ការ ផ្សាយ ប្រចាំ ឆ្នាំ
« សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បម្រើ​ទ្រង់ប្រុង​ស្តាប់​ហើយ »


18:16

« សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បម្រើ​ទ្រង់ប្រុង​ស្តាប់​ហើយ »

ការចាក់​ផ្សាយ​ប្រចាំ​ឆ្នាំ ខែ មករា ឆ្នាំ ២០២៤ សម្រាប់​ថ្នាក់ ស&.វ.

ថ្ងៃ សុក្រ ទី ២៦ ខែ មករា ឆ្នាំ ២០២៤

ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង ដែល​បាន​នៅ​ជាមួយ​បងប្អូន​ក្នុងការ​ចាក់ផ្សាយ​ការបំពាក់បំប៉ន​ទូទាំង​ពិភព​លោក​នេះ ។ ខ្ញុំ​រំភើប​នឹង​អ្វី​ដែល​ប្អូន​ប្រុស វិប បាន​ចែកចាយ​នឹង​បងប្អូន​ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៃ​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​របស់​យើង​នា​ពេល​ខាងមុខ ។ នេះ​គឺជា​ការអភិវឌ្ឍ​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​នឹង​លើក​កម្ពស់​ការរៀបចំ​ជីវិត​របស់​យុវវ័យ​នៅ​ទូទាំង​សាសនាចក្រ ។ ពេល​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បោះ​យុថ្កា​នៅក្នុង​បទគម្ពីរ ខ្ញុំ​មើល​ឃើញ​យុវជន និង​យុវនារី​បាន​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​សម្រាប់​ការបម្រើ​បេសកកម្ម ព្យាយាម​នៅក្នុង​សេចក្តីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ កាន់តែ​រឹងមាំ​ខាង​ផ្លូវចិត្ត និង​ភាពខ្លួន​ទីពឹង​ខ្លួន ហើយ​ត្រៀម​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ចូល​មហា​វិទ្យាល័យ ។

ចំពោះ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា បងប្អូន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការរៀបចំ​យុវវ័យ​របស់យើង និង​អ្វី​ដែល​ពួកគេ​នឹង​ត្រូវការ​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​គ្រា​ដ៏​ភ្ញាក់ផ្អើល​នាពេល​ខាងមុខ​នេះ ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​នឹង​មើលឃើញ​ការបំផុសគំនិត​នៅ​ពី​ក្រោយ​មេរៀន​ទាំងនេះ ហើយ​ស្គាល់​ពី​តួនាទី​ដែល​បងប្អូន​មាន​ក្នុងការ​រៀបចំ​យុវវ័យ​សម្រាប់​អនាគត​ដែល​នៅ​ខាងមុខ​ពួកគេ ។ សូម​អធិស្ឋាន​ទូលសុំ​ការយល់ដឹង និង​ការបំផុស​គំនិត​ដើម្បី​មើលឃើញ​ផ្លូវ​នៃ​អនាគត​របស់​ពួកគេ ។ ចូរ​ស្វែងរក​ជំនឿ​ដើម្បី​បំផុសគំនិត​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន ។ ឱ ! នេះ វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​ណាស់​ដើម្បី​បង្រៀន​ថ្នាក់​សិក្ខាសាលា និង​ជា​ការទទួលខុសត្រូវ​ដ៏​អស្ចារ្យ​ដែល​យើង​ចែករំលែក​ជាមួយ​គ្នា ។

សុន្ទរកថា​របស់​ខ្ញុំ​ឥឡូវ​នេះ​នឹង​ផ្តោត​ទៅ​លើ​គ្រូ​បង្រៀន​ថ្នាក់​វិទ្យាស្ថាន​របស់​យើង ប៉ុន្តែ​គោលការណ៍​ទាំងនោះ​នឹង​ទាក់ទង​ជាមួយ​យើង​ទាំងអស់​គ្នា ដែល​ព្យាយាម​ស្តាប់ និង​អភិវឌ្ឍ​តាម​ប្រសាសន៍​របស់​ព្យាការី​របស់​យើង ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ អេលី បាន​ផ្តល់​ដំបូន្មាន​ដល់​សាំយូអែល ជា​ព្យាការី​នា​ពេល​អនាគត​ឲ្យ​តប​នឹង​ការហៅ​មកពី​ស្ថានសួគ៌​ដោយ​ថ្លែង​ថា « សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បម្រើ​ទ្រង់ » ។ គំរូ​នេះ​បាន​អនុញ្ញាត​ឲ្យ​សាំយូអែល​ក្លាយ​ជា​អ្នក​និយាយ​ជំនួស​ព្រះអម្ចាស់​នៅ​ក្នុង​ជំនាន់​របស់​លោក ។ ផ្នែក​មួយ​នៃ​អព្ភូតហេតុ​របស់​ព្យាការី​នៅរស់ គឺ​យើង​មាន​អ្នកដឹកនាំ​ដែល​ព្រះអម្ចាស់​អាច​ទុក​ព្រះទ័យ​ថា​ស្តាប់​ទ្រង់ ហើយ​បង្រៀន​ព្រះ​បន្ទូល​របស់​ទ្រង់ ។

