ឆ្នាំ ២០១០-២០១៩
កាតព្វកិច្ចពិសិដ្ឋរបស់អ្នកដើម្បីបម្រើ
ខែ មេសា 2013


10:25

កាតព្វកិច្ច​ពិសិដ្ឋ​របស់​អ្នក​ដើម្បី​បម្រើ

អ្នក​បាន​ទទួល​ព្រះ​ចេស្តា សិទ្ធិ​អំណាច និង កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​បម្រើ​នៅ​ក្នុង​គ្រា​ដែល​អ្នក​ត្រូវ​បាន​តែង​តាំង​បព្វជិតភាព​នោះ​ឯង ។

សេចក្តី​អំណរ​ក្នុង​ការបម្រើ

ពួក​យុវជន​នៃ​បព្វជិតភាព​អើរ៉ុន​អើយ អ្នក​ជា​បុត្រា​សំណប់​របស់​ព្រះ​អម្ចាស់ ហើយ​ទ្រង់​មាន​ កិច្ចការ​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ធ្វើ ។ ដើម្បី​សម្រេច​កិច្ចការ​នេះ អ្នក​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ពិសិដ្ឋ របស់អ្នក ដើម្បី​បម្រើ​អ្នក​ផ្សេង​ទៀត ។​ 1

តើ​អ្នកដឹង​ថា​ ការ​បម្រើ​មាន​ន័យ​យ៉ាង​ណាទេ ? សូមគិតពីសំនួរនេះ ពេលខ្ញុំប្រាប់អ្នកអំពី យុវនារីម្នាក់ឈ្មោះ ឆាយ​ ចនសុន ។

នៅពេល ឆាយ បានចាប់ផ្តើមចូលរៀន​នៅ​វិទ្យាល័យ​កាល​ពី​ឆ្នាំមុន នាង​បានក្លាយ​ទៅជាជនរងគ្រោះនៃការគំរាមកំហែង​យ៉ាងសាហាវ និង ដោយឥតគិតក្រែង ។ នាងត្រូវគេធ្វើបាប រុញច្រាន ហើយចំអក ពេល​នាង​ដើរទៅថ្នាក់—ឯសិស្សខ្លះទៀតថែមទាំងគប់​សម្រាមទៅលើនាង​ទៀតផង ។ អ្នកប្រហែលជាធ្លាប់បានឃើញ អ្នកដទៃត្រូវបានគេប្រព្រឹត្តិ​មិន​សមរម្យដាក់​បែបនេះ នៅសាលារៀនរបស់អ្នក​ផងដែរ ។

ចំពោះមនុស្សជាច្រើន ក្នុង​វ័យជាយុវវ័យ គឺជា​ពេលវេលា​នៃ​ភាពឯកកោ និង ភ័យខ្លាចមួយ​ ។ វាមិន​ចាំបាច់ត្រូវ​តែកើតឡើងបែបនេះឡើយ ។ ជា​សំណាងល្អសម្រាប់​ ឆាយ ដែល​មានពួកយុវជនខ្លះនៅឯសាលារៀនរបស់នាង ដែលយល់ពីអត្ថន័យនៃការបម្រើ ។

ម្តាយរបស់ ឆាយ បានអង្វរសុំគ្រូបង្រៀននៅឯសាលារៀន ឲ្យជួយបញ្ឈប់ការគំរាមកំហែងនោះ​ ប៉ុន្តែវានៅ​តែបន្ត ។ ក្រោយ​មក​គាត់បានទាក់ទងទៅ ខាសុន ចូនស៏ ជា​អ្នកកាន់បព្វជិតភាពអើរ៉ុន និង ជា​ប្រធាន​ក្រុម​បាល់​ឱប ។ គាត់បានសុំគេឲ្យជួយគាត់ ស្វែងរកអ្នកដែលធ្វើការគំរាមកំហែង​នោះ ។

ខាសុន បានយល់ព្រមជួយ ប៉ុន្តែគាត់មានអារម្មណ៍នៅក្នុងដួងចិត្តគាត់ថា គាត់អាច​ធ្វើ​ ​លើសពីការគ្រាន់​តែស្វែងរកជនដែល​គម្រាមកំហែងនោះ​ទៅ​ទៀត ។ ព្រះវិញ្ញាណ​បានខ្សឹប​ប្រាប់គាត់ថា គាត់ត្រូវតែ​ជួយ ឆាយ ឲ្យដឹងថាមានគេស្រឡាញ់នាង ។

