ការ ផ្សាយ ប្រចាំ ឆ្នាំ
ទុកចិត្ត​លើ​ព្រះ


23:27

ទុកចិត្ត​លើ​ព្រះ

ការចាក់​ផ្សាយ​ប្រចាំ​ឆ្នាំ ខែ មករា ឆ្នាំ ២០២៤ សម្រាប់​ថ្នាក់ ស&.វ.

ថ្ងៃ សុក្រ ទី ២៦ ខែ មករា ឆ្នាំ ២០២៤

វា​ជា​ពរជ័យ​ណាស់​ដែល​បានថ្លែង​ទៅកាន់​បងប្អូន—ដែល​ជា​អ្នក​អនុវត្ត​ជា​ច្រើន​ក្នុងការ​ដឹកនាំ​ជំនាន់​ក្មេងៗ​ទៅកាន់​ព្រះ​គ្រីស្ទ ។ ការងារ​របស់​បងប្អូន​គឺជា​ការងារ​នៃ​ការបង្រៀន និង​ការ​ផ្លាស់​ប្រែចិត្តជឿ ។ ដៃគូ​របស់​បងប្អូន​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ រង្វាន់​របស់​បងប្អូន​គឺ​ហួស​ពី​ការថ្លែង ។ នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះអង្គ​សង្រ្គោះ « នោះ​អ្នក​នឹង​មាន​សេចក្តី​អំណរ​ដ៏​មហិមា … នៅក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង ! » ។

ខ្ញុំ​អរគុណ​ចំពោះ​អ្វី​ដែល​យើង​បាន​ស្តាប់ឮ​ពី​អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ដែល​ជា​អ្នក​តំណាង​ផ្នែក​អប់រំ និង​ប្អូនប្រុស ឆាដ អេច វិប ជា​អ្នកគ្រប់គ្រង​ផ្នែក​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ។ ខ្ញុំ​កោតសរសើរ និង​រីករាយ​ក្នុងការ​បម្រើ​ជាមួយ​បុរស​ទាំង​ពីរ​រូប​នេះ ។ ខ្ញុំ​គាំទ្រ​ការដឹកនាំ និង​ដំបូន្មាន​ដ៏​ឈ្លាសវៃ​ដែល​យើង​ទើប​តែ​បានទទួល ។ ពួកគាត់​ចេះសេចក្តី​ដែល​ពួកគាត់​និយាយ ។ ខ្ញុំ​រំភើប​ចំពោះ​ការរីកចម្រើន​ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ដែល​ប្អូនប្រុស វិប បាន​រាយការណ៍ ។ សូម​អបអរសាទរ និង​អរគុណ​ដល់​អស់​អ្នក​ដែល​មាន​តួនាទី​ក្នុងនោះ ។

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​ចងចាំ​ពាក្យ​សម្តី​របស់​អែលឌើរ ហ្គីលបឺត អំពី​ការសិក្សា និង​ការពង្រីក​ការគូសបញ្ជាក់​របស់​ព្យាការី​ដែល​ជា​ប្រធាន រ័សុល អិម ណិលសុន ព្រមទាំង​ពួក​សាវក និង​ព្យាការី​ផ្សេងទៀត ។ គំរូ​ដែល​លោក​បាន​លើកឡើង​អំពី​របៀប​ដែល​កិច្ចការ​នេះ​ត្រូវ​ធ្វើ​ហើយ​ធ្វើ​ឡើង​ដោយ​មាន​ប្រសិទ្ធភាព គឺ​មាន​អត្ថប្រយោជន៍​ជា​ពិសេស ។ បងប្អូន​អាច​ចម្លង​គោលគំនិត​ផ្សេងៗ និង​ស្វែងរក​ការបំផុសគំនិត​ដែល​អនុវត្ត​ក្នុងស្ថានភាព​របស់​បងប្អូន ។ នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​ការអប់រំ​របស់​សាសនាចក្រ ហើយ​នឹង​ទទួល​បាន​ផលផ្លែ​ដ៏​សំខាន់ ។

ខ្ញុំ​រំភើបចិត្ត​ជា​ពិសេស—ថែមទាំង​ចាប់អារម្មណ៍​—នូវ​អ្វី​ដែល​ប្អូនប្រុស វិប បានប្រកាស​ទាក់ទង​នឹង​មេរៀន​ខ្លីៗ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ គាត់​បានសង្កត់ធ្ងន់​ថា យើង​នឹង​បន្ត​ប្រើ​វិធីសាស្ត្រ​នៃ​ការបង្រៀន​បទគម្ពីរ​ជា​លំដាប់​លំដោយ​របស់​យើង​ដែល​ជា​គ្រឹះ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ប៉ុន្តែ​ថា​យើង​នឹង​បន្ថែម​មេរៀន​ជា​ផ្សេងៗ​នៅក្នុង​សប្តាហ៍​ភាគច្រើន ដែលវាជា​គោលគំនិត​ដូចជា បេសកកម្ម ព្រះវិហារបរិសុទ្ធ ការរៀបចំ​ខ្លួន​ទទួល​ការអប់រំ ជំនាញ​សិក្សា​ព្រះគម្ពីរ ភាពធន់​ផ្នែក​អារម្មណ៍ ជំនាញ​ជីវិត ការបង្រៀន​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ល។ ចំពោះ​ខ្ញុំ ការណ៍​នេះវា​ហាក់​ដូចជា​ការថែម​ផ្លែឈើ និង​គ្រឿងទេស​ស្រស់ៗ​ទៅ​ក្នុង​នំ​ផាយ ។ វា​ប្រាកដ​ជា​ឆ្ងាញ់​ណាស់ ។ ខ្ញុំ​អន្ទះសា​ចង់រៀន​ពី​វិធីសាស្ត្រ​នេះជាមួយ​បងប្អូន ហើយ​ខ្ញុំ​រីករាយ​ដែល​អាច​ផ្តល់​អ្វីមួយ​បន្ថែម​ទៀត​ដល់​បងប្អូន​ដែល​ប្រឹងប្រែង និង​ជាការលះបង់​ដើម្បី​ចូល​រៀន​ថ្នាក់​សិក្ខាសាលា ។ ទោះជា​យ៉ាងណា សូម​បរិភោគ​នំ​ផាយ​ឲ្យ​បាន​ឆ្ងាញ់ !