កាលពី​ឆ្នាំ​មុន ខ្ញុំ​បាន​ចែកចាយ​នូវ​ការបញ្ជាក់​របស់​ព្យាការី​ចំនួន​ប្រាំ​ដែល​ព្យាការី និង​សាវក​បានសង្កត់ធ្ងន់​ទៅលើ​យុវមជ្ឈិមវ័យ​របស់​យើង ៖

  1. ស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន ។

  2. ទទួលយក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចូលទៅក្នុង​សេចក្ដី​សញ្ញា​របស់​បងប្អូន ។

  3. ទុក​ឲ្យ​ព្រះឈ្នះ ហើយ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។

  4. បង្រៀន​សេចក្ដីពិត​ដោយ​សេចក្ដី​ស្រឡាញ់ ។

  5. ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន ។

ដែល​សំខាន់​ជាង​គោលគំនិត​នេះ​ទៅ​ទៀត គឺជា​សារលិខិត​ជាក់លាក់​ដែល​បាន​ដកស្រង់ ពី​សារលិខិត​ដែល​ព្យាការី​បាន​ថ្លែង​ដល់​យុវមជ្ឈិមវ័យ​នៅ​សម័យ​យើង ។ ជាឧទាហរណ៍ សារលិខិត​សំខាន់​មួយ​ក្នុង​ចំណោម​សារលិខិតនានាដែល​យើង​បាន​ព្យាយាម​គូសបញ្ជាក់​នោះ គឺ​បាន​មកពី​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​របស់​ប្រធាន ណិលសុន ទៅកាន់​យុវមជ្ឈិមវ័យ​ដែល​មាន​ចំណងជើង​ថា « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។ គោលគំនិត « ស្គាល់​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ក្មួយៗ » និង « ឲ្យ​ចេះ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ក្មួយៗ » គឺ​ដក​ចេញមក​ដោយ​ផ្ទាល់​ពី​សារលិខិត​នោះ​ឯង ។ យើង​បាន​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​សិក្សា​អំពី​ការគូសបញ្ជាក់របស់​ព្យាការី​នីមួយៗ​ទាំងនេះ ។ យើង​បាន​សុំ​ឲ្យ​បងប្អូន​ស្គាល់​ការគូសបញ្ជាក់ទាំង​នេះ ហើយ ដាក់​បញ្ចូល​វា​ក្នុង​ការបង្រៀន និង​កម្មវិធី​សិក្សា​របស់​បងប្អូន ។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដាក់​បញ្ជូល​វា​ទៅក្នុង​របៀប​ដែល​បងប្អូន​ឆ្លើយតប​ទៅ​នឹង​សំណួរ និង​របៀប​បងប្អូន​ផ្ដល់​ការងារបម្រើ​ដល់​តម្រូវការ​សិស្ស​របស់​បងប្អូន ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បងប្អូន​ជា​ច្រើន​ដែល​បាន​ទទួល​យក​ការអញ្ជើញ​ទាំងនោះ ហើយ​ស្វែងរក​របៀប​ដើម្បី​ពង្រីក​ប្រសាសន៍​របស់​ព្យាការី និង​សាវក​របស់​យើង​ដល់​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​នេះ ។ មហាវិទ្យាល័យ​សាសនា និង​វិទ្យាស្ថាន​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​មុខវិជ្ជាសិក្សា​អំពី ការបង្រៀនរបស់​ព្យាការី​នៅរស់​របស់​ពួកគេ ដើម្បី​រួមបញ្ចូល​ការគូសបញ្ជាក់​មក​ពី​ព្យាការី​ថ្មីៗ​នេះ​ទៅ​កាន់​យុវមជ្ឈិមវ័យ​របស់​យើង ។ ប៉ុន្តែ​បងប្អូន​ជាច្រើន​ក៏​បានឃើញ​ពី​របៀប​ដែល​ប្រសាសន៍​របស់​ព្យាការី​នៅរស់​អាច​ពង្រឹង និង​អភិវឌ្ឍ​វគ្គសិក្សា​ដែល​ផ្អែក​ទៅ​លើ​បទគម្ពីរ​ផ្សេងទៀត​ដែរ ។ ជាឧទាហរណ៍ សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ ប៊ី.វាយ.យូ. ម្នាក់​បាន​រកឃើញ​របៀប​ដើម្បី​ភ្ជាប់​សុន្ទរកថា​« ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » និង​សារលិខិត​របស់​ព្យាការី​ផ្សេងទៀត​ទៅនឹង​វគ្គសិក្សាសាសនា ២៧៥ របស់​នាង​អំពី « ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន » ។ គាត់​បាន​ថ្លែង​ថា ៖ « ការ​បង្រៀន​របស់​ព្រះ​គម្ពីរ​មរមន​ត្រូវ​បានពង្រឹង​ដោយ​ការគូសបញ្ជាក់​របស់​ព្យាការី​បច្ចុប្បន្ន​ទាំង​នេះ ហើយ​វា​បក​បញ្ច្រាស់​មក​វិញ ។ វា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ក្នុងការ​យល់ដឹង​អំពី​គោលការណ៍​ដំណឹងល្អ ក្នុងការ​ដាក់​ធនធាន​ទាំងពីរ​នេះ​ជាមួយ​គ្នា » ។

