ឈរការពារសេចក្ដីពិត
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ២១ ខែ ឧសភា ឆ្នាំ ២០២៣
ប្រធាន ដាល្លិន អេក អូក ៖ សូមអរគុណសម្រាប់តន្ត្រីដ៏ពិរោះ ។ ហើយសូមអរគុណដល់អភិបាលនៃប្រពន្ធ័អប់រំ ហ្គីលប៊ឺត សម្រាប់ការណែនាំខ្លួនខ្ញុំដ៏ក្បោះក្បាយ ។
យុវម្ឈិមវ័យជាទីស្រឡាញ់ រួមទាំងសិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់វិទ្យាល័យនៅពេលឆាប់ៗនេះ ស៊ីស្ទើរ អូក និងខ្ញុំពិតជារំភើបចិត្តក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះក្មួយៗ និងនិយាយទៅកាន់ក្មួយៗនៅក្នុងការប្រជុំធម្មនិដ្ឋានដ៏សំខាន់នេះ ។ នេះគឺជាពេលដ៏តានតឹងសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្តល់ឲ្យយើងនូវហេតុផលដ៏ច្រើនដើម្បីមានសេចក្តីសង្ឃឹម ។ តាមរយៈព្យាការីរបស់ទ្រង់ ព្រះបានប្រទានការអញ្ជើញ ឲ្យយើងស៊ូទ្រាំនឹងទុក្ខលំបាក ហើយការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទគូសបង្ហាញពីផ្លូវដើម្បីយកឈ្នះឆ្ពោះទៅកាន់ជោគវាសនាដ៏ទេវភាពនៃជីវិតដ៏អស់កល្បជានិច្ចរបស់យើង ។
I.
ពេលនិយាយទៅកាន់អ្នកស្តាប់ដូចជាក្មួយៗ ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់វេជ្ជបញ្ជាដ៏សំខាន់នេះថា ៖ « នៅពេលពិភពលោកកាន់តែរីកចម្រើន និងមិនសូវមានភាពខាងវិញ្ញាណ នោះការរីកចម្រើនរបស់បងប្អូនគួរតែកាន់តែច្រើនឡើងខាងវិញ្ញាណ និងកាន់តែតិចទៅខាងលោកិយ ។ សូមខិតខំឈរលើគោលការណ៍ជាជាងឈរលើប្រជាប្រិយភាព » ។
បន្ទាប់មក លោកបានលើកឡើងនូវបញ្ហានេះ ដែលយើងយកជាចំណងជើងនៃការប្រជុំធម្មនិដ្ឋានរបស់យើង ៖ « ស្គាល់សេចក្តីពិត ហើយឈរការពារសេចក្ដីពិត ទោះបីសេចក្តីពិតមិនល្បីខាងនយោបាយក៏ដោយ » ។១
គោលដៅរបស់យើងនៅក្នុងជីវិតរមែងស្លាប់របស់យើង និងផ្លូវដែលយើងគួរដើរតាមដើម្បីយកឈ្នះ គឺត្រូវបានផ្តល់ឲ្យនៅក្នុងផែនការនៃសេចក្តីសង្គ្រោះ ហើយថ្មីៗនេះនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សូមពិចារណាទស្សនៈនៅក្នុងសេចក្ដីសង្ខេបដ៏មានតម្លៃនេះដោយប្រធាន ណិលសុន ៖
« ជីវិតមិនមែនជាការសម្តែងដែលមានឈុតឆាកតែមួយនោះទេ ។ ពិតជាមានដំណាក់កាលមួយមុនដំណាក់កាលនេះ ។ ហើយពិតជាមានជីវិតក្រោយពីសេចក្តីស្លាប់ ។ មុនជីវិតរមែងស្លាប់ និងជីវិតរមែងស្លាប់គឺជាផ្នែកមុននៃជីវិតក្រោយជីវិតរមែងស្លាប់របស់យើង ។ ចំណេះដឹងអំពីកម្រិតនៃសិរីល្អទាំងបី ដូចដែលបានបើកបង្ហាញដល់ព្យាការីទាំងឡាយ ផ្តល់ឲ្យយើងនូវពន្លឺនៃសក្ដានុពលនៃជីវិតក្រោយជីវិតរមែងស្លាប់នេះរបស់យើង ។ ជីវិតដ៏នៅអស់កល្បជានិច្ចគឺរុងរឿង និងមានតម្លៃសមនឹងស្វែងរក » ។២
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានពរដោយមានវិវរណៈសម័យទំនើប ដែលផ្ដល់ឲ្យយើងនូវការយល់ដឹងកាន់តែច្បាស់អំពីគោលបំណងនៃជីវិតរមែងស្លាប់នេះ ។ ដូចជាប្រធាន ណិលសុន បានមានប្រសាសន៍ថា យើងមិនចាត់ទុកជីវិតរមែងស្លាប់ដូចជាការសម្តែងដែលមានឈុតឆាកតែមួយនោះទេ ។ សម្រាប់ពួកយើង យ៉ាងហោចណាស់មានឈុតឆាកចំនួនបីនៅក្នុងដំណើរដ៏អស់កល្បជានិច្ចរបស់យើង ។ ឈុតឆាកទី ១ គឺជាជីវិតរបស់យើងមុនជីវិតរមែងស្លាប់នេះ ។ ជីវិតរមែងស្លាប់បច្ចុប្បន្នរបស់យើងនឹងមកតាមក្រោយ ដូចជា ឈុតឆាកទី ២ ។ ជីវិតបន្ទាប់ពីសេចក្ដីស្លាប់របស់យើងគឺជាឈុតឆាកទី ៣ ។ ឈុតឆាកចុងក្រោយនេះរួមបញ្ចូលទាំងការរស់ឡើងវិញដ៏ពិតប្រាកដសម្រាប់អ្នកដែលធ្លាប់រស់នៅទាំងអស់ និងការជំនុំជម្រះចុងក្រោយដែលចាត់តាំងយើងឲ្យទៅកាន់នគរមួយនៃសិរីល្អ ដែលស្របតាមការប្រព្រឹត្ត ការសម្រេចចិត្ត និងបំណងប្រាថ្នារបស់យើង ។
ដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទផ្តលនូវសិទ្ធិទទួលបានសេចក្ដីពិតដ៏ពិសេសអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
គោលបំណងនៃជីវិតរបស់យើងនៅលើផែនដី ដែលជាឈុតឆាកទី ២ គឺដើម្បីរីកចម្រើនឆ្ពោះទៅរកជោគវាសនាជីវិតដ៏អស់កល្បជានិច្ចរបស់យើង ។ យើងធ្វើដូច្នេះបាន តាមរយៈការយកឈ្នះលើអ្វីដែលព្រះគម្ពីរមរមនពិពណ៌នាថា ជាការផ្ទុយចំពោះរឿងសព្វសារពើ រួមទាំងការល្បួងជាច្រើនដើម្បីបំពានលើព្រះបញ្ញត្តិនៃព្រះផងដែរ ។ ការប្រឈមមុខ និងការយកឈ្នះលើការល្បួង ហើយខិតទៅជិតព្រះ តាមរយៈការជ្រើសរើសត្រឹមត្រូវ និងការប្រែចិត្តពីការជ្រើសរើសខុស ជួយយើងឲ្យសម្រេចបាននូវការរីកចម្រើនដ៏អស់កល្បជានិច្ច ដែលជាគោលបំណងនៃជីវិតរមែងស្លាប់នៃបុត្រាបុត្រីរបស់ព្រះ ។
យើងមានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺនៃវិវរណៈសម័យទំនើប មានពរជ័យដោយការទទួលបានការយល់ដឹងជាច្រើន ។ ឧទាហរណ៍ ព្រះគម្ពីរមរមនសន្យាថា អស់អ្នកដែលព្យាយាម រកនឹងឃើញ ហើយ ការអាថ៌កំបាំងទាំងឡាយនៃព្រះ នឹងបានបើកបង្ហាញដល់គេ ដោយព្រះចេស្ដានៃ ព្រះវិញ្ញាណបរិសុទ្ធ៣ ខ្ញុំអធិស្ឋានសូមឲ្យមនុស្សទាំងអស់ដែលខ្ញុំស្រឡាញ់—ហើយនោះគឺបុត្រាបុត្រីរបស់ព្រះទាំងអស់ដែលស្ដាប់ឮការអំពាវនាវរបស់ខ្ញុំ—នឹងធ្វើតាមការអញ្ជើញនោះដើម្បីស្វែងរក និងស្គាល់សេចក្តីពិត ។
II.