ខ្ញុំ​ចង់​និយាយ​ពី​ការព្រួយបារម្ភ​មួយ​ដែល​ហាក់​ដូចជា​ញាំញី​យើង​ដែលវា​មិន​ធ្លាប់​មាន​ក្នុង​ជំនាន់​យុវវ័យរបស់​យើង ។ ខ្ញុំ​សំដៅ​ទៅ​លើ​អារម្មណ៍​ពិត​នៃ​ការថប់បារម្ភ និង​ការធ្លាក់​ទឹកចិត្ត និង​​ផលផ្លែ​ល្វីង​ដែល​អារម្មណ៍​ទាំងនេះ​មាន—រួមទាំង​ការប្រើ​សារធាតុ​ញៀន ការធ្វើបាបខ្លួន​ឯង និង​សូម្បីតែ​ការធ្វើ​អត្តឃាត ។ ស្ថិតិ​មួយ​ចំនួន ៖

ចន្លោះ ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០២១ របាយការណ៍ជា​សាកល​អំពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដេក​ពេទ្យ​ក្នុង​ចំណោម​យុវវ័យ​បាន​កើនឡើង​ពី ១៣.១% ទៅ ២៩.២% សម្រាប់​ស្ត្រី និង​ពី ៥% ទៅ ១១.៥% សម្រាប់​បុរស ។ ក្នុង​ចំណោម​យុវវ័យ​អាយុ​ពី ១២ ឆ្នាំ ទៅ ១៧ ឆ្នាំ ហើយ ២១%​បាន​ជួបប្រទះ​នឹង​រឿង​ធ្លាក់​ទឹកចិត្ត​ដ៏​ច្រើន​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆាកជីវិត​របស់​ពួកគេ ហើយ​កាល​ពី​ឆ្នាំ​មុន​មាន ១៥% ។ តួ​លេខ​ទាំងនេះ​ពុំ​មែន​ថើរ​នោះ​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​នៃ​ការធ្លាក់​ទឹកចិត្ត និង​ការថប់បារម្ភ ដែល​ប៉ះពាល់​ដល់​យុវវ័យ​ជា​ច្រើន​ទៀត ។ យោងតាម​វិបសាយ WebMD មាន​អ្នក​ទទួលរង ការថប់បារម្ភ​ក៏​ដូចជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​អ្នក​មាន​បញ្ហា​ជិត ៦០% ។

ការសិក្សា​ស្រាវជ្រាវ​របស់​សាសនាចក្រ​អំពី​សមាជិក​ជា​យុវវ័យ​បានបង្ហាញ​ថា​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ យុវវ័យ ២៩% បាន​ពុះពារ​នឹង​ការថប់បារម្ភ​ធ្ងន់ធ្ងរ ។ ជាការពិត​ណាស់ បញ្ហា​នេះ​មាន​ផ្សេងៗគ្នា​ទៅ​តាម​ប្រទេស ហើយ​វា​អាច​នឹងមិន​តំណាង​ឲ្យ​យុវវ័យ​ទាំងអស់​នៅ​ប្រទេស​នីមួយៗ​នោះ​ទេ ប៉ុន្តែ​នោះ​គឺជា​តួលេខ​នៃ​ការថប់​បារម្ភ​ធ្ងន់ធ្ងរ​ដែល​មាន ជាឧទាហរណ៍​នៅ​សហរដ្ឋ​អាមេរិក ២៨% ឈីលី ៣២% បារាំង និង​បែលហ្ស៊ិក ១៦% អាហ្វ្រិក​ខាងត្បូង ៤៦% តៃវ៉ាន់ ១៨% នូវែលសេឡង់ ៣២% ។

ជា​ការពិត​ណាស់ មាន​កត្តា​ជាច្រើន​ដែល​នាំឲ្យ ឬ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការវិវឌ្ឍ​នៃ​ជំងឺធ្លាក់​ទឹកចិត្ត និង​ការថប់​បារម្ភ ។ ក្នុង​ករណី​ខ្លះ អាច​មាន​កត្តា​ដែល​កើតឡើង​នៅ​កន្លែង​ធ្វើការ ។ ក៏​មាន​កត្តា​ខាងក្រៅ​មួយចំនួន​ដែល​ទាក់ទង ដូចជា​ភាពមិន​អនុគ្រោះ ( រួមទាំង​ការប៉ះទង្គិច​ផ្លូវចិត្ត និង​ការមិន​យកចិត្តទុកដាក់​ផងដែរ ) ពោល​គឺ​មាន​ភាពតានតឹង របៀប​ចញ្ចឹមកូន​របស់​ឪពុកម្តាយ ទំនោរ​ខាង​ផ្លូវភេទ ឥទ្ធិពល​មិត្តភក្តិ និង​ក្រុម​សង្គម កត្តាសាលារៀន និង​ចរិត​លក្ខណៈ​ជាដើម។