អ្នក​សម្របសម្រួល​ថ្នាក់​វិទ្យាស្ថាន​នៅ​ទីក្រុង​អាត្លង់តា បាន​ចែកចាយ​ពី​របៀប​ដែល​គាត់​អាច​បញ្ចូល​ការគូសបញ្ជាក់​របស់​ព្យាការី​ទៅក្នុង​វគ្គសិក្សា​សាសនា ២៥០ អំពីព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ។ ឧទាហរណ៍​ក្នុង​មេរៀន​ទី​ពីរ « ការពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ » គាត់​អាច​បញ្ចូល​គោលគំនិត​នៃ​អត្តសញ្ញាណ​ដ៏​ទេវភាព និង​ការទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​មកពី « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » របស់​ប្រធាន​ណិលសុន ។ នៅក្នុង​មេរៀន​ទី ១០ « ការធ្វើតាម​គំរូ​នៃ​ការងាយប្រដៅ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » គាត់​បាន​ឲ្យ​សិស្ស​ផ្ដោត​លើ​សុន្ទរកថា « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។ ហើយ​នៅ​ក្នុង​មេរៀន​ទី ១៨ « ការទទួល​អំណោយទាន​នៃ ព្រះគុណ​ដ៏ទេវភាព​របស់​ព្រះអង្គសង្គ្រោះ » គាត់​បាន​ផ្ដោតលើ​សុន្ទរកថា​របស់​ប្រធាន​ណិលសុន « សេចក្តីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » ។

អ្នក​ផ្សេង​ទៀត​បាន​រៀបរាប់​ពី​របៀប​ដែល​ការស្គាល់​អំពី​ការបញ្ជាក់​របស់​ព្យាការី​ទាំងនេះ​យ៉ាង​ជ្រាលជ្រៅ ជួយ​ដល់​ពួកគេ​ឲ្យ​ដោះស្រាយ​សំណួរ​ដំណឹង​ល្អ​ដោយ​សាមញ្ញ ។ សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ថ្នាក់​វិទ្យាស្ថាន​មួយ​បាន​ចែកចាយ​ពី​របៀប​ដែល​ការពិភាក្សា​ទាក់ទង​នឹង​ការចូល​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​គាត់​បាន​អនុញ្ញាត​ឲ្យ​គាត់​ងាក​ទៅរក​សុន្ទរកថា​របស់​ប្រធាន​ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » ។ គាត់​បានចែកចាយ​ថា « តាមរយៈ​ការប្រើប្រាស់​ប្រសាសន៍​របស់​ប្រធាន​ណិលសុន នោះ​សារលិខិត​នៃ ‹ ការបន្ត​ឆ្ពោះ​ទៅ​មុខ › គឺ​ច្បាស់លាស់​ចំពោះ​អស់​អ្នក​ដែល​កំពុង​ពុះពារ​ស្វែងរក​អំណរ​នៅ​ក្នុង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ » ។ គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន​នៅ​ប្រទេស​ប៉ាណាម៉ា បានចែកចាយ​ពី​របៀប​ដែល​ការបង្រៀន​មកពី​ប្រធាន​ណិលសុន និង​អែលឌើរ នែល អិល អាន់ឌើរសិន បាន​ជួយ​ពួកគាត់​ឲ្យ​ឆ្លើយតប ក្នុងនាម​ជា​អ្នកផ្សះផ្សារគេ ចំពោះ​បញ្ហា​មួយ​ដែល​ឲ្យ​មាន​ការបែកបាក់​យ៉ាង​ធំ​នៅក្នុង​មូលដ្ឋាន ។ គ្រូ​បង្រៀន​ម្នាក់​ទៀត​បានចែកចាយ​ពី​របៀប​នៅ​ពេល​គេ​សួរ​គាត់​ថា ហេតុ​អ្វី​យើង​មិន​អាច​ព្រងើយ​កន្ទើយ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ បើ​មនុស្ស​កំពុង​ជួប​ការលំបាក នោះ​គាត់​អាច​ងាក​ទៅ​មើល​សុន្ទរកថា​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « បទបញ្ញត្តិ​ទីមួយ​ជា​ចម្បង » ។

