។ ការរៀបចំ​ត្រូវ​តែ​បាន​ធ្វើឡើង​សម្រាប់​ចូលរៀន បេសកកម្ម និង អាពាហ៍ពិពាហ៍ ។ សម្រាប់​យុវវ័យ​មួយ​ចំនួន​ មានទាំង​ការ​បម្រើ​កង​ទ័ព​ទៀត ។

ការរៀបចំ​សម្រាប់បេសកកម្ម​ចាប់ផ្តើម​នៅក្មេង ។ បន្ថែម​ពី​លើ​ការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ​ឪពុក​ម្តាយ​ឈ្លាស​វៃ នឹង​ផ្ដល់​មធ្យោបាយ ​ដែល​រៀបចំ​កូន​ប្រុស​វ័យក្មេង អាច​ចាប់​ផ្តើម​សន្សំ​លុ​យបេសកកម្ម​​ផ្ទាល់​ខ្លួន​កាល​ពី​នៅ​វ័យ​កុមារ ។ បើ​ចាំបាច់​​គាត់​អាច​នឹង​ត្រូវ​លើក​ទឹក​ចិត្ត​ ដើម្បី​សិក្សា​ភាសា​ដទៃ​ឲ្យ​បាន​ល្អ ដើម្បី​គាត់​អាច​ប្រើ​ជំនាញ​ភាសា​របស់​គាត់​​បាន ។ នៅ​ទីបំផុត​ថ្ងៃ​ដ៏​រុងរឿងនឹង​មក​ដល់ ​នៅ​ពេល​ដែល​ប៊ីស្សព​ និង ប្រធាន​ស្តេក​អញ្ជើញ​យុវជន​នោះ​មក​ជួប​ក្នុង​ការិយាល័យ​គាត់ ។ ភាពសក្តិសម​ត្រូវ​បាន​សម្ភាស ការចេញ​អនុសាសន៍​បេសកកម្ម​ត្រូវ​បាន​បំពេញ ។

គ្មាន​ពេល​ណា​​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​ទន្ទឹង​រង់​ចាំ​មើលអ្នក​រត់​សំបុត្រ​ ជាមួយនឹង​សំបុត្រ​ដែល​មានអាសយដ្ឋាន​ផ្ញើរ​ត្រឡប់គឺ 47 East South Temple, Salt Lake City , Utah ខ្លាំង​ជាង​នេះ​នោះ​ទេ។ សំបុត្រ​មក​ដល់​ នោះ​ភាព​អន្ទះសារ​កើត​មាន​ឡើង សំបុត្រ​ហៅ​នោះ​ត្រូវ​បាន​អាន ។ ជាធម្មតា តំបន់​បម្រើ​នោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដោយ​មិន​ខ្វល់​ពី​ទី​កន្លែង នោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​រៀបចំ និង ដែលមាន​ការ​​គោរពតាម គឺ​​ឆ្លើយ​តប​ដូចគ្នា​ថា ៖ « ខ្ញុំ​នឹង​បម្រើ » ។

ការរៀបចំ​ដើម្បី​ចេញ​ដំណើរ​បាន​ចាប់​ផ្តើម ។​ យុវជន​ទាំងឡាយ​អើយ​ ខ្ញុំ​សង្ឃឹម​ថា អ្នក​មាន​អំណរគុណ​ចំពោះ​ពលិកម្ម​ដែល​ឪពុកម្តាយ​អ្នក​បាន​ធ្វើ​សម្រាប់​អ្នក​ដោយ​សុទ្ធចិត្តដើម្បី​អ្នក​ចេញ​បម្រើ​ ។ ការងារ​ពួកគាត់​នឹង​គាំទ្រ​អ្នក សេចក្តី​ជំនឿ​ពួកគាត់​លើក​ទឹក​ចិត្ត​អ្នក ការអធិស្ឋាន​ពួកគាត់​ជួយ​ទ្រ​អ្នក ​ ។ បេសកកម្ម​គឺ​ជា​កិច្ច​ការ​ក្រុមគ្រួសារ​ ។ ទោះ​បីជា​អ្នក​ត្រូវ​បែក​ពីគ្នា​នៅ​ទ្វីប​ផ្សេង​ពី​គ្នា​ឆ្លងសមុទ្រក្តី ​ក៏​ដួង​ចិត្ត​អ្នក​នៅ​តែ​រួម​គ្នា​ ។

