សន្និសីទទូទៅ
គោលលទ្ធិ​នៃ​ការ​មានចំណែក
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


14:41

គោលលទ្ធិ​នៃ​ការ​មានចំណែក

គោលលទ្ធិ​នៃ​ការ​មាន​ចំណែកត្រង់​ចំណុច​នេះគឺ​សម្រាប់​យើង​ម្នាក់ៗ ៖ ខ្ញុំ​តែមួយ​នឹង​ព្រះគ្រីស្ទ​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ។

ខ្ញុំចង់​និយាយ​អំពីអ្វី​ដែល​ហៅថា គោលលទ្ធិ​នៃ​ការ​មានចំណែក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ គោលលទ្ធិ​នេះ​មាន​បី​ផ្នែក ៖ ( ១ ) តួនាទី​នៃការ​មាន​ចំណែក​នៅក្នុង​ការ​ប្រមូលផ្តុំ​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ( ២ ) សារៈ​សំខាន់​នៃការបម្រើ និង​ការលះ​បង់​នៅក្នុង​ការ​មាន​ចំណែក​នោះ​និង ( ៣ ) ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ស្នូល​ដើម្បី​មាន​ចំណែក ។

កាល​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ចាប់​ផ្តើម​ដំបូង គឺ​បាន​បង្កើត​ឡើង​ភាគច្រើន​ដោយ​មាន​ពួកបរិសុទ្ធ​ស្បែក-ស អាមេរិក​ខាងជើង និង​ពួកអឺរ៉ុប​ប៉ែកខាង​ជើង​ដោយ​មាន​ជន​ជាតិ​អាមេរិកដើម និង​ពួក​អាហ្រ្វិក​កាត់​អាមេរិក និង​ពួក​អ្នក​កោះ​ប៉ាស៊ីហ្វិក​មួយ​ចំនួន​តូច ។ ឥឡូវ​​ខួប​លើកទី ២០០ ឆ្នាំ​នៃ​ការបង្កើត​សាសនាចក្រ​បាន​កន្លង​ផុត​ទៅ​ប្រាំបី​ឆ្នាំហើយ ឯ​ចំនួន​សមាជិក​នៃ​សាសនា​ចក្រ​ក៏បានកើន​ឡើង​យ៉ាង​ខ្លាំង ហើយ​មាន​ចម្រុះ​ជាតិ​សាសន៍​​នៅ​អាមេរិកខាងជើង និង​កាន់តែ​ច្រើនទៀត​នៅគ្រប់​ទិសទី​ទូទាំង​ពិភព​លោក ។

ដូចដែល​បាន​ព្យាករ​ជាយូរ​លង់​មកហើយ ការ​ប្រមូល​ផ្ដុំរាស្រ្ត​នៃ​សេចក្តី​សញ្ញា​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃចុងក្រោយ​មាន​សន្ទុះយ៉ាងខ្លាំង នោះ​សាសនា​ចក្រ​នឹង​មាន​សមាជិក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា​និង គ្រប់​ទាំង​ប្រជាជន​យ៉ាងពិតប្រាកដ ។ ភាពចម្រុះនេះ​ពុំ​មែន​ជា​ការ​គណនា ឬចាប់​បង្ខំ​នោះទេ ប៉ុន្តែវា​ជា​បាតុភូត​ដែល​កើតឡើង​តាមធម្មជាតិ ដែល​យើង​រំពឹង​ទុក និង​ទទួល​ស្គាល់​ថា សំណាញ់​នៃ​ដំណឹងល្អ ប្រមូលផ្តុំ​ពី​គ្រប់​ជាតិសាសន៍ និង​គ្រប់​មនុស្ស​ទាំងអស់ ។

យើងមាន​ពរណាស់​ដែលបាន​ឃើញ​ថ្ងៃដែល​ស៊ីយ៉ូន​បាន​បង្កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​នៅ​គ្រប់​ទាំង​ទ្វីប និង​សហគមន៍​របស់​យើង ។ ដូច​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា រាស្រ្ត​របស់​ព្រះគ្រប់​ជំនាន់​បាន​ទន្ទឹង​ចាំ និង​​រំពឹងទុក​ចំពោះ​ជំនាន់​នេះដោយ​ក្តី​រីក​រាយ ហើយ « យើង​ជាមនុស្ស​ដែល​ព្រះសព្វ​ព្រះទ័យ​ទ្រង់​បាន​ជ្រើសរើស​ដើម្បី​នាំយក​សិរីល្អ​មក​នាថ្ងៃចុង​ក្រោយ​នេះ » ។