នៅពេល​យើង​បន្ត​បញ្ជាក់​អំពី​ការបង្រៀន​របស់​ព្យាការី​នៅរស់ នោះ​យើង​កំពុងតែ​ឃើញ​ផលផ្លែ​នៃ​ការខិតខំ​របស់​យើង ដែល​បង្ហាញឡើង​នៅក្នុង​ខ្លួន​របស់​សិស្ស នៅពេល​ដែល​ពួកគេ​អនុវត្ត​នូវ​ការបញ្ជាក់​របស់​ព្យាការី​ទាំង​នេះ ។ នៅក្នុង​ផ្នែក​មួយ​នៃ​ថ្នាក់ « ការឆ្លើយ​សំណួរ​ដំណឹងល្អ​របស់​ខ្ញុំ » គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន​ម្នាក់​បាន​រៀបរាប់​ពី​ការពិភាក្សា​ទាក់ទង​នឹង​បញ្ហា​ស្រឡាញ់​ភេទ​ដូចគ្នា ភ្លាម​នោះ​សិស្ស​បាន​លើក​ឡើង​សេចក្តីយោង​សាមញ្ញៗ​របស់​ប្រធាន​ណិលសុន អំពី​ការស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ខ្លួន ចេញ​មកពី​សុន្ទរកថា « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។ ម្នាក់​ទៀត​បាន​រៀបរាប់​ពី​របៀប​ដែល​សិស្ស​បាន​យោង​ទៅ​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក ក្នុងការឈរ​យ៉ាងរឹងមាំ​ក្នុង​ក្តី​ស្រឡាញ់​ដើម្បី​ប្រកាស​សេចក្តីពិត នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ការសួរ​សំណួរ​ពិបាកៗ​ពី​ដំណឹងល្អ​ក្នុងការ​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ ។

ខ្ញុំ​បានទទួល​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​ដើម្បី​ពង្រីក​ការបញ្ជាក់​របស់​ព្យាការី​ទៅកាន់​យុវមជ្ឈិមវ័យ ។ នៅ​រដូវ​រងារ​ឆ្នាំ​មុន ខ្ញុំ​បាន​បង្រៀន​រួមគ្នា​ជាមួយ​គ្រូ​ម្នាក់​ទៀត​រយៈពេល​មួយ​ឆមាសក្នុង​វគ្គ​សិក្សា ការ​បង្រៀន​របស់​ព្យាការី​នៅរស់ នៅ​សាកលវិទ្យាល័យ ប៊ី.វាយ.យូ. ជាមួយ​នឹង ឌីន ស្កត់​អ៊ីស្ពីន ។ នៅក្នុង​វគ្គ​សិក្សានេះ យើង​បាន​គូសសំខាន់​ពី​ការសង្កត់ធ្ងន់​នីមួយៗនៃ​ការគូសបញ្ជាក់​ទាំង​ប្រាំ​របស់​ព្យាការី ។ ពេល​យើង​បាន​ពិភាក្សា​អំពី​គោលគំនិត​ទាំងនេះ​ជាមួយ​សិស្ស​របស់​យើង ខ្ញុំ​ដឹងច្បាស់ ថា​តើ​ដំបូន្មាន​របស់​ព្យាការី​បច្ចុប្បន្ន​មាន​ឥទ្ធិពល​ប៉ុនណា​ចំពោះ​យុវមជ្ឈិមវ័យ​ទាំងនេះ​នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​រដូវកាល​ដ៏​សំខាន់​នៃ​ជីវិត ។

ថ្នាក់​រៀន​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែលម្អ​របៀប​ដែល​ខ្ញុំ​បាន​បង្រៀន​គោលការណ៍​ទាំងនេះ ហើយ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ផ្នែក​នៃ​សារលិខិត​ទាំងនេះ​ដែល​ខ្ញុំ​គួរ​ទាញ​យក​មកប្រើ នៅពេល​ដោះស្រាយ​ចម្ងល់​របស់​មជ្ឈិមវ័យ ។ ចំណាប់​អារម្មណ៍​មួយ​ទៀត​ដែល​ខ្ញុំ​បាន​ទទួល គឺ​ចូលរួម​ក្នុង​សិក្ខាសាលា​ថ្នាក់​វិទ្យាស្ថាន​តាម​លំដាប់​លំដោយ ។ ដូច​ដែល​បងប្អូន​បាន​ដឹង​ហើយ ផ្នែក​មួយ​នៃ​ការផ្តួចផ្តើម « គំនិត​បង្កើត​ថ្មី​របស់​ថ្នាក់​វិទ្យាស្ថាន » របស់​យើង​មានរួមទាំង​ការបង្កើត​សិក្ខាសាលា​ខ្លីៗ ដែល​ជួយ​នាំ​មនុស្ស​ឲ្យ​ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន ដែល​ពេលខ្លះ​ប្រហែលជា​មិន​ទាន់​បាន​ចូលរៀន​នៅ​ឡើយ​ទេ ។