ខាសុន បានស្នើរសុំឲ្យមិត្ត​រួមក្រុមរបស់គាត់ ចូលរួមនឹងគាត់ក្នុងការបម្រើ ឆាយ ។ ពួកគេបានអញ្ជើញនាងឲ្យអង្គុយញ៉ាំបាយថ្ងៃត្រង់ជាមួយពួកគេ ។ ពួកគេបានដើរជាមួយនាង​ទៅថ្នាក់ ដើម្បី​ប្រាកដ​ថា នាង​មាន​សុវត្ថិភាព ។ មិនជា​ការគួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដោយមានពួកអ្នកលេងបាល់ឱប ជាមិត្តជិតស្និទ្ធ​នាង នោះ​គ្មាននរណា​ម្នាក់​ធ្វើ​ការគម្រាមកំហែងចំពោះ ឆាយ ទៀតឡើយ ។

នេះគឺជារដូវកាលដ៏រំភើបរីករាយសម្រាប់ក្រុមបាល់ឱប ។ ប៉ុន្តែ ថ្វីបើ​វាជារដូវ​កាល​នៃ​ការ​ប្រកួតដ៏រំភើបក៏ដោយ ក៏​យុវជនទាំងនេះមិនភ្លេចអំពី ឆាយ ដែរ ។ ពួកគេបានអញ្ជើញនាង ឲ្យ​ចូលរួម​ នឹង​ក្រុម​នៅលើ​ទីលានកីឡា បន្ទាប់ពីការប្រកួត ។ ឆាយ បាន​ទទួលអារម្មណ៍នៃក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់ ។ នាងបាន​ទទួលអារម្មណ៍ដ៏មានសុវត្ថិភាព ។ នាង​​សប្បាយ​រីករាយ ។

ក្រុមកីឡាបាល់ឱប​បានបន្ត​រហូតបាន​ឈ្នះ​​ទទួល​ពាន​រង្វាន់​ថ្នាក់រដ្ឋ ។ ប៉ុន្តែ​អ្វី​ដែលសំខាន់ជាង​ពានរង្វាន់​នោះ បានកើតឡើងក្នុងសាលារៀនរបស់ពួកគេ ។ គំរូ​របស់​យុវជន​ទាំងនេះ បាន​ជំរុញ​ឲ្យ​សិស្សឯទៀត​​ទទួល​ស្គាល់ មាន​ចិត្តរាក់ទាក់​ជាងមុន ។ ឥឡូវនេះ ពួកគេប្រព្រឹត្តិចំពោះគ្នា ទៅវិញទៅមក ដោយ​ចិត្តល្អ និង ការគោរព​ជាងមុន ។

សារព័ត៌មានជាតិ បានដឹងនូវ​អ្វីដែលយុវជនទាំងនេះបានធ្វើ ហើយបានផ្សព្វផ្សាយរឿងរបស់ពួក គេពាសពេញប្រទេស ។ អ្វីដែលបានចាប់ផ្តើមពីការខិតខំ​បម្រើ​ដល់​មនុស្សម្នាក់ កំពុងតែ​បំផុសគំនិត​ជន​រាប់ពាន់នាក់ទៀត ឲ្យធ្វើដូចគ្នាដែរ ។

ម្តាយរបស់ ឆាយ ហៅយុវជនទាំងនេះថាជា « ទេវតាបន្លំខ្លួន » ។ ខាសុន និងមិត្តគាត់ បាន​និយាយ​យ៉ាងរហ័ស​ថា ឆាយ បានផ្តល់ពរជ័យដល់ជីវិតពួកគេ ជាង​ដែល​ពួកគេ​បានផ្តល់ពរជ័យដល់នាង ។ នោះគឺជាអ្វីដែលកើតឡើង នៅពេលអ្នកលះបង់​ខ្លួន​អ្នក​នៅក្នុងការបម្រើ​អ្នកដទៃ​ទៀត—អ្នករកឃើញខ្លួនឯងវិញ ។ 2 អ្នកនឹង​ផ្លាស់ប្តូរ ហើយ​រីកចម្រើន​នៅក្នុង​របៀប​ ដែល​នឹង​មិន​អាច​រក​ឃើញ​តាម​របៀប​ណា​ទៀត​ឡើយ ។ យុវជនទាំងនេះមាន​បទពិសោធន៍ក្តីអំណរនៃការបម្រើ ហើយបន្តស្វែងរកឱកាស ដើម្បី​ផ្តល់​ពរ​ជ័យដល់អ្នកដទៃទៀត ។ ពួកគេមាន​ចិត្តអន្ទះសានឹងផ្តល់ការបម្រើរបស់​ពួកគេ​នាប៉ុន្មានខែខាងមុខ ពេលដែល​ពួកគេបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ 3