តាម​ឯក​សិទ្ធិនេះ គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​ការ​រើសអើង​ជាតិសាសន៍ ការរើស​អើង​កុលសម្ព័ន្ធ ឬ​ការបែង​ចែក​ផ្សេងៗ​​កើត​មាន​នៅក្នុង​សាសនា​ចក្រ​នៃ​ព្រះគ្រីស្ទ​នាថ្ងៃ​ចុង​ក្រោយ​នេះឡើយ ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ថា « ចូរ​រួមគ្នា​តែ​មួយ ហើយ​បើសិន​ជា​អ្នក​រាល់គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំមែន​ជា​របស់​ផង​យើង​ឡើយ » ។ យើងគួរ​តែ​ព្យាយាម​ដក​ឬស​នៃ​ការរើស​អើង និង​ការ​ប្រកាន់​ពូជសាសន៍​ចេញពី​សាសនា​ចក្រ ចេញពី​គេហដ្ឋាន និង​សំខាន់​បំផុត​ចេញពី​បេះដូង​របស់​យើង ។ នៅពេលសាសនាចក្រ​យើង​មានកំណើនសមាជិក​ចម្រុះ​ជាតិសាសន៍​កាន់តែ​ច្រើន នោះ​ការ​ស្វាគមន៍ ដោយកក់ក្ដៅ​របស់​យើង​ក៏​ត្រូវតែ​មាន​កំណើន​ឡើង​ផងដែរ ។ ពួក​យើង​ត្រូវការ​គ្នា​ទៅវិញទៅមក ។

នៅ​ក្នុង​សំបុត្រ​ដំបូង​របស់​ប៉ុល​ទៅ​កាន់​ពួក​កូរិនថូស លោកបាន​ប្រកាស​ថា អស់​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ គឺ​មាន​ចិត្ត​តែ​មួយ​នឹង​ព្រះគ្រីស្ទ ៖

« ដ្បិត​ដូចជា​រូបកាយ​១​មាន​អវយវៈ​ជាច្រើន តែអវយវៈ​ទាំង​នោះ ទោះមាន​ច្រើន​ក៏ពិត គង់តែ​រួមគ្នាមក​ជារូប​តែ១​ទេ នោះ​ព្រះគ្រីស្ទ​ក៏​ដូច្នោះដែរ ។

ដ្បិត​យើង​ទាំង​អស់​គ្នា​ទោះ​បើ​ជា​សាសន៍ យូដា ឬ សាសន៍ ក្រេក បាវ​បម្រើ ឬ អ្នក​ជា​ក្តី យើង​បាន​ទទួល​បុណ្យជ្រមុជ​ចូល​ក្នុង​រូបកាយ​តែ​១ ដោយសារ​ព្រះវិញ្ញាណ​តែ​១ ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ ១ ដែរ ។

ដើម្បី​មិន​ឲ្យ​មាន​សេចក្តីបែកខ្ញែកគ្នា​ក្នុង​រូបកាយ​ឡើយ​តែ​ឲ្យ​អវយវៈទាំងប៉ុន្មាន បាន​ជួយ​គាំពារ​គ្នាទៅវិញទៅមក ។

ដូច្នេះបើ​អវយវៈ១ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយគ្នាបើ ១ បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន រីករាយ​ជា​មួយ​ដែរ » ។

អារម្មណ៍​នៃ​ការមាន​ចំណែក​មាន​សារៈសំខាន់​ចំពោះ​សុខុមាល​ភាពផ្លូវ​កាយផ្លូវចិត្ត និង​វិញ្ញាណ​របស់យើង ។ ប៉ុន្តែ​ជួនកាល​យើង​ម្នាក់ៗ​អាចមាន​អារម្មណ៍ថា​យើង​មិន​ស៊ីចង្វាក់​នឹង​គេ ។ នៅ​គ្រា​បាក់ទឹក​ចិត្ត យើង​អាច​មាន​អារម្មណ៍​ថា យើង​មិន​ស័ក្តិសម​នឹង​បទដ្ឋាន​ដ៏ខ្ពង់​ខ្ពស់​របស់​ព្រះអម្ចាស់​ ឬ សម​តាមការ​រំពឹង​ទុក​របស់​អ្នក​ដទៃ​ឡើយ ។ យើង​អាច​ដាក់​ការ​រំពឹង​ទុក​លើ​អ្នក​ដទៃ—ឬ​លើ​ខ្លួន​យើងទាំងមិន​ដឹង​ខ្លួន—តែវាពុំមែន​ជា​ការ​រំពឹង​ទុក​របស់​ព្រះអម្ចាស់​ឡើយ ។ យើង​អាច​គិតតាម​របៀបដោយ​ងាយ​ថា តម្លៃ​នៃព្រលឹង​មួយ​គឺ​ស្ថិត​នៅ​លើ​សមិទ្ធិផល ឬ​ការហៅ​ជាក់លាក់ ប៉ុន្តែ​ទាំងនេះ​ពុំ​មែន​ជា​រង្វាស់​អំពី​រូប​យើង​នៅ​ក្នុង​ព្រះនេត្រ​ព្រះអម្ចាស់​ឡើយ ។ « ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​បំណង​ប្រាថ្នា និង​ការ​ចង់​បាន​របស់​យើង និង​អ្វី​ដែល​យើង​កំពុង​ប្រែ​ក្លាយ ។

ស៊ីស្ទើរ ជរដី ឃីង បាន​សរសេរ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​គាត់​​កន្លងទៅ​នេះថា ៖