សេចក្តីពិតទីមួយទាក់ទងនឹងអាពាហ៍ពិពាហ៍ ។ អាពាហ៍ពិពាហ៍គឺជាចំណុចសំខាន់នៃគោលបំណងនៃជីវិតរមែងស្លាប់ និងអ្វីដែលមានបន្ទាប់មកទៀត ។ យើងជាបុត្រាបុត្រីនៃព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ដែលបានបង្កើតយើងឲ្យមានសមត្ថភាពដើម្បីធ្វើតាមព្រះបញ្ញត្តិរបស់ទ្រង់ គឺការបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី ។ ព្រះចេស្តានៃការបង្កបង្កើតនោះគឺជាអំណោយទានដ៏មានតម្លៃបំផុតមួយដែលយើងមាននៅក្នុងជីវិតរមែងស្លាប់ ។ ប៉ុន្តែចំណុចសំខាន់នៃអំណោយទាននោះគឺច្បាប់ព្រហ្មចារីភាព ដែលជាបទបញ្ញត្តិដែលអំណាចនៃការបង្កកំណើតរបស់យើងត្រូវបានបង្ហាញតែក្នុងចំណងអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ប៉ុណ្ណោះ ។ បទបញ្ញត្តិនោះគឺជាចំណុចសំខាន់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ការពិតនោះពន្យល់ពីមូលហេតុដែលយើងមានតម្លៃខុសៗគ្នា ហើយបដិសេធពីឥរិយាបថមួយចំនួន ដែលហាក់ដូចជារឿងធម្មតាក្នុងចំណោមមនុស្សជាច្រើននៅជុំវិញយើង ។
អាកប្បកិរិយារបស់យើងចំពោះនិយមន័យនៃអាពាហ៍ពិពាហ៍ និងចំពោះអាពាហ៍ពិពាហ៍ខ្លួនឯងគឺជាឧទាហរណ៍នៃរឿងនោះ ។ ថ្នាក់ដឹកនាំរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ មានការព្រួយបារម្ភជាពិសេសចំពោះការផ្លាស់ប្តូរថ្មីៗនៃលក្ខណៈ និងវិសាលភាពនៃអាពាហ៍ពិពាហ៍នៅសហរដ្ឋអាមេរិក ។ ការណ៍នេះរាប់ទាំងទំនោរកើនឡើងក្នុងការពន្យារពេលរៀបអាពាហ៍ពិពាហ៍នៃប្រជាពលរដ្ឋអាមេរិក រួមទាំងបុរស និងស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលមានភាពស័ក្តិសមមួយចំនួនផងដែរ ។ ដើម្បីបង្ហាញពីទំនោរនោះ សូមមើលតារាងពីរស្ដីពីអាពាហ៍ពិពាហ៍ ។ ខណៈពេលដែលតួលេខទាំងនេះគឺសម្រាប់សហរដ្ឋអាមេរិក វាតំណាងឲ្យបញ្ហាទូទាំងពិភពលោក ។
តារាងទីមួយបង្ហាញពីការថយចុះគួរឲ្យកត់សម្គាល់នៅក្នុង ភាគរយនៃពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលធ្លាប់បានរៀបការ ។ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ភាគរយនេះបានធ្លាក់ចុះពីចំណុចប្រាំបីទៅប្រាំបួនភាគរយសម្រាប់ទាំងបុរស និងស្ត្រី ។ ច្បាស់ណាស់ អាពាហ៍ពិពាហ៍បានធ្លាក់ចុះនៅសហរដ្ឋអាមេរិក ។
តារាងទីពីរនេះបង្ហាញពីការកើនឡើងនៃអាយុរៀបអាពាហ៍ពិពាហ៍របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយវ័យក្មេង ការណ៍នេះបង្ហាញពីអាយុជាមធ្យមរបស់បុរស និងស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយ ពេលពួកគេរៀបអាពាហ៍ពិពាហ៍ ។ វាបង្ហាញពីអាយុរៀបការកើនឡើងប្រហែលជាប្រាំឆ្នាំសម្រាប់ទាំងបុរស និងស្ត្រី ។៤
សូមពិចារណាអំពីអ្វីដែលពួកបរិសុទ្ធថ្ងៃចុងក្រោយវ័យក្មេងខកខាន នៅពេលពួកគេពន្យារពេលរៀបអាពាហ៍ពិពាហ៍ដោយចេតនាក្នុងរយៈពេលដ៏សំខាន់នេះ ៖ បាត់បង់ឱកាស ហើយពរជ័យត្រូវបានពន្យារពេល ។ ការណ៍នេះមានន័យថា ការលូតលាស់ផ្ទាល់ខ្លួនដ៏សំខាន់ដែលកើតឡើងនៅក្នុងចំណងអាពាហ៍ពិពាហ៍រវាងស្វាមី និងភរិយាត្រូវបានពន្យារពេល ការរីកចម្រើនក្នុងគុណសម្បត្តិដូចជាការលះបង់ និងការបន្ទាបខ្លួនជាដើម ។ វាមានន័យថាបានកាត់បន្ថយឱកាសដើម្បីធ្វើការរួមគ្នាដើម្បីស្ថាបនានគររបស់ព្រះ ។ ហើយការណ៍សំខាន់បំផុត នោះមានន័យថា មានក្មេងៗកើតដែលធំឡើងដោយពរជ័យទាំងឡាយនៃដំណឹងល្អ ។ ក្មួយៗដឹងពីរឿងទាំងអស់នេះហើយ ក្មួយៗត្រូវដឹងថា ថ្នាក់ដឹកនាំរបស់ក្មួយៗដឹងថា ក្មួយៗដែលនៅលីវជាច្រើនរបស់យើងមិនរៀបការក្នុងពេលឆាប់ៗនេះ ដោយសារហេតុផលលើសពីអ្វីដែលពួកគេអាចគ្រប់គ្រងបាន ។ ខ្ញុំនឹងនិយាយបន្ថែមទៀតអំពីរឿងនេះនៅពេលក្រោយ ។
គ្រីស្ទីន សូមបន្ថែមគំនិតរបស់អូនអំពីរឿងនេះ ។
គ្រីស្ទីន អិម អូក ៖ យល់ព្រម ។ នៅក្នុងសេចក្តីពិត អាពាហ៍ពិពាហ៍គឺជាអំណោយទានមួយ ។ អាពាហ៍ពិពាហ៍មិនត្រឹមតែផ្តល់ឱកាសឲ្យយើងមានកូនប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងផ្តល់ឱកាស និងការលើកទឹកចិត្តឲ្យយើងដើម្បីចាប់ផ្តើមដំណើរនៃការរីកលូតលាស់ជាមួយគ្នាផងដែរ ។ យើងរៀនលះបង់ និងបម្រើអស់ពីលទ្ធភាពរបស់យើងតាមវិធីផ្សេងៗទៀតមួយចំនួន ។