តម្រូវការ និង កាតព្វកិច្ច

មាន​មនុស្ស​ដូច ឆាយ ចនសុន រាប់ពាន់អ្នកពាសពេញពិភពលោក—ជាមនុស្ស​ដែល​ត្រូវការ​អារម្មណ៍​នៃក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ ពួកគេស្ថិត​នៅក្នុងសាលារៀនអ្នក កូរ៉ុមអ្នក ហើយនឹង​​គ្រួសារ​អ្នក​ផង ។ អ្នកខ្លះគឺស្រួលនឹងនឹកឃើញ ។ អ្នកខ្លះទៀតគឺពិបាកនឹងមើលឃើញ​ពី​សេចក្ដី​ត្រូវការ​បន្តិច ។ តាមពិតទៅ មនុស្សគ្រប់រូបដែលអ្នកស្គាល់ អាចទទួលបាន​នូវ​ពរជ័យ​ តាមរយៈការបម្រើរបស់អ្នក ។ ព្រះ​អម្ចាស់​ពឹងពាក់​ទៅលើអ្នក ដើម្បីឈោង​ទៅ​ជួយ​ពួកគេ ។

អ្នកពុំចាំបាច់ជាកីឡាករដ៏ចំណាន ដើម្បីនឹងបម្រើអ្នកដទៃឡើយ ។ អ្នកបានទទួលនូវព្រះចេស្តា សិទ្ធិអំណាច និង កាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីបម្រើ នៅក្នុងគ្រាដែលអ្នកត្រូវបានតែងតាំងបព្វជិតភាព​នោះឯង ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បានបង្រៀនថា « បព្វជិតភាព គឺជាសិទ្ធិអំណាច ដែល​បានផ្ទេរ​ដល់​មនុស្ស ដើម្បី​ បម្រើ នៅក្នុងព្រះនាមរបស់ព្រះ » ។ 4 បព្វជិតភាព​អើរ៉ុនកាន់កូនសោ នៃការបម្រើរបស់ពួកទេវតា ។ 5

ពេលអ្នកស្រឡាញ់កូនចៅទ្រង់ ព្រះវរបិតាសួគ៌នឹងដឹកនាំអ្នក ហើយ​ទេវតា​នឹង​ជួយ​អ្នក ។ 6 អ្នកនឹងត្រូវបានប្រទាននូវអំណាចដើម្បីផ្តល់ពរជ័យដល់ជីវិត និង ស្រោចស្រង់ព្រលឹងទាំងឡាយ ។

ព្រះយេស៊ូវគ្រីស្ទគឺជាគំរូរបស់អ្នក ។ ទ្រង់ « បាន​មក មិនមែន​ឲ្យ​គេ​បម្រើទ្រង់​ទេ គឺ​នឹង​បម្រើ​គេ​វិញ » ។ 7 ដើម្បីបម្រើមានន័យថា ស្រឡាញ់ និង ថែទាំអ្នកដទៃ ។ វាមានន័យ​ថា យកចិត្តទុកដាក់លើ​សេចក្តី​ត្រូវការ​ខាងវិញ្ញាណ និង ខាង​សាច់ឈាមរបស់ពួកគេ ។ និយាយ​ឲ្យសាមញ្ញ​ទៅ វា​មានន័យថា​ធ្វើនូវអ្វីដែលព្រះអង្គ​សង្គ្រោះនឹងធ្វើ បើទ្រង់នៅទីនេះ ។

គ្រួសាររបស់អ្នក

ចាប់ផ្តើមនៅក្នុងផ្ទះរបស់អ្នក ។ ​នេះ​គឺជាទីកន្លែង​ដែលអ្នកអាចធ្វើការបម្រើ​យ៉ាងសំខាន់បំផុត ។8