« ខ្ញុំ​ពុំធ្លាប់មាន​អារម្មណ៍​ថា​ខ្ញុំពុំ​មាន​ចំណែក​នៅ​ក្នុង​ព្រះវិហារ​ទេ រហូត​ដល់​ស្វាមី​របស់​ខ្ញុំ​កាមេរ៉ុន និង​ខ្ញុំ​ចាប់​ផ្ដើម​មានបញ្ហា​ក្នុង​ការ​គ្មាន​កូន ។ ពេលខ្ញុំ​ឃើញ​កុមារតូចៗ និង​ក្រុមគ្រួសារនៅ​ព្រះវិហារ ពួកគេ​បានធ្វើ​ឲ្យ​ខ្ញុំ​រីករាយ តែ​ឥឡូវ​វាបែរ​ជា​ធ្វើ​ឲ្យ​ខ្ញុំកើត​ទុក្ខ និង​ឈឺចាប់ ។

« ខ្ញុំមាន​អារម្មណ៍​ក្រៀមក្រំ បើ​គ្មានកូន ឬ​យួរថង់​កន្ទប​នៅក្នុងដៃ ។​…

« ថ្ងៃ​អាទិត្យ​ដ៏លំបាក​បំផុត គឺ​នៅ​ថ្ងៃ​ដំបូង​នៅ​ក្នុង​វួដ​ថ្មី​របស់​យើង ។ ព្រោះ​យើង​គ្មាន​កូនទេ ហើយ​គេ​សួរ​យើង​ថា តើ​យើង​ទើប​រៀបការ​ឬ ហើយ​ពេលណា​ចាប់ផ្តើម​គម្រោង​យក​កូន ។ ខ្ញុំ​​តប​សំណួរ​នោះ​បាន​​ល្អ​ដោយ​មិនធ្វើឲ្យ​​ខ្ញុំខូចចិត្តឡើយ—ខ្ញុំ​ដឹង​ថា​ពួកគេ​ពុំមាន​ចេតនា​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ទេ ។

« ទោះយ៉ាងណា​ការឆ្លើយ​សំណួរ​នោះ វាពិបាក​ខ្លាំង​​នៅក្នុងថ្ងៃអាទិត្យដ៏ពិសេស​នេះ ។ បន្ទាប់ពី​មាន​ក្តីសង្ឃឹម​ខ្លាំង យើង​ទើប​ទទួល​ដំណឹង—ម្តងទៀត​ថា—យើង​មិន​អាចមាន​កូន​បាន​ទេ ។

« ខ្ញុំ​បាន​ដើរ​ចូល​ក្នុង​ការប្រជុំ​សាក្រាម៉ង់​ដោយក្ដី​អស់​សង្ឃឹម ហើយ​ការ​ឆ្លើយ​សំណួរ ‹ ការ​ស្គាល់​គ្នា › ទាំង​នោះ​ពិត​ជាពិបាក​ណាស់​សម្រាប់​ខ្ញុំ ។…

« ប៉ុន្តែ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​ខ្លាំង​ណាស់ ។ មេរៀន​ថ្ងៃនោះ—មាន​បំណង​និយាយ​អំពី​តួនាទី​ដ៏ទេវភាព​របស់​ម្តាយ—បែរជា​ផ្លាស់ប្តូរ ហើយ​ក្លាយ​ជា​វគ្គ [ ដែល ] ខកចិត្ត​មួយរំពេច ។ បេះដូងខ្ញុំ​ញាប់​ញ័រ ទឹកភ្នែក​ស្រក់ហូរលើ​ថ្ពាល់​ដោយ​ស្ងាត់ៗ នៅពេល​ដែល​ខ្ញុំឮ​ស្ត្រីៗ ត្អូញត្អែរ​អំពី​ពរជ័យ​ដែល​ខ្ញុំលះបង់​គ្រប់យ៉ាង​ដើម្បី​ទទួលបាននោះ ។

« ខ្ញុំ​បានចេញពី​ព្រះវិហារ ។ ដំបូង ខ្ញុំ​គិត​ថា​មិន​ចង់​ត្រឡប់​ទៅវិញ​ទេ ។ ខ្ញុំ​មិន​ចង់​មាន​អារម្មណ៍​ឯកោ​នោះ​ទៀត​ទេ ។ ប៉ុន្តែ​នា​យប់នោះ​បន្ទាប់​ពីបាន​និយាយ​ជាមួយ​ស្វាមីខ្ញុំ​មក យើងដឹង​ថា​យើង​បន្ត​ទៅព្រះវិហារ ពុំ​មែនដោយសារ​តែព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ទៅ​នោះទេ ប៉ុន្តែ​ដោយសារ​តែយើង​ទាំងពីរ​នាក់​បានដឹង​អំពី​អំណរ​ដែល​បាន​មកពី​ការ​រំព្ញក​សេចក្តីសញ្ញា និង​អារម្មណ៍​នៃព្រះវិញ្ញាណ​នៅ​ឯ​ព្រះវិហារ ច្រើនជាង​អារម្មណ៍​សោកសៅ​របស់ខ្ញុំ​នៅ​ថ្ងៃនោះ ។…