ដំបូងឡើយ ចាប់ផ្ដើម​ធ្វើការ​ជាមួយ​ថ្នាក់​វិទ្យាស្ថាន​នៅ ឡូហ្គេន នៃសាកលវិទ្យាល័យ​រដ្ឋ​យូថាហ៍ បន្ទាប់មក​ថ្នាក់​វិទ្យាស្ថាន​នៅ​ទីក្រុង​សលត៍ លេក​នៅឯ​សាកល​វិទ្យាល័យ យូថាហ៍ ហើយ​ថ្មីៗ​នេះ​នៅឯ​ទ្វីប​អាហ្វ្រិក នៅ​ថ្នាក់​វិទ្យាស្ថាន​នៅទីក្រុង ប្រាស្សាវីល ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដោយមាន​ការសម្របសម្រួល​ជាមួយ​ថ្នាក់​វិទ្យាស្ថាន​នៅទីក្រុង គីនហ្សាសា ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ យើង​បានបង្កើត​សិក្ខាសាលា​ដែល​មាន​ពីរ​ផ្នែក​ដោយផ្ដោតសំខាន់​ទៅ​លើ​សុន្ទរកថា​របស់​ប្រធាន ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។ វគ្គ​នៅ​សប្ដាហ៍​ទី​១ ផ្តោត​លើ​ការបញ្ជាក់មក​ពី​ព្យាការី​ដើម្បី​ដឹង​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន ។ សប្តាហ៍​ទី​ពីរ ផ្តោត​ទៅលើ​ការបញ្ជាក់​របស់​ព្យាការី​ដើម្បី​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន ។ នេះ​គឺជា​ការបញ្ជាក់​ដំបូង និង​ចុង​ក្រោយ​មកពី​ព្យាការី​ដែល​យើង​បាន​ស្នើសុំ​ឲ្យ​បងប្អូន​សិក្សា និង​អភិវឌ្ឍ ។

បន្ទាប់ពី​បង្រៀន​វគ្គ​ទី​មួយ​នេះ ខ្ញុំ​បានអញ្ជើញ​សិស្ស​របស់​ខ្ញុំ​ឲ្យ​នាំ​មិត្តភក្តិ​ម្នាក់​មក​ចូលរួម​នៅ​វគ្គ​ទីពីរ—នាំ​មិត្តភក្តិ​ដែល​អាច​ពុះពារ​នឹង​សំណួរ​នៃ​សេចក្តីជំនឿ​ទាក់ទង​នឹង​សេចក្តីជំនឿ​របស់​គាត់ ឬ​នាង ។ នៅ​ក្នុង​សិក្ខាសាលា​មួយ ចំនួន​អ្នក​ចូលរួម​មានចំនួន​ស្ទើរតែ​​ទ្វេ​ដង ។ នៅពេល​យើង​បន្ត​ប្រើ​សិក្ខាសាលា​ដើម្បី​បង្កើន​ទំនាក់ទំនង និង​ការចូល​ទៅ​កាន់​ថ្នាក់​វិទ្យាស្ថាន ខ្ញុំ​សូម​ផ្ដល់​ការអញ្ជើញ​ទៅកាន់​ក្រុមប្រឹក្សា​ថ្នាក់​វិទ្យាស្ថាន​នីមួយៗឲ្យ​ស្វែងរក​ឱកាស​ក្នុង​ការអភិវឌ្ឍ​សិក្ខាសាលា​ដែល​មាន​គោលដៅ​ផ្តោតលើ​ការគូសបញ្ជាក់​របស់​ព្យាការី​ដែល​យើង​បាន​ចែងឡើង ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស​ទៅលើ​ការបង្រៀន​របស់​ប្រធាន ណិលសុន ដោយ​បញ្ជាក់​លើ​សារលិខិតគ្រឹះ​របស់​លោក « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ។

ចាប់តាំង​ពី​យើង​បាន​ចែកចាយ​ដំបូន្មាន​ពីដំបូង​របស់​យើង​ដើម្បី​គាំទ្រ​បន្ថែម​លើ​ការបញ្ជាក់​របស់​ព្យាការី​ទៅកាន់​យុវមជ្ឈិមវ័យ យើង​បានទទួល​ដំបូន្មាន​បន្ថែម​ពី​ព្រះ​អម្ចាស់​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់​ដែល​នៅរស់​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​របស់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក និង​ក្នុង​សន្និសីទ​ទូទៅ ។ នៅក្នុង​សារលិខិត​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០២៣ របស់លោក​ទៅកាន់​យុវមជ្ឈិមវ័យ អែលឌើរ ឃ្វីនថិន អិល ឃុក បាន​គាំទ្រ​បន្ថែម​ទៅលើ​​ដំបូន្មាន​របស់​ប្រធាន ណិលសុន ក្នុងការ​ស្គាល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន ។ លោក​បាន​ថ្លែង​ថា ឧបសគ្គ​មួយ​ក្នុងការ​ស្វែងរក​ជំនឿ​លើ​ព្រះ​គឺ​កើតចេញ​មកពី​ការបារម្ភ​អំពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​បងប្អូន ។