បងប្អូន​ប្រុសទាំងឡាយ ពេល​អ្នក​រៀបចំ​ជីវិត​របស់​អ្នក​ដោយ​មាន​គោល​បំណង ចូរចាំថា ឱកាស​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ​ពុំ​​កំណត់​តែ​ក្នុង​អំឡុង​ពេល​នៃ​ការហៅ​ជាផ្លូវការ​នោះ​ទេ ។ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​បម្រើ​ក្នុង​ជួរកង​ទ័ព ពេល​នោះក៏អាចជា​ប្រយោជន៍​មួយ​ដែរ ។ ជារៀងរាល់​ឆ្នាំ​យុវជន​ដែល​មាន​ឯកសណ្ឋាន​របស់​យើង​នាំ​មក​នូវ​ព្រលឹង​ជា​ច្រើន​ចូល​ក្នុង​នគរ​នៃ​ព្រះ ដោយ​ការ​គោរព​ដល់​បព្វជិតភាព​របស់​ពួកគេ រស់​នៅ​តាម​បញ្ញត្តិនៃ​ព្រះ ហើយ​បង្រៀន​ដល់​អ្នក​ដទៃ​នូវ​ព្រះបន្ទូល​នៃ​ព្រះ​ដ៏​ទេវភាព ។

សូម​កុំ​មើល​រំលង​នូវ​ឯកសិទ្ធិ​របស់​អ្នក​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នៅពេល​ដែល​អ្នក​កំពុង​បន្ត​ការអប់រំផ្លូវការរបស់​អ្នក​ គំរូរបស់​អ្នក​ ជាពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​​នឹង​ត្រូវ​បាន​គេ​សង្កេត វិនិច្ឆ័យ និង ធ្វើ​ត្រាប់​តាម​ជា​ញឹកញាប់ ។

បងប្អូន​ប្រុសទាំងឡាយ មិនថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ ឬ កាលៈទេសៈបែបណា​ទេ ខ្ញុំ​ដាស់​តឿន​អ្នក​ឲ្យ​ រៀបចំជីវិត​របស់​អ្នក​ដោយ​មាន​គោល​បំណង 

ឥឡូវ​ចំនុច​ទីបី​នៅក្នុង​រូបមន្ដ​យើង​គឺ ៖ បង្រៀន​សេចក្តី​ពិត​ជា​មួយ​នឹង​ទីបន្ទាល់ 

សូម​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​សាវក ពេត្រុស ដែល​បាន​ជំរុញ​ថា ៖ « ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ដោយ​សុភាព ​ហើយ​កោត​ខ្លាច ដើម្បី​នឹង​ឆ្លើយ​តប​ដល់​អ្នក​ណាដែល​សួរ​ពីហេតុ​នៃ​សេចក្តី​សង្ឃឹមរបស់​អ្នក​រាល់​គ្នា » ។ 5 ចូរ​និយាយ​ ហើយ​ថ្លែង​ទីបន្ទាល់​នៃ​សេចក្តីពិត​អំពី​ក្រុម​ព្រះ ។ ប្រកាស​ប្រាប់​នូវ​សាក្សី​របស់​អ្នក​ពី​ព្រះគម្ពីរមរមន ។ សូម​សបញ្ជាក់ពី​​សេចក្តី​ពិត​ដ៏​រុង​រឿង និង ស្រស់ស្រាយ​​ដែលមាន​នៅ​ក្នុង​ផែន​ការ​សង្រ្គោះ ។