ពេលខ្ញុំនៅលីវ ខ្ញុំតែងតែស្វែងរកឱកាសដើម្បីបម្រើ ។ ឥឡូវនេះរាល់រាត្រីនៅពេលទទួលទានអាហារពេលល្ងាច គម្រោងបម្រើរបស់ខ្ញុំកំពុងអង្គុយនៅទល់មុខខ្ញុំចំតែម្ដង ។ ខ្ញុំរៀនស្រឡាញ់ និងជួយស្វាមីរបស់ខ្ញុំបានកាន់តែប្រសើរ ខ្ញុំមានមិត្តភក្តិម្នាក់ដើម្បីសើចជាមួយ និងយំជាមួយ ។ ខ្ញុំមានអ្នកគាំទ្រ គ្រូបង្រៀន និងអ្នកលើកទឹកចិត្តផ្ទាល់ខ្លួនដែលជួយខ្ញុំ ។ អាពាហ៍ពិពាហ៍គឺជាឱកាសគាំទ្រក្នុងការរៀនប្រាស្រ័យទាក់ទងគ្នា និងដឹងពីទស្សនវិស័យ ។ ខ្ញុំចង់ឲ្យក្មួយៗមានជីវិតកាន់តែមានលក្ខណៈប្រសើរឡើង នៅពេលអាពាហ៍ពិពាហ៍របស់យើងបានភ្ជាប់ជាមួយអ្វីដែលធំជាងខ្លួនយើង ហើយកាន់តែខិតជិតព្រះអង្គសង្គ្រោះរបស់យើង ។ ហើយយើងចង់បានពរជ័យនោះសម្រាប់ក្មួយៗទាំងអស់គ្នា ។
នៅក្នុងរឿង Les Misérablesមានឃ្លាមួយសរសេរថា « ដើម្បីស្រឡាញ់មនុស្សម្នាក់ទៀតបាន គឺត្រូវមើលព្រះភ័ក្រ្តរបស់ព្រះ » ។៥ គ្មានកន្លែងណាដែលរឿងនេះអាចកើតឡើងបាន ល្អជាងក្នុងចំណងអាពាហ៍ពិពាហ៍នោះទេ ។
ប្រធាន អូក ៖នៅក្នុងន័យខាងលោកិយ ការពន្យារពេលមានកូន—សូម្បីតែវាបន្ថយតម្លៃដ៏សំខាន់របស់ពួកគេក្ដី—គឺជាភស្តុតាងនៅក្នុងនិន្នាការដែលទើបតែបានរាយការណ៍ពីការស្ទង់មតិថ្នាក់ជាតិដ៏គួរឲ្យគោរពមួយ ដែលបង្ហាញថា សារៈសំខាន់នៃការមានកូនចំពោះមជ្ឈិមវ័យបានធ្លាក់ចុះក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះពី ៦៦ ភាគរយ ទៅ ៣៣ភាគរយ ។៦
គ្រីស្ទីន និងខ្ញុំបានគិតពីសារៈសំខាន់នៃការវាយតម្លៃថ្នាក់ជាតិអំពីសារៈសំខាន់នៃការមានកូននេះចំពោះសាសនាចក្រដែលបានស្ដារឡើងវិញ នៅពេលដែលបងស្រីរបស់ គ្រីស្ទីន ប្រាប់ពីការអត្ថាធិប្បាយដោយកូនប្រុសពៅរបស់គាត់ ។ នៅពេលពួកគាត់អានទស្សនាវដ្តី ប្រិយមិត្ត ជាមួយគ្នា ហើយមើលរូបថតរបស់ព្រះយេស៊ូវ គាត់ឆ្ងល់អំពីព្រះអង្គសង្គ្រោះ ដែលហៅកុមារឲ្យមករកទ្រង់ ។ អាន់ឌើស ដែលមានអាយុបួនឆ្នាំ បានឆ្លើយតបដោយការពន្យល់ដ៏បំផុសគំនិតរបស់គាត់ថា « តើម៉ាក់មិនយល់ទេឬអី ? ព្រះយេស៊ូវស្រឡាញ់ក្មេងៗ » ។
សូមចាំថា ព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់មានផែនការមួយសម្រាប់យុវមជ្ឈិមវ័យរបស់ទ្រង់ ហើយផ្នែកមួយនៃផែនការនោះគឺអាពាហ៍ពិពាហ៍ និងកូនៗ ។
ឥឡូវនេះ គ្រាន់តែដើម្បីភាពសប្បាយរីករាយ យើងចង់ចែកចាយអ្វីដែលយើងធ្លាប់បានបង្រៀនអំពីការណាត់ជួប និងការដើរលេង ។ នេះជាវីដេអូដែលខ្ញុំបាននិយាយកាលពីឆ្នាំ ២០០៥ នៅពេលដែលយុវមជ្ឈិមវ័យដែលមានវ័យចំណាស់ជាងគេនៅជាមួយយើងថ្ងៃនេះមានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយក្មួយៗផ្សេងទៀតគឺជាកូនក្មេង ឬមិនទាន់កើតនៅឡើយ ។
ជាច្រើនឆ្នាំមកនេះ សាសនាចក្របានទូន្មានយុវវ័យរបស់យើងកុំឲ្យណាត់ជួបមុនអាយុ ១៦ ឆ្នាំ ។ ប្រហែលជាយុវមជ្ឈិមវ័យមួយចំនួន ជាពិសេសបុរសបានធ្វើតាមការប្រឹក្សាដ៏ឈ្លាសវៃនោះហួសជ្រុល ហើយបានតាំងចិត្តថាមិនធ្វើការណាត់ជួបមុនអាយុ ២៦ ឆ្នាំ ឬប្រហែលជាអាយុ ៣៦ ឆ្នាំនោះទេ ។ ឥឡូវនេះ ខ្ញុំសូមអញ្ជើញក្មួយៗឲ្យត្រឡប់ទៅវិញជាមួយខ្ញុំ និងមើលវីដេអូនេះពីឆ្នាំ ២០០៥ ។
ប្រធាន អូក [ វីដេអូ ] ៖« កម្លោះៗ ប្រសិនបើក្មួយៗបានត្រឡប់ពីបេសកកម្មរបស់ក្មួយវិញ ហើយក្មួយនៅតែធ្វើតាមគំរូក្មេងប្រុស-ស្រី ដែលយើងបានទូន្មានក្មួយឲ្យធ្វើតាមកាលក្មួយនៅអាយុ ១៥ ឆ្នាំ នោះវាដល់ពេលដែលក្មួយធ្វើជាមនុស្សធំហើយ ។ សូមប្រមូលភាពក្លាហានរបស់ក្មួយ ហើយរកមើលនរណាម្នាក់ដើម្បីធ្វើជាដៃគូ ។ សូមចាប់ផ្តើមជាមួយនឹងការណាត់ជួបចម្រុះជាមួយជាមួយយុវនារីជាច្រើននាក់ ហើយនៅពេលដែលដំណាក់កាលនោះផ្តល់នូវការរំពឹងទុកដ៏ល្អ សូមបន្តទៅភាពជាគូស្នេហ៍ ។ វាដល់ពេលរៀបអាពាហ៍ពិពាហ៍ហើយ ។ នោះជាអ្វីដែលព្រះអម្ចាស់មានព្រះទ័យសម្រាប់បុត្រា និងបុត្រីរបស់ទ្រង់ជាយុវមជ្ឈិមវ័យទាំងឡាយ ។ បុរសមានគំនិតផ្តួចផ្តើម ហើយក្មួយជាបុរសគួរបន្តវា ។ ប្រសិនបើក្មួយមិនដឹងថា ការណាត់ជួបជាអ្វីទេ ប្រហែលជានិយមន័យនេះអាចជួយបាន ។ ខ្ញុំបានឮវាពីចៅស្រីអាយុ ១៨ ឆ្នាំរបស់ខ្ញុំ ។ « ការណាត់ជួប »មួយត្រូវតែឆ្លងកាត់ការប្រលងចំនួន បីដំណាក់កាល ៖ (១) រៀបផែនការជាមុន (២) ចេញលុយ និង (៣) សាងស្នេហ៍ ។…
« មិត្តនៅលីវវ័យក្មេងរបស់ខ្ញុំអើយ យើងសូមប្រឹក្សាក្មួយៗឲ្យភ្ជាប់ទំនាក់ទំនងរបស់ក្មួយជាមួយមនុស្សភេទផ្ទុយគ្នា ទៅជាគន្លងណាត់ជួបដែលមានសក្ដានុពលអាចឈានទៅដល់អាពាហ៍ពិពាហ៍ មិនមែនជាគន្លងដើរលេង ដែលមានតែការរំពឹងទុកដើម្បីប្រកួតក្នុងក្រុមកីឡា ដូចជាបាល់ទាត់ដែលលេងចាំតែផ្ដួលដៃគូនោះទេ ។ អាពាហ៍ពិពាហ៍មិនមែនជាសកម្មភាពជាក្រុមទេ—យ៉ាងហោចណាស់ទាល់តែមានកូនៗច្រើនសិន » ។៧