« នៅក្នុង​សាសនាចក្រ មាន​ស្ត្រី​មេម៉ាយ អ្នក​លែងលះគ្នា និង​អ្នក​នៅលីវ មាន​អ្នក​ដែល​សមាជិក​គ្រួសារ​បាន​ងាក​ចេញ​ពី​ដំណឹង​ល្អ អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​មានបញ្ហា​ហិរញ្ញវត្ថុ សមាជិក​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា សមាជិក​ដែល​កំពុង​ផ្តាច់​គ្រឿងញៀន ឬ មាន​ការ​សង្ស័យ អ្នក​ប្រែចិត្ត​ជឿថ្មីៗ អ្នក​ផ្លាស់​លំនៅថ្មី អ្នក​គ្មាន​ផ្ទះសម្បែងជាដើម ។ …

« ព្រះអង្គសង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់—មិន​ថា​យើង​មាន​ស្ថានភាព​បែបណា​ឡើយ ។ យើង​មក​ព្រះវិហារ​ដើម្បី​រំឭក​ពី​សេចក្ដី​សញ្ញា​របស់​យើង ដើម្បី​បង្កើន​សេចក្តី​ជំនឿ ដើម្បី​ស្វែងរក​ភាព​សុខសាន្ត និង​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ជីវិត​របស់​ទ្រង់—ដើម្បី​បម្រើ​អ្នក​ដទៃ​ដែល​មាន​អារម្មណ៍​ថា​ពួកគេ​គ្មាន​ចំណែក » ។

ប៉ុល​បាន​ពន្យល់​ថា សាសនាចក្រ និង​ពួក​អ្នក​កាន់​តំណែង​គឺ​បាន​ប្រទាន​មក​ដោយ​ព្រះ « ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សម្រាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ ៖

« ទាល់តែ​យើង​រាល់គ្នា​បាន​រួបរួម​ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​នៃ​ព្រះ​ដូចគ្នា​ទាំងអស់ គឺ​បាន​ដល់​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្ដីពោរពេញ​ផង​ព្រះគ្រីស្ទ » ។១០

​វា​ជាការចំអក​ដ៏សោកសៅ នៅពេល​នរណា​ម្នាក់​មាន​អារម្មណ៍ថា គាត់​មិន​អាចបំពេញ​ល្អ​ប្រសើរ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃជីវិត ដោយ​សន្និដ្ឋានថា​ពួកគេ​គ្មាន​ចំណែក​នៅ​គ្រប់​អង្គភាពដែល​បាន​រៀបចំឡើង​ដោយព្រះ​ដើម្បី​ជួយ​យើង​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅរក​ភាពល្អ​ប្រសើរ​នោះ ។

សូម​យើង​ទុក​ការ​ជំនុំ​ជម្រះ​ក្នុង​ព្រះហស្ត​ព្រះអម្ចាស់ និង​បុគ្គល​ដែល​ទ្រង់​បានចាត់តាំង ហើយ​ត្រូវ​ចូលចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​ល្អ​ចំពោះ​គ្នា​ឲ្យ​អស់​ពី​សមត្ថភាព ។ សូម​យើង​ទូល​សូម​ទ្រង់​ឲ្យ​បង្ហាញ​ផ្លូវ​ដល់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី « នាំអស់​…​ពួកមនុស្ស​ក្រ​ ពិការ ​ខ្វាក់ និង​ខ្ញើច »11 — គឺ​មនុស្ស​គ្រប់​គ្នា​សម្រាប់​ពិធី​ជប់លៀង​ដ៏ធំ​របស់​ព្រះអម្ចាស់ ។

ផ្នែក​ទីពីរ​នៃ​គោលលទ្ធិ​នៃ​ការមាន​ចំណែក​នេះ គឺទាក់​ទង​នឹង​ការលះ​បង់​របស់​យើង​ផ្ទាល់ ។ ទោះយើង​មិនសូវ​គិត​អំពី​វាក្ដី ភាគច្រើន ការ​មាន​ចំណែក​របស់​យើង​បាន​មកពី​ការបម្រើ​ និង​ការលះបង់​របស់​យើង​សម្រាប់​អ្នកដទៃ និង​ព្រះអម្ចាស់ ។ ការផ្តោត​តែ​ទៅលើ​តម្រូវការ​ផ្ទាល់​ខ្លួន​ ឬ​ភាព​សុខស្រួល​ផ្ទាល់​ខ្លួន អាច​នាំឲ្យ​មាន​អារម្មណ៍មិនល្អ​អំពី​ភាព​មាន​ចំណែក ។

យើង​ព្យាយាម​ធ្វើតាម​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ ៖

« អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា អ្នកបម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ​…​

« ដ្បិតកូន​មនុស្ស​ក៏បាន​មកមិន​មែន​ឲ្យ​គេបម្រើដែរ គឺដើម្បី នឹង​បម្រើគេវិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជាថ្លៃលោះ​មនុស្ស​ជា ច្រើន​ផង » ។១២

