ដោយស្មោះអស់ពីដួងចិត្ត
យើងគួរតែធ្វើជាអ្នកដើរតាមរបស់ព្រះយេស៊ូវ ដែលពេញដោយអំណរ និងដោយស្មោះអស់ពីដួងចិត្តនៅក្នុងដំណើរនៃភាពជាសិស្សរបស់យើងផ្ទាល់ ។
ពេលខ្លះ វាជួយដល់ខ្ញុំដើម្បីដឹងពីអ្វីដែលត្រូវរំពឹងទុក ។
នៅជិតចុងបញ្ចប់នៃការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានមានបន្ទូលទៅពួកសាវករបស់ទ្រង់ថា គ្រាលំបាកៗនឹងមកដល់ ។ ប៉ុន្ដែទ្រង់ក៏មានបន្ទូលផងដែរថា « កុំឲ្យមានចិត្តថប់បារម្ភឡើយ » ។១ មែនហើយ ទ្រង់នឹងចាកចេញ ប៉ុន្ដែទ្រង់មិនទុកពួកលោកឲ្យនៅតែឯងនោះទេ ។២ ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណរបស់ទ្រង់មកជួយពួកលោកឲ្យចងចាំ ឈរយ៉ាងខ្ជាប់ខ្ជួន និងរកឃើញសេចក្ដីសុខសាន្ដ ។ ព្រះអង្គសង្គ្រោះបំពេញការសន្យារបស់ទ្រង់ក្នុងការគង់នៅជាមួយយើង សិស្សរបស់ទ្រង់ទាំងឡាយ ប៉ុន្តែយើងត្រូវតែបន្តសំឡឹងទៅកាន់ទ្រង់ដើម្បីជួយយើងឲ្យទទួលស្គាល់ និងរីករាយជាមួយវត្តមានរបស់ទ្រង់ ។
សិស្សរបស់ព្រះគ្រីស្ទបានប្រឈមមុខនឹងគ្រាលំបាកៗជានិច្ច ។
មិត្តសម្លាញ់របស់ខ្ញុំម្នាក់បានផ្ញើអត្ថបទចាស់មួយមកឲ្យខ្ញុំ ចេញពី Nebraska Advertiser ក្នុងកាសែត Midwestern United States ចុះនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៥៧ ។ អត្ថបទនេះអានថា « នាព្រឹកព្រលឹមនេះ ពួកមរមនមួយក្រុមបានបន្ដដំណើររបស់ពួកគេទៅកាន់ទីក្រុងសលត៍ លេក ។ មានស្ដ្រី ( ស្ដ្រីមិនស៊ីវិល័យ ) អូសរទេះដូចសត្វ [ ស្ដ្រី ] ម្នាក់បានដួលទៅក្នុងភក់ដ៏ខ្មៅនេះ ដែលបណ្ដាលឲ្យក្បួនដំណើរនេះត្រូវផ្អាកបន្ដិច កូនក្មេងតូចៗដើរទាំងលំបាកក្នុងសម្លៀកបំពាក់ផ្លែក [ ដ៏ចម្លែក ] របស់ពួកគេ ហើយមានទឹកមុខប្ដេជ្ញាចិត្តដូចម្ដាយរបស់ពួកគេដែរ » ។៣
ខ្ញុំបានគិតច្រើនអំពីស្ដ្រីដែលទទឹកភក់ជោគរូបនេះ ។ ហេតុអ្វីគាត់អូសរទេះតែម្នាក់ឯង ? តើគាត់ជាស្ត្រីមេម៉ាយឬ ? តើអ្វីទៅដែលបានផ្ដល់កម្លាំងចិត្ត ភាពក្លាហាន ស្មារតីលះបង់ដល់គាត់ ដើម្បីធ្វើដំណើរឆ្លងកាត់ភក់ដ៏វេទនាបែបនោះ ហើយអូសទ្រព្យសម្បត្តិរបស់គាត់ទាំងអស់តាមរទេះទៅកាន់ផ្ទះមួយនៅវាលខ្សាច់ដែលមិនស្គាល់—ហើយនៅពេលខ្លះត្រូវបានគេសើចចំអកដូច្នេះ ?៤