អែលឌើរ ឃុក បាន​ពន្យល់​ថា ៖ « ប្រធាន រ័សុល អិម ណិលសុន បាន​លើកឡើង​ពី​ចំណុច​នេះ​តាម​របៀប​ដ៏មាន​អានុភាព​មួយ ។ លោក​បានបញ្ជាក់​លើ​ការកំណត់​អត្តសញ្ញាណ​ចំនួន​បី​ដែល​មានជា​យូរមកហើយ នោះគឺ ៖ ‹ បុត្រ​របស់​ព្រះ › ‹ បុត្រ​នៃ​សេចក្ដីសញ្ញា › និង ‹ សិស្ស​នៃព្រះយេស៊ូវ​គ្រីស្ទ › » ។ មុននេះ​នៅក្នុង​សុន្ទរកថា​របស់​លោក អែលឌើរ ឃុក បាន​គាំទ្រ​បន្ថែម​ទៅលើ​គោលគំនិត​របស់​ប្រធាន ណិលសុន ថា​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន​កាល​លោក​បានថ្លែង​ថា ៖ « មនុស្ស​គ្រប់​ជំនាន់​ទាំងអស់​ប្រឈម​មុខ​នឹង​កាលៈទេសៈ​នានា ដែល​អាច​នាំឲ្យ​មាន​ឧបសគ្គ​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ… ។ នោះ​មនុស្ស​គ្រប់​ជំនាន់​ត្រូវតែ​ស្វែងយល់ និង​ទទួល​ចំណេះដឹង និង​ទីបន្ទាល់​អំពី​ព្រះ​ផ្ទាល់​ខ្លួន » ។

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​របស់​លោក​ទៅកាន់​យុវមជ្ឈិមវ័យ នា​ខែ​ឧសភា ឆ្នាំ ២០២៣ នេះ​ប្រធាន ដាល្លិន អេក អូក បានរំឭក​យើង​ឲ្យ​ឈរ​ការពារ​សេចក្ដីពិត​ដោយ​សេចក្តី​ស្រឡាញ់ តាមរយៈ​ការសង្កត់ធ្ងន់​ទៅ​លើ​បទបញ្ញត្តិ​ដ៏​ធំ​ពីរ​នេះ ។ លោក​បាន​លើក​ឡើង​ពី​ប្រសាសន៍​របស់​សាវក​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ថា ៖ « ការ​ដាក់​បទបញ្ញត្តិ​ទីមួយ​ជា​ចម្បង ពុំបាន​កាត់បន្ថយ … សមត្ថភាព​របស់​យើង​ក្នុងការ​គោរពតាម​បទបញ្ញត្តិ​ទី​ពីរ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បង្កើន និង​ពង្រឹង​ដល់​បទបញ្ញត្តិ​ទីមួយ​វិញ ។ … សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជួយ​បង្កើន​សមត្ថភាព​របស់យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​កាន់តែ​ពេញលេញ និង​ឥតខ្ចោះ​ដោយសារ … ក្នុង​ន័យ​នេះ [យើង]​គឺជា​ដៃគូ​ជាមួយ​ព្រះ​នៅក្នុង​ការថែរក្សា​បុត្រា​បុត្រី​របស់​ទ្រង់ » ។​

បន្ទាប់មក ប្រធាន អូក បាន​រំឭក​យើង​ថា យើង​នៅតែ​អាច​ស្រឡាញ់​អ្នក​ដទៃ ហើយ​ស្វែងរក​មូលដ្ឋាន​រួម​ដោយ​មិន​បំពាន​លើ​សេចក្តីពិត​ដែល​យើង​ដឹង​ឡើយ ។ នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​របស់​លោក ក្រោម​ចំណង​ជើង​ថា « គិត​ដល់​សេឡេស្ទាល ! » ប្រធាន ណិលសុន បានផ្ដល់​ការបញ្ជាក់​ក្នុង​នាម​ជា​ព្យាការី​ថា​ឲ្យ​ឈរ​ការពារ​សេចក្តីពិត ទោះបីជា​មាន​ការជំទាស់​ក៏​ដោយ ដោយ​ថ្លែង​ថា ៖ « ប៉ុន្តែ​មតិ​សាធារណៈ​មិន​មែន​ជា​អ្នក​កំណត់​សេចក្តីពិត​នោះ​ទេ ។ … នៅពេល​អ្នក​ដែល​បងប្អូន​ស្រឡាញ់​វាយ​ប្រហារ​លើ​សេចក្តីពិត សូម​គិត​ដល់​សេឡេស្ទាល ហើយ​កុំ​មាន​ការសង្ស័យ​លើ​ទីបន្ទាល់​របស់​បងប្អូន​ឡើយ » ។១០