កត្តាថ្មី​មួយ​ដែល​ទាក់ទងនឹង​កំណើន​នៃ​ការរីកសាយ​បញ្ហាថប់បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ បញ្ហា​នេះ​មាន​ការ​យកចិត្ត​ទុកដាក់ និង​ផ្ដល់​ព្រមាន​មក​ពី​ការិយាល័យ​របស់​អគ្គ​គ្រូពេទ្យ​វះកាត់​របស់​សហរដ្ឋ​អាមេរិក ។ នៅ​សហរដ្ឋ​អាមេរិក គេ​ប៉ាន់ស្មាន​ថា ៩៥% នៃ​ក្មេង​ជំទង់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​ជិត​ពីរ​ភាគ​បី​ប្រើប្រាស់​វា​ជា​រៀង​រាល់​ថ្ងៃ ។ ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ក្មេង​ជំទង់​ទាំងនេះ​បានចំណាយ​ពេល​ជា​មធ្យម​៣​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​រាយការណ៍​ថា វា​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ការយល់​ឃើញ​ពី​ខ្លួន​ពួកគេ ។ មាន​គំរូ​មួយ​ចំនួន​នៃ​ការចូលរួម​តាម​អ៊ីនធឺណិត​ដែល​ព្យាករណ៍​ពី​លទ្ធផល​អវិជ្ជមាន៖ ឧទាហរណ៍ ការគំរាម​កំហែង​តាមអ៊ីនធឺណិត ការរួមភេទ និង ការចំណាយពេល​ច្រើន​អាន​រឿង​អវិជ្ជមាន ។ ( និយាយ​អញ្ចឹង សម្រាប់​បងប្អូន​ដែល​មិន​ធ្លាប់​ឮ​ដូច​ជា​ខ្ញុំ « ការចំណាយពេល​ច្រើន​អាន​រឿង​អវិជ្ជមាន » គឺជា​ការសំដៅ​លើ​ការចំណាយ​ច្រើន​នៅលើ​ទូរសព្ទ ឬ​កុំព្យូទ័រ​ដោយ​ផ្តោតលើ​ព័ត៌មាន​អវិជ្ជមាន ។ ជាក់ស្តែង មនុស្ស​មួយ​ចំនួន ទម្លាប់​នោះ​គឺ​អត់​ពុំ​បាន ទេ និង​លួងលោមចិត្ត​ដោយ​ងងឹត​ងងុល ) ។ ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​អកម្ម—ពោល​គឺ​ការចំណាយ​ពេល​មើល​មាតិការ​វា​ដោយ​គ្មាន​គោលដៅ—វា​បង្កើន​អារម្មណ៍​នៃ​ភាពអន់ខ្សោយ និង​ការប្រៀបធៀប​អវិជ្ជមាន ខណៈ​ដែល​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​សកម្ម ឬ​មាន​គោលដៅ ( ដូចជា​ការចុះផ្សាយ ការបញ្ចេញមតិ និង​ការភ្ជាប់​ទំនាក់ទំនង ) នោះ​វាពុំ​មាន​ភាព​អវិជ្ជមាន​ដូចគ្នា​នេះ​ទេ ។

ការស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ផងដែរ​ថា​មាន​កត្តា​ការពារ​មួយ​ចំនួន​ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ថប់បារម្ភ និង​ធ្លាក់​ទឹកចិត្ត​បាន ។ ទាំងនេះ​រួម​មាន​សកម្មភាព​រាងកាយ សេចក្ដី​ស្រឡាញ់ ការតស៊ូ និង​ការគ្រប់គ្រង​ខ្លួនឯង ។

ខ្ញុំ​ផ្ទាល់​ជឿ​ថា​ការបាក់​ទឹកចិត្ត និង​ការថប់​បារម្ភ​ជាច្រើន​កើតឡើង​មក​ពី​ការ​មិន​យល់ ឬ​មិន​ចាំ​អំពី​ផែនការ​របស់​ព្រះ ហើយ​ទុកចិត្ត​លើ​ព្រះចេស្តា​របស់​ទ្រង់​នៅពេល​មាន​បញ្ហា​កើត​ឡើង ។ បើ​ពុំជឿ​លើ​ការពិត​នៃ​ព្រះ សេចក្ដីស្រឡាញ់​របស់​ទ្រង់ និង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ទេ នោះ​គំនិត​វ័យក្មេង​អាច​មើលឃើញ​អនាគត​របស់​ពួកគេ​ថា​​ងងឹតងងល់ និង​អន់ខ្សោយ ។ យើង​ពុំ​ស្វែងរក​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ដើម្បី​ធ្វើ​ជា​អ្នកប្រឹក្សា ឬ​អ្នក​ឯកទេស​សុខភាព​ផ្លូវចិត្ត​នោះ​ទេ ។ ផ្ទុយទៅវិញ យើង​ធ្វើ​ប្រឆាំង​ទៅ​នឹង​កត្តា​សង្គម​ដែល​ជម្រុញ​ឲ្យ​មាន​កំណើន​នៃ​ការថប់បារម្ភ និង​ការ​ធ្លាក់​ទឹកចិត្ត ។ យើង​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ក្តី​សង្ឃឹម ។ យើង​ជា​សំឡេង​នៃ​សេចក្ដី​សង្ឃឹម ជា​សេចក្ដី​សង្ឃឹម​ដែល​ចាក់​ឫស​ដោយ​សេចក្ដី​ជំនឿ និង​ការ​ទុក​ចិត្ត​លើ​ព្រះ ។

ការ​យល់​ដឹង​អំពី​ផែនការ​នៃ​ការ​ប្រោសលោះ​របស់​ព្រះវរបិតាសួគ៌​យើង—ជា​ពិសេស​ផ្នែក​សំខាន់​នៃ​ផែនការ​នោះ គឺ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ—ផ្តល់​នូវ​ការ​ធានា​ដ៏មហិមាបំផុត ។ វា​បង្កើត និង​រក្សា​ភាពធន់​ខាង​វិញ្ញាណ និង​អារម្មណ៍—ដោយ​ដឹង​ពី​មូលហេតុ​នៃ​ការរស់នៅ​របស់​យើង និង​គោលបំណង​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​បង្រៀន​តាម​សិក្ខាបទ និង​គំរូ​ដល់​អ្នកណា​ដែល​ពួកគេ​អាច​ស្វែងរក​ការជួយសង្គ្រោះ និង​ការគាំទ្រ ។ សូម​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអង្គសង្រ្គោះ​រស់នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ថា « ខ្ញុំ​ប្រាប់​សេចក្តី​ទាំងនេះ ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​សេចក្តី​សុខសាន្តនៅក្នុង​ខ្ញុំ ។ ដោយសារ​ខ្ញុំ​នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។ សេចក្ដី​សញ្ញា​របស់យើង​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ ហើយ​ដោយសារ​ទ្រង់ នោះ​យើង​ក៏​អាច​យក​ឈ្នះ​ពិភពលោក​នេះ ។