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានមានប្រសាសន៍អំពីកម្លាំងចិត្តរបស់ស្ដ្រីត្រួសត្រាយផ្លូវទាំងនេះ ដោយពោលថា « តើមានអ្នកណាអាចបង្វែរស្ដ្រីទាំងនេះណាម្នាក់ចេញពីការប្រែចិត្តជឿរបស់គាត់ ទៅលើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានដែរឬទេ ? តើមានអ្នកណាអាចធ្វើឲ្យគំនិតរបស់ពួកគាត់សង្ស័យលើបេសកកម្មរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដែរឬទេ ? តើមានអ្នកណាអាចបោកបញ្ឆោតពួកគាត់អំពីបេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះបានដែរឬទេ ? អត់ទេ គ្មានអ្នកណាសោះឡើយអាចធ្វើរឿងនេះបាន ។ ហេតុអ្វីទៅ ? ដោយសារពួកគាត់បានដឹងពីការណ៍នេះ ។ ព្រះបានបើកសម្ដែងការណ៍នេះដល់ពួកគាត់ ហើយពួកគាត់យល់ពីវា ហើយគ្មានអំណាចណានៅលើផែនដីនេះអាចបង្វែរពួកគាត់ ចេញពីអ្វីដែលពួកគាត់បានដឹងថាជាសេចក្ដីពិតនោះបានទេ » ។៥
បងប្អូនប្រុសស្រី ការធ្វើជាបុរស និងស្ដ្រីបែបនោះគឺជាការហៅនៅជំនាន់យើងនេះ—គឺសិស្សដែលជីកជ្រៅដើម្បីស្វែងរកកម្លាំងមកបន្ដអូសរទេះ ពេលត្រូវបានហៅឲ្យដើរកាត់វាលរហោស្ថាន សិស្សដែលមានការប្រែចិត្តជឿដែលបានបើកសម្ដែងដល់យើងដោយព្រះ អ្នកដើរតាមព្រះយេស៊ូវដែលមានអំណរ និងស្មោះអស់ពីចិត្តនៅក្នុងដំណើរនៃភាពជាសិស្សផ្ទាល់របស់យើង ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងជឿ ហើយអាចរីកចម្រើនក្នុងសេចក្ដីពិតសំខាន់ចំនួនបី ។
ទីមួយ យើងអាចរក្សាសេចក្ដីសញ្ញារបស់យើងបាន ទោះជានៅពេលវាមិនងាយស្រួលក្ដី
នៅពេលសេចក្ដីជំនឿ គ្រួសារ ឬអនាគតរបស់បងប្អូនជួបនឹងឧបសគ្គ—នៅពេលបងប្អូនឆ្ងល់ថា ហេតុអ្វីជីវិតនេះពិបាកខ្លាំងម្ល៉េះ ពេលបងប្អូនធ្វើអស់ពីសមត្ថភាពដើម្បីរស់នៅតាមដំណឹងល្អ—សូមចងចាំថា ព្រះអម្ចាស់មានបន្ទូលប្រាប់យើងឲ្យរំពឹងថានឹងមានបញ្ហា ។ បញ្ហាគឺជាផ្នែកមួយនៃផែនការនេះ ហើយមិនមែនមានន័យថា បងប្អូនត្រូវបានបំបរបង់ចោលឡើយ បញ្ហាគឺជាផ្នែកមួយនៃអ្វីដែលត្រូវជារបស់ផងទ្រង់ ។៦ ព្រោះនៅទីបញ្ចប់ ទ្រង់គឺជា « មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ » ។៧
ខ្ញុំរៀនថា ព្រះវរបិតាសួគ៌ចាប់ព្រះទ័យលើ ភាពរីកចម្រើន របស់ខ្ញុំក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ជាងចាប់ព្រះទ័យលើ ភាពសុខស្រួលរបស់ខ្ញុំ ។ ខ្ញុំមិនចង់ឲ្យកើតឡើងដូច្នោះជានិច្ចនោះទេ—ប៉ុន្ដែវាកើតឡើង !
