ចូរដើរតាមព្រះយេស៊ូវគ្រីស្ទដោយជំហាននៃសេចក្ដីជំនឿ
ព្រះគ្រីស្ទអាចជួយដល់យើងនាពេលបច្ចុប្បន្ននេះ ឲ្យឆ្លងកាត់គ្រាលំបាកនានាបាន ។ ទ្រង់បានធ្វើបែបនោះសម្រាប់ពួកអ្នកត្រួសត្រាយដំបូង ហើយទ្រង់ក៏ធ្វើដូច្នេះសម្រាប់យើងម្នាក់ៗនាពេលបច្ចុប្បន្ននេះផងដែរ ។
អរគុណក្រុមចម្រៀងដែលបានច្រៀងបទ « Faith in Every Footstep » ។ ទំនុកភ្លេង និងទំនុកបទនៃចម្រៀងនោះ បាននិពន្ធឡើងនៅឆ្នាំ ១៩៩៦ ដោយបងប្រុស នូវ៉ែល ឌេលៃ១ ក្នុងការរៀបចំសម្រាប់ធ្វើបុណ្យខួបលើកទី ១៥០ ឆ្នាំនៃការមកដល់របស់ពួកអ្នកត្រួសត្រាយដំបូង ទៅកាន់ជ្រលងភ្នំ សលត៍ លេក ក្នុងឆ្នាំ ១៨៤៧ ។
ទោះបីជាបទចម្រៀងនេះ ត្រូវបាននិពន្ធឡើងក្នុងការរៀបចំសម្រាប់ការសារទនោះក្តី ក៏សាររបស់វាអនុវត្តចំពោះពិភពលោកទាំងមូលផងដែរ ។
ខ្ញុំតែងតែស្រឡាញ់ត្រង់វគ្គបន្ទរជានិច្ច ៖
ដោយមានជំនឿលើគ្រប់ជំហាន យើងដើរតាមព្រះគ្រីស្ទជាព្រះអម្ចាស់
ហើយពេញដោយក្តីសង្ឃឹម តាមរយៈក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ យើងច្រៀងរួមគ្នា ។២
បងប្អូនប្រុសស្រី ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយជំហាននៃសេចក្ដីជំនឿ នោះមានសេចក្ដីសង្ឃឹមហើយ ។ មានសេចក្តីសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ មានសេចក្ដីសង្ឃឹមសម្រាប់មនុស្សទាំងអស់នៅក្នុងជីវិតនេះ ។ មានសេចក្តីសង្ឃឹមដើម្បីយកឈ្នះលើកំហុស ទុក្ខព្រួយ និងការលំបាក ការសាកល្បង ព្រមទាំងបញ្ហានានារបស់យើង ។ មានសេចក្ដីសង្ឃឹមនៅក្នុងការប្រែចិត្ត និងការត្រូវបានអភ័យទោស ព្រមទាំងនៅក្នុងការអភ័យទោសដល់អ្នកដទៃផងដែរ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា មានសេចក្ដីសង្ឃឹម និងភាពសុខសាន្តនៅក្នុងព្រះគ្រីស្ទ ។ ទ្រង់អាចជួយដល់យើងនាពេលបច្ចុប្បន្ននេះ ឲ្យឆ្លងកាត់គ្រាលំបាកនានាបាន ។ ទ្រង់បានធ្វើបែបនោះសម្រាប់ពួកអ្នកត្រួសត្រាយដំបូង ហើយទ្រង់ក៏ធ្វើដូច្នេះសម្រាប់យើងម្នាក់ៗនាពេលបច្ចុប្បន្ននេះផងដែរ ។
ឆ្នាំនេះគឺជាខួបលើកទី ១៧៥ នៃការមកដល់របស់ពួកអ្នកត្រួសត្រាយដំបូង ទៅកាន់ជ្រលងភ្នំ សលត៍ លេក ធ្វើឲ្យខ្ញុំសញ្ជឹងគិតពីបុព្វការីជនរបស់ខ្ញុំ ដែលពួកគាត់មួយចំនួនបានដើរពីទីក្រុង ណាវ៉ូ ទៅកាន់ជ្រលងភ្នំ សលត៍ លេក ។ ខ្ញុំមានលោកតាលោកយាយទួតដែលបានដើរលើវាលទំនាបទាំងនោះ កាលពួកគាត់នៅជាយុវវ័យ ។ ហេនរី បាឡឺដ មានអាយុ ២០ ឆ្នាំ៣ ម៉ាហ្គារ៉េត ម៉ាកនែល មានអាយុ ១៣ ឆ្នាំ៤ ហើយ យ៉ូសែប អេហ្វ ស្ម៊ីធ ដែលក្រោយមកបានក្លាយជាប្រធានទីប្រាំមួយនៃសាសនាចក្រ ទើបតែមានអាយុត្រឹមតែ ៩ ឆ្នាំ ប៉ុណ្ណោះ ពេលលោកបានមកដល់ជ្រលងភ្នំ សលត៍ លេក ។៥