នៅក្នុង​ការបំពាក់បំប៉ន​ទូទាំង​ពិភព​លោក​នេះ ខ្ញុំ​ក៏​កំពុង​គាំទ្រ​បន្ថែម​ទៅលើ​ការអញ្ជើញ​ពី​មុនៗ​របស់​ខ្ញុំ ឲ្យ​សិក្សា និង​អនុវត្ត​តាម​ការបញ្ជាក់​របស់​ព្យាការី​បច្ចុប្បន្ន​ទៅកាន់​យុវមជ្ឈិមវ័យ​ផង​ដែរ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន របៀប​មួយ​ដែល​យើង​អាច​និយាយ​បាន​ថា « សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បម្រើ​ទ្រង់ » គឺ​ស្តាប់ និង​សិក្សា​ដោយ​យកចិត្ត​ទុកដាក់​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដូច​ដែល​បានបើកសម្តែង​តាម​រយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ។ យើង​អាច​ធ្វើ​ជា​សំឡេង​បន្លឺ​របស់​ព្យាការី​អំពី​ការណែនាំ​ដែល​ព្យាការី​កំពុង​ចែកចាយ​ជាមួយ​យុវមជ្ឈិមវ័យ​ផងដែរ ។

ជា​ផ្នែក​មួយ​នៃ​ការហៅ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ពួក​ចិតសិបនាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ ខ្ញុំ​ត្រូវ​ធ្វើ​ជា​សាក្សី​របស់​ព្រះអង្គ​សង្គ្រោះ ។ ការទទួល​ខុសត្រូវ​ដ៏​សំខាន់​មួយ​ទៀត​ដែល​ពួក​ចិតសិប​នាក់​ត្រូវ​អនុវត្ត គឺ​ធ្វើ​ជា​ធនធាន​មួយ​ដល់​ពួក​ដប់​ពីរ​នាក់​គ្មាន​នរណា​ផ្សេង​ទៀត​ឡើយ ។ ខ្ញុំ​នៅ​ទីនេះ​ថ្ងៃនេះ ខ្ញុំ​បំពេញ​ការចាត់តាំង​ជាមួយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ដែល​ខ្ញុំ​គាំទ្រ​ក្នុង​តួនាទី​របស់​ខ្ញុំ ដែល​ជា​អភិបាល​ផ្នែក​អប់រំ និង​តួនាទី​របស់​លោក ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​របស់​ក្រុមប្រឹក្សា​អប់រំ​នៃ​សាសនាចក្រ​ផងដែរ ។ ខ្ញុំ​ព្យាយាម​ធ្វើ​ជា​ធនធាន​មួយ​ដល់​អែលឌើរ គ្រីស្តូហ្វឺសិន ដែល​ជា​ផ្នែក​មួយ​នៃ​ការចាត់តាំង​នោះ ។ ប៉ុន្តែ ទោះបីជា​ខ្ញុំ​មិន​ត្រូវ​បាន​ចាត់តាំង​ឲ្យ​មក​ជាមួយ​អែលឌើរ គ្រីស្តូហ្វឺសិន ក៏​ដោយ ក៏​ខ្ញុំ​ធ្វើការ​ដើម្បី​គាំទ្រ​បន្ថែម​ទៅលើ​ដំបូន្មាន និង​ការបង្រៀន​របស់​ពួក​សាវក​ម្នាក់ៗ និង​ជា​ពិសេស​ព្យាការី​នៃ​សាសនាចក្រ ។

នៅពេល​ដែល​ខ្ញុំ​នៅ​ឯ​បរិយាកាស​ខាង​សាសនា​ក្នុង​សន្និសីទ​ស្តេក និង​ការបំពាក់បំប៉ន​ថ្នាក់​ដឹកនាំ សារលិខិត​របស់​ខ្ញុំ​ភាគច្រើន​គឺជា​ការគាំទ្រ​បន្ថែម​នូវ​ប្រសាសន៍​របស់​ព្យាការី និង​សាវក ។ ដូចគ្នា​នេះ​ដែរ នៅពេល​ខ្ញុំ​ប្រឹក្សា និង​ធ្វើ​ការងារបម្រើ​ដល់​អ្នក​ដទៃ ខ្ញុំ​លើក​យក​ប្រសាសន៍​របស់​ពួកគាត់​មក​ចែកចាយ ។ ក្នុង​ករណី​នៃ​ការអប់រំ​ខាង​សាសនា ព្យាការី និង​ពួកសាវក​មាន​ប្រសាសន៍​ជំនួស​ឲ្យ​ព្រះអម្ចាស់​ទៅកាន់​យុវវ័យ​នៃ​សាសនាចក្រ ។ យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការដឹង និង​គាំទ្រ​បន្ថែម​ទៅលើ​សារលិខិត​របស់​ពួកលោក ។ បងប្អូន​ប្រុសស្រី យុវមជ្ឈិមវ័យ​របស់​យើង​កំពុង​រស់នៅ​ក្នុង​គ្រា​ដ៏​មាន​គ្រោះថ្នាក់ ប៉ុន្តែ​ព្រះអម្ចាស់​បាន​រៀបចំ​ពួកព្យាការី​ដែល​មាន​ការហៅ​នេះ និង​សមត្ថភាព​ដើម្បី​មាន​ប្រសាសន៍​ថា « សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បម្រើ​ទ្រង់ » ។ សូម​ឲ្យ​យើង​មាន​ភាពក្លាហាន មាន​វិន័យ និង​សេចក្តី​ជំនឿ​ដើម្បី​ស្តាប់​ប្រសាសន៍​របស់​ពួកលោក ហើយ​ពេល​ធ្វើ​ដូច្នេះ សូម​នាំ​យក​សារលិខិត​របស់​ព្រះ​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់​នៅ​ទូទាំង​ផែនដី ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