ភាព​មាន​ចំណែកមិន​កើត​ឡើង​ដោយ​ឯកឯង​ទេ ប៉ុន្តែ​វាកើត​ឡើង​ពេល​យើង​ជួយ​គ្នា​ទៅវិញ​ទៅមក ។

ជាអកុសល​សព្វថ្ងៃនេះ ការ​ថ្វាយ​ខ្លួន ដើម្បីបព្វហេតុ ឬលះបង់​សម្រាប់​អ្នក​ដទៃ កំពុង​តែ​ប្រឆាំង​​នឹង​វប្បធម៌ ។ នៅ​ក្នុង​ផ្នែកមួយនៃ Deseret Magazineកាល​ពីដើម​ឆ្នាំនេះ​ អ្នកនិពន្ធ រ៉ដ ដ្រេហឺរ បាន​រៀបរាប់​ពី​ការសន្ទនា​មួយ​ជាមួយ​ម្តាយវ័យ​ក្មេង​មួយរូប​នៅ​ទីក្រុង ប៉ឺដាពេស ៖

« ខ្ញុំ​ជិះ​រថយន្ត​​ប៉ឺដាពេស ជាមួយ​… មិត្តភក្តិ​ក្នុងវ័យ​ឈានចូល ៣០​ឆ្នាំ​—សូម​ហៅ​នាង​ថា គ្រីស្ទីណា—ខណៈ​ពេល​យើង​កំពុង​ធ្វើដំណើរ​ទៅសម្ភាស​ស្ត្រី​វ័យ​ចំណាស់ [ គ្រីស្ទាន ] និងស្វាមី​ក្រោយ​របស់​គាត់ ដែល​បាន​ស៊ូទ្រាំ​នឹង​ការបៀត​បៀន​ពីរដ្ឋាភិបាល​កុម្មុយនិស្ត ។ ពេលយើង​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង គ្រីស្ទីណា បានរៀបរាប់​ពីការ​លំបាក​ក្នុងការមានភាព​ស្មោះត្រង់​ជាមួយ​មិត្តភក្តិ​ដែលមានវ៍យស្របាល​នាង ដើម្បី​និយាយ​អំពី​ឧបសគ្គ​ដែល​នាង​ប្រឈម​មុខ​ក្នុងនាម​ជាភរិយា និង​ជាម្តាយ​ដែល​មាន​កូន​តូច ។

« ការលំបាក​របស់​គ្រីស្ទីណា គឺជា​រឿង​ធម្មតា​សម្រាប់​នារី​វ័យ​ក្មេង​ដែល​រៀន​​ធ្វើជា​ម្តាយ និង​ជាភរិយា—ប៉ុន្តែ​ឥរិយាបទ​មនុស្ស​នៅ​ជំនាន់​របស់គាត់​គឺថា ការលំបាក​ក្នុងជីវិត​គឺជាការ​គំរាមកំ​ហែង​ដល់​សុខុមាល​ភាព​របស់​មនុស្ស​ម្នាក់ ហេតុដូច្នោះហើយ គួរតែ​បោះបង់ចោល ។ តើ​ពេលខ្លះ​នាង​និង​ស្វាមី​ឈ្លោះ​ដែរ​ឬ​ទេ ? ពួកគេ​និយាយ​ថា អញ្ចឹង ​នាង​គួរតែ​ចាកចេញ​ពីគាត់ទៅ ។ តើ​កូនៗ របស់នាង​រំខាន​នាងទេ ? អញ្ចឹង ​នាងគួរ​តែ​បញ្ជូន​ពួកគេ​ទៅ​កន្លែង​មើល​ក្មេង ។

« គ្រីស្ទីណា​បារម្ភ​ថា​មិត្តភក្តិ​របស់​នាង​មិន​យល់​ពី​ការ​សាកល្បង​នោះ​ទេ ហើយ​សូម្បី​តែ​ការ​រងទុក្ខ​ក៏​ជា​ផ្នែក​ធម្មតា​នៃ​ជីវិត​ដែរ—ហើយ​ប្រហែល​ជា​ផ្នែក​មួយ​ដ៏​ល្អ​ក្នុង​ជីវិត ប្រសិនបើ​ការ​រងទុក្ខ​នោះ​បង្រៀន​យើង​ឲ្យ​ចេះ​អត់ធ្មត់ មាន​ចិត្តល្អ និង​មាន​ក្តីស្រឡាញ់ ។​…

« …​អ្នក​សង្គមវិទ្យា​ផ្នែក​សាសនា​នៅ​សាកលវិទ្យាល័យ Notre Dame លោក​គ្រីស្ទាន ស្មីធ​បាន​រកឃើញ​នៅក្នុង​ការ​សិក្សា របស់​លោក​អំពី​មជ្ឈិមវ័យ​ដែលមាន​[ អាយុ ] ១៨–២៣ ឆ្នាំ ភាគ​ច្រើន​ពួកគេ​ជឿថា​នៅក្នុង​សង្គម​គឺគ្មាន​អ្វី​ក្រៅពី ‹ ការចងក្រង​ឯកសារ​ឲ្យ​បុគ្គល​ម្នាក់ៗ​ មាន​ថាមពល​គ្រប់​គ្រង​ខ្លួន​ឯង​ដើម្បី​ភាព​រីករាយ​ក្នុង​ជីវិត​នោះទេ › ។១៣