ពួកគាត់បានប្រឈមមុខនឹងការខ្វះខាតគ្រប់បែបយ៉ាងនៅតាមផ្លូវ ដូចជារដូវរងារដ៏ត្រជាក់ ជំងឺ និងកង្វះខាតស្បៀងអាហារ ព្រមទាំងសម្លៀកបំពាក់ឲ្យបានគ្រប់គ្រាន់ ។ ឧទាហរណ៍ នៅពេល ហិនរី បាឡាដ បានចូលទៅជ្រលងភ្នំ សលត៍ លេក នោះលោកបានរីករាយដែលបានឃើញ « ដែនដីសន្យា » ប៉ុន្តែរស់នៅដោយការភ័ចខ្លាចថា មានគេអាចឃើញលោក ដោយសារសម្លៀកបំពាក់ដែលលោកពាក់នោះដាច់រហែកអស់ ដែលវាមិនអាចបិទបាំងរាងកាយលោកទាំងមូលជិតឡើយ ។ លោកបានពួននៅពីក្រោមគុម្ពោតព្រៃពេញមួយថ្ងៃ រហូតដល់មេឃងងឹត ។ ក្រោយមក លោកបានទៅផ្ទះមួយ ហើយសុំសម្លៀកបំពាក់គេ ដើម្បីលោកអាចបន្តដំណើររបស់លោក និងរកទីតាំងឪពុកម្តាយរបស់លោក ។ លោកមានអំណរគុណចំពោះព្រះ ដែលលោកបានទៅដល់គេហដ្ឋាននាពេលអនាគតរបស់លោកដោយសុវត្ថិភាព ។៦
លោកតាទួតទាំងឡាយរបស់ខ្ញុំបានធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយជំហាននៃសេចក្តីជំនឿ ពេញទាំងការសាកល្បងនីមួយៗរបស់ពួកលោក ។ ខ្ញុំមានអំណរគុណចំពោះពួកលោក ដែលមិនព្រមចុះចាញ់ ។ ជំហាននៃសេចក្តីជំនឿរបស់ពួកលោកបានផ្តល់ពរដល់ខ្ញុំ និងជំនាន់បន្តបន្ទាប់ គឺដូចជាជំហាននៃសេចក្តីជំនឿរបស់បងប្អូននាពេលសព្វថ្ងៃនេះ ដែលនឹងផ្តល់ពរដល់ពូជពង្សរបស់បងប្អូនផងដែរ ។
ពាក្យ ត្រួសត្រាយ មានថ្នាក់ពាក្យជានាម និងកិរិយាសព្ទ ។ ជានាមវាអាចមានន័យថា មនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេ ស្វែងរក ឬតាំងទីលំនៅលើទឹកដីថ្មីមួយ ។ ជាកិរិយាស័ព្ទ វាអាចមានន័យថា បើក ឬរៀបចំផ្លូវឲ្យអ្នកដទៃទៀតដើរតាម ។៧
ពេលខ្ញុំគិតអំពីពួកអ្នកត្រួសត្រាយ ដែលបានរៀបចំផ្លូវសម្រាប់អ្នកដទៃទៀត ដំបូងខ្ញុំគិតអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ យ៉ូសែបគឺជាអ្នកត្រួសត្រាយម្នាក់ ព្រោះជំហាននៃសេចក្ដីជំនឿរបស់លោក បាននាំលោកទៅកាន់ព្រៃពិសិដ្ឋ ជាកន្លែងដែលលោកបានលុតជង្គង់អធិស្ឋាន ហើយបានបើកផ្លូវឲ្យយើងមានភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីជំនឿរបស់ យ៉ូសែប ដើម្បី « សូមដល់ព្រះ »៨នៅព្រឹកនិទាឃរដូវនោះក្នុងឆ្នាំ ១៨២០ បានបើកផ្លូវសម្រាប់ការស្ដារឡើងវិញនៃភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរួមមានពួកព្យាការី និងពួកសាវកត្រូវបានហៅបម្រើនៅលើផែនដីជាថ្មីម្ដងទៀត ។៩ ខ្ញុំដឹងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីម្នាក់របស់ព្រះ ។ ខ្ញុំដឹងថា ជំហានដែលពេញដោយសេចក្ដីជំនឿរបស់លោក បាននាំលោកឲ្យលុតជង្គង់នៅក្នុងវត្តមានរបស់ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