[ ចប់វីដេអូ ]
ក្មួយស្រីៗ ក្មួយហាក់ដូចជាបានរីករាយនឹងការណែនាំទាំងនោះសម្រាប់បុរសនៅលីវ ។ ឥឡូវនេះ គ្រីស្ទីន ចង់និយាយបន្ដិចប្រាប់ស្ត្រីនៅលីវ ។
ស៊ីស្ទើរ អូក ៖ ប្រធាន អូក វីដេអូអំពីការណាត់ជួបនោះគឺពិតជាយូរណាស់ហើយ ប៉ុន្តែគោលការណ៍នៅតែដដែល—មុនរៀបការត្រូវមានការណាត់ជួប ។
ដោយសារខ្ញុំរៀបការនៅអាយុ ៥៣ឆ្នាំ ខ្ញុំដឹងថា ការរង់ចាំដៃគូដែលមានភាពស័ក្ដិសមមានអារម្មណ៍យ៉ាងណា ហើយការចង់បាន និងការឈឺចិត្ត និងទឹកភ្នែកស្រក់នៅលើខ្នើយរបស់ខ្ញុំ ដែលតែងតែកើតឡើងដោយសារការណ៍នោះ ។ ប៉ុន្តែខ្ញុំអាចថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះក្មួយស្រីៗដ៏ក្លាហាន ដែលឃើញថាខ្លួនឯងកំពុងរង់ចាំ ដោយសារខ្ញុំស្គាល់អារម្មណ៍នោះ ។ ហើយនៅក្នុងដួងចិត្តខ្ញុំក៏យល់ពីក្មួយប្រុសៗដែលស្មោះត្រង់ ដែលប្រាថ្នាចង់មានដៃគូផងដែរ ។ ការពុះពារគឺមានពិតមែន ។ ការណាត់ជួប ហើយសូម្បីតែមិនណាត់ជួបក៏ដោយក៏អាចមានភាពតានតឹងដែរ ។
នៅពេលសេចក្តីជំនឿ និងអនាគតរបស់ខ្ញុំហាក់ដូចជាត្រូវបានសាកល្បង—នៅពេលខ្ញុំឆ្ងល់ថាហេតុអ្វីបានជាជីវិតហាក់ដូចជាពិបាកម្ល៉េះ នៅពេលដែលខ្ញុំព្យាយាមអស់ពីសមត្ថភាពដើម្បីរស់នៅតាមដំណឹងល្អ—ជួនកាលខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែធ្វើអ្វីមួយដែលខុស ។ ខ្ញុំមិនបានធ្វើអ្វីខុសឡើយ ។
ដូចជាស៊ីស្ទើរ មីឈែល ឌី ក្រេហ្គបានមានប្រសាសន៍ថា « ការសាកល្បងមិនមានន័យថា ផែនការនេះបរាជ័យនោះទេ » ។ ផែនការនេះរួមមាននូវការរីកចម្រើន ហើយមានបំណងចង់ជួយយើងឲ្យស្វែងរកព្រះ ។ ស៊ីស្ទើរ ក្រេហ្គ បានបន្ថែមថា « ព្រះវរបិតាសួគ៌ចាប់ព្រះទ័យលើ ភាពរីកចម្រើនរបស់ក្មួយ ] ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ជាងចាប់ព្រះទ័យលើ ភាពសុខស្រួលរបស់ក្មួយ ] » ។៨
ប្រសិនបើក្មួយៗឃើញខ្លួនឯងគូសចំណាំពេលវេលា ហើយរង់ចាំឲ្យអាពាហ៍ពិពាហ៍មួយកើតឡើង នោះសូមឈប់រង់ចាំទៀតទៅ ហើយត្រូវចាប់ផ្ដើមរៀបចំខ្លួនវិញ ។ សូមរៀបចំខ្លួនក្មួយៗសម្រាប់ជីវិត—ដោយការអប់រំ បទពិសោធន៍ និងគម្រោងការ ។ កុំចាំឲ្យសុភមង្គលរត់មករកក្មួយៗឡើយ ។ សូមស្វែងរកឱកាសធ្វើការបម្រើ និងការរៀនសូត្រ ។ ហើយសំខាន់បំផុតនោះ គឺទុកចិត្តលើព្រះអម្ចាស់ « ដោយអំពាវនាវដល់ព្រះនាមរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ហើយឈរយ៉ាងរឹងប៉ឹងនៅក្នុងសេចក្ដីជំនឿ ជឿដល់អ្វីដែលកើតឡើងក្នុងអនាគត » ។៩ ហើយខ្ញុំសូមសន្យាថា នៅពេលក្មួយៗធ្វើដូច្នោះ នោះសុភមង្គលនឹងហូរមករកក្មួយ ។
ប្រធាន អូក ៖ គ្រីស្ទីន បានផ្ដល់ដំបូន្មានដ៏មានតម្លៃខ្លះៗដល់ក្មួយស្រីៗ ។ ដំបូន្មានរបស់គាត់មិនហួសសម័យនោះទេ ។ តាមពិតទៅ ដំបូន្មានរបស់ខ្ញុំចំពោះបុរសនៅលីវក៏មិនចាស់គំរិលដែរ ។ ថ្នាក់ដឹកនាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទមានការព្រួយបារម្ភអំពីអាពាហ៍ពិពាហ៍ ដូចយើងបានព្រួយបារម្ភកាលពី ២០ ឆ្នាំមុនដែរ ។ ក្តីបារម្ភរបស់យើងរួមមានមូលហេតុដូចជា កង្វះផ្ទះដែលអ្នករៀបការថ្មីថ្មោងអាចមានលទ្ធភាពទិញបាន និងការកើនឡើងនៃបំណុលនិស្សិត ។
ដូចដែលក្មួយៗដែលជាយុវមជ្ឈិមវ័យដឹងយ៉ាងច្បាស់ហើយ ក្មួយៗមិនមែនជា បុព្វហេតុនៃកាលៈទេសៈទាំងនោះទេ ប៉ុន្តែជា ជនរងគ្រោះនៃកាលៈទេសៈនោះទៅវិញទេ ។ តើត្រូវធ្វើអ្វីទៅ ? សូមឆ្ពោះទៅមុខដោយសេចក្តីជំនឿ ហើយធ្វើឲ្យអស់ពីសមត្ថភាពដែលក្មួយៗអាចធ្វើបានក្នុងស្ថានភាពទីផ្សារលំនៅដ្ឋានដែលមិនសូវអំណោយផល ដូចកាលជំនាន់ខ្ញុំ និងជីដូនជីតារបស់ក្មួយៗបានឆ្លងកាត់នៅសម័យមុន ។ ហើយជាពិសេស សូមធ្វើការដើម្បីកាត់បន្ថយបំណុលនិស្សិត ។
នៅក្នុងផែនការរបស់ព្រះយើង អាច មានអ្វីៗទាំងអស់បាន ប៉ុន្តែមិនមែននៅក្នុងលំដាប់ដែលពិភពលោកហាក់ដូចជាអនុវត្តនោះទេ ។ យើងចង់ជួយដោយការរំឭកក្មួយៗអំពីផែនការរបស់ព្រះ និងគំរូដ៏ស័ក្ដិសមនៃអ្នកកាន់តំណែងមុនៗរបស់យើង ។ ពួកអ្នកត្រួសត្រាយពីដំបូងរបស់យើងបានចាកចេញពីផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគាត់ ដើម្បីនាំគ្រួសាររបស់ពួកគាត់ទៅកាន់ទីសុវត្ថិភាពខាងវិញ្ញាណនៅភ្នំនាទិសភាគខាងលិច ។ ថ្ងៃនេះ យើងសូមដាស់តឿនក្មួយៗកុំឲ្យចាកចេញពីទីសុវត្ថិភាពខាងវិញ្ញាណ និងគ្រួសារដើម្បីទទួលបានទ្រព្យសម្បត្តិនានាឡើយ ។
III.