កាល​ពី​ខ្ញុំ​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​កាណាដា ជាង​ 50 ឆ្នាំ​មុន នោះ​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្មេង​ម្នាក់​ដែល​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​សហគមន៍​មួយ ​ភ្ញាក់​ផ្អើល​នឹង​ទំហំ​ទីក្រុង តូរ៉ុនតូ ។ គាត់​មាន​កម្ពស់​ទាប​ តែ​មាន​ទីបន្ទាល់ដ៏​ខ្ពស់ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​មក​ដល់​របស់​គាត់​ នោះ​គាត់​​នឹង​ដៃ​គូ ​បាន​ទៅ​ផ្ទះ​របស់​ អ៊ែលមើរ ផលឡឺដ នៅ អូសាវ៉ា, អនទែរីយ៉ូ, ប្រទេស​ កាណាដា ។ ដោយសារ​​មាន​អារម្មណ៍​អាណិត​ចំពោះ​យុវជន​នោះ ដែល​ដើរ​ពី​ផ្ទះ​មួយ​ទៅ​​ផ្ទះ​មួយ​នៅ​​កណ្តាល​ព្យុះ​ព្រិល នោះ​លោក ផលឡឺដ បាន​អញ្ជើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ។ ពួកអ្នកផ្សាយសាសនា បាន​បង្ហាញ​សារលិខិត​ពួកគេ​ដល់​គាត់ ។ គាត់​ពុំ​​មាន​អារម្មណ៍​នៃព្រះវិញ្ញាណ​ទេ ។ ក្នុង​ពេល​នោះ​គាត់​បាន​ឲ្យ​ពួកគេ​ចេញ​ពីផ្ទះ​របស់​គាត់​ ហើយ​កុំ​ត្រឡប់​មកវិញ​ឡើយ ។ ពាក្យ​សំដី​ចុង​ក្រោយ​របស់​គាត់​ទៅ​កាន់​អែលឌើរ​ ពេល​ពួកគេ​កំពុង​ចេញ​តាម​រានហាល​ខាង​មុខ​ផ្ទះ​ ជា​ពាក្យ​ចំអក​ថា « អ្នក​​មិន​អាច​ប្រាប់​ខ្ញុំ​ថា​ អ្នក​ពិត​ជា​ជឿថា​ យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​នៃ​ព្រះនោះទេ! » ។

ទ្វារ​ត្រូវ​បាន​បិទ ។ ពួក​អែលឌើរ​បាន​ដើរ​ចុះ​តាម​ផ្លូវ​ ។ អែលឌើរ​មកពី​ជនបទ​របស់​យើង​នោះ​បាន​និយាយ​ទៅ​ដៃ​គូគាត់​ថា « អែលឌើរ យើង​មិន​បាន​ឆ្លើយ​តប​ទៅ​លោក ផលឡឺដ ទេ ។ គាត់​បាន​និយាយ​ថា​ យើង​មិន​ជឿថា យ៉ូសែបស្ម៊ីធ​ គឺ​ជាព្យាការី​ដ៏​ពិតទេ ។ តោះ​ត្រឡប់​ទៅ​វិញ​ ហើយ​ថ្លែង​ទីបន្ទាល់​របស់​យើង​ទៅ​គាត់ » ។ ដំបូង​អ្នក​ផ្សព្វផ្សាយ ​ដែល​មាន​បទពិសោធន៍​ច្រើ​ននោះ ​បាន​ស្ទាក់​ស្ទើរ តែ​នៅ​ទីបញ្ចប់​ក៏​បាន​ព្រម​ទៅ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន ។ ពួក​គេ​បុកពោះ​ នៅពេល​ពួកគេ​បាន​ទៅ​ជិត​ទ្វារ​ដែល​ពួកគេ​ទើប​តែ​ត្រូវ​បាន​ដេញ​ចេញ​មកនោះ​ ។ ពួកគេ​បាន​គោះ​ទ្វារ ដោយ​​ព្រួយចិត្ត ពួកគេ​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក ផលឡឺដ ហើយ​បន្ទាប់​មក​ដោយ​មាន​ព្រះចេស្តារ​ដែល​បាន​ប្រទាន​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​ផ្សព្វផ្សាយសាសនា​ដ៏​មាន​បទពិសោធន៍របស់​យើង​បាន​និយាយ​ថា ៖ « លោក ផលឡឺដ លោក​និយាយ​ថា​ យើង​មិន​បាន​ជឿ​ពិត​ប្រាកដ​ថា យ៉ូសែបស្ម៊ីធ​ គឺ​ជា​ព្យាការី​នៃ​ព្រះទេ ។ តែ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ទៅ​អ្នក​ថា យ៉ូសែប គឺជា ព្យាការី ។ គាត់ ​បាន បកប្រែ​ព្រះគម្ពីរមរមន ។ គាត់​បាន​ឃើញ​ព្រះ​ ជាព្រះវរបិតា និង ព្រះរាជបុត្រា ។ ខ្ញុំ​ដឹង​ថាជាការ​ពិត » ។