តាម​រយៈ​ទស្សនៈ​នេះ អ្វី​ដែល​បុគ្គល​រក​ឃើញ​ថា ​ពិបាក​នោះ​‹ វាគឺ​ជា​ទម្រង់​នៃ​ការ​ជិះជាន់ › » ។១៤

ផ្ទុយ​ទៅវិញ បុព្វការីជន​ដែល​ជាអ្នក​ត្រួស​ត្រាយ​របស់​យើង​បាន​ទទួល​នូវ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​នៃ​ភាព​មានចំណែក សាមគ្គីភាព និង​ក្តីសង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ តាមរយៈ​ការ​លះបង់​ដែល​ពួកលោក​បាន​ធ្វើដើម្បី​បម្រើ​បេសក​កម្ម សាងសង់​ព្រះវិហារ​បរិសុទ្ធ បោះបង់​ចោល​ផ្ទះ​ដ៏​ស្រស់ស្អាត ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ ហើយ​ចាប់​ផ្តើម​ជាថ្មី ហើយ​ពួក​លោក​បាន​លះបង់​ខ្លួន និង ទ្រព្យ​សម្បត្តិ​ដើម្បី​បុព្វហេតុ​នៃ​ស៊ីយ៉ូន ។ ពួកលោក​ស្ម័គ្រចិត្ត​លះបង់​ជីវិត​របស់​ពួក​លោក ​បើ​ចាំបាច់ ។ ហើយ​យើង​គឺជាអ្នកទទួល​ផល​ពី​ការ​ស៊ូទ្រាំ​របស់​ពួក​លោក ។ ដូចគ្នា​នេះ​វា​ជា​ការពិត​ចំពោះ​មនុស្ស​ជា​ច្រើន​នា​សព្វថ្ងៃនេះ ក្រុមគ្រួសារ និង មិត្តភក្តិ បាត់​បង់​ឱកាស​ការងារ ឬ ខ្លះទៀត ទទួលរង​នូវការ​រើសអើង ឬ​ការបំពាន ​ដោយសារតែ​ការ​ទទួល​បុណ្យ​ជ្រមុជទឹក ។ តែ​យ៉ាងណា ​រង្វាន់​របស់​ពួកគេ​គឺជា​អារម្មណ៍​ដ៏មាន​អានុភាព​នៃ​ភាព​មាន​ចំណែក​ក្នុង​ចំណោម​រាស្រ្ត​នៃ​សេចក្តី​សញ្ញា ។ រាល់​ការលះបង់​ណាមួយ​ដែល​យើង​ធ្វើ​ក្នុង​បុព្វហេតុ​របស់​ព្រះអម្ចាស់ គឺ​ជួយ​បញ្ជាក់​ពី​ជំហររបស់​យើង​ជាមួយទ្រង់ ដែល​បានលះបង់​ព្រះជន្ម ដើម្បី​រំដោះ​មនុស្ស​ជាច្រើន ។

សមាស​ធាតុ​ចុងក្រោយ និង​សំខាន់​បំផុត​នៃគោលលទ្ធិ​នៃការ​មាន​ចំណែក​នេះ ​គឺជាតួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ​វា​សំខាន់ណាស់ ​យើង​ពុំ​ចូល​រួម​សាសនាចក្រ​សម្រាប់​តែ​មិត្ត​ភាព​តែម្យាង​នោះ​ទេ ។ យើង​ចូលរួម​ដើម្បី​ការ​ប្រោសលោះ តាម​រយៈ​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ចូលរួម​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង​សម្រាប់​ខ្លួន​យើង និង​មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​​ទាំង​សងខាង​នៃ​វាំងនន ។ យើង​ចូល​រួម​ដើម្បី​រួម​ចំណែក​ក្នុង​ផែនការ​ដ៏មហិមា ​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​យាង​មក​វិញ​របស់​ព្រះអម្ចាស់ ។

សាសនាចក្រ​គឺ​ជា​កន្លែង​ថែរក្សា​សេចក្ដី​សញ្ញា​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ដែល​ព្រះ​ប្រទាន​ដល់​យើង​តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាពដ៏​បរិសុទ្ធ ។១៥ តាម​រយៈ​ការ​រក្សា​សេចក្ដី​សញ្ញា​ទាំងនេះ នោះ​យើង​ទទួល​បាន​អារម្មណ៍​ដ៏​ខ្ពង់​ខ្ពស់​ និង​ជ្រាលជ្រៅ​បំផុត​នៃ​ភាព​មាន​ចំណែក ។ ​ថ្មីៗនេះ ប្រធាន រ័សុល អិម ណិលសុន បាន​សរសេរ​ថា ៖

« កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែកាន់តែ​ជិតស្និទ្ធ​ជាង​ពីមុនសេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។ ឥឡូវយើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។ ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះទ្រង់​ពុំ​ដែល​នឿយហត់​ក្នុងការ​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​ទទួលបាន​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ជានិច្ច​ ។ យើង​ម្នាក់ៗ​មាន​កន្លែង​ពិសេស​នៅក្នុង​ព្រះទ័យ​របស់​ព្រះ ។​…

« …​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​ដែល​ធានា​នូវ​សេចក្តីសញ្ញា​ទាំងនោះ ( សូមមើល ហេព្រើរ ៧:២២៨:៦១៦

បើ​យើង​ចងចាំ​រឿងនេះ នោះ​ក្តីសង្ឃឹម​ដ៏​ខ្ពស់​របស់់​ព្រះអម្ចាស់​នឹង​មាន​សម្រាប់​យើង​នឹង​បំផុសគំនិត គឺ​មិន​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត​នោះទេ ។

យើង​អាច​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​យើង​ព្យាយាម​រៀងៗខ្លួន និង​ជា​សមូហភាព ដើម្បី​បាន « ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ។១៧ ទោះមាន​ការខកចិត្ត និង​ការ​បរាជ័យនៅ​តាមផ្លូវ​ក្តី ក៏​វាគឺជា​ដំណើរ​ស្វែងរក​ដ៏​មហិមា​ដែរ ។ យើង​ជួយ និង​លើក​ទឹកចិត្ត​គ្នា​បន្ត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅមុខ ទោះ​ជាដឹង​ថា​មាន​ទុក្ខ​លំបាក ហើយ​ពរជ័យ​ដែល​បាន​សន្យា​​ត្រូវ​ពន្យាពេល​ក្តី ក៏យើង​អាច « មាន​សេចក្តី​សុខសាន្ត [ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ​បាន ] ឈ្នះ​លោកីយ៍​ហើយ »១៨ហើយ​យើង​នៅនឹង​ទ្រង់ ។ ការ​មានចិត្ត​តែមួយ​នឹង​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ការ​គ្មានសង្ស័យ​ចំពោះ​ភាព​មាន​ចំណែក​ដ៏​ខ្ពង់ខ្ពស់​នេះ ។១៩

ដូច្នេះ​គោលលទ្ធិនៃ​ការ​មានចំណែក​មក​ដល់​ពេល​នេះ ពួក​យើង​ម្នាក់ៗ​អាច​បញ្ជាក់​ថា ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត​ជំនួស​ខ្ញុំ ហើយ​ទ្រង់​គិតថា​ខ្ញុំ​មានតម្លៃសម​នឹង​ទ្រង់​បង្ហូរ​ព្រះ​លោហិត​ទ្រង់ ។ ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​ទ្រង់​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅក្នុង​ជីវិត​ខ្ញុំ ។ ពេលខ្ញុំ​ប្រែចិត្ត ព្រះគុណ​ទ្រង់​នឹង​ផ្លាស់​ប្តូរ​ខ្ញុំ ។ ខ្ញុំ​មាន​ចិត្ត​តែមួយ​នឹង​ទ្រង់​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹង​ល្អ ខ្ញុំមាន​ចំណែក​ក្នុង​សាសនា​ចក្រ និង​នគរ​របស់​ទ្រង់ ហើយ​ខ្ញុំ​មានចំណែក​នៅ​ក្នុង​បុព្វហេតុ​របស់​ទ្រង់​ដើម្បី​នាំ​មក​នូវ​ការ​ប្រោសលោះ​ដល់​កូនចៅ​របស់​ព្រះ​ទាំងអស់ ។

ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់ បងប្អូន​ក៏​មាន​ចំណែក​ដែរ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល វិវរណៈ ៥:៩ សូមមើល​ផងដែរ នីហ្វៃទី១ ១៩:១៧,​ម៉ូសាយ ១៥:២៨,​គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៥១,​៧៧:៨,​១១ ។

  2. Teachings of Presidents of the Church: Joseph Smith( ឆ្នាំ ២០០៧ ) ទំព័រ ១៨៦ ។

  3. គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៧ ។

  4. អ្នកសង្កេត​ម្នាក់​បាន​កត់​សម្គាល់​ថា ៖

    « សាសនា​គ្រាន់​តែ​ជា​កិច្ចការ​ឯកជន​ប៉ុណ្ណោះ​រហូត​ដល់​ជំនាន់​យើង​មិន​ស្គាល់​ពង្សាវតារ​នៃ​មនុស្សជាតិ—ហើយ​សម្រាប់​ហេតុផល​ត្រឹម​ត្រូវ ។ សាសនា​បែប​នេះ​ថយចុះ​យ៉ាងឆាប់ ប្រែ​ក្លាយ​ទៅ​ជាការ​រីករាយ​នៅ​ខាងក្នុង ជា​ប្រភេទ​នៃ​​ចំណង់​ចំណូល​ចិត្ត​របស់​បុគ្គល​ម្នាក់ ឬ​ច្រើននាក់ ដូចជា​ការ​អាន​សៀវភៅ ឬ​មើល​ទូរទស្សន៍​ជាដើម ។ ដូច្នេះ​វាមិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ការស្វែង​រកខាង​វិញ្ញាណ​បាន​ក្លាយ​ជា​រឿង​ពេញ​និមយ​យ៉ាងខ្លាំង ។ វា​ជា​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​បាន​រំដោះ​ខ្លួន​ចេញ​ពីសាសនា​ស្វែងរក​ការចង់បាន​មក​ជំនួស​វិញ ។