ឥឡូវនេះ ខ្ញុំសូមលើកយកបញ្ហាមួយចំនួនដែលជាកង្វល់សម្រាប់សិស្សវិទ្យាល័យដែលស្រលាញ់ចូលចិត្តនៅក្នុងទស្សនិកជនរបស់យើង ។
នៅទូទាំងប្រទេស មិត្តភក្តិរបស់ក្មួយៗជួបការលំបាកនឹងការថប់បារម្ភ ងាយរងគ្រោះនឹងគ្រឿងញៀន ការញៀននឹងប្រព័ន្ធផ្សព្វផ្សាយសង្គម និងការស្វែងរកការប្រឹក្សាក្នុងចំនួនជាច្រើន ។ ក្មួយៗបានទទួលរងផលប៉ះពាល់ដោយសារឥទ្ធិពលទាំងនេះ ប៉ុន្តែសម្រាប់ក្មួយៗ ដំណឹងល្អគឺលើសពីអ្វីទាំងអស់នោះ ។
ក្មួយៗដឹងថា ក្មួយៗគឺជាបុត្រាបុត្រីរបស់ព្រះ ដែលជាមរតកដ៏ទេវភាព ។ ព្រះស្រឡាញ់ក្មួយ ។ ទ្រង់គឺជាអង្គណែនាំដ៏មានអានុភាព ហើយទ្រង់បានសន្យាថានឹងជួយក្មួយៗ ប្រសិនបើក្មួយៗស្វែងរកទ្រង់តាមរបៀបដែលទ្រង់បានបង្រៀន ។ សូមចារក្នុងគំនិតរបស់ក្មួយៗ និងដាក់អាទិភាពផ្ទាល់ខ្លួនរបស់ក្មួយនូវសេចក្តីពិតដ៏មានឥទ្ធិពលថា ក្មួយៗជាបុត្រជាទីស្រឡាញ់របស់ព្រះ ។ សេចក្តីស្រឡាញ់របស់ទ្រង់ប្រទានឲ្យក្មួយនូវការគោរពខ្លួនឯង ភាពរឹងមាំ និងការជំរុញចិត្តដើម្បីប្រឆាំងនឹងបញ្ហាណាមួយដែលក្មួយឆ្លងកាត់ក្នុងជីវិតរបស់ក្មួយ ។ ហើយកុំភ្លេចថា ពួកអ្នកបម្រើរបស់ទ្រង់ស្រឡាញ់ក្មួយៗ ។ យើង ស្រឡាញ់ក្មួយៗ ។
ខ្ញុំទើបតែទទួលបានសំបុត្រដ៏មានតម្លៃមួយមកពីក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ដែលរស់នៅក្នុងរដ្ឋមួយដែលយើងមានសមាជិកតិចតួច ។ ខ្ញុំនឹងហៅនាងថា អេមី ។ សំបុត្ររបស់នាងមានសារៈសំខាន់ ដោយសារនាងបង្ហាញពីអារម្មណ៍ដែលយុវវ័យទូទាំងសាសនាចក្រតែងមានជាទូទៅ ។ សំបុត្រដ៏វែងរបស់ អេមី រួមមានផ្នែកទាំងនេះ ។ ខ្ញុំបានសុំមិត្តភក្តិរបស់ក្មួយម្នាក់ឲ្យអានពាក្យពេចន៍របស់នាង ។
អេមី ៖: « ខ្ញុំមានអារម្មណ៍ថា ពេលខ្លះខ្ញុំទទួលបានសារផ្ទុយគ្នា និងច្របូកច្របល់ពីសាសនាចក្រ ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំឃើញសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើសកម្មភាពហាក់ដូចជាពួកគេមិនមែនជាផ្នែកមួយនៃដំណឹងល្អនេះទេ ។ … ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាយុវនារីតែម្នាក់គត់នៅក្នុងវួដរបស់ខ្ញុំដែលមើលឃើញអ្វី ដែលខ្ញុំឃើញថាខុសនៅក្នុងពិភពលោកនេះ ។ … ខ្ញុំពិតជាមិនយល់ទេថា ហេតុអ្វីបានជាយុវវ័យជាច្រើននៅក្នុងព្រះវិហាររបស់យើងមិនឃើញមានបញ្ហាពីមនុស្សផ្លាស់ប្តូរភេទរបស់ពួកគេជារៀងរាល់ថ្ងៃ ណាត់ជួបមនុស្សភេទដូចគ្នា ឬកំណត់ថា គ្មានភេទនោះទេ ។ …
នៅក្នុងសកម្មភាពយុវវ័យវួដ ឬស្តេក គេសួរខ្ញុំពីសព្វនាមរបស់ខ្ញុំ ឬនៅសាលាគេសុំខ្ញុំឲ្យរាំជាមួយនឹងក្មេងស្រីដែលគិតថា នាងជាក្មេងប្រុស ។ ខ្ញុំដឹងថា យើងគួរតែស្រឡាញ់មនុស្សគ្រប់គ្នា ហើយបង្ហាញការគោរពដល់ពួកគេ ហើយខ្ញុំតែងតែធ្វើដូច្នោះ ។ ខ្ញុំ [ គ្រាន់តែ ] មានអារម្មណ៍ថា មនុស្សកំពុងឆ្លងហួសបន្ទាត់ហើយ ។ … ខ្ញុំចង់ស្តាប់ពីប្រសាសន៍របស់ថ្នាក់ដឹកនាំក្នុងសាសនាចក្រអំពីបញ្ហានេះ » ។១០
ប្រធាន អូក ៖នេះជាសំបុត្ររបស់យុវនារីម្នាក់ ដែលមានអាយុប្រហែលជាសិស្សថ្នាក់វិទ្យាល័យនៅក្នុងចំណោមអ្នកស្តាប់នេះ ។ ហេតុអ្វីបានជាសំបុត្ររបស់នាងដូចជាអស់សង្ឃឹមម្ល៉េះ ? នាងចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែនាងមានអារម្មណ៍ហ៊ុមព័ទ្ធដោយគុណតម្លៃ និងអាកប្បកិរិយាដែលនាងមានអារម្មណ៍ថាខុស ហើយនាងមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ។ នាងចង់ឈរការពារសេចក្តីពិត ប៉ុន្តែមិនដឹងថា ត្រូវធ្វើដោយរបៀបណាជាមួយសេចក្តីស្រឡាញ់ ។ នៅក្នុងការប្រជុំធម្មនិដ្ឋានជាមួយយុវមជ្ឈិមវ័យនៅមហាវិទ្យាល័យ អ៊ីនស្សាញ អែលឌើរ ក្លាក ជី ហ្គីលប៊ឺត និងខ្ញុំបានពិពណ៌នាអំពីបញ្ហាប្រឈមនេះ ការឈរយ៉ាងខ្ជាប់ខ្ជួនដោយមានសេចក្ដីស្រឡាញ់ ខណៈកំពុងប្រកាសសេចក្ដីពិត ។ យើងនៅតែអាចស្រឡាញ់អ្នកដទៃបាន ហើយស្វែងរកមូលដ្ឋានរួមដោយមិនបំពានលើសេចក្តីពិតដែលយើងដឹង ។១១
នៅក្នុងសំបុត្ររបស់ អេមី នាងសរសេរអំពីមិត្តភក្តិក្នុងសាសនាចក្រ ដែលយល់ច្រឡំពីភេទរបស់ពួកគេ ដែលជាស្ថានភាពមួយហៅថា ការមិនពេញចិត្តនឹងភេទខ្លួនឯង ។ ភាពច្របូកច្របល់នេះអាចកើតមានក្នុងទម្រង់ផ្សេងៗគ្នានៅពេលផ្សេងៗគ្នាក្នុងជីវិតរបស់មនុស្សម្នាក់ ។ ដូច្នេះ បុគ្គល និងសមាជិកគ្រួសារដែលរងផលប៉ះពាល់គួរគិតឲ្យបានវែងឆ្ងាយ ហើយព្យាយាមពឹងផ្អែក និងធ្វើតាមគោលការណ៍ដ៏អស់កល្បជានិច្ច ។ ខ្ញុំបានពិចារណាពីប្រធានបទនេះអស់ពេលជាច្រើនគ្រា ។ ឥឡូវនេះ ដោយសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះក្មួយៗទាក់ទងនឹងប្រធានបទបែបនេះ ខ្ញុំទទួលបានចំណាប់អារម្មណ៍ពីព្រះវិញ្ញាណដើម្បីប្រើឱកាសនេះបញ្ជាក់ពីសេចក្តីពិតដ៏មានតម្លៃមួយចំនួន ដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបើកសម្ដែងមក ដើម្បីជួយយើងក្នុងភាពច្របូកច្របល់បែបនេះ ។