មួយរយៈក្រោយ​មក ​លោក ផលឡឺដ ​ដែល​ឥឡូវ​នេះ​ជា​បងប្រុស ផលឡឺដ បាន​ឈរ​នៅ​ក្នុង​ការប្រជុំ​បព្វជិតភាព​ ហើយ​ប្រកាស​ថា « នៅ​យប់​នោះ​ខ្ញុំ​គេង​មិន​លក់​សោះ ។ ពាក្យ​នោះ​បាន​​ឮក្នុង​ត្រចៀក​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀតថា ​​​< យ៉ូសែប​ស្ម៊ីធ​ គឺជា​ព្យាការី​នៃព្រះ​។​ ខ្ញុំ​ដឹង​ថា ជាការ​ពិត ខ្ញុំ​ដឹង​ថា ជាការ​ពិត ខ្ញុំ​ដឹង​ថា ជាការ​ពិត > ។ នៅ​ថ្ងៃ​បន្ទាប់​មក​ ខ្ញុំ​បាន​ទូរស័ព្ទ​ហៅ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ ហើយ​បាន​សុំ​ឲ្យពួកគេ​មក​ផ្ទះខ្ញុំ​ម្តង​ទៀត ។ សារដំណឹង​ពួកគេ​ គួបផ្សំ​នឹង​ទីបន្ទាល់​របស់​គេ បានផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ និង ជីវិត​គ្រួសារ​ខ្ញុំ » ។ បងប្អូន​ប្រុស​ទាំងឡាយ សូម​បង្រៀន​សេចក្តី​ពិត​ជា​មួយ​នឹង​ទីបន្ទាល់  ។

ចំនុច​ចុងក្រោយ​នៅក្នុង​រូបមន្ដ​របស់​យើង​គឺ បម្រើ​ព្រះអម្ចាស់​ដោយ​ក្តី​ស្រឡាញ់  ។ គ្មាន​អ្វី​ជំនួស​សេចក្តី​ស្រឡាញ់​បាន​ឡើយ ។​ អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​គឺ​ ចេះ​ស្រឡាញ់​ដៃគូខ្លួន អ្នក​ដឹកនាំ​បេសកកម្ម​ពួកគេ និង មនុស្ស​ដ៏​មាន​តម្លៃ ​ដែល​ពួកគេ​បង្រៀន ។ នៅ​ក្នុង​កណ្ឌ​ទី​បួន​នៃ​គោលលទ្ធិ និង​ សេចក្តី​សញ្ញា ព្រះអម្ចាស់​បាន​បង្កើត​នូវ​លក្ខណៈ​សម្បត្តិ​សម្រាប់​កិច្ចការ​នៃ​ការបម្រើ ។ ចូរយើង​ពិចារណា​នូវ​ខ​មួយ​ចំនួន​នេះ ៖