តើអ្នកចង់សាកល្បងនូវការពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយទេ? លើកក្រោយ ពេលម្តាយអ្នកសុំឲ្យ​អ្នកជួយធ្វើការនៅក្នុងផ្ទះ សូម​និយាយបែបនេះថា « សូមអរគុណដែលបានប្រាប់ដល់កូន ម៉ាក់ ។ កូនពេញចិត្ត​នឹង​ជួយ » ។ រួចហើយចាំមើល​ពី​ប្រតិកម្ម​របស់គាត់ ។ ​អ្នកខ្លះ​គប្បី​ចេះ​ជំនាញ​សង្គ្រោះ​បឋម មុននឹងគិតធ្វើបែបនេះ ។ ​អ្នក​ប្រហែលជា​ធ្វើឲ្យ​គាត់គាំងបេះដូង ។ បន្ទាប់ពីអ្នកបានធ្វើឲ្យ​គាត់ដឹងខ្លួនឡើងវិញ អ្នក​នឹង​ឃើញ​នូវការរីកចម្រើន​ក្នុង​ទំនាក់ទំនងរបស់អ្នកជាមួយគាត់ និង ការកើនឡើង​នូវ​ព្រះវិញ្ញាណនៅក្នុងផ្ទះរបស់អ្នកទៀតផង ។

នោះគ្រាន់តែជារបៀបមួយ ដើម្បីបម្រើដល់គ្រួសារអ្នក​ប៉ុណ្ណោះ នៅមាន​របៀបជា​ច្រើនទៀត ។ អ្នកបម្រើ ពេលអ្នកនិយាយពាក្យផ្អែមល្ហែមដល់សមាជិកគ្រួសារ ។ អ្នកបម្រើ នៅពេលអ្នកប្រព្រឹត្តិចំពោះបងប្អូនអ្នក ដូចជាមិត្តសម្លាញ់របស់អ្នក ។

ប្រហែលជាសំខាន់បំផុតនោះ គឺថា អ្នកបម្រើ នៅពេលអ្នកជួយឪពុករបស់អ្នក នៅក្នុងកាតព្វកិច្ចរបស់​គាត់ ជាអ្នកដឹកនាំខាងវិញ្ញាណនៅក្នុងផ្ទះអ្នក ។ ផ្តល់នូវការគាំទ្រ និងការលើកទឹកចិត្ត​យ៉ាងពេញ​លេញ​របស់អ្នក ចំពោះរាត្រីជួបជុំគ្រួសារ ការអធិស្ឋានជាគ្រួសារ និងការសិក្សាព្រះគម្ពីរជា​គ្រួសារ ។ ចូរ​ធ្វើនូវ​ផ្នែក​របស់អ្នក ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​វត្តមាន​ព្រះវិញ្ញាណ​នៅក្នុង​ផ្ទះរបស់អ្នក ។ ការណ៍​នេះ នឹងពង្រឹងឪពុកអ្នក នៅក្នុងតំណែងរបស់គាត់ ហើយនិង​រៀបចំអ្នក ដើម្បីធ្វើជាឪពុកនា​ពេល​អនាគត ។ បើអ្នកពុំមានឪពុកក្នុងផ្ទះអ្នកទេ នោះ​ការទទួលខុសត្រូវរបស់អ្នក​ក្នុង​ការបម្រើ​ដល់​គ្រួសារ​អ្នក គឺ​កាន់តែ​ធំធេង​ថែមទៀត ។

កូរ៉ុមរបស់អ្នក

អ្នកក៏មានកាតព្វកិច្ចដើម្បីបម្រើនៅក្នុងកូរ៉ុមរបស់អ្នកផងដែរ ។

បព្វជិតភាពកំពុងតែពង្រីកនៅពាសពេញពិភពលោក ។ ពួកអ្នក​ជាច្រើន​រូប​កំពុងតែ​ស្តាប់​តាម​ការអញ្ជើញ​ឲ្យជួយ​សង្គ្រោះ​របស់ប្រធាន ម៉នសុន ។ មានយុវជនកាន់បព្វជិតភាពអើរ៉ុនសកម្ម កាន់តែ​ច្រើននា​សព្វថ្ងៃនេះ ជាង​ពេល​ណាៗ​ទាំងអស់​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ប៉ុន្តែ នៅតែមានអ្នក​ដែល​មិនសកម្ម និង ​អ្នក​ដែល​ត្រូវការ​ឲ្យ​អ្នកទៅជួយ ។