យើង​អាច​ជួយ​សិស្ស និង​អ្នក​ដទៃ​ឲ្យ​ស្ថាបនា​គ្រឹះ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅលើ​« សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​របស់​ព្រះ » ដើម្បី​« ឲ្យកាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែនហើយ​ព្រួញ​របស់​វា​នៅក្នុង​ខ្យល់​គួច មែនហើយ កាលណាព្រិល និង​ខ្យល់ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោកបក់​មក​លើ [ ពួកគេ ] នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ [ ពួកគេ ] ឡើយ ដើម្បី​ទាញ [ ពួកគេ ] ចុះ​ទៅក្នុង​ជង្ហុក​នៃ​សេចក្ដីវេទនា និង​ទុក្ខលំបាក​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ » ។ ប្រធាន រ័សុល អិម ណិលសុន បង្ហាញ​តាម​បែប​នេះ​ថា ៖ « ព្រះអម្ចាស់​បាន​ប្រកាស​ថា ទោះជា​មាន​ឧបសគ្គ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្តី ក៏​អស់​អ្នក​ដែល​សង់​គ្រឹះ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀន​ប្រើប្រាស់​ព្រះចេស្តា​របស់​ទ្រង់ ពុំ​ចាំបាច់​ចុះ​ចាញ់​នឹង​ជំងឺថប់បារម្ភ​ប្លែកៗ​នៅ​យុគសម័យ​នេះ​ដែរ » ។

យើង​មាន​ឱកាស​ដ៏​អស្ចារ្យ​ការសិក្សា​គម្ពីរមរមន​នៅ​ឆ្នាំ​នេះ ។ គ្មាន​ព្រះគម្ពីរ​ណា​ផ្សេង​ទៀត​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ផែនការ​នៃ​ការប្រោសលោះ​នោះ​ទេ ។ គ្មាន​សៀវភៅ​ណា​ផ្សេង​ទៀត​បង្រៀន​ឲ្យ​មាន​ការបញ្ចុះបញ្ចូល​ខ្លាំង​អំពី​ការពិត និង​អត្ថន័យ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ គ្មាន​ផ្នែក​ណា​មួយ​ផ្សេងទៀត​នៃ​ព្រះគម្ពីរ​ដែល​មាន​អំណាច​នៃ​ការផ្លាស់​ប្រែចិត្តជឿ​ជាង​ព្រះគម្ពីរ​មរមន​ដែល​មាន​នូវ​សាក្សី​ថា ព្រះ​យេស៊ូវ គឺជា​ព្រះគ្រីស្ទ ហើយ​ថា​ទ្រង់​បាន​យក​ឈ្នះលើ​សេចក្តីស្លាប់​ទាំង​ខាងរូបកាយ និង​ខាងវិញ្ញាណ ។ ព្រះគម្ពីរ​មរមន​គឺជា​ការបង្ហាញ​ដ៏​សាមញ្ញ​នៃ​សេចក្តីពិត​នៃ​ដំណឹងល្អ និង​អំណរ​ដែល​មាន​មក​ពី​ការធ្វើតាម​ព្រះបញ្ញត្តិ​នៃ​ដំណឹងល្អ ។ ការរៀបរាប់​របស់​វា​ពោរពេញ​ទៅ​ដោយ​គំរូ​នៃ​ការយក​ឈ្នះ ។ ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​ « គុណធម៌​នៃ​ព្រះបន្ទូល​របស់​ព្រះ »១០ ​គឺថា​វា​បង្កើត​សេចក្តីជំនឿ​លើ​ព្រះ​អង្គ​សង្គ្រោះ—ជំនឿ​ដែល​រុញ​ច្រាន​ចោល​ការ​សង្ស័យ ការ​ធ្លាក់​ទឹក​ចិត្ត និង​ការ​ថប់​បារម្ភ​ដែល​អាច​នឹង​គ្រប​ដណ្ដប់​លើ​យើង ហើយ​បន្សល់​ទុក​នូវ​ភាព​រឹងមាំ និង​ការ​ធានា​នៅ​កន្លែង​របស់​ពួកគេ។

សូម​ពិចារណា​ឧទាហរណ៍​ពីរបីនេះ ៖

មាន​សេចក្តីសន្យា​ដែល​ស្រដៀង​គ្នា​នេះ ដែល​ស្ដេច​បេនយ៉ាមីន បាន​ថ្លែង​ថា ៖ « ហើយថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួកគេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ ឱ សូម​ចាំ សូម​ចាំ​ថា រឿង​ទាំង​នេះ​ពិត ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ។១១

សូម​ចងចាំ​សេចក្ដី​ប្រកាស​ដ៏​ទទូច​របស់​នីហ្វៃ ពេល​លោក​ប្រឈមមុខ​នឹង​ការបៀតបៀន និង​ការធ្លាក់​ទឹកចិត្ត​នៅពេល​ឪពុក​លោក​ស្លាប់ ៖

« តែ​ទោះ​បី​សេចក្ដី​ល្អ​ដ៏​ធំ​របស់​ព្រះ​អម្ចាស់​ដែល​បាន​បង្ហាញ​ដល់​ខ្ញុំ​ពី​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ក៏​ដោយ​គង់តែ​ចិត្ត​ខ្ញុំ​ស្រែក​ថា ៖ ឱ !​រូប​ខ្ញុំ​អើយ​វេទនា​អ្វី​ម្ល៉េះ ! មែន​ហើយ ចិត្ត​ខ្ញុំ​សោកសៅ … ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ខ្ញុំ ។

« ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ ព្រោះ​តែ​ការល្បួង​ទាំងឡាយ និង​អំពើបាប​ទាំងឡាយ​ដែល​រំខាន​ខ្ញុំ​ដោយ​ងាយ ។

« ហើយ​ពេល​ខ្ញុំ​ចង់​សប្បាយ ចិត្ត​ខ្ញុំ​ថ្ងូរ​ទៅវិញ ព្រោះតែ​អំពើបាប​ខ្ញុំ ទោះជា​យ៉ាងណា គង់តែ​ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត ។ …