យុវជន និងយុវនារីអើយ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងសាសនាចក្រ និងថ្នាក់សិក្ខាសាលា ព្រមទាំងឪពុកម្តាយរបស់ក្មួយៗមានទំនួលខុសត្រូវ និងការបំផុសគំនិតដើម្បីបង្រៀនក្មួយៗអំពីសេចក្តីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្មួយៗមានកូនសៀវភៅដ៏មានតម្លៃគឺ ដើម្បីកម្លាំងនៃយុវជនដែលស្ថាបនាតាមគោលការណ៍នៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសញ្ញាដែលយើងបានធ្វើនៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ហើយដែលយើងរំឭកនៅថ្ងៃឈប់សម្រាកនីមួយៗដោយការទទួលទានសាក្រាម៉ង់ ។ ទំព័រដំបូងរបស់កូនសៀវភៅនេះមានការសន្យានេះថា ៖ « ដោយមានសេចក្តីពិតទាំងនេះទុកជាការណែនាំរបស់អ្នក នោះអ្នកអាចធ្វើការជ្រើសរើសដែលបំផុសគំនិតដែលនឹងផ្តល់ពរដល់អ្នកពេលនេះ និងរហូតអស់កល្បជានិច្ច » ។១២
នៅពេលព្រះគ្រីស្ទត្រូវគេសួរថា ក្នុងបណ្ដាក្រឹត្យវិន័យ តើបញ្ញត្តិណាធំជាងគេបំផុត នោះទ្រង់បានប្រទានបទបញ្ញត្តិពីរ ។ ទីមួយ គឺត្រូវស្រឡាញ់ព្រះ ដែលយើងបង្ហាញដោយការរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ទីពីរគឺត្រូវស្រឡាញ់អ្នកជិតខាងរបស់យើង ។១៣ យើងត្រូវតែធ្វើទាំងពីរ ហើយវាមិនងាយស្រួលនោះទេ ។ ពួកយើងជាច្រើនមាននិន្នាការមិនសូវយកចិត្តទុកក្នុងការស្រឡាញ់អ្នកជិតខាងរបស់យើងទេ ហើយសង្កត់ធ្ងន់ទៅលើការគោរពក្រឹត្យវិន័យ ( បទបញ្ញត្តិ ) ខ្លាំងជ្រុល ។ នោះពិតជានិន្នាការរបស់ខ្ញុំ ដោយសារតែការបណ្តុះបណ្តាលផ្នែកច្បាប់របស់ខ្ញុំ ។ បន្ទាប់ពីអ្វីៗទាំងអស់ ការស្រឡាញ់ព្រះ និងការបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ ដោយការគោរពបទបញ្ញត្តិរបស់ទ្រង់ គឺជាបទបញ្ញត្តិធំទីមួយ ។ ហើយជាការពិតណាស់ វាងាយស្រួលសម្រាប់យើងក្នុងការវិនិច្ឆ័យខ្លួនយើង និងអ្នកដទៃថាតើយើងគោរពក្រឹត្យវិន័យឬអត់ ។ ទោះជាយ៉ាងណាក៏វាសំខាន់ផងដែរសម្រាប់យើងម្នាក់ៗដើម្បីគោរពបទបញ្ញត្តិទីពីរ ដែលជា « បែបដូចគ្នា »១៤គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់យើងដូចដែលព្រះយេស៊ូវស្រឡាញ់យើង ។១៥
គំរូ ដ៏ទេវភាព ដែលខ្ញុំចូលចិត្តពីការបូកបញ្ចូល និងការរក្សាបទបញ្ញត្តិធំទាំងពីរនេះ គឺជាអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ នៅពេលទ្រង់ប្រឈមមុខនឹងបញ្ហានេះ ។ ជំពូកទីប្រាំបីនៃគម្ពីរយ៉ូហាន រាយការណ៍អំពីរបៀបដែលពួកអាចារ្យ និងពួកផារិស៊ីបាននាំស្ត្រីម្នាក់មកឲ្យព្រះយេស៊ូវជំនុំជម្រះ ។ បំណងរបស់ពួកគេគឺដើម្បីដាក់អន្ទាក់ព្រះអង្គសង្គ្រោះក្នុងការជ្រើសរើសធ្វើផ្ទុយនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ឬច្បាប់នៃទីក្រុងរ៉ូម ដែលមិនអនុញ្ញាតឲ្យមានការដាក់ទោសទណ្ឌដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេក្នុងកាលៈទេសៈបែបនេះទេ ។ ប៉ុន្តែ គុណតម្លៃនៃគំរូនេះសម្រាប់យើងសព្វថ្ងៃ គឺជារបៀបដែលព្រះយេស៊ូវបានចៀសផុតពីអន្ទាក់នេះ ហើយបានបង្រៀនមេរៀនដ៏មានអានុភាពមួយអំពីរបៀបអនុវត្តតាមបទបញ្ញត្តិធំទាំងពីរ ។
ទីមួយ ព្រះអង្គសង្គ្រោះបានបណ្តេញអ្នកដែលចង់អនុវត្តច្បាប់ភ្លាមៗ ។ ទ្រង់បានធ្វើដូច្នេះដោយបង្ខំពួកគេឲ្យពិសោធន៍មើលខ្លួនឯង ។ ទ្រង់បានមានព្រះបន្ទូលថា « អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ » ។១៦ នៅពេលហ្វូងមនុស្សដែលមានភាពអាម៉ាស់បានចាកចេញទៅ ព្រះអង្គសង្គ្រោះបានអនុវត្តអំណាចនៃសេចក្តីស្រឡាញ់ ។ ទ្រង់បានបដិសេធដោយព្រះទ័យមេត្តាមិនថ្កោលទោសស្ត្រីរូបនោះទេ ហើយទង្វើដ៏ពេញដោយក្តីស្រឡាញ់នោះបានលើកស្ទួយនាងឲ្យមានជីវិតថ្មី ។ ការអនុវត្តតាមក្រឹត្យវិន័យនេះនឹងធ្វើនៅពេលក្រោយ នៅពេលដែលនាងនឹងត្រូវវិនិច្ឆ័យពីជីវិតរបស់នាងទាំងមូល រួមទាំងការប្រែចិត្ត ផងដែរ ។ ប៉ុន្តែនៅក្នុងឱកាសមុននោះ ព្រះអង្គសង្គ្រោះបានប្រទានសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា ដោយការបដិសេធការផ្ដន្ទាទោស ហើយបន្ទាប់មក ទ្រង់បានបញ្ជាក់ពីក្រឹត្យវិន័យដោយមានព្រះបន្ទូលថា « អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ » ។១៧
តម្រូវការដើម្បីបូកបញ្ចូលគ្នា និងអនុវត្តទាំងក្រឹត្យវិន័យ និងសេចក្តីស្រឡាញ់ស្របតាមពេលវេលាដ៏បំផុសគំនិត គឺមានវត្តមានជានិច្ច ។ អែលឌើរ គ្រីស្តូហ្វឺសិន បានរំឭកយើងថា « ការដាក់បទបញ្ញត្តិទីមួយជាចម្បង គឺមិនបន្ថយ ឬកំណត់ដល់សមត្ថភាពរបស់យើងក្នុងការរក្សាបទបញ្ញត្តិទីពីរនោះទេ ។ ផ្ទុយទៅវិញ វាបង្កើន និងពង្រឹងដល់បទបញ្ញត្តិទីមួយវិញ ។ … សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះបង្កើនសមត្ថភាពរបស់យើងឲ្យស្រឡាញ់អ្នកដទៃកាន់តែពេញលេញ និងឥតខ្ចោះ ដោយសារយើងជាដៃគូជាមួយព្រះនៅក្នុងការថែរក្សាបុត្រាបុត្រីរបស់ទ្រង់ » ។១៨
សូមពិចារណាការបញ្ចេញមតិទាំងពីរនេះ មួយដោយវាគ្មិនថ្មីៗនេះនៅ ប៊ី.វ៉ាយ.យូ. និងមួយទៀតនៅក្នុងសុន្ទរកថាមុនដោយអ្នកមានសិទ្ធិអំណាចទូទៅមួយរូប ។