កាល​ពីខែ មិថុនា នៅពេលដែលសាខាថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុង ក្រុងបាំងកាល័រ ប្រទេសឥណ្ឌា មាន​យុវជន​តែម្នាក់​គត់ នៅក្នុង​ការប្រជុំបព្វជិតភាព ដែល​ជា​ឌីកុន​ទើប​បាន​តែងតាំង ឈ្មោះ ក្លាតវីន ។

ក្លាតវីន ជាមួយនឹងប្រធានក្រុមយុវជន និង ប្រធានសាខា បានចាប់ផ្តើមហៅយុវជនដែល​មិនសកម្ម ហើយ​សួរ​សុខទុក្ខ​ពួកគេ ដល់ផ្ទះគេ ។ មិនយូរប៉ុន្មាន មានយុវជនទីពីរឈ្មោះ សាំយ៉ូអែល បានចាប់ផ្តើមទៅព្រះវិហារម្តងទៀត ។

រៀងរាល់សប្តាហ៍ ក្លាតវីន និង សាំយ៉ូអែល បានទូរស័ព្ទទៅអ្នកទាំងនោះ​​ដែលមិន បានចូលរួមក្នុងការប្រជុំ​កូរ៉ុម ហើយបានចែកចាយនូវអ្វីដែលពួកគេបានរៀន ។ ពួកគេក៏បានទូរស័ព្ទ ឬ ក៏បានលេងជាមួយពួកគេ ក្នុង​ថ្ងៃខួបកំណើត​របស់គេដែរ ។ ម្តងម្នាក់ៗ ពួកយុវជន​ដែល​មិនសូវសកម្ម​បានក្លាយទៅ​ជាមិត្តរបស់ពួកគេ ហើយបានចាប់ផ្តើមទទួលការអញ្ជើញឲ្យមកក្នុងកម្មវិធីទាំងឡាយ​របស់​កូរ៉ុម ចូលរួមការប្រជុំកូរ៉ុម និង ទីបំផុត ធ្វើការបម្រើរបស់ពួកគេដោយផ្ទាល់ ។ សព្វថ្ងៃនេះ ពួកយុវជនទាំងអស់នៅក្នុងសាខា គឺសកម្មនៅក្នុង​សាសនា​ចក្រ ។

ព្រះគម្ពីរបង្រៀនថា​កូរ៉ុមនៃបព្វជិតភាពអើរ៉ុនគឺត្រូវអង្គុយនៅក្នុងក្រុមប្រឹក្សា និងលើកស្ទួយ—ឬស្ថាបនា និងពង្រឹង—គ្នាទៅវិញទៅមក។​ 9 អ្នកលើកស្ទួយ ក្នុងពេលអ្នកបង្រៀន​សេចក្ដី​ពិតនៃដំណឹងល្អ ចែកចាយបទពិសោធន៍ខាងវិញ្ញាណ និងចែកចាយទីបន្ទាល់។ កម្មវិធី​សិក្សា​របស់​យុវវ័យ លើក​ទឹកចិត្ត​ឲ្យ​មាន​នូវទំនាក់ទំនងប្រភេទនេះ​ នៅក្នុងការប្រជុំកូរ៉ុម ប៉ុន្តែ ការណ៍នេះ​អាច​កើតឡើង​បាន តែនៅពេលដែលសមាជិកគ្រប់រូបនៃកូរ៉ុម​មាន​អារម្មណ៍​នៃក្តីស្រឡាញ់ និងការគោរពប៉ុណ្ណោះ។ ការលលេង ការសើចចំអក ពុំត្រូវមានចំណែកនៅក្នុងការប្រជុំកូរ៉ុម​ឡើយ—ជាពិសេសនៅពេលមាននូវការចែកចាយអារម្មណ៍ដោយឥតលាក់លាម។ ​ គណៈប្រធាន​កូរ៉ុម ត្រូវតែដឹកនាំ​ក្នុងការធ្វើយ៉ាងណាឲ្យ​ ការប្រជុំកូរ៉ុម គឺជាទីកន្លែងសុវត្ថិភាពសម្រាប់ឲ្យជនគ្រប់រូបចូល​រួម។

សាវកប៉ុលបានទូន្មានថា « មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរ​បញ្ចេញតែពាក្យណាដែលល្អៗ សម្រាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់ អ្នកដែលស្តាប់» ។ 10