ជំហាននៃសេចក្តីជំនឿរបស់ព្យាការី យ៉ូសែប បានធ្វើឲ្យលោកក្លាយជាឧបករណ៍របស់ព្រះអម្ចាស់ ក្នុងការនាំចេញមកនូវព្រះគម្ពីរមរមន ដែលជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះគុណដ៏ធួនរបស់ទ្រង់ ។
តាមរយៈសេចក្តីជំនឿ និងការស៊ូទ្រាំរបស់ យ៉ូសែប ស្ម៊ីធ ក្នុងការប្រឈមមុខនឹងការលំបាក និងការជំទាស់ដ៏ខ្លាំងក្លា នោះលោកអាច ក្លាយជាឧបករណ៍មួយនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ក្នុងការស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ជាថ្មីម្ដងទៀតលើផែនដីនេះ ។
អំឡុងពេលសន្និសីទទូទៅលើកមុន ខ្ញុំបាននិយាយអំពីរបៀបដែលការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់ខ្ញុំបានផ្តល់ពរដល់ខ្ញុំ ។ ខ្ញុំបានទទួលពរ ពេលខ្ញុំបានបង្រៀនអំពីផែនការនៃសេចក្តីសង្គ្រោះដ៏រុងរឿងរបស់ព្រះវរបិតាសួគ៌របស់យើង ការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ និងការបកប្រែព្រះគម្ពីរមរមនរបស់លោក ។ ការបង្រៀន និងគោលលទ្ធិដែលបានស្ដារឡើងវិញទាំងនេះ បានដឹកនាំជំហាននៃសេចក្តីជំនឿរបស់ខ្ញុំ ក្នុងការបង្រៀនដល់អស់អ្នកដែលមានឆន្ទៈស្តាប់សារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អ ។
ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងសព្វថ្ងៃ គឺជាអ្នកត្រួសត្រាយសម័យទំនើបនេះ ពីព្រោះពួកគេចែកចាយសារលិខិតដ៏រុងរឿងនេះជាមួយមនុស្សនៅជុំវិញពិភពលោក ដូច្នេះវាបើកផ្លូវឲ្យបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង ស្គាល់ទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ការទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បើកផ្លូវឲ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន និងទទួលពិធីបរិសុទ្ធ ព្រមទាំងពរជ័យនៃសាសនាចក្រ និងព្រះវិហារបរិសុទ្ធ ។
កាលសន្និសីទទូទៅលើកមុន ប្រធាន រ័សុល អិម ណិលសុន បានបញ្ជាក់សារជាថ្មី « ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជនគ្រប់រូបមានភាពស័ក្ដិសម ជាយុវជនដែលមានសមត្ថភាព ឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម » និង « សម្រាប់យុវនារីដែលមានលទ្ធភាព » ហើយថា « បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជាជម្រើសរបស់អ្នក » ។១០