« កិច្ចការនៃផែនការនៃសេចក្តីសង្គ្រោះទាំងមូល ដែលបញ្ចប់ដោយដង្វាយធួនដ៏មហិមារបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺដើម្បីឲ្យយើងក្លាយជាមនុស្សនៃសេចក្តីស្រឡាញ់នៅក្នុងទម្រង់នៃទំនាក់ទំនងដ៏ជ្រាលជ្រៅបំផុតជាមួយអ្នកដទៃ ។ …
ការណ៍នេះបង្រៀនយើងថា ព្រះបញ្ញត្តិ និងការណែនាំរបស់ព្យាការីទាំងអស់—រួមទាំងសេចក្ដីពិតដ៏មានតម្លៃនៅក្នុងការប្រកាសអំពីក្រុមគ្រួសារផងដែរ—គឺដើម្បីដឹកនាំយើងនៅលើមាគ៌ានៃព្រះ ដើម្បីយើងអាចក្លាយជាមនុស្សនៃសេចក្ដីស្រឡាញ់ » ។១៩
ឥឡូវនេះ សុន្ទរកថាមួយទៀត ៖
« ការព្យាយាមផ្គាប់ចិត្តមនុស្សជាជាងធ្វើតាមព្រះហឫទ័យព្រះគឺជាការប្រព្រឹត្តផ្ទុយទៅនឹង ព្រះបញ្ញត្តិធំៗទីមួយ និងទីពីរ ។ វាជាការភ្លេចថា យើងត្រូវផ្ដោតអារម្មណ៍ទៅលើអ្វី ។ ប៉ុន្ដែ យើងនៅតែធ្វើកំហុសនោះដដែល ព្រោះយើងខ្លាចមនុស្ស ។ …
ព្រះអង្គសង្គ្រោះ ដែលជាគំរូដ៏អស្ចារ្យរបស់យើង ទ្រង់តែងផ្ដោតព្រះទ័យទៅលើព្រះវរបិតាទ្រង់ជានិច្ច ។ ទ្រង់ស្រឡាញ់ ហើយបម្រើមនុស្សជុំវិញទ្រង់ តែមានបន្ទូលថា ‹ ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ › ( យ៉ូហាន ៥:៤១ ) ។ ទ្រង់មានព្រះទ័យឲ្យមនុស្សដែលទ្រង់បង្រៀនដើរតាមទ្រង់ ទ្រង់ពុំចង់បានប្រជាប្រិយភាពពីគេឡើយ » ។២០
ការពិពណ៌នាអំពីសេចក្ដីស្រឡាញ់ និងក្រឹត្យវិន័យទាំងនេះ គឺជាការណែនាំដ៏ពិតនៃអ្វីដែលព្រះបានបញ្ជាឲ្យយើងធ្វើ ។ មុនៗខ្ញុំបានយោងទៅ « [ ការព្យាយាម ] ឥតឈប់ឈរដើម្បីធ្វើឲ្យមាន តុល្យភាពនៃបទបញ្ញត្តិទាំងពីរនៃការស្រឡាញ់ និងក្រឹត្យវិន័យ » របស់យើង២១ប៉ុន្តែឥឡូវនេះខ្ញុំជឿថា គោលដៅបង្ហាញកាន់តែច្បាស់ នៅពេលព្យាយាម រស់នៅតាមបទបញ្ញត្តិទាំងពីរនេះតាមរបៀបដែលកាន់តែពេញលេញជាងនេះ អ្នកណាក៏ដោយដែលមិនប្រព្រឹត្តចំពោះបុគ្គលដែលប្រឈមមុខនឹងឧសបគ្គពីអត្តសញ្ញាណភេទដោយសេចក្តីស្រឡាញ់ និងសេចក្តីថ្លៃថ្នូរ គឺមិនបានធ្វើតាមការបង្រៀននៃបទបញ្ញត្តិធំទីមួយ និងបទបញ្ញត្តិទីពីរឡើយ ។ ដូច្នេះ លើប្រធានបទនៃក្រឹត្យវិន័យរបស់ព្រះ យើងត្រូវចាំថា ព្រះបានបើកសម្តែងម្តងហើយម្តងទៀតថា ទ្រង់បានបង្កើតមនុស្សប្រុស និងស្រី ។២២ ហើយនៅលើប្រធានបទនៃកាតព្វកិច្ចរបស់យើងក្នុងការស្រឡាញ់អ្នកជិតខាងយើង យើងត្រូវចាំថា ព្រះបានបញ្ជាយើងឲ្យស្រឡាញ់សូម្បីតែអ្នកដែលមិនបានកាន់តាមបទបញ្ញត្តិទាំងអស់ក៏ដោយ ។
បើក្មួយ សមាជិកគ្រួសារម្នាក់ ឬមិត្តម្នាក់ កំពុងពុះពារនឹងបញ្ហានៃការភាន់ច្រឡំអត្តសញ្ញាណទាំងនេះ ខ្ញុំសូមជំរុញក្មួយៗឲ្យអនុវត្តតាមច្បាប់នៃដំណឹងល្អផង និងសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះផង ដែលវានឹងជួយ ហើយណែនាំក្មួយៗ ប្រសិនបើក្មួយៗដើរនៅលើផ្លូវរបស់ទ្រង់ដោយអំណត់ ។ ព្រះយេស៊ូវគ្រីស្ទដែលមានព្រះបន្ទូលថា ទ្រង់គឺជា « ពន្លឺនៃលោកិយ »២៣បង្រៀនយើងពីផ្លូវដែលយើងត្រូវធ្វើតាមដើម្បីស្គាល់ពរជ័យដ៏ជម្រើសបំផុតរបស់ព្រះវរបិតាសួគ៌យើង ។ ទ្រង់បង្រៀនយើងតាមរយៈព្រះគម្ពីរ តាមរយៈព្យាការីរបស់ទ្រង់ និងតាមរយៈវិវរណៈផ្ទាល់ខ្លួន ។ ទ្រង់ស្រឡាញ់យើង ហើយនឹងដឹកនាំយើង នៅពេលយើងខិតខំដើរតាមកន្លែងដែលទ្រង់ដឹកនាំយើងទៅ ។
IV.
បញ្ហាដែលទាក់ទងមួយ និងមានគេស្គាល់ច្រើន គឺអារម្មណ៍នៃការទាក់ទាញមនោសញ្ចេតនាចំពោះមនុស្សដែលមានភេទដូចគ្នា ។ ជាការពិតណាស់ បើមិនបានអនុវត្តតាមទេ នោះការទាក់ទាញបែបនេះមិនមែនជាអំពើបាបឡើយ ។ ប៉ុន្តែតើយើងដោះស្រាយយ៉ាងណាចំពោះអារម្មណ៍បែបនេះនៅក្នុងខ្លួនយើង ឬនៅក្នុងខ្លួនអ្នកដទៃ ?
ដំបូន្មានដំបូងរបស់ខ្ញុំគឺត្រូវចាំថា មិនថាមានអ្វីក៏ដោយដែលជាការប្រែប្រួលរបស់យើងនៅក្នុងភាពចម្រុះផ្ទាល់នៃការបង្កបង្កើតរបស់ព្រះវរបិតាសួគ៌ ទ្រង់ស្រឡាញ់យើងទាំងអស់គ្នា ហើយផែនការនៃសុភមង្គលដ៏ល្អឥតខ្ចោះរបស់ទ្រង់មានកន្លែងសម្រាប់មនុស្សទាំងអស់ ។ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ដោយការរក្សាបទបញ្ញត្តិរបស់ទ្រង់ រួមទាំងសេចក្ដីស្រឡាញ់ចំពោះបុត្រាបុត្រីរបស់ទ្រង់ផងដែរ ។
នៅពេលដែលមនុស្ស និងសមាជិកគ្រួសារមានបទពិសោធន៍នឹងអារម្មណ៍បែបនេះ ពួកគេគួរតែប្រុងប្រយ័ត្នជាមួយការដាក់ស្លាក ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីរឿងនេះនៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកកាលពីឆ្នាំមុន ។ លោកបានបង្រៀនថា ការដាក់ស្លាកគឺការកំណត់ជាសកល ព្រោះវាបែងចែក និងកម្រិតរបៀបដែលមនុស្សគិតអំពីខ្លួនឯង និងអំពីគ្នាទៅវិញទៅមក ។ ជាលទ្ធផល លោកបានង្រៀនថា « ពុំគួរមានអត្តសញ្ញាណណាមួយដែលគួរមក ប្ដូរ ជំនួស ឬ មានអាទិភាពខ្លាំងជាង ងារដ៏និរន្តរ៍ទាំងបីនេះឡើយ រួមមាន ៖ ‹ បុត្រនៃព្រះ › ‹ បុត្រនៃសេចក្ដីសញ្ញា › និង ‹ សិស្សនៃព្រះយេស៊ូវគ្រីស្ទ › » ។ បន្ទាប់មក លោកបានព្រមានថា ៖
អត្តសញ្ញាណណាមួយដែលមិនសមស្របជាមួយនឹងងារជាគោលទាំងបីនេះ នឹងធ្វើឲ្យក្មួយអស់សង្ឃឹមនៅទីបំផុត ។ ងារផ្សេងទៀតនឹងធ្វើឲ្យក្មួយខកចិត្តនៅពេលណាមួយ ដោយសារវាគ្មានអំណាចដឹកនាំក្មួយទៅរកជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាលរបស់ព្រះបានឡើយ ។ »២៤