អ្នក​កាន់​បព្វជិតភាព​មិន​ដែល​ប្រើ ពាក្យជេរ ឬ ភាសាលាមកឡើយ ។​ពួកគេ​មិន​បន្ទាប​បន្ថោក ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ឈឺចាប់​ឡើយ ។ ពួកគេ​តែងតែ​ស្អាង និង​ពង្រឹង​គ្នា​ឡើង ។ នេះគឺជារបៀបដ៏សាមញ្ញ តែមានអនុភាព ដើម្បីបម្រើ ។

នៅគ្រប់ពេលទាំងអស់

កិច្ចការនៃការបម្រើគឺមិនត្រឹមតែស្ថិតនៅក្នុងរង្វង់នៃពិធីបរិសុទ្ធ ឬការបង្រៀនតាមផ្ទះ ឬ គម្រោង​បម្រើម្តងម្កាលនោះឡើយ។ យើងជាបុរសនៃបព្វជិតភាពជានិច្ច—មិនត្រឹមតែក្នុងថ្ងៃអាទិត្យ មិនត្រឹមតែ ពេលយើងពាក់អាវពណ៌ស និងក្រវាត់កទេ។ យើងមានកាតព្វកិច្ចដើម្បីបម្រើគ្រប់ទីកន្លែងដែល​យើង​នៅ។ ការបម្រើ គឺមិនត្រឹមតែជាអ្វី​ដែលធ្វើប៉ុណ្ណោះទេ—វាក៏​បង្ហាញថាយើងគឺជានរណាផងដែរ។

ចូរ​បម្រើរៀងរាល់ថ្ងៃ ។ ឱកាសជាច្រើនគឺមាននៅជុំវិញអ្នក ។ ចូរស្វែងរកឱកាសទាំងនេះ ។ ចូរ​ទូលសុំព្រះ​អម្ចាស់ ដើម្បីជួយអ្នកឲ្យរកឃើញឱកាសទាំងនេះ ។ អ្នកនឹងឃើញថា ភាគច្រើន ទង្វើដ៏​តូចតាច ហើយ​ស្មោះត្រង់ ​អាច​ជួយ​អ្នកដទៃឲ្យក្លាយទៅជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ 11

នៅពេលអ្នកខិតខំដើម្បីមាន​ភាពសក្ដិសមនឹងព្រះវិញ្ញាណ នោះ​អ្នក​នឹងដឹងពី​គំនិត និងអារម្មណ៍ដែលបំផុសគំនិត អ្នកឲ្យបម្រើ ។ ក្នុងពេលអ្នកអនុវត្ត​តាម​ការបំផុសគំនិតទាំងនេះ អ្នកនឹងទទួលការបំផុសទាំងនោះកាន់តែច្រើនឡើង ហើយឱកាស និងសមត្ថភាពរបស់អ្នក ដើម្បីបម្រើ នឹងកើនឡើងបន្ថែម​ដែរ ។

ប្អូនប្រុស​វ័យ​ក្មេង​របស់​ខ្ញុំអើយ ខ្ញុំថ្លែងទីបន្ទាល់ថា អ្នកត្រូវបានប្រទាននូវសិទ្ធិអំណាច និង អំណាច​នៃបព្វជិតភាព​អើរ៉ុនដ៏អស្ចារ្យ ដើម្បីនឹងបម្រើនៅក្នុងព្រះនាមរបស់ព្រះ ។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលអ្នកធ្វើបែបនេះ អ្នកនឹងជាឧបករណ៍នៅក្នុងព្រះហស្ដ​នៃ​ព្រះ ក្នុង​ការជួយអ្នកដទៃ ។ ជីវិតរបស់អ្នកនឹងកាន់តែមានអត្ថន័យ ។ អ្នកនឹងកាន់តែមានកម្លាំង​ដើម្បី​ទប់ទល់នឹងសាតាំង ។ អ្នកនឹងរកឃើញសុភមង្គលពិត—ជាប្រភេទសុភមង្គល​ដែលត្រូវបានរកឃើញតែ​នៅក្នុងចំណោមអ្នក​ដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ពិតប៉ុណ្ណោះ ។

សូមឲ្យអ្នក​ទទួល​នូវបទពិសោធន៍​នៃ​ក្តីអំណរ​ពី​ការបំពេញ​កាតព្វកិច្ចដ៏​ពិសិដ្ឋ​របស់​អ្នក​ក្នុង​ការបម្រើ ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូគ្រីស្ទ អាម៉ែន ។