ការរស់នៅក្នុងភាពសុខស្រួលមិននាំឲ្យមានអំណាចនោះទេ ។ អំណាចដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការសាកល្បងដែលយើងជួបនៅសម័យនេះ គឺជាព្រះចេស្ដារបស់ ព្រះអម្ចាស់ហើយព្រះចេស្ដារបស់ទ្រង់ហូរមកតាមរយៈសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ ។៨ ការឆ្លើយតបដោយសេចក្ដីជំនឿរបស់យើង ពេលកំពុងជួបនឹងឧបសគ្គដ៏លំបាក—ការខិតខំ ធ្វើ អ្វីដែលយើងបានចុះសេចក្ដីសញ្ញាជាមួយព្រះអង្គសង្គ្រោះថាយើងនឹង ធ្វើ ជារៀងរាល់ថ្ងៃដោយស្មោះត្រង់ ទោះជាពេល ហើយជាពិសេសពេលយើងនឿយហត់ ព្រួយបារម្ភ និងពុះពារជាមួយនឹងសំណួរ និងបញ្ហាដែលពិបាកៗក្ដី—វាគឺជាការទទួលបានពន្លឺ កម្លាំង សេចក្ដីស្រឡាញ់ ព្រះវិញ្ញាណ និងសេចក្ដីសុខសាន្ដរបស់ទ្រង់បន្ដិចម្ដងៗ ។
មូលហេតុនៃការដើរតាមផ្លូវនៃសេចក្តីសញ្ញាគឺដើម្បីទៅដល់ព្រះអង្គសង្គ្រោះ ។ ទ្រង់ គឺជាមូលហេតុនោះ មិនមែនភាពរីកចម្រើនដ៏ឥតខ្ចោះរបស់យើងនោះទេ ។ វាមិនមែនជាការប្រណាំងប្រជែងទេ ហើយយើងមិនត្រូវប្រៀបធៀបដំណើររបស់យើងទៅនឹងដំណើររបស់អ្នកដទៃឡើយ ។ ទោះជាពេលយើងជំពប់ជើងដួល ក៏ទ្រង់នៅទីនោះដែរ ។
ទីពីរ យើងធ្វើសកម្មភាពដោយសេចក្ដីជំនឿ
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងយល់ថា សេចក្ដីជំនឿលើទ្រង់តម្រូវឲ្យមានសកម្មភាព—ជាពិសេសនៅក្នុងគ្រាលំបាកៗ ។៩
ជាច្រើនឆ្នាំកន្លងទៅ ឪពុកម្ដាយខ្ញុំបានសម្រេចចិត្តប្ដូរព្រំក្នុងផ្ទះ ។ នៅយប់មុនព្រំថ្មីមកដល់ ម៉ាក់ខ្ញុំឲ្យប្អូនៗប្រុសរបស់ខ្ញុំយកគ្រឿងសង្ហារឹមចេញ ហើយទាញព្រំចាស់ៗនៅក្នុងបន្ទប់គេងចេញ ដើម្បីអាចក្រាលព្រំថ្មីបាន ។ ប្អូនស្រីរបស់ខ្ញុំ អេមីលី ដែលកាលនោះអាយុ ប្រាំពីរ ឆ្នាំបានគេងលក់បាត់ហើយ ។ ដូច្នេះពេលគាត់គេង