« ឱអ្នក​រាល់​គ្នា​ដែល​ចាប់​ផ្តើម​ធ្វើការបម្រើ​ព្រះ​អើយ​ សូម​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​បម្រើ​ទ្រង់ ឲ្យអស់​ពីចិត្ត អស់​ពីគំនិត ហើយអស់​ពីកម្លាំង ដើម្បី​ឲ្យអ្នក​រាល់គ្នា​អាច​បាន​ឈរ​ដោយ​ឥតទោស​នៅ​ចំពោះ​ព្រះ​ នៅ​ថ្ងៃ​ចុងក្រោយ​បំផុត...។

« ហើយ​សេចក្តី​ជំនឿ​ សេចក្តី​សង្ឃឹម​ សេចក្តី​សប្បុរស និង សេចក្តី​ស្រឡាញ់ ដោយ​ភ្នែក​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​សិរីល្អ​នៃព្រះ​ ទើប​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ ។

« ចូរនឹក​ចាំ​ពី​សេចក្តី​ជំនឿ គុណធម៌ ដំរិះ សេចក្តី​អត់សង្កត់ សេចក្តី​អត់ធ្មត់ សេចក្តី​រាប់អាន​គ្នា​ជា​បងប្អូន សេចក្តី​កោត​ខ្លាច​ដល់​ព្រះ​ សេចក្តី​សប្បុរស សេចក្តី​ទាបរាបសា សេចក្តី​ឧស្សាហ៍ចុះ ។ 6

ដោយ​នូវ​មូល​ហេតុល្អ សូម​ឲ្យ​អ្នក​គ្រប់​គ្នា​ដែល​បាន​ឮសំឡេង​ខ្ញុំ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ថា « ថ្ងៃ​នេះ​ តើ​ខ្ញុំ​បាន​បង្កើន​សេចក្តី​ជំនឿ គុណធម៌ ចំណេះ​ដឹង សេចក្តី​កោត​ខ្លាច​ដល់​ព្រះ​ សេចក្តី​ស្រឡាញ់​ ឬទេ ?

តាមរយៈ​ការ​លះបង់​ដ៏​ឧទ្ទិស​របស់​អ្នក ទោះនៅ​ផ្ទះ ឬ​នៅទីឆ្ងាយ​ក្តី​ នោះ​ព្រលឹង​ទាំងឡាយ​ដែល​អ្នក​ជួយ​​​សង្រ្គោះ ​គឺជាមនុស្សដែលអ្នកស្រឡាញ់បំផុត ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ ក្រេហ្គ ស៊ូតបឺរី និង ម្តាយ​របស់​គាត់​ឈ្មោះ ភើល បាន​មក​ការិយា​ល័យ​របស់​ខ្ញុំ​ មុនពេល​ការ​ចេញ​ដំណើរ​របស់​​ ក្រេហ្គ ទៅ​បេសកកម្ម​នៅ មែលប៊ើន អូស្ត្រាលី ។ ឪពុក​របស់ ក្រេហ្គ ឈ្មោះ ហ្វ្រែឌ ស៊ូតបឺរី ត្រូវ​បាន​​អវត្តមាន ។ កាល​ពី ម៉្ភៃ​ប្រាំ​ឆ្នាំ​មុន ​ម្តាយ​របស់​ ក្រេហ្គ​​ បាន​រៀប​ការ​ជាមួយ ហ្វ្រែឌ តែគាត់​​មិន​បាន​ចែក​ចាយ​ក្តី​ស្រឡាញ់​ជាមួយនឹង​សាសនា​ចក្រទេ ព្រោះគាត់​មិន​មែន​ជា​សមាជិក ។