ឥឡូវ​នេះ​គឺជា​ឯកសិទ្ធិ​របស់​ខ្ញុំ​ដើម្បី​ណែនាំ​ទៅ​កាន់​បងប្អូន​នូវ​អ្នក​ឡើង​និយាយ​សំខាន់​របស់​យើង ។ អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ២០០៨ ។ អែលឌើរ គ្រីស្តូហ្វឺសិន មាន​ទំនួល​ខុសត្រូវ​គ្រប់គ្រង​កិច្ចការ​សាសនាចក្រ​ជាច្រើន រួមទាំង​ការចាត់តាំង​បច្ចុប្បន្ន​របស់​លោក នៅ​តំបន់​យូថាហ៍ និង​អាហ្វ្រិក​ខាង​លិច ។ ដូច​ដែល​បាន​លើក​ឡើង​ពី​មុន លោក​ក៏​ត្រូវ​បាន​ចាត់តាំង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​របស់​ក្រុមប្រឹក្សា​អប់រំ​នៃ​សាសនាចក្រ​ផងដែរ ។

ក្រៅពី​ការចាត់តាំង​ជាក់លាក់ ពួកសាវក​ដប់ពីរ​នាក់​ទាំងអស់​មាន​ការហៅ​ពិសេស​មួយ គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​របស់​ព្រះ​សង្រ្គោះ ។ ខ្ញុំ​បាន​សង្កេតឃើញ​ភាពខុសគ្នា​នេះ​ពេល​មើល​ទៅ​អែលឌើរ គ្រីស្តូហ្វឺសិន នៅពេល​យើង​ត្រូវ​បានចាត់តាំង​ជាមួយ​គ្នា​ឲ្យ​ទៅ​ទស្សនកិច្ច​ទីតាំង​មួយ​ទៅ​កាន់​សាកលវិទ្យាល័យ BYU–Hawaii ។ អែលឌើរ ហូឡិន ពីមុន​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អធិបតី ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​នៅ​នាទី​ចុងក្រោយ ការទទួល​ខុសត្រូវ​នោះ​បាន​ធ្លាក់​មក​លើ​អែលឌើរ គ្រីស្តូហ្វឺសិន ភ្លាមៗ ។

លោក​ធ្វើ​តួនាទី​ជា​អធិបតី​ដ៏​គួរ​ឲ្យ​គោរព ប៉ុន្តែ​នៅក្នុង​ការប្រជុំ​មួយ​របស់យើង លោក​បាន​មាន​ប្រសាសន៍​អ្វីមួយ​ដែល​តែងតែ​ឲ្យ​ខ្ញុំ​រោទិ៍​ដូច​កណ្ដឹង ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ជាចុងក្រោយ មិន​ថា​តំបន់ ឬ​ការទទួល​ខុសត្រូវ​បច្ចុប្បន្ន​របស់​យើង​ជា​អ្វី​នោះ​ទេ កិច្ចការ​គ្រឹះ​របស់​យើង​គឺ​ធ្វើជា​សាក្សី​ពិសេស​ម្នាក់​នៃ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ​នៅក្នុង​ពិភពលោក​ទាំងមូល » ។ នៅពេល​លោក​មាន​ប្រសាសន៍​ពាក្យ​ទាំងនេះ​នៅ​ទីក្រុង​ឡាអេ រដ្ឋហាវ៉ៃ ព្រះ​វិញ្ញាណ​បានធ្វើ​ជា​សាក្សី​ដល់​ខ្ញុំ​ពី​លក្ខណៈ​ពិសិដ្ឋ​នៃ​ការហៅ​របស់​អែលឌើរ គ្រីស្តូហ្វឺសិន និង​របៀប​ដែល​លោក​គោរព​ដល់​ការហៅ​នោះ​ដោយ​ភាពថ្លៃថ្នូរ និង​ការយកចិត្ត​ទុកដាក់ ។ ឥឡូវ​នេះ វា​នឹង​ជា​ឯកសិទ្ធិ​របស់​យើង​ក្នុង​ការស្តាប់​ពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។

អែលឌើរ គ្រីស្ដូហ្វឺសិន …