ពួកគេបានលើកយកគ្រឿងសង្ហារឹមទាំងអស់ចេញពីបន្ទប់នាងដោយស្ងាត់ៗ ទុកតែគ្រែទេ រួចហើយបានដកព្រំចាស់ចេញ ។ មែនហើយ ពេលខ្លះបងប្រុសៗលេងសើច ពួកគេបានសម្រេចចិត្តធ្វើល្បិចមួយដាក់ប្អូនស្រីខ្ញុំ ។ ពួកគេបានយករបស់របររបស់នាងទាំងអស់ចេញពីទូរ និងជញ្ជាំង ដោយទុកឲ្យបន្ទប់នោះនៅទទេស្អាត ។ រួចហើយពួកគេបានសរសេរសំបុត្រមួយបិទនឹងជញ្ជាំងថា « អេមីលី ជាទីស្រឡាញ់ យើងរើផ្ទះហើយ ។ ពីរបីថ្ងៃទៀត យើងនឹងសរសេរសំបុត្រប្រាប់ឯងកន្លែងដែលយើងនៅ ។ ដោយក្ដីស្រឡាញ់ គ្រួសាររបស់ឯង » ។
នៅព្រឹកស្អែកពេល អេមីលី មិនបានមកបរិភោគអាហារពេលព្រឹក ប្អូនប្រុសខ្ញុំបានទៅរកនាង—ហើយនាងនៅក្នុងបន្ទប់តែឯងយ៉ាងក្រៀមក្រំ អង្គុយនៅជិតទ្វារដែលបិទនោះ ។ ក្រោយមក អេមីលី បានគិតដល់បទពិសោធន៍នេះថា ៖ « ខ្ញុំឈឺចាប់ ។ ប៉ុន្ដែតើនឹងមានអ្វីកើតឡើង បើខ្ញុំគ្រាន់តែបើកទ្វារសិនទៅ ? តើខ្ញុំនឹងបានឮអ្វី ? តើខ្ញុំនឹងបានធុំក្លិនអ្វី ? ខ្ញុំនឹងដឹងថា ខ្ញុំមិននៅតែឯងទេ ។ ខ្ញុំនឹងដឹងថា គ្រួសារយើងស្រឡាញ់ខ្ញុំខ្លាំងណាស់ ។ គំនិតនោះមិនដែលកើតមានក្នុងចិត្តខ្ញុំ ឲ្យក្រោកឡើងធ្វើអ្វីមួយក្នុងស្ថានភាពរបស់ខ្ញុំទេ ។ ខ្ញុំបោះបង់ចោលតែម្ដង ហើយបន្ដអង្គុយយំនៅក្នុងទូរនោះ ។ ហើយចុះបើខ្ញុំគ្រាន់តែបើកទ្វារនោះបន្ដិចទៅមានអី » ។១០
ប្អូនស្រីខ្ញុំបានធ្វើការសន្មតដោយផ្អែកលើអ្វីដែលនាងបានឃើញ តែវាមិនមែនជាការពិតនៃសាច់រឿងពិតនោះទេ ។ តើវាមិនគួរឲ្យចាប់អារម្មណ៍ទេឬ ដែលយើង ដូចជាអេមីលីដែរ អាចរងសម្ពាធខ្លាំងដោយអារម្មណ៍សោកសៅ ឬឈឺចាប់ ឬបាក់ទឹកចិត្ត ឬព្រួយបារម្ភ ឬឯកោ ឬខឹងសម្បារ ឬអន្ទះអន្ទែង រហូតដល់ការគ្រាន់តែធ្វើអ្វីមួយ ការបើកទ្វារ ការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ មិនបានកើតឡើងក្នុងគំនិតយើងសោះ ?