ក្រេហ្គ ទុកចិត្ត​លើ​ខ្ញុំ​ ហើយប្រាប់​ខ្ញុំ​ពី​​ក្តី​ស្រឡាញ់ដ៏ជ្រាលជ្រៅ​ចំពោះ​ឪពុក​ម្តាយ​គាត់ ហើយ​សង្ឃឹម​ថា តាមរបៀប​ណា​មួយ​ ដោយ​មធ្យោបាយ​ណា​មួយ នោះ​ឪពុក​របស់​គាត់​នឹង​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ​បរិសុទ្ធចូលក្នុង​ដួង​ចិត្ត​របស់​គាត់ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​ការបំផុស​គំនិត​អំពី​បំណង​ប្រាថ្នា​ដ៏​ធំ​ នឹង​ត្រូវ​បានបំពេញ ។ ការ​បំផុស​គំនិត​ក៏​កើត​មាន ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ ក្រេហ្គ ថា « ត្រូវ​គោរពប្រតិបត្តិ​ដល់​ទ្រង់​ ឲ្យអស់​ពីចិត្ត​ចុះ » ។ សូម​គោរព​ប្រតិបត្តិ​ចំពោះ​ការ​ហៅ​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ សូម​សរសេរ​សំបុត្រ​ទៅ​ឪពុកម្តាយ​អ្នក​រាល់​សប្តាហ៍ ហើយ​ជួន​កាល​សរសេរ​ទៅ​ឪពុក​ផ្ទាល់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា ​តើ​អ្នក​ស្រឡាញ់​គាត់​ប៉ុណ្ណា ហើយ​ប្រាប់គាត់​ពី​មូល​ហេតុ​ដែល​អ្នក​មានអំណរ​ក្នុង​ការ​ធ្វើ​ជា​កូន​ប្រុស​គាត់ » ។​ គាត់​ និងម្តាយគាត់បាន​លា​ខ្ញុំ ហើយ​​បាន​ចាកចេញ​ពីការិយាល័យ​ខ្ញុំ​ទៅ ។

ខ្ញុំ​មិន​បាន​ឃើញ​ម្តាយ​របស់​ ក្រេហ្គ អស់​រយៈពេល​ 18 ខែ នៅ​ពេល​គាត់​បាន​មក​ការិយាល័យ​របស់​ខ្ញុំ គាត់​និយាយ​មក​ខ្ញុំ​ទាំង​ទឹក​ភ្នែក​ថា « រយៈពេល​ជិតពីរឆ្នាំ​ហើយ​ដែល ក្រេហ្គ បាន​ចេញ​បេសកកម្ម​ ។ គាត់​មិន​ដែល​ខក​ខាន​សរសេរ​សំបុត្រ​រាល់​សប្តាហ៍​មក​យើង​ទេ ។​ ថ្មីនេះ ប្តី​របស់​ខ្ញុំ ហ្រ្វែឌ បាន​ឈរ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រជុំ​ថ្លែង​ទីបន្ទាល់​ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ និង​អ្នក​រាល់​គ្នា​ដែល​នៅ​ទីនោះ​ភ្ញាក់​ផ្អើល​ និងរំជួលចិត្ត ដោយគាត់​ប្រកាសថា គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​​ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​សាសនា​ចក្រ ។ គាត់​បាន​បង្ហាញ​ថា គាត់ ហើយ​នឹង​ខ្ញុំ​នឹង​ទៅ​ អូស្រ្តាលី​ដើម្បី​ទៅ​ជួប​ ក្រេហ្គ​ នៅ​ពេល​គាត់​ចប់​បេសកកម្ម ដូច្នេះ​ ហ្រ្វែឌ អាច​ធ្វើ​ជា​អ្នក​ជ្រមុជ​ទឹក​ចុង​ក្រោយ​របស់ ក្រេហ្គ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង » ។