« ឱ​បើ​ដូច្នេះ បើ​សិន​ខ្ញុំ​បាន​ឃើញ​ការណ៍​ដ៏​អស្ចារ្យ​ជាច្រើន បើ​សិន​ជា​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​ចុះ​មក​ឯ​កូន​ចៅ​មនុស្ស ហើយ​បាន​មក​រក​មនុស្ស​លោក​ដោយ​សេចក្ដី​មេត្តាករុណា​ដ៏​ទន់ភ្លន់ ហេតុ​អ្វី​បាន​ជា​ចិត្ត​ខ្ញុំ​យំ ហើយ​ព្រលឹង​ខ្ញុំ​រេរា​នៅ​លើ​ច្រក​ភ្នំ​នៃ​សេចក្ដី​សោកសៅ ហើយ​សាច់​ខ្ញុំ​រីងរៃ​ទៅ ហើយ​កម្លាំង​ខ្ញុំ​ត្រូវ​ទន់ខ្សោយ ព្រោះ​តែ​ទុក្ខវេទនា​ទាំង​ឡាយ​របស់​ខ្ញុំ​ដូច្នេះ ? …

« ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ​ជា​រៀង​ដរាប » ។១២

អាលម៉ា​បាន​រៀបរាប់​អំពី​អំណរ​នៃ​ការកើត​ម្តងទៀត រួច​ហើយ​ពឹងផ្អែក​លើ​ព្រះ ៖

« ហើយ​ឥឡូវ​នេះ អស់​បី​យប់​បី​ថ្ងៃ ឪពុក​ត្រូវ​បាន​ញាំញី ដោយ​ការឈឺចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស ។

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ឪពុក​ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា នៅ​ពេល​ដែល​ឪពុក​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​ដល់​អំពើ​បាប​ដ៏​ច្រើន​របស់​ឪពុក មើល​ចុះ ឪពុក​ក៏​នឹក​ឃើញ​ថា ធ្លាប់​បាន​ឮ​បិតា​របស់​ឪពុក ព្យាករ​ទៅ​កាន់​ប្រជាជន​អំពី​ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ។

« ឥឡូវ​នេះ នៅ​ពេល​ដែល​ឪពុក​នឹកគិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង ដែល​ជា​អ្នក​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ ហើយ​កំពុងតែ​ឡោមព័ទ្ធ​ទៅ​ដោយ​ច្រវាក់​ដ៏​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់ ។

« ឥឡូវ​នេះ មើលចុះ នៅពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាងនេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការឈឺចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើត​ទុក្ខ​ដោយ​ការនឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត ។

« ហើយ ឱ សេចក្ដី​អំណរ និង រស្មី​ដ៏​អស្ចារ្យ​ដែល​ឪពុក​បាន​ឃើញ មែនហើយ ព្រលឹង​ឪពុក​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​លើស​ជាង​ការឈឺចាប់​របស់​ឪពុក​ទៅ​ទៀត ! …

« មែន​ហើយ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​ឥឡូវ​នេះ​ឪពុក​បាន​ធ្វើការ​មិន​ឈប់​ឈរ ដើម្បី​ឪពុក​អាច​នាំមនុស្ស​ឲ្យ​ប្រែចិត្ត ដើម្បី​ឪពុកអាច​នាំ​គេ​ឲ្យ​ភ្លក់​នូវ​សេចក្ដីអំណរ​ដ៏​លើសលប់​ដូច​ដែល​ឪពុក​ធ្លាប់​បាន​ភ្លក់​ដើម្បី​ឲ្យ​គេ​អាច​កើត​មក​អំពី​ព្រះដែរ ហើយ​បាន​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

« ឪពុក​បាន​ទទួល​ការគាំទ្រ​នៅ​គ្រប់​ការសាកល្បង និង​វិបត្តិ​គ្រប់​ប្រការ មែន​ហើយ នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង មែន​ហើយ ព្រះ​ទ្រង់​បាន​ដោះ​លែង​ឪពុក​ឲ្យ​រួច​ពី​គុក ពី​ចំណង និង​ពី​សេចក្ដី​ស្លាប់ មែន​ហើយ គឺ​ឪពុក​ដាក់​ទី​ទុកចិត្ត​របស់​ឪពុក​ទៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​នៅ​តែ​ដោះ​លែង​ឪពុក » ។១៣

តើ​អ្នក​ណា​អាច​មាន​ហេតុផល​មាន​ការថប់បារម្ភ និង​ការធ្លាក់​ទឹកចិត្ត​ខ្លាំង​ជាង មរមន ដែល​បាន​ទួញសោក​ថា « ឆាក​អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​កើត​ឡើង​ចំពោះ​ភ្នែក​ខ្ញុំ​មិន​ឈប់​ឈរ ចាប់​តាំងពី​ខ្ញុំ​បាន​ដឹង​ក្ដី​ល្មម ហើយ​មើល​ឃើញ​អំពើ​ទាំង​ឡាយ​របស់​មនុស្ស » ។១៤ យ៉ាង​ណា​ក៏​ដោយ ទោះបីជា​មាន​សង្គ្រាម និង​របួស​អស់​មួយ​ជីវិត​ក៏​ដោយ លោក​អាច​និយាយ​ទៅកាន់​មរ៉ូណៃ​ថា « ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះ​គ្រីស្ទ​ចុះ ហើយ​សូម​កុំ​ឲ្យ​អ្វី​ដែល​ឪពុក​សរសេរ​នេះ ធ្វើ​ឲ្យ​កូន​កើតទុក្ខ​រហូត​ដល់​ស្លាប់​ឡើយ តែ​សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង ហើយ​សូម​សេចក្ដី​ស៊ូទ្រាំ និង​ការសុគត​របស់​ទ្រង់ និង​ការបង្ហាញ​ព្រះ​កាយ​ទ្រង់​ដល់​ពួក​អយ្យកោ​យើង [ ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ ] និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ និង​ការអត់ធ្មត់ និង​សេចក្ដី​សង្ឃឹម​ចំពោះ​សិរី​ល្អ​របស់​ទ្រង់ និង​ចំពោះ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ស្ថិតនៅ​ក្នុងគំនិត​របស់​កូនជា​រៀង​រហូត​ត​ទៅ » ។១៥