ព្រះគម្ពីរមានពេញទៅដោយគំរូរបស់បុរស និងស្ដ្រី សិស្សរបស់ព្រះគ្រីស្ទ ដែលគ្រាន់តែចេញធ្វើសកម្មភាពប៉ុណ្ណោះ ពេលពួកគេជួបនឹងរឿងដែលមិនអាចធ្វើបាន—ពួកគេបានក្រោកឡើងដោយសេចក្ដីជំនឿ ហើយដើរទៅមុខ ។១១
ព្រះគ្រីស្ទបានមានបន្ទូលទៅកាន់មនុស្សឃ្លង់ ដែលខំស្វែងរកការព្យាបាល ៖ « ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យពួកសង្ឃពិនិត្យមើលចុះ ។ លុះ គេកំពុងតែដើរទៅនោះក៏បានជាស្អាតទាំងអស់គ្នា » ។១២
ពួកគេបានទៅបង្ហាញខ្លួនដល់ពួកសង្ឃ ហាក់ដូចជាពួកគេបានជាសះស្បើយរួចហើយ ហើយនៅក្នុងដំណើរការនៃការធ្វើសកម្មភាពនោះ ពួកគេបានជាសះស្បើយមែន ។
ខ្ញុំក៏ចង់និយាយដែរថា ប្រសិនបើគំនិតក្នុងការធ្វើសកម្មភាពពេលបងប្អូនកំពុងមានអារម្មណ៍ឈឺចាប់ មិនអាចធ្វើបានទេនោះ សូមអនុញ្ញាតឲ្យសកម្មភាពរបស់បងប្អូនគ្រាន់តែជាការឈោងទៅរកជំនួយ—ពីមិត្តភក្ដិ សមាជិកគ្រួសារ អ្នកដឹកនាំក្នុងសាសនាចក្រ អ្នកមានវិជ្ជាជីវៈ ។ ការណ៍នេះអាចជាជំហានដំបូងទៅរកសេចក្ដីសង្ឃឹម ។
ទីបី យើងអាចស្មោះអស់ពីចិត្ត និងមានអំណរក្នុងការលះបង់របស់យើង១៣
នៅពេលគ្រាលំបាកមកដល់ ខ្ញុំព្យាយាមចងចាំថា ខ្ញុំបានជ្រើសរើសដើរតាមព្រះគ្រីស្ទ មុនពេលខ្ញុំបានមកកាន់ផែនដីនេះ ហើយថាឧបសគ្គចំពោះសេចក្ដីជំនឿ សុខភាព និងការតស៊ូរបស់ខ្ញុំគឺជាផ្នែកមួយនៃមូលហេតុទាំងអស់ ដែលខ្ញុំព្រមមកទីនេះ ។ ហើយខ្ញុំត្រូវប្រាកដថា ខ្ញុំមិនដែលគិតថា ការសាកល្បងនៅសព្វថ្ងៃនេះបង្កើតឲ្យមានការសង្ស័យលើសេចក្ដីស្រឡាញ់របស់ព្រះសម្រាប់ខ្ញុំ ឬអនុញ្ញាតឲ្យវាបង្វែរសេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់ទៅជាការសង្ស័យនោះទេ ។ ការសាកល្បងមិនមែនមានន័យថា ផែនការនេះបរាជ័យនោះទេ វាគឺជាផ្នែកមួយនៃផែនការនេះ ដែលមានបំណងដើម្បីជួយខ្ញុំឲ្យស្វែងរកព្រះ ។ ខ្ញុំក្លាយកាន់តែដូចជាទ្រង់ ពេលខ្ញុំស៊ូទ្រាំដោយអត់ធន់ ហើយសង្ឃឹមថាពេលខ្ញុំឈឺចាប់ ខ្ញុំអធិស្ឋានកាន់តែស្មោះសរជាងមុនដូចជាទ្រង់ដែរ ។១៤
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃការស្រឡាញ់ដល់ព្រះវរបិតារបស់យើងអស់ពីព្រះទ័យទ្រង់—នៃការធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ មិនថាត្រូវលះបង់អ្វីនោះទេ ។១៥ ខ្ញុំចង់ធ្វើតាមគំរូរបស់ទ្រង់ដោយការធ្វើដូចគ្នានេះ ។