គ្មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ណា មាន​មោទនភាព​​ដូច​ ក្រេហ្គ​ ទេ​ នៅ​ពេល​គាត់​បាន​ជួយដល់​​ឪពុក​របស់​គាត់​ចូល​ទៅ​ក្នុង​ទឹក​ត្រឹម​ចង្កេះ ហើយ​លើក​ដៃ​ឡើង​​ជា​កែង ដោយ​និយាយ​ពាក្យ​ពិសិដ្ឋ​នោះ​ម្តង​ទៀត​ ទាំង​នៅ​ទី​ឆ្ងាយ​ឯប្រទេស អូស្រ្តាលីថា «​ ហ្វ្រែឌើរិក​ ឆាល ស៊ូតបឺរី ដោយ​បាន​ទទួល​ការអនុញ្ញាត​ពីព្រះយេស៊ូវគ្រីស្ទ​ ខ្ញុំ​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​អ្នក​ ដោយ​នូវ​ព្រះនាម​នៃ​ព្រះវរបិតា និងនៃ​ព្រះរាជបុត្រា និង​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » ។

សេចក្តី​ស្រឡាញ់​បានទទួលជ័យជំនះ ។​ បម្រើ​ព្រះអម្ចាស់​ដោយ​ក្តី​ស្រឡាញ់ 

បងប្អូន​ប្រុស​ទាំងឡាយ សូម​ឲ្យ​យើង​គ្រប់គ្នា សិក្សាព្រះគម្ពីរ​ដោយ​ព្យាយាម រៀបចំជីវិត​ដោយ​មាន​គោលបំណង បង្រៀន​សេចក្តី​ពិត​ជា​មួយ​នឹង​ទីបន្ទាល់ ហើយ​ បម្រើ​ព្រះអម្ចាស់​ដោយ​ក្តី​ស្រឡាញ់ 

អ្នកគង្វាលផ្នែកព្រលឹងវិញ្ញាណដ៏ឥតខ្ចោះ​របស់យើង គឺជា​អ្នកផ្សព្វផ្សាយសាសនាដែលបាន សង្គ្រោះមនុស្សជាតិ បានផ្តល់នូវការអះអាងដ៏ទេវភាពថា៖

« បើសិន​ជាអ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក​ ដោយ​ស្រែក​ប្រាប់​ពីការប្រែចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់​តែ​នាំ​ព្រលឹង​តែ​មួយ​គត់​ មករក​យើង នោះ​អ្នក​នឹង​មាន​សេចក្តីអំណរ​ដ៏មហិមា​ជា​មួយ​អ្នក​នោះ នៅ​ក្នុង​នគរ​នៃព្រះវរបិតា​របស់​យើង !

« ហើយ​ឥឡូវ​នេះ​ បើសិន​ជា​អ្នក​នឹង​មាន​សេចក្តី​អំណរ​ដ៏មហិមា​ដល់​ព្រលឹង​តែ​មួយ​ ហើយ​យ៉ាងណាទៅ​ដែល​អ្នក​បាន​នាំ​មក​រក​យើង​​នៅ​ក្នុង​នគរ​នៃព្រះវរបិតា​របស់​យើង​ នោះ​អ្នក​នឹង​មាន​សេចក្តី​អំណរ​ដ៏មហិមា បើសិនជាអ្នក​បាន​នាំ​ព្រលឹង​ជាច្រើន​មករក​យើង ! » 7

ទ្រង់​ជា​អ្នក​មាន​បន្ទូល​ទាំង​នេះ ខ្ញុំ​សូម​ប្រកាស​នូវ​សាក្សី​របស់​ខ្ញុំថា ៖ ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃព្រះ ជា​ព្រះប្រោសលោះរបស់​យើង និង ព្រះសង្រ្គោះ​របស់​យើង ។

ខ្ញុំ​សូម​អធិស្ឋានថា សូមឲ្យ​យើង​អាច​នឹង​ឆ្លើយ​តប​នូវ​ការ​អញ្ជើញ​ដ៏​សុភាព​របស់​ទ្រង់ថា « ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ » 8 នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ—គឺ​ព្រះនាម​នៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ—អាម៉ែន ។