អាលម៉ា​បានពិពណ៌នា​អំពី​គំរូ​របស់​ព្រះអង្គសង្រ្គោះ​ផ្ទាល់​អំពី​ការដោះស្រាយ​នឹង​ការរងទុក្ខ​ដែល​មិន​អាច​យល់​បាន និង​របៀប​ដែល​ជំនួស​ការ​អស់សង្ឃឹម​ដោយ យើង​អាច​ងាក​ទៅរក​ទ្រង់​ដើម្បី​បានសង្គ្រោះ និង​ការព្យាបាល ។

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និងទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំង​ឡាយ ដែល​បាន​ចែង​ទុក​មក​ថា ទ្រង់​នឹង​លើកដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការ​ឈឺ​ចាប់ និង​ជំងឺ​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់។

« ហើយទ្រង់​នឹងមក​ដាក់លើ​រូបអង្គទ្រង់​នូវ​សេចក្តីស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាយ​ចំណង​ទាំងឡាយ​នៃ​សេចក្តី​ស្លាប់​ដែល​ចង​រាស្ត្រ​ទ្រង់ ហើយ​ទ្រង់​នឹង​ដាក់​រូបអង្គ​ទ្រង់​នូវ​ជំងឺ ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្តីមេត្តា​ករុណា​ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាមថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់បែបណា​តាម​ជំងឺ​របស់​គេ ។

« …ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ស៊ូ​រង​ឈឺ​ចាប់​ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺ​ជាទី​បន្ទាល់​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ ។

« ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែចិត្ត ហើយ​កើត​ម្ដង​ទៀត ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​កើត​ម្ដង​ទៀត​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​គ្រង​នគរ​ស្ថានសួគ៌​ទុកជា​មរតក​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ចូរ​មក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែចិត្ត​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ជ្រះ​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​កូន​ចៀម​នៃ​ព្រះ ដែល​នឹង​ដក​យក​អំពើ​បាប​ទាំង​ឡាយ​ពី​មនុស្ស​លោក ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ និង​ដើម្បី​ជម្រះ​ឲ្យ​ជ្រះ​ពី​អស់​ទាំង​អំពើ​ដ៏​ឥត​សុចរិត » ។១៦

នៅក្នុង​ព្រះគម្ពីរ​មរមន​យើង​រៀន​ពី​អត្ថន័យ និង​ដំណើរការ​ពិតប្រាកដ​នៃ​ការកើត​ជា​ថ្មី និង​[ ការប្រែក្លាយ ]​ជា​ពួក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់ ។១៧ ប្រសិនបើ​យើង​អាច​ដឹកនាំ​យុវវ័យ និង​មជ្ឈិមវ័យ​របស់​យើង​ទៅរក​ការកើតឡើងវិញ​ខាងវិញ្ញាណ ការធ្លាក់ទឹកចិត្ត​នឹង​រលាយបាត់ ហើយ​ការថប់បារម្ភ​ណា​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ​នឹង​អាច​គ្រប់គ្រង​បាន​យ៉ាងពិត​ប្រាកដ ( ដូចជា​បញ្ហា​នៅក្នុង​ការថ្លែង​សុន្ទរកថា​ដើម្បី​ចាក់ផ្សាយ​ទូទាំង​ពិភពលោក ) ។ សូម្បីតែ​សេចក្ដីស្លាប់​នោះ​ឯង ក៏​មិន​អាច​គំរាមកំហែង​ដល់​សេចក្ដីសុខសាន្ត​របស់​ពួកគេ​​ដែរ​នៅពេល​ពួកគេ​បានកើត​ពី​ព្រះវិញ្ញាណ ហើយ​បានរៀន​ទុកចិត្ត​លើ​ព្រះនោះ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល នៅ​គ្រា​មួយ​បាន​មាន​ប្រសាសន៍​អំពី​« ទុក្ខលំបាក​របស់​មនុស្សលោក »​ថា អ្វីៗ​ត្រូវ​បញ្ចប់​ដោយ​សេចក្ដីស្លាប់ ។ សមិទ្ធិផល​របស់​យើង ទ្រព្យសម្បត្តិ​របស់​យើង ការរួបរួម​របស់​យើង​ទាំង​អស់​ត្រូវ​មានទី​បញ្ចប់ ប្រសិនបើ​គ្មាន​អ្វី​ក្រៅពីនេះ​ទេ នោះ​ដូច​ជា​អ្នក​ផ្សាយ​ដែល​និយាយ​នៅក្នុង​សាស្ដា​ថា ‹ ការ​ទាំងនោះ​សុទ្ធតែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង › ។១៨ សេចក្តីស្លាប់​គឺជា​ភាពពិត ហើយ​យើង​ត្រូវ​បង្ខំ​ឲ្យ​ទទួលស្គាល់​ថា បើ​គ្មាន​អំណាច​ដែល​យក​ឈ្នះ​លើ​សេចក្តីស្លាប់​ទេ នោះ​ជីវិត​របស់យើង​នឹង​មាន​គោលបំណង​តិចណាស់​ ។ ជា​សំណាង​ល្អ យើង​ដឹង​ថា​សេចក្តីស្លាប់​ត្រូវ​បាន​យក​ឈ្នះ ជីវិត គឺ​មាន​គោលបំណង និង​អត្ថន័យ ហើយ​ការ​ទាំងអស់​មិន​មែន​ជា​ការ​ឥតប្រយោជន៍​នោះទេ ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​យកឈ្នះ​លើ​ទុក្ខលំបាក​នៃ​សេចក្តីស្លាប់​របស់​មនុស្ស ហើយ​ឥឡូវនេះ​ដូច​ដែល​ប្រសាសន៍​របស់ អែលឌើរ នែល អេ ម៉ាក់ស្វែល ថ្លែងថា ៖ « មានតែ​ស្ថានភាព​លំបាក​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ [ អំពើបាប កំហុស និង​ការបរាជ័យ​របស់​យើង​ម្នាក់ៗ ] ហើយ​ពី​ស្ថានភាព​លំបាក​ទាំងនេះ យើង​អាច​បាន​សង្គ្រោះ តាមរយៈ​ការធ្វើ​តាម​ការបង្រៀន​របស់ទ្រង់​ដែលបាន​សង្គ្រោះ​យើង​ពី​ការវិនាស​ទូទៅ » ។១៩