ខ្ញុំស្ងើចសរសើរភាពជាសិស្សរបស់ស្ដ្រីមេម៉ាយដ៏ស្មោះអស់ពីចិត្ត អស់ពីព្រលឹង ដែលបានដាក់ប្រាក់ពីរស្លឹងនៅក្នុងឃ្លាំងព្រះវិហារបរិសុទ្ធ ។ គាត់បានថ្វាយអ្វីទាំងអស់ដែលគាត់មាន ។១៦
ព្រះយេស៊ូវគ្រីស្ទបានទទួលស្គាល់ភាពពេញបរិបូរណ៍របស់គាត់ ខណៈដែលអ្នកដទៃមើលឃើញតែចំណុចខ្វះខាតរបស់គាត់ប៉ុណ្ណោះ ។ ការណ៍ដូចគ្នានេះគឺពិតចំពោះពួកយើងម្នាក់ៗដែរ ។ ទ្រង់មិនទតឃើញចំណុចខ្វះខាតរបស់យើងថាជាកំហុសនោះទេ ប៉ុន្ដែផ្ទុយទៅវិញ ទ្រង់ឃើញថាវាជាឱកាសដើម្បីអនុវត្តសេចក្ដីជំនឿ ហើយរីកចម្រើនទៅវិញទេ ។
សេចក្ដីបញ្ចប់
បងប្អូនរបស់ខ្ញុំ ដែលជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអើយ ខ្ញុំជ្រើសរើសឈរជាមួយព្រះអម្ចាស់ដោយអស់ពីចិត្តខ្ញុំ ។ ខ្ញុំជ្រើសរើសឈរជាមួយនឹងអ្នកបម្រើដ៏ជម្រើសរបស់ទ្រង់—ប្រធាន រ័សុល អិម ណិលសុន និងពួកសាវកទាំងដប់ពីររបស់លោក—ព្រោះពួកលោកថ្លែងជំនួសទ្រង់ ហើយជាអ្នកបម្រើនៃពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទំាងឡាយដែលចងខ្ញុំទៅនឹងព្រះអង្គសង្គ្រោះ ។
នៅពេលខ្ញុំជំពប់ដួល ខ្ញុំនឹងបន្ដងើបឡើង ដោយពឹងផ្អែកលើព្រះគុណ និងព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំនឹងបន្ដនៅក្នុងសេចក្ដីសញ្ញារបស់ខ្ញុំជាមួយទ្រង់ ហើយខំឆ្លើយនឹងសំណួររបស់ខ្ញុំ តាមរយៈការសិក្សាព្រះបន្ទូលរបស់ព្រះ តាមរយៈសេចក្ដីជំនឿ និងដោយមានជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយខ្ញុំទុកចិត្តលើការណែនាំរបស់ទ្រង់ ។ ខ្ញុំនឹងខំស្វែងរកព្រះវិញ្ញាណរបស់ទ្រង់ជារៀងរាល់ថ្ងៃ តាមរយៈការធ្វើកិច្ចការតូចតាច និងសាមញ្ញ ។
នេះគឺជាផ្លូវនៃភាពជាសិស្សរបស់ខ្ញុំ ។
ហើយរហូតដល់ថ្ងៃដែលគ្រប់ទាំងរបួសនៃជីវិតរមែងស្លាប់នេះបានព្យាបាលឲ្យជាសះស្បើយ នោះខ្ញុំនឹងរង់ចាំដល់ព្រះអម្ចាស់ ហើយទុកចិត្តលើទ្រង់—ពេលវេលា ព្រះប្រាជ្ញាញាណ និងផែនការរបស់ទ្រង់ ។១៧
ខ្ញុំចង់ឈរប្រទាក់ដៃគ្នាជាមួយបងប្អូន និងជាមួយទ្រង់ជារៀងរហូតតទៅ ។ ដោយអស់ពីដួងចិត្ត ។ ដោយដឹងថា នៅពេលយើងស្រឡាញ់ព្រះយេស៊ូវគ្រីស្ទអស់ពីដួងចិត្តរបស់យើង នោះទ្រង់នឹងប្រទានអ្វីគ្រប់យ៉ាងត្រឡប់មកឲ្យយើងវិញ ។១៨ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