    « ជីវភាព​ខាង​វិញ្ញាណ​ពិតជា​ផ្នែកដ៏​សំខាន់​របស់​សាសនា​ទាំងមូល—ប៉ុន្តែ​ជាផ្នែក​តូចមួយ ដែលមិន​អាច​ជំនួស​បាន​ឡើយ ។ សាសនា​ពុំមែន​ជា​ប្រភេទ​លំហាត់​ផ្នែក​ចិត្តសាស្ត្រ​មួយ​ចំនួន​ដែលផ្តល់​បទពិសោធន៍​ឥតខ្ជោះ​ម្តងម្កាល​នោះទេ ។ វា​ទាំង​មាន​ឥទ្ធិពល​លើ​ជីវិត​មនុស្ស​ម្នាក់—ជា​អ្វីៗ​ទាំងអស់​នៃ​ជីវិត—ឬ​វា​សាបសូន្យ ដោយ​បន្សល់​ទុក​នូវ​ការអន្ទះសារ ព្រលឹង​ឯកោ ដែល​គ្មាន​ការ​ព្យាបាល​ផ្លូវចិត្ត​អាច​ទៅ​ដល់ ។ ហើយ​សម្រាប់​សាសនា​ដើម្បី​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​មនុស្ស​ម្នាក់ គឺ​ត្រូវ​ប្រកាស​ជាសាធារណៈ និង​ជា​សហគមន៍ វា​ត្រូវ​តែ​ភ្ជាប់​ជាមួយ​អ្នក​ដែល​បាន​ស្លាប់​ទៅ និង​មនុស្ស​ដែល​មិន​ទាន់​ចាប់កំណើត » ( Irving Kristol, « The Welfare State’s Spiritual Crisis,» The Wall Street Journalខែ ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ ១៩៩៧ A14 ) ។

  5. កូរិនថូស ទី ១ ១២:១២–១៣, ២៥–២៦ ។

  6. សូមមើល រ័សុល អិម ណិលសុន​« Perfection PendingEnsignខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ទំព័រ ៨៦–៨៨ ជែហ្វ្រី អ័រ ហូឡិន «Be Ye Therefore Perfect—EventuallyLiahonaខែ​វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ។

  7. សាំយូអែល ទី ១ ១៦:៧ ។

  8. ដូច​ដែល​បាន​បញ្ជាក់​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡង់ ថា «​‹ ចូរ​មក​ដោយ​ខ្លួន​អ្នក › ព្រះបិតា​ជា​ទី​ស្រឡាញ់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ម្នាក់ៗ ហើយ​ទ្រង់​បន្ថែម​ទៀត​ថា ‹ ចូរ​កុំ​គិត​ថា អ្នក​មិន​ផ្លាស់​ប្ដូរ​នោះ​ឡើយ › ។ យើង​ញញឹម ហើយ​ចងចាំ​ថា ព្រះ​តាំង​ព្រះទ័យ​ដើម្បី​ធ្វើ​ឲ្យ​យើង​ប្រែក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​យើង​គិត​ថា​យើង​អាច​ធ្វើបាន » ។ ( Songs Sung and Unsung » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥១ ) ។

  9. ជរដី ឃីង « Belonging in the Church through the Lens of Infertility »Liahona ខែ មីនា ឆ្នាំ ២០២០ ទំព័រ ៤៦, ៤៨–៤៩ ។

  10. អេភេសូរ ៤:១២–១៣ ។

  11. លូកា ១៤:២១ ។

  12. ម៉ាកុស ១០:៤៣,​៤៥បាន​បន្ថែម​ការគូសបញ្ជាក់ ។

  13. រ៉ដ ដ្រេហឺរ « A Christian Survival Guide for a Secular Age » Deseret Magazineខែ មេសា ឆ្នាំ ២០១១ ទំព័រ ៦៨ ។

  14. រ៉ដ ដ្រេហឺរ « A Christian Survival Guide for a Secular Age » ទំព័រ ៦៨ ។

  15. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២២ ។

  16. រ័សុល អិម ណិលសុន « The Everlasting CovenantLiahonaខែ តុលា ឆ្នាំ ២០២២ ទំព័រ ៦,​១០ ។

  17. អេភេសូរ ៤:១៣ ។

  18. យ៉ូហាន ១៦:៣៣ ។

  19. សូមមើល យ៉ូហាន ១៧:២០-២៣ ។ « ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ដែល​ធ្វើ​បន្ទាល់​អំពី​ទ្រង់​អាច​មក​សណ្ឋិត​នៅក្នុង​អ្នករហូត​ត​ទៅ » ( អេធើរ ១២:៤១ ) ។