យុវវ័យ និងយុវនារីជាទីស្រឡាញ់ ជំហាននៃសេចក្ដីជំនឿរបស់ក្មួយៗនឹងជួយក្មួយៗឲ្យដើរតាមការអញ្ជើញរបស់ព្រះអម្ចាស់ដើម្បីបម្រើបេសកកម្ម—ពោលគឺដើម្បីធ្វើជាអ្នកត្រួសត្រាយសម័យទំនើប—ដោយបើកផ្លូវឲ្យបុត្រាបុត្រីរបស់ព្រះស្វែងរក និងបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលដឹកនាំត្រឡប់ទៅរកវត្តមានដ៏រុងរឿងរបស់ទ្រង់វិញ ។
ប្រធាន ណិលសុន បានធ្វើជាអ្នកត្រួសត្រាយនៅក្នុងសាសនាចក្រ ។ ក្នុងនាមជាសាវកមួយរូប លោកបានធ្វើដំណើរ ហើយបានរៀបចំដែនដីជាច្រើនសម្រាប់ការផ្សព្វផ្សាយដំណឹងល្អ ។ មិនយូរប៉ុន្មានក្រោយពីបានក្លាយជាព្យាការី និងជាប្រធានសាសនាចក្រ លោកបានអង្វករយើងឲ្យ « បង្កើនសមត្ថភាពខាងវិញ្ញាណ [ របស់យើង ] ដើម្បីទទួលបានវិវរណៈ » ។១១ លោកបន្តបង្រៀនយើងឲ្យពង្រឹងដល់ទីបន្ទាល់របស់យើង ។ នៅក្នុងការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យមួយ លោកបានមានប្រសាសន៍ ៖
« ខ្ញុំសូមអង្វរក្មួយៗឲ្យចេះទទួលខុសត្រូវលើទីបន្ទាល់របស់ក្មួយៗ ។ សូមខិតខំដើម្បីមានទីបន្ទាល់នោះ ។ សូមមានវាផ្ទាល់ខ្លួន ។ សូមខ្វល់ខ្វាយពីវា ។ សូមចិញ្ចឹមបីបាច់វា ដើម្បីឲ្យវាលូតលាស់ ។ …
[ បន្ទាប់មក ] សូមមើលអព្ភូតហេតុកើតឡើងក្នុងជីវិតរបស់ក្មួយៗ » ។១២
លោកកំពុងបង្រៀនយើងឲ្យប្រែកាន់តែមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ។ លោកបានថ្លែងថា « នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធទេនោះ » ។១៣
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីរបស់ព្រះនៅលើផែនដីសព្វថ្ងៃនេះ ។
ព្រះសង្រ្គោះរបស់យើង ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកត្រួសត្រាយដ៏ខ្ពង់ខ្ពស់បំផុតក្នុងការរៀបចំផ្លូវ ។ ប្រាកដណាស់ ទ្រង់ ជា « ផ្លូវ »១៤ សម្រាប់ផែនការនៃសេចក្ដីសង្គ្រោះឲ្យសម្រេចបាន ដើម្បីយើងអាចប្រែចិត្ដបាន ហើយត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើងវិញ តាមរយៈសេចក្តីជំនឿលើទ្រង់ ។
ព្រះយេស៊ូវមានព្រះបន្ទូលថា « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ។១៥ ទ្រង់បានសន្យាថា នឹងមិនទុកយើងចោលឲ្យនៅកំព្រាឡើយ ទ្រង់នឹងយាងមកឯយើងវិញក្នុងការសាកល្បងរបស់យើង ។១៦ ទ្រង់បានអញ្ជើញយើងឲ្យ « មករក [ ទ្រង់ ] ដោយអស់ពីដួងចិត្ត ហើយ [ ទ្រង់ ] នឹងប្រោសឲ្យ [ យើង ] បានជា » ។១៧