ទាំង​អស់​នេះ យើង​កំពុង​ផ្សព្វផ្សាយ​នូវ​ទស្សនៈ​យូរអង្វែង​ដែល​មាន​នៅក្នុង​ឃ្លា​ថ្មីៗ​របស់​ប្រធាន ណិលសុន​ថា « គិត​ដល់​សេឡេស្ទាល ! » ។ យើង​ត្រូវតែ​ជួយ​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ​ឲ្យ​បដិសេធ​អាកប្បកិរិយា « ស៊ីផឹក ហើយ​អរ​សប្បាយ​ទៅ​ចុះ ដ្បិត​ស្អែក​ឡើង យើង​ត្រូវ​ស្លាប់​ហើយ » កាន់តែ​ច្បាស់​នៅក្នុង​វប្បធម៌​ជាច្រើន ។ វិធីសាស្រ្ត​បរាជ័យ​ក្នុង​ជីវិត​នេះ​គឺ​មិន​ខ្វល់ខ្វាយ​នឹង​ផែនការ​ដ៏​មហិមា​នៃ​ការប្រោសលោះ និង​សុភមង្គល​ឡើយ ហើយ​ផ្តោត​តែ​លើ​ការរីករាយ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ។ វា​នាំ​ទៅ​រក​គំរូ និង​របៀប​នៃ​ការរស់នៅ​ដែល​មិន​ស្ថិតស្ថេរ ។ វា​ជា​ផ្លូវ​ទៅកាន់​ការថប់បារម្ភ​ដ៏​ល្ហិតល្ហៃ និង​ការធ្លាក់​ទឹកចិត្ត​ដ៏​មហន្តរាយ ។ ប្រធាន ណិលសុន បានថ្លែង​អំពី​បញ្ហា​នេះ​នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​លោក​កាលពី​ខែ​តុលា​មុន ។ លោក​បាន​ទូន្មាន​ថា ៖

« ជីវិត​រមែងស្លាប់​គឺជា​ថ្នាក់​រៀន​កម្រិត​ជាន់ខ្ពស់​ក្នុងការ​រៀន​ជ្រើសរើស​អ្វីៗ​ដែល​មហិមា​បំផុត​នាំចូល​ដល់​ភាពអស់កល្ប​ជានិច្ច ។ មាន​មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​មួយ​ជីវិត​នេះ​គិតថា​វា​មាន​តែ​ប៉ុណ្ណឹង ។ ទោះជា​យ៉ាង​ណា ការជ្រើសរើស​របស់​បងប្អូន​នៅ​ថ្ងៃនេះ​នឹង​កំណត់​ចំណុច​បី​យ៉ាង ៖ កន្លែង​ដែល​បងប្អូន​នឹង​រស់នៅ​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច ប្រភេទ​រូបកាយ​ដែល​បងប្អូន​នឹង​រស់​ឡើងវិញ និង​អស់​អ្នក​ដែល​បងប្អូន​នឹង​រស់នៅ​ជាមួយ​ជា​រៀងរហូត ។ ដូច្នេះ សូម​គិត​ដល់​សេឡេស្ទាល ! »២០

ក្នុង​សៀវភៅ​មួយ​ក្បាល​ដែល​លោក​បាន​បោះពុម្ព​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ចំណង​ជើង​ថា បេះ​ដូង​នៃ​រឿងសំខាន់ ប្រធាន ណិលសុន បានពន្យល់​យ៉ាង​លម្អិត​អំពី​គំនិត​នេះ ដោយ​លើកឡើង​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ។ លោក​បានថ្លែង​ថា ៖

« ខ្ញុំ​បាន​ប្រឈមមុខ​នឹង​សេចក្តីស្លាប់​ជាច្រើន​ដង​នៅក្នុង​ជីវិត​ ។ ពេល​មួយ​នោះ​បាន​កើត​ឡើង​នៅ ម៉ាពូតូ ប្រទេស ម៉ូសំប៊ិក នៅ​ចុង​ខែ ឧសភា ឆ្នាំ ២០០៩ ។ ពេល​កំពុង​ទទួលទាន​អាហារ​នៅ​ឯ​ផ្ទះ​បេសកកម្ម​នៅ​ទីនោះ​ជាមួយ​អែលឌើរ វីល្លាម ដបុលយូ ផាមលី ប្រធាន​តំបន់​អាហ្រ្វិក​អាគ្នេយ៍ និង​ភរិយា​របស់គាត់ សាន់ណា និង​ជាមួយ​ប្រធាន​បេសកកម្ម ម៉ូហ្សំប៊ិក ម៉ាពូតូ ប្រធាន ប្ល័រ ជេ ផាកកឺ និង​ភរិយា​របស់​គាត់ ស៊ីនឌី នោះ​ក៏​មាន​បុរស​បី​នាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​បាន​សម្រុក​ចូល​ក្នុង​បន្ទប់ ។

« នៅក្នុង​ការប៉ះទង្គិច​គ្នា​នោះ ចោរ​ម្នាក់​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​ខ្ញុំ ស្រែក​ថា ពួកគេ​មក​នេះ​ដើម្បី​សម្លាប់​ខ្ញុំ និង​ចាប់ពង្រាត់​ប្រពន្ធ​ខ្ញុំ រួច​ទាញ​កៃ ។ សំឡេង​កេះកៃ​បាន​បន្លឺឡើង ប៉ុន្តែ​គ្មាន​គ្រាប់​កាំភ្លើង​នោះទេ ។ គ្រាប់​កាំភ្លើង​ស្អុយ​នោះ​បាន​ធ្វើ​ឲ្យ​ចោរ​ខឹង ហើយ​វា​បាន​ទាត់​ខ្ញុំ​ចំ​មុខ ដួល​ទៅលើ​ឥដ្ឋ ។ ខ្ញុំ​ដឹងច្បាស់​ថា​នេះ​គឺជា​ទីបញ្ចប់​សម្រាប់​ខ្ញុំ​ហើយ ។ ខ្ញុំ​ចាំថា​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ជិត​ចេញ​ពី​ជីវិត​នេះ ទៅ​ជីវិត​បន្ទាប់ហើយ ។ រឿង​នេះ​គឺជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ › ។