អ្វីដែលមានអំណាចដើម្បីនាំយើងទៅកាន់ជីវិតអស់កល្បជានិច្ច និងនគរសេឡេស្ទាល គឺជាសេចក្ដីសញ្ញាដែលយើងធ្វើ ។ ជាថ្មីម្តងទៀត ប្រធាន ណិលសុន ទើបតែបានបង្រៀនយើងកាលឆ្នាំមុនប៉ុណ្ណោះ ។
« កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ ប្រែកាន់តែជិតស្និទ្ធជាងពីមុនសេចក្ដីសញ្ញារបស់យើងទៅទៀត ។ ឥឡូវយើងបានចងភ្ជាប់ជាមួយគ្នា ។ ដោយសារតែសេចក្តីសញ្ញារបស់យើងជាមួយព្រះ នោះទ្រង់ពុំដែលនឿយហត់ក្នុងការជួយយើងឡើយ ហើយយើងនឹងទទួលបានការអត់ធ្មត់ដ៏មេត្តារបស់ទ្រង់ជាមួយយើងជានិច្ច ។ យើងម្នាក់ៗមានកន្លែងពិសេសនៅក្នុងព្រះទ័យរបស់ព្រះ » ។២៥
បន្ទាប់មក នៅពីរបីខែមុន ប្រធាន ណិលសុន បានរំឭកយើងម្តងទៀតថា « ការចុះ និងការរក្សាសេចក្តីសញ្ញា ធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួលនោះទេ ! បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញា … បានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង » ។២៦
បន្ថែមទៅលើអំណាចផ្ទាល់ខ្លួនដែលភ្ជាប់មកជាមួយការរក្សាសេចក្តីសញ្ញា គឺជាការបង្រៀនដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះរបស់យើងថា នៅកណ្តាលបញ្ហាប្រឈមនៃជីវិតរមែងស្លាប់ នោះយើងគួរតែ « ត្រូវសង្ឃឹមឡើង » ។២៧
នៅក្នុងសុន្ទរកថាទូទាំងពិភពលោកកាលពីប៉ុន្មានខែមុន អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានរំឭកយើងថា ព្រះយេស៊ូវបានប្រទានការបង្រៀននោះនៅមុនថ្ងៃនៃការឆ្កាងរបស់ទ្រង់ ។ តើទ្រង់អាចមានព្រះបន្ទូលពីការមានសង្ឃឹមនៅកណ្តាលនៃការឈឺចាប់ទាំងអស់ ដែលទ្រង់បានប្រឈមមុខដោយរបៀបណា ? អែលឌើរ ហូឡិន បានពន្យល់ថា ៖
« សូម្បីតែនៅក្នុងបរិយាកាសដ៏គ្រោះថ្នាក់ ដែលអាចយកឈ្នះបាននៅអាហារយប់ចុងក្រោយក៏ដោយ ក៏ព្រះគ្រីស្ទ [ គឺ ] នៅតែរំឭកដល់ពួកសិស្សរបស់ទ្រង់អំពីមូលហេតុ [ នោះ ] និងកាតព្វកិច្ចរបស់ពួកគេដែរថា ‹ ត្រូវសង្ឃឹមឡើង › [ យ៉ូហាន ១៦:៣៣ ] ។ …
« …ប្រាកដណាស់ ការបង្ហាញអំពីសេចក្តីជំនឿ របស់ទ្រង់សេចក្តីសង្ឃឹម របស់ទ្រង់និងសេចក្តីសប្បុរសកើតមានឡើង ដោយសារទ្រង់ជ្រាបដឹងពីទីបញ្ចប់នៃរឿងនេះ ។ ទ្រង់ជ្រាបថា សេចក្តីសុចរិតមានជ័យជម្នះនៅពេលដំណើររឿងបញ្ចប់ត្រូវបានបំពេញ ។ ទ្រង់ជ្រាបថា ពន្លឺ តែងតែឈ្នះសេចក្តីងងឹតជារៀងរហូតតទៅ គឺជារៀងរហូតតទៅ ។ »២៨
គ្រីស្ទីន តើអូនចង់និយាយបិទទៅកាន់ក្រុមដ៏គួរឲ្យស្រឡាញ់នេះទេ ?
ស៊ីស្ទើរ អូក ៖អ្វីៗដែលយើងបាននិយាយនៅទីនេះអាចនាំមកនូវពរជ័យជាច្រើនដល់ជីវិតរបស់យើង ។ យើងទាំងអស់គ្នាបានដឹងដំណើររឿងអំពីកូនចៅនៃអ៊ីស្រាអែលត្រូវពស់ពិសវាយប្រហារនៅទីរហោស្ថាន ។ ប៉ុន្តែរាត្រីនេះក៏ជារឿងនិទានរបស់ក្មួយៗដែរ ។ នៅពេលព្រះបានបញ្ជា ម៉ូសេបានច្នៃដំបងមួយដែលតំណាងឲ្យព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ម៉ូសេបានប្រាប់ឲ្យមនុស្សគ្រប់គ្នាមើលទៅលើ ហើយពួកគេនឹងបានជាសះស្បើយពីរបួសរបស់ពួកគេ ។
នៅយប់នេះ ដូចគ្នានឹងសាសន៍អ៊ីស្រាអែលដែរ យើងកំពុងរងការវាយប្រហារចំពោះជំនឿផ្សេងៗដែលយើងគោរពយ៉ាងខ្លាំង ។ ខ្ញុំក៏សុំក្មួយៗដែរ ឲ្យមើលទៅព្រះ ហើយរស់នៅ ។ សូមរកមើលពាក្យដែលបាននិយាយនៅយប់នេះ ប្រសាសន៍របស់ព្យាការីរបស់យើង ព្រះគម្ពីរ ផែនការនៃសេចក្តីសង្គ្រោះ និងពររបស់លោកអយ្យកោរបស់ក្មួយៗ ។ សូមអធិស្ឋាន ហើយព្រះអម្ចាស់នឹងគង់នៅជាមួយក្មួយៗ ។ នោះមិនមានន័យថា ពួកយើងនឹងរស់នៅដោយមិនមានការឈឺចាប់នោះទេ ប៉ុន្តែវាមានន័យថា យើងនឹងមិនឯកោ ហើយយើងនឹងឆ្ពោះទៅមុខដោយមានការដឹកនាំ និងការការពារពីអំពើអាក្រក់នៅជុំវិញយើង ។ វាមានន័យថា យើងនឹងស្គាល់សេចក្ដីពិត ហើយមានចិត្តរីករាយក្នុងព្រះវិញ្ញាណ ។ ខ្ញុំសូមអញ្ជើញក្មួយៗឲ្យមើលទៅព្រះ ហើយរស់នៅ ។
V.
ប្រធាន អូក ៖ យើងបាននិយាយអំពីផែនការនៃសេចក្ដីសង្គ្រោះ—ឈុតឆាកទាំងបីដែលត្រូវបានបើកសម្ដែង ជាពិសេសគោលបំណងនៃជីវិតរមែងស្លាប់នេះ ។
យើងបាននិយាយអំពីតួនាទី និងពេលវេលានៃអាពាហ៍ពិពាហ៍ និងការមានកូន ។
យើងបានបង្រៀនថា យើងគួរតែឧស្សាហ៍ ហើយខិតខំស្គាល់ព្រះយេស៊ូវគ្រីស្ទ ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ហើយមានសេចក្តីជំនឿលើទ្រង់ និងការណែនាំដ៏ពេញដោយក្តីស្រឡាញ់របស់ទ្រង់តាមផ្លូវនៃសេចក្តីសញ្ញាទៅកាន់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។
យើងបាននិយាយអំពីបទបញ្ញត្តិធំពីរ—ត្រូវស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង—ហើយបានបង្រៀនថា យើងគួរតែធ្វើតាមបទបញ្ញត្តិទាំងពីរនេះ ។
នៅរាល់កង្វល់ទាំងអស់របស់យើង នៅពេលយើងធ្វើការឆ្លងកាត់គ្រប់ឧបសគ្គរបស់យើង នោះយើងសូមដាស់តឿនថា សូមយើងមានសង្ឃឹមឡើង ដោយសារទ្រង់បានយកឈ្នះលើពិភពលោកនេះហើយ ។ យើងក៏អាចធ្វើបានដែរ ។ សូមចងចាំថា ផែនការ របស់ ព្រះវរបិតា សួគ៌របស់យើង គឺ ជា ផែនការ នៃ សុភមង្គល ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។