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះរបស់យើង ជាអង្គសង្រួបសង្រួមរបស់យើងជាមួយនឹងព្រះវរបិតា ។ ព្រះវរបិតាសួគ៌របស់យើងបានបើកផ្លូវឲ្យយើងត្រឡប់ទៅរកទ្រង់វិញ ដោយការធ្វើតាមព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដោយមានសេចក្តីជំនឿលើគ្រប់ជំហានទាំងអស់ ។
លោកតាលោកយាយទួតរបស់ខ្ញុំ និងអ្នកត្រួសត្រាយដំបូងផ្សេងទៀត បានប្រឈមមុខនឹងឧបសគ្គជាច្រើន នៅពេលដែលពួកគាត់ធ្វើដំណើរ ដោយរទេះសេះ រទេះអូស និងការដើរទៅកាន់ជ្រលងភ្នំ សលត៍ លេក ។ យើងក៏នឹងប្រឈមមុខនឹងឧបសគ្គនានា នៅក្នុងដំណើររបស់យើងម្នាក់ៗ ពេញមួយជីវិតរបស់យើងផងដែរ ។ យើងមិនបានរុញរទេះ ឬបររទេះសេះដែលមានដំបូលឆ្លងកាត់ចំណោតភ្នំ និងឆ្លងកាត់គំនរទឹកកកដ៏ក្រាស់នោះទេ យើងកំពុងព្យាយាម ដូចដែលពួកគាត់បានធ្វើ ដើម្បីយកឈ្នះលើការល្បួង និងឧបសគ្គខាងវិញ្ញាណនានានៅក្នុងជំនាន់របស់យើង ។ យើងមានការសាកល្បងជាច្រើនទៀតដើម្បីឆ្លងកាត់ យើងមានការលំបាក—ហើយជួនកាលជាការលំបាកដ៏ខ្លាំង—ដើម្បីយកឈ្នះ ។ ទោះបីជាឧបសគ្គសព្វថ្ងៃនេះ ខុសពីឧបសគ្គរបស់ពួកអ្នកត្រួសត្រាយដំបូងក៏ដោយ ក៏ការសាកល្បងទាំងនោះមិនមែនជាឧបសគ្គតូចតាចសម្រាប់យើងទេ ។
វាមានសារៈសំខាន់ណាស់ក្នុងការធ្វើតាមព្យាការី ហើយបន្តការដើរយ៉ាងរឹងប៉ឹងរបស់យើងនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយស្មោះត្រង់ ដូចដែលពួកអ្នកត្រួសត្រាយដំបូងបានដើរយ៉ាងដូច្នោះដែរ ។
ចូរយើងដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយមានសេចក្តីជំនឿលើគ្រប់ជំហានទាំងអស់ ។ យើងត្រូវបម្រើព្រះអម្ចាស់ ហើយបម្រើគ្នាទៅវិញទៅមក ។ យើងត្រូវពង្រឹងខ្លួនយើងខាងវិញ្ញាណ តាមរយៈការរក្សា និងការគោរពសេចក្ដីសញ្ញាទាំងឡាយរបស់យើង ។ យើងមិនគួរបាត់បង់អារម្មណ៍ជំរុញឲ្យគោរពបទបញ្ញត្តិទេ ។ សាតាំងព្យាយាមធ្វើឲ្យការតាំងចិត្ត និងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទចុះខ្សោយ ។ សូមចាំថា ប្រសិនបើនរណាម្នាក់វង្វេងផ្លូវរបស់គេ នោះយើងនឹងមិនត្រូវវង្វេងផ្លូវរបស់យើងទៅរកព្រះអង្គសង្គ្រោះឡើយ ។ ជាមួយនឹងពរជ័យនៃការប្រែចិត្ត នោះយើងអាចងាកត្រឡប់ទៅរកទ្រង់បាន ។ ទ្រង់នឹងជួយយើងរៀន រីកចម្រើន និងផ្លាស់ប្ដូរ នៅពេលយើងព្យាយាមបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។
សូមឲ្យយើងដើរតាមដានព្រះបាទារបស់ព្រះយេស៊ូវគ្រីស្ទ ហើយដោយមានសេចក្តីជំនឿលើគ្រប់ជំហានទាំងអស់របស់យើង សូមផ្តោតលើទ្រង់ ដោយបន្តដើរយ៉ាងរឹងប៉ឹងនៅលើផ្លូវនៃសេចក្ដីសញ្ញា ហើយនេះគឺជាការអធិស្ឋានដោយរាបសាររបស់ខ្ញុំនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