« ក្នុងពេល​ជាមួយ​គ្នា​នោះ ចោរ​ម្នាក់​ទៀត​បាន​យក​កាំភ្លើង​ខ្លី​មក​ភ្ជង់ វេនឌី ហើយ​ចាប់ផ្តើម​អង្រួន​កៅអី​របស់​នាង​ក្នុង​គោលបំណង​ទាញ​នាង​ចេញ​ពី​កៅអី ដោយ​និយាយ​ថា ‹ នាង​មក​ជា​មួយ​យើង ! នាង​មក​ជាមួយ​យើង › !

មាន​ព្រឹត្តិការណ៍​ដែល​ជា​អព្ភូតហេតុ​ជា​បន្តបន្ទាប់—ហើយ​អរគុណ​ជាពិសេស​ចំពោះ​ទង្វើ​ដ៏​វីរភាព​របស់​ស៊ីស្ទើរ ស៊ីនឌី ផាកកឺ—ជីវិត​របស់​យើង​ក៏​បាន​រួច​ផុត ។ ទោះជា​យ៉ាង​ណា ដោយសារ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​គ្រា​ដែល​គួរ​ឲ្យ​ភ័យខ្លាច​ជាច្រើន​ពី​មុន​មក ខ្ញុំ​បានដឹង​ថា ជីវិត​មាន​ភាពផុយ​ស្រួយ​ណាស់ និង​ថា​មាន​រឿង​តិចតួច​តិចតួច​នៅក្នុង​ពិភពលោក​នេះ​ដែល​មាន​សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ខណៈ​ដែល​ពួកចោរ​ទាំងនោះ​បានគំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់យើង ខ្ញុំ​មិន​គិត​អំពី​ពានរង្វាន់ ឬ​កម្រិតវប្បធម៌ ឬ​ការសរសើរ​នោះ​ទេ ។ ខ្ញុំ​បាន​គិត​អំពី​គ្រួសារ​ខ្ញុំ និង​សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​បាន​ចុះ​ជាមួយ​ព្រះអម្ចាស់ ។

​ខ្ញុំ​ភ័យខ្លាច​ថា​យើង​ជាច្រើន​នាក់​កំពុង​រស់នៅ តាម​បែបផែន​នៃ​ជីវិត​ដែល​ថា​ជីវិត​នេះ​នឹង​មិន​បន្ត​បន្ទាប់ពី​សេចក្តីស្លាប់​នេះ​ឡើយ ហើយ​ថា​អ្វី​ដែល​យើង​ធ្វើ​នៅ​ទីនេះ​គ្មាន​លទ្ធផល​ដល់​អនាគត ។ ការណ៍​នោះ​មិន​ពិត​នោះ​ទេ ។

ជា​ការចាំបាច់​ដែល​យើង​មិន​ត្រូវ​វង្វេង ហើយ​ដក​ខ្លួន​ចេញពី​ផ្លូវ​នៃ​សេចក្តីសញ្ញា​ពីព្រោះ​តែ​វត្ថុ​ភ្លឺចែងចាំង​របស់​លោកិយ​ឡើយ គឺ​មាន​ន័យ​ថាជា កិត្តិយស និង​ចេតនា​របស់​មនុស្ស ។ ព្រឹត្តិការណ៍​ទាំង​នោះ​គ្មាន​សារៈសំខាន់​អ្វី​ឡើយ​នៅ​ក្នុង​ជីវិត​បន្ទាប់ ។ អ្វី​ដែល​នឹង​សំខាន់​គឺ​យើង​បានចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សាសេចក្ដី​ទាំងនោះ » ។២១

ការអធិស្ឋាន​របស់ខ្ញុំ​គឺ​សូម​ឲ្យ​យើង​នឹង​អាច​ជួយ​អស់​អ្នក​ដែល​យើង​មាន​ឥទិ្ធពល​លើ ឲ្យ ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្តី​សញ្ញា​ទាំងនោះ ។ ជួយ​ពួកគេ​បណ្ដុះ​សេចក្ដីជំនឿ និង​ទំនុកចិត្ត​លើ​ព្រះ ហើយ​ស្វែងរក​សេចក្ដី​សង្ឃឹម ។ សូម​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​នៅជាប់​នឹង​ព្រះគុណ​នៃ​ការប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ស្វែងរក​សេចក្តី​សុខសាន្ត ។ សូម​ជួយ​ពួកគេ​ឲ្យ​កើត​ជា​ថ្មី « ជា​បុត្រ​របស់​ព្រះគ្រីស្ទ ជា​បុត្រា និង​បុត្រី​របស់​ទ្រង់ »២២ ហើយ​ស្វែងរក​អំណរ ។ ហើយ​សូម​ឲ្យ​អ្នក​ទទួល​បាន​ព្រះបន្ទូល​ដ៏​គាប់​ព្រះហឫទ័យ​នៃ​ព្រះ ៖ « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ » ។២៣

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ដ៏​រឹងមាំ និង​ប្រាកដដល់​បងប្អូន​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការពិត​នៃ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​បង្ហាញ​ការពិត​នៃ​អ្វី​ដែល​យើង​បង្រៀន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បញ្ជាក់​ថា ទ្រង់​មាន​អំណាច​ទាំង​អស់​នៅ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី—ដែល​ថា​ទ្រង់​អាច ហើយ​នឹង​បំពេញ​ការសន្យា​របស់ទ្រង់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ! បងប្អូន​គឺជា​ពួក​អ្នកគង្វាល​របស់​ទ្រង់ ហើយ​ខ្ញុំ​សូម​ផ្ដល់​ពរ​ដល់​បងប្អូន​មាន​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបង្រៀន និង​មើលថែ​កូន​ចៀម​របស់​ទ្រង់ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