ការ ផ្សាយ ប្រចាំ ឆ្នាំ
យុថ្កា​ខាង​វិញ្ញាណ


12:41

យុថ្កា​ខាង​វិញ្ញាណ

ការចាក់​ផ្សាយ​ប្រចាំ​ឆ្នាំ ២០២៤ សម្រាប់​ថ្នាក់ ស&វ.

ថ្ងៃ សុក្រ ទី ២៦ ខែ មករា ឆ្នាំ ២០២៤

ភរិយា​ខ្ញុំ គ្រីស្ទី បាន​ធំ​ឡើង​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាង​ត្បូង ហើយ​តែងតែ​ចូលចិត្ត​សមុទ្រ ។ រឿង​មួយ​ដែល​នាង​ចូលចិត្ត​ធ្វើ​គឺ​ទៅ​លេង​សើន​ប៉មពន្លឺ ។ ទោះបី​ជា​ឥឡូវ​នេះ​រស់​នៅ​ឆ្ងាយ​ពី​សមុទ្រ​ក្ដី ក៏យើង​បាន​ទៅ​មើល​សើន​ប៉មពន្លឺ​​ប្រហែល ១៥ កន្លែង​ផ្សេង​គ្នា​ជាមួយ​គ្នា ហើយ​ខ្ញុំ​បាន​ដឹង​អំពី​មូលហេតុ​ដែល​នាង​ស្រឡាញ់​វា​ខ្លាំង ។ ​រូបភាព​នៃ​សើន​ប៉មពន្លឺ ធ្វើ​ឲ្យ​ខ្ញុំ​ជាប់ចិត្ត ព្រោះវា​ឈរ​យ៉ាង​មាំ​ទប់ទល់​នឹង​ខ្យល់ និង​រលក​​ចាក់ជាប់​ទៅ​នឹង​គ្រឹះ​យ៉ាង​ជ្រៅ ហើយ​មាន​សុវត្ថិភាព​ខ្លាំង​ទោះបី​ជា​មាន​ខ្យល់ព្យុះ​កំណាច​ក៏​គ្មាន​អ្វី​អាច​បំបែក​វា​ចេញ​ពី​គ្រឹះ​ដែល​វា​បាន​ចាក់យ៉ាងជ្រៅ​នោះ​ដែរ ។ ដូច​គ្នា​នេះដែរ យើង​សង្ឃឹម​ថា​សិស្ស​របស់​យើង​នឹង​អាច​ឈរ​ទប់ទល់​នឹង​ព្យុះ​​ដែល​អាច​កើត​ឡើង​នៅក្នុង​ជីវិត​របស់​ពួក​គេ​បាន ។ សូម​អរគុណ​ចំពោះ​ការ​ផ្ដល់ជា​យុថ្កា​ខាង​វិញ្ញាណ​ដែល​ពួកគេ​ត្រូវការ និង​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​គ្រឹះ​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ព្រោះ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​របស់​បងប្អូន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្នាក់​វិទ្យា​ស្ថាន​មាន​សិស្ស​កើន​បន្ថែម​ចំនួន ៥៧០០០ នាក់ ហើយ​ការ​ចុះ​ឈ្មោះ​ថ្នាក់​សិក្ខា​សាលា​បាន​កើន​ឡើង​ដល់​ទៅ ២២០០០ នាក់ ទោះបី​ជា​មាន​សិស្ស​តិច​ចុះឈ្មោះ​ក៏​ដោយ ។ ឥឡូវ​នេះ​យើង​មាន​ភាគ​រយ​នៃ​ការចុះឈ្មោះសិស្ស​ថ្នាក់​សិក្ខា​សាលា​ខ្ពស់បំផុត​ដែល​យើង​មិន​ធ្លាប់​ទទួលរបាយការណ៍​ពីមុន​មក ។ សូម​អរគុណ​ដែលបាន​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ដើម្បី​ជួយ​ប្រមូល​ក្មួយៗ​ជំនាន់​ក្រោយ ។ ដូច​ដែល​លោក​បាន​បង្រៀនថា រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូលផ្តុំ​អ៊ីស្រាអែល​ហើយ ។ បន្ថែម​ពី​កំណើនការ​ចុះ​ឈ្មោះ​​កាល​ពី​ឆ្នាំ​មុន មិត្ត​ភក្តិ​​ជំនឿផ្សេង​ជាង ២៥០០០ នាក់​បាន​ចូលរួម​នៅក្នុង​ថ្នាក់​រៀន ហើយ​ពួក​គេ ៩០០០ នាក់ បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

សូម​អរគុណ​ចំពោះ​ការ​អញ្ជើញ​ផ្ទាល់​ខ្លួន​របស់​បងប្អូន និងការ​ធ្វើ​ការ​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ឪពុក​ម្ដាយ ព្រមទាំង​ការ​លើក​ទឹក​ចិត្ត​សិស្ស​របស់​បងប្អូន​ឲ្យ​អញ្ជើញ​មិត្តភក្តិ​ពួកគេ ។ អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​គឺ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ដ៏​អស្ចារ្យ មិន​ត្រឹម​តែ​ជា​តួលេខ​នៃ​ការចុះ​ឈ្មោះ​ប៉ុណ្ណោះ​ទេ ។ ភាព​ខុស​គ្នា​ដ៏​ពិតនោះ​គឺ​ឥទ្ធិពល​ដែល​បងប្អូន​កំពុង​មាន ។ ជីវិត​មនុស្ស​ជាច្រើន​កំពុង​ផ្លាស់​ប្ដូរ​រាល់​ថ្ងៃ​នៅ​ពេល​ពួកគេ​ចូល​រួមក្នុង​ថ្នាក់រៀន​របស់​បងប្អូន ដោយ​ពួកគេ​ទទួល​អារម្មណ៏​នូវ​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​ជំនឿ ហើយ​ពេល​ដែល​ពួកគេ​ទទួល​យក​ការ​អញ្ជើញ​របស់​បងប្អូន​ដើម្បី​សិក្សា​អំពី​ព្រះគម្ពីរ និង​ស្តាប់ឮ​ព្រះសូរសៀង​របស់​ព្រះ ។ សូម​អរគុណ​ចំពោះ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​បងប្អូន​ដើម្បី​ផ្តល់ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​កាន់តែ​ច្រើន​ឡើងៗ កាល​បងប្អូន​ផ្ដល់ជា​យុថ្កា​ខាង​វិញ្ញាណ​ដែល​ពួកគេ​ត្រូវការ​យ៉ាង​ខ្លាំង​បំផុត​នោះ ។

​ប៉ុន្មាន​ឆ្នាំ​មុន កាល​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​សិក្សា​ស្វែងយល់ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ផ្តល់​ពរជ័យ​ដល់​សិស្ស​របស់​យើង នោះ​យើង​បាន​សាកល្បង​វគ្គសិក្សា​ថ្មី​មួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ ​យើង​បាន​បង្រៀន​សិស្ស​ថ្នាក់​សិក្ខា​សាលា​ឆ្នាំ​ទី​មួយ​ពេញ​មួយ​ឆមាស​អំពី​កំណែ​កែ​សម្រួល​នៃ​វគ្គ​សិក្សា​ថ្នាក់​វិទ្យា​ស្ថាន មូលដ្ឋាន​គ្រឹះ​នៃ​ការសិក្សា​ព្រះគម្ពីរ ។ បន្ទាប់​ពី​ចប់​ឆមាស សិស្ស​ក្នុង​ថ្នាក់​ទាំង​នោះ​មាន​សមត្ថភាព​នាំ​មុខ​មិត្ត​ភក្តិ​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​ដ៏​មាន​អត្ថន័យ និង​ចូលរួម​ក្នុង​ការ​ពិភាក្សា​ក្នុង​ថ្នាក់ ។ ស្របពេល​នេះ​ដែរ កម្មវិធី​មួយ​ដែល​ហៅ​ថា Succeed in School [ ជោគជ័យ​នៅ​សាលារៀន ] បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​រៀន​បាន​ប្រសើរ​នៅ​សាលា ហើយ​ត្រៀម​ខ្លួន​បន្ថែម​សម្រាប់​ឱកាស​អប់រំ​នា​ពេល​អនាគត ។ បទ​ពិសោធន៍​ទាំង​ពីរ​នេះ​បាន​ទាក់អារម្មណ៍​របស់​អែលឌើរ ហ្គីលបឺត ហើយ​លោក​បាន​ចាប់​ផ្តើម​លើក​ទឹកចិត្ត​យើង​យ៉ាង​ខ្លាំង​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​អម្ចាស់​កំពុង​បង្រៀន​យើង ។

ពេល​រឿង​នេះ​កំពុង​កើត​ឡើង នោះ​ក៏​មាន​ការ​ពិភាក្សា​ជាមួយនឹង​សមាជិក​នៃ​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​អំពី​អ្វី​ដែល​ថ្នាក់​សិក្ខាសាលា​អាច​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ជួយ​រៀបចំ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ពេល​អនាគត ។ ការ​ពិភាក្សា​ផ្សេង​ទៀត​បាន​ធ្វើ​ឡើង​ជាមួយនឹង​សមាជិក​នៃ​នាយកដ្ឋាន​ព្រះ​វិហារ​បរិសុទ្ធ អំពី​ការ​ជួយ​អ្នក​ចូលរួម​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​លើក​ដំបូង​ឲ្យ​មាន​បទ​ពិសោធន៍​ដ៏​មាន​អត្ថន័យ​នៅ​ព្រះ​វិហារ​បរិសុទ្ធ និង​យល់​អំពី​សេចក្តី​សញ្ញា​ដែល​ពួក​គេ​នឹង​ធ្វើ ។ អ្នក​ឯ​ទៀត​បាន​និយាយ​នឹង​សមាជិក​នៃ​នាយកដ្ឋាន​សេវាកម្ម​សុខុមាលភាព និង​ភាព​ខ្លួន​ទី​ពឹងខ្លួន​អំពី​ការ​ជួយ​បំពេញ​តម្រូវ​ការ​នៃកំណើន​ទៅលើ​ផ្នែក​ភាពរឹងមាំ​ខាង​ផ្លូវចិត្ត និង​ភាព​ខ្លួន​ទី​ពឹងខ្លួន ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​ពិភាក្សា​អំពី​បំណងប្រាថ្នា​របស់មនុស្ស​ជា​ច្រើន ដែល​ចង់​ផ្តោត​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​បង្រៀន​របស់​ព្យាការី​សម័យ​ទំនើប​ ។

ប្រៀបដូចជា​ដៃ​ទន្លេ​ដែល​ហូរចាក់​ចូលទៅ​ក្នុង​ទន្លេ​ដែរ គំនិត​ជាច្រើន​ហាក់​ដូច​ជា​រួមគ្នា​ចង្អុល​បង្ហាញ​យើងទៅ​ទិស​ដៅ​ស្រដៀង​គ្នា​នោះ ។ នៅពេល​យើង​បាន​ពិចារណា​អំពី​លទ្ធភាព នោះ​យើង​បាន​ដឹង​ថា​ថ្នាក់​សិក្ខាសាលា​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ពិសេស​មួយ ។ មនុស្ស​ល្អ​ផ្សេង​ទៀត ដូច​ជា​ទីប្រឹក្សា​សាលា ឬ​គ្រូ​ពេទ្យ​គ្រួសារ ក៏​អាច​ជួយ​ដោះស្រាយ​ប្រធាន​បទ​នៃ​តម្រូវការនោះ និង​អាច​ជា​ជំនួយ​យ៉ាងខ្លាំង ប៉ុន្តែ​យើង​មាន​សមត្ថភាព​ដ៏​ពិសេស​​ក្នុង​ការ​ដោះស្រាយ​ប្រធានបទ​ទាំង​នោះ​តាម​រយៈ​កញ្ចក់​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ក៏​បាន​ដឹង​ផង​ដែរ​ថា​ យើង​មាន​លក្ខណៈពិសេស​សូម្បី​តែ​នៅ​ក្នុង​សាសនាចក្រ ព្រោះតែ​យើង​មាន​ពេលជាមួយនឹង​យុវវ័យ​របស់​យើង​ជា​រៀង​រាល់​សប្តាហ៍ ។

យើង​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិសេស​នៃ​ប្រវត្តិ​សាស្ត្រ​របស់​យើង​ផ្ទាល់​ផង​ដែរ ។ ចាប់តាំង​ពីបាន​ដាក់​កាលវិភាគ​របស់​យើង​ឲ្យ​ត្រូវ​ជាមួយនឹង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ឥឡូវនេះ យើង​សិក្សា​ព្រះគម្ពីរ​ដូចគ្នា​នឹង​សមាជិក​ម្នាក់ៗ ក្រុមគ្រួសារ និង​ថ្នាក់​​ដទៃទៀត​ក្នុង​សាសនាចក្រ​ផងដែរ ។ រឿងនេះ​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា​តើ​យើង​អាច​ទុក​ពេល​វេលា​ដ៏​មាន​តម្លៃ​មួយ​ចំនួន​របស់​យើង ដើម្បី​ដោះ​ស្រាយ​ប្រធាន​បទ​ជាក់លាក់​ដោយ​ផ្ទាល់​នៅ​ក្នុង​បរិបទ​នៃ​ការ​សិក្សា​របស់​យើង​អំពី​ព្រះគម្ពីរ​ដែរ​ឬ​ទេ ។ ដោយ​មាន​យោបល់​ទាំង​អស់​នេះ​ហូរ​ចូល​ទៅ​ក្នុង​គំនិត នោះ​យើង​បន្ត​កាន់​ខ្ជាប់​នូវ​គំនិត​មូលដ្ឋាន​មួយ​ចំនួន ។ យើង​ប្តេជ្ញា​ចិត្ត​ជានិច្ច​ថានឹង​ផ្តោត​ទៅ​លើ​ព្រះ​គ្រីស្ទ ដោយ​ផ្អែក​លើ​ព្រះ​គម្ពីរ និង​សិស្ស ។ យើង​នឹង​ខិតខំ​ជានិច្ច​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ផ្តោត​លើ​គោលបំណង​របស់​យើង​ក្នុង​ការពង្រឹង​ដល់​ការ​ផ្លាស់​ប្រែចិត្តជឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។

ពេល​យើង​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​គំនិត​ទាំងនេះ​ទាក់ទង​ទៅនឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ប្រទាន​ពរ​ដល់​យុវវ័យ នោះ​យើង​បាន​នឹកឃើញ​ពី​អែលឌើរ ដេវីឌ អេ បែដណា ដែល​បាន​បង្រៀន​អំពី​តម្លៃ​នៃ​ការ​សិក្សា​ព្រះគម្ពីរ​តាម​វិធី​បី​យ៉ាង​គឺ ៖ ​តាមលំដាប់ ប្រធាន​បទ និង ជា​អត្តបទ​ខ្លីៗ ។ លោក​បាន​បង្រៀនថា ៖

« ការអាន គម្ពីរ​មួយ​តាំង​ពី​ដើម​រហូត​ដល់​ចប់​គឺ​ជាការ​ចាប់​ផ្តើម​ទន្លេ​ទឹករស់​ទៅ​ក្នុង​ជីវិត​របស់​យើង​ដោយ​ណែនាំ​ដល់​យើង​នូវ​ដំណើររឿង​សំខាន់ៗ គោលលទ្ធិ​នៃ​ដំណឹងល្អ និង​គោលការណ៍​អស់កល្ប​ទាំងឡាយ ។ …

… ការសិក្សា​តាម​ប្រធានបទ​ពង្រីក​​ចំណេះដឹង​របស់យើង​កាន់តែ​ជ្រៅជ្រះ » ។

អែលឌើរ បែដណា បាន​បន្ថែម​ថា ៖

« ការស្រាវជ្រាវ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ស្វែងរក​នូវ​ទំនាក់ទំនង​ គំរូ និង​ប្រធានបទ​នានា​គឺ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​មាន​ន័យ​ថា ‹ ទទួលទាន › នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ វិធីសាស្ត្រ​នេះ​អាច​បើក​ទ្វារ​ឃ្លាំង​ខាង​វិញ្ញាណ បំភ្លឺ​ការយល់ដឹង​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ និង​បង្កើត​ឲ្យ​មាន​អំណរគុណ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ និង​កម្រិត​នៃ​ការតាំងចិត្ត​ខាង​វិញ្ញាណ​មួយ​ដែល​មិន​អាច​ត្រូវ​បាន​ទទួល​តាម​វិធី​ណា​ផ្សេង​ទៀត​ឡើយ ។ ការ​ស្វែងរក​បែប​នេះ​អាច​ឲ្យ​យើង​សង់​លើ​ថ្មដា​នៃ​ព្រះប្រោសលោះ​របស់​យើង ហើយទប់​ទល់​នឹង​ខ្យល់​នៃ​អំពើ​ទុច្ចរិត​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ » ។

ដោយ​ដឹង​ថា​យើង​ចាំបាច់​ត្រូវ​ស្មោះត្រង់​ចំពោះ​ប្រវត្តិ​ដ៏​យូរលង់ និង​មាន​តម្លៃ​របស់​យើង​អំពី​ការ​បង្រៀន​ព្រះគម្ពីរ​តាម​លំដាប់លំដោយ ព្រមទាំង​បន្ត​ទទួល​បាន​ប្រយោជន៍​មកពី​ការដាក់​ឲ្យ​ត្រូវ​នឹងសៀវភៅ ចូរ​មក​តាម​ខ្ញុំ ហើយ​យើង​ក៏​ដឹង​ផង​ដែរ​ថា យុវវ័យ​របស់​យើង​មាន​ឧបសគ្គ​ជាក់លាក់ និង​តម្រូវ​ការ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​អនាគត នោះ​យើង​បាន​យក​អនុសាសន៍​ដូច​ខាង​ក្រោម​ទៅកាន់​ក្រុម​ប្រឹក្សាភិបាល​នៃ​ការអប់រំ ។ ឥឡូវ​ខ្ញុំ​សូម​អាន​ពី​របាយការណ៍​ការប្រជុំ​ក្រុម​ប្រឹក្សាភិបាល ។

« [ រដ្ឋបាល​នៃ​ថ្នាក់​សិក្ខា​សាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ]​បាន​ណែនាំ​ឲ្យ​បង្កើត​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខា​សាលា​ដែល​បង្រៀន​សៀវភៅ ចូរ​មក​តាម​ខ្ញុំ តាម​វិធីសាស្រ្ត​ជា​លំដាប់​ចំពោះ​ព្រះគម្ពីរ រយៈពេល​៣–​៤​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ និង​មេរៀន​អត្ថបទ​ខ្លីៗ ១–​២​ដង ក្នុង​មួយ​សប្ដាហ៍ ( ដែល​មាន​ពី​ប្រធានបទ​ដូចជា បេសកកម្ម ព្រះវិហារ​បរិសុទ្ធ និង​ការ​រៀបចំ​ការអប់រំ ជំនាញ​សិក្សា​ព្រះគម្ពីរ ភាពរឹងមាំ​ខាង​ផ្លូវចិត្ត ជំនាញ​ជីវិត និង​ការបង្រៀន​របស់​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ) ។ មេរៀន​អត្ថបទ​ខ្លីៗ​ក៏​នឹង​ចាក់​ឫស​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​ផ្តោតលើ​គោលការណ៍​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផង​ដែរ » ។

អនុសាសន៍​នេះ​ត្រូវ​បាន​អនុម័ត​ឲ្យ​អនុវត្ត​ទូទាំង​ពិភព​លោក​ដោយ​សាទរ ដែល​ចាប់​ផ្តើម​នៅ ខែ មករា ឆ្នាំ ២០២៥ ។

សូម​កត់​សម្គាល់​ថា រៀងរាល់​សប្តាហ៍​យើង​នឹង​បន្ត​បង្រៀន​ព្រះគម្ពីរ​តាម​លំដាប់លំដោយ ។ វា​ជា​ការ​ចាំបាច់​ដែល​យើង​បន្ត​ជួយ​សិស្ស​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​សិក្សា និង​យល់​អំពី​ព្រះគម្ពីរ ព្រមទាំង​ដឹង និង​រស់​នៅ​តាម​គោលការណ៍​ដែល​ពួកគេ​បង្រៀន ។ យើង​ក៏​នឹង​បន្ត​ជួយ​យុវវ័យ​ឲ្យ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ តាម​រយៈ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​ប្រធាន​បទ​ថ្មី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា « មេរៀន​រៀបចំ​សម្រាប់​ជីវិត » ក៏​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ថ្មី​នេះ​ផង​ដែរ ។ មេរៀន​ទាំង​នេះ​នឹង​លើក​ឡើង​អំពី​តម្រូវការ​ជាក់លាក់​របស់​សិស្ស​ថ្នាក់​សិក្ខា​សាលា​ តាម​របៀប​ដែល​នឹង​បន្ត​ផ្តោតលើ​ព្រះគ្រីស្ទ ដោយ​ផ្អែកលើ​ព្រះ​គម្ពីរ និង​ការ​ផ្ដោត​របស់​សិស្ស ។

មេរៀន​ទាំង​នេះ​នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រើ​ជំនាញ បទពិសោធន៍ និង​អំណោយទាន​នានា​ដែល​បងប្អូន​បាន​ប្រើ​ក្នុងនាម​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​តាម​លំដាប់​លំដោយ ។ ការនេះ​មិន​ចាប់ផ្ដើម​ឡើងវិញ​ទេ ។ យើង​មិន​សុំ​ឲ្យ​បងប្អូន​ក្លាយ​ជា​អ្នក​ជំនាញ​លើ​ប្រធាន​បទ​ថ្មីៗ​ទាំង​នេះ​ទេ ។ តាម​ពិតទៅ យើង​សង្ឃឹម​ថា​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ដើរ​តួនាទី​ជា​ឪពុក​ម្ដាយ ឬ​គ្រូ​ពេទ្យ​ព្យាបាល ទីប្រឹក្សា ឬ​អ្នក​ជំនាញ​នោះទេ ។ យើង​គ្រាន់​តែ​សុំ​ឲ្យ​បងប្អូន​បន្ត​ចាក់​ឫស​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ការ​បង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សម្ភារ​ដែល​ពាក់ព័ន្ធ និង​ដែល​បាន​អនុម័ត​ថ្មី​ទាំង​នេះ​ប៉ុណ្ណោះ ។

ដើម្បី​ជួយ​បងប្អូន​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ ២០២៥ សម្ភារថ្មី​នឹង​ត្រូវ​ផ្ញើ​ទៅកាន់​បងប្អូន​នៅ​ខែ កក្កដា ឆ្នាំ ២០២៤ ដែល​នឹង​ដាក់​បញ្ចូល​ទាំង​មេរៀន ចូរ​មក​តាម​ខ្ញុំ និង​មេរៀន​ត្រៀម​សម្រាប់​ជីវិត​ផងដែរ ។ យើង​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ពិនិត្យ​មើល​មេរៀន​ទាំង​នេះ​ឡើងវិញ​នៅ​ពេល​នោះ ហើយ​ក៏​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ចាប់​ផ្ដើម​ចែកចាយ​សេចក្ដី​ប្រកាស​នេះ​ដល់​ឪពុក​ម្តាយ ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន និង​សាលា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​បន្ថែម​ទៀត ។ យើង​សង្ឃឹម​ថា​នឹង​បើក​អាង​ស្តុកទឹក​ខាង​វិញ្ញាណ​ដែល​យើង​មិនធ្លាប់​បានឃើញ​ពី​មុន​មក តាមរយៈ​ការ​ដាក់បញ្ចូល​វិធីសាស្ត្រ​ការសិក្សា​ព្រះគម្ពីរ​តាមលំដាប់លំដោយ និង​ជា​អត្ថបទ​ខ្លីៗ​នេះ ។

សេចក្ដី​សង្ឃឹម​របស់​យើង គឺ​ដើម្បី​ជួយ​រៀបចំ​ជំនាន់​យុវវ័យ​ឲ្យ​ដឹង​អំពី​របៀប​សិក្សា​ព្រះគម្ពីរ ហើយ​តោងជាប់​ទៅនឹង​ការ​បង្រៀន​របស់​ព្យាការី​ដែល​នៅរស់ ។ ជំនាន់​នៃ​យុវវ័យ​ដែល​មាន​ភាពរឹងមាំ​ខាង​ផ្លូវចិត្ត​មាន​ជំនាញ និង​សមត្ថភាព​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សាលា ហើយ​ក្លាយ​ជា​ឪពុក និង​ម្ដាយ​ដ៏​សុចរិត និង​ជា​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ និងសហគមន៍​របស់​ពួកគេ ។ សេចក្ដី​សង្ឃឹម​របស់​យើង គឺ​ដើម្បី​ជួយ​ដល់​ជំនាន់​មួយ​ឲ្យ​ត្រៀម​ខ្លួន​យល់ដឹង​អំពី​សេចក្ដី​សញ្ញា​នៃ​ព្រះ​វិហារ​បរិសុទ្ធ ជា​ជំនាន់ដែល​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ និង​ជា​ជំនាន់​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​ភាព​សក្ដិសម មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ មាន​ថាមពល​ខាង​វិញ្ញាណ និង​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះ​អង្គ​សង្គ្រោះ​នៅក្នុង​ការ​អញ្ជើញ​ពិភពលោក​ឲ្យ​មករក​ទ្រង់ ។

សេចក្ដី​សង្ឃឹម​របស់​យើង គឺ​ដើម្បី​រៀបចំ​ជំនាន់​នៃ​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​​ដែល​បាន​ផ្លាស់​ប្រែចិត្តជឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ទ្រង់ និង​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ សូម​អរគុណ​ម្តង​ទៀត​ចំពោះ​ការ​ប្រមូល​ជំនាន់​យុវវ័យ និង​ឥទ្ធិពល​ដ៏​អស្ចារ្យ​ដែល​បងប្អូន​មាន​ទៅ​លើ​ពួក​គេ ។ យើង​ដឹងថា​បងប្អូន​មាន​តួនាទី​ត្រូវ​បំពេញ​ជា​ច្រើន ។ អរគុណ​បងប្អូន​ទាំង​អស់​គ្នា​ដែល​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ​ណាស់ ។ នៅ​ពេល​ដែល​បងប្អូន​បន្ត​អនុវត្ត​សេចក្តី​ជំនឿ ខ្ញុំ​ជឿ​ថា​បងប្អូន​នឹង​មើល​ឃើញ​អព្ភូតហេតុ ដែលថា​ព្រះ​អម្ចាស់​បាន​រៀបចំ​ដើម្បី​ពង្រឹង និង​ការពារ​សិស្ស​យើង​ឲ្យ​ឈរ​ទប់ទល់​នឹង​ព្យុះសង្ឃរា​នា​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ព្រះអម្ចាស់​នឹង​បន្ត​ជួយ​ដល់​បងប្អូន ។ នោះ​គឺ​ជា​អ្វី​ដែល​ទ្រង់​ធ្វើ ។ នោះ​គឺ​ជា​ជារបៀប​របស់​ទ្រង់ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​អំពី​ទ្រង់​នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន និង វេនឌី ដ័បុលយូ ណិលសុន « Hope of Israel » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ​២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  2. ដេវីឌ អេ បែដណា « A Reservoir of Living Water » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) ទំព័រ ៣ នៅលើ​គេហទំព័រ​speeches.byu